ស្វែងរក

លោក Trump ជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លឿនការបោសសម្អាតគ្រាប់មីននៅច្រកសមុទ្រ Hormuz

04/24/2026 10:04 AM        69
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្ហោះសារនៅលើបណ្តាញផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពជើងទឹកអាមេរិក កំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីបោសសម្អាតគ្រាប់មីននៅច្រកសមុទ្រ Hormuz។ លោកបានសរសេរថា កិច្ចខិតខំប្រឹងប្រែងពេលនេះស្ថិតនៅក្នុង «កម្រិតបង្កើនបីដង» ហើយលោកបានបញ្ជាឱ្យមេបញ្ជាការវាយប្រហារទូកណាមួយដែលដាក់គ្រាប់មីននៅក្នុងផ្លូវទឹកនោះ។ កាសែត The Washington Post រាយការណ៍ថា ក្រសួងការពារជាតិ បានជូនដំណឹងដល់សភាថា ការស្វែងរក និងការដោះគ្រាប់មីន អាចចំណាយពេល៦ខែ។ កាសែតនេះ បាននិយាយថា អាចមានគ្រាប់មីនចំនួន២០គ្រាប់ឬច្រើនជាងនេះ ត្រូវបានដាក់នៅជុំវិញច្រកសមុទ្រ ហើយការរកឃើញគ្រាប់មីនមួយចំនួននឹងមានការលំបាក។ អ្នកនាំពាក្យក្រសួងការពារជាតិ លោក Sean Parnell បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ NHK ថា ការបិទច្រកសមុទ្ររយៈពេលយូរបែបនេះនឹង «មិនអាចទទួលយកបានទាំងស្រុង»។ កងកម្លាំងយោធាសហរដ្ឋអាមេរិក ក្នុងពេលជាមួយគ្នានេះ កំពុងរក្សាការបិទផ្លូវកំពង់ផែអ៊ីរ៉ង់។ លោក Trump បានពិពណ៌នាអំពីប្រតិបត្តិការនេះថាទទួលបបាន «ជោគជ័យខ្លាំង»។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ខណៈ លោកបានជួបជាមួយបេសកជនពិសេសមកពីប្រទេសកូរ៉េខាងត្បូងនៅទីក្រុងតេអេរ៉ង់ ហើយតាមសេចក្តីរាយការណ៍ថាបានស្តីបន្ទោសការឈ្លានពានរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ថាជាមូលហេតុនៃអស្ថិរភាពនៅក្នុងឈូងសមុទ្រពែក្ស និងនៅច្រកសមុទ្រ Hormuz ហើយលោកក៏បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរបស់លោកនៅប្រទេសអ៊ីតាលី អាហ្វហ្គានីស្ថាន និងប្រទេសស្រីលង្កា។

ប្រេងឡើងថ្លៃដោយសារក្តីបារម្ភអំពីភាពតានតឹងផ្នែកយោធាដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ា

04/24/2026 10:04 AM        80
តម្លៃប្រេងបានកើនឡើងនៅព្រឹកថ្ងៃសុក្រ ២៤មេសា សប្ដាហ៍នេះ ដោយសារក្ដីបារម្ភនៃការកើនឡើងសកម្មភាពយោធាឡើងវិញនៅមជ្ឈិមបូព៌ាបន្ទាប់ពីអ៊ីរ៉ង់បានចេញផ្សាយវីដេអូនៃកងកុម្ម៉ង់ដូឡើងលើនាវាដឹកទំនិញមួយនៅច្រកសមុទ្រហ័រមូស(Hormuz) និងលើរបាយការណ៍ថាប្រព័ន្ធការពារដែនអាកាសរបស់ទីក្រុងតេអេរ៉ង់ បានវាយកម្ទេចគោលដៅរបស់សត្រូវ។តម្លៃប្រង Brent បានកើនឡើង ១,២៣ ដុល្លារ ឬ ១,១៧% ដល់ ១០៦,៣ ដុល្លារក្នុងមួយបារ៉ែលនៅម៉ោង ០១:០៧នាទី ម៉ោងសកល ខណៈដែលតម្លៃប្រេងWest Texas Intermediate របស់សហរដ្ឋអាមេរិក ដែរនោះ បានកើនឡើង ១,០៧ ដុល្លារឬ ១,១២% ដល់៩៦,៩២ ដុល្លារក្នុងមួយបារ៉ែល។  តម្លៃគោលទាំងពីរបានកើនឡើងជាង ៣% កាលពីថ្ងៃព្រហស្បតិ៍ និងបានកើនឡើង ៥ ដុល្លារក្នុងមួយបារ៉ែលបន្ទាប់ពីរបាយការណ៍ថាប្រព័ន្ធការពារដែនអាកាសកំពុងវាយប្រហារលើយានដ្រូនមួយចំនួនដែលហោះលើទីក្រុងតេអេរ៉ង់ភាគខាងត្បូងក្នុងកម្ពស់ទាបកាលពីល្ងាចថ្ងៃព្រហស្បតិ៍ និងការដណ្តើមអំណាចរវាងក្រុមអ្នកប្រកាន់តឹង និងក្រុមនិយមកណ្ដាលរបស់អ៊ីរ៉ង់។កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអ៊ីរ៉ង់បានបង្ហោះវីដេអូនៃកងកុម្ម៉ង់ដូនៅក្នុងទូកល្បឿនលឿនមួយគ្រឿង កំពុងសម្រុកឡើងលើនាវាដឹកទំនិញដ៏ធំមួយបន្ទាប់ពីការចរចាសន្តិភាពបានដួលរលំ ដោយគូសបញ្ជាក់ពីការគ្រប់គ្រងរបស់ខ្លួនលើច្រកសមុទ្រ Hormuz ដែលប្រេង និងឧស្ម័នសកល២០% ជាធម្មតាឆ្លងកាត់។ខណៈក្រុមវិនិយោគិន និងរដ្ឋាភិបាល នៅជុំវិញពិភពលោក កំពុងសម្លឹងរកសន្តិភាពដ៏យូរអង្វែង លោក Trump បាននិយាយថា លោកនឹងមិនកំណត់ពេលវេលាសម្រាប់បញ្ចប់ជម្លោះជាមួយអ៊ីរ៉ង់ទេ ហើយថាលោកចង់ធ្វើកិច្ចព្រមព្រៀងដ៏បំផុត៕

Lamine Yamal ត្រូវអវត្តមានដល់ចប់រដូវកាលដោយសាររបួសតែនឹងជាទាន់ World Cup

04/24/2026 10:04 AM        119
ខ្សែប្រយុទ្ធស្លាបអេស្ប៉ាញ Lamine Yamal នឹងត្រូវអវត្តមានពី Barcelona រហូត​ដល់​ចប់​រដូវកាល​តែរំពឹងថានឹងជាទាន់ World Cup។កីឡាករវ័យ ១៨ ឆ្នាំរូបនេះ មានបញ្ហាសរសៃរពួរជើងខាងឆ្វេង អំឡុងពេលស៊ុតបាល់ពិន័យ ១១ ម៉ែត្រ​ឱ្យ Barcelona យកឈ្នះ Celta Vigo ១-០ កាលពីយប់ថ្ងៃពុធកន្លងទៅ។ Lamine Yamal ជាអ្នកស៊ុតសម្រេចគ្រាប់បាល់ ១១ ម៉ែត្រនោះនៅនាទីទី ៤០ តែភ្លាម​ៗ​ក្រោយ​ទាត់​ក៏​បាន​បង្ហាញអាការៈឈឺចុងចាប់ និងសុំធ្វើការផ្លាស់ប្តូរចេញ។ Barcelona បានបញ្ជាក់ក្នុងសេចក្តីថ្លែងការរបស់ខ្លួនថា ក្លិបកំពុងតាមដានស្ថានភាពរបួសរបស់ Yamal និងច្បាស់ណាស់ថាកីឡាករវ័យ ១៨ ឆ្នាំរូបនេះ នឹង​អវត្ត​មាន​ពី​ការ​ប្រកួត​ដែល​នៅ​សេស​សល់​របស់​ក្លិប។ គ្រាប់បាល់ជ័យជំនះរបស់ Lamine Yamal លើ Celta Vigo ធ្វើឱ្យ Barcelona ពន្លាតការ​នាំ​មុខ​នៅ ​La Liga ដល់ ៩ ពិន្ទុពីក្រុមលេខ ២ Real Madrid ដែលនឹងត្រូវជួបគ្នានៅថ្ងៃទី ១០ ខែ​ក្រោយ​នេះ​។ របួសរបស់ Lamine Yamal ត្រូវបានគេរំពឹងថានឹងជាទាន់ World Cup ដែល​អេស្ប៉ាញ​ស្ថិត​ក្នុង​ពូល H ត្រូវជួបជាមួយ កាប់វែរ អារ៉ាប៊ីសាអ៊ូឌីត និងអ៊ុយរូហ្កាយ៕ អត្ថបទ៖នាង សុភាវុធ

CNN៖ អាមេរិកមានគម្រោងវាយប្រហារលើប្រព័ន្ធការពារច្រកសមុទ្រHormuzរបស់អ៊ីរ៉ង់ បើបទឈប់បាញ់បរាជ័យ

04/24/2026 10:04 AM        129
សារព័ត៌មាន CNN បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ២៣មេសាសប្ដាហ៍នេះថា យោធាអាមេរិកកំពុងរៀបចំផែនការបន្ទាន់ដើម្បីវាយប្រហារប្រព័ន្ធការពារអ៊ីរ៉ង់នៅក្នុងច្រកសមុទ្រ Hormuz ប្រសិនបើបទឈប់បាញ់ដ៏ផុយស្រួយនេះដួលរលំ។ប្រភពព័ត៌មាននិយាយថាជម្រើសទាំងនេះ ស្ថិតក្នុងចំណោមប្រភេទគោលដៅជាច្រើនដែលកំពុងពិចារណា រួមមានការវាយប្រហារដោយផ្តោតជាពិសេសលើ "ការកំណត់គោលដៅផ្អែកលើទិន្នន័យជាក់ស្ដែង"នៃសមត្ថភាពអ៊ីរ៉ង់នៅជុំវិញច្រកសមុទ្រHormuz ឈូងសមុទ្រអារ៉ាប់ភាគខាងត្បូង និងឈូងសមុទ្រអូម៉ង់ ដោយលើកឡើងពីការវាយប្រហារដែលអាចកើតមានប្រឆាំងនឹងទូកវាយប្រហារលឿនតូចៗ នាវាដាក់មីន និងទ្រព្យសម្បត្តិផ្សេងទៀត ដែលបានជួយទីក្រុងតេអេរ៉ង់បិទផ្លូវទឹកសំខាន់ៗទាំងនោះ និងប្រើប្រាស់ជាកម្លាំងរុញច្រានលើសហរដ្ឋអាមេរិក។ការបិទនោះបានបង្កឱ្យមានការរង្គោះរង្គើយ៉ាងខ្លាំងនៅក្នុងសេដ្ឋកិច្ចពិភពលោក ដែលគំរាមកំហែងធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី Donald Trump ក្នុងការកាត់បន្ថយអតិផរណារបស់សហរដ្ឋអាមេរិក ហើយបានកើតឡើងទោះបីជាមានបទឈប់បាញ់ផ្អាកការវាយប្រហាររបស់សហរដ្ឋអាមេរិកដែលបានចាប់ផ្តើមនៅថ្ងៃទី ៧ ខែមេសាក៏ដោយ។        ខណៈយោធាបានកំណត់គោលដៅកងទ័ពជើងទឹកអ៊ីរ៉ង់ ភាគច្រើននៃខែដំបូងនៃការទម្លាក់គ្រាប់បែកត្រូវបានផ្តោតលើគោលដៅឆ្ងាយពីច្រកសមុទ្រ ដែលនឹងអនុញ្ញាតឱ្យយោធាអាមេរិកវាយប្រហារបន្ថែមទៀតនៅខាងក្នុងទឹកដីអ៊ីរ៉ង់។ ផែនការថ្មីអំពាវនាវឱ្យមានយុទ្ធនាការទម្លាក់គ្រាប់បែកដែលផ្តោត កាន់តែខ្លាំងនៅជុំវិញផ្លូវទឹកយុទ្ធសាស្ត្រទាំងនោះ។ CNN ធ្លាប់បានរាយការណ៍ថា ចំនួនមីស៊ីលការពារឆ្នេរសមុទ្រភាគច្រើនរបស់ប្រទេសនេះនៅដដែល។ អ៊ីរ៉ង់ក៏មានទូកតូចៗជាច្រើនអាចប្រើដើម្បីវាយប្រហារលើនាវា ដែលធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការបើកច្រកសមុទ្រមានភាពស្មុគស្មាញ។ប្រភពជាច្រើន រួមទាំងអ្នកសម្របសម្រួលការដឹកជញ្ជូនជាន់ខ្ពស់មួយរូបបានប្រាប់ CNNថា ការវាយប្រហារដោយយោធានៅជុំវិញច្រកសមុទ្រតែម្នាក់ឯងទំនងជាមិនអាចបើកផ្លូវទឹកឡើងវិញភ្លាមៗបានទេ ៕

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធាន JICA ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍

04/24/2026 09:04 AM        108
ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំង នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញជួបសម្តែង ការគួរសមជាមួយ ឯកឧត្តមបណ្ឌិត តាណាកា អាតិហិកុ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល JICA ក្នុងទីក្រុងតូក្យូ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះភាពជាដៃគូយូរអង្វែង និងដ៏មានតម្លៃបំផុតរបស់ JICA ជាមួយប្រទេសកម្ពុជា។ ឯកឧត្តម បានគូសបញ្ជាក់ពីការរួមចំណែកយ៉ាងសំខាន់របស់ JICA ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យសំខាន់ៗ ដូចជា ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ការកសាងសមត្ថភាពធនធានមនុស្ស និងភាពធន់នឹងគ្រោះមហន្តរាយ។ កិច្ចខិតខំប្រឹងប្រែងទាំង នេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍ និងការធ្វើសមាហរណកម្មក្នុងតំបន់របស់ប្រទេសកម្ពុជា។ឯកឧត្តមឯកអគ្គរាជទូត ក៏បានគូសបញ្ជាក់ពីអាទិភាពអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ដោយសង្កត់ធ្ងន់លើកំណើនប្រកប ដោយចីរភាព ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍធនធានមនុស្ស ភាពធន់នឹងអាកាសធាតុ និងបរិវត្តកម្មឌីជីថល។ នៅក្នុងបរិបទនេះ ឯកឧត្តម បានបង្ហាញពីសំណើរបស់ប្រទេសកម្ពុជា សម្រាប់ការគាំទ្រជាបន្តបន្ទាប់ពី JICA នៅក្នុង វិស័យអាទិភាពសំខាន់ពីរ៖ ទីមួយ ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងការតភ្ជាប់ រួមទាំងការពង្រីកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់ ការអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់ទឹក និងបញ្ជូនថាមពលក្នុង រាជធានីភ្នំពេញ និងទីក្រុងសំខាន់ៗ និងការពង្រីកការតភ្ជាប់ក្នុងតំបន់នៅតាមច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង ដើម្បី សម្រួលដល់ពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន នៅទូទាំងអនុតំបន់មេគង្គ ។ ទីពីរ ក្នុង ការអភិវឌ្ឍធនធានមនុស្ស និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន រួមទាំងការពង្រីកអាហារូបករណ៍ក្រោមកម្មវិធី JDS (ជំនួយឥតសំណងជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស) ការបណ្តុះបណ្តាលបច្ចេកទេស ភាពជាដៃគូស្ថាប័ន និងការកសាងសមត្ថភាព ហើយនិងការបន្តចូលរួមរបស់អ្នកស្ម័គ្រចិត្ត JICA ដើម្បីរួមចំណែកដល់ការអភិវឌ្ឍជនបទ ក៏ដូចជាដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រជាជននិងប្រជាជន។ លើសពីនេះ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងចំណាប់អារម្មណ៍របស់កម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ JICA ក្នុងគំនិតផ្តួចផ្តើមបរិវត្តកម្មឌីជីថល និងសម្រេចឱ្យបាននូវ គោលដៅនៃប្រទេសកម្ពុជា ដែលគ្មានមីននៅឆ្នាំ២០៣០។ ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត រួមគ្នា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

ប្រមុខការទូតកម្ពុជាជួបពិភាក្សាការងារជាមួយប្រមុខការទូតប្រទេសលីទុយអានី លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ

04/24/2026 09:04 AM        191
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការប្រទេសនិងសហប្រតិបត្តិការអន្តរជាតិ ជំនួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម Kestutis Budrys រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋលីទុយអានី ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។នៅក្នុងជំនួបភាគីទាំងពីរបានពិភាក្សាផ្ដល់ទៅលើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

សហភាពអឺរ៉ុប អនុម័តជាផ្លូវការប្រាក់កម្ចីដល់អ៊ុយក្រែនចំនួន៩០ពាន់លានអឺរ៉ូ និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី

04/24/2026 09:04 AM        101
សហភាពអឺរ៉ុប បានផ្តល់ការអនុម័តចុងក្រោយចំពោះប្រាក់កម្ចីចំនួន៩០ពាន់លានអឺរ៉ូ (១០៥ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែន និងដាក់ទណ្ឌកម្មជុំថ្មីលើរុស្ស៊ី ជាការជំរុញដល់ទីក្រុងគីវបន្ទាប់ពីជម្លោះដែលបានអូសបន្លាយពេលយូរ។ វិធានការទាំងនេះ ត្រូវបានចុះហត្ថលេខាបន្ទាប់ពីប្រទេសហុងគ្រី និងប្រទេសស្លូវ៉ាគី បានទម្លាក់ចោលការជំទាស់ខណៈអ៊ុយក្រែនបានចាប់ផ្តើមផ្តល់លំហូរប្រេងឡើងវិញក្រោយការជួសជុលបំពង់បង្ហូរប្រេង Druzhba ដែលត្រូវបានបំផ្លាញ។ លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានបង្ហោះសារតាមអ៊ីនធឺណិតថា «ភាពជាប់គាំងបានបញ្ចប់ហើយ»។ «សេដ្ឋកិច្ចក្នុងសង្គ្រាមរបស់រុស្ស៊ី កំពុងស្ថិតនៅក្រោមភាពតានតឹងកាន់តែខ្លាំងឡើង ខណៈអ៊ុយក្រែនកំពុងទទួលបានការជំរុញដ៏សំខាន់»។ ជម្លោះនេះ បានរារាំងការគាំទ្ររបស់សហភាពអឺរ៉ុបចំពោះអ៊ុយក្រែននៅពេលដែលសហរដ្ឋអាមេរិកបានកាត់ជំនួយដល់ទីក្រុងគីវភាគច្រើន និងបានបន្ធូរបន្ថយទណ្ឌកម្មលើការនាំចេញប្រេងរបស់រុស្ស៊ីក្នុងអំឡុងពេលសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់។ នាយករដ្ឋមន្ត្រីដែលនឹងចាកចេញពីតំណែងរបស់ប្រទេសហុងគ្រី លោក Viktor Orban បានបរាជ័យយ៉ាងខ្លាំងក្នុងការបោះឆ្នោតនៅក្នុងខែនេះ ជាអ្នកដែលបានផ្អាកប្រាក់កម្ចីជាកម្លាំងចលករដើម្បីដាក់សម្ពាធលើអ៊ុយក្រែនឱ្យជួសជុលបំពង់បង្ហូរប្រេងមកពីរុស្ស៊ីទៅកាន់ប្រទេសរបស់លោក។ លោក Zelenskyy បាននិយាយនៅលើបណ្តាញ X ថា «ថ្ងៃនេះ ជាថ្ងៃដ៏សំខាន់មួយសម្រាប់ការការពារជាតិរបស់យើង និងសម្រាប់ទំនាក់ទំនងរបស់យើងជាមួយសហភាពអឺរ៉ុប។ ប្រាក់កម្ចីគាំទ្រដោយអឺរ៉ុបសម្រាប់អ៊ុយក្រែន ត្រូវបានបញ្ចេញ មានចំនួន៩០ពាន់លានអឺរ៉ូ ឬ១០៥ពាន់លានដុល្លារ ក្នុងរយៈពេលជាង២ឆ្នាំ»។ប្រទេសចំនួន២៧របស់សហភាពអឺរ៉ុប ក៏បានចុះហត្ថលេខាលើកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងទីក្រុងមូស្គូ ដែលត្រូវបានផ្អាកដោយប្រទេសហុងគ្រី និងប្រទេសស្លូវ៉ាគី ជុំវិញជម្លោះ។

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី សាទរ​ចំពោះ​ផ្លែផ្កា​នៃ​កិច្ច​ប្រជុំ«២+២» កម្ពុជា-ចិន ហើយ​បាន​សម្រេច​ឈាន​ទៅ​ដល់កម្រិតកិច្ចប្រជុំ«៣+៣» នាពេលខាងមុខទៀត

04/24/2026 08:04 AM        262
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី បាន​ប្រកាស​អបអ​រ​សាទរ​​ចំពោះ ​ផ្លែផ្កាដ៏ត្រចះត្រចង់ នៃកិច្ចសន្ទនាយុទ្ធសាស្រ្ត«២+២» លើកទី១ របស់​រដ្ឋ​មន្រ្តី​ការ​បរទេស ​និងរដ្ឋមន្រ្តីការពារជាតិកម្ពុជា និងចិន ហើយកិច្ច​ប្រជុំ​ជា​ប្រវត្តិសាស្រ្ត​នេះ​បាន​ឯក​ភាព​គ្នា​សម្រេច​ឈាន​ដល់​បើក​កិច្ច​ប្រជុំ «៣+៣» នាពេលខាងមុខទៀតនោះ។តាមបណ្តាញសង្គមហ្វេសបុក នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧបនាយករដ្ឋ​មន្រ្តី ហ៊ុន ម៉ានី បានលើក​ឡើង​ថា សូម​ចូល​រួម​អបអរ​សាទរ​ចំពោះ​ភាព​ជោគ​ជ័យ​នៃ​កិច្ច​សន្ទ​នា​យុទ្ធ​សាស្ត្រ «២+២» លើកទីមួយរវាងរដ្ឋមន្ត្រីការបរទេស និង​រដ្ឋ​មន្ត្រី​ការពារ​ជាតិ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ និងសាធារណរដ្ឋប្រជាមានិតចិន ដែលជាយន្ត​ការ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ នៃទំនាក់ទំនងជាយុទ្ធសាស្ត្រ ជាពិសេស ការសម្រេច​ដំឡើង​កម្រិត​កិច្ច​សន្ទនា​នេះ​ទៅ​កម្រិត «៣+៣» ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈចិនផងដែរ។ឯកឧត្តម ហ៊ុន ម៉ានី បានកត់​សម្គាល់​ឃើញ​ថា​ក្នុង​ក្រប​ខណ្ឌ​នៃ​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​នេះ​ក៏​មាន​ជំនួប​សំខាន់​ៗ រួមមាន៖ ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស ព្រមទាំងជំនួបរវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែល​បាន​បង្ហាញ​ច្បាស់​អំពី​ចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសយើងទាំងពីរ ទោះស្ថិត​ក្នុង​ស្ថាន​ការណ៍​ពិភ​ព​លោក​បច្ចុប្បន្ន​ដែល​មានការប្រែប្រួលមិនច្បាស់លាស់យ៉ាងណាក្តី។ឯកឧត្តម ហ៊ុន ម៉ានី បានរំលេចផងដែរថា ឆ្នាំ២០២៦ នេះ គឺជាខួបលើកទី៦៨ ទំនាក់ទំនង​កម្ពុជា​-ចិន ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងប្រវត្តិសាស្ត្រ ដែលបានផ្តួចផ្តើមឡើងដោយ ព្រះ​ករុណា​ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង ឯកឧត្តមប្រធាន ម៉ៅ សេទុង និងឯកឧត្តម ជូ អេងឡាយ និងត្រូវបានបន្តពូនជ្រុំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រហូតមកដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម ស៊ី ជីនពីង។ ជាពិសេស ការ​បន្តយកចិត្តទុកដាក់របស់មិត្តចិន ចំពោះការព្យាបាល​និង​ថែ​រក្សា​ព្រះរា​ជ​សុខ​ភាព​ថ្វាយ​ព្រះក​រុណា​ជា​អម្ចាស់ជីវិតលើត្បូង និងហ្លួងយាយជាដើម។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា ចំណងមិត្តភាពនេះ កំពុង​បន្ត​រីក​ចម្រើន​កាន់​តែរឹ​ង​មាំឥតឈប់ឈរនៅគ្រប់កម្រិតនិងគ្រប់វិស័យ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង​ជា​មិត្ត​ដែកថែបដ៏រឹងមាំ រួមគ្នាជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់​រដូវ​កាល​ក្នុង​យុគ​សម័យ​ថ្មី ដែលផ្តល់ផលជាផ្លែផ្កាជាក់ស្តែង និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ សម្រាប់​ប្រទេស និងប្រជាជនយើងទាំងពីរ ដែលបានបង្ហាញតាមរយៈសមិទ្ធផលថ្មីៗ រួមមាន ស្ពាន​មិត្ត​ភាព​ក​ម្ពុជា-ចិន មេគង្គក្រចេះ, ពហុកីឡដ្ឋានមរតកតេជោ, ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, ផ្លូវ​​ក្រវាត់ក្រុងទី៣, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, ផ្លូវជាតិលេខ១០ និងនាពេល​ថ្មី​ៗ​គម្រោង​វារីអគ្គិសនីបូមទឹកស្តុកទុក ស្ទឹងតាតៃលើ ខេត្តកោះកុង ក្នុងចំណោម​សមិទ្ធ​ផល​ជា​ច្រើន​ទៀត​៕ អត្ថបទ៖ បាន ចក់

លោក Trump ត្រូវបានរាយការណ៍ថានឹងអញ្ជើញលោក Putin ចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុង Miami

04/24/2026 08:04 AM        85
ក្រុមមន្ត្រីរដ្ឋបាលអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍២៣មេសាសប្ដាហ៍នេះថា សហរដ្ឋអាមេរិកមានបំណងអញ្ជើញប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទៅកាន់កិច្ចប្រជុំកំពូលនៃក្រុមមេដឹកនាំប្រទេសមានសេដ្ឋកិច្ចលូតលាស់ទាំង២០ (G20) ដែលគ្រោងធ្វើនៅខែធ្នូ នៅឯរមណីយដ្ឋានវាយកូនហ្គោល Doral របស់ប្រធានាធិបតី Donald Trump ក្នុងទីក្រុង Miami ទោះបីជាការអញ្ជើញមិនទាន់ត្រូវបានផ្ញើក៏ដោយ ។ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសបាននិយាយថាលោកTrumpបានបញ្ជាក់យ៉ាងច្បាស់ថា រុស្ស៊ីត្រូវបានស្វាគមន៍ក្នុងការចូលរួមកិច្ចប្រជុំ G-20 ទាំងអស់ ខណៈអាមេរិកផ្តោតលើការផ្តល់ឲ្យកិច្ចប្រជុំកំពូលដ៏ជោគជ័យ និងមានផ្លែផ្កា។   មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះទៅកាន់សន្និសីទសារព័ត៌មានថា មិនទាន់មានការអញ្ជើញជាផ្លូវការណាមួយត្រូវបានចេញនៅពេលនេះទេ ប៉ុន្តែរុស្ស៊ីគឺជាសមាជិក G-20 ហើយនឹងត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី និងកិច្ចប្រជុំកំពូលរបស់មេដឹកនាំ។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅការិយាល័យ Oval កាលពីថ្ងៃព្រហស្បតិ៍ លោក Trump បាននិយាយថា លោកមិនបានដឹងអំពីការអញ្ជើញលោក Putin ទេ ប៉ុន្តែលោកនឹងមិនជំទាស់ទេ។លោកប្រធានាធិបតីបាននិយាយថា ប្រសិនបើមេដឹកនាំរុស្ស៊ីមក វាប្រហែលជាមានប្រយោជន៍ខ្លាំងណាស់ ដោយបន្ថែមថា ។ទោះជាយ៉ាងណាក៏ដោយ លោកបាននិយាយថា លោកគិតថាលោក Putin នឹងចូលរួមប្រសិនបើត្រូវបានអញ្ជើញ។កិច្ចប្រជុំកំពូល G-20 គឺជាវេទិកាអន្តររដ្ឋាភិបាលមួយដែលរួមមានតំណាងនៃប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតចំនួន១៩នៅលើពិភពលោក បូករួមទាំងសហភាពអឺរ៉ុប និងសហភាពអាហ្វ្រិក។ កិច្ចប្រជុំកំពូលដែលធ្វើឡើងជារៀងរាល់ឆ្នាំ គឺជាឱកាសមួយសម្រាប់មេដឹកនាំពិភពលោកពិភាក្សាអំពីបញ្ហាសកលដែលកំពុងកើតមាន។ប្រទេសរុស្ស៊ីបានខកខានការចូលរួមដោយផ្ទាល់ចាប់តាំងពីឆ្នាំ២០១៩ ដំបូងឡើយដោយសារតែជំងឺរាតត្បាតសកលCOVID-19 និងក្រោយមកដោយសារតែការវាយលុករបស់ខ្លួនលើអ៊ុយក្រែនក្នុងឆ្នាំ២០២២ និងដីកាចាប់ខ្លួនលោក Putin ជាបន្តបន្ទាប់ដែលត្រូវបានចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ លោក Putin ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមទាក់ទងនឹងសង្គ្រាមអ៊ុយក្រែន៕

លោកTrump៖ លីបង់និងអ៊ីស្រាអែល ព្រមព្រៀងបន្ថែមពេលបទឈប់បាញ់អ៊ីស្រាអែល-ហេសបូឡា រយៈពេល៣សប្តាហ៍

04/24/2026 08:04 AM        101
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា អ៊ីស្រាអែល និងលីបង់ បានព្រមព្រៀងបន្ថែមពេលបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា រយៈពេលបីសប្តាហ៍ទៀត បន្ទាប់ពីការចរចានៅឯសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ ទី ២៣ ខែមេសា។ លោក Trump បាននិយាយថា កិច្ចប្រជុំរវាងឯកអគ្គរដ្ឋទូតអ៊ីស្រាអែល និងលីបង់ប្រចាំសហរដ្ឋអាមេរិក បានដំណើរការទៅ «យ៉ាងល្អ»។ កិច្ចប្រជុំនេះ គឺជាការចរចាកម្រិតខ្ពស់លើកទីពីរ រវាងប្រទេសទាំងពីរ ចាប់តាំងពីសប្តាហ៍មុន។បទឈប់បាញ់ដំបូងរយៈពេល ១០ ថ្ងៃ ដែលបានចូលជាធរមានកាលពីថ្ងៃសុក្រសប្តាហ៍មុន នឹងផុតកំណត់នៅថ្ងៃចន្ទខាងមុខនេះ។ លោក Trump បាននិយាយនៅក្នុងសារមួយលើបណ្តាញសង្គមថា «សហរដ្ឋអាមេរិកនឹងធ្វើការជាមួយប្រទេសលីបង់ ដើម្បីជួយប្រទេសនេះការពារខ្លួនពីក្រុមហេសបូឡា»។លោកបាននិយាយបន្ថែមថា លោកទន្ទឹងរង់ចាំជួបផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងប្រធានាធិបតីលីបង់ លោក Joseph Aoun «ក្នុងពេលឆាប់ៗនេះ»។ លោក Trump បានស្វាគមន៍ឯកអគ្គរដ្ឋទូតលីបង់ប្រចាំសហរដ្ឋអាមេរិក លោកស្រី Nada Hamadeh Moawad និងសមភាគីអ៊ីស្រាអែល លោក Yechiel Leiter នៅពេលពួកគេបានទៅដល់។បន្ថែមលើលោក Trump សហរដ្ឋអាមេរិកក៏ត្រូវបានតំណាងដោយអនុប្រធានាធិបតី លោក JD Vance និងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ហៅការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះសំណើអាមេរិកក្នុងការបញ្ចប់សង្គ្រាមថាមិនអាចទទួលយកបានទាំងស្រុង ​
05/11/2026 08:05 AM
ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
05/10/2026 05:05 PM
ប្រាក់ចំណេញត្រីមាសទី១របស់ក្រុមហ៊ុនផលិតប្រេង​​​ Saudi Aramco កើនឡើង២៥% ខណៈមានវិបត្តិច្រកសមុទ្រ​ Hormuz
05/10/2026 03:05 PM
មេដឹកនាំ​កូរ៉េខាងជើង​ លោក Kim Jong-un សន្យាយក​ទំនាក់ទំនងជាមួយរុស្ស៊ីជាអាទិភាពកំពូល
05/10/2026 03:05 PM
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
05/10/2026 03:05 PM
ចិន ជំរុញ​ឲ្យ​ជប៉ុន និង​ហ្វីលីពីន ​បញ្ឈប់​ការ​ប្រឈមមុខ​ដាក់គ្នា​ ​
05/10/2026 03:05 PM
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
05/10/2026 03:05 PM
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
05/10/2026 02:05 PM
អតីតសកម្មជនគណបក្សប្រឆាំង ៦៧នាក់ នៅស្រុកស្អាង ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា
05/10/2026 02:05 PM
ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​ប៉ាគីស្ថាន​ បាន​សម្លាប់​នគរបាល​​ជាង១០​នាក់ និង​មួយចំនួន​រងរបួស​
05/10/2026 02:05 PM