ស្វែងរក

នាវាផ្ទុកយន្តហោះទី៣ របស់សហរដ្ឋអាមេរិក ទៅដល់តំបន់ទទួលខុសត្រូវរបស់ទីបញ្ជាការកណ្តាល

04/24/2026 03:04 PM        109
នាវាផ្ទុកយន្តហោះទី៣ របស់សហរដ្ឋអាមេរិក គឺ USS George H.W. Bush (Bush) កម្រិត Nimitz (នាវាកម្រិតធំ) និងនាវាចម្បាំងអមដំណើរ បានទៅដល់តំបន់ទទួលខុសត្រូវដោយទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) ដែលត្រួតពិនិត្យប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក នៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការប្រកាសរបស់ទីបញ្ជាការនេះ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមេសា ឆ្នាំ២០២៦)។ទីបញ្ជាការនេះ បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា នាវា Bush ដែលបានចាកចេញពីទីតាំងកងទ័ពជើងទឹក Norfolk ក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក កាលពីចុងខែមីនា ឥឡូវនេះកំពុងស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌា។ បើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនានា បានឲ្យដឹងថា នាវាផ្ទុកយន្តហោះ ២គ្រឿងផ្សេងទៀតដែលបានដាក់ពង្រាយរួចហើយ នៅតំបន់មជ្ឈិមបូព៌ា គឺ USS Abraham Lincoln និង USS Gerald R. Ford កំពុងស្ថិតនៅក្នុងសមុទ្រអារ៉ាប់ និងសមុទ្រក្រហម រៀងៗខ្លួន។ប្រព័ន្ធផ្សព្វផ្សាយ CNN កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកមួយរូប បានរាយការណ៍ថា គិតត្រឹមថ្ងៃចន្ទ នៅពេលដែលនាវា Bush កំពុងធ្វើដំណើរ កងទ័ពជើងទឹកសហរដ្ឋអាមេរិក មាននាវាចម្បាំងចំនួន ១៩គ្រឿងហើយ នៅតំបន់មជ្ឈិមបូព៌ា ក្នុងនោះរួមទាំងនាវាផ្ទុកយន្តហោះ ២គ្រឿង និងនាវា ៧គ្រឿង នៅមហាសមុទ្រឥណ្ឌា។កងកម្លាំងសហរដ្ឋអាមេរិកបានបង្វែរទិសដៅនាវាយ៉ាងហោចណាស់ ៣៣គ្រឿង ទៅ ឬមកពីកំពង់ផែអ៊ីរ៉ង់ នៅជិតច្រកសមុទ្រ Hormuz គិតត្រឹមថ្ងៃព្រហស្បតិ៍ ចាប់តាំងពីពួកគេបានចាប់ផ្តើមអនុវត្តការបិទខ្ទប់ នៅថ្ងៃទី១៣ ខែមេសា៕

រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ អ៊ីស្រាអែលរង់ចាំភ្លើងខៀវពីអាមេរិក ដើម្បីធ្វើឲ្យអ៊ីរ៉ង់វិលទៅយុគថ្មរំលីងវិញ

04/24/2026 03:04 PM        129
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Israel Katz កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមេសា) បាននិយាយថា អ៊ីស្រាអែល «ត្រៀមរួចជាស្រេច ដើម្បីចាប់ផ្ដើមសង្គ្រាមឡើងវិញ ប្រឆាំងនឹងអ៊ីរ៉ង់» ដោយបន្ថែមថា ប្រទេសរបស់លោក កំពុងរង់ចាំការផ្ដល់ភ្លើងខៀវពីសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យអ៊ីរ៉ង់ត្រលប់ទៅ «យុគសម័យថ្ម ឬយុគថ្មរំលីង» វិញ។នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយ លោក Katz បានបញ្ជាក់ថា៖ «កងកម្លាំង IDF (កងកម្លាំងការពារជាតិអ៊ីស្រាអែល) បានត្រៀមខ្លួនរួចជាស្រេច ទាំងផ្នែកការពារ និងការវាយលុក ក៏ដូចជាគោលដៅដែលត្រូវបានកំណត់»។ លោកបានបន្ថែមថា៖ «យើងកំពុងរង់ចាំការផ្ដល់ភ្លើងខៀវពីសហរដ្ឋអាមេរិក ដែលមានភាពសំខាន់បំផុត ក្នុងការលុបបំបាត់សន្តតិវង្ស Khamenei ទាំងស្រុងតែម្ដង ហើយបន្ថែមពីលើនេះ គឺដើម្បីបញ្ជូនឲ្យអ៊ីរ៉ង់វិលត្រលប់ទៅកាន់យុគសម័យខ្មៅងងឹត និងយុគសម័យថ្មវិញ ដោយការបំផ្លាញទីតាំងថាមពល និងអគ្គិសនីសំខាន់ៗ និងរុះរើហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិរបស់ប្រទេសនេះ»។គួរបញ្ជាក់ថា ការវាយប្រហារដំបូង រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៃសង្គ្រាម កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ដែលកូនប្រុសរបស់លោក ក្រោយមកបានឡើងស្នងតំណែង ប៉ុន្តែមិនទាន់បានបង្ហាញខ្លួនជាសាធារណៈនៅឡើយទេ ដោយនេះបង្កើតបានជាការសង្ស័យ ជុំវិញស្ថានភាពរបស់លោក ដែលថា តើលោកនៅមានជីវិតដែរ ឬអត់។ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី២១ ខែមេសា បានប្រកាសពីការពន្យារបទឈប់បាញ់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយឥតកំណត់ ដែលបានចូលជាធរមាននៅថ្ងៃទី៨ ខែមេសា ដើម្បីបង្កើតឱកាស សម្រាប់ការចរចាជាមួយទីក្រុងតេអេរ៉ង់៕

បទបញ្ជាវាយប្រហាររបស់លោក Trump បង្ហាញពីគ្រោះថ្នាក់របស់ «កងនាវាតូចៗ» របស់អ៊ីរ៉ង់

04/24/2026 03:04 PM        125
បទបញ្ជារបស់ប្រធានាធិបតីអាមរិក លោក Donald Trump ឲ្យវាយប្រហារទូកប្រដាប់អាវុធរបស់អ៊ីរ៉ង់ គឺជាសញ្ញាចុងក្រោយបង្អស់ ដែលបង្ហាញថា យុទ្ធសាស្ត្រប្រយុទ្ធមិនស៊ីមេទ្រី ក្នុងសង្គ្រាម កំពុងក្លាយជាឧបសគ្គដល់កងទ័ពជើងទឹកដ៏ខ្លាំងក្លាបំផុតរបស់ពិភពលោក ដោយយន្តហោះ និងនាវាពិឃាតរបស់សហរដ្ឋអាមេរិកត្រូវបានបង្ខំតាមដានហ្វូងទូកល្បឿនលឿនដែលកំពុងធ្វើដំណើរយ៉ាងលឿនរហ័ស នៅក្នុងផ្លូវទឹកដឹកជញ្ជូនថាមពលដ៏សំខាន់មួយ។កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមេសា ឆ្នាំ២០២៦) តាមរយៈសារនៅលើបណ្ដាញសង្គម លោក Trump បាននិយាយថា៖ «ខ្ញុំបានបញ្ជាឲ្យកងទ័ពជើងទឹកសហរដ្ឋអាមេរិកបាញ់កម្ទេចទូកណាមួយ ទោះបីជាទូកតូចៗក៏ដោយ»។ លោកបានអះអាងថា នាវាទាំងនោះកំពុងដាក់មីននៅក្នុងច្រកសមុទ្រ Hormuz។គោលដៅ ពោលគឺជាអ្វីដែលត្រូវបានគេហៅថា «កងនាវាមូស» របស់អ៊ីរ៉ង់ ត្រូវបានមន្ត្រីអាមេរិកដឹងពីការគំរាមកំហែងរបស់វាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយអ្នកសាកល្បងអាវុធ តែងតែវាយតម្លៃជាប្រចាំនូវសមត្ថភាពរបស់នាវាចម្បាំងថ្មីៗ ក្នុងការទប់ទល់នឹងទូកល្បឿនលឿនតូចៗទាំងនោះ។តែអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយសម្រាលពីការគំរាមកំហែងដោយ «ទូកប្រដាប់អាវុធល្បឿនលឿន» របស់អ៊ីរ៉ង់ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News កាលពីថ្ងៃទី២២ ខែមេសា ដោយទទូចថា សហរដ្ឋអាមេរិកបានបំផ្លាញសមត្ថភាពកងទ័ពជើងទឹកធម្មតារបស់អ៊ីរ៉ង់។យ៉ាងណាក្ដី ឧត្តមនាវីឯកចូលនិវត្តន៍ លោក William McRaven ដែលជាអតីតមេបញ្ជាការប្រតិបត្តិការពិសេសរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃទី២២ ខែមេសា តាមប្រព័ន្ធផ្សព្វផ្សាយ CNN ថា៖ «នេះគឺជាចំណុចមានប្រៀបដែលអ៊ីរ៉ង់មាន»។ លោក McRaven បានបន្ថែមថា៖ «សូមកុំយល់ច្រឡំ ពួកវានៅតែអាចគ្រប់គ្រងច្រកសមុទ្រ Hormuz បាន។ ទូកវាយប្រហារលឿនរហ័សនេះ ធ្វើឲ្យនាវារបស់យើងស្ថិតគ្រោះថ្នាក់ ដោយសារយានដ្រូន ក៏ដូចមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លី»៕

កម្ពុជា និងលីទុយអានី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលឱ្យកាន់តែស៊ីជម្រៅ

04/24/2026 03:04 PM        248
នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Kęstutis Budrys រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋលីទុយអានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់កម្ពុជា និងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនេះ គឺជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជា និងលីទុយអានី មានសក្តានុពលសំខាន់ៗជាច្រើន នៅក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលប្រទេសទាំងពីរអាចពង្រីក និង ពង្រឹងបន្ថែមទៀត។  ជាការឆ្លើយតបសម្តេចធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ សម្តេចធិបតីបានចាត់ទុកដំណើរទស្សនកិច្ចនេះ ជាចលករក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ក៏ដូចជាការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងទូលំទូលាយ បន្ថែមទៀត សម្រាប់ជាផលប្រយោជន៍ដល់ប្រជាជនទាំងពីរ។សម្តេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រីការបរទេស ក៏បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគ, វិស័យកសិកម្ម, ឧស្សាហកម្មកែច្នៃ, វិស័យទេសចរណ៍, ការធ្វើបរិវត្តកម្មឌីជីថល, ការអប់រំ និងបណ្តុះបណ្តាល, ក៏ដូចជា ការជំរុញទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ, សម្តេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រី បានលើកពីកាលានុវត្តភាព និងលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ដើម្បីជំរុញការអភិវឌ្ឍវិស័យនេះឱ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត។ ពាក់ព័ន្ធនឹងវិស័យថាមពលនេះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេស បានគូសបញ្ជាក់អំពីបទពិសោធន៍ និងភាពខ្លាំងរបស់លីទុយអានី ដែលបានអភិវឌ្ឍវិស័យថាមពលរបស់ខ្លួន ប្រកបដោយភាពឯករាជ្យ និងមានការរីកចម្រើនដូចសព្វថ្ងៃ។ ចំពោះកម្ពុជា, សម្តេចធិបតីបានគូសរំលេចពីអាទិភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ វិស័យថាមពល ដែលមកដល់បច្ចុប្បន្ន កម្ពុជាសម្រេចបាននូវការប្រើប្រាស់ថាមពលស្អាតរហូតដល់ ៦២% និងមានគោលដៅបង្កើន ឱ្យដល់ ៧០% នៅឆ្នាំ២០៣០។ សម្តេចធិបតីបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ, យន្តការគាំទ្រ និងកិច្ចខិតខំប្រឹងប្រែងជាច្រើន ដើម្បីជំរុញការអភិវឌ្ឍវិស័យថាមពលឱ្យមានសន្ទុះខ្លាំងក្លា និងប្រកបដោយចីរភាព។ ក្នុងន័យនេះ សម្តេចធិបតីបានគូសរំលេចថា កម្ពុជា និងលីទុយអានី មានកាលានុវត្តភាពខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើវិស័យថាមពល។សម្តេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងសកលលោក ដោយបានបង្ហាញនូវការយល់ស្របគ្នាចំពោះសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ, ធម្មនុញ្ញអង្គការសហប្រជាជាតិ, ការដោះស្រាយជម្លោះដោយសន្តិវិធី និងការមិនប្រេីប្រាស់កម្លាំង។ ឆ្លៀតក្នុងឱកាសនេះ, សម្តេចធិបតីបានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការគាំទ្រ និងគោរពយ៉ាងខ្ជាប់ខ្ជួនធម្មនុញ្ញអង្គការសហប្រជាជាតិ, ធម្មនុញ្ញអាស៊ាន និងការដោះស្រាយជម្លោះ ដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្តរជាតិ ដែលជំហរនេះក៏ស្របទៅនឹងជំហររបស់សាធារណរដ្ឋលីទុយអានី ផងដែរ៕

អនុប្រធានទី១ អាជ្ញាធរមីន ស្នើមូលនិធិចិន សម្រាប់សន្តិភាព និងការអភិវឌ្ឍ គាំទ្រ​ដល់​ជន​មាន​ពិការ​ភាព និងសហគមន៍ងាយរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា

04/24/2026 02:04 PM        230
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុ​ប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោកស្រី Wang Yahui នាយិកា​មូល​និធិ​ចិន​សម្រាប់​សន្តិភាព និងការអភិវឌ្ឍ (China Foundation for Peace and Development) និង​សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុង​ជំនួបនោះ លោកស្រី Wang Yahui បានថ្លែងអំណរគុណដល់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ដែល​បាន​អនុញ្ញាតឱ្យលោកស្រី និងសហការី បានមកស្វែងយល់អំពីសកម្មភាពមីននៅកម្ពុជា ក៏​ដូច​ស្វែង​យល់អំពីកិច្ចការមនុសធម៌ក្រោមអាណត្តិរបស់អាជ្ញាធរមីន។ ជាមួយគ្នានេះ លោកស្រី Wang Yahui បានស្នើឱ្យអាជ្ញាធរមីនផ្តល់នូវការគាំទ្រ ផ្តល់ភាពដៃគូ និងកិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​ការ​រួមចំណែករបស់មូលនិធិក្នុងសកម្មភាពមនុស្សធម៌នៅកម្ពុជា ផងដែរ។លោក​ស្រី Wang Yahui បានគូស​បញ្ជាក់​អំពី​សកម្ម​ភាព​នានា​របស់​មូល​និធិ​ចិន​សម្រាប់​សន្តិភាព និ​ង​ការ​អភិវឌ្ឍ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុង​នោះ​ផ្តោត​សំខាន់​លើការងារមនុស្សធម៌ និងមានដៃគូជាមួយអង្គការសង្គមស៊ីវិលជាច្រើន ក្នុងការ​ជួយ​គាំទ្រ​ដល់​សកម្មភាពមនុស្សធម៌តាមប្រទេសក្នុងតំបន់។ មូលនិធិចិន​សម្រាប់​សន្តិភាព និង​ការ​អភិវឌ្ឍ​ មានទីស្នាក់ការនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩ ហើយបាន​និង​កំពុង​ជួយ​ដល់​សហគមន៍​ក្រីក្រ និងងាយរងគ្រោះនៅកម្ពុជា។តាង​នាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការស្វាគមន៍​ចំពោះ​វត្ត​មានរបស់មូលនិធិចិនសម្រាប់សន្តិភាពនិងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ព្រម​ទាំង​បាន​កោត​សរសើដល់សកម្មភាពមនុស្សធម៌របស់មូលនិធិ ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម​ទេស​រដ្ឋ​មន្រ្តី ​លី ធុជ បានស្នើសុំឱ្យមូលនិធិចិនសម្រាប់សន្តិភាពនិងការអភិវឌ្ឍ ពិចារណា​ក្នុង​ជួយ​គាំទ្រ​ដល់​ជន​មាន​ពិការភាព និងសហគមន៍ងាយរងគ្រោះដោយសារមីន និងសំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម​នៅ​កម្ពុជា​។ភាគីទាំងពីរ អាជ្ញាធរមីន និងមូលនិធិ CFPD បានប្តេជ្ញាសហការគ្នា និងផ្តល់ភាពជាដៃគូរវាងគ្នា ក្នុង​ដំណើរការរួមគ្នាលើសកម្មភាពមនុស្សធម៌ និងលើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ប្រកប​ដោយ​សុខដុមរមនា៕ 

រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុង​មួយ​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការ

04/24/2026 02:04 PM        248
អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ​២០២៦ បានអញ្ជើញជាអធិបតីភាព ចូលរួមពិធីសម្ពោធ និងបើកដំណើរការជាផ្លូវការ រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម ដែលមានទីតាំងស្ថិតនៅភូមិចំការចេក ឃុំយាយម៉ៅពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។ថ្លែងក្នុងពិធីសម្ពោធរោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម ខាងលើនេះ អ្នកឧកញ៉ា បណ្ឌិត បាន​មាន​ប្រសាសន៍​ថា រោងចក្រជីកសិកម្ម វិរៈ ប៊ុនថាំ បានវិនិយោគលើផ្ទៃដី ទំហំ ១៥ហិកតា និង​មាន​សមត្ថ​ភាព​ផលិតបានប្រមាណ ២០០តោន ក្នុងមួយថ្ងៃ ក្រោមការវិនិ​យោគទឹ​ក​ប្រាក់​ដំបូង​ប្រមាណ​ជាង ៤លានដុល្លារ ដោយការផលិតទាំងស្រុង គឺប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក មាន​តម្លៃ និងគុណភាពល្អ ដ្បិតថា ទាំងតម្លៃ និងគុណភាពជី ដែលយើងផលិត គឺ​សុទ្ធ​តែ​អាច​ប្រកួត​ប្រជែង​ជា​មួយនឹងជីនាំចូលបាន។លទ្ធផលជាក់ស្តែង បើតាមការបញ្ជាក់ពីម្ចាស់ដេប៉ូលចែកចាយ និង តំណាង​កសិករ​ដែល​បាន​ប្រើ​ប្រាស់​ជី​កម្មសិកម្មទាំងសិរីរាង្គ និង ជីគីមីលើដីស្រែផ្ទាល់ពិតជាទទួលបានទិន្នផលល្អប្រសើរ បើ​ធៀប​ទៅ​នឹងការប្រើប្រាស់ជីនាំចូល។បន្ថែមលើសពីនេះពួកគេអះអាងថា ការប្រើ​ប្រាស់​ជី​របស់​ក្រុម​ហ៊ុន​វីរៈប៊ុនថាំ បានកាត់បន្ថយការចំណាយ ទិន្នផលមានគុណភាពល្អ មិន​ប៉ះ​ពាល់​ដល់​សុខ​ភាព​កសិករ និង អ្នកបរិភោគ និង ជាពិសេស ការចូលរួមគាំទ្រផលិតផលក្នុងស្រុក។សូម​ជម្រាបជូនថា រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម របស់ អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ដែល​ទើប​សម្ពោធ​ជាផ្លូវការនេះ គឺជាគម្រោងវិនិយោគមួយ ក្នុងចំណោម​ចក្ខុ​វិស័យ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម របស់ វិរៈ ប៊ុនថាំ គ្រុប ខណៈដែលកន្លងមក អ្នកឧកញ៉ា បណ្ឌិត បាន​បោះ​ទុន​វិនិ​យោគ​យ៉ាង​ច្រើន ជាបន្តបន្ទាប់ ក្នុងការជួយប្រមូលទិញកសិផលរបស់ប្រជាកសិករខ្មែរ និង​ចែក​ចាយ​លក់​បន្ត​ថែមទៀតផង៕ អត្ថបទ៖ សូដាវណ្ណ 

រយៈពេល៣ខែដំបូង ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ៣,៤៤ ពាន់​លាន​ដុល្លារកើនឡើង ៤,៣%

04/24/2026 02:04 PM        161
ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម រយៈពេល៣ខែដំបូង ឆ្នាំ២០២៦ សម្រេចបានប្រមាណ ៣,៤៤ ពាន់លានដុល្លារអាមេរិក កើនឡើង ៤,៣% ធៀបរយៈពេលដូចគ្នាពីឆ្នាំមុន ក្នុង​នោះ​ការ​នាំ​ចេញ​របស់កម្ពុជា មានចំនួន ១,៤៦ ពាន់លានដុល្លារ កើនជាង ៧% ខណៈការនាំចូលជិត ២ ពាន់​លាន​ដុល្លារ ការកើនជាង ២% ។ឯកឧត្តម ហូ ស៊ីវយ៉ុង អគ្គនាយកនៃសេវាកម្មគាំទ្រពាណិជ្ជកម្ម លើក​ឡើង​នៅ​ក្នុង​កិច្ច​សន្ទនា​ធុរកិច្ច​កម្ពុជា-វៀតណាម ២០២៦ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ថា កម្ពុជា-វៀតណាម​បាន​បង្កើត​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាច្រើនដូចជា កិច្ចព្រមព្រៀង ស្តីពីប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ ការផ្លាស់ប្តូរទំនិញ និងសេវាកម្មនៅតាមព្រំដែន តំបន់, កិច្ចព្រមព្រៀង​ស្តីពី​ការដឹក​ជញ្ជូន​ទំនិញ និងការលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគីដែលបម្រើ និងជួយសម្រួល​ដល់​ប្រតិបត្តិការ​ពាណិជ្ជ​កម្ម​ឆ្លងព្រំដែនកាន់តែរលូន រវាងប្រទេសទាំងពីរ រួមទាំងតំបន់ និងកិច្ចព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ដូចជា ATIGA អាស៊ាន+ និង RCEP ជាដើម។ឯកឧត្តម បន្ថែមថា ទាក់ទិនការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ  បង្ហាញ​ពី​សក្ដានុពល​វិវត្តន៍​គួរ​កត់សម្គាល់ ក្នុងនោះការ នាំចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាម បានកើ​ន​ឡើង​ជា​លំដាប់​ពី ២,៩៧ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ដល់ ៣,៧០ ពាន់លានដុល្លារ នៅឆ្នាំ​២០២៤ និង៣,៧៣ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។ ចំណែកក្នុងរយៈពេល៣ខែដំបូង ក្នុង​ឆ្នាំ​២០២៦ ពាណិជ្ជកម្មវៀតណាម-កម្ពុជា សម្រេចបានសរុប ៣,៤៤ ពាន់លានដុល្លារអាមេរិក កើន​ឡើង ​៤,៣% ធៀបរយៈពេលដូចគ្នាពីឆ្នាំមុន។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ថ្លែងថា ទំនាក់​ទំនង​មិត្ត​ភាព​ដ៏ស្អិត​ល្មួត និងកិច្ចសហ- ប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ត្រូវបាន​កសាង​ឡើង​នៅ​លើ​មូល​ដ្ឋានគ្រឹះនៃការតភា្ជប់ប្រកបដោយនិរន្តរភាព និងការ លើកកម្ពស់យន្តការទ្វេភាគី ក្នុង​ស្មារ​តី​ភាព​ជាអ្នកជិតខាងល្អ, មិត្តភាពជាប្រពៃណី, និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បី បំពេញ​ឱ្យគ្នាទៅវិញទៅមកក្នុងបុព្វហេតុសន្តិភាព និងស្ថិរភាពយូរអង្វែង ជាពិសេស​ការ​ធ្វើ​ពាណិជ្ជ​កម្ម និងការវិនិយោគ។អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងផងដែរថា ជុំវិញ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​ប្រទេស​ទាំងពីរ ក្នុងនោះ ប្រសិទ្ធភាពនៅព្រំដែន នៅមិនទាន់ចរចា​បាន​ស្រួល​នៅ​ឡើយ​សម្រាប់​ពាណិជ្ជកម្ម តែទោះបីយ៉ាងណាប្រទេសទាំងពីរគ្រោងនឹងធ្វើឱ្យ ប្រសើរឡើង ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ដូចជា ជ្រៃធំ-ខាញ់ប៊ិញ ទៅច្រកព្រំដែនអន្តរជាតិ និងអនុវត្ត​យ៉ាង​ពេញ​លេញ​នៃ​កិច្ច​ព្រម​ព្រៀង​ដឹក​ជញ្ជូន ផ្លូវទឹក។ នេះបង្កើតបណ្តាញភស្តុភារពហុម៉ូឌុល ដែលកាត់បន្ថយការចំណាយ និង​បង្កើនការប្រកួតប្រជែងជាសកលរបស់យើង។ ឯកឧត្តម Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានថ្លែងថា ក្នុង​ជំនួប​នា​ពេល​ថ្មី​ៗ​នេះ រវាងថ្នាក់ដឹកនាំ កំពូលនៃប្រទេសទាំងពីរ ដូចជាដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​របស់​អគ្គ​លេខា​បក្ស To Lam និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមក្នុងខែ កុម្ភៈ ឆ្នាំ២០២៦ និងដំណើរ​ទស្សន​កិច្ច​របស់សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ឯកឧត្តម Tran Cam Tu នៅថ្ងៃទី១០ ខែ​មេសា​ ឆ្នាំ ២០២៦ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានអះអាងសារជាថ្មី នូវការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​សេដ្ឋកិច្ចប្រទេសទាំងពីរ ជាពិសេសក្នុងការ តភ្ជាប់ខ្សែសង្វាក់ដឹកជញ្ជូន ថាមពល ឧស្សាហ៍​​កម្ម និងឌីជីថល ការពង្រឹងសកម្មភាពវិនិយោគ ពាណិជ្ជកម្ម និងជំរុញទេសចរណ៍ ដើម្បី​ជំរុញ​បង្កើន​ទំហំ​ពាណិជ្ជកម្មទ្វេភាគី ឱ្យឡើងដល់ ២០ ពាន់លានដុល្លារ នាពេលខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី 

អ្នកជំនាញសេដ្ឋកិច្ច៖ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន នឹង​កាន់​តែ​ស៊ីជម្រៅ​លើ​​វិស័យ​សេដ្ឋកិច្ច និងកសិកម្ម

04/24/2026 02:04 PM        332
អ្នកជំនាញផ្នែកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានបង្ហាញទស្សនថា ទំនាក់​ទំនង​កិច្ច​សហ​ប្រតិ​បត្តិការ​ទ្វេភាគីកម្ពុជា-ចិន នឹងឈានឡើងមួយកម្រិតទៀតទៅលើវិស័យសេដ្ឋកិច្ច និង​កសិកម្ម បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​សម្រេច​បាន​នូវ​កិច្ច​ប្រជុំ​លើក​ដំបូង​នៃ​យន្តការ​កិច្ច​សន្ទនា​យុទ្ធ​សាស្ត្រ​ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន កាលពីថ្ងៃទី២២-២៣ ខែ​មេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។លទ្ធផលកិច្ចប្រជុំនៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាង​ប្រទេស​ទាំង​ពីរ​ធ្វើ​ឡើង​បន្ទាប់​ពី​ដំណើរ​បំពេញ​ទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្រ្តនៅកម្ពុជា របស់ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping)​ ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់​ថ្ងៃ​ទី​១៨ ​ខែមេសា ឆ្នាំ២០២៥ កន្លងទៅ។លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានប្រាប់ BTV ថា ប្រទេស​ចិន​ គឺ​ជា​ទីផ្សារឈានមុខគេទាំង១០របស់កម្ពុជា។ ជាក់ស្តែង ក្នុងរយៈពេល ៣ខែដើមឆ្នាំនេះ ប្រទេស​ចិន​បាននាំចូលទំនិញពីកម្ពុជាឈរនៅលំដាប់ទី៣ ដែល​បាន​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​មាន​តម្លៃ​ជា​ប្រាក់​ជាង ៤៥៩ លានដុល្លារអាម៉េរិក កើនឡើង ៣២% បើធៀបនឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ។ លោកបណ្ឌិតបន្តថា លើសពីនេះ ប្រទេសចិននៅតែជាដៃគូវិនិយោគដ៏ធំរបស់កម្ពុជា ដោយ​ទំហំ​វិនិយោគ​ផ្ទាល់​ពីបរទេស (FDI)របស់ចិនមានចំណែកប្រមាណ ៤៦% នៃទំហំ​វិនិយោគ​ផ្ទាល់​ពី​បរទេស​សរុប ២,៥ពាន់លានដុល្លារអាម៉េរិកក្នុងត្រីមាសទី១ ឆ្នាំនេះ។ ជាមួយគ្នានេះ ប្រទេស​ចិន​គឺ​ជា​ទីផ្សារ​ចម្បងមួយសម្រាប់វិស័យកសិកម្មកម្ពុជា ជាពិសេស អង្ករ។ គ្រាន់តែ​ក្នុង​រយៈ​ពេល​៣​ខែ​នៃ​ឆ្នាំ​២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ៨,៩០០០តោន ទៅកាន់ប្រទេសចិន កើនឡើង ១៤១% ​បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនទាំងអស់នេះ ឆ្លុះ​បញ្ចាំង​ពី​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន កាន់តែស៊ីជម្រៅ។សូមបញ្ជាក់ថា ប្រទេសកម្ពុជា-ចិន នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន នយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ, ការពារជាតិ និងសន្តិសុខ, ថាមពលស្អាត, ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, និងកសិកម្ម។ ការពង្រឹកកិច្ចសហប្រតិបត្តិការនេះ ធ្វើ​ឡើង​ក្នុង​ជំនួបពិភាក្សារវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ និងឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តមនាយឧត្តមនាវី តុង ជុន រដ្ឋ​មន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ​២០២៦ នៅវិមានសន្តិភាព៕ អត្ថបទ៖ ធូ វិរៈ 

មេដឹកនាំអ៊ីរ៉ង់ បញ្ជាក់ពីការរួបរួមជាតិ ខណៈប្ដេជ្ញាសងសឹក ស្របពេលមានរបាយការណ៍ពីជម្លោះផ្ទៃក្នុង

04/24/2026 12:04 PM        92
ប្រធានាធិបតី និងប្រធានសភាអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ២៣មេសាសប្ដាហ៍នេះ បានសង្កត់ធ្ងន់លើឯកភាពជាតិ និងបានសន្យាសងសឹកប្រឆាំងនឹង "អ្នកឈ្លានពាន" ណាមួយ ស្របពេលមានភាពតានតឹងក្នុងតំបន់កើនឡើង និងរបាយការណ៍ប្រកួតប្រជែងអំពីភាពតានតឹងនយោបាយផ្ទៃក្នុង។នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោកប្រធានាធិបតី Masoud Pezeshkian និងប្រធានសភា លោក Mohammad Bagher Ghalibaf បាននិយាយថា អ៊ីរ៉ង់មិនបែងចែករវាង "អ្នកប្រកាន់តឹង" និង "អ្នកនិយមកណ្តាល" ទេ ដោយបន្ថែមថា "ទាំងអស់សុទ្ធតែជាជនជាតិអ៊ីរ៉ង់ និងជាអ្នកបដិវត្តន៍"។សេចក្តីថ្លែងការណ៍នេះបាននិយាយថា "ដោយមានឯកភាពជាតិ និងរដ្ឋដ៏រឹងមាំ និងការគោរពប្រតិបត្តិចំពោះមេដឹកនាំកំពូល ពួកលោកនឹងធ្វើឱ្យអ្នកឈ្លានពានសោកស្តាយចំពោះសកម្មភាពរបស់ខ្លួន។សារនេះបានសង្កត់ធ្ងន់លើឯកភាពក្រោម "ព្រះតែមួយ ប្រជាជាតិតែមួយ មេដឹកនាំតែមួយ ផ្លូវតែមួយ" ដោយហៅថាជាមូលដ្ឋានសម្រាប់ "ជ័យជម្នះរបស់អ៊ីរ៉ង់"។ មេដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀតនៃប្រទេសនេះក៏បានចេញផ្សាយសេចក្តីថ្លែងការណ៍អំពាវនាវឱ្យមានឯកភាពជាតិផងដែរ។ទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ បាននិយាយថា គំនិតទាំងនេះបានឆ្លើយតបទៅនឹងសម្ដីរបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលបានហៅការដឹកនាំរបស់អ៊ីរ៉ង់ថា "បែកបាក់យ៉ាងធ្ងន់ធ្ងរ" ខណៈប្រកាសពីការបន្តបទឈប់បាញ់៕

អនុប្រធានទី១ អាជ្ញាធរមីន និង​ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជាជួបពិភាក្សាគ្នា ស្តីពីការអនុវត្តផែនការភាពជាដៃគូអភិវឌ្ឍន៍គាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា

04/24/2026 12:04 PM        128
ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលីប្រចាំនៅកម្ពុជា និងសហការី ស្តីពីការអនុវត្តផែនការភាពជាដៃគូអភិវឌ្ឍន៍កម្ពុជា-អូស្រ្តាលី (Cambodia-Australia Development Partnership Plan) និងកិច្ចសហប្រតិបត្តិការបន្តគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា។ក្នុងជំនួបនោះ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុម័តនូវ “គោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥” ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ ជាមួយគ្នានោះ ឯកឧត្តមអគ្គរដ្ឋទូត ក៏បានបញ្ជាក់ពីគាំទ្ររបស់រដ្ឋាភិបាលអូស្រ្តាលី ដល់កិច្ចការបោសសម្អាតមីន និងការគិតគូរជួយដល់ជនរងគ្រោះថ្នាក់និងការស្តារកាយសម្បទា នៅប្រទេសកម្ពុជា។ជាងនេះទៅទៀត ឯកឧត្តម Derek Yip បានបញ្ជាក់ពីការផ្តល់ជំនួយជាថវិកាចំនួន ១.៥លានដុល្លារអូស្រ្តាលី គាំទ្រដល់កិច្ចការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការធ្វើឱ្យប្រសើរឡើងនូវសហគមន៍តាមបណ្តោយព្រំដែនរងផលប៉ះពាល់ ដោយសារសង្រ្គាមកម្ពុជា-ថៃ នាពេលកន្លងមក។តាងនាមឱ្យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលជួយគាំទ្រដល់ដំណើរការអភិវឌ្ឍន៍នៅកម្ពុជា ក្នុងនោះប្រទេសអូស្រ្តាលី គឺជាដៃគូមួយយ៉ាងសំខាន់ យូរអង្វែង និងរឹងមាំ ក្នុងចំណោមដៃគូដទៃទៀតសម្រាប់វិស័យសកម្មភាពមីន ដែលបានរួមចំណែកជាមួយប្រទេសកម្ពុជា រយៈពេលជាង៣០ឆ្នាំ មកនេះ ជាពិសេសតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ប្រទេសអូស្រ្តាលី ដែលបានជួយគាំទ្រដល់ការរៀបចំគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ រួមទាំងថ្មីៗនេះ បានជួយគាំទ្រដល់កិច្ចការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកដោយសារសង្រ្គាមកម្ពុជា-ថៃនាពេលកន្លងមក ព្រមទាំងគាំទ្រដល់សហគមន៍រងគ្រោះនៅតាមព្រំដែន ផងដែរ។ ក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើសុំឱ្យប្រទេសអូស្រ្តាលីបន្តគាំទ្រដល់សកម្មភាពមីននៅកម្ពុជា ជាពិសេសតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដើម្បីឱ្យប្រទេសកម្ពុជា រួចផុតពីផលប៉ះពាល់នៃយុទ្ធភណ្ឌគ្រឿងផ្ទុះ ហើយមិនមានជនរងគ្រោះដោយសារមីនណាម្នាក់ នឹងត្រូវបានទុកចោលឡើយ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
05/10/2026 05:05 PM
ប្រាក់ចំណេញត្រីមាសទី១របស់ក្រុមហ៊ុនផលិតប្រេង​​​ Saudi Aramco កើនឡើង២៥% ខណៈមានវិបត្តិច្រកសមុទ្រ​ Hormuz
05/10/2026 03:05 PM
មេដឹកនាំ​កូរ៉េខាងជើង​ លោក Kim Jong-un សន្យាយក​ទំនាក់ទំនងជាមួយរុស្ស៊ីជាអាទិភាពកំពូល
05/10/2026 03:05 PM
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
05/10/2026 03:05 PM
ចិន ជំរុញ​ឲ្យ​ជប៉ុន និង​ហ្វីលីពីន ​បញ្ឈប់​ការ​ប្រឈមមុខ​ដាក់គ្នា​ ​
05/10/2026 03:05 PM
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
05/10/2026 03:05 PM
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
05/10/2026 02:05 PM
អតីតសកម្មជនគណបក្សប្រឆាំង ៦៧នាក់ នៅស្រុកស្អាង ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា
05/10/2026 02:05 PM
ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​ប៉ាគីស្ថាន​ បាន​សម្លាប់​នគរបាល​​ជាង១០​នាក់ និង​មួយចំនួន​រងរបួស​
05/10/2026 02:05 PM
ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
05/10/2026 02:05 PM