ស្វែងរក

រាជរដ្ឋាភិបាលកម្ពុជា បង្កើតក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន គ.ប.ឆ.ប.ដើម្បីបង្កើនប្រសិទ្ធភាពបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

04/24/2026 04:04 PM        135
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចបង្កើតក្រុមការងារចម្រុះចំណុះឱ្យលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. (ONLINE SCAMS) ដើម្បីចុះប្រតិបត្តិការតាមបណ្តាខេត្តគោលដៅសំខាន់ៗ ។ក្រុមការងារទី១៖ ទទួលខុសត្រូវខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ មណ្ឌលគីរី និងក្រចេះ ដឹកនាំដោយ ឯកឧត្តម ឌី វិជ្ជា ។ ក្រុមការងារទី២៖ ទទួលខុសត្រូវខេត្តព្រះសីហនុ កំពត និងកោះកុង ដឹកនាំដោយ ឯកឧត្តម យ៉េត វីណែល ។ ក្រុមការងារទី៣៖ ទទួលខុសត្រូវខេត្តពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន ដឹកនាំដោយ ឯកឧត្តម ឌួង ឧត្តម ។ ក្រុមការងារទី៤៖ ទទួលខុសត្រូវខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ ដឹកនាំដោយ ឯកឧត្តម ជួន សុវណ្ណ ។ក្រុមការងារនីមួយៗមានភារកិច្ចស្នូលរួមមាន៖ ចុះពិនិត្យទីតាំងសង្ស័យ និងទីតាំងដែលធ្លាប់បានបង្ក្រាប ឬបិទសៀល (Sealed) នាពេលកន្លងមក ដើម្បីការពារកុំឱ្យមានការលួចលាក់បើកដំណើរការឡើងវិញ ។ ត្រួតពិនិត្យលើការកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិត អគ្គិសនី និងសិក្សាការបំពាក់កាមេរ៉ាសុវត្ថិភាពដើម្បីតាមដាន ។ តម្រូវឱ្យម្ចាស់កាស៊ីណូធ្វើកិច្ចសន្យាហាមដាច់ខាតការផ្តល់ទីតាំងសម្រាប់បម្រើឱ្យការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ ធ្វើការជិតស្និទ្ធជាមួយព្រះរាជអាជ្ញា និងអាជ្ញាធរដែនដី ហើយមានសិទ្ធិប្រើប្រាស់កម្លាំងត្រៀមពីតាមក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ១០រូប ឬច្រើនជាងនេះតាមភាពចាំបាច់ ។ សេចក្តីសម្រេចនេះត្រូវបានចុះហត្ថលេខា និងចូលជាធរមានចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ តទៅ ។សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់ លំដាប់ថ្នាក់ ដែលបានធ្វើការងារយ៉ាងសកម្ម ក្នុងការបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយ សម្រេចបានលទ្ធផលធំៗជាច្រើន។ ទន្ទឹមនឹងនេះ សម្តេច ក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និង កងកម្លាំងពាក់ព័ន្ធទាំងអស់ បន្តការបង្ក្រាបបទល្មើសនេះដោយគ្មានបង្អង់ដៃឡើយ។ សម្តេចធិបតី បានបញ្ជាក់ថា ច្បាប់មានហើយ ដូច្នេះត្រូវតែអនុវត្តឱ្យបានម៉ត់ចត់ និងឱ្យមានប្រសិទ្ធភាពដោយមិនបន្ធូរដៃ និងដោយគ្មាន ការលើកលែងឡើយ ពោលគឺមិនបញ្ឈប់ត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ដូចដែលមានមតិមួយចំនួន បានលើកឡើងនោះឡើយ៕

អភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា

04/24/2026 04:04 PM        107
អភិបាលរាជធានីភ្នំពេញណែនាំឱ្យមន្ត្រី និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀតលើកិច្ចការរក្សាសន្តិសុខ និងការងារនានា។ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានណែនាំឱ្យមន្ត្រី និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ខណៈដែលថ្នាក់ដឹកនាំបានកោតសរសើរចំពោះការអនុវត្តការងារកន្លងមកបានល្អប្រសើរ ទាំងការរក្សាសន្តិសុខ បង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងការងារអនាម័យបរិស្ថានជាដើម។ ការណែនាំរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា ការកោតសរសើរ ពីថ្នាក់ដឹកនាំជាតិ គឺបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់មន្ត្រី និងកងកម្លាំង ដូចប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថា មន្ត្រីរាជការ ជាអ្នកបំរើរាស្ត្រ។ ជាក់ស្តែង សម្រាប់ព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ គ.ស.២០២៦ នៅរាជធានីភ្នំពេញកន្លងមកនេះ ទាំងការរក្សាសន្តិសុខ បង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងការងារ អនាម័យបរិស្ថាន គឺគ្រប់ផ្នែកអនុវត្តបានល្អ ទទួលបានការកោតសរសើរ ហើយចំពោះការអនុវត្តការងារសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំផងដែរ ដូច្នេះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

រុស្ស៊ី អះអាងថាបានវាយប្រហារលើគោលដៅអ៊ុយក្រែន ខណៈអ៊ុយក្រែនថាបានវាយប្រហារលើស្ថានីយ៍បូមប្រេង

04/24/2026 04:04 PM        66
រុស្ស៊ី បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារលើគោលដៅនៅអ៊ុយក្រែន នៅទូទាំងតំបន់ចំនួន១៣៨កន្លែង ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ខណៈកងកម្លាំងអ៊ុយក្រែនបានអះអាងនៅថ្ងៃដដែលនោះថា ពួកគេបានវាយប្រហារដោយយានដ្រូនលើស្ថានីយ៍បូមប្រេងមួយកន្លែងក្នុងតំបន់ Nizhny Novgorod របស់រុស្ស៊ី។ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថាក្នុងរយៈពេលមួយថ្ងៃកន្លងទៅនេះ កងកម្លាំងរុស្ស៊ីបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងដឹកជញ្ជូនដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងអ៊ុយក្រែន ព្រមទាំងទីតាំងដាក់ពង្រាយកងទ័ពអ៊ុយក្រែនបណ្តោះអាសន្ន និងទាហានស៊ីឈ្នួលបរទេសនៅទូទាំងតំបន់ចំនួន១៣៨កន្លែង។ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថាប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់គ្រាប់បែកស៊ីបគោលដៅចំនួន១០គ្រាប់ និងយានដ្រូនចំនួន៤១៨គ្រឿង។ ទន្ទឹមនឹងនេះ នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយថា កងទ័ពអាកាស កងទ័ពបាញ់មីស៊ីល និងអង្គភាពកាំភ្លើងធំរបស់ខ្លួនបានវាយប្រហារតំបន់ដំឡើងឧបករណ៍ និងប៉ុស្តិ៍ទីបញ្ជាការរបស់កងទ័ពរុស្ស៊ី និងបានបាញ់ទម្លាក់យានដ្រូនចំនួន ១.៩៤១គ្រឿង។ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ដោយដកស្រង់ប្រភពព័ត៌មានពីអង្គភាពសេវាសន្តិសុខអ៊ុយក្រែនថា យានដ្រូនរបស់អ៊ុយក្រែនបានវាយប្រហារស្ថានីយ៍បូមប្រេង Gorky នៅក្នុងតំបន់ Nizhny Novgorod របស់រុស្ស៊ី ដែលបានបង្កឱ្យមានអគ្គិភ័យ។

លោក Trump អះអាងពីការគ្រប់គ្រងពេញលេញច្រកសមុទ្រ Hormuz ខណៈអ៊ីរ៉ង់រៀបចំបញ្ជីគោលដៅសងសឹក

04/24/2026 04:04 PM        73
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក មាន «ការគ្រប់គ្រងទាំងស្រុង» លើច្រកសមុទ្រ Hormuz ហើយវាត្រូវបាន «បិទយ៉ាងតឹងរ៉ឹង» រហូតដល់ពេលដែលអ៊ីរ៉ង់អាចមានកិច្ចព្រមព្រៀង ខណៈអ៊ីរ៉ង់ក៏បានរៀបចំបញ្ជីគោលដៅសម្រាប់ការសងសឹកប្រឆាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ លោក Trump បានថ្លែងដូច្នេះនៅក្នុងការបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គម ដោយនិយាយបន្ថែមថា «គ្មាននាវាណាមួយអាចចូល ឬចាកចេញដោយគ្មានការអនុម័តពីកងទ័ពជើងទឹកសហរដ្ឋអាមេរិកឡើយ»។លោកក៏បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ដែរថា លោកបានបញ្ជាឱ្យកងទ័ពជើងទឹកសហរដ្ឋអាមេរិក «បាញ់កម្ទេច» ទូកណាមួយដែលដាក់គ្រាប់មីននៅក្នុងដែនទឹកនៅច្រកសមុទ្រ Hormuz។ លោក Trump បាននិយាយនៅលើបណ្តាញ Truth Social របស់លោកថា កងកម្លាំងអាមេរិក «មិនស្ទាក់ស្ទើរ» ក្នុងការវាយប្រហារ «ទូកតូចៗ» របស់អ៊ីរ៉ង់ដែលដាក់គ្រាប់មីននោះទេ ហើយក្រុមអ្នកបោសសម្អាតមីនរបស់សហរដ្ឋអាមេរិកកំពុងធ្វើការនៅច្រកសមុទ្រ Hormuz ។ទន្ទឹមនឹងនេះ ដោយផ្អែកលើផ្ទៃខាងក្រោយនៃការបរាជ័យផ្នែកការទូត និងកង្វះទំនុកចិត្តលើការចរចា អ៊ីរ៉ង់ បានរៀបចំបញ្ជីគោលដៅមួយ ដោយផ្អែកលើគោលការណ៍នៃការឆ្លើយតបបដិការ និងការរារាំងការវាយលុក ដើម្បីដោះស្រាយសកម្មភាពយោធាដែលអាចកើតមានធ្វើឡើងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។

ការវាយប្រហារតាមច្រកអាកាសរុស្ស៊ីសម្លាប់មនុស្ស ២នាក់នៅទីក្រុងកំពង់ផែ Odesa របស់អ៊ុយក្រែន

04/24/2026 04:04 PM        65
ក្រុមមន្រ្តីនិយាយនៅថ្ងៃសុក្រនេះថា មនុស្សយ៉ាងហោច ២នាក់ ត្រូវបានសម្លាប់ ក្រោយការវាយប្រហារតាមច្រកអាកាសរុស្ស៊ីលើទីក្រុងកំពង់ផែ Odesa របស់អ៊ុយក្រែន ។រូបភាពវីដេអូឃ្លីបឃើញ ការវាយប្រហារកាលពីយប់កន្លងទៅ ត្រូវចំអគាររស់នៅរបស់អ្នកស្រុក និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅទីក្រុងកំពង់ផែធំបំផុតរបស់អ៊ុយក្រែនមួយនេះ ក្នុងនោះក្រុមជួយសង្រ្គោះ បានធ្វើការពេញមួយយប់ ដើម្បីជម្លៀសពលរដ្ឋចេញពីអគារ និងព្យាយាមពន្លត់អគ្គិភ័យ ។ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបាននោះទេចំពោះទីតាំង និងកាលបរិច្ឆេតរបស់រូបភាពវីដេអូឃ្លីប ប៉ុន្តែលោក Serhiy Lysak គឺជាប្រធានរដ្ឋបាលយោធាក្នុងស្រុក សរសេរនៅលើបណ្តាញព័ត៌មានសង្គម Telegramនាថ្ងៃសុក្រនេះថា មនុស្ស ២នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារកាលពីយប់កន្លងទៅនៅទីក្រុង Odesa ។ស្របពេលដែលសង្រ្គាមបច្ចុប្បន្នឈានដល់ឆ្នាំទី ៥ហើយនោះ ទីក្រុងមូស្គូ បានបង្កើនការវាយប្រហាររបស់ខ្លួនលើទីក្រុង Odesa ដែលជាមជ្ឈមណ្ឌលភស្តុភារដ៏សំខាន់មួយ ស្ថិតនៅតំបន់ភាគខាងត្បូងអ៊ុយក្រែន និងជាទីក្រុងនាំចេញភាគច្រើនគ្រាប់ធុញ្ញជាតិ និងការនាំចេញតាមសមុទ្រផ្សេងទៀតរបស់អ៊ុយក្រែន ៕

ក្រុមហ៊ុននានា កំពុងបញ្ឈប់បុគ្គលិកនៅឆ្នាំនេះ រួមមាន Meta, Amazon និង Oracle ផងដែរ

04/24/2026 04:04 PM        129
ត្រីមាសទី១ នៃឆ្នាំ២០២៦ នេះ បានកន្លងផុតទៅហើយ ហើយការបញ្ឈប់បុគ្គលិកកំពុងដំណើរការ។ ក្រុមហ៊ុននានា ក្នុងនោះរួមទាំង Block និងគេហទំព័រដ៏ពេញនិយម Tailwind បានកាត់បន្ថយបុគ្គលិក ដោយលើកឡើងពីផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិត (AI) ក្នុងចំណោមមូលហេតុនៃការបញ្ឈប់បុគ្គលិក។យោងតាមស្ថាប័នតាមដាន WARN Tracker បានឲ្យដឹងថា ក្រុមហ៊ុនជាង ១០០ផ្សេងទៀត រាប់ចាប់ពី Amazon រហូតដល់ Nike និង Verizon បានដាក់លិខិតជូនដំណឹង ដែលតម្រូវដោយច្បាប់ អំពីការកាត់បន្ថយការងារដែលនឹងកើតមាននៅឆ្នាំ២០២៦។ ការកាត់បន្ថយមួយចំនួន គឺជាផ្នែកមួយនៃការកាត់បន្ថយដែលត្រូវបានប្រកាសពីមុន។ការកាត់បន្ថយ នៅឆ្នាំនេះ ធ្វើឡើងបន្ទាប់ពីការកាត់បន្ថយកម្លាំងពលកម្មដ៏ធំរយៈពេល ៣ឆ្នាំ នៅទូទាំងឧស្សាហកម្មជាច្រើន ក្នុងនោះរួមទាំងបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ ហិរញ្ញវត្ថុ និងលក់រាយផងដែរ។ ចំណាត់ការនេះកើតឡើងនៅពេលដែលបញ្ញាសិប្បនិម្មិត គោលនយោបាយសាធារណៈ និងលក្ខខណ្ឌសេដ្ឋកិច្ចទូលំទូលាយ កំពុងជំរុញការផ្លាស់ប្តូរយ៉ាងខ្លាំង នៅក្នុងទិដ្ឋភាពធុរកិច្ច។ការស្ទង់មតិមួយរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) កាលពីឆ្នាំមុន បានរកឃើញថា ក្រុមហ៊ុនប្រហែល ៤១ភាគរយ នៅទូទាំងពិភពលោក រំពឹងថា នឹងកាត់បន្ថយកម្លាំងពលកម្មរបស់ពួកគេ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដោយសារតែការកើនឡើងនូវបញ្ញាសិប្បនិម្មិត រួមជាមួយបញ្ហាផ្សេងទៀត៕

សង្គ្រាមអ៊ីរ៉ង់ប៉ះពាល់ការផ្គត់ផ្គង់សារធាតុប៉ូលីយេស្ទ័ររបស់អាស៊ី ចំពោះម៉ូដសម្លៀកបំពាក់តម្លៃទាបសកល

04/24/2026 03:04 PM        45
តម្លៃឥន្ធនៈហ្វូស៊ីលឡើងខ្ពស់ ចាប់តាំងពីមានសង្គ្រាមអ៊ីរ៉ង់ កំពុងធ្វើឲ្យក្រុមហ៊ុនផ្គត់ផ្គង់សារធាតុប៉ូលីយេស្ទ័រ (Polyester) និងក្រុមហ៊ុនផលិតសម្លៀកបំពាក់ជួបការលំបាក នៅទូទាំងប្រទេសឥណ្ឌា និងបង់ក្លាដែស ដោយគំរាមកំហែងធ្វើឲ្យមានការចំណាយខ្ពស់ សម្រាប់អ្នកលក់រាយម៉ូដសម្លៀកបំពាក់ផលិតលឿន ឬតម្លៃទាប ដូចជា Zara និង H&M ជាដើម។នាយកគ្រប់គ្រង លោក Madhu Sudhan Bhageria បានប្រាប់សារព័ត៌មាន Reuters ថា ក្រុមហ៊ុន Filatex (FLTX.NS) ដែលជាក្រុមហ៊ុនផលិតអំបោះប៉ូលីយេស្ទ័រធំបំផុតមួយរបស់ឥណ្ឌា កំពុងចំណាយប្រាក់ជិត ៣០ភាគរយបន្ថែមទៀត សម្រាប់វត្ថុធាតុដើមដែលមានប្រភពមកពីប្រេងឥន្ធនៈ ខណៈដែលក្រុមផ្គត់ផ្គង់ចិន ដំឡើងថ្លៃ ហើយការផ្គត់ផ្គង់ នៅតំបន់មជ្ឈិមបូព៌ា ត្រូវបានរំខាន។ការលំបាក កំពុងត្រូវប៉ះពាល់នៅទូទាំងខ្សែច្រវាក់ផ្គត់ផ្គង់សម្លៀកបំពាក់ ដែលគ្របដណ្ដប់ដោយតំបន់អាស៊ី។ លោក Avichal Arya នាយកប្រតិបត្តិនៃក្រុមហ៊ុន Bindal Silk Mills ដែលផ្គត់ផ្គង់ក្រណាត់ប៉ូលីយេស្ទ័រជ្រលក់ពណ៌ និងបោះពុម្ពដល់អ្នកលក់រាយ រួមមាន H&M ផងដែរ ម្ចាស់សម្លៀកបំពាក់ម៉ាក Zara គឺក្រុមហ៊ុន Inditex រួមនឹងក្រុមហ៊ុនផ្សេងទៀត បានលើកឡើងថា វិបត្តិថាមពលបានជំរុញឲ្យការចំណាយលើសារធាតុគីមី និងថ្នាំជ្រលក់ហក់ឡើងយ៉ាងខ្លាំង។បន្ថែមពីលើការលំបាករបស់លោក លោក Arya បាននិយាយថា កង្វះខាតឧស្ម័នចម្អិនអាហារ ដោយសារតែសង្គ្រាម បានជំរុញឲ្យកម្មករចំណាកស្រុកជាច្រើនចាកចេញពីតំបន់ Surat ដែលជាមជ្ឈមណ្ឌលវាយនភណ្ឌមួយ នៅក្នុងរដ្ឋ Gujarat ភាគខាងលិចនៃប្រទេសឥណ្ឌា។ លោកបានបន្ថែមថា៖ «យើងមិនអាចបំពេញតម្រូវការនៃការបញ្ជាទិញសកលបានយ៉ាងមានប្រសិទ្ធភាពឡើយ នាពេលបច្ចុប្បន្ននេះ៕

អាមេរិក៖ កីឡាករអ៊ីរ៉ង់ត្រូវបានស្វាគមន៍នៅ World Cup អំឡុងមានពាក្យចចាមអារ៉ាម ពាក់ព័ន្ធអ៊ីតាលី

04/24/2026 03:04 PM        113
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមេសា ឆ្នាំ២០២៦) ថា កីឡាករបាល់ទាត់របស់ក្រុមជម្រើសជាតិអ៊ីរ៉ង់ នឹងត្រូវបានស្វាគមន៍នៅឯព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ដោយបដិសេធពីការលើកឡើងដែលថា សហរដ្ឋអាមេរិកអាចយកអ៊ីតាលីជំនួសកន្លែងរបស់ពួកគេ នៅក្នុងការប្រកួត។អំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាន នៅក្នុងការិយាល័យ Oval Office លោក Rubio បានបដិសេធថា ទីក្រុងវ៉ាស៊ីនតោនមិនបានស្នើសុំឲ្យក្រុមអ៊ីរ៉ង់កុំឲ្យមកចូលរួមព្រឹត្តិការណ៍ World Cup នោះឡើយ ប៉ុន្តែបានព្រមានថា សហរដ្ឋអាមេរិកអាចនឹងហាមឃាត់មិនឲ្យចូល ចំពោះសមាជិកនៃគណៈប្រតិភូអ៊ីរ៉ង់ ដែលខ្លួនវិនិច្ឆ័យថា មានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) របស់ទីក្រុងតេអេរ៉ង់ ដែលត្រូវបានចាត់ទុកថា ជាអង្គការភេរវកម្មដោយទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលជាច្រើនទៀត។លោកបានបន្ថែមថា៖ «បញ្ហាជាមួយអ៊ីរ៉ង់ វាមិនមែនជាបញ្ហាអត្តពលិកទេ វាគឺជាបញ្ហាជាមួយមនុស្សមួយចំនួនផ្សេងទៀត (ដែលពួកគេ) ចង់ធ្វើដំណើរមកជាមួយ ដែលខ្លះមានទំនាក់ទំនងជាមួយ IRGC។ យើងប្រហែលជាមិនអាចអនុញ្ញាតឲ្យពួកគេចូលប្រទេសបានទេ ប៉ុន្តែអត្តពលិកផ្ទាល់ មិនមានបញ្ហាទេ»។គួរបញ្ជាក់ថា លោក Rubio បានឆ្លើយតបទៅនឹងការរាយការណ៍ ជុំវិញសំណើពីបេសកជនពិសេសអាមេរិកដែលកើតនៅប្រទេសអ៊ីតាលី គឺលោក Paolo Zampolli ដែលបានប្រាប់សារព័ត៌មាន Financial Times ថា លោកបានលើកឡើងនូវគំនិត ក្នុងការយកក្រុមជម្រើសជាតិអ៊ីតាលី ជំនួសកន្លែងប្រកួតបាល់ទាត់ពិភពលោករបស់អ៊ីរ៉ង់ទៅប្រធានាធិបតីអាមេរិក លោក Donald Trump និង FIFA (សហព័ន្ធបាល់ទាត់អន្តរជាតិ)។ សំណើនេះត្រូវបានរដ្ឋាភិបាលអ៊ីតាលី និងរដ្ឋមន្ត្រីកីឡា បដិសេធមិនទទួលយក កាលពីព្រឹកថ្ងៃព្រហស្បតិ៍៕

ករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត

04/24/2026 03:04 PM        841
តំណាងអយ្យការបានសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី ១នាក់ និងផ្កាយពីរ១នាក់​ ពី​បទ​ស៊ី​សំណូក​, បទសម្អាតប្រាក់ និងបទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និង​អ្នក​ពាក់​ព័ន្ធ​ចំនួន​ ៤នាក់ផ្សេងទៀតត្រូវចោទពីបទសមគំនិតក្នុងអំពើស៊ីសំណូក, និងបទ​សម​គំនិត​ក្នុង​អំពើ​សម្អាត​ប្រាក់​ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និង​ពី​បទ​សូក​ប៉ាន់​។លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការបានប្រាប់ BTV នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០២៦ នេះថា ករណីនេះ តំណាងអយ្យការបនសម្រចបើកការស៊ើបសួរលើមនុស្សចំនួន ៤នាក់មានដូចជា៖ ១- ឈ្មោះ អ៊ុក ហៃសីឡា ពីបទ ស៊ីសំណូក , បទសម្អាតប្រាក់ និងបទ មិនប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមមាត្រា ៣២ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង​ហិរញ្ញប្ប​ទាន​ភេរវកម្ម​។២-ឈ្មោះ សរ សំណាង ពីបទ ស៊ីសំណូក , បទសម្អាតប្រាក់ និងបទ មិនប្រកាសទ្រព្យសម្បត្តិ និង​បំណុល តាមមាត្រា ៣២ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង​ហិរញ្ញប្ប​ទាន​ភេរវកម្ម​។៣-ឈ្មោះ កូ ពិសី , ៤-ឈ្មោះ យ៉ាត កុសល ហៅ អួង ពីបទសមគំនិតក្នុងអំពើស៊ីសំណូក, និង​បទ​សម​គំនិតក្នុងអំពើសម្អាតប្រាក់ តាមមាត្រា ២៩ មាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៣៨ នៃច្បាប់​ស្តីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ ​និងហិរញ្ញប្បទានភេរវកម្ម។៥-ឈ្មោះ មាស ម៉ារិន ពីបទ ផ្តើមគំនិតក្នុងអំពើស៊ីសំណូក, សមគំនិតក្នុងអំពើសូកប៉ាន់ និង បទ​សម្អាត​ប្រាក់ តាមមាត្រា ២៨, មាត្រា ២៩ , មាត្រា ៥៩៤ មាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយយ និងមាត្រា ៣៨ នៃច្បាប់​ស្តីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។៦-ឈ្មោះ HOANG CHI PHU ហៅ Tony ឬហៅ Nam ភេទប្រុស ជនជាតិវៀតណាម។ (គេចខ្លួន)ពីបទ សូកប៉ាន់ តាមមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ។សូម​ជម្រាបថា ជនសង្ស័យទាំង ៥នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូន​ទៅ​សាលា​ដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។សូម​ជម្រាប​ថា ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោប្រវេសន៍ និង​ឯកឧត្តម ឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ និងអ្នក​ពាក់​ព័ន្ធ​សរុ​បចំនួន​៤​នាក់ ​ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦៕ អត្ថបទ៖ វង្ស សុភាព

ប្រព័ន្ធផ្សព្វផ្សាយ៖ នាវាដឹកទំនិញអ៊ីរ៉ង់ទៅដល់កំពង់ផែ ក្រោយមានការប៉ុនប៉ងរឹបអូសដោយអាមេរិក

04/24/2026 03:04 PM        106
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមេសា ឆ្នាំ២០២៦) ថា នាវាដឹកទំនិញអ៊ីរ៉ង់ ១គ្រឿងដែលដឹកអង្ករ បានទៅដល់កំពង់ផែហើយ បន្ទាប់ពីមានការរាយការណ៍ពីការប៉ុនប៉ងរឹបអូសរបស់សហរដ្ឋអាមេរិក នៅក្នុងសមុទ្រអូម៉ង់។ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Fars បានឲ្យដឹងថា នាវាដឹកទំនិញ បានឆ្លងកាត់សមុទ្រអូម៉ង់ដោយសុវត្ថិភាពមុនពេលទៅដល់កំពង់ផែ។ សារព័ត៌មាននេះបានបន្ថែមថា នាវានេះត្រូវបានអមដំណើរដោយអង្គភាពកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC)។អ៊ីរ៉ង់បានបញ្ជាក់អះអាងកាលពីថ្ងៃចន្ទថា កងកម្លាំងអាមេរិក បានរឹបអូសនាវាដឹកទំនិញដែលមានទង់ជាតិអ៊ីរ៉ង់ ១គ្រឿង នៅក្នុងឈូងសមុទ្រអូម៉ង់ ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានរំលោភលើបទឈប់បាញ់ និងព្រមានសងសឹកវិញ។កាលពីថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមការវាយលុករួមគ្នា លើអ៊ីរ៉ង់ដែលបានសងសឹកដោយការវាយប្រហារលើអ៊ីស្រាអែល និងប្រទេសក្នុងតំបន់ផ្សេងទៀតដែលមានមូលដ្ឋានរបស់សហរដ្ឋអាមេរិក។ប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៣.៣០០នាក់ មុនពេលទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ បានប្រកាសបទឈប់បាញ់រយៈពេល ២សប្តាហ៍ នៅថ្ងៃទី៨ ខែមេសា ដែលសម្របសម្រួលដោយប៉ាគីស្ថាន។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីការពន្យារបទឈប់បាញ់ដោយគ្មានកំណត់នៅថ្ងៃទី២១ ខែមេសា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
05/10/2026 05:05 PM
ប្រាក់ចំណេញត្រីមាសទី១របស់ក្រុមហ៊ុនផលិតប្រេង​​​ Saudi Aramco កើនឡើង២៥% ខណៈមានវិបត្តិច្រកសមុទ្រ​ Hormuz
05/10/2026 03:05 PM
មេដឹកនាំ​កូរ៉េខាងជើង​ លោក Kim Jong-un សន្យាយក​ទំនាក់ទំនងជាមួយរុស្ស៊ីជាអាទិភាពកំពូល
05/10/2026 03:05 PM
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
05/10/2026 03:05 PM
ចិន ជំរុញ​ឲ្យ​ជប៉ុន និង​ហ្វីលីពីន ​បញ្ឈប់​ការ​ប្រឈមមុខ​ដាក់គ្នា​ ​
05/10/2026 03:05 PM
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
05/10/2026 03:05 PM
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
05/10/2026 02:05 PM
អតីតសកម្មជនគណបក្សប្រឆាំង ៦៧នាក់ នៅស្រុកស្អាង ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា
05/10/2026 02:05 PM
ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​ប៉ាគីស្ថាន​ បាន​សម្លាប់​នគរបាល​​ជាង១០​នាក់ និង​មួយចំនួន​រងរបួស​
05/10/2026 02:05 PM
ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
05/10/2026 02:05 PM