ស្វែងរក

ឡាតវីពង្រឹងប្រព័ន្ធការពារប្រឆាំងយានដ្រូននៅតាមព្រំដែនរុស្ស៊ី និងបេឡារុស

05/27/2026 07:05 PM        33
មន្រ្តីកងទ័ពមួយរូបនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ឡាតវី កំពុងបង្កើនប្រព័ន្ធការពារប្រឆាំងយានដ្រូននៅតាមព្រំដែនជាមួយរុស្ស៊ី ហើយនិងសម្ព័ន្ធមិត្តទីក្រុងមូស្គូ គឺប្រទេសបេឡារុស ជាការឆ្លើយតបនឹងយានដ្រូនដែលហោះចូលប្រទេសសមាជិកអង្គការណាតូមួយនេះ ។ យានដ្រូនអ៊ុយក្រែន បានហោះវង្វេងផ្លូវចូលទៅក្នុងដែនអាកាសរបស់បណ្តាប្រទេសតំបន់បាល់ទិករបស់អង្គការណាតូ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ជាហេតុសាបព្រួសការភ័ណ្ឌភាំង និងបង្កើនភាពតានតឹងជាមួយរុស្ស៊ី ចំពេលដែលការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសន្តិសុខសមូហភាពអង្គការណាតូ ស្ថិតក្នុងភាពស្រពិចស្រពិល ។ អ៊ុយក្រែនដែលមានគោលដៅលើកំពង់ផែស្តុកប្រេងតំបន់បាល់ទិករបស់រុស្ស៊ី បាននិយាយថា រុស្ស៊ីបានធ្វើឲ្យស្ទះសញ្ញាយានដ្រូនរបស់ពួកគេ បណ្តាលឲ្យយានដ្រូនទាំងនោះ ហោះវង្វេងផ្លូវបែបនេះ ។ លោក Modris Kairiss គឺជាប្រធានមជ្ឈមណ្ឌលសមត្ថភាពប្រព័ន្ធស្វយ័តកងទ័ពឡាតវីនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកយើងមានគម្រោងដាក់ពង្រាយក្រុមយានដ្រូនបាញ់ស្កាត់នៅរយៈពេល ២សប្តាហ៍ក្រោយ ។ លោកបន្តថា ក្រុមយានដ្រូននេះ មានទាហាន ៤នាក់ ដែលប្រតិបត្តិការយានដ្រូនពិឃាតចេញពីរថយន្ត និងមានសមត្ថភាពបំផ្លាញយានដ្រូនយោធាហោះចូលមកនៅចម្ងាយ ១០គ.ម ។ ក្រុមយានដ្រូនបែបនេះជាច្រើន នឹងត្រូវដាក់ពង្រាយនៅតាមបណ្តោយព្រំដែនចម្ងាយ ៤០០គ.មជាមួយរុស្ស៊ី និងសម្ព័ន្ធមិត្តបេឡារុស ៕

ជនមូស្លីមឥណ្ឌា បួងសួងសុំឲ្យមានការការបង្រួបបង្រួម និងសនិ្តភាពនៅក្នុងពិធីបុណ្យ Eid

05/27/2026 07:05 PM        28
ជនមូស្លីមនៅទូទាំងប្រទេសឥណ្ឌា បានជួបជុំគ្នាទ្រង់ទ្រាយធំនាថ្ងៃពុធនេះ ដើម្បីបួងសួងនៅតាមព្រះវិហារ ក្នុងឱកាសពិធីបុណ្យ Eid ក្នុងនោះក្រុមអ្នកគោរពបូជាជាច្រើន បានប្រើប្រាស់ពិធីបុណ្យនេះ ដើម្បីសុំសន្តិភាព ការបង្រួបបង្រួមជាតិ និងវិបុលភាព ស្របពេលកើតមានភាពពុំច្បាស់លាស់ភូមិសាស្រ្តនយោបាយកើនឡើង ។ ពិធីបុណ្យ Eid al-Adha ដែលស្ថិតក្នុងចំណោមពិធីបុណ្យសំខាន់ចំនួន ២របស់សាសនាអ៊ិស្លាមនោះ ត្រូវបានសម្គាល់ថា ជាចំណុចកំពូលនៃពិធីធម្មយាត្រាប្រចាំឆ្នាំហាជិ ពេលដែលជនមូស្លីមសម្លាប់សត្វ ដើម្បីរំឭកដល់ការតាំងចិត្តរបស់ព្យាការី Abraham ដែលបានពលីជីវិតកូនប្រុសរបស់ខ្លួនតាមការបញ្ជារបស់ព្រះ ហើយសាច់សត្វដែលបានសម្លាប់ទំាងនេះ ត្រូវបានចែកជូនដល់អ្នកក្រីក្រ ។ អ្នកគោរពបូជាមួយរូបនិយាយថា នៅថ្ងៃបុណ្យ Eid ពួកយើងបួងសួងដល់អ្នករាល់គ្នា មិនថា ហិណ្ឌូ មូស្លីម ស៊ីក និងគ្រិស្តនោះទេ ព្រះនឹងការពារពួកគេ ហើយនិងធ្វើឲ្យពួកគេជោគជ័យទាំងអស់គ្នា ។ ខណៈពេលនោះដែរ ក្រុមអ្នកគោរពបូជានៅទីក្រុង Srinagar ស្ថិតក្នុងដែនដីសហព័ន្ធចាមមូ និងកាស្មៀ បានជួបជុំគ្នានៅលើទីលានដ៏ធំមួយ ពេលដែលបុព្វជិកដឹកនាំពីធីបួងសួង ។ ក្រោយពីពិធីបួងសួងចប់ ក្រុមអ្នកគោរពបូជាទាំងនេះ បានស្វាគមន៍គ្នា និងឱបគ្នា តាមទំនៀមទម្លាប់ប្រពៃណីរបស់ពួកគេ ៕

ពលរដ្ឋហ្កាហ្សា ចូលរួមពិធីបួងសួង និងធ្វើដំណើរទៅកាន់ទីស្មាសាននៅថ្ងៃដំបូងនៃពិធីបុណ្យ Eid

05/27/2026 07:05 PM        18
នៅថ្ងៃពុធនេះ ជនប៉ាឡេស្ទីននៅទីក្រុងហ្កាហ្សា បានចូលរួមការបួងសួងក្នុងពិធីបុណ្យ Eid al-Adha ហើយជនមូស្លីមមួយចំនួនទៀត បានធ្វើដំណើរទៅកាន់ផ្នូរមនុស្សជាទីស្រលាញ់របស់ពួកគេ ។ ជនមូស្លីមប្រារព្ធពិធីបុណ្យ Eid al-Adha ដោយពួកគេចូលរួមពិធីបួងសួងនៅពេលព្រឹក ជួបជុំគ្នាជាមួយមិត្តភ័ក្តិ និងបូជាសត្វ ដើម្បីរំឭកដល់ការតាំងចិត្តរបស់ព្យាការី Abraham ដែលបានពលីជីវិតកូនប្រុសរបស់ខ្លួនតាមការបញ្ជារបស់ព្រះ ហើយសាច់សត្វដែលបានសម្លាប់ទំាងនេះ ត្រូវបានចែកជូនដល់អ្នកក្រីក្រ ។ គួរឲ្យដឹងថា ជនមូស្លីមប្រហែល ៩០០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន ។ ចំណែកឯទាហានអ៊ីស្រាអែល ៤នាក់ ត្រូវបានសម្លាប់ដោយក្រុមជីវពលហាម៉ាស អំឡុងពេលតែមួយ ។ លោក Loai Al-Qaryouti គឺជាអ្នកធ្វើសក្ការបូជាមួយរូបនៅទីក្រុងហ្កាហ្សា និយាយថា ពួកយើងរៀបចំពិធីបុណ្យតាមប្រពៃណី Eid al-Adha បើទោះបីជាពួកយើងនៅក្លាយជាគោលដៅវាយប្រហាររបស់សត្រូវហ្សាអឺនយ៉ាងក៏ដោយ ។ លោកបន្តថា កាលពីថ្ងៃម្សិលមិញ មាននូវការវាយប្រហារ ឃាតកម្ម ការសម្លាប់រង្គាល និងអំពើភេរវកម្មពីសត្រូវហ្សាអឺនអ៊ីស្រាអែល ប៉ុន្តែពួកយើងនៅតែបន្តបា្ររព្ធពិធីបុណ្យតាមប្រពៃណីរបស់ពួកយើងដដែល ។ ពួកយើងរស់នៅ និងប្រតិបត្តិតាមបញ្ញត្តិរបស់ព្យាការី សន្តិភាព និងពរជ័យសូមកើតមានដល់គាត់ រីករាយថ្ងៃបុណ្យ Eid បើទោះបីជាពួកយើងជួបការលំបាកក៏ដោយ ៕

ក្រុមហ៊ុន Nvidia នឹងចំណាយប្រាក់ ១៥០ពាន់លានដុល្លារក្នុងមួយឆ្នាំនៅកោះតៃវ៉ាន់ដែលជាចំណុចកណ្តាលនៃបដិវត្តន៍ AI

05/27/2026 07:05 PM        14
ប្រធានប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang និយាយនៅថ្ងៃពុធនេះ ក្រុមហ៊ុនបន្ទះឈីបរបស់លោក មានគម្រោងវិនិយោគប្រាក់ប្រហែល ១៥០ពាន់លានដុល្លារក្នុង ១ឆ្នាំ នៅកោះតៃវ៉ាន់ ដែលលោកចាត់ទុកថា ជាចំណុកណ្តាលនៃបដិវត្តន៍ AI និងជាមជ្ឈមណ្ឌលផលិតបច្ចេកវិទ្យាអនាគតរបស់ពិភពលោក សម្រាប់រយៈពេលយូរអង្វែង ។ ក្នុងពិធីដាក់ចេញគម្រោងនៅទីក្រុងតៃប៉ិ សម្រាប់ទីស្នាក់ការកណ្តាលតាមការគ្រោងទុករបស់ក្រុមហ៊ុនផលិតបន្ទះឈីបតម្លៃ ៥ សែនកោដិលានដុល្លារនេះ លោក Huang និយាយថា កាលពីរយៈពេល ៤ឆ្នាំមុន រយៈពេល ៥ឆ្នាំមុន ក្រុមហ៊ុន Nvidia ចំណាយថវិកាប្រហែល ១០-១៥ពាន់លានដុល្លារប៉ុណ្ណោះ ក្នុង ១ឆ្នាំ នៅកោះតៃវ៉ាន់ ។ បច្ចុប្បន្ន ពួកយើងនឹងចំណាយ ១០០ពាន់លានដុល្លារ ឡើងដល់ ១៥០ពាន់លានដុល្លារ នៅកោះតៃវ៉ាន់ ក្នុង ១ឆ្នាំៗ ។ លោក Huang និយាយថា គម្រោងនេះនឹងបញ្ចុះបឋមសិលាក្នុងឆ្នាំនេះ និងមានបំណងប្រតិបត្តិការនៅឆ្នាំ ២០៣០ ។ ទោះបីជាយ៉ាងណាក៏ដោយ លោកពុំបានផ្តល់ពេលវេលាកំណត់រយៈពេលប៉ុន្មានឆ្នាំ ដែលក្រុមហ៊ុនគ្រោងនឹងវិនិយោគថវិកា ១៥០ពាន់លានដុល្លារនោះឡើយ ។ ទីស្នាក់ការកណ្តាលនៅកោះតៃវ៉ាន់នេះដែរ នឹងធ្វើឲ្យក្រុមហ៊ុន Nvidia តាមកាន់តែប្រកិតជាមួយក្រុមហ៊ុន TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតរបស់ពិភពលោក ។ វានឹងជួយផងដែរឲ្យក្រុមហ៊ុនមានតម្លៃបំផុតរបស់ពិភពលោកមួយនេះ ជំរុញសម្ព័ន្ធភាពជាមួយដៃគូផលិតជាច្រើនទៀត រួមទាំងក្រុមហ៊ុន Foxconn, Wistron និងក្រុមហ៊ុន Quanta Computer ៕

ក្រុមអាជ្ញាធរព្រមានថា សឺទែនផ្ទុកសារធាតុគីមីបែកក្នុងទីក្រុងវ៉ាស៊ីនតោន នៅតែគ្មានស្ថិរភាព

05/27/2026 07:05 PM        29
ក្រុមអាជ្ញាធរនិយាយថា សឺទែនស្តុកសារធាតុគីមីដែលបានផ្ទុះ និងបែកនៅរោងចក្រ Nippon Dynawave Packaging ស្ថិតក្នុងរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារដែលបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងមនុស្ស ៩នាក់ផ្សេងទៀត រងរបួស នៅតែគ្មានស្ថិរភាពនោះទេ ។ លោក Scott Goldstein គឺជាប្រធានក្រុមជួយសង្រ្គោះ និងពន្លត់អគ្គិភ័យ Cowlitz 2 និយាយនៅក្នុងសន្និសីទសារព័ត៌មានថា សឺទែនមួយនេះ មានស្តុកសា្រ.ស ដែលជាសូលុយស្យុងគីមីនៃសារធាតុសូដ្យូមអ៊ីដ្រូស៊ីត និងសូដ្យូមស៊ុលហ្វីត ប្រើប្រាស់សម្រាប់ផលិតក្រដាស បានបែកកាលពីវេលាម៉ោង ៧ និង ១៥នាទីព្រឹក ម៉ោងក្នុងស្រុក ថ្ងៃអង្គារ ។ លោក Goldstein បន្តថា ស្របពេលកាលពីដំបូងគេជឿថា សឺទែនមានផ្ទុកស្រាសចំណុះ ៨ម៉ឺនហ្គាឡុងនោះ សឺទែនមួយនេះមានសា្រស រហូតដល់ជិត ៩០ម៉ឺនហ្គាឡុងឯណោះ ក្នុងនោះវត្ថុធាតុប្រហែល ៩ម៉ឺនហ្គាឡុង នៅមាននៅក្នុងសឺទែនខូចខាត ។ ការងារស្តារឡើងវិញ បានចាប់ផ្តើមនៅថ្ងៃពុធនេះ នៅទីតាំងរោងចក្រ ស្ថិតក្នុងទីក្រុង Longview មានចម្ងាយប្រហែល ៧២គ.ម ភាគខាងជើងទីក្រុង Portland ។ ចំណែកឯលោក Matt Amos គឺជាប្រធានកងវរសេនាធំនៃនាយកដ្ឋានពន្លត់អគ្គីភ័យក្រុង Longview និយាយថា អ្នករងរបួស ដែលមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ រួមទាំងកម្មករ ៨នាក់ និងភ្នាក់ងារពន្លត់អគ្គិភ័យម្នាក់ ពុំទាន់រួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតនៅឡើយនោះទេ ៕

[UPDATE] មនុស្ស ៥នាក់ ក្នុងចំណោម ៧នាក់ដែលជាប់ក្នុងរូងភ្នំ នៅ​ឡាវ ត្រូវបានរកឃើញនៅមានជីវិត

05/27/2026 06:05 PM        62
ក្រុម​អ្នកជួយសង្គ្រោះ បានឲ្យ​ដឹង​ថា មនុស្ស ៥នាក់ ក្នុងចំណោម ៧នាក់ដែលជាប់នៅក្នុងរូងភ្នំលិចទឹករយៈពេល ១សប្តាហ៍ នៅក្នុងប្រទេសឡាវ ត្រូវបានរកឃើញនៅរស់រានមានជីវិត នា​ថ្ងៃពុធ (ទី២៧ ខែឧសភា ឆ្នាំ២០២៦) នេះ។តាម​រយៈ​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម ក្រុមជួយសង្គ្រោះឡាវឈ្មោះ​ Rescue Volunteer for People បានឲ្យ​ដឹងថា៖ «យើងបានរកឃើញមនុស្សប្រាំនាក់នៅរស់រានមានជីវិត ហើយមានសុវត្ថិភាពទាំងអស់។ នៅតែមានមនុស្ស ២នាក់ដែលយើងកំពុងស្វែងរក»។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Lao Economic Daily ក៏បានរាយការណ៍​​ផងដែរថា មនុស្ស ៥នាក់ត្រូវបានរកឃើញថា នៅរស់រានមានជីវិត។គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋឡាវ បានរាយការណ៍​នៅសប្តាហ៍នេះថា អ្នកភូមិជនជាតិ​ឡាវទាំង ៧នាក់នោះ បានចូលទៅក្នុងរូងភ្នំ នៅក្នុង​ខេត្ត Xaysomboun ភាគកណ្តាល ចម្ងាយប្រហែល ១២៥គីឡូម៉ែត្រ នៅ​ភាគឦសាននៃរដ្ឋធានីវៀងចន្ទន៍ កាល​ពី​ថ្ងៃទី២០​ ខែឧសភា។ ពួកគេកំពុងស្វែងរកមាស ប៉ុន្តែផ្ទុយទៅវិញ បានជាប់នៅក្នុងរូងភ្នំនោះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យ​មានទឹកជំនន់គំហុក​ភ្លាមៗ ដែលនាំ​ឲ្យ​​ច្រកចេញត្រូវ​បិទជិត​។នៅមុន​នេះ ក្រុម​អ្នកជួយសង្គ្រោះនៅកន្លែងកើតហេតុ បានរៀបរាប់ អំពីសណ្ឋាន​ដី​ភ្នំ​ដ៏លំបាក និងភ្លៀងធ្លាក់ខ្លាំងដែលក្លាយ​ជា​ឧបសគ្គ​ដល់​ប្រតិបត្តិការនេះ៕

ក្រុមហេសបូឡា ប្រាប់​​ថា បានប្រយុទ្ធ​ជាមួយកងទ័ពអ៊ីស្រាអែលនៅភាគខាងជើងទន្លេ Litani របស់លីបង់

05/27/2026 06:05 PM        60
ក្រុមហេសបូឡាបានប្រាប់​ឲ្យ​ដឹង​ថា យុទ្ធជនរបស់ខ្លួន បានប្រយុទ្ធ​ជាមួយកងកម្លាំងអ៊ីស្រាអែល ក្នុងទីក្រុងមួយ នៅភាគខាងជើងទន្លេ Litani នា​ថ្ងៃពុធ (ទី២៧ ខែឧសភា ឆ្នាំ២០២៦) នេះ​ ពោល​គឺ​មួយថ្ងៃបន្ទាប់ពីយោធាអ៊ីស្រាអែល បានបញ្ជាក់​ថា ខ្លួនកំពុងពង្រីកប្រតិបត្តិការផ្លូវ​គោក​​របស់ខ្លួន។អាជ្ញាធរលីបង់ បានឲ្យ​ដឹង​ថា អ៊ីស្រាអែលបានបង្កើនវិសាលភាពនៃការវាយប្រហាររបស់ខ្លួន នៅភាគខាងត្បូង និងភាគ​ខាងកើតរបស់​លីបង់ កាល​ពី​ថ្ងៃអង្គារ ទោះបីជាមានបទឈប់បាញ់ក៏ដោយ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣ នាក់ ខណៈក្រុមហេសបូឡាហ៍ក៏បានបន្តការវាយប្រហាររបស់ខ្លួនផងដែរ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃពុធនេះ ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់មួយ​នេះ បានឲ្យ​ដឹង​ថា យុទ្ធជនរបស់ខ្លួន «បានប្រយុទ្ធ​ជាមួយកងកម្លាំងសត្រូវ នៅចម្ងាយយ៉ាងកៀក​គ្នា» ដោយ​អាវុធធុន​ស្រាល និងមធ្យម នៅក្នុងទីក្រុង Zawtar al-Sharqiyah នៅជ្រុង​នៃអ្វី​ដែល​ត្រូវ​បាន​ប្រកាស​ដោយអ៊ីស្រាអែល​ថា «ខ្សែបន្ទាត់ពណ៌លឿង» នៅភាគខាងត្បូងប្រទេសលីបង់ ជាកន្លែងដែលកងទ័ពរបស់​ខ្លួន​ កំពុងធ្វើប្រតិបត្តិការ។ចាប់តាំងពីព្រឹកថ្ងៃអង្គារមក ក្រុមនេះបានឲ្យ​ដឹង​ថា យុទ្ធជនរបស់ខ្លួន បានប្រឈមជាមួយ​កងទ័ពអ៊ីស្រាអែលដែលចូលទៅក្នុងទីក្រុងនេះ​ ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រដោយសារតែវានៅជិតទីក្រុងភាគខាងត្បូងដ៏សំខាន់ គឺ Nabatieh ដែលមានចម្ងាយត្រឹមតែ ៦គីឡូម៉ែត្រប៉ុណ្ណោះ៕

ប្រជាជន​អាមេរិក នៅតែ​ប្រយ័ត្នប្រយែង​ ចំពោះ​​ជម្លោះអ៊ីរ៉ង់ ខណៈទីក្រុង​វ៉ាស៊ីនតោន​បន្ត​ស្វែងរក​​កិច្ចព្រមព្រៀងសន្តិភាព

05/27/2026 06:05 PM        25
ខណៈពេលដែលរដ្ឋបាលរបស់​លោកប្រធានាធិបតី​ Donald Trump បង្ហាញពីវឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងដែលអាចធ្វើទៅបានជាមួយអ៊ីរ៉ង់ មតិសាធារណៈ នៅសហរដ្ឋអាមេរិក ហាក់ដូចជាបញ្ច្រាស​​គ្នា រវាងបំណងប្រាថ្នាចង់ជៀសវាងការចូលរួមផ្នែកយោធាកាន់តែជ្រៅ​ និងក្ដី​បារម្ភអំពីសម្បទាន ដែលទីក្រុងវ៉ាស៊ីនតោនអាចធ្វើ ដើម្បីបញ្ចប់ជម្លោះ។​ នេះបើយោងតាមការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ ​​CNN។ការស្ទង់មតិថ្មីៗ និងការជជែកដេញដោលផ្នែក​នយោបាយ បានបង្ហាញថា ជនជាតិអាមេរិកជាច្រើន នៅ​មិន​ទាន់​ជ្រះ​ស្រឡះ​ ចំពោះការពង្រីកសង្គ្រាមជាមួយអ៊ីរ៉ង់ ទោះបីជាពួកគេបន្តមើលឃើញកម្មវិធីនុយក្លេអ៊ែរ និងឥទ្ធិពលក្នុងតំបន់របស់ទីក្រុងតេអេរ៉ង់ថា ជាកង្វល់សន្តិសុខធ្ងន់ធ្ងរក៏ដោយ។អារម្មណ៍សាធារណៈនេះ ឆ្លុះបញ្ចាំងពីភាពតានតឹងស្រដៀង​គ្នា នៅក្នុងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក អ្នកបោះឆ្នោតជាច្រើន​តែង​គាំទ្រការកាត់មន្ថយ​​ការគំរាមកំហែង នៅបរទេស ប៉ុន្តែបង្ហាញពីការ​យល់ស្រប​តិចជាងមុន ចំពោះយុទ្ធនាការយោធាដែលអូសបន្លាយ។ ការជជែកដេញដោលនេះកើតឡើងនៅពេលដែលក្រុម​អ្នកចរចាអាមេរិក និងអ៊ីរ៉ង់ បន្តកិច្ចប្រឹងប្រែង ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយដែលមានគោលបំណងបន្ធូរបន្ថយអរិភាព និងដោះស្រាយបញ្ហាសំខាន់ៗ ក្នុង​នោះ​រួមទាំងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ការបន្ថយ​ទណ្ឌកម្ម និងសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់។របាយការណ៍ បង្ហាញថា ការចរចាបានបន្តតាមរយៈអ្នកសម្របសម្រួលក្នុងតំបន់ ទោះបីជាមានភាពតានតឹងថ្មីៗក៏ដោយ ក្នុង​នោះរួមមាន​ទាំងការវាយប្រហាររបស់សហរដ្ឋអាមេរិកដែលទីក្រុងតេអេរ៉ង់ បានថ្កោលទោសថា ជាការរំលោភលើបទឈប់បាញ់។សម្រាប់សេតវិមាន បញ្ហាប្រឈមនយោបាយ គឺមានសារៈសំខាន់។ លោក​ Trump បានអះអាងថា ការមាន​នូវ​កិច្ចព្រមព្រៀងណាមួយ ត្រូវតែរឹងមាំ និងផ្តល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិក ខណៈដែលក្រុមអ្នករិះគន់ព្រមានថា ការដោះស្រាយដោយប្រញាប់ប្រញាល់អាចធ្វើឲ្យ​អ៊ីរ៉ង់មានប្រៀប​ខ្លាំងពេក។ការស្ទង់មតិ បង្ហាញថា ដោយ​ទូទៅ ជនជាតិអាមេរិកមានភាពស្ទាក់ស្ទើរ ក្នុងការគាំទ្រវិធានការ​យោធាទ្រង់ទ្រាយធំ លើ​អ៊ីរ៉ង់ ខណៈពេលដែលនៅតែផ្តល់សារៈសំខាន់ខ្ពស់ លើការបញ្ចប់ជម្លោះ ការការពារជនស៊ីវិល និងការកំណត់សមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕

ប្រធានសភាពាណិជ្ជកម្មក្រុង Incheon សន្យាជួយផ្សព្វផ្សាយពីសក្តានុពលកម្ពុជាទៅដល់ធុរជនកូរ៉េ

05/27/2026 06:05 PM        90
ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង Incheon (ICCI) ​ សន្យាជួយផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជា ទៅកាន់បណ្តា ធុរជន និងវិស័យឯកជនកូរ៉េ និងការនាំសហគ្រិនមកពីក្រុង Incheon មកសិក្សាស្វែងយល់ផ្ទាល់អំពីទីផ្សារ និងបរិយាសវិនិយោគនៅ កម្ពុជា។លោក Park Joo Bong ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្ម ក្រុង Incheon (ICCI) នៃសាធារណរដ្ឋកូរ៉ ក្នុងជំនួប ពិភាក្សាការងារជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នេះ លោកបានសម្តែងការកោតសរសើរ និងចាប់អារម្មណ៍ខ្ពស់ ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រមទាំងកាលានុវត្តភាព វិនិយោគដ៏ទាក់ទាញ និងបានបញ្ជាក់ពីបំណងយ៉ាងមុតមាំក្នុងការជំរុញ និងនាំសហគ្រិនមកពីក្រុង Incheon មកសិក្សាស្វែងយល់ ផ្ទាល់អំពីទីផ្សារកម្ពុជាជាបន្តបន្ទាប់។លោកបានសង្កត់ធ្ងន់ថា វត្តមានផ្ទាល់របស់គណៈប្រតិភូនាពេលនេះ បានបំភ្លឺនូវរាល់មន្ទិលសង្ស័យ និងទទួលបានព័ត៌មាន ផ្លូវការច្បាស់លាស់ អំពីបរិយាកាសវិនិយោគដ៏ល្អប្រសើរនៅកម្ពុជា។ លើសពីនេះ លោកបានសន្យានឹងបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការ ផ្សព្វផ្សាយពីសក្តានុពលពិតប្រាកដ និងកិច្ចសម្របសម្រួលដ៏កក់ក្តៅរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់បណ្តាធុរជន និងវិស័យឯកជន កូរ៉េ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគរវាងភាគីទាំងពីរឱ្យកាន់តែរីកចម្រើន និងឈានឡើងដល់កម្រិតថ្មីមួយទៀត។ក្នុងជំនួបនោះ, ឯកឧត្តម ជា វុទ្ធី បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅផងដែរ ចំពោះ វត្តមានរបស់គណៈប្រតិភូធុរកិច្ចក្រុង Incheon នៅកម្ពុជា។ ឯកឧត្តមបានសម្តែងនូវការពេញចិត្ត ចំពោះភាពរីកចម្រើនជាលំដាប់ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានកត់សម្គាល់ថា ដំណើរទស្សនកិច្ចនាពេលនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការ បង្កើនទំនុក ចិត្ត និងជំរុញរំហូរវិនិយោគពីសាធារណរដ្ឋកូរ៉េមកកាន់កម្ពុជាបន្ថែមទៀត។ ឯកឧត្តម បានគូសបញ្ជាក់ ពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អបរិយាកាសវិនិយោគ តាមរយៈការផ្តល់ការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់ ជាពិសេសការបង្ក្រាបអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានានូវសុខសុវត្ថិភាពទាំងសម្រាប់ អ្នកទេសចរ និងវិនិយោគិន។        ឯកឧត្តមក៏បានជំរុញលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េ បណ្តាក់ទុនវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជាដូចជា ការកែ ច្នៃស្វាយចន្ទី និងការកែច្នៃស្រូវ ដែលជាវិស័យកំពុងមានសក្តានុពលខ្ពស់ និងបានលើកឡើងនូវវិស័យកែច្នៃជ័រកៅស៊ូ និងឧស្សាហកម្ម ឈើដាំ ដែលកំពុងមានតម្រូវការខ្ពស់សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតសម្បកកង់រថយន្ត និងផ្គត់ផ្គង់ដល់រោងចក្រផលិតក្តារបន្ទះ និងគ្រឿងសង្ហារិមផ្សេងៗ ដែលកំពុងទាមទារឱ្យមានការបណ្តាក់ទុនវិនិយោគ ដើម្បីច្បាមយកផលប្រយោជន៍ជាអតិបរមាពីវិស័យ ទាំងនេះ ក៏ដូចជាធានាបាននូវស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុកផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

គ្រូពេទ្យស្លាប់អំឡុងពេលព្យាបាលអ្នកជំងឺអេបូឡានៅកុងហ្គោ ធ្វើឲ្យក្តីបារម្ភនៅជួរមុខកើនឡើង

05/27/2026 06:05 PM        40
នៅតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ រថយន្តដឹកក្តារមឈូសជាច្រើនគ្រឿង បានចាកចេញពីមន្ទីរពេទ្យស្ថិតក្នុងទីក្រុង Bunia កាលពីថ្ងៃអង្គារ ខណៈក្រុមការងារសុខភាព នាំគ្នាឈរមើល ពេលដែលអ្នកជំងឺស្លាប់ ត្រូវបានយកទៅបញ្ចុះ ប៉ុន្តែលើកនេះ ម្នាក់ក្នុងចំណោមអ្នកជំងឺទាំងអស់នោះ គឺជាគ្រូពេទ្យ ។ គ្រូពេទ្យដែលបានស្លាប់ ក្រោយព្យាបាលអ្នកជំងឺអេបូឡា បង្ហាញពីការព្រួយបារម្ភនៅក្នុងចំណោមកម្មករសុខភាពនៅជួរមុខ ពេលដែលការរីករាលដាលឆ្លងជំងឺអេបូឡាកាន់តែធ្ងន់ធ្ងរទៅ ។ លោកវេជ្ជបណ្ឌិត Robert Unenu ដែលជាប្រធានសមាគមវេជ្ជសាស្រ្ត Ituri និយាយថា ក្តីបារម្ភ កំពុងកើនឡើង ។ លោកនិយាយថា ពួកយើងពិតជាខ្លាចខ្លាំងណាស់ ពីព្រោះថា ពួកយើងទាំងអស់គ្នាគឺជាអ្នកត្រូវមើលថែអ្នកជំងឺ ។ លោកបន្តថា ថ្ងៃនេះ មានអ្នកជំងឺចូលមក ថ្ងៃស្អែកនឹងមានអ្នកជំងឺចូលមកកាន់តែច្រើនបន្ថែមទៀត ។ ដូច្នេះហើយពួកយើងខ្លាច ពួកយើងទាំងអស់គ្នាពិតជាខ្លាចមែន ប៉ុន្តែពួកយើងមិនអាចបោះបង់ចោលអ្នកជំងឺបានឡើយ បើទោះបីជាពួកយើងព្រួយបារម្ភក៏ដោយ ។ ខណៈពេលនោះដែរ បណ្ដាមេដឹកនាំ និងទីភ្នាក់ងារសុខភាពអាហ្រ្វិកកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការហក់ឡើងឥតឈប់ឈរនៃការផ្ទុះរាលដាលជំងឺអេបូឡា នៅកុងហ្គោ និងអ៊ូហ្គង់ដា ដោយពួកគេប្ដេជ្ញាបញ្ចេញថវិកាជិត ៥០០លានដុល្លារ សម្រាប់ការឆ្លើយតប ខណៈបណ្ដាក្រុមហ៊ុនផលិតវ៉ាក់សាំង កំពុងប្រឹងប្រែងផលិតថ្នាំព្យាបាលជំងឺមួយនេះ ស្របពេលអត្រាឆ្លងរាលដាល និងស្លាប់កំពុងហក់ឡើងខ្ពស់ ។ អង្គការសុខភាពពិភពលោក(WHO) និយាយថា ករណីឆ្លងសង្ស័យជំងឺអេបូឡានៅកុងហ្គោ និងអ៊ូហ្គង់ដា បានកើនឡើងដល់ជាង ៩០០នាក់ ក្នុងនោះមនុស្សស្លាប់សង្ស័យចំនួន ២២០នាក់ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
06/14/2026 01:06 PM
ស.ស.យ.ក បន្តចុះអប់រំនិស្យិតដោយផ្សារភ្ជាប់ព្រះពុទ្ធសាសនាទៅនឹងការរស់នៅថ្លៃថ្នូរ
06/14/2026 01:06 PM
សមាគមអតីតយុទ្ធជន កំពង់ឆ្នាំង ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ជូនសមាជិក ៣គ្រួសារ
06/14/2026 01:06 PM
សំណុំរឿងសាច់បង្កកជាង ២០០តោន នាំមកពីថៃចូលដល់ដៃតុលាការហើយ
06/14/2026 01:06 PM
ការខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
06/14/2026 12:06 PM
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
06/14/2026 12:06 PM
អ៊ីស្រាអែលសម្លាប់មនុស្ស ៣នាក់នៅហ្កាហ្សា ធ្វើឲ្យចំនួនមនុស្សស្លាប់ក្រោយបទឈប់បាញ់កើនឡើងដល់ ៩៨៣នាក់
06/14/2026 12:06 PM
កងទ័ពអាកាស ៥នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះយោធានៅរដ្ឋ Assam ប្រទេសឥណ្ឌា
06/14/2026 12:06 PM
UN៖ ការផ្តោតសំខាន់គឺបញ្ចប់សង្រ្គាមអ៊ុយក្រែន មិនមែនវិធីដែលសង្រ្គាមចាប់ផ្តើមនោះទេ
06/14/2026 12:06 PM
សន្ទុះថ្មីមានសម្រាប់មាគ៌ាអ៊ុយក្រែនឆ្ពោះទៅរកសមាជិកភាព EU
06/14/2026 12:06 PM