ស្វែងរក

សម្តេចធិបតី បន្តដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់​បន្ត​ការ​បង្ក្រាប​បទ​ល្មើស​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយគ្មានបង្អង់ដៃឡើយ

04/24/2026 12:04 PM        216
ភ្នំពេញ៖ នៅ​ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៦នេះ សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បន្តដាក់បទ​បញ្ជា​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត​ឱ្យ​សមត្ថកិច្ច និងកងកម្លាំង​ពាក់ព័ន្ធ​ទាំង​អស់​បន្ត​ការ​បង្ក្រាប​បទ​ល្មើស​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ដោយគ្មានបង្អង់ដៃឡើយ។ក្នុងឱកាសនោះ សម្តេចធិបតី បានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច និង​កង​កម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើការងារយ៉ាងសកម្ម ក្នុងការ​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា (Online Scam) ដោយសម្រេចបានលទ្ធផលធំៗជាច្រើន។ទន្ទឹម​នឹង​នេះ សម្តេច ក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំង​ពាក់​ព័ន្ធ​ទាំង​អស់​បន្តការបង្ក្រាបបទល្មើសនេះដោយគ្មានបង្អង់ដៃឡើយ។សម្តេចធិបតីបានបញ្ជាក់ថា «ច្បាប់មានហើយ ដូច្នេះត្រូវតែអនុវត្តឱ្យបានម៉ត់ចត់ និងឱ្យមាន​ប្រសិទ្ធ​ភាព​ដោយ​មិនបន្ធូរដៃ និងដោយគ្មានការលើកលែងឡើយ ពោលគឺ​មិន​បញ្ឈប់​ត្រឹម​ពិធី​បុណ្យ​ចូល​ឆ្នាំខ្មែរ​ប្រពៃណីជាតិនេះ ដូចដែលមានមតិមួយចំនួនបានលើកឡើងនោះឡើយ»។សូមជម្រាបថា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទើបតែប្រកាសដាក់ឱ្យអនុវត្ត «ច្បាប់​ស្តីពី​ការ​ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» កាលពីពេលថ្មីៗនេះ ក្រោយច្បាប់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ករណី​បន្ទាន់​ដែល​ជា​ការ​បោះ​ជំហាន​ថ្មី​មួយ​ទៀត​នៅ​ក្នុង​ប្រតិបត្តិ​ការ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការប្រឆាំង Online Scam។ច្បាប់នេះ​មាន​គោលដៅសំខាន់ គឺលើកកម្ពស់ប្រសិទ្ធិភាពនៃការប្រឆាំង Online Scam ដោយ​រួម​ទាំង​ការ​គាំទ្រ​ទៅ​ដល់​ប្រតិបត្តិការ​នៃ​ការ​បោស​សម្អាត​ដែល​កំពុង​អនុវត្តន៍​ក្នុង​ទ្រង់​ទ្រាយ​ជា​យុទ្ធនា​ការ​ទូទាំង​ប្រទេសនាពេលបច្ចុប្បន្ន និងធានាថាដើម្បីរួមចំណែកក្នុងការធ្វើឱ្យច្បាស់លាស់ថា ការ​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទ្រង់ទ្រាយបែបនេះនឹងមិនវិលត្រឡប់មកកម្ពុជាវិញទេក្រោយពីយុទ្ធនា​ការ​នេះ៕

អ្នកវិភាគ៖កម្ពុជា-ចិន គឺជាមិត្តជិតស្និទ្ធដែលមិនអាចខ្វះគ្នាបាន ខណៈកិច្ចប្រជុំ ២+២ ដើម្បីបង្កើនទំនាក់ទំនងបន្ថែម

04/24/2026 12:04 PM        250
អ្នកវិភាគមើលឃើញថា កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងរដ្ឋមន្រ្ដីការបរទេស និងរដ្ឋមន្រ្ដីការពារជាតិរវាងកម្ពុជា និងចិន លើកទីមួយ នៅកម្ពុជានេះ គឺប្រទេសទាំងពីរកំពុងបន្តអនុវត្តជាផ្លូវការនៃលទ្ធផលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ ក្នុងគោលដៅបង្កើនកម្លាំងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតនូវទំនាក់ទំនងដ៏ស្អិតរមួតរវាងប្រទេសទាំងពីរ។លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានលើកឡើងថា ក្នុងប្រវត្តិសាស្រ្ដទំនាក់ទំនងផ្លូវការរវាង កម្ពុជា និងចិន បានចាប់ផ្ដើមតាំងពីសតវត្សទីបី នៃម័យហ្វូណន ប៉ុន្ដែទំនាក់ទំនងប្រជាជន និងប្រជាជន គឺមានអាយុកាលជាងពីរពាន់ឆ្នាំមកហើយ។ ដោយឡែកក្នុងសម័យទំនើបនេះសាធារណរដ្ឋប្រជាមានិតចិន បានបង្កើតឡើងនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ហើយមកដល់ខែមេសា ឆ្នាំ១៩៥៥ គឺជាជំនួបដែលបានក្លាយជាទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជា និងចិន ក្នុងពេលដែលព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានជួបផ្ទាល់ជាមួយ និងឯកឧត្តម ជូ អេនឡាយ នៅសន្និសីទបានដុង (Bandung Conference) ក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ ដែលបានបើកទំព័រថ្មីនៃទំនាក់ទំនង «មិត្តភាពដែកថែប» រវាងកម្ពុជា និងចិន និងក៏ជាការគាំទ្រគ្នាលើចលនាពហុភាគីនិយម និងការទទួលស្គាល់នៃយន្តការឧត្តមានុភាពនៃអង្គការសហប្រជាជាតិផងផងដែរ។ ចំណែក ពេលនេះតាមរយៈកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ គឺកម្ពុជា និងចិន កំពុងបន្តអនុវត្តជាផ្លូវការនៃលទ្ធផលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៥កន្លងទៅ ដើម្បីបង្កើននូវកម្លាំងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតនូវទំនាក់ទំនងដ៏ស្អិតរមួតរវាងប្រទេសទាំងពីរ។ ចំណែក លោក អាន ប៉ាស្ទី អ្នកជំនាញច្បាប់អន្តរជាតិ មើលឃើញថា សកម្មភាពទំនាក់ទំនងនៃថ្នាក់ដឹកនាំកម្ពុជា និងចិន នាពេលកន្លងទៅ និងក្នុងឱកាសនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយនៅកម្ពុជា បានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងការនឹករលឹកគ្នានៃមិត្តភាពយ៉ាងជ្រាលជ្រៅរវាងកម្ពុជា-ចិន ដែលតែងតែគាំទ្រគ្នាការពារគ្នា នៅក្នុងនយោបាយទាំងតំបន់ និងអន្តរជាតិ ជាពិសេសក្នុងកាលៈទេសៈដែលកម្ពុជាត្រូវបានប្រទេសជិតខាងឈ្លានពាន មិត្តចិនបានជួយគាំទ្រឱ្យមានបទឈប់បាញ់ និងជួយឧបត្ថម្ភដល់ជនភៀសសឹកថែមទៀត។ សូមជម្រាបថា កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងកម្ពុជា និងចិនត្រូវបានរៀបចំឡើងនៅថ្ងៃទី២២ ខែ មេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ កិច្ចសន្ទនានេះត្រូវបានដឹកនាំខាងកម្ពុជាដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម ទៀ សីហា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯខាងភាគីចិន គឺដោយ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិ។ កិច្ចសន្ទនាលើកដំបូងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃទំនាក់ទំនងកម្ពុជា-ចិន ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរ ក្នុងការពង្រឹងកិច្ចសម្របសម្រួលជាយុទ្ធសាស្ត្រ និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី៕

កម្ពុជា-ចិន ឯកភាពគ្នាថា យន្តការ «២+២» នឹងដើរ​តួនាទី​ជា​វេទិកា​ពង្រឹង​ទំនាក់​ទំនង​ជា​យុទ្ធសាស្ត្រ

04/24/2026 12:04 PM        187
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បញ្ជាក់ តាមរយៈ​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃ​ទី២៤ ខែមេសា ឆ្នាំ២០២៦នេះថា តាមរយៈកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទី១ រវាង​កម្ពុជា និងចិន ដែលបានបើកធ្វើកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ភាគី​ទាំង​ពីរ​បានឯកភាពគ្នាថា យន្តការ «២+២» នេះ នឹងដើរតួនាទី​ជាវេ​ទិកាដ៏​សំខា​ន់​មួយ​ក្នុង​ការ​ធ្វើ​ឱ្យ​កាន់​តែស៊ីជម្រៅនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ បង្កើនការសម្របសម្រួលគោលនយោបាយ និង​រួម​គ្នា​ឆ្លើយតបចំពោះបញ្ហាប្រឈមដែលកំពុងកើតមានឡើងទាំងក្នុងប្រទេសរៀងៗខ្លួន ក្នុងតំបន់ និង​សកលលោក។ឯកឧត្តមបានថ្លែងថា កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទី១ រវាង​កម្ពុជា​និង​ចិន​ដែល​បាន​បើក​ធ្វើកាល​ពី​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ​ដែល​មាន​រដ្ឋ​មន្ត្រី​ការ​បរទេស និង​ការពារ​ជាតិ​នៃប្រទេសទាំងពីរជាសហប្រធាន បានបិទបញ្ចប់ទៅដោយ​ទទួល​បាន​លទ្ធ​ផល​ដ៏​កក់​ក្តៅ ​ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរ ក្នុងកា​រ​ពង្រឹង​កិច្ច​សម្រប​សម្រួល​ជា​យុទ្ធសាស្ត្រ និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុង​យុគ​សម័យ​ថ្មី​។ឯកត្តមបន្តថា ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំងថា ភាពជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយកម្ពុជា-ចិន បន្តវិវត្តទៅមុខដោយភាពច្បាស់លាស់ មានទិសដៅ ប្រក​ប​ដោយ​មហិច្ឆតា ដែលបង្ហាញពីភាពធន់ និងភាពចាស់ទុំកាន់តែខ្លាំងឡើង និងបាន​បញ្ជាក់​សា​ជា​ថ្មី​នូវ ​«មិត្តភាពដែកថែប» ដ៏រឹងមាំរវាងកម្ពុជានិងចិន ដោយផ្អែ​ក​លើ​មូល​ដ្ឋាន​នៃ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ ការជឿទុកចិត្ត និងការគាំទ្រ​ឥត​ងាករេ​ចំពោះ​ផល​ប្រយោជន៍​ស្នូល​របស់​គ្នា​ទៅ​វិញ​ទៅ​មក​។ភាគីទាំងពីរបានឯកភាពគ្នាថា យន្តការ «២+២» នេះ នឹងដើរ​តួនាទី​ជា​វេទិកា​ដ៏​សំខាន់​មួយ​ក្នុង​ការ​ធ្វើ​ឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ បង្កើនការស​ម្រប​សម្រួល​គោល​នយោបាយ និង​រួមគ្នាឆ្លើយតបចំពោះបញ្ហាប្រឈមដែលកំពុងកើតមានឡើង ទាំង​ក្នុង​ប្រទេស​រៀង​ៗ​ខ្លួន ទាំងក្នុងតំបន់និងសកលលោក។ ភាគីទាំងពីរក៏បានឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដោយមានការចូលរួមពីក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ដើម្បី​ឆ្លើយតបនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការ​វិវត្ត​នៃ​សភាព​ការណ៍​តំបន់ និង​អន្តរជាតិ​។សម្រាប់​ពេលអនាគត កម្ពុជានិងចិនបានឯកភាពគ្នាធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវ​កិច្ច​សហ​ប្រតិបត្តិការជាក់ស្តែង ទាំងក្នុងវិស័យជាប្រពៃណី និងវិស័យថ្មីៗ​ដែល​មាន​សក្តានុ​ពល​រួម​មាន ​បរិវត្តកម្ម ឌីជីថល ការអភិវឌ្ឍបៃតង សេដ្ឋកិច្ចពណ៌ខៀវ ការតភ្ជាប់ ខ្សែច្រវាក់​ផ្គត់​ផ្គង់​ដែល​មាន​ភាព​ធន់ កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ ភាគី​ទាំង​ពីរ​បាន​បញ្ជាក់​សាជាថ្មី​នូវ​ការ​តាំង​ចិត្ត​រួម​គ្នា​ក្នុង​ការ​ជំរុញ​បន្ថែម​ទៀត​នូវ​ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​កម្ពុជា-ចិន ដែលមិនត្រឹមតែរួមចំណែកដល់វិបុលភាពនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំងដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោកផងដែរ។ដោ​យ​ឡែក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នា​ឱកាស​ទទួល​ជំនួប​សម្តែង​ការ​គួរសមនិងពិភាក្សាការងារពីឯកឧត្តយម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានសង្កត់​ធ្ងន់​ថា​ ទោះបីជាពិភពលោកនៅពេលបច្ចុប្បន្នមានការប្រែប្រួលយ៉ាងណាក្តី ប៉ុន្តែ ទំនាក់​ទំនង​មិត្ត​ភាព​រវាង​កម្ពុជា និងចិន មិនប្រែប្រួលឡើយ។ ចំណែក​ប្រមុខ​ការ​ទូត​ចិន​បាន​ចាត់​ទុក​សម្តេច​តេជោ​ជា​តួអ​ង្គ​ដ៏សំខាន់ក្នុងការពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជា និងចិន និងបន្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តម វ៉ាង យី បានរម្លឹកប្រសាសន៍ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង ថា មិត្ត​ភាព​ដែកថែបរវាងកម្ពុជាចិន មិនមែនមានតែឈ្មោះទេ ប៉ុន្តែ គឺជា​មិត្ត​ភាព​ដែក​ថែប​ដែល​បាន​អនុវត្ត​ជាក់ស្ដែងជាមួយគ្នា៕

អ្នកនាំពាក្យ៖ សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័ត ខណៈពលរដ្ឋខ្មែរទាំង២ភេទមានអាយុ ១៨ ដល់ ២៥ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចនេះ ដោយស្ត្រីផ្អែកតាមការស្ម័គ្រចិត្ត

04/24/2026 12:04 PM        641
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តម ប៉ែន បូណា បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះថា សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តហើយកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា។ឯកឧត្តមបានថ្លែងថា សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តហើយកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៦។ សេចក្តីព្រាងច្បាប់នេះមាន៨ជំពូក និង២០មាត្រាត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្តមាត្រា៤៩ ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់នេះកំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិដែលជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ ជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិតនិងវិន័យ ដែលជាតម្រូវការរបស់ប្រទេសជាតិ។ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា សេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យកែសម្រួលខ្លឹមសារមួយចំនួនដោយកែសម្រួលរយៈពេល១៨ខែ កែទៅរយៈពេល២៤ ខែវិញដូចការអនុវត្តនៅតាមបណ្តាប្រទេសជាច្រើនហើយប្រជាពលរដ្ឋខ្មែរទាំង២ភេទ មានអាយុ ១៨ ដល់២៥ឆ្នាំត្រូវតែបំពេញកាតព្វកិច្ចយោធាហើយការបំពេញនេះទៀតសោតសម្រាប់ស្ត្រី គឺផ្អែកទៅតាមការស្ម័គ្រចិត្ត។បើតាមឯកឧត្តម ប៉ែន បូណា តាមផែនការ សេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» នឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០២៦នេះ ហើយការចុះឈ្មោះនឹងចាប់ពីយុវជនមានអាយុ១៧ឆ្នាំ ចំពោះអ្នកមិនជាប់កាតព្វកិច្ចយោធាមាន ព្រះសង្ឃ បុព្វជិតសាសនាផ្សេងៗ ប្រជាពលរដ្ឋមានទេពកោសល្យពិសេស (អ្នកប្រាជ្ញ ) ប្រជាជាពលរដ្ឋមិនមានកាយសម្បទាគ្រប់គ្រាន់។រាជរដ្ឋាភិបាលកម្ពុជា យល់ថាការកែសម្រួលច្បាប់ថ្មីនេះ នឹងងាយស្រួលក្នុងការរើសកងទ័ព ដែលអាចជ្រើសរើសចេញពីអ្នកដែលចូលទៅបំពេញកាតព្វកិច្ចយោធា។ចំណែកអ្នកមិនត្រូវបានជ្រើសរើស ក៏អាចចូលទៅក្នុងសង្គម ដែលយ៉ាងហោចណាស់ក៏គាត់ជាមនុស្សដែលបានអប់រំ បណ្តុះបណ្តាល មានវិន័យ ហើយបើសិនជាពលរដ្ឋមិនបានបណ្តុះបណ្តាលតាមរយៈការបំពេញកាតព្វកិច្ចយោធាទេ នោះគាត់អាចជាមនុស្សផ្សេង ដែលបង្កបញ្ហាដល់សង្គមជាដើម៕

សាមគ្គីភាពជាតិរឹងមាំនឹងក្លាយជាប្រធានបទ ដើម្បីបំផុសស្មារតីយុវជនក្នុងពាន Soccer League លើកទី៩

04/24/2026 12:04 PM        115
ការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ Soccer League រដូវកាលទី៩ នឹងប្រព្រឹត្តទៅ នា​ដើម​ខែ​មិថុនា ឆ្នាំ២០២៦ ខាងមុខ ដោយមានក្រុមបាល់ទាត់បុរស-នារីចូលរួមសរុបចំនួន ៦៣​ក្រុម​។ជាមួយការត្រៀមរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ក្រោមគំនិត​ផ្ដួច​ផ្ដើម​របស់​ឯកឧត្តម ឧប​នាយក​រដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានេះដែរ ឆ្នាំនេះ គណៈកម្មការរៀបចំ បាន​ជ្រើសរើសយកប្រធានបទដ៏សំខាន់មួយ គឺ «សាមគ្គីភាព ជាតិ​រឹង​មាំ» ​ដើម្បី​បំផុត​ស្មារតី​យុវជន​ចូល​រួម​លើសពីការលេងកីឡា តែដើម្បីបំផុសស្មារតីសាមគ្គីភាពក្នុងស្រទាប់យុវជន និង​ប្រជា​ពលរដ្ឋ​ទូទាំងប្រទេស ដើម្បីពង្រឹងនូវខឿនការពារជាតិដ៏រឹងមាំ។ឯកឧត្តម ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត បានឲ្យដឹងថា រយៈពេលជិត ១០​ឆ្នាំ នៃដំណើរការប្រកួតពានរង្វាន់ Soccer League បានក្លាយជាគ្រួសារមួយ និង​ជា​វេទិកា​មួយ​ ដើម្បីផ្ដល់ឱកាសដល់យុវជនជាច្រើន បានចូលរួមបង្ហាញសមត្ថភាព ដើម្បីឈាន​ទៅ​រក​ចាប់​ក្ដី​ស្រម៉ៃ​ក្លាយ​ជាកីឡាករអាជីព ពោលគឺជាព្រឹត្តិការណ៍ដ៏ធំនេះ ដែលបានរួមចំណែក​ជួយ​ដល់​សង្គម​ជាតិ​ ទាំងក្នុងវិស័យកីឡាបាល់ទាត់ និងការបណ្ដុះធនធាន​មនុស្ស​ក្លាយ​ជា​ទំពាំង​ស្នងឫស្សី​ដ៏ល្អ​។ ហេតុនេះ ទើបឆ្នាំនេះ គណៈកម្មការសម្រេចនឹងរៀបចំដ៏អស្ចារ្យមួយ ក្រោម​ប្រធាន​បទ ​«សាមគ្គីភាពជាតិនឹងរឹងមាំ»។គួរដឹងថា យោងតាមសេចក្ដីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្មីៗ សម្រាប់​​រដូវ​កាលទី៩ នៃការប្រកួតពានរង្វាន់ Soccer League ឆ្នាំនេះ គ្រោងនឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៦ ​ខែមិថុនា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ។ ចំពោះបេក្ខភាពចូលរួមការប្រកួតឆ្នាំនេះដែរ សម្រាប់​ផ្នែកបុរស គឺមាន ៥៥ក្រុមចូលរួម និងផ្នែកនារី មាន ៨ក្រុមចូលរួម។សម្រាប់​ប្រាក់​រង្វាន់ជ័យលាភី ក្រុមជើងឯកផ្នែកបុរស នឹងទទួលបានពាន អមប្រាក់រង្វាន់ ២៥​លាន​រៀល​, លេខ២ ទទួលបាន ១០លានរៀល និងលេខ៣ ទទួលបាន ៥លានរៀល ។ រីឯ​ផ្នែក​នារី ​ក្រុមជើងឯក ទទួលបាន ១០លានរៀល, លេខ២ ទទួលបាន ៥លានរៀល និងលេខ៣ ទទួល​បាន ៣លានរៀល ។ ក្រៅពីនេះ ក៏មានប្រាក់រង្វាន់ក្រុម Fair-Play និង​ពាន​រង្វាន់​ឯកត្តជន​ជា​ច្រើន​ផងដែរ។សូមរំឮកផងដែរថា កាលពីឆ្នាំ២០២៥ ព្រឹត្តិការណ៍បាល់ទាត់ Soccer League ​លើក​ទី៨​ ​គឺ​មាន​ក្រុម​បាល់​ទាត់ចូលរួមសរុប ៦៣ក្រុមដូចគ្នា ក្នុងនោះមានក្រុមបុរស ៥៦ក្រុម និងនារី ៧ក្រុម ។ ជា​លទ្ធផលក្រុមបាល់ទាត់អាណាចក្របៃតង់ បានគ្រងជើងឯកផ្នែកបុរស និង​ក្រុម​បាល់​ទាត់​សូភី​ណា​អេហ្វស៊ី បានគ្រងជើងឯកផ្នែកនារី៕ អត្ថបទ លី ឈុនឡា

ការដឹកជញ្ជូនប្រេងរបស់រុស្ស៊ី ផ្តល់ភាពធូរស្រាលបណ្តោះអាសន្នក្នុងវិបត្តិប្រេងឥន្ធនៈនៅគុយបា

04/24/2026 11:04 AM        95
នៅសប្តាហ៍នេះ ប្រជាជនគុយបា បានចាប់ផ្តើមទទួលបានប្រយោជន៍ពីការដឹកជញ្ជូនប្រេងរបស់រុស្ស៊ីចំនួន ១០០.០០០តោននាពេលថ្មីៗនេះ ជាការគាំទ្រសំខាន់បណ្តោះអាសន្នសម្រាប់ប្រទេសដែលខ្វះថាមពល និងជាការដឹកជញ្ជូនប្រេងដ៏ច្រើនលើកដំបូងទៅកាន់ប្រទេសកោះមួយនេះ ចាប់តាំងពីសហរដ្ឋអាមេរិក មានចំណាត់ការកាត់បន្ថយប្រេងឥន្ធនៈកាលពីដើមឆ្នាំនេះ។នាវាដឹកប្រេង Anatoly Kolodkin បំពាក់ទង់ជាតិរុស្ស៊ី បានដឹកជញ្ជូនប្រេងឆៅ Ural របស់រុស្ស៊ីប្រហែល ៧០០.០០០បារ៉ែលកាលពីចុងខែមីនានៅឈូងសមុទ្រ Matanzas របស់ប្រទេសគុយបា ដោយប្រឈមទៅនឹងការបិទផ្លូវរបស់សហរដ្ឋអាមេរិក។ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ខ្លួនបានអនុញ្ញាតឱ្យនាវាដឹកប្រេង ដឹកជញ្ជូនប្រេងសម្រាប់ហេតុផល «មនុស្សធម៌»។មន្ត្រីបាននិយាយថា ប្រេងឆៅរបស់រុស្ស៊ីដែលបានទៅដល់កាលពីពេលថ្មីៗនេះ ត្រូវបានចម្រាញ់ទៅជាផលិតផលដូចជាប្រេងសាំង ម៉ាស៊ូត និងប្រេងឥន្ធនៈ ដែលបានចាប់ផ្តើមបង្ហូរចេញពីរោងចក្រចម្រាញ់ប្រេង Cienfuegos របស់ប្រទេសគុយបា នៅថ្ងៃទី១៧ ខែមេសា។ប្រជាជនគុយបា ជាច្រើនបាននិយាយថា ពួកគេចាប់ផ្តើមមានអារម្មណ៍ធូរស្រាលពិតប្រាកដនៅសប្តាហ៍នេះ ខណៈការដាច់ចរន្តអគ្គិសនីបានថយចុះនៅក្នុងតំបន់មួយចំនួន បន្ទាប់ពីការដាច់ចរន្តអគ្គិសនីរយៈពេលជិតបួនខែ ដែលបានធ្វើឱ្យប្រជាជនចំនួន ១០ លាននាក់នៅលើប្រទេសកោះនេះ ជួបការលំបាកយ៉ាងខ្លាំង។

UN ជំរុញឱ្យមានការដោះលែងបុគ្គលិក៧៣នាក់ ដែលត្រូវបានឃុំខ្លួនដោយក្រុមហ៊ូទីជាបន្ទាន់

04/24/2026 11:04 AM        61
នៅអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ ទី ២៣ ខែមេសា អ្នកនាំពាក្យលោក Stephane Dujarric បាននិយាយថា អង្គការសហប្រជាជាតិកំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបានការដោះលែងបុគ្គលិកចំនួន៧៣នាក់ដែលត្រូវបានឃុំខ្លួនខុសច្បាប់ដោយក្រុមហ៊ូទីនៅក្នុងប្រទេសយេម៉ែន ដែលពួកគេមួយចំនួនត្រូវបានឃុំខ្លួនជាច្រើនឆ្នាំមកហើយ។លោកបាននិយាយថា មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ លោក Muin Shreim បានធ្វើដំណើរទៅកាន់ទីក្រុង Muscat កាលពីថ្ងៃអង្គារ ជាកន្លែងដែលលោកបានជួបជាមួយអ្នកតំណាងក្រុមហ៊ូទី លោក Mohammed Abdulsalam មន្ត្រីមកពីប្រទេសអូម៉ង់ និងឯកអគ្គរដ្ឋទូតប្រចាំការ ដើម្បីជំរុញឱ្យមានការដោះលែងបុគ្គលិករបស់អង្គការសហប្រជាជាតិដែលត្រូវបានឃុំខ្លួនទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។លោក Dujarric បាននិយាយថា កិច្ចពិភាក្សាកំពុងបន្ត ប៉ុន្តែបានទទួលស្គាល់ថា បុគ្គលិកដែលត្រូវបានឃុំខ្លួន នៅតែស្ថិតក្នុងមន្ទីរឃុំឃាំងដោយគ្មានការបង្ហាញភស្តុតាងត្រឹមត្រូវ។ លោកបានជំរុញឱ្យរដ្ឋជាសមាជិកទាំងអស់ ជាពិសេសអ្នកមានតួនាទីនៅក្នុងតំបន់ដែលមានឥទ្ធិពលលើក្រុមហ៊ូទី ដើម្បីបង្កើនសម្ពាធ ដោយព្រមានថា ការឃុំខ្លួនកំពុងធ្វើឱ្យប៉ះពាល់ដល់ប្រជាជនយេម៉ែនរាប់លាននាក់ ដែលពឹងផ្អែកលើជំនួយមនុស្សធម៌។

ក្រុមទូកលឿនច្រើនគ្រឿងរបស់អ៊ីរ៉ង់ បន្ថែមលើការគំរាមដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz

04/24/2026 11:04 AM        72
ការប្រើប្រាស់ក្រុមទូកល្បឿនលឿនតូចៗជាច្រើនគ្រឿងរបស់អ៊ីរ៉ង់ ដើម្បីរឹបអូសនាវាដឹកទូរទំនិញពីរគ្រឿង នៅជិតច្រកសមុទ្រ Hormuz អាចធ្វើឱ្យប៉ះពាល់ដល់ការលើកឡើងថា កងកម្លាំងសហរដ្ឋអាមេរិក បានបិទការគំរាមកំហែងកងទ័ពជើងទឹករបស់ខ្លួន និងបង្ហាញពីបញ្ហានានាដែលប្រឈមនឹងការបើកឡើងវិញផ្លូវនាំចេញប្រេងសំខាន់បំផុតមួយរបស់ពិភពលោក។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានទទួលស្គាល់ថា ខណៈកងទ័ពជើងទឹកធម្មតារបស់អ៊ីរ៉ង់ ត្រូវបានបំផ្លាញភាគច្រើន «នាវាវាយប្រហារលឿន» របស់ប្រទេសនេះ មិនត្រូវបានចាត់ទុកថាជាការគំរាមកំហែងច្រើននោះទេ។ លោកនិយាយថា នាវាបែបនេះណាមួយដែលចូលទៅជិតការបិទផ្លូវរបស់សហរដ្ឋអាមេរិក ដែលត្រូវបានបង្កើតឡើងនៅខាងក្រៅច្រកសមុទ្រ នឹងត្រូវបាន «កម្ទេចចោលភ្លាមៗ» ដោយប្រើ «ប្រព័ន្ធកម្ទេចដូចគ្នា» ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់សមុទ្រការ៉ាអ៊ីបនិងប៉ាស៊ីហ្វិក ជាកន្លែងដែលការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក បានវាយប្រហារលើទូកដែលសង្ស័យថាមានដឹកគ្រឿងញៀន និងបានសម្លាប់មនុស្សយ៉ាងហោចណាស់១១០នាក់។ ទោះជាយ៉ាងណា ទូកទាំងនោះ ពុំបានវាយប្រហារនាវាពាណិជ្ជកម្មធំៗដែលគ្មានអាវុធនោះទេ ហើយក៏មិនមានអាវុធធុនធ្ងន់នោះដែរ ខណៈឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានផ្ទុកកាំភ្លើងយន្តធុនធ្ងន់ កាំភ្លើងបាញ់គ្រាប់រ៉ូកែត និងក្នុងករណីមួយចំនួនមានមីស៊ីលប្រឆាំងនាវា។ ក្រុមហ៊ុនសន្តិសុខដែនសមុទ្ររបស់ប្រទេសក្រិកមួយ បានប្រាប់សារព័ត៌មានរ៉យទ័រថា ការវាយប្រហារដោយទូកល្បឿនលឿន ពេលនេះបង្កើតជាផ្នែកមួយនៃ «ប្រព័ន្ធគំរាមកំហែង» រួមមានទាំង «មីស៊ីលមានមូលដ្ឋាននៅលើឆ្នេរ យានដ្រូន គ្រាប់មីន និងការជ្រៀតចូលដោយប្រព័ន្ធអេឡិចត្រូនិក ដើម្បីបង្កើតភាពមិនប្រាកដប្រជា»។ យោងតាមអ្នកជំនាញសន្តិសុខដែនសមុទ្របានឲ្យដឹងថា អ៊ីរ៉ង់ត្រូវបានគេប៉ាន់ប្រមាណថា មានទូករាប់រយគ្រឿង ដែលជារឿយៗលាក់ទុកនៅក្នុងផ្លូវរូងក្រោមដីនៃឆ្នេរសមុទ្រ និងនៅមូលដ្ឋានកងទ័ពជើងទឹក ឬនៅក្នុងចំណោមនាវាស៊ីវិល។ លោក Corey Ranslem នាយកប្រតិបត្តិនៃក្រុមសន្តិសុខដែនសមុទ្រ Dryad Global បាននិយាយថា ប្រហែល ១០០គ្រឿង ឬច្រើនជាងនេះ អាចត្រូវបានបំផ្លាញចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់ ចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ។

កោះតៃវ៉ាន់ប្រឆាំងការលើកឡើងរបស់ប្រទេសចិនដែលថាកោះនេះគ្មានមេដឹកនាំឡើយ

04/24/2026 11:04 AM        66
ក្រុមប្រឹក្សាកិច្ចការដីគោករបស់កោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២៣ មេសា ថា ការអត្ថាធិប្បាយថ្មីៗពីការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិនដែលបដិសេធឋានៈរបស់មេដឹកនាំកោះតៃវ៉ាន់ បានគូសបញ្ជាក់ពីការបដិសេធជាយូរមកហើយរបស់ទីក្រុងប៉េកាំង ក្នុងការទទួលស្គាល់សាធារណរដ្ឋចិន (តៃវ៉ាន់)។ អ្នកនាំពាក្យក្រុមប្រឹក្សាកិច្ចការដីគោករបស់កោះតៃវ៉ាន់ លោក Liang Wen-Chieh ក៏បានព្រមានក្រុមអ្នកនយោបាយកោះតៃវ៉ាន់ផងដែរ កុំឱ្យលាក់បាំង ការបំភាន់ អំពីគោលនយោបាយរបស់ចិនចំពោះកោះនេះ។អ្នកនាំពាក្យរដ្ឋាភិបាលចិនកាលពីថ្ងៃពុធ២២មេសាសប្ដាហ៍នេះ បានអះអាងថា កោះតៃវ៉ាន់ជាផ្នែកមួយរបស់ប្រទេសចិន គ្មានមេដឹកនាំឡើយ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃពីការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ចិន។ជម្លោះនេះកើតឡើងបន្ទាប់ពីកោះតៃវ៉ាន់នៅសប្តាហ៍នេះបាននិយាយថា ប្រទេសស៊ីសែល ម៉ូរីស និងម៉ាដាហ្គាស្ការ បានលុបចោលជាឯកតោភាគីនូវលិខិតអនុញ្ញាតហោះហើរសម្រាប់យន្តហោះមេដឹកនាំកោះនេះឆ្លងកាត់ដែនអាកាសដែលពួកគេគ្រប់គ្រងក្នុងដំណើរដែលបានគ្រោងទុកទៅកាន់ប្រទេសអេសស្វាទីនី ដែលជាសម្ព័ន្ធមិត្តមួយក្នុងចំណោមសម្ព័ន្ធមិត្តិនានារបស់កោះតៃវ៉ាន់។ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ចិនបានបដិសេធការអះអាងនេះ ប៉ុន្តែបានសម្តែងការកោតសរសើរចំពោះជំហរ និង ការអនុវត្ត របស់ប្រទេសទាំងបីក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ។អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun ក៏បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយកាលពីថ្ងៃពុធផងដែរថា អ្វីដែលហៅថា មេដឹកនាំនៃសាធារណរដ្ឋចិន លែងមាននៅក្នុងពិភពលោកទៀតហើយ ហើយបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល៕

CMAC បានប្រកាសពីភាពជោគជ័យដោយបានរំដោះភូមិដ្ឋានប្រជាពលរដ្ឋខ្មែរ បានមួយចំនួនទៀតនៅខេត្តឧត្តរមានជ័យ ដែលរងគ្រោះដោយសារគ្រាប់បែកចង្កោមពីពួកទាហានឈ្លានពានសៀម

04/24/2026 11:04 AM        127
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC បានប្រកាសពីភាពជោគជ័យ ដោយបានរំដោះភូមិដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរបានមួយចំនួនទៀត នៅខេត្តឧត្តរមានជ័យ ដែលរងគ្រោះដោយសារគ្រាប់បែកចង្កោមពីពួកទាហានឈ្លានពានសៀម ដែលបានបាញ់ផ្លោងចូលផ្ទះរបស់ពួកគាត់យ៉ាងព្រៃផ្សៃកាលពីកន្លងទៅនោះ។តាមរយៈបណ្តាញសង្គមហ្វេសបុក ឯកឧត្តម ហេង រតនា បានបញ្ជាក់ថាកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ នៅទិសខេត្តឧត្តរមានជ័យ កម្លាំងអង្គភាពCMAC បានបោសសម្អាតតំបន់រងការវាយប្រហារដោយគ្រាប់បែកចង្កោម ដែលជាសំណល់យុទ្ធភណ្ឌសៀមឈ្លានពាន ដោយបានរំដោះភូមិដ្ឋាននិងដីស្រែចម្ការធានាសុខសុវត្ថិភាណជូនប្រជាពលរដ្ឋ។ បើតាមឯកឧត្តម ហេង រតនា ក៏បានលើកឡើងផងដែរថា ជាមួយនឹងប្រតិបត្តិការបោសសម្អាត់ នូវ សំណល់យុទ្ធមិនទាន់ផ្ទុះ ដែលសល់ពីសង្រ្គាមឈ្លានពានសៀមនេះ កម្លាំងអង្គភាពCMACក៏បានធ្វើការផ្សព្វផ្សាយអប់រំការយល់ដឹងពីគ្រោះថ្នាក់ ដោយសារសំណល់យុទ្ធភណ្ឌទាំងនោះបន្ថែមទៀតជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមតំបន់រងគ្រោះទាំងនោះផងដែរ ដោយក្រុមប្រតិបត្តិការបន្តក្រើនរំលឹកដល់ពលរដ្ឋ ថា បងប្អូនបានរត់គេចផុតមានសុវត្ថិភាពពីការបាញ់ប្រហារគ្រាប់បែកចង្កោមសំដៅសម្លាប់មិនរើសមុខ ពីខ្មាំងសត្រូវ ដូចនេះបងប្អូនត្រូវតែគេចឱ្យផុតពីការរងរបួស ឬស្លាប់ដោយសារសំណល់មិនទាន់ផ្ទុះទាំងឡាយជាពិសេសគ្រាប់បែកចង្កោមនៅពេលវិលត្រឡប់មកលំនៅឋានវិញ ដូច្នេះហើយសូមបងប្អូនកុំប៉ះពាល់,លើកដាក់ ឬជីកកកាយយកសំណល់គ្រាប់មិនទាន់ផ្ទុះទាំងនោះឲ្យសោះ ពេលពេលឃើញត្រូវរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន កងកម្លាំងប៉ុស្តិ៍នគរបាលជាតិ ឬកងកម្លាំងCMACដែលនៅជិតបំផុត ដើម្បីជួយអន្តរាគមន៍ជូនបងប្អូន។ សូមបញ្ជាក់ថា ទាហានសៀមបានប្រើប្រាស់គ្រាប់បែកចង្កោម ប្រមាណ១២ទៅ១៣ម៉ឺនគ្រាប់ ដែលមានកូនគ្រាប់បែកចង្កោម ប្រមាណពី៦លានទៅ៧លានគ្រាប់ បាញ់មកលើបូរណភាពទឹកដីកម្ពុជា យ៉ាងព្រៃផ្សៃ និងមិនរើសគោលដៅ ហើយបានប៉ះពាល់ខេត្តតាមបណ្តោយព្រំដែនរវាងកម្ពុជាន និងសៀម រួមមានខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ រួមទាំងខេត្តសៀមរាបផងដែរ ហើយបើគិតជាផ្ទៃដីគឺមានផ្ទៃដីសរុបប្រមាណ២.៣៦០គីឡូម៉ែត្រក្រឡា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
05/10/2026 05:05 PM
ប្រាក់ចំណេញត្រីមាសទី១របស់ក្រុមហ៊ុនផលិតប្រេង​​​ Saudi Aramco កើនឡើង២៥% ខណៈមានវិបត្តិច្រកសមុទ្រ​ Hormuz
05/10/2026 03:05 PM
មេដឹកនាំ​កូរ៉េខាងជើង​ លោក Kim Jong-un សន្យាយក​ទំនាក់ទំនងជាមួយរុស្ស៊ីជាអាទិភាពកំពូល
05/10/2026 03:05 PM
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
05/10/2026 03:05 PM
ចិន ជំរុញ​ឲ្យ​ជប៉ុន និង​ហ្វីលីពីន ​បញ្ឈប់​ការ​ប្រឈមមុខ​ដាក់គ្នា​ ​
05/10/2026 03:05 PM
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
05/10/2026 03:05 PM
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
05/10/2026 02:05 PM
អតីតសកម្មជនគណបក្សប្រឆាំង ៦៧នាក់ នៅស្រុកស្អាង ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា
05/10/2026 02:05 PM
ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​ប៉ាគីស្ថាន​ បាន​សម្លាប់​នគរបាល​​ជាង១០​នាក់ និង​មួយចំនួន​រងរបួស​
05/10/2026 02:05 PM
ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
05/10/2026 02:05 PM