ស្វែងរក

ប្រធានសភាពាណិជ្ជកម្មក្រុង Incheon សន្យាជួយផ្សព្វផ្សាយពីសក្តានុពលកម្ពុជាទៅដល់ធុរជនកូរ៉េ

05/27/2026 06:05 PM        90
ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង Incheon (ICCI) ​ សន្យាជួយផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជា ទៅកាន់បណ្តា ធុរជន និងវិស័យឯកជនកូរ៉េ និងការនាំសហគ្រិនមកពីក្រុង Incheon មកសិក្សាស្វែងយល់ផ្ទាល់អំពីទីផ្សារ និងបរិយាសវិនិយោគនៅ កម្ពុជា។លោក Park Joo Bong ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្ម ក្រុង Incheon (ICCI) នៃសាធារណរដ្ឋកូរ៉ ក្នុងជំនួប ពិភាក្សាការងារជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នេះ លោកបានសម្តែងការកោតសរសើរ និងចាប់អារម្មណ៍ខ្ពស់ ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រមទាំងកាលានុវត្តភាព វិនិយោគដ៏ទាក់ទាញ និងបានបញ្ជាក់ពីបំណងយ៉ាងមុតមាំក្នុងការជំរុញ និងនាំសហគ្រិនមកពីក្រុង Incheon មកសិក្សាស្វែងយល់ ផ្ទាល់អំពីទីផ្សារកម្ពុជាជាបន្តបន្ទាប់។លោកបានសង្កត់ធ្ងន់ថា វត្តមានផ្ទាល់របស់គណៈប្រតិភូនាពេលនេះ បានបំភ្លឺនូវរាល់មន្ទិលសង្ស័យ និងទទួលបានព័ត៌មាន ផ្លូវការច្បាស់លាស់ អំពីបរិយាកាសវិនិយោគដ៏ល្អប្រសើរនៅកម្ពុជា។ លើសពីនេះ លោកបានសន្យានឹងបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការ ផ្សព្វផ្សាយពីសក្តានុពលពិតប្រាកដ និងកិច្ចសម្របសម្រួលដ៏កក់ក្តៅរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់បណ្តាធុរជន និងវិស័យឯកជន កូរ៉េ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគរវាងភាគីទាំងពីរឱ្យកាន់តែរីកចម្រើន និងឈានឡើងដល់កម្រិតថ្មីមួយទៀត។ក្នុងជំនួបនោះ, ឯកឧត្តម ជា វុទ្ធី បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅផងដែរ ចំពោះ វត្តមានរបស់គណៈប្រតិភូធុរកិច្ចក្រុង Incheon នៅកម្ពុជា។ ឯកឧត្តមបានសម្តែងនូវការពេញចិត្ត ចំពោះភាពរីកចម្រើនជាលំដាប់ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានកត់សម្គាល់ថា ដំណើរទស្សនកិច្ចនាពេលនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការ បង្កើនទំនុក ចិត្ត និងជំរុញរំហូរវិនិយោគពីសាធារណរដ្ឋកូរ៉េមកកាន់កម្ពុជាបន្ថែមទៀត។ ឯកឧត្តម បានគូសបញ្ជាក់ ពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អបរិយាកាសវិនិយោគ តាមរយៈការផ្តល់ការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់ ជាពិសេសការបង្ក្រាបអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានានូវសុខសុវត្ថិភាពទាំងសម្រាប់ អ្នកទេសចរ និងវិនិយោគិន។        ឯកឧត្តមក៏បានជំរុញលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េ បណ្តាក់ទុនវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជាដូចជា ការកែ ច្នៃស្វាយចន្ទី និងការកែច្នៃស្រូវ ដែលជាវិស័យកំពុងមានសក្តានុពលខ្ពស់ និងបានលើកឡើងនូវវិស័យកែច្នៃជ័រកៅស៊ូ និងឧស្សាហកម្ម ឈើដាំ ដែលកំពុងមានតម្រូវការខ្ពស់សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតសម្បកកង់រថយន្ត និងផ្គត់ផ្គង់ដល់រោងចក្រផលិតក្តារបន្ទះ និងគ្រឿងសង្ហារិមផ្សេងៗ ដែលកំពុងទាមទារឱ្យមានការបណ្តាក់ទុនវិនិយោគ ដើម្បីច្បាមយកផលប្រយោជន៍ជាអតិបរមាពីវិស័យ ទាំងនេះ ក៏ដូចជាធានាបាននូវស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុកផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

គ្រូពេទ្យស្លាប់អំឡុងពេលព្យាបាលអ្នកជំងឺអេបូឡានៅកុងហ្គោ ធ្វើឲ្យក្តីបារម្ភនៅជួរមុខកើនឡើង

05/27/2026 06:05 PM        40
នៅតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ រថយន្តដឹកក្តារមឈូសជាច្រើនគ្រឿង បានចាកចេញពីមន្ទីរពេទ្យស្ថិតក្នុងទីក្រុង Bunia កាលពីថ្ងៃអង្គារ ខណៈក្រុមការងារសុខភាព នាំគ្នាឈរមើល ពេលដែលអ្នកជំងឺស្លាប់ ត្រូវបានយកទៅបញ្ចុះ ប៉ុន្តែលើកនេះ ម្នាក់ក្នុងចំណោមអ្នកជំងឺទាំងអស់នោះ គឺជាគ្រូពេទ្យ ។ គ្រូពេទ្យដែលបានស្លាប់ ក្រោយព្យាបាលអ្នកជំងឺអេបូឡា បង្ហាញពីការព្រួយបារម្ភនៅក្នុងចំណោមកម្មករសុខភាពនៅជួរមុខ ពេលដែលការរីករាលដាលឆ្លងជំងឺអេបូឡាកាន់តែធ្ងន់ធ្ងរទៅ ។ លោកវេជ្ជបណ្ឌិត Robert Unenu ដែលជាប្រធានសមាគមវេជ្ជសាស្រ្ត Ituri និយាយថា ក្តីបារម្ភ កំពុងកើនឡើង ។ លោកនិយាយថា ពួកយើងពិតជាខ្លាចខ្លាំងណាស់ ពីព្រោះថា ពួកយើងទាំងអស់គ្នាគឺជាអ្នកត្រូវមើលថែអ្នកជំងឺ ។ លោកបន្តថា ថ្ងៃនេះ មានអ្នកជំងឺចូលមក ថ្ងៃស្អែកនឹងមានអ្នកជំងឺចូលមកកាន់តែច្រើនបន្ថែមទៀត ។ ដូច្នេះហើយពួកយើងខ្លាច ពួកយើងទាំងអស់គ្នាពិតជាខ្លាចមែន ប៉ុន្តែពួកយើងមិនអាចបោះបង់ចោលអ្នកជំងឺបានឡើយ បើទោះបីជាពួកយើងព្រួយបារម្ភក៏ដោយ ។ ខណៈពេលនោះដែរ បណ្ដាមេដឹកនាំ និងទីភ្នាក់ងារសុខភាពអាហ្រ្វិកកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការហក់ឡើងឥតឈប់ឈរនៃការផ្ទុះរាលដាលជំងឺអេបូឡា នៅកុងហ្គោ និងអ៊ូហ្គង់ដា ដោយពួកគេប្ដេជ្ញាបញ្ចេញថវិកាជិត ៥០០លានដុល្លារ សម្រាប់ការឆ្លើយតប ខណៈបណ្ដាក្រុមហ៊ុនផលិតវ៉ាក់សាំង កំពុងប្រឹងប្រែងផលិតថ្នាំព្យាបាលជំងឺមួយនេះ ស្របពេលអត្រាឆ្លងរាលដាល និងស្លាប់កំពុងហក់ឡើងខ្ពស់ ។ អង្គការសុខភាពពិភពលោក(WHO) និយាយថា ករណីឆ្លងសង្ស័យជំងឺអេបូឡានៅកុងហ្គោ និងអ៊ូហ្គង់ដា បានកើនឡើងដល់ជាង ៩០០នាក់ ក្នុងនោះមនុស្សស្លាប់សង្ស័យចំនួន ២២០នាក់ ៕

សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន

05/27/2026 06:05 PM        137
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃពុធ ទី ២៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្ត ដែលមានអ្នកចូលរួមប្រមាណជិតមួយពាន់នាក់។មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមបានផ្ដល់អនុសាសន៍ណែនាំដល់មន្រ្តីមូលដ្ឋាននៃរដ្ឋបាលខេត្តកំពង់ឆ្នាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់គ្រប់គ្រង ផ្ដល់ភាពកក់ក្ដៅ ជួយទំនុកបម្រុងទាំងស្មារតី និងសម្ភារៈ ជូនចំពោះអតីតយុទ្ធជន និវត្តជន អតីតយុទ្ធជនពិការ និងគ្រួសារយុទ្ធជនពលីនៅសមរភូមិ ដើម្បីកាត់បន្ថយកង្វល់ដល់គ្រួសារដែលជាយុទ្ធជនកំពុងជាប់បេសកកម្មនៅជួរមុខ។ សកម្មភាពនេះ សម្ដេចតេជោប្រធានបានហៅថាជាផ្នែកមួយដ៏សំខាន់ដើម្បីជួយពង្រឹងខឿនការពារជាតិ ដែលអ្នកសមរភូមិក្រោយបានជួយសម្រាលការលំបាករបស់អ្នកសមរភូមិមុខ។ សម្តេចតេជោមានប្រសាសន៍ថា៖ «ចំណុចនេះខ្ញុំធ្លាប់លើកឡើងរួចមកហើយ យើងត្រូវគ្រប់គ្រងឱ្យបានក្នុងមូលដ្ឋានរបស់យើង មានអតីតយុទ្ធជនប៉ុន្មាន? មាននិវត្តជនប៉ុន្មាន? ពីមុនយើងតែមានសមាគមអតីតយុទ្ធជនប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលយើងឃើញថាមន្រ្តីរាជការចូលនិវត្តន៍ ក៏គាត់ត្រូវការលំនឹងមួយដែរ អីចឹងទើបយើងបានបង្កើតឱ្យមានលក្ខន្តិកៈថ្មីរបស់សមាគមដោយគ្រប់គ្រងទាំងអតីតយុទ្ធជន និងនិវត្តជន ជាមួយគ្នាតែម្ដង។ អីចឹងយើងត្រូវតែគ្រប់គ្រងពួកគាត់ មើលអ្នកណាមានដីអត់ផ្ទះ មានផ្ទះមិនសមរម្យ យើងត្រូ​វធ្វើម៉េច រៀបចំឱ្យគាត់មានផ្ទះសមរម្យ»។សម្ដេចតេជោ បានមានប្រសាសន៍ទៀតថា៖ «តាមខេត្តនីមួយៗ សុទ្ធតែមានផែនការធ្វើ អ៊ីចឹងត្រូវចេះប្រមូលគ្នាធ្វើចលនារួមគ្នាធ្វើ។ វាជាភព្វសំណាងមួយដែលយើងបានខិតខំធ្វើឱ្យប្រាក់បៀវត្សរ៍អ្នកចូលនិវត្តន៍មុន និងអ្នកចូលនិវត្តន៍ក្រោយមានកម្រិតស្មើគ្នា។ អីចឹងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធដែលបានចូញលនិវត្តន៍ទៅ ត្រូវជួយពួកគាត់ គាត់មិនត្រូវការអីហួសហេតុពីយើងទេ អ្វីដែលជាតម្រូវការរបស់គាត់គឺការរាប់អាន ទំនាក់ទំនងពីយើងទៅកាន់គាត់។ អ្នកចាស់ទុំពីជំនាន់មុន បានត្រួសត្រាយផ្លូវឱ្យយើងដើរ ពលិកម្មរបស់ពួកគាត់មិនត្រូវមើលរំលងដោយពួកយើងជំនាន់ក្រោយនោះទេ មិនថាពួកគាត់ជាអតីតទាហាន អតីតប៉ូលីសឡើយ»។ក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្ដីទី​ ក៏បានមានប្រសាសន៍ឱ្យពិនិត្យលទ្ធភាពក្នុងការផ្ដល់លក្ខខណ្ឌពិសេសសម្រាប់កូនចៅអតីតយុទ្ធជនបានចូលរៀនក្នុងជួរកងទ័ព ព្រមទាំងមានប្រសាសន៍ណែនាំដល់សមាគម អមត គួរផ្ដល់អាហារូបករណ៍ជូនកូនចៅអតីតយុទ្ធជន គ្រួសារយុទ្ធជនពលី និងយុទ្ធជននៅសមរភូមិមុខ បានចូលសិក្សារៀនសូត្រដើម្បីជួយឱ្យគ្រួសាររបស់ពួកគាត់មានលំនឹងនាពេលអនាគត។សម្តេចតេជោ ហ៊ុន សែន​ ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការមិនយកចិត្តទុកដាក់ និងមិនខ្វាយខ្វល់ចំពោះអតីតយុទ្ធជន និវត្តជន គ្រួសារយុទ្ធជន គ្រួសារយុទ្ធជនពលី និងកូនចៅរបស់ពួកគាត់ នោះមិនមែនជាគោលនយយោបាយរបស់គណបក្សប្រជាជននោះទេ។ ចំពោះគោលនយោបាយដែលមន្រ្តីគណបក្សប្រជាជនកម្ពុជាត្រូវប្រកាន់ខ្ជាប់គឺត្រូវតែអនុវត្តឱ្យបានល្អប្រសើរ ត្រូវយកចិត្តទុកដាក់ចំពោះអ្នកចូលនិវត្តន៍ និងចាស់ទុំជំនាន់មុនដែលជាអ្នកត្រួសត្រាយទុកឱ្យយើងអ្នកជំនាន់ក្រោយ៕

ភ្លើងឆេះព្រៃទ្រង់ទ្រាយធំវាយប្រហារទីក្រុងតំបន់ភ្នំស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា

05/27/2026 06:05 PM        26
ភ្លើងឆេះព្រៃទ្រង់ទ្រាយធំ បានឆាបឆេះតំបន់ភ្នំនៅរដ្ឋភាគខាងជើង Himachal Pradesh និង Uttarakhand របស់ប្រទេសឥណ្ឌា កាលពីយប់ថ្ងៃអង្គារ និងបន្តឆាបឆេះរហូតដល់ថ្ងៃពុធនេះ បណ្តាលឲ្យខូចខាតដៃព្រៃអស់ជាច្រើនហិចតា ។ អណ្តាតភ្លើង ត្រូវបានគេមើលឃើញរីករាលដាលយ៉ាងឆាប់រហ័សនៅលើដីព្រៃ បង្កការគំរាមកំហែងធ្ងន់ធ្ងរដល់ព្រៃបៃតងក្នុងតំបន់នោះ ។សារព័ត៌មានក្នុងស្រុករាយការណ៍ថា ភ្លើងឆេះព្រៃថ្មីៗ ត្រូវបានគេរាយការណ៍ផងដែរនៅទីក្រុងតំបន់ភ្នំ Kasauli និង Shimla ស្ថិតក្នុងរដ្ឋ Himachal Pradesh ជាទីដែលកងទ័ពអាកាសឥណ្ឌា បានដាក់ពង្រាយឧទ្ធម្ភាគចក្របំពាក់ដោយធុងទឹក ដើម្បីពន្លត់អណ្តាតភ្លើង ។សូមបញ្ជាក់ថា ប្រទេសឥណ្ឌាតែងតែមើលឃើញករណីភ្លើងឆេះព្រៃកើនឡើង ពេលដែលសីតុណ្ហភាពហក់ឡើងខ្ពស់នៅពាក់កណ្តាលខែមីនា រហូតដល់រដូវវស្សាចាប់ផ្តើម នៅខែមិថុនា ៕

អង្គការណាសាបង្ហាញផែនការសម្រាប់មូលដ្ឋានឋានព្រះចន្ទ និងអនុញ្ញាតឲ្យក្រុមហ៊ុនផលិតយានឋានព្រះចន្ទ

05/27/2026 06:05 PM        38
ផែនការចុងក្រោយរបស់អង្គការណាសា សម្រាប់បេសកកម្មឋានព្រះចន្ទផ្តល់មូលនិធិដោយឯកជន ត្រូវបានប្រកាសឲ្យដឹងកាលពីថ្ងៃអង្គារ ដែលផែនការទាំងអស់នេះ ឆ្ពោះទៅរកវត្តមានប្រកបដោយចីរភាពនៅលើឋានព្រះចន្ទ ។ អ្នកគ្រប់គ្រងអង្គការណាសា លោក Jared Isaacman និយាយថា យានចុះចត Blue Origin Mark One Endurance នឹងបញ្ជូនឧបករណ៍ជាច្រើនទៅកាន់មាត់ភ្នំភ្លើង Shackleton ស្ថិតនៅប៉ូលខាងត្បូងរបស់ឋានព្រះចន្ទ ។ អង្គការណាសានិយាយថា ដំណាក់កាលទី ១ នឹងចាប់ផ្តើមជាមួយបេសកកម្មរូបយន្ត ដើម្បីរុករកតំបន់ ធ្វើតេស្តបច្ចេកវិទ្យា និងត្រៀមខ្លួនសម្រាប់ប្រតិបត្តិការផ្ទៃឋានព្រះចន្ទ ។ លោក Carlos Garcia-Galan គឺជាប្រតិបត្តិករកម្មវិធីមូលដ្ឋានលើឋានព្រះចន្ទ និយាយថា មូលដ្ឋាន Astrolab និង Lunar Outpost ត្រូវបានផ្តល់កិច្ចសន្យាសម្រាប់យានចុះលើដីឋានព្រះចន្ទ ឬ LTV ។ ដោយឡែក ដំណាក់កាលទី ២ដែលត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅឆ្នាំ ២០២៩ ពេលដែលអង្គការណាសា ចាប់ផ្តើមបង្កើតហេដ្ឋារចនាសម្ព័ន្ធពាក់កណ្តាលអចិន្រ្តៃយ៍ និងដំណាក់កាលទី ៣ មានគោលបំណងសម្រេចឲ្យបានវត្តមានប្រកបដោយចីរភាព ជាមួយនឹងការផ្លាស់ប្តូរវេនជាប្រចាំរបស់អវកាសយានិក និងសកម្មភាពនៅលើផ្ទៃឋានព្រះចន្ទ ៕

ប្រមុខការទូតកម្ពុជា​បង្ហាញពីការ​ព្រួយបារម្ភនៅក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់ UNSC អំពីស្ថានភាពបច្ចុប្បន្ន​នៅក្នុងតំបន់ដែលកំពុងត្រូវបានទន្ទ្រាន​កាន់កាប់យ៉ាងជ្រៅនៅក្នុងទឹកដីកម្ពុជាដោយយោធាថៃ

05/27/2026 06:05 PM        121
ភ្នំពេញ៖ ក្នុងឱកាសថ្លែងសុន្ទរកថា នៅក្នុង​កិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុង​ញូវយ៉ក, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​​បង្ហាញពីការ​ព្រួយបារម្ភអំពីស្ថានភាពបច្ចុប្បន្ន​នៅក្នុងតំបន់ដែលកំពុងត្រូវបានទន្ទ្រាន​កាន់កាប់យ៉ាងជ្រៅនៅក្នុងទឹកដីកម្ពុជាដោយយោធាថៃ។ក្នុងឱកាសថ្លែង​សុន្ទរកថានោះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរសម្តែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រជូនចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែល បានទទួលតួនាទីជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម រដ្ឋមន្ត្រី វ៉ាង យី ដែលបានរៀបចំកិច្ចពិភាក្សាដេញដោលកម្រិតខ្ពស់នៅចំពេលវេលាដ៏ល្អនេះលើបញ្ហាដែលមានសារៈសំខាន់យ៉ាងជ្រាលជ្រៅចំពោះសន្តិភាពអន្តរជាតិ ការអភិវឌ្ឍប្រកបដោយចីរភាព និង សន្តិសុខរួម នៅក្នុងដំណាក់កាលដែលពិភពលោកកំពុងជួបប្រទះនូវភាពមិនប្រាកដប្រជា ការប្រែប្រួល និងភាពចលាចលកាន់តែខ្លាំងឡើង។ឯកឧត្តម ប្រាក់ សុខុន បានថ្លែង​ថា រយៈពេល៨០ឆ្នាំមកនេះ ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ បានដើរតួជាគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ និងជាក្របខណ្ឌតម្រង់ទិសសម្រាប់ទំនាក់ទំនងរវាងប្រជាជាតិទាំងឡាយ។ គោលការណ៍គ្រឹះនៃ ធម្មនុញ្ញនេះ រួមមានសមភាពអធិបតេយ្យភាពនៃរដ្ឋ ការគោរពឯករាជ្យភាព និងបូរណភាពទឹកដី ការដោះស្រាយជម្លោះដោយសន្តិវិធី និងការហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងយោធា ដែលនៅតែជាកត្តាមិនអាចខ្វះបាន ក្នុងការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងយុត្តិធម៌អន្តរជាតិ។ឯកឧត្តមបានបន្តថា ទោះជាយ៉ាងណាក៏ដោយនៅពេលបច្ចុប្បន្នគោលការណ៍ទាំងនេះកំពុងរងសម្ពាធកាន់តែខ្លាំងឡើង។ ពិភពលោកបន្តប្រឈមមុខនឹងជម្លោះប្រដាប់អាវុធ ភាពតានតឹងភូមិសាស្ត្រនយោ​បាយ ការបែកខ្ញែកនៃ សេដ្ឋកិច្ច និងការធ្លាក់ចុះនៃទំនុកចិត្តរវាងប្រជាជាតិ និងប្រជាជាតិ។ ទន្ទឹមនឹងនេះ ការប្រែប្រួលអាកាសធាតុ វិបត្តិសន្តិសុខស្បៀង និងថាមពល ជំងឺរាតត្បាត ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត និងបទល្មើសឆ្លងដែននៅតែបន្តបង្កជាប្រឈមដ៏ធ្ងន់ធ្ងរជាពិសេសសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ឯកឧត្តមបានបន្តថា តថភាពទាំងនេះបានរំឭកយើងថា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពអាចសម្រេច ទៅបានលុះត្រាតែមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ ការគោរពគ្នាទៅវិញទៅមក សាមគ្គីភាព និងការទទួលខុសត្រូវរួម។ ហេតុនេះហើយទើបកម្ពុជាជឿជាក់ថា ការធ្វើឱ្យរស់រវើក និងការពង្រឹងឡើងវិញ នៃប្រព័ន្ធពហុភាគីនិយមដែលមានអង្គការសហប្រជាជាតិជាស្នូល គឺជារឿងចាំបាច់បំផុត ដើម្បីការពារសន្តិសុខ សេចក្តីថ្លៃថ្នូរ និងផលប្រយោជន៍ស្របច្បាប់របស់គ្រប់ប្រជាជាតិទាំងអស់ ជាពិសេសបណ្តាប្រទេសតូចៗ និងប្រទេសកំពុងអភិវឌ្ឍន៍។ ធម្មនុញ្ញអង្គការសហប្រជាជាតិត្រូវតែបន្តដើរតួជាបាតគ្រឹះនៃទំនាក់ទំនងអន្តរជាតិ និងជាក្របខណ្ឌមិនអាចខ្វះបាន សម្រាប់ការរស់នៅជាមួយគ្នាដោយ សន្តិវិធី កិច្ចសហប្រតិបត្តិការ និងការបង្ការជម្លោះ។តាមរយៈសុន្ទរកថា ឯកឧត្តម ប្រាក់ សុខុន បានលើឡើងនូវបទពិសោធន៍ផ្ទាល់របស់កម្ពុជាបានបង្ហាញឱ្យឃើញពីតួនាទីយ៉ាងសំខាន់របស់អង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ និងការថែរក្សាសន្តិភាព។ ឯកឧត្តមបន្តថា នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ អ៊ុនតាក់ (UNTAC) ឬអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ដំណើរការសន្តិភាព ការផ្សះផ្សាជាតិ និងការស្តារប្រទេសកម្ពុជាឡើងវិញ។ប្រមុខការទូតកម្ពុជាបានបញ្ជាក់ថាដោយធ្លាប់បានឆ្លងកាត់ការរងទុក្ខវេទនា និងជម្លោះអស់ជាច្រើនទសវត្សរ៍ កម្ពុជាផ្តល់តម្លៃយ៉ាងខ្ពង់ខ្ពស់ ដល់សន្តិភាព និងជឿជាក់យ៉ាងមុតមាំថា ជម្លោះទាំងឡាយត្រូវតែដោះស្រាយជាដាច់ខាតតាមរយៈ ការសន្ទនា ការទូត ការគោរពគ្នាទៅវិញទៅមក និងការគោរពច្បាប់អន្តរជាតិ។ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ថា៖«ក្នុងស្មារតីនេះកម្ពុជាសូមសម្តែងនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្ររបស់សហគមន៍អន្តរជាតិ ក្នុងការទាមទារឱ្យមានបទឈប់បាញ់ និងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជា និងថៃ អនុ​លោមតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ ឯកឧត្តមបានសង្គង់ធ្ងន់ថា​៖«ព្រំដែន និងអធិបតេយ្យភាពមិនត្រូវផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតស្ថានភាពថ្មីនោះឡើយ (fait accompli)។ ទោះបីជាបទឈប់បាញ់ត្រូវបានបន្តរក្សាក៏ដោយយើងនៅតែមានការព្រួយបារម្ភ ចំពោះស្ថានភាពបច្ចុប្បន្ន នៅក្នុងតំបន់ដែលកំពុងត្រូវបានទន្ទ្រានកាន់កាប់យ៉ាងជ្រៅនៅក្នុងទឹកដីកម្ពុជា។ ហេតុដូច្នេះ បទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ ជាពិសេសសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ចាំបាច់ត្រូវតែអនុវត្តឱ្យបានពេញលេញ មានប្រសិទ្ធភាព និងជាបន្ទាន់ទាំងស្រុង»។ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ថា ក្នុងន័យនេះ ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ក៏ដូចជាការសន្ទនា ការអនុវត្តដោយស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមក នៅតែជាកត្តាសំខាន់បំផុតក្នុងការស្តារទំនុកចិត្តឡើងវិញ ការធានា សន្តិភាពយូរអង្វែង និងការអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលភៀសសឹកអាចវិលត្រឡប់ទៅផ្ទះវិញដោយ សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន បានអំពាវនាវដល់សហគមន៍អន្តរជាតិ បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងដោយសន្តិវិធីទាំងនេះ ដើម្បី ជាប្រយោជន៍ដល់ប្រទេសទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពបន្តបន្ទាប់ នៅក្នុងតំបន់ ទាំងមូល៕

រដ្ឋមន្រ្តីការបរទេសសិង្ហបុរីបំពេញដំណើរទស្សនកិច្ចដ៏កម្រទៅកាន់កូរ៉េខាងជើង

05/27/2026 06:05 PM        14
ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KRT រាយការណ៍នាថ្ងៃពុធនេះថា រដ្ឋមន្រ្តីការបរទេសសិង្ហបុរីលោក Vivian Balakrishnan បានជួបជាមួយសមភាគីកូរ៉េខាងជើងលោក Choe Son Hui នៅក្នុងទីក្រុងព្យុងយ៉ាង ដើម្បីពិភាក្សាលើការពង្រឹងទំនាក់ទំនងទ្វេភាគី ។ KRT រាយការណ៍ដោយពុំបានបរិយាយអ្វីច្រើនថា លោក Balakrishnan និងលោក Choe បានផ្លាស់ប្តូរទស្សនៈលើកិច្ចការក្នុងតំបន់ និងលើសកលលោក ។ លោក Balakrishnan ត្រូវបានគេរំពឹងផងដែរថា នឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីការឈប់សំចតរបស់លោកនៅកូរ៉េខាងជើង ដែលជាដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់ប្រទេសបងប្អូនទាំង ២ ដោយប្រេសិតសិង្ហបុរី ។ គួរឲ្យដឹងថា លោក Balakrishnan គឺជាសមាជិកមួយរូបនៅក្នុងគណៈរដ្ឋមន្រ្តីសិង្ហបុរី ពេលដែលពួកគេធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលលើកដំបូងរវាងមេដឹកនាំកូរ៉េខាងជើង និងសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៨ ៕

សំណុំផ្សែងហុយលើអាកាស ក្រោយអគ្គិភ័យឆាបឆេះផ្សារទំនើបជនជាតិជ្វីហ្វនៅអង់គ្លេស

05/27/2026 06:05 PM        42
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះឡើងនៅក្រោយប្លុកអគារផ្ទះល្វែងនៃផ្សារទំនើបជនជាតិជ្វីហ្វ ស្ថិតតាមផ្លូវ Golders Green នៅតំបន់ភាគពាយ័ព្យទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស នាព្រឹកថ្ងៃពុធនេះ ។រូបភាពវីដេអូឃ្លីបឃើញសំណុំផ្សែងពណ៌ខ្មៅយ៉ាងក្រាស់ហុយលើអាកាស ហើយរថយន្តពន្លត់អគ្គិភ័យ និងក្រុមនគរបាល នៅកន្លែងកើតហេតុ ។សារបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម X នគរបាលក្រុងឡុងដ្រ៍ និយាយថា ពុំមានសេចក្តីរាយការណ៍ពីអ្នករងរបួសនោះទេ ហើយវាលឿនពេកហើយ ក្នុងការកំណត់ពីមូលហេតុដែលបណ្តាលឲ្យកើតមានអគ្គិភ័យនេះឡើង ។អ្នកស្រុកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ និយាយថា លោករស់នៅតាមផ្លូវ Golders Green ។ ឈរពីលើដំបូលផ្ទះ ពួកយើងបានឃើញផ្សែងហុយ ឪពុករបស់លោកនិយាយប្រាប់លោកឲ្យទូរស័ព្ទហៅរថយន្តពន្លត់អគ្គិភ័យ ។លោកបន្តថា វាចាប់ផ្តើមឆាប់ឆេះដំបូងនៅឃ្លាំងស្តុកទំនិញ ហើយវាចាប់ផ្តើមរីករាលយ៉ាងឆាប់រហ័ស និងអណ្តាតភ្លើងកាន់តែខ្ពស់ វាពិតជាក្តៅខ្លាំងណាស់ កម្តៅនេះហើយបានធ្វើឲ្យកំប៉ុងហ្គាសផ្ទុះ ហើយមានអាស៊ីតច្រើនណាស់នៅក្នុងឃ្លាំង ហើយវាគឺជាអគ្គិភ័យដ៏ធំមួយនៅថ្ងៃនេះ ៕

មេដឹកនាំវ៉េណេស៊ុយអេឡាប្រកាសរៀបចំរដ្ឋាភិបាលឡើងវិញ

05/27/2026 06:05 PM        67
ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានប្រកាសថា រដ្ឋាភិបាលរបស់សាធារណរដ្ឋនេះ នឹងត្រូវបានរៀបចំឡើងវិញ។លោកស្រីបានថ្លែងក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលចាក់ផ្សាយដោយទូរទស្សន៍ Venezolana de Television ថា៖«ខ្ញុំកំពុងតែងតាំងអនុប្រធានផ្នែកសង្គមនិយម និងដែនដីរបស់វ៉េណេស៊ុយអេឡា លោក Hector Rodriguez ជាតំណាងមានការអនុញ្ញាតពីប្រធានាធិបតី ដែលទទួលបន្ទុករៀបចំរចនាសម្ព័ន្ធ និងរៀបចំរដ្ឋាភិបាលឡើងវិញ ព្រមទាំងបង្កើតរចនាសម្ព័ន្ធថ្មីរបស់ខ្លួន ដែលនឹងត្រូវគ្នានឹងការពិតថ្មីរបស់ប្រទេសនេះ។លោកស្រីបានបន្ថែមថា៖«ប្រទេសវ៉េណេស៊ុយអេឡា នឹងត្រូវបានបង្កើតជាថ្មី ដោយផ្អែកលើអត្តសញ្ញាណរបស់ខ្លួន និងប្រវត្តិសាស្ត្រនៃការតស៊ូ ដើម្បីសេរីភាព»៕

ប្រមុខការទូតរុស្ស៊ីព្រមានអំពីហានិភ័យនៃសង្គ្រាមកាន់តែខ្លាំងឡើងរវាងមហាអំណាចនុយក្លេអ៊ែរ

05/27/2026 06:05 PM        50
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បាននិយាយថា ឱកាសនៃមហាអំណាចនុយក្លេអ៊ែរដែលចូលរួមក្នុងការប្រឈមមុខដាក់គ្នាដោយអាវុធ កំពុងកើនឡើង។ លោកបានថ្លែងនៅក្នុងកិច្ចប្រជុំតុមូលស្តីពីស្ថិរភាពយុទ្ធសាស្ត្រនៃវេទិកាសន្តិសុខអន្តរជាតិថា៖«ជាលទ្ធផលនៃសកម្មភាពបំផ្លិចបំផ្លាញរួមគ្នារបស់លោកខាងលិច ការបែកបាក់ដ៏ជ្រៅ និងខ្លាំងក្លាមួយ បានលេចឡើង និងនៅតែបន្តកើតមានក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាំងអស់សុទ្ធតែជាមហាអំណាចនុយក្លេអ៊ែរស្របច្បាប់»។លោកបានសង្កត់ធ្ងន់ថា៖«សកម្មភាពនេះនាំឲ្យមានការកើនឡើងនៃហានិភ័យយុទ្ធសាស្ត្រ ដែលខ្ញុំជឿថា វាច្បាស់ណាស់សម្រាប់មនុស្សគ្រប់គ្នា ដែលអាចបណ្តាឲ្យមានជម្លោះប្រដាប់អាវុធដោយផ្ទាល់រវាងប្រទេសទាំងនេះ ជាមួយនឹងផលវិបាកដ៏មហន្តរាយ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងបរិស្ថានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍
06/14/2026 02:06 PM
អ៊ីរ៉ង់៖ បុណ្យសពអតីតមេដឹកនាំកំពូល នឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែកក្កដា ហើយបញ្ចប់ជាមួយការបញ្ចុះសពនៅថ្ងៃទី ៩ខែកក្កដា
06/14/2026 02:06 PM
សហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
06/14/2026 01:06 PM
ស.ស.យ.ក បន្តចុះអប់រំនិស្យិតដោយផ្សារភ្ជាប់ព្រះពុទ្ធសាសនាទៅនឹងការរស់នៅថ្លៃថ្នូរ
06/14/2026 01:06 PM
សមាគមអតីតយុទ្ធជន កំពង់ឆ្នាំង ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ជូនសមាជិក ៣គ្រួសារ
06/14/2026 01:06 PM
សំណុំរឿងសាច់បង្កកជាង ២០០តោន នាំមកពីថៃចូលដល់ដៃតុលាការហើយ
06/14/2026 01:06 PM
ការខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
06/14/2026 12:06 PM
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
06/14/2026 12:06 PM
អ៊ីស្រាអែលសម្លាប់មនុស្ស ៣នាក់នៅហ្កាហ្សា ធ្វើឲ្យចំនួនមនុស្សស្លាប់ក្រោយបទឈប់បាញ់កើនឡើងដល់ ៩៨៣នាក់
06/14/2026 12:06 PM
កងទ័ពអាកាស ៥នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះយោធានៅរដ្ឋ Assam ប្រទេសឥណ្ឌា
06/14/2026 12:06 PM