ស្វែងរក

ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង

05/27/2026 07:05 PM        313
អ្នកនាំពាក្យសាលាដំបូងខេត្តកំពត បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកំពតបានបើកសវនាការជំនុំជម្រះលើសំណុំរឿង ព្រហ្មទណ្ឌលេខ ៦០០-រ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ដែលមានជនជាប់ចោទឈ្មោះ JIN TIAN LONG ជនជាតិចិន, ឈ្មោះ YIN SONG WAN ជនជាតិចិន, ឈ្មោះ LI GUANG HAO ជនជាតិចិន, ឈ្មោះ LI XING PENG ជនជាតិចិន, ឈ្មោះ LIU HAOXING ជនជាតិចិន និងឈ្មោះ ZHU RENZHE ជនជាតិចិន ពីបទ ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ និង ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង ប្រព្រឹត្ត នៅចំណុចអាគារលេខ ១៧៣ តំបន់៣ (បុរីក្រោន) ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត កាលពី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២០៥, មាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុចទី៥ នៃក្រមព្រហ្មទណ្ឌ ។ក្រោយពីការធ្វើកិច្ចពិភាក្សាដេញដោលលើជនជាប់ចោទ ភាគីពាក់ព័ន្ធ និងបានពិនិត្យភស្តុតាង អង្គហេតុ និង អង្គច្បាប់រួចមក ឃើញថាមានភស្តុតាង និងពិរុទ្ធភាពគ្រប់គ្រាន់លើជនជាប់ចោទទាំង ៦ នាក់ខាងលើ ។ ហេតុដូច្នេះ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកំពត បានប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌលេខ: ២៨១ (គ) ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ដោយបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទដូចខាងក្រោម៖១. ឈ្មោះ LI XING PENG ហៅ YOU FU ភេទប្រុស កើតថ្ងៃទី៥ ខែមករា ឆ្នាំ១៩៩១ ជនជាតិចិន២.ឈ្មោះ LIU HAOXING ហៅ TA THOV ភេទប្រុស កើតថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៩៦ ជនជាតិចិន៣.ឈ្មោះ ZHU RENZHE ហៅ ជាតិ ភេទប្រុស កើតថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៨២ ជនជាតិចិន៤.ឈ្មោះ YIN SONG WAN ភេទប្រុស កើតថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៧២ ជនជាតិចិន៥. ឈ្មោះ JIN TIAN LONG TÌ KIM CHEOL LYEONG ភេទប្រុស កើតថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៨១ ជនជាតិចិន៦. ឈ្មោះ LI GUANG HAO ហៅ XIAO PIAO ភេទប្រុស កើតថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៩១ ជនជាតិចិន ដាក់ពន្ធនាគារកំណត់ក្នុងម្នាក់ៗ អស់មួយជីវិត ពីបទ ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ និង ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង ប្រព្រឹត្តនៅចំណុចអាគារលេខ១៧៣ តំបន់៣ (បុរីក្រោន) ស្ថិត នៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែល មានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២០៥, មាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុចទី៥ នៃក្រមព្រហ្មទណ្ឌ ព្រមទាំងសម្រេចរឹបអូសវត្ថុដែលចាប់យកពាក់ព័ន្ធបទល្មើសខាងលើផងដែរ។

ស្នងការរាជធានីភ្នំពេញណែនាំឲ្យអធិការខណ្ឌទាំង១៤ ស្រាវជ្រាវតាមដាន គ្រប់គ្រងជនបរទេស និង បោសសម្អាត Online Scams ដែលលួចលាក់នៅតាមមូលដ្ឋាន

05/27/2026 07:05 PM        123
ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃ សភាពការណ៍បទល្មើស និងលទ្ធផលកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស ប្រចាំឆមាសទី១ឆ្នាំ២០២៦ និងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ជូនមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលជាតិ។កិច្ចប្រជុំមានការចូលរួមពីលោក-លោកស្រី ស្នងការរង លោកអនុប្រធានផែនការងារ លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្រ្តីនគរបាលពាក់ព័ន្ធមួយចំនួនផងដែរ។ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងណែនាំឲ្យមានការគ្រប់គ្រងនិងពង្រឹងការត្រួតពិនិត្យកម្លាំង នៅតាមអង្គភាពនីមួយៗឲ្យបានម៉ឺងម៉ាត់ និងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់។ ណែនាំលអធិការនគរបាលខណ្ឌទាំង១៤ បន្តយកចិត្តទុកដាក់រៀបចំផែនការនិងទិសដៅ សហការជាមួយរដ្ឋបាលខណ្ឌក្នុងការចុះត្រួតពិនិត្យកន្លែងធ្វើការនិងស្នាក់នៅ ប្រមូលផ្តុំរបស់ជនបរទេសខុសច្បាប់ ដែលលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ណែនាំបន្តបង្ការបង្រ្កាបក្មេងទំនើង និងស្រាវជ្រាវតាមជំនាញបង្រ្កាបមុខសញ្ញាដែលកំពុងគេចខ្លួន និងមុខសញ្ញាក្រុមក្មេងទំនើបទើបកើតថ្មី។ណែនាំបន្តយកចិត្តទុកដាក់ ថែទាំគ្រប់គ្រងប៉ុស្តិ៍នគរបាលរដ្ឋបាលឲ្យបានល្អ និងធ្វើរបាយការណ៍អំពីប៉ុស្តិ៍ដែលទ្រុឌទ្រោម។ ណែនាំបន្តចុះល្បាតត្រួតពិនិត្យដើម្បីបង្ការបង្រ្កាបបទល្មើសគ្រប់ប្រភេទ (ជាពិសេស ស្រាវជ្រាវតាមដាន ក្នុងមូលដ្ឋាន គ្រប់គ្រងជនបរទេស និង បោសសម្អាត OnLine Scams ដែលលួចលាក់នៅតាមមូលដ្ឋានដោយភាពទទួលខុសត្រូវខ្ពស់បំផុត បើមិនធ្វើឫគប់គិត និងទទួលខុសត្រូវចំពោះ មុខច្បាប់ ជាដាច៎ខាត)។ណែនាំឲ្យមានការយកចិត្តទុកដាក់ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅតាមគោលដៅដែលមានបញ្ហាប្រឈកកស្ទះផងដែរ៕

រដ្ឋមន្រ្តីការសេដ្ឋកិច្ចអាល្លឺម៉ង់អំពាវនាវឲ្យមានទំនាក់ទំនងប្រកបដោយតុល្យភាព អំឡុងទស្សនកិច្ចនៅចិន

05/27/2026 07:05 PM        37
រដ្ឋមន្រ្តីសេដ្ឋកិច្ចអាល្លឺម៉ង់លោកស្រី Katherina Reiche និយាយនៅថ្ងៃពុធនេះ ក្នុងទីក្រុងប៉េកាំង ថា ទំនាក់ទំនងសេដ្ឋកិច្ចសម័យទំនើប ត្រូវការទាំងកិច្ចសហប្រតិបត្តិការ និងការប្រកួតប្រជែង ។ អំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រីទៅកាន់ប្រទេសចិន លោកស្រី Reiche និយាយថា ការប្រកួតប្រជែងនឹងធ្វើឲ្យពួកយើងកាន់តែខ្លាំង កិច្ចសហប្រតិបត្តិការបង្កើតស្ថិរភាព ហើយនវានុវត្តន៍បង្កើតវឌ្ឍនភាពចែករំលែក ។ លោកស្រីបានធ្វើការសង្កត់ធ្ងន់ថា អាល្លឺម៉ង់កំពុងស្វែងកិច្ចសន្ទនាជាមួយចិន ពីព្រោះថា ស្ថានភាពប្រកួតប្រជែងដោយយុត្តិធម៌ត្រឹមត្រូវ ត្រូវការជាចាំបាច់ ។ លោកស្រី Reiche បានកោតសរសើរផងដែរដល់បច្ចេកវិត្យាឧស្សាហកម្ម និងនវានុវត្តន៍របស់ចិន ។ លោកស្រីថា អាល្លឺម៉ង់ និងចិនត្រូវបានតភ្ជាប់ដោយទំនាក់ទំនងមួយក្នុងចំណោមទំនាក់ទំនងសេដ្ឋកិច្ចដ៏សំខាន់បំផុតនៅលើពិភពលោក ។ ជាមួយទំហំពាណិជ្ជកម្មប្រហែល ២៩១ពាន់លានដុល្លារ អាល្លឺម៉ង់ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតម្តងទៀតរបស់ចិន លើផ្នែកទំនិញ ក្នុងឆ្នាំ ២០២៥ ហើយបច្ចុប្បន្នក្រុមហ៊ុនអាល្លឺម៉ង់ប្រហែល ៥ពាន់ក្រុមហ៊ុន កំពុងប្រតិបត្តិការនៅក្នុងប្រទេសចិន ៕

ឡាតវីពង្រឹងប្រព័ន្ធការពារប្រឆាំងយានដ្រូននៅតាមព្រំដែនរុស្ស៊ី និងបេឡារុស

05/27/2026 07:05 PM        33
មន្រ្តីកងទ័ពមួយរូបនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ឡាតវី កំពុងបង្កើនប្រព័ន្ធការពារប្រឆាំងយានដ្រូននៅតាមព្រំដែនជាមួយរុស្ស៊ី ហើយនិងសម្ព័ន្ធមិត្តទីក្រុងមូស្គូ គឺប្រទេសបេឡារុស ជាការឆ្លើយតបនឹងយានដ្រូនដែលហោះចូលប្រទេសសមាជិកអង្គការណាតូមួយនេះ ។ យានដ្រូនអ៊ុយក្រែន បានហោះវង្វេងផ្លូវចូលទៅក្នុងដែនអាកាសរបស់បណ្តាប្រទេសតំបន់បាល់ទិករបស់អង្គការណាតូ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ជាហេតុសាបព្រួសការភ័ណ្ឌភាំង និងបង្កើនភាពតានតឹងជាមួយរុស្ស៊ី ចំពេលដែលការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសន្តិសុខសមូហភាពអង្គការណាតូ ស្ថិតក្នុងភាពស្រពិចស្រពិល ។ អ៊ុយក្រែនដែលមានគោលដៅលើកំពង់ផែស្តុកប្រេងតំបន់បាល់ទិករបស់រុស្ស៊ី បាននិយាយថា រុស្ស៊ីបានធ្វើឲ្យស្ទះសញ្ញាយានដ្រូនរបស់ពួកគេ បណ្តាលឲ្យយានដ្រូនទាំងនោះ ហោះវង្វេងផ្លូវបែបនេះ ។ លោក Modris Kairiss គឺជាប្រធានមជ្ឈមណ្ឌលសមត្ថភាពប្រព័ន្ធស្វយ័តកងទ័ពឡាតវីនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកយើងមានគម្រោងដាក់ពង្រាយក្រុមយានដ្រូនបាញ់ស្កាត់នៅរយៈពេល ២សប្តាហ៍ក្រោយ ។ លោកបន្តថា ក្រុមយានដ្រូននេះ មានទាហាន ៤នាក់ ដែលប្រតិបត្តិការយានដ្រូនពិឃាតចេញពីរថយន្ត និងមានសមត្ថភាពបំផ្លាញយានដ្រូនយោធាហោះចូលមកនៅចម្ងាយ ១០គ.ម ។ ក្រុមយានដ្រូនបែបនេះជាច្រើន នឹងត្រូវដាក់ពង្រាយនៅតាមបណ្តោយព្រំដែនចម្ងាយ ៤០០គ.មជាមួយរុស្ស៊ី និងសម្ព័ន្ធមិត្តបេឡារុស ៕

ជនមូស្លីមឥណ្ឌា បួងសួងសុំឲ្យមានការការបង្រួបបង្រួម និងសនិ្តភាពនៅក្នុងពិធីបុណ្យ Eid

05/27/2026 07:05 PM        28
ជនមូស្លីមនៅទូទាំងប្រទេសឥណ្ឌា បានជួបជុំគ្នាទ្រង់ទ្រាយធំនាថ្ងៃពុធនេះ ដើម្បីបួងសួងនៅតាមព្រះវិហារ ក្នុងឱកាសពិធីបុណ្យ Eid ក្នុងនោះក្រុមអ្នកគោរពបូជាជាច្រើន បានប្រើប្រាស់ពិធីបុណ្យនេះ ដើម្បីសុំសន្តិភាព ការបង្រួបបង្រួមជាតិ និងវិបុលភាព ស្របពេលកើតមានភាពពុំច្បាស់លាស់ភូមិសាស្រ្តនយោបាយកើនឡើង ។ ពិធីបុណ្យ Eid al-Adha ដែលស្ថិតក្នុងចំណោមពិធីបុណ្យសំខាន់ចំនួន ២របស់សាសនាអ៊ិស្លាមនោះ ត្រូវបានសម្គាល់ថា ជាចំណុចកំពូលនៃពិធីធម្មយាត្រាប្រចាំឆ្នាំហាជិ ពេលដែលជនមូស្លីមសម្លាប់សត្វ ដើម្បីរំឭកដល់ការតាំងចិត្តរបស់ព្យាការី Abraham ដែលបានពលីជីវិតកូនប្រុសរបស់ខ្លួនតាមការបញ្ជារបស់ព្រះ ហើយសាច់សត្វដែលបានសម្លាប់ទំាងនេះ ត្រូវបានចែកជូនដល់អ្នកក្រីក្រ ។ អ្នកគោរពបូជាមួយរូបនិយាយថា នៅថ្ងៃបុណ្យ Eid ពួកយើងបួងសួងដល់អ្នករាល់គ្នា មិនថា ហិណ្ឌូ មូស្លីម ស៊ីក និងគ្រិស្តនោះទេ ព្រះនឹងការពារពួកគេ ហើយនិងធ្វើឲ្យពួកគេជោគជ័យទាំងអស់គ្នា ។ ខណៈពេលនោះដែរ ក្រុមអ្នកគោរពបូជានៅទីក្រុង Srinagar ស្ថិតក្នុងដែនដីសហព័ន្ធចាមមូ និងកាស្មៀ បានជួបជុំគ្នានៅលើទីលានដ៏ធំមួយ ពេលដែលបុព្វជិកដឹកនាំពីធីបួងសួង ។ ក្រោយពីពិធីបួងសួងចប់ ក្រុមអ្នកគោរពបូជាទាំងនេះ បានស្វាគមន៍គ្នា និងឱបគ្នា តាមទំនៀមទម្លាប់ប្រពៃណីរបស់ពួកគេ ៕

ពលរដ្ឋហ្កាហ្សា ចូលរួមពិធីបួងសួង និងធ្វើដំណើរទៅកាន់ទីស្មាសាននៅថ្ងៃដំបូងនៃពិធីបុណ្យ Eid

05/27/2026 07:05 PM        18
នៅថ្ងៃពុធនេះ ជនប៉ាឡេស្ទីននៅទីក្រុងហ្កាហ្សា បានចូលរួមការបួងសួងក្នុងពិធីបុណ្យ Eid al-Adha ហើយជនមូស្លីមមួយចំនួនទៀត បានធ្វើដំណើរទៅកាន់ផ្នូរមនុស្សជាទីស្រលាញ់របស់ពួកគេ ។ ជនមូស្លីមប្រារព្ធពិធីបុណ្យ Eid al-Adha ដោយពួកគេចូលរួមពិធីបួងសួងនៅពេលព្រឹក ជួបជុំគ្នាជាមួយមិត្តភ័ក្តិ និងបូជាសត្វ ដើម្បីរំឭកដល់ការតាំងចិត្តរបស់ព្យាការី Abraham ដែលបានពលីជីវិតកូនប្រុសរបស់ខ្លួនតាមការបញ្ជារបស់ព្រះ ហើយសាច់សត្វដែលបានសម្លាប់ទំាងនេះ ត្រូវបានចែកជូនដល់អ្នកក្រីក្រ ។ គួរឲ្យដឹងថា ជនមូស្លីមប្រហែល ៩០០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន ។ ចំណែកឯទាហានអ៊ីស្រាអែល ៤នាក់ ត្រូវបានសម្លាប់ដោយក្រុមជីវពលហាម៉ាស អំឡុងពេលតែមួយ ។ លោក Loai Al-Qaryouti គឺជាអ្នកធ្វើសក្ការបូជាមួយរូបនៅទីក្រុងហ្កាហ្សា និយាយថា ពួកយើងរៀបចំពិធីបុណ្យតាមប្រពៃណី Eid al-Adha បើទោះបីជាពួកយើងនៅក្លាយជាគោលដៅវាយប្រហាររបស់សត្រូវហ្សាអឺនយ៉ាងក៏ដោយ ។ លោកបន្តថា កាលពីថ្ងៃម្សិលមិញ មាននូវការវាយប្រហារ ឃាតកម្ម ការសម្លាប់រង្គាល និងអំពើភេរវកម្មពីសត្រូវហ្សាអឺនអ៊ីស្រាអែល ប៉ុន្តែពួកយើងនៅតែបន្តបា្ររព្ធពិធីបុណ្យតាមប្រពៃណីរបស់ពួកយើងដដែល ។ ពួកយើងរស់នៅ និងប្រតិបត្តិតាមបញ្ញត្តិរបស់ព្យាការី សន្តិភាព និងពរជ័យសូមកើតមានដល់គាត់ រីករាយថ្ងៃបុណ្យ Eid បើទោះបីជាពួកយើងជួបការលំបាកក៏ដោយ ៕

ក្រុមហ៊ុន Nvidia នឹងចំណាយប្រាក់ ១៥០ពាន់លានដុល្លារក្នុងមួយឆ្នាំនៅកោះតៃវ៉ាន់ដែលជាចំណុចកណ្តាលនៃបដិវត្តន៍ AI

05/27/2026 07:05 PM        14
ប្រធានប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang និយាយនៅថ្ងៃពុធនេះ ក្រុមហ៊ុនបន្ទះឈីបរបស់លោក មានគម្រោងវិនិយោគប្រាក់ប្រហែល ១៥០ពាន់លានដុល្លារក្នុង ១ឆ្នាំ នៅកោះតៃវ៉ាន់ ដែលលោកចាត់ទុកថា ជាចំណុកណ្តាលនៃបដិវត្តន៍ AI និងជាមជ្ឈមណ្ឌលផលិតបច្ចេកវិទ្យាអនាគតរបស់ពិភពលោក សម្រាប់រយៈពេលយូរអង្វែង ។ ក្នុងពិធីដាក់ចេញគម្រោងនៅទីក្រុងតៃប៉ិ សម្រាប់ទីស្នាក់ការកណ្តាលតាមការគ្រោងទុករបស់ក្រុមហ៊ុនផលិតបន្ទះឈីបតម្លៃ ៥ សែនកោដិលានដុល្លារនេះ លោក Huang និយាយថា កាលពីរយៈពេល ៤ឆ្នាំមុន រយៈពេល ៥ឆ្នាំមុន ក្រុមហ៊ុន Nvidia ចំណាយថវិកាប្រហែល ១០-១៥ពាន់លានដុល្លារប៉ុណ្ណោះ ក្នុង ១ឆ្នាំ នៅកោះតៃវ៉ាន់ ។ បច្ចុប្បន្ន ពួកយើងនឹងចំណាយ ១០០ពាន់លានដុល្លារ ឡើងដល់ ១៥០ពាន់លានដុល្លារ នៅកោះតៃវ៉ាន់ ក្នុង ១ឆ្នាំៗ ។ លោក Huang និយាយថា គម្រោងនេះនឹងបញ្ចុះបឋមសិលាក្នុងឆ្នាំនេះ និងមានបំណងប្រតិបត្តិការនៅឆ្នាំ ២០៣០ ។ ទោះបីជាយ៉ាងណាក៏ដោយ លោកពុំបានផ្តល់ពេលវេលាកំណត់រយៈពេលប៉ុន្មានឆ្នាំ ដែលក្រុមហ៊ុនគ្រោងនឹងវិនិយោគថវិកា ១៥០ពាន់លានដុល្លារនោះឡើយ ។ ទីស្នាក់ការកណ្តាលនៅកោះតៃវ៉ាន់នេះដែរ នឹងធ្វើឲ្យក្រុមហ៊ុន Nvidia តាមកាន់តែប្រកិតជាមួយក្រុមហ៊ុន TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតរបស់ពិភពលោក ។ វានឹងជួយផងដែរឲ្យក្រុមហ៊ុនមានតម្លៃបំផុតរបស់ពិភពលោកមួយនេះ ជំរុញសម្ព័ន្ធភាពជាមួយដៃគូផលិតជាច្រើនទៀត រួមទាំងក្រុមហ៊ុន Foxconn, Wistron និងក្រុមហ៊ុន Quanta Computer ៕

ក្រុមអាជ្ញាធរព្រមានថា សឺទែនផ្ទុកសារធាតុគីមីបែកក្នុងទីក្រុងវ៉ាស៊ីនតោន នៅតែគ្មានស្ថិរភាព

05/27/2026 07:05 PM        29
ក្រុមអាជ្ញាធរនិយាយថា សឺទែនស្តុកសារធាតុគីមីដែលបានផ្ទុះ និងបែកនៅរោងចក្រ Nippon Dynawave Packaging ស្ថិតក្នុងរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារដែលបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងមនុស្ស ៩នាក់ផ្សេងទៀត រងរបួស នៅតែគ្មានស្ថិរភាពនោះទេ ។ លោក Scott Goldstein គឺជាប្រធានក្រុមជួយសង្រ្គោះ និងពន្លត់អគ្គិភ័យ Cowlitz 2 និយាយនៅក្នុងសន្និសីទសារព័ត៌មានថា សឺទែនមួយនេះ មានស្តុកសា្រ.ស ដែលជាសូលុយស្យុងគីមីនៃសារធាតុសូដ្យូមអ៊ីដ្រូស៊ីត និងសូដ្យូមស៊ុលហ្វីត ប្រើប្រាស់សម្រាប់ផលិតក្រដាស បានបែកកាលពីវេលាម៉ោង ៧ និង ១៥នាទីព្រឹក ម៉ោងក្នុងស្រុក ថ្ងៃអង្គារ ។ លោក Goldstein បន្តថា ស្របពេលកាលពីដំបូងគេជឿថា សឺទែនមានផ្ទុកស្រាសចំណុះ ៨ម៉ឺនហ្គាឡុងនោះ សឺទែនមួយនេះមានសា្រស រហូតដល់ជិត ៩០ម៉ឺនហ្គាឡុងឯណោះ ក្នុងនោះវត្ថុធាតុប្រហែល ៩ម៉ឺនហ្គាឡុង នៅមាននៅក្នុងសឺទែនខូចខាត ។ ការងារស្តារឡើងវិញ បានចាប់ផ្តើមនៅថ្ងៃពុធនេះ នៅទីតាំងរោងចក្រ ស្ថិតក្នុងទីក្រុង Longview មានចម្ងាយប្រហែល ៧២គ.ម ភាគខាងជើងទីក្រុង Portland ។ ចំណែកឯលោក Matt Amos គឺជាប្រធានកងវរសេនាធំនៃនាយកដ្ឋានពន្លត់អគ្គីភ័យក្រុង Longview និយាយថា អ្នករងរបួស ដែលមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ រួមទាំងកម្មករ ៨នាក់ និងភ្នាក់ងារពន្លត់អគ្គិភ័យម្នាក់ ពុំទាន់រួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតនៅឡើយនោះទេ ៕

[UPDATE] មនុស្ស ៥នាក់ ក្នុងចំណោម ៧នាក់ដែលជាប់ក្នុងរូងភ្នំ នៅ​ឡាវ ត្រូវបានរកឃើញនៅមានជីវិត

05/27/2026 06:05 PM        62
ក្រុម​អ្នកជួយសង្គ្រោះ បានឲ្យ​ដឹង​ថា មនុស្ស ៥នាក់ ក្នុងចំណោម ៧នាក់ដែលជាប់នៅក្នុងរូងភ្នំលិចទឹករយៈពេល ១សប្តាហ៍ នៅក្នុងប្រទេសឡាវ ត្រូវបានរកឃើញនៅរស់រានមានជីវិត នា​ថ្ងៃពុធ (ទី២៧ ខែឧសភា ឆ្នាំ២០២៦) នេះ។តាម​រយៈ​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម ក្រុមជួយសង្គ្រោះឡាវឈ្មោះ​ Rescue Volunteer for People បានឲ្យ​ដឹងថា៖ «យើងបានរកឃើញមនុស្សប្រាំនាក់នៅរស់រានមានជីវិត ហើយមានសុវត្ថិភាពទាំងអស់។ នៅតែមានមនុស្ស ២នាក់ដែលយើងកំពុងស្វែងរក»។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Lao Economic Daily ក៏បានរាយការណ៍​​ផងដែរថា មនុស្ស ៥នាក់ត្រូវបានរកឃើញថា នៅរស់រានមានជីវិត។គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋឡាវ បានរាយការណ៍​នៅសប្តាហ៍នេះថា អ្នកភូមិជនជាតិ​ឡាវទាំង ៧នាក់នោះ បានចូលទៅក្នុងរូងភ្នំ នៅក្នុង​ខេត្ត Xaysomboun ភាគកណ្តាល ចម្ងាយប្រហែល ១២៥គីឡូម៉ែត្រ នៅ​ភាគឦសាននៃរដ្ឋធានីវៀងចន្ទន៍ កាល​ពី​ថ្ងៃទី២០​ ខែឧសភា។ ពួកគេកំពុងស្វែងរកមាស ប៉ុន្តែផ្ទុយទៅវិញ បានជាប់នៅក្នុងរូងភ្នំនោះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យ​មានទឹកជំនន់គំហុក​ភ្លាមៗ ដែលនាំ​ឲ្យ​​ច្រកចេញត្រូវ​បិទជិត​។នៅមុន​នេះ ក្រុម​អ្នកជួយសង្គ្រោះនៅកន្លែងកើតហេតុ បានរៀបរាប់ អំពីសណ្ឋាន​ដី​ភ្នំ​ដ៏លំបាក និងភ្លៀងធ្លាក់ខ្លាំងដែលក្លាយ​ជា​ឧបសគ្គ​ដល់​ប្រតិបត្តិការនេះ៕

ក្រុមហេសបូឡា ប្រាប់​​ថា បានប្រយុទ្ធ​ជាមួយកងទ័ពអ៊ីស្រាអែលនៅភាគខាងជើងទន្លេ Litani របស់លីបង់

05/27/2026 06:05 PM        60
ក្រុមហេសបូឡាបានប្រាប់​ឲ្យ​ដឹង​ថា យុទ្ធជនរបស់ខ្លួន បានប្រយុទ្ធ​ជាមួយកងកម្លាំងអ៊ីស្រាអែល ក្នុងទីក្រុងមួយ នៅភាគខាងជើងទន្លេ Litani នា​ថ្ងៃពុធ (ទី២៧ ខែឧសភា ឆ្នាំ២០២៦) នេះ​ ពោល​គឺ​មួយថ្ងៃបន្ទាប់ពីយោធាអ៊ីស្រាអែល បានបញ្ជាក់​ថា ខ្លួនកំពុងពង្រីកប្រតិបត្តិការផ្លូវ​គោក​​របស់ខ្លួន។អាជ្ញាធរលីបង់ បានឲ្យ​ដឹង​ថា អ៊ីស្រាអែលបានបង្កើនវិសាលភាពនៃការវាយប្រហាររបស់ខ្លួន នៅភាគខាងត្បូង និងភាគ​ខាងកើតរបស់​លីបង់ កាល​ពី​ថ្ងៃអង្គារ ទោះបីជាមានបទឈប់បាញ់ក៏ដោយ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣ នាក់ ខណៈក្រុមហេសបូឡាហ៍ក៏បានបន្តការវាយប្រហាររបស់ខ្លួនផងដែរ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃពុធនេះ ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់មួយ​នេះ បានឲ្យ​ដឹង​ថា យុទ្ធជនរបស់ខ្លួន «បានប្រយុទ្ធ​ជាមួយកងកម្លាំងសត្រូវ នៅចម្ងាយយ៉ាងកៀក​គ្នា» ដោយ​អាវុធធុន​ស្រាល និងមធ្យម នៅក្នុងទីក្រុង Zawtar al-Sharqiyah នៅជ្រុង​នៃអ្វី​ដែល​ត្រូវ​បាន​ប្រកាស​ដោយអ៊ីស្រាអែល​ថា «ខ្សែបន្ទាត់ពណ៌លឿង» នៅភាគខាងត្បូងប្រទេសលីបង់ ជាកន្លែងដែលកងទ័ពរបស់​ខ្លួន​ កំពុងធ្វើប្រតិបត្តិការ។ចាប់តាំងពីព្រឹកថ្ងៃអង្គារមក ក្រុមនេះបានឲ្យ​ដឹង​ថា យុទ្ធជនរបស់ខ្លួន បានប្រឈមជាមួយ​កងទ័ពអ៊ីស្រាអែលដែលចូលទៅក្នុងទីក្រុងនេះ​ ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រដោយសារតែវានៅជិតទីក្រុងភាគខាងត្បូងដ៏សំខាន់ គឺ Nabatieh ដែលមានចម្ងាយត្រឹមតែ ៦គីឡូម៉ែត្រប៉ុណ្ណោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្រឹកនេះ ដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សម្រាប់ក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើវិញ្ញាសាសួរផ្ទាល់មាត់ ចាប់ផ្តើម
06/14/2026 10:06 AM
កម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក ដែលមានការចូលរួមជាង១០០ប្រទេស
06/14/2026 10:06 AM
លោក Trumpថា កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់នឹងចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ
06/14/2026 10:06 AM
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
06/14/2026 10:06 AM
ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទួលសាលា ប្រាប់ក្រុមការងារបន្តចុះឱ្យដល់ខ្នងផ្ទះដើម្បីស្តាប់ពីតម្រូវការពលរដ្ឋ និងដោះស្រាយ
06/14/2026 09:06 AM
អាជ្ញាធររាជធានីភ្នំពេញបន្តត្រួតពិនិត្យតាមទីតាំងប្រមូលផ្ដុំក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើស
06/14/2026 09:06 AM
កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM