ស្វែងរក

ជនមូស្លីមនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងប្រារព្ធថ្ងៃដំបូងនៃពិធីបុណ្យ Eid

05/27/2026 08:05 PM        26
នៅថ្ងៃពុធនេះ ជនមូស្លីមនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងតំបន់អាហ្វ្រិកខាងជើង បានប្រារព្ធថ្ងៃដំបូងនៃពិធីបុណ្យ Eid al-Adha ។នៅទីក្រុងហ្សេរុយសាឡឹមរបស់ប្រទេសអ៊ីស្រាអែល ប្រទេសអេហ្ស៊ីប ស៊ីរី លីប៊ី និងអ៊ីរ៉ាក់ ជនមូស្លីម បាននាំគ្នាធ្វើពិធីបួងសួងនៅពេលព្រឹក ហើយក្រោយមកជួបជុំគ្នាជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់ពួកគេនៅជុំវិញព្រះវិហារ ក្នុងនោះពួកគេមួយចំនួននាំគ្នាចែកបង្អែម និងនំចំណីផ្សេងទៀត ខណៈជនមូស្លីមខ្លះទៀត ពិសេសគឺក្មេងៗនាំគ្នាកាន់ប៉េងប៉ោង ។គួរឲ្យដឹងថា ពិធីបុណ្យ Eid al-Adha ដែលស្ថិតក្នុងចំណោមពិធីបុណ្យសំខាន់ចំនួន ២របស់សាសនាអ៊ិស្លាមនោះ ត្រូវបានសម្គាល់ថា ជាចំណុចកំពូលនៃពិធីធម្មយាត្រាប្រចាំឆ្នាំហាជិ ពេលដែលជនមូស្លីមសម្លាប់សត្វ ដើម្បីរំឭកដល់ការតាំងចិត្តរបស់ព្យាការី Abraham ដែលបានពលីជីវិតកូនប្រុសរបស់ខ្លួនតាមការបញ្ជារបស់ព្រះ ហើយសាច់សត្វដែលបានសម្លាប់ទំាងនេះ ត្រូវបានចែកជូនដល់អ្នកក្រីក្រ ។ដោយឡែក ជនប៉ាឡេស្ទីននៅទីក្រុងហ្កាហ្សា ពួកគេបានចូលរួមការបួងសួងក្នុងពិធីបុណ្យ Eid al-Adhaផងដែរ ។លោក Loai Al-Qaryouti គឺជាអ្នកធ្វើសក្ការបូជាមួយរូបនៅទីក្រុងហ្កាហ្សា និយាយថា ពួកយើងរៀបចំពិធីបុណ្យតាមប្រពៃណី Eid al-Adha បើទោះបីជាពួកយើងនៅក្លាយជាគោលដៅវាយប្រហាររបស់សត្រូវហ្សាអឺនយ៉ាងក៏ដោយ ។ លោកថា មាននូវការវាយប្រហារ ឃាតកម្ម ការសម្លាប់រង្គាល និងអំពើភេរវកម្មពីសត្រូវហ្សាអឺនអ៊ីស្រាអែលកាលពីថ្ងៃម្សិលមិញ ប៉ុន្តែនៅថ្ងៃនេះ ពួកយើងនៅតែបន្តបា្ររព្ធពិធីបុណ្យតាមប្រពៃណីរបស់ពួកយើងដដែល ។ ពួកយើងរស់នៅ និងប្រតិបត្តិតាមបញ្ញត្តិរបស់ព្យាការី សន្តិភាព និងពរជ័យសូមកើតមានដល់គាត់ រីករាយថ្ងៃបុណ្យ Eid បើទោះបីជាពួកយើងជួបការលំបាកក៏ដោយ ៕

ភ្ញៀវទេសចរនៅទីក្រុងអាតែន សប្បាយរីករាយនៅពេលគេចផុតពីរលកកម្តៅនៅតំបន់ភាគខាងលិចអឺរ៉ុប

05/27/2026 08:05 PM        39
ភ្ញៀវទេសចរពេញចិត្តនឹងអាកាសធាតុត្រជាក់ស្រួលមិនសូវក្តៅខ្លាំងនៅតំបន់ឆ្នេរទីក្រុងអាតែន ប្រទេសក្រិក ស្របពេលដែលរលកកម្តៅ បាននឹងកំពុងញាំញីតំបន់ភាគខាងលិចអឺរ៉ុប ។ក្រុមព្យាករឧតុនិយមមកពីទីភ្នាក់ងារអង្កេតជាតិក្រុងអាតែន និយាយថា រលកកម្តៅបច្ចុប្បន្នដែលកំពុងបង្កផលប៉ះពាល់ដល់ប្រទេសមួយចំនួនដូចជា បារាំង និងអង់គ្លេស ពុំត្រូវបានគេរំពឹងថា នឹងវាយប្រហារប្រទេសក្រិកនោះទេ ។ យោងតាមការអះអាងរបស់សេវាកម្មឧតុនិយមជាតិក្រិក បានឲ្យដឹងថា សីតុណ្ហភាពនៅទីក្រុងអាតែនាថ្ងៃពុធនេះ មានត្រឹមចន្លោះ ២៥ និង ២៩អង្សាសេប៉ុណ្ណោះ ដែលជាអាកាសធាតុធម្មតាសម្រាប់ប្រទេសមួយនេះ ។លោក Olena Gottlieb គឺជាភ្ញៀវទេសចរអ៊ុយក្រែនមួយរូបរស់នៅក្នុងទីក្រុង Manchester របស់ចក្រភពអង់គ្លេសនិយាយថា លោកសប្បាយចិត្តណាស់ កាលដែលមិនបាននៅប្រទេសអង់គ្លេសនាពេលឥឡូវនេះ ។ចំណែកឯលោក Sarbrina Christensen គឺជាភ្ញៀវទេសចរដាណឺម៉ាក និយាយដែរថា លោកយល់ឃើញថា មានសំណាងបាននៅទីក្រុងអាតែន ពីព្រោះថា សីតុណ្ហភាពត្រជាក់ស្រួលណាស់ មិនសូវក្តៅ ហើយក៏មិនត្រជាក់ខ្លាំងនោះដែរ ៕

រលកកម្តៅនៅវៀតណាម បានធ្វើឲ្យសីតុណ្ហភាពកើនឡើងដល់ជាង ៤០អង្សាសេ

05/27/2026 08:05 PM        37
ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម បានជួបប្រទះរលកកម្តៅធ្ងន់ធ្ងរ ខណៈដែលសីតុណ្ហភាពពេលថ្ងៃបានកើនឡើងខ្ពស់រហូតដល់ ៤១អង្សាសេ នាថ្ងៃពុធនេះ ។ស្របពេលដែលការព្យាករអាកាសធាតុបានរាយការណ៍ថា សីតុណ្ហភាពបានកើនឡើងដល់ប្រហែល ៤០អង្សាសេ សីតុណ្ហភាពខាងក្រៅដោយសារចំហាយពីផ្លូវនៅថ្ងៃត្រង់ អាចកើនឡើងរហូតដល់ ៥០អង្សាសេឯណោះ ។ប្រជាពលរដ្ឋដែលធ្វើការខាងក្រៅ នាំគ្នានិយាយត្អូញត្អែរថា ពួកគេមិនអាចស៊ូទ្រាំបានឡើយ នឹងអាកាសធាតុក្តៅខ្លាំងបែបនេះ ហើយនៅពេលយប់ពួកគេពុំអាចដេកពួនបានទៀតហើយ ដោយសារដាច់ចរន្តអគ្គិសនី ។លោក Nguyen Thi An គឺជាអ្នកដើរទិញអេតចាយវ័យ ៦៦ឆ្នាំមួយរូប និយាយថា លោកបានដើរឈប់ៗ រួចសម្រាក ប៉ុន្តេពេលដែលលោកអង្គុយសម្រាក លោកមានអារម្មណ៍ថា កម្តៅកំពុងតែសម្លាប់រូបលោកអញ្ចឹងដែរ ។ចំណែកឯលោក Pham Thi គឺជាម្ចាស់ហាងតូចមួយលក់តាមផ្លូវ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោកមានអារម្មណ៍ថា ដូចជាចង់ថប់ដង្ហើម បើសិនជាលោកបន្តចេញក្រៅបែបនេះ ។ ក្រសួងឧស្សាហកម្មវៀតណាម និយាយថា រលកកម្តៅបានដាក់សម្ពាធរួចទៅហើយលើបណ្តាញចរន្តអគ្គិសនី ហើយបញ្ហាអាចនឹងធ្ងន់ធ្ងរជាងនេះ ស្របពេលដែលបាតុភូតអែល នីញ៉ូ ត្រូវបានគេព្យាករថា នឹងវិលត្រឡប់មកវិញ នៅខែកក្កដាឯណោះ ៕

អ្នកស្លាប់ និង​ឈឺ ដោយសារសុរិយរោគ ក្នុង​កន្លែងធ្វើការនៅជប៉ុន កើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងឆ្នាំ២០២៥

05/27/2026 08:05 PM        35
ទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញនៅថ្ងៃពុធ (ទី២៧ ខែឧសភា ឆ្នាំ២០២៦) នេះថា ចំនួនអ្នកស្លាប់ និង​ឈឺ ដោយសារសុរិយរោគ ក្នុងកន្លែងធ្វើការ នៅប្រទេសជប៉ុន បានកើនឡើងដល់កម្រិតខ្ពស់បំផុតថ្មី គឺ ១,៨០៣ករណី​ ក្នុងឆ្នាំ២០២៥ ដោយ​កើនឡើង ៥៤៦នាក់ ធៀប​នឹង​ឆ្នាំមុននោះ​ ក្នុងអំឡុង​​ពេលមាន​កម្ដៅ​ក្ដៅ​ខ្លាំង នា​រដូវក្តៅ។ប៉ុន្តែចំនួនអ្នកស្លាប់បានធ្លាក់ចុះពី ៣១នាក់ មកត្រឹម ១៩​នាក់ ដែលទាំងអស់សុទ្ធតែជាបុរស។ ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពរបស់ប្រទេសនេះ បានសន្មតថា ការកើនឡើងនេះ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៥ មក​ ជា​ពេលដែលកំណត់ត្រាបានចាប់ផ្តើមមាន​ មួយផ្នែកគឺ​ដោយសារតែកម្ដៅ​ក្ដៅ​ខ្លាំង ដែលមាន​រវាងខែមិថុនា និងខែសីហា ឆ្នាំ០២៥។ចំពោះការថយចុះចំនួន​អ្នក​ស្លាប់​វិញ​​ ក្រសួងបានឲ្យ​ដឹង​ថា ច្បាប់មួយដែលបានដាក់ចេញនៅក្នុងខែមិថុនា ឆ្នាំ២០២៥ ដែលតម្រូវឲ្យ​ក្រុម​ហ៊ុន​ចាត់វិធានការ ដើម្បីការពារកម្មករពីការរងគ្រោះ​ដោយ​សារធ្លាក់​ខ្លួនឈឺ ទាក់​ទង​នឹង​​កម្ដៅ អាចជាកត្តារួមចំណែកមួយ។គិត​តាមឧស្សាហកម្ម ចំនួនអ្នកស្លាប់ និងឈឺខ្ពស់បំផុត ត្រូវបានរាយការណ៍នៅក្នុងវិស័យផលិតកម្ម មានចំនួន ៣៦៥នាក់ បន្ទាប់មកគឺវិស័យសំណង់ ២៩២នាក់ វិស័យពាណិជ្ជកម្ម ២៣៧នាក់ វិស័យដឹកជញ្ជូន ២២០នាក់ និងវិស័យសន្តិសុខមាន ១៩៩នាក់។ ប្រហែល ៥២ភាគរយនៃចំនួនសរុប មានអាយុ ៥០ឆ្នាំ ឬលើស​នេះ ដោយមនុស្សចំនួន ២៧៨នាក់មានអាយុ ៦៥ឆ្នាំ ឬលើស​នេះ​៕

រុស្ស៊ីព្រមានអាមេនីថា ការផ្គត់ផ្គង់ប្រេងឥន្ធនៈតម្លៃ​ទាប​ អាចត្រូវ​បាន​បញ្ចប់​ បើបន្តដើរគន្លងចូលរួម​ EU

05/27/2026 07:05 PM        45
​រុស្ស៊ីបានឲ្យ​ដឹង​នៅ​ថ្ងៃពុធ (ទី២៧ ខែឧសភា ឆ្នាំ២០២៦) នេះ​ថា ខ្លួនបានព្រមាន​អាមេនីថា ខ្លួននឹងផ្អាក ឬបញ្ចប់កិច្ចព្រមព្រៀង ស្ដី​ពី​ការផ្គត់ផ្គង់ប្រេង និងឧស្ម័នតម្លៃ​ទាបដល់ប្រទេសនៅភាគខាងត្បូងតំបន់​កូកាសមួយ​នេះ​ ប្រសិនបើនៅ​តែ​បន្តការប៉ុនប៉ង​របស់ខ្លួន ដើម្បីចូលរួមជាមួយសហភាពអឺរ៉ុប (EU)។ទីក្រុងមូស្គូបានចេញការព្រមាន នៅ​មុនការបោះឆ្នោតនាថ្ងៃទី៧ ខែមិថុនា ដោយ​ការស្ទង់មតិបង្ហាញ​ថា គណបក្សកិច្ចសន្យាស៊ីវិល (Civil Contract Party) របស់នាយករដ្ឋមន្ត្រី លោក​ Nikol Pashinyan ដែលបានបង្កើតទំនាក់ទំនងល្អ​ជាមួយលោកខាងលិច ដោយសារ​មិន​ពេញ​ចិត្ត​ទីក្រុងមូស្គូ អាចនឹង​មាន​ជ័យជម្នះ​យ៉ាង​ងាយស្រួល​។អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA ថា៖ «ស្ថានទូតរុស្ស៊ីបានបញ្ជូនលិខិតជាផ្លូវការមួយ​ច្បាប់​ ដោយបញ្ជាក់ថា ប្រសិនបើដំណើរការនៃការចូលរួមជាមួយសហភាពអឺរ៉ុប នៅតែបន្ត ភាគីរុស្ស៊ីនឹងផ្អាក ឬបញ្ចប់កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ផលិតផលប្រេងកាត និងពេជ្រមិន​ទាន់ច្នៃ​ជាឯកតោភាគី»។ប្រទេសគ្មានព្រំ​ដែន​សមុទ្រ គឺ​អាមេនី ដែលមានប្រជាជនប្រហែល ៣លាននាក់ ជាប្រពៃណីមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី។ ប្រទេសនេះ​គឺជា​ទីតាំង​មូលដ្ឋានយោធារុស្ស៊ី និងពឹងផ្អែកយ៉ាងខ្លាំង លើការនាំចូលថាមពលរបស់រុស្ស៊ី។ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax បាន​ឲ្យ​ដឹង​ថា ប្រទេសនេះបាននាំចូលឧស្ម័នចំនួន ២,៧ពាន់លានម៉ែត្រគូប កាលពីឆ្នាំមុន ដែល ៨២ភាគរយមក​ពីរុស្ស៊ី។ប៉ុន្តែទំនាក់ទំនងជាមួយទីក្រុងមូស្គូ បានរង្គោះរង្គើក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលទីក្រុង Yerevan បានព្យាយាមពង្រឹងទំនាក់ទំនងរបស់ខ្លួន ជាមួយទីក្រុងប៊្រុចសែល និងវ៉ាស៊ីនតោន៕

អ៊ីរ៉ង់បញ្ជាក់ជាថ្មីថា អ៊ុយរ៉ានីញ៉ូមចម្រាញ់រួច មិនមែនជាផ្នែកនៃការចរចាបច្ចុប្បន្នជាមួយ​អាមេរិកទេ

05/27/2026 07:05 PM        47
ប្រទេស​អ៊ីរ៉ង់ បានបញ្ជាក់​នៅ​ថ្ងៃពុធ (ទី២៧ ខែឧសភា ឆ្នាំ២០២៦) នេះ​ថា សារធាតុអ៊ុយរ៉ានី​ញ៉ូមចម្រាញ់រួចហើយ​របស់ខ្លួន មិនមែនជាផ្នែកមួយនៃការចរចាបច្ចុប្បន្នជាមួយសហរដ្ឋអាមេរិកនោះ​ទេ។​ នេះបើយោងតាមលេខារង​នៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់។នៅក្នុងសុន្ទរកថាដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Fars របស់អ៊ីរ៉ង់ លោក Ali Bagheri បានលើកឡើង​ថា៖ «បញ្ហានេះមិនមាននៅក្នុងរបៀបវារៈនៃការចរចានោះទេ»។សារព័ត៌មាន​នេះ បាន​រាយការណ៍​ថា ការអត្ថាធិប្បាយទាំងនេះបានលេច​ឡើង​នៅ​ក្នុង​សន្និសីទសន្តិសុខអន្តរជាតិមួយ នៅក្នុងរដ្ឋធានីមូស្គូរបស់រុស្ស៊ី។កាលពីថ្ងៃចន្ទ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ស្តុកសារធាតុ​អ៊ុយរ៉ានី​ញ៉ូមចម្រាញ់រួចហើយ​របស់អ៊ីរ៉ង់ នឹងត្រូវផ្ទេរទៅសហរដ្ឋអាមេរិក «ភ្លាមៗ» ដើម្បីបំផ្លាញចោល ឬ «បំផ្លាញនៅនឹងកន្លែង ឬនៅទីតាំងដែលអាចទទួលយកបានផ្សេងទៀត»។ជាមួយ​គ្នានេះ សេចក្តីថ្លែងការណ៍ទាំងនេះបានកើតឡើងនៅពេលដែលទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ បន្តដំណើរការការទូតសម្របសម្រួលដោយប៉ាគីស្ថាន ដើម្បីបញ្ចប់សង្គ្រាមដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ កាល​ពី​ថ្ងៃទី២៨​ ខែកុម្ភៈ ហើយត្រូវបានតាម​មក​ដោយការសងសឹករបស់អ៊ីរ៉ង់៕

ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង

05/27/2026 07:05 PM        313
អ្នកនាំពាក្យសាលាដំបូងខេត្តកំពត បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកំពតបានបើកសវនាការជំនុំជម្រះលើសំណុំរឿង ព្រហ្មទណ្ឌលេខ ៦០០-រ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ដែលមានជនជាប់ចោទឈ្មោះ JIN TIAN LONG ជនជាតិចិន, ឈ្មោះ YIN SONG WAN ជនជាតិចិន, ឈ្មោះ LI GUANG HAO ជនជាតិចិន, ឈ្មោះ LI XING PENG ជនជាតិចិន, ឈ្មោះ LIU HAOXING ជនជាតិចិន និងឈ្មោះ ZHU RENZHE ជនជាតិចិន ពីបទ ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ និង ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង ប្រព្រឹត្ត នៅចំណុចអាគារលេខ ១៧៣ តំបន់៣ (បុរីក្រោន) ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត កាលពី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២០៥, មាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុចទី៥ នៃក្រមព្រហ្មទណ្ឌ ។ក្រោយពីការធ្វើកិច្ចពិភាក្សាដេញដោលលើជនជាប់ចោទ ភាគីពាក់ព័ន្ធ និងបានពិនិត្យភស្តុតាង អង្គហេតុ និង អង្គច្បាប់រួចមក ឃើញថាមានភស្តុតាង និងពិរុទ្ធភាពគ្រប់គ្រាន់លើជនជាប់ចោទទាំង ៦ នាក់ខាងលើ ។ ហេតុដូច្នេះ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកំពត បានប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌលេខ: ២៨១ (គ) ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ដោយបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទដូចខាងក្រោម៖១. ឈ្មោះ LI XING PENG ហៅ YOU FU ភេទប្រុស កើតថ្ងៃទី៥ ខែមករា ឆ្នាំ១៩៩១ ជនជាតិចិន២.ឈ្មោះ LIU HAOXING ហៅ TA THOV ភេទប្រុស កើតថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៩៦ ជនជាតិចិន៣.ឈ្មោះ ZHU RENZHE ហៅ ជាតិ ភេទប្រុស កើតថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៨២ ជនជាតិចិន៤.ឈ្មោះ YIN SONG WAN ភេទប្រុស កើតថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៧២ ជនជាតិចិន៥. ឈ្មោះ JIN TIAN LONG TÌ KIM CHEOL LYEONG ភេទប្រុស កើតថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៨១ ជនជាតិចិន៦. ឈ្មោះ LI GUANG HAO ហៅ XIAO PIAO ភេទប្រុស កើតថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៩១ ជនជាតិចិន ដាក់ពន្ធនាគារកំណត់ក្នុងម្នាក់ៗ អស់មួយជីវិត ពីបទ ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ និង ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង ប្រព្រឹត្តនៅចំណុចអាគារលេខ១៧៣ តំបន់៣ (បុរីក្រោន) ស្ថិត នៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែល មានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២០៥, មាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុចទី៥ នៃក្រមព្រហ្មទណ្ឌ ព្រមទាំងសម្រេចរឹបអូសវត្ថុដែលចាប់យកពាក់ព័ន្ធបទល្មើសខាងលើផងដែរ។

ស្នងការរាជធានីភ្នំពេញណែនាំឲ្យអធិការខណ្ឌទាំង១៤ ស្រាវជ្រាវតាមដាន គ្រប់គ្រងជនបរទេស និង បោសសម្អាត Online Scams ដែលលួចលាក់នៅតាមមូលដ្ឋាន

05/27/2026 07:05 PM        123
ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃ សភាពការណ៍បទល្មើស និងលទ្ធផលកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស ប្រចាំឆមាសទី១ឆ្នាំ២០២៦ និងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ជូនមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលជាតិ។កិច្ចប្រជុំមានការចូលរួមពីលោក-លោកស្រី ស្នងការរង លោកអនុប្រធានផែនការងារ លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្រ្តីនគរបាលពាក់ព័ន្ធមួយចំនួនផងដែរ។ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងណែនាំឲ្យមានការគ្រប់គ្រងនិងពង្រឹងការត្រួតពិនិត្យកម្លាំង នៅតាមអង្គភាពនីមួយៗឲ្យបានម៉ឺងម៉ាត់ និងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់។ ណែនាំលអធិការនគរបាលខណ្ឌទាំង១៤ បន្តយកចិត្តទុកដាក់រៀបចំផែនការនិងទិសដៅ សហការជាមួយរដ្ឋបាលខណ្ឌក្នុងការចុះត្រួតពិនិត្យកន្លែងធ្វើការនិងស្នាក់នៅ ប្រមូលផ្តុំរបស់ជនបរទេសខុសច្បាប់ ដែលលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ណែនាំបន្តបង្ការបង្រ្កាបក្មេងទំនើង និងស្រាវជ្រាវតាមជំនាញបង្រ្កាបមុខសញ្ញាដែលកំពុងគេចខ្លួន និងមុខសញ្ញាក្រុមក្មេងទំនើបទើបកើតថ្មី។ណែនាំបន្តយកចិត្តទុកដាក់ ថែទាំគ្រប់គ្រងប៉ុស្តិ៍នគរបាលរដ្ឋបាលឲ្យបានល្អ និងធ្វើរបាយការណ៍អំពីប៉ុស្តិ៍ដែលទ្រុឌទ្រោម។ ណែនាំបន្តចុះល្បាតត្រួតពិនិត្យដើម្បីបង្ការបង្រ្កាបបទល្មើសគ្រប់ប្រភេទ (ជាពិសេស ស្រាវជ្រាវតាមដាន ក្នុងមូលដ្ឋាន គ្រប់គ្រងជនបរទេស និង បោសសម្អាត OnLine Scams ដែលលួចលាក់នៅតាមមូលដ្ឋានដោយភាពទទួលខុសត្រូវខ្ពស់បំផុត បើមិនធ្វើឫគប់គិត និងទទួលខុសត្រូវចំពោះ មុខច្បាប់ ជាដាច៎ខាត)។ណែនាំឲ្យមានការយកចិត្តទុកដាក់ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅតាមគោលដៅដែលមានបញ្ហាប្រឈកកស្ទះផងដែរ៕

រដ្ឋមន្រ្តីការសេដ្ឋកិច្ចអាល្លឺម៉ង់អំពាវនាវឲ្យមានទំនាក់ទំនងប្រកបដោយតុល្យភាព អំឡុងទស្សនកិច្ចនៅចិន

05/27/2026 07:05 PM        37
រដ្ឋមន្រ្តីសេដ្ឋកិច្ចអាល្លឺម៉ង់លោកស្រី Katherina Reiche និយាយនៅថ្ងៃពុធនេះ ក្នុងទីក្រុងប៉េកាំង ថា ទំនាក់ទំនងសេដ្ឋកិច្ចសម័យទំនើប ត្រូវការទាំងកិច្ចសហប្រតិបត្តិការ និងការប្រកួតប្រជែង ។ អំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រីទៅកាន់ប្រទេសចិន លោកស្រី Reiche និយាយថា ការប្រកួតប្រជែងនឹងធ្វើឲ្យពួកយើងកាន់តែខ្លាំង កិច្ចសហប្រតិបត្តិការបង្កើតស្ថិរភាព ហើយនវានុវត្តន៍បង្កើតវឌ្ឍនភាពចែករំលែក ។ លោកស្រីបានធ្វើការសង្កត់ធ្ងន់ថា អាល្លឺម៉ង់កំពុងស្វែងកិច្ចសន្ទនាជាមួយចិន ពីព្រោះថា ស្ថានភាពប្រកួតប្រជែងដោយយុត្តិធម៌ត្រឹមត្រូវ ត្រូវការជាចាំបាច់ ។ លោកស្រី Reiche បានកោតសរសើរផងដែរដល់បច្ចេកវិត្យាឧស្សាហកម្ម និងនវានុវត្តន៍របស់ចិន ។ លោកស្រីថា អាល្លឺម៉ង់ និងចិនត្រូវបានតភ្ជាប់ដោយទំនាក់ទំនងមួយក្នុងចំណោមទំនាក់ទំនងសេដ្ឋកិច្ចដ៏សំខាន់បំផុតនៅលើពិភពលោក ។ ជាមួយទំហំពាណិជ្ជកម្មប្រហែល ២៩១ពាន់លានដុល្លារ អាល្លឺម៉ង់ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតម្តងទៀតរបស់ចិន លើផ្នែកទំនិញ ក្នុងឆ្នាំ ២០២៥ ហើយបច្ចុប្បន្នក្រុមហ៊ុនអាល្លឺម៉ង់ប្រហែល ៥ពាន់ក្រុមហ៊ុន កំពុងប្រតិបត្តិការនៅក្នុងប្រទេសចិន ៕

ឡាតវីពង្រឹងប្រព័ន្ធការពារប្រឆាំងយានដ្រូននៅតាមព្រំដែនរុស្ស៊ី និងបេឡារុស

05/27/2026 07:05 PM        33
មន្រ្តីកងទ័ពមួយរូបនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ឡាតវី កំពុងបង្កើនប្រព័ន្ធការពារប្រឆាំងយានដ្រូននៅតាមព្រំដែនជាមួយរុស្ស៊ី ហើយនិងសម្ព័ន្ធមិត្តទីក្រុងមូស្គូ គឺប្រទេសបេឡារុស ជាការឆ្លើយតបនឹងយានដ្រូនដែលហោះចូលប្រទេសសមាជិកអង្គការណាតូមួយនេះ ។ យានដ្រូនអ៊ុយក្រែន បានហោះវង្វេងផ្លូវចូលទៅក្នុងដែនអាកាសរបស់បណ្តាប្រទេសតំបន់បាល់ទិករបស់អង្គការណាតូ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ជាហេតុសាបព្រួសការភ័ណ្ឌភាំង និងបង្កើនភាពតានតឹងជាមួយរុស្ស៊ី ចំពេលដែលការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសន្តិសុខសមូហភាពអង្គការណាតូ ស្ថិតក្នុងភាពស្រពិចស្រពិល ។ អ៊ុយក្រែនដែលមានគោលដៅលើកំពង់ផែស្តុកប្រេងតំបន់បាល់ទិករបស់រុស្ស៊ី បាននិយាយថា រុស្ស៊ីបានធ្វើឲ្យស្ទះសញ្ញាយានដ្រូនរបស់ពួកគេ បណ្តាលឲ្យយានដ្រូនទាំងនោះ ហោះវង្វេងផ្លូវបែបនេះ ។ លោក Modris Kairiss គឺជាប្រធានមជ្ឈមណ្ឌលសមត្ថភាពប្រព័ន្ធស្វយ័តកងទ័ពឡាតវីនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកយើងមានគម្រោងដាក់ពង្រាយក្រុមយានដ្រូនបាញ់ស្កាត់នៅរយៈពេល ២សប្តាហ៍ក្រោយ ។ លោកបន្តថា ក្រុមយានដ្រូននេះ មានទាហាន ៤នាក់ ដែលប្រតិបត្តិការយានដ្រូនពិឃាតចេញពីរថយន្ត និងមានសមត្ថភាពបំផ្លាញយានដ្រូនយោធាហោះចូលមកនៅចម្ងាយ ១០គ.ម ។ ក្រុមយានដ្រូនបែបនេះជាច្រើន នឹងត្រូវដាក់ពង្រាយនៅតាមបណ្តោយព្រំដែនចម្ងាយ ៤០០គ.មជាមួយរុស្ស៊ី និងសម្ព័ន្ធមិត្តបេឡារុស ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទួលសាលា ប្រាប់ក្រុមការងារបន្តចុះឱ្យដល់ខ្នងផ្ទះដើម្បីស្តាប់ពីតម្រូវការពលរដ្ឋ និងដោះស្រាយ
06/14/2026 09:06 AM
អាជ្ញាធររាជធានីភ្នំពេញបន្តត្រួតពិនិត្យតាមទីតាំងប្រមូលផ្ដុំក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើស
06/14/2026 09:06 AM
កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM