ស្វែងរក

យុវជនចងចាំ ឈឺចាប់ តែមានស្មារតី​ទទួល​ខុស​ត្រូវ​ចំពោះ​ជាតិ​ក្រោយ​មាន​បរទេស​ឈ្លាន​ពាន​ទឹកដី

05/27/2026 01:05 PM        217
យុវជនខ្មែរ នៅតែមានការចងចាំ មានការឈឺចាប់ ចំពោះព្រឹត្តិការណ៍ ២៨ ឧសភា ឆ្នាំ ២០២៦ ជា​ថ្ងៃ​ដែល​ទាហានថៃ ចូលឈ្លានពានបាញ់សម្លាប់វីរកងទ័ពខ្មែរ លើទឹកដីកម្ពុជា ជាលើកដំបូង។ ទន្ទឹម​នឹងមានការចងចាំ មានភាពឈឺចាប់ទាំងនេះ យុវជនម្នាក់ៗក៏បានដឹងច្បាស់ពីតួនាទី ទំនួល​ខុស​ត្រូវ​របស់ខ្លួន ដែលត្រូវជាអ្នកបន្តវេនរឹងមាំ ពោពេញដោយសក្ដានុពល សម្រាប់​ការ​រីក​ចម្រើន​របស់​សង្គម​ជាតិ​កម្ពុជា។ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ស្អែកនេះ ជាគម្រប់ខួបមួយឆ្នាំ ដែលទាហានថៃ បាន​ចូល​ឈ្លាន​ពាន​លើ​ទឹកដីកម្ពុជា ហើយបានបាញ់សម្លាប់វីរកងទ័ពខ្មែរជាលើកដំបូង។ វីរកងទ័ព សួន រោន បានបាត់បង់ជីវិតនាពេលនោះ។ មរណភាព របស់វីរកងទ័ព សួន រោន បាន​ដិត​ជាប់​ក្នុង​ការ​ច​ងចាំ​របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ការចងចាំភ្ជាប់ជាមួយការឈឺចាប់ ដែលមិន​អាច​បំភ្លេច​បាន​។ ពាក់ព័ន្ធនឹងការចងចាំនេះ សហភាពសហភាពសហព័ន្ធយុវជនកម្ពុជា ក៏នឹង​រៀបចំ​ព្រឹត្តិការណ៍​ដាស់​ស្មារតី​ជាតិ នៅថ្ងៃទី ២៨ ឧសភា ស្អែកនេះដែរ។ យុវជន រាប់រយនាក់ បាន​មក​ចូល​រួម​ហាត់​សម​សម្រាប់​ព្រឹត្តិការណ៍ ដែលនឹងរៀបចំឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ពួក​គេ​ជា​យុវជន​ចង​ចាំ​ចំពោះ​ទង្វើឈ្លានពានរបស់ទាហានថៃ ហើយចងចាំ ឈឺចាប់ ចំពោះការ​បាត់​បង់​ជីវិត​របស់​វីរៈ​កងទ័ពខ្មែរ។ រឿងហេតុទាំងនេះ ដាស់ស្មារតីពួកគេឱ្យដឹងច្បាស់ ពីតួនាទីកាតព្វកិច្ចរបស់ខ្លួន ជា​អ្នក​បន្តវេន ជាអ្នកបន្តក្នុងការកសាងសង្គមជាតិ។ កាតព្វកិច្ចនាពេលនេះ ប្រឹងប្រែង​សិក្សា​ឱ្យ​ខ្លាំង​ពូកែ រួចបន្តដំណើរជីវិតយកចំណេះដឹងទាំងនោះ ចូលរួមកសាងសង្គមជាតិកម្ពុជា ឱ្យ​កាន់​តែ​រឹងមាំ​។ លើសពីនេះគឺការបន្តពហិការទំនិញពីថៃ និងបន្តគាំទ្រផលិតផលក្នុងស្រុក។សូមជម្រាបថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៦ស្អែកនេះ ជាថ្ងៃរៀបចំព្រឹត្តិការណ៍ «ដាស់​ស្មារតី​ជាតិ​»​។ «ដាស់ស្មារតីជាតិ» គឺជាយុទ្ធនាការ​ថ្នាក់​ជាតិ​មួយ​ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​ចងក្រង និងផ្សព្វផ្សាយជា​សាធារណៈ​ដើម្បី​ឱ្យ​យុវជន​ជំនាន់​ក្រោយ​បាន​យល់​ដឹង​ជ្រាល​ជ្រៅ ​និងចងចាំទុកជាប្រវត្តិសាស្ត្រនូវបទពិសោធន៍ និងព្រឹត្តិការណ៍ពិត​ដែល​ជា​មេរៀន​ដ៏​ជូរ​ចត់​ដែល​ប្រទេស​កម្ពុជា​បាន​ឆ្លង​កាត់​ក្នុង​ឆ្នាំ​២០២៥។ ព្រឹត្តិការណ៍​នេះ​ក៏​បាន​ក្លាយ​ជា​ចំណុច​ចាប់​ផ្តើម​សំខាន់​មួយក្នុងការបំផុសនិងដាស់ស្មារតី ស្នេហាជាតិពីសំណាក់​ប្រជាពលរដ្ឋ​គ្រប់​រូប​ដោយ​រួម​ចំណែក​ក្នុង​ការប្រមូលផ្ដុំស្មារតីសាមគ្គីភាពឱ្យក្លាយជាកម្លាំងចលករផ្លូវចិត្ត និងជាការដាស់​តឿន​ដើម្បី​ពង្រឹង​ភាពធន់របស់ជាតិ៕ អត្ថបទ៖ គឹម ហុក  

សម្តេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់ផលចំណេញច្រើនចំពោះសេដ្ឋកិច្ចទៅពេលអនាគត

05/27/2026 01:05 PM        269
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងពន្យល់ជាថ្មីអំពីគម្រោងព្រែកជីកហ្វូណនថា នឹងផ្ដល់ផលចំណេញសម្រាប់សេដ្ឋកិច្ចច្រើនណាស់ទៅពេលអនាគត ព្រោះវានឹងជួយដល់វិស័យកសិកម្ម កសិឧស្សាហកម្ម និងដឹកជញ្ជូន ដើម្បីធានានូវភាពប្រកួតប្រជែងរបស់កម្ពុជា។ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធរោងចក្រផលិត កែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ ក្នុងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែឧសភា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការកសាងព្រែកជីក «ហ្វូណនតេជោ» នេះ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ជាតិ និងប្រជាជន ហើយវានឹងមិនមានការខាតបង់ដូចការលើកឡើងរបស់ជនមួយចំនួននោះឡើយ ខណៈព្រែកជីកនេះវានឹងតភ្ជាប់បណ្តាញជាច្រើនជាពិសេសគឺការដឹកជញ្ជូនលើទឹកតែម្តង។សូមបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងផ្លូវទឹកប្រវត្តិសាស្រ្តទីមួយ របស់ប្រទេសកម្ពុជា ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ និងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៨ ដោយប្រើប្រាស់ទុនវិនិយោគប្រមាណ១,៧ពាន់លានដុល្លារអាមេរិក។ ព្រែកជីក «ហ្វូណនតេជោ» នេះ មានប្រវែង១៨០គីឡូម៉ែត្រ ដោយតភ្ជាប់ពីភ្នំពេញជាមួយកំពង់ផែសមុទ្រទឹកជ្រៅខេត្តកំពត និងខេត្តព្រះសីហនុ។ គម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើន ដូចជា ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែផ្សេងទៀត, ការជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕អត្ថបទ៖ បាន ចក់

សម្ដេចធិបតី ចាប់តាំងពីមានវិបត្តិប្រេងឥន្ធនៈ រដ្ឋបានចេញខាត ក្នុងមួយខែប្រមាណ៦០លានដុល្លារ

05/27/2026 01:05 PM        329
សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា ចាប់តាំងពីមានវិបត្តិប្រេងឥន្ធនៈជាសកលចាប់ពីខែមេសា ឆ្នាំ២០២៦មក រាជរដ្ឋាភិបាលបានចេញខាតក្នុងមួយខែប្រមាណ ៦០លានដុល្លារក្នុងមួយខែៗ ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ តាមរយៈការជួយផ្នែកពន្ធអាករដល់បណ្ដាស្ថានីយប្រេងឥន្ធនៈនានាទើបកុំឱ្យតម្លៃប្រេងហក់ឡើងកាន់តែខ្លាំង។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់បែបនេះក្នុងឱកាស អញ្ជើញសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ នៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ។ សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា ក្នុងពេលភាពតានតឹងនៅមជ្ឈឹមបូព៌ា បានកើតឡើងនៅចុងខែកុម្ភៈ ឆ្នាំ២០២៦ នៅពេលដែលមានការវាយប្រហាររវាងអ៊ីរ៉ង់ ទល់នឹងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ បញ្ហានៅមជ្ឈឹមបូព៌ានេះ បានធ្វើឲ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ហើយតាមរយៈវិបត្តិនេះ រាជរដ្ឋាភិបាលបានចេញខាតក្នុងមួយខែប្រមាណ ៦០លានដុល្លារក្នុងមួយខែៗ ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ តាមរយៈការជួយផ្នែកពន្ធអាករដល់បណ្ដាស្ថានីយប្រេងឥន្ធនៈនានាទើបកុំឱ្យតម្លៃប្រេងហក់ឡើងកាន់តែខ្លាំង។ សម្ដេចធិបតីបានបន្ថែមថា ក្រៅពីនេះ រាជរដ្ឋាភិបាលតាមរយៈ អគ្គិសនីកម្ពុជា ក៏បានចេញខាតលុយប្រមាណ ៨០លានដុល្លារ ដោយសារមិនតម្លើងថ្លៃភ្លើង លើការប្រើប្រាស់របស់ប្រជាពលរដ្ឋផងដែរ។សូមជម្រាបថារបស់ក្រសួងពាណិជ្ជកម្មកម្ពុជាស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ សម្រាប់ការអនុវត្តចាប់ពីម៉ោងតម្លៃប្រេងសាំងលក់ ៥ ២៥០រៀល/លីត្រ ចំណែក ប្រេងម៉ាស៊ូតលក់ ៥ ៣០០រៀល/លីត្រ។ តម្លៃនេះ បន្ទាប់ពី រាជរដ្ឋាភិបាលបាន ១. បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ២. បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស ១០០ដុល្លារ/បារ៉ែល ៣. ពន្ធគយ ០ (សូន្យ) ដុល្លារ និង ៤. ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេច បញ្ចុះ អាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% នឹង ប្រេងម៉ាស៊ូត ពី ៤% មក ០% និង បញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូត ពី ១០% មក ០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសស់រុបចំនួន ៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូត៕

ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ

05/27/2026 12:05 PM        386
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំនួនពីរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ សរុប ៦១នាក់ (ស្រី្ត ៦នាក់) ពាក់ព័ន្ធ​នឹង​ករណី​បើក​ទីតាំង​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ក្នុង​ទម្រង់​ផ្សេង​ៗ​គ្នា។ ប្រតិបត្តិការបង្ក្រាបទាំងនេះ ធ្វើឡើងជាបន្តបន្ទាប់គ្នា ក្រោមការបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាល​​ នៃគណៈអភិបាលរាជធានីភ្នំពេញ , ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ​ស្នង​ការ​រង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការ​សម្រប​សម្រួល​នីតិ​វិធី​ច្បាប់​ពី​តំណាង​អយ្យការ​អម​សាលាដំបូងរាជធានីភ្នំពេញ។ ករណីទី១៖ ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការ​អម​សាលា​ដំបូងរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ៧មករា បានចុះត្រួតពិនិត្យ និងបង្ក្រាប ទីតាំង​ផ្ទះ​លេខ​៦ ផ្លូវ ១៦៣ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឃាត់ខ្លួន ជនជាតិចិនតៃ វ៉ាន់​៦​នាក់( ស្រ្តី០១នាក់ ) និងដកហូតទូរសព្ទដៃ ចំនួន ៤គ្រឿង , all in one ១គ្រឿង,monitor ៩​គ្រឿង និងធុង CPU ៤ ។ ករណី​ទី២៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដោយមាន​ការ​សម្រប​សម្រួល​ផ្លូវ​ច្បាប់​ពី​លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន​ចុះ​ត្រួត​ពិនិត្យ និងបង្ក្រាប ទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ៣ ទី​តាំង​នៅបុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ជា​លទ្ធផលឃាត់ខ្លួនជនជាតិចិនសរុបចំនួន៥៥នាក់(ស្រី្ត០៥នាក់)និងដកហូតសម្ភារៈ All in One ចំនួន ៩៨ គ្រឿង, កុំព្យូទ័រយួរដៃ ចំនួន ០៥ គ្រឿង ,Monitor ចំនួន 0៩ គ្រឿង ,CPU ចំនួន ០៧ គ្រឿង ,ទូរស័ព្ទដៃ ចំនួន ១១៣ គ្រឿង ,ដុំ wifi ចំនួន ០៣ គ្រឿង ,ស៊ីម​កាត​បរទេស​មួយ​ចំនួន​។ តាមការសន្និដ្ឋានទាំងពីរករណីនេះ ក្រុមជនសង្ស័យបានប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាទីតាំង​ដើម្បី​ប្រព្រឹត្ត​បទ​ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ក្រោមរូបភាពបង្កើត Website លក់អីវ៉ាន់​ក្លែង​ក្លាយ តាមរយៈការបើកហាងទីផ្សារ ក្លែងក្លាយ , អូសទាញឱ្យជនរងគ្រោះដាក់ប្រាក់វិនិយោគ និង​ទទួលបានការងារការងារ ដែលមានគោលដៅ កោះតៃវ៉ាន់ និងប្រទេសចិន។ បច្ចុប្បន្ន ទាំងជនសង្ស័យជាជនបរទេសទាំង ៦១នាក់ ព្រមទាំងសម្ភារៈវត្ថុតាង ដែល​ដក​ហូត​បាន​ទាំង​អស់​ ត្រូវបានប្រគល់ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរៀបចំសំណុំរឿង និង​អនុវត្តនីតិវិធីបន្តទៅតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយគ្មានការលើកលែងឡើយ។ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់​បទ​បញ្ជា​យ៉ាង​ម៉ឺង​ម៉ាត់​ដល់​អាជ្ញាធរ​មូលដ្ឋាន និងកងកម្លាំងនគរបាលជាតិ ត្រូវបន្តយុទ្ធនាការ​បង្ក្រាប​បណ្តាញ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ឱ្យអស់ជាដាច់ខាត ដើម្បីរក្សាសន្តិសុខសង្គម និងការពារកេរ្តិ៍​ឈ្មោះ​ប្រទេ​ស​ជាតិ​លើ​ឆាក​អន្តរជាតិ៕

សម្ដេចធិបតី សាទរចំពោះកំណើនការប្រើប្រាស់ខ្សែច្រវាក់ផលិតកម្មវត្ថុធាតុដើមជ័រកៅស៊ូពីរោងចក្រនៅក្នុងស្រុក

05/27/2026 12:05 PM        141
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបង្ហាញការសាទរចំពោះកំណើននៃការប្រើប្រាស់ខ្សែច្រវាក់ផលិតកម្មវត្ថុធាតុដើមជ័រកៅស៊ូរបស់កម្ពុជាទៅតាមបណ្ដារោងចក្រផលិតកង់រថយន្តនានានៅក្នុងស្រុក ជៀសជាងការនាំចេញទៅក្រៅប្រទេសដែលនាំឱ្យកម្ពុជាខាតបង់តម្លៃដើម និងតម្លៃផលិតផលសម្រេចជាច្រើន។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ភោធរោងចក្រផលិតកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅភូមិជាំម្លូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ ចំណូលសរុបរបស់កម្ពុជា ទទួលបានពីការលក់ផលិតផលជ័រកៅស៊ូមានប្រមាណ ៨៣៣ លានដុល្លារ កើនឡើង ២៤% បើធៀបនឹងឆ្នាំ២០២៤ ខណៈតម្លៃកៅស៊ូនៅកម្ពុជាកំពុងមានការកើនឡើងហើយផ្ទៃដៃដាំដុះក៏កំពុងមានការកើនឡើងផងដែរ។ ជាមួយគ្នានេះសម្ដេចធិបតី បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះចំណូលនៃការនាំចេញផលិតផលកៅស៊ូមានប្រមាណ ៦០៤ លានដុល្លារ ដែលមានការថយចុះ ១,៩% ចំពោះការនាំចេញនេះ, ប៉ុន្ដែចំណូលពីការលក់ជ័រកៅស៊ូក្នុងស្រុកមានប្រមាណ ២២៣ លានដុល្លារ ដែលបានកើនឡើង ១៣១%ទៅវិញ។ សម្ដេចធិបតីបញ្ជាក់ថា លទ្ធផលនេះមានន័យថា ការលក់ជ័រកៅស៊ូនៅកម្ពុជាកំពុងបម្រើឱ្យរោងចក្រនៅក្នុងស្រុកច្រើនជាងនាំចេញ។ សម្ដេចធិបតី បានចាត់ទុកកំណើនការទិញលក់ផលិតផលកៅស៊ូនៅក្នុងស្រុកនេះ គឺជាគោលដៅនៃការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជា ខណៈការអភិវឌ្ឍវិស័យឧស្សាហកម្មនេះជំហានដំបូងកម្ពុជាផលិត និងនាំចេញវត្ថុធាតុដើម, បន្ទាប់មកការនាំចេញ និងផលិតនូវផលិតផលពាក់កណ្ដាលសម្រេច, និងចុងក្រោយ គឺការនាំចេញផលិតផលសម្រេចដែលជំរុញឱ្យកសិឧស្សាហកម្មនៅកម្ពុជា។ លទ្ធផលនេះ គឺជាគោលដៅសំខាន់នេះ ក្នុងការរក្សាបានតម្លៃសរុប និងតម្លៃបន្ថែមនៅក្នុងប្រទេស។ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កម្ពុជាបានជំរុញការកែច្នៃបាននៅនឹងកន្លែង ដែលគោលនយោបាយរបស់រាជរដ្ឋាភិបាលនេះបានផ្ដល់ផលដោយផ្ទាល់ទៅដល់ កសិករ ម្ចាស់ចម្ការ ឬម្ចាស់ស្រែ ហើយបង្កើតការងារ ការដឹកជញ្ជូន និងដែលនេះជាខ្សែច្រវាក់ផលិតកម្មដែលរាជរដ្ឋាភិបាលចង់បាន៕

សម្ដេចតេជោ ហ៊ុន សែន ប្រកាស​ត្រៀម​បញ្ជូនចៅៗ​របស់​សម្តេច​ដែល​គ្រប់​អាយុ​ទៅ​បំពេញ​កាតព្វកិច្ច​កង​ទ័ព​ អនុវត្តច្បាប់ «កាតព្វកិច្ចយោធា»

05/27/2026 12:05 PM        529
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស​ត្រៀម​បញ្ជូន​ចៅ​ៗ​របស់​សម្តេច​ដែលគ្រ​ប់​អាយុ​បំពេញ​កាតព្វកិច្ចកងទ័ព អនុវត្តច្បាប់ «កាតព្វកិច្ចយោធា»។ សម្ដេចតេជោ បានបញ្ជាក់បែបនេះ ក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​ប្រឹក្សា​ខេត្ត ​ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំងសរុបចំនួន ៩៦៦​នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅសាលាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ។ក្នុងឱកាសនោះ សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា ការអនុវត្ត​ច្បាប់​កាតព្វ​កិច្ច​យោធា​នេះ គឺធ្វើ​ឡើង​ដោយ​ស្មើភាព​គ្នា​ហើយ​ចៅ​ៗ​របស់​សម្តេច​បាន​ត្រៀម​អនុវត្ត​ដោយ​គ្មាន​ការ​លើក​លែង​នោះ​ទេ។ សម្ដេចតេជោ បានបន្តថា «ច្បាប់កាតព្វកិច្ច​យោធា​នេះ​គឺ​មាន​វិសាលភាព​អនុវត្ត​លើ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ចាប់ពីអាយុ១៨ឆ្នាំដល់២៥ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធាលើកលែងតែស្ត្រី គឺ​ផ្អែក​ទៅតា​មការស្ម័គ្រចិត្ត»។សូមជម្រាបថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅថ្ងៃទី២៣ ខែ​ឧសភា​ ឆ្នាំ២០២៦នេះ ក្នុងព្រះមរមនាម និងតាម​ព្រះរាជ​ត្រាស​បង្គាប់​របស់​ព្រះករុណា​ព្រះ​បាទ​សម្ដេ​ចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញ​ព្រះរា​ជ​ក្រម​ ដាក់ឱ្យប្រើប្រាស់ច្បាប់ស្ដីពី «កាតព្វកិច្ចយោធា»។ច្បាប់ស្តីពី «កាតព្វកិច្ចយោធា»នេះ ដែលមាន ៨ ជំពូក និង ២០ មាត្រា។ ច្បាប់នេះ​ត្រូវ​បាន​រដ្ឋ​សភា ​អនុម័តកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាល​ទី៧ ហើយព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់​នេះ​ទាំង​ស្រុង​កាល​ពី​ថ្ងៃ​ទី​២០​ ខែឧសភា ឆ្នាំ២០២៦ នាសម័យប្រជុំព្រឹទ្ធសភាលើកទី៥ នីតិកាលទី៥។ជំពូក​ទី១ ​មាត្រា១ នៃច្បាប់នេះបានបញ្ជាក់ថា ច្បាប់នេះកំណត់អំ​ពី​វិធាន​នៃ​ការ​អនុវត្ត​កាតព្វ​កិច្ច​យោធា ​ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារ មាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់ និង​ជា​កិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋាន​គ្រឹះ​នៃ​ប្រភព​កសាង​កម្លាំង​សម្រាប់​វិស័យ​ការ​ពារជាតិ និងការអភិវឌ្ឍកាយសម្បទាព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការ​អប់​រំ​ផ្នត់​គំនិត ​និងវិន័យដែលជាតម្រូវការរបស់ប្រទេសជាតិ។ក្នុងជំពូក​១ មាត្រា២ នៃច្បាប់នេះ បានបញ្ជាក់ថា ច្បាប់នេះមានវិសាល​ភាព​អនុវត្ត​ចំពោះ​ប្រជាព​លរដ្ឋ​ខ្មែរ​គ្រ​ប់រូបមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាម​ការ​កំណត់​នៃច្បាប់នេះ។ ក្នុងនោះ​ការ​បំពេញ​កាតព្វកិច្ច​យោធា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ស្ត្រី​ត្រូវ​ផ្អែក​តាម​គោលការណ៍ស្ម័គ្រចិត្ត៕ អត្ថបទ៖ បាន ចក់

សម្ដេចធិបតី៖ ការវិនិយោគរោងចក្រផលិតកែច្នៃជ័រកៅស៊ូនៅត្បូងឃ្មុំឆ្លុះបញ្ចាំងពីកត្តាសុខសន្តិភាពរបស់កម្ពុជា

05/27/2026 12:05 PM        388
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការសម្រេចវិនិយោគសាងសង់រោងចក្រផលិតកែច្នៃជ័រកៅស៊ូធំទំនើបនៅខេត្តត្បូងឃ្មុំ កំពុងឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ភោធរោងចក្រផលិតកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅភូមិជាំម្លូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ សម្ដេចធិបតីបានថ្លែងថា ការសម្រេចវិនិយោគសាងសង់រោងចក្រផលិតកែច្នៃជ័រកៅស៊ូធំទំនើបនៅខេត្តត្បូងឃ្មុំនេះ គឺជាសមិទ្ធផលសេដ្ឋកិច្ចដ៏សំខាន់មួយទៀត ក្នុងការជំរុញខ្សែច្រវាក់ផលិតកម្មកសិ-ឧស្សាហកម្ម និងលើកកម្ពស់តម្លៃបន្ថែមនៃផលិតផលកៅស៊ូធម្មជាតិរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ។ សម្ដេចធិបតីបានបន្តថា សមិទ្ធផលនេះក៏នឹងចូលរួមចំណែកដល់ការលើកកម្ពស់ និងអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម តាមរយៈការផលិតកែច្នៃជ័រកៅស៊ូក្រែបកម្រិតអន្តរជាតិ ដើម្បីនាំចេញទៅក្រៅប្រទេស និងដើម្បីផ្គត់ផ្គង់ជ័រកៅស៊ូដល់រោងចក្រនានានៅក្នុងស្រុក។ សម្ដេចធិបតីបានបញ្ជាក់ថា ការសម្រេចវិនិយោគសាងសង់រោងចក្រផលិតកែច្នៃជ័រកៅស៊ូធំទំនើបរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mainland Group កំពុងឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិឱ្យរីកចម្រើនឆាប់រហ័ស ព្រមទាំងបង្ហាញពីទំនុកចិត្ត និងភាពជឿជាក់របស់វិនិយោគិនទាំងខ្មែរ និងបរទេសមកលើបរិយាកាសធុរកិច្ចអំណោយផលរបស់កម្ពុជា។ការបោះទុនវិនិយោគរបស់ក្រុមហ៊ុន គឺបានបង្កើនសមត្ថភាពនៃការផលិតកៅស៊ូនៅកម្ពុជា ដែលជាការរួមចំណែកយ៉ាងសំខាន់នៃការលើកកម្ពស់វិស័យដំណាំកៅស៊ូនៅកម្ពុជា ជាពិសេសបានបង្កើត និងផ្តល់ការងារជូនដល់ប្រជាជនកម្ពុជាដោយផ្ទាល់នៅរោងចក្រចំនួនប្រមាណ ៣០០កន្លែង និងប្រយោល (អ្នកចៀរជ័រកៅស៊ូ) ប្រមាណជាង ៥ម៉ឺនកន្លែងបន្ថែម ក៏ដូចជាចរន្តសេដ្ឋកិច្ចមូលដ្ឋានផងដែរ៕

[UPDATE] ផ្លូវរូងក្រោមដីលាក់កំបាំង និង​ទ្វារក្លែងក្លាយ ​គ្របដណ្ដប់លើការ​​ស៊ើបអង្កេតសោកនាដកម្មអាជីវកម្ម​រ៉ែដែលបានសម្លាប់មនុស្ស ៨២នាក់នៅចិន​​

05/27/2026 12:05 PM        112
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារ ២៦ ឧសភា សប្ដាហ៍នេះ ថា​ ផ្លូវរូងក្រោមដីដែលគ្មានបិទ​ស្លាកសញ្ញា ការបាត់​ឧបករណ៍តាមដានផ្សេងៗ​ និងទ្វារក្លែងក្លាយ ត្រូវ​បានរកឃើញក្នុងអំឡុងពេលស៊ើបអង្កេតដំបូងទៅលើសោកនាដកម្មអាជីវកម្ម​​​រ៉ែដ៏សាហាវបំផុតនៅប្រទេសចិនក្នុងរយៈពេលជាង ១៥ឆ្នាំ មកនេះ​ ដោយរដ្ឋាភិបាលសន្យាថានឹងរកមូលហេតុឲ្យ​ឃើញ​។​ ​​ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋខាងលើ​បាននិយាយ ​មនុស្សយ៉ាងហោចណាស់ ៨២នាក់បានស្លាប់ដោយសារការផ្ទុះឧស្ម័នកាលពី​យប់ថ្ងៃសុក្រ សប្ដាហ៍មុន​​​នៅអណ្តូងរ៉ែ Liushenyu ក្នុងខេត្ត Shanxi ដែលសម្បូរទៅដោយធ្យូងថ្មនៅភាគខាងជើងប្រទេសចិន។ មនុស្ស​ពីរនាក់នៅតែបាត់ខ្លួន ដោយមានមនុស្ស ១២៨នាក់ផ្សេង​​ទៀតត្រូវបានបញ្ជូនទៅព្យាបាល​នៅមន្ទីរពេទ្យ។  ការផ្ទុះនេះគឺជាសោកនាដកម្ម​​​អាជីវកម្ម​​រ៉ែដ៏សាហាវបំផុតនៅក្នុងប្រទេសចិនចាប់តាំងពីឆ្នាំ ២០០៩ នៅពេលការផ្ទុះឧស្ម័ននៅអណ្តូងរ៉ែ Xinxing ក្នុងខេត្ត Heilongjiang បានសម្លាប់មនុស្ស ១០៨នាក់។ ខណៈមូលហេតុនៃឧបទ្ទវហេតុកាលពីថ្ងៃសុក្រនៅតែស្ថិតក្រោមការស៊ើបអង្កេត ទីភ្នាក់ងារសារព័ត៌មានផ្លូវការស៊ីនហួរកាលពីថ្ងៃអង្គារ ២៦​​ឧសភា សប្ដាហ៍នេះ បាននិយាយថា ផ្លូវរូងក្រោមដីដែលលាក់កំបាំង​ពីភ្នែកមនុស្ស​ គំនូរក្លែងក្លាយ និងកម្មកររ៉ែ​​​មិនបានចុះបញ្ជី ដែលមិនត្រូវបានផ្តល់ឧបករណ៍តាមដានទីតាំងសង្គ្រោះជីវិតដែលត្រូវការចាំបាច់​​ គឺជាកត្តារួមចំណែកដល់ឧបទ្ទវ​ហេតុដ៏សាហាវនេះ។​​​ យោងតាមវីដេអូដែលបង្ហាញលើទូរទស្សន៍រដ្ឋ CCTV កាលពី​ថ្ងៃចន្ទ​​​បានឲ្យដឹងថានៅពេលការផ្ទុះបានកើតឡើងកាលពី​ថ្ងៃសុក្រ កំណត់ហេតុផ្លូវការបានបង្ហាញថា មានតែកម្មករ​១២៤ ​​ នាក់ប៉ុណ្ណោះដែលបានចុះទៅក្រោមដី ។​ តាមពិតទៅ កម្មករសរុបចំនួន​២៤៧ ​ នាក់កំពុងធ្វើការនៅក្នុងអណ្តូងរ៉ែ ដែលបង្ហាញថាមនុស្ស​​ ១២៣ នាក់មិនត្រូវបានតាមដានក្នុងផ្លូវរូងក្រោមដីនៅខាងក្រៅវិសាលភាពផ្លូវការ។​ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា កង្វះផែនទីត្រឹមត្រូវ និងព័ត៌មានទីតាំងរបស់កម្មករ​​រ៉ែបានរារាំងយ៉ាងខ្លាំងដល់ប្រតិបត្តិការជួយសង្គ្រោះ៕

បណ្ដាប្រទេសនៅអាហ្វ្រិក បង្កើនវិធានការឆ្លើយតបជំងឺអេបូឡា ខណៈករណីឆ្លង និងស្លាប់កើនឡើង

05/27/2026 12:05 PM        42
បណ្ដាមេដឹកនាំ និងទីភ្នាក់ងារសុខភាពអាហ្រ្វិកកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការហក់ឡើងឥតឈប់ឈរនៃការផ្ទុះរាលដាលជំងឺអេបូឡា ក្នុងសាធារណរដ្ឋប្រជាធិបេត្យកុងហ្គោ និងអ៊ូហ្គង់ដា ដោយប្ដេជ្ញាបញ្ចេញថវិកាជិត៥០០លានដុល្លារអាមេរិកសម្រាប់ការឆ្លើយតប ខណៈបណ្ដាក្រុមហ៊ុនផលិតវ៉ាក់សាំង កំពុងប្រឹងប្រែងផលិតថ្នាំព្យាបាលជំងឺនេះ ស្របពេលអត្រាឆ្លងរាលដាល និងស្លាប់កំពុងហក់ឡើងខ្ពស់។ ថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកម្រិតខ្ពស់តាមប្រព័ន្ធអនឡាញកាលពីថ្ងៃចន្ទ លោក Jean Kaseya អគ្គនាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក បាននិយាយថា ករណីសង្ស័យជាង ៩០០ ករណីត្រូវបានរាយការណ៍នៅក្នុងប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយមានករណីឆ្លងដែលបានបញ្ជាក់ជាង ១០០ ករណីត្រូវបានកត់ត្រានៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងអ៊ូហ្គង់ដា រួមជាមួយនឹងករណីស្លាប់ជាង ២០០ នាក់នៅក្នុងប្រទេសទាំងពីរ។ លោកថា ការផ្ទុះឡើងនៃជំងឺអេបូឡាបច្ចុប្បន្នបានលើសពីទំហំនៃការផ្ទុះឡើងនៃជំងឺអេបូឡាពីមុនរួចទៅហើយ នៅពេលដែលវីរុសនេះ ត្រូវបានប្រកាសជាផ្លូវការ។ លោកបន្តថា នៅពេលដែលការផ្ទុះឡើងនៃជំងឺបច្ចុប្បន្នត្រូវបានប្រកាស ពួកលោកមានករណីសង្ស័យថាបានឆ្លងចំនួន ២៣៦ ករណី និងអ្នកស្លាប់ចំនួន ៦៤ នាក់រួចហើយ ហើយទោះបីជាមាននិន្នាការនេះក៏ដោយ ពួកលោកនៅតែមិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលដែលមានអាជ្ញាប័ណ្ណនៅឡើយដែរ៕

មនុស្សរាប់លាននាក់ប្រមូលផ្តុំគ្នានៅពេលថ្ងៃលិចសម្រាប់ការបួងសួងបុណ្យហាជ នៅភ្នំ Arafat ប្រទេសអារ៉ាប៊ីសាអ៊ូឌីត

05/27/2026 11:05 AM        58
ប្រជាជនមូស្លីមរាប់លាននាក់ បានប្រមូលផ្តុំគ្នានៅពេលថ្ងៃលិចនៅលើភ្នំ Arafat កាលពីថ្ងៃអង្គារ ទី២៦ ខែឧសភា ដើម្បីបួងសួងក្នុងអំឡុងពេលពិធីសាសនានៃធម្មយាត្រាបុណ្យហាជ នៅទីក្រុង Mecca ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ អ្នកដើរធម្មយាត្រា បានប្រមូលផ្តុំគ្នានៅជុំវិញភ្នំមានកម្ពស់ប្រហែល៧០ម៉ែត្រ មានទីតាំងប្រហែល២០ គីឡូម៉ែត្រពីទីក្រុង Mecca ជាកន្លែងដែលអ្នកដើរធម្មយាត្រាបានបួងសួង និងសូត្រគម្ពីរគូរ៉ាន។ ការជួបជុំគ្នានៅភ្នំ Arafat ត្រូវបានចាត់ទុកថា ជាពិធីសំខាន់បំផុតនៃធម្មយាត្រាប្រចាំឆ្នាំ។ ពិធីបុណ្យហាជ ជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភចំនួនប្រាំរបស់សាសនាអ៊ីស្លាម បានទាក់ទាញប្រជាជនមូស្លីមមកពីជុំវិញពិភពលោក។ ពិធីនេះមានរយៈពេលជាច្រើនថ្ងៃ និងរួមបញ្ចូលសកម្មភាពសាសនាជាបន្តបន្ទាប់។ ពិធីបុណ្យហាជ គឺជាកាតព្វកិច្ចសាសនាដែលតម្រូវមានម្តងក្នុងមួយជីវិតសម្រាប់ប្រជាជនមូស្លីមគ្រប់រូបដែលមានលទ្ធភាព។ វាបង្ហាញពីការបញ្ចេញមតិខ្ពស់បំផុតនៃជំនឿ ការលះបង់ និងការឯកភាពសកលរបស់សាសនាអ៊ីស្លាម។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត
06/14/2026 03:06 PM
ករណីនាំសាច់បង្កកមកពីថៃជាង២០០តោន : តំណាងអយ្យការចោទប្រកាន់ជនសង្ស័យ ២នាក់
06/14/2026 03:06 PM
ក្រសួងបរិស្ថានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍
06/14/2026 02:06 PM
អ៊ីរ៉ង់៖ បុណ្យសពអតីតមេដឹកនាំកំពូល នឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែកក្កដា ហើយបញ្ចប់ជាមួយការបញ្ចុះសពនៅថ្ងៃទី ៩ខែកក្កដា
06/14/2026 02:06 PM
សហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
06/14/2026 01:06 PM
ស.ស.យ.ក បន្តចុះអប់រំនិស្យិតដោយផ្សារភ្ជាប់ព្រះពុទ្ធសាសនាទៅនឹងការរស់នៅថ្លៃថ្នូរ
06/14/2026 01:06 PM
សមាគមអតីតយុទ្ធជន កំពង់ឆ្នាំង ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ជូនសមាជិក ៣គ្រួសារ
06/14/2026 01:06 PM
សំណុំរឿងសាច់បង្កកជាង ២០០តោន នាំមកពីថៃចូលដល់ដៃតុលាការហើយ
06/14/2026 01:06 PM
ការខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
06/14/2026 12:06 PM
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
06/14/2026 12:06 PM