ស្វែងរក

ក្រុមពន្លត់អគ្គិភ័យនៅប្រទេសជប៉ុន ខិតខំទប់ស្កាត់ចំហេះព្រៃ ដោយប្រជាជនជាង៣.០០០ នាក់ត្រូវបានជម្លៀសចេញ

04/25/2026 12:04 PM        34
 ចំហេះព្រៃនៅភាគខាងជើងប្រទេសជប៉ុន បានបន្តរាលដាល ដោយអណ្តាតភ្លើងបានឆាបឆេះខិតទៅជិតតំបន់លំនៅឋាននៅថ្ងៃសៅរ៍ ទី ២៥ ខែមេសានេះ។យោងតាមអង្គភាពពន្លត់អគ្គិភ័យក្នុងស្រុកបានឲ្យដឹងថា ចំហេះព្រៃបានជំរុញឱ្យអាជ្ញាធរពង្រីកបទបញ្ជាជម្លៀសប្រជាជនជាង ៣.០០០ នាក់។ក្រុមពន្លត់អគ្គិភ័យមកពីខាងក្រៅតំបន់ត្រូវបាននាំទៅកាន់តំបន់នោះ ដែលធ្វើឱ្យចំនួនបុគ្គលិកដែលកំពុងប្រយុទ្ធទប់ស្កាត់ចំហេះព្រៃនៅលើដីកើនឡើងដល់ប្រហែល ១.០០០ នាក់។ ទោះជាយ៉ាងណា អណ្តាភ្លើងនៅតែមិនទាន់អាចទប់ស្កាត់បាននៅឡើយ ខណៈស្ថិតនៅក្នុងស្ថានភាពក្តៅស្ងួត។ ប៉ុន្តែពុំមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសត្រូវបានរាយការណ៍នោះទេ ក្រៅពីអគារចំនួនប្រាំបីកន្លែង រួមទាំងលំនៅឋានមួយខ្នងត្រូវបានបំផ្លាញ នេះបើយោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ NHK។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃជំរុញឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីសុវត្ថិភាពសាធារណៈ

04/25/2026 12:04 PM        91
សៀមរាប ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាម Online Scams នៅ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅខេត្តសៀមរាប បានជំរុញឱ្យមានការបង្ក្រាប និងទប់ស្កាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីសុវត្ថិភាពសាធារណៈ។នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍ជំរុញដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និង កងកម្លាំងទាំងបី បន្តអនុវត្តឲ្យបានផុលផុសថែមទៀត ទៅតាមច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់។នាយឧត្ដមសេនីយ៍ បានផ្តាំផ្ញើដល់ក្រុមការងារទាំងអស់ ត្រូវទទួលខុសត្រូវ និងត្រួតពិនិត្យទីតាំងសង្ស័យ តាមសណ្ឋាគារ ផ្ទះសំណាក់ ឬទីតាំងផ្សេងៗទៀត ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន។នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធអនឡាញ កំពុងក្លាយជាបញ្ហាសង្គមធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដូច្នេះហើយការបន្តអនុវត្តយុទ្ធនាការបង្ក្រាប និងទប់ស្កាត់ប្រភេទបទល្មើសនេះ ត្រូវការការសហការយ៉ាងជិតស្និទ្ធពីគ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចគ្រប់ថ្នាក់ផងដរ៕លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ខេត្តសៀមរាប គឺជាខេត្តប៉ូលសេដ្ឋកិច្ចទេសចរណ៍ដ៏សំខាន់ ដូចនេះ បញ្ហាបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា គឺចាំបាច់ត្រូវទប់ស្កាត់ និងបង្ក្រាបឱ្យបានដល់កម្រិតអតិបរិមា ក្នុងគោលដៅរក្សាការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងសុវត្ថិភាពសាធារណៈផងដែរ។ ជាពិសេស មុខមាត់របស់ខេត្តសៀមរាប ភ្ញៀវទេសចរ និងអ្នកវិនិយោគនានា។លោកបន្ដថា តាមរយៈបទពិសោធន៍ នៃការបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាកន្លងមក ពិនិត្យឃើញថា បញ្ហាដែលកើតចេញពីបទល្មើស Online Scams គឺធ្វើឱ្យមាន៖ប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុ ដូចជា ការបាត់បង់សាច់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ចេញពីសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈល្បែងស៊ីសងអនឡាញ និងការវិនិយោគក្លែងក្លាយនិងបាត់បង់សីលធម៌សង្គម ដូចជា ការប្រើប្រាស់រូបភាពអាសអាភាស ឬការគំរាមកំហែងតាមអនឡាញ ដើម្បីជម្រិតទារប្រាក់ ឬក្រោមរូបភាពបទល្មើសផ្សេងៗជាច្រើន។លោក បានណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបានយកចិត្តទុកដាក់បន្ថែម លើការងារប្រយុទ្ធប្រឆាំងបទល្មើស Online Scams គឺអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ ដោយត្រូវពង្រឹងការអនុវត្តច្បាប់ ។ បន្តធ្វើរដ្ឋបាលចំហ និងមានវិធានការចំពោះទីតាំងប្រមូលផ្តុំ ខុនដូ ផ្ទះជួល ឬទីតាំងអាជីវកម្មបង្កប់ល្បែងអនឡាញខុសច្បាប់ ត្រូវតែបង្ក្រាបឱ្យអស់ពីមូលដ្ឋាន ដោយមិនមានការយោគយល់។ ត្រូវបង្កើនការអប់រំផ្សព្វផ្សាយ អំពីបញ្ហាបទល្មើស Online Scams ដល់ប្រជាជន និងព្រមទាំងបន្តអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕ ដោយ ៖ សាវី

មេដឹកនាំមជ្ឈិមបូព៌ា និងសហភាពអឺរ៉ុប បញ្ចប់កិច្ចប្រជុំកំពូលអឺរ៉ុបនៅប្រទេសស៊ីប

04/25/2026 11:04 AM        48
​មេដឹកនាំតំបន់មជ្ឈិមបូព៌ា និងមន្ត្រីសហភាពអឺរ៉ុប បានបញ្ចប់កិច្ចប្រជុំកំពូលក្រៅផ្លូវការនៅប្រទេសស៊ីបកាលពីថ្ងៃសុក្រ ទី២៤ ខែមេសា ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមក្នុងតំបន់ និងឱកាសសហប្រតិបត្តិការ។ប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah el-Sisi ព្រះអង្គម្ចាស់ Hussein bin Abdullah II របស់ប្រទេសហ្ស៊កដានី និងប្រធានាធិបតីលីបង់ លោក Joseph Aoun បានចូលរួមកិច្ចប្រជុំការងាររបស់មេដឹកនាំសហភាពអឺរ៉ុបនៅទីក្រុងនីកូស៊ី។ កិច្ចប្រជុំកំពូលក្រៅផ្លូវការនេះ ផ្តោតលើបរិយាកាសភូមិសាស្ត្រនយោបាយ និងការឆ្លើយតបរបស់សហភាពអឺរ៉ុបចំពោះជម្លោះក្នុងតំបន់ ជាពិសេសស្ថានភាពនៅអ៊ីរ៉ង់ និងតំបន់មជ្ឈិមបូព៌ា និងលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងដៃគូសំខាន់ៗនៅមជ្ឈិមបូព៌ា។ប្រធានាធិបតីលីបង់ លោក Joseph Aoun និងប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែរឹងមាំ និងបានព្រមានអំពីហានិភ័យសន្តិសុខ និងសេដ្ឋកិច្ចដែលកំពុងកើនឡើង រួមទាំងការគំរាមកំហែងដល់ពាណិជ្ជកម្មសកល ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប ។

រ៉ូម៉ានី នឹងដាក់បញ្ចូលប្រព័ន្ធប្រឆាំងយានដ្រូនរបស់សហរដ្ឋអាមេរិក Merops ក្នុងវិស័យការពារជាតិ

04/25/2026 11:04 AM        52
​នៅមូលដ្ឋានយោធាប្រទេសរ៉ូម៉ានី មន្ត្រីជាន់ខ្ពស់របស់សម្ព័ន្ធយោធាណាតូ និងក្រុមហ៊ុនកិច្ចសន្យាការពារជាតិ បានសម្លឹងមើលទៅលើអាកាស ខណៈប្រព័ន្ធប្រឆាំងយានដ្រូនដែលផលិតដោយអាមេរិក កំពុងឆ្លងកាត់ការធ្វើតេស្តចុងក្រោយ មុនពេលកងទ័ពរ៉ូម៉ានី ចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធនេះ។ រ៉ូម៉ានី ជារដ្ឋរបស់សហភាពអឺរ៉ុប និងណាតូ មានព្រំដែនគោករួមប្រវែង៦៥០គីឡូម៉ែត្រ ជាមួយអ៊ុយក្រែន ហើយមានយានដ្រូនរំលោភលើដែនអាកាសរបស់ខ្លួន និងមានបំណែកធ្លាក់ចូលទឹកដីនេះម្តងហើយម្តងទៀត ចាប់តាំងពីរុស្ស៊ី ចាប់ផ្តើមវាយប្រហារលើកំពង់ផែអ៊ុយក្រែនឆ្លងកាត់ទន្លេ Danube ។ ក្នុងរយៈពេលជាងពីរសប្តាហ៍ក្នុងខែមេសានេះ ទីបញ្ជាការសម្ព័ន្ធមិត្តរបស់ណាតូ និងក្រសួងការពារជាតិរ៉ូម៉ានី បានសាកល្បងដំណោះស្រាយការពារដែនអាកាសថ្មីពីក្រុមហ៊ុនកិច្ចសន្យាឯកជន ជាការធ្វើតេស្តជាបន្តបន្ទាប់ និងជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធមិត្តកាន់តែទូលំទូលាយ ដើម្បីកសាងការការពាររួមគ្នាប្រឆាំងការវាយប្រហារដោយយានដ្រូន។ នៅតំបន់ Capu Midia អ្នកសង្កេតការណ៍អឺរ៉ុប អ្នកជំនាញយានដ្រូនអ៊ុយក្រែន មន្ត្រីណាតូ និងរ៉ូម៉ានី បានសាកល្បងយានដ្រូនស្ទាក់ចាប់ សាកល្បងរ៉ាដា ឧបករណ៍ចាប់សញ្ញា ឧបករណ៍ប្រឆាំងការក្លែងបន្លំ និងឧបករណ៍បង្អាក់បរព័ន្ធអេឡិចត្រូនិកជាច្រើនប្រភេទពីក្រុមហ៊ុនឯកជនជាច្រើនក្រុមហ៊ុន។ ក្នុងចំណោមនោះមាន Merops ដែលជាប្រព័ន្ធប្រឆាំងយានដ្រូនមានតម្លៃទាប ដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Project Eagle ជាក្រុមហ៊ុនមានមូលដ្ឋាននៅសហរដ្ឋអាមេរិក គាំទ្រដោយអតីតនាយកប្រតិបត្តិក្រុមហ៊ុន Google លោក Eric Schmidt ដែលប្រទេសរ៉ូម៉ានី បានទទួលពីរដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីខែតុលា ឆ្នាំមុន។ ការការពារដែនអាកាសរបស់ប្រទេសរ៉ូម៉ានី បច្ចុប្បន្នរួមមានយន្តហោះចម្បាំង F-16 ប្រព័ន្ធប៉ាទ្រីយ៉ូត( Patriot) ជើងទម្របាញ់រ៉ូកែត HIMARS របស់ក្រុមហ៊ុន Lockheed Martin មីស៊ីលChiron បាញ់ពីលើដីទៅអាកាសរយៈចម្ងាយជិតរបស់កូរ៉េខាងត្បូង និងកាំភ្លើងធំប្រឆាំងយន្តហោះ Gepard របស់ប្រទេសអាល្លឺម៉ង់។

រុស្ស៊ី ​ប្ដេជ្ញាសងសឹកប្រឆាំងនឹងទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុប

04/25/2026 11:04 AM        59
​រុស្ស៊ី បានសន្យាសងសឹកប្រឆាំងនឹងទណ្ឌកម្មជុំថ្មីពីសហភាពអឺរ៉ុប។ ប្លុកអឺរ៉ុប បានប្រកាសពីទណ្ឌកម្មនៅក្នុងសប្តាហ៍នេះ រួមជាមួយនឹងកញ្ចប់ប្រាក់កម្ចីសម្រាប់ប្រទេសអ៊ុយក្រែនមានតម្លៃ៩០ពាន់លានអឺរ៉ូ ឬប្រហែល១០៥ពាន់លានដុល្លារ។ទណ្ឌកម្មទាំងនេះ ដាក់គោលដៅទៅលើស្ថាប័នហិរញ្ញវត្ថុ និងវិស័យថាមពលដែលរកប្រាក់ចំណូលបានរបស់រុស្ស៊ី។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃសុក្រថា រុស្ស៊ី មានបទពិសោធន៍យ៉ាងច្រើនក្នុងការកាត់បន្ថយផលប៉ះពាល់ពីទណ្ឌកម្ម និងបានបន្តសកម្មភាពរបស់ខ្លួន។អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Maria Zakharova បាននិយាយថា ទណ្ឌកម្មនឹងត្រូវបានឆ្លើយតបយ៉ាងមុតមាំស្របតាមផលប្រយោជន៍របស់ទីក្រុងមូស្គូ។ កាលពីថ្ងៃសុក្រ រុស្ស៊ី និងអ៊ុយក្រែន បានប្រកាសថា ពួកគេបានដោះដូរឈ្លើយសឹកចំនួន១៩៣នាក់ ដោយឈ្លើយសឹកមួយចំនួន ត្រូវបានគេឃើញដណ្តប់ទង់ជាតិរបស់ពួកគេ។

របាយការណ៍៖ ប្រជាជនជាង២៦០លាននាក់ រងផលប៉ះពាល់ដោយកង្វះស្បៀងធ្ងន់ធ្ងរ

04/25/2026 11:04 AM        44
​របាយការណ៍ថ្មីមួយបានបង្ហាញពីទំហំ និងផលប៉ះពាល់នៃវិបត្តិស្បៀងនៅជុំវិញពិភពលោក។ របាយការណ៍និយាយថា ប្រជាជនចំនួន ២៦៦ លាននាក់បានជួបប្រទះនឹង «កម្រិតខ្ពស់នៃអសន្តិសុខស្បៀងធ្ងន់ធ្ងរ» ក្នុងឆ្នាំ២០២៥។ តួលេខនេះបង្ហាញថា ២២,៩ ភាគរយនៃចំនួនប្រជាជននៅក្នុងប្រទេស និងដែនដីចំនួន ៤៧ បានគ្របដណ្តប់នៅក្នុងការតាមដានស្ថានភាព។ សមាមាត្រនេះ បានកើនឡើងជិតទ្វេដង ពីឆ្នាំ ២០១៦។របាយការណ៍នេះ ត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រដោយអង្គការស្បៀងអាហារ និងកសិកម្ម និងអង្គការផ្សេងៗទៀត។ របាយការណ៍និយាយថា ជម្លោះ និងអសន្តិសុខ គឺជាកត្តាជំរុញចម្បងនៃកង្វះស្បៀងធ្ងន់ធ្ងរ។ នៅតំបន់ហ្កាហ្សា ប្រជាជនប្រហែល ២ លាននាក់ត្រូវបានគេនិយាយថាបានរងផលប៉ះពាល់។របាយការណ៍និយាយថា ទីផ្សារថាមពល និងជី កំពុងរងផលប៉ះពាល់ដោយជម្លោះនៅអ៊ីរ៉ង់ និងការបិទច្រកសមុទ្រហ័រមូស។ របាយការណ៍ព្រមានថា ការរំខានដល់ការដឹកជញ្ជូនដែលនៅតែបន្តអាចបង្កើតហានិភ័យកាន់តែទូលំទូលាយសម្រាប់ទីផ្សារកសិកម្ម និងស្បៀងអាហារពិភពលោក។អ្នកនាំពាក្យរងរបស់អង្គការយូនីសេហ្វ លោក Ricardo Pires បានប្រាប់អ្នកសារព័ត៌មានថា ទស្សនវិស័យសម្រាប់ឆ្នាំ ២០២៦ «គួរឱ្យព្រួយបារម្ភខ្លាំង»។ លោកក៏បាននិយាយផងដែរថា «ជម្លោះដែលកំពុងកើនឡើង វិបត្តិអាកាសធាតុ និងការរំខានដល់ទីផ្សារពិភពលោក គំរាមកំហែងដល់ការជំរុញឱ្យកុមារកាន់តែច្រើនធ្លាក់ចូលទៅក្នុងស្ថានភាពកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ»។

តុលាការអាមេរិក ច្រានចោលបម្រាមលើអ្នកស្វែងរកសិទ្ធិជ្រកកោនរបស់លោកTrump ដោយជំរុញឱ្យមានការប្តឹងឧទ្ធរណ៍

04/25/2026 11:04 AM        74
​តុលាការឧទ្ធរណ៍បានចេញសេចក្តីសម្រេចថា បម្រាមលើពាក្យសុំសិទ្ធិជ្រកកោនរបស់លោកប្រធានាធិបតី Donald Trump នៅសហរដ្ឋអាមេរិក គឺខុសច្បាប់ ជាការរារាំងដល់ការបង្ក្រាបអន្តោប្រវេសន៍របស់រដ្ឋបាលលោក។នៅក្នុងសេចក្តីសម្រេចមួយ ដែលបានចេញកាលពីថ្ងៃសុក្រ គណៈកម្មការចៅក្រមបីរូបមកពីតុលាការឧទ្ធរណ៍សហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានរកឃើញថា ច្បាប់ដែលមានស្រាប់ ជាច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិ ផ្តល់សិទ្ធិដល់ប្រជាជនដើម្បីដាក់ពាក្យស្នើសុំសិទ្ធិជ្រកកោន នៅតាមព្រំដែន។លោក Trump បានចេញបម្រាមសិទ្ធិសុំជ្រកកោននៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅថ្ងៃដំបូងនៃអាណត្តិទីពីររបស់លោក។ ប៉ុន្តែតុលាការឧទ្ធរណ៍ បានសួរថាតើការផ្អាកសិទ្ធិជ្រកកោនដោយឯកតោភាគីស្ថិតនៅក្នុងអំណាចរបស់ប្រធានាធិបតី ដែរឬទេ។ សេចក្តីសម្រេចនេះបាននិយាយថា «សភាពុំមានបំណងផ្តល់អំណាចប្រតិបត្តិដកចេញច្បាប់ដ៏ទូលំទូលាយដែលខ្លួនបានអះអាងនោះទេ»។ «ដូច្នេះ សេចក្តីប្រកាស និងការណែនាំ គឺខុសច្បាប់ក្នុងកម្រិតដែលពួកគេគេចវេះនីតិវិធីដកចេញច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិ (INA) និងទុកមួយឡែកច្បាប់សហព័ន្ធដែលផ្តល់សិទ្ធិដល់បុគ្គលក្នុងការដាក់ពាក្យស្នើសុំ និងត្រូវបានពិចារណាសុំសិទ្ធិជ្រកកោន»។ ខណៈចៅក្រម បានរារាំងក្រឹត្យរបស់លោក Trump វាមិនទាន់ច្បាស់នោះថាតើផលប៉ះពាល់ភ្លាមៗរបស់វានឹងទៅជាយ៉ាងណានោះ។ សេតវិមានបានបង្ហាញសញ្ញារួចហើយថា ខ្លួនមានផែនការប្តឹងឧទ្ធរណ៍។ លោក Trump បានធ្វើឱ្យបញ្ហាអន្តោប្រវេសន៍ក្លាយជាសសរស្តម្ភដ៏សំខាន់នៃយុទ្ធនាការបោះឆ្នោតឡើងវិញកាលពីឆ្នាំ ២០២៤ របស់លោក ដោយសន្យាថានឹងទប់ស្កាត់អ្វីដែលលោកពិពណ៌នាថាជា «ការឈ្លានពាន» របស់ជនអន្តោប្រវេសន៍ដោយការបិទព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក។

រាជរដ្ឋាភិបាលចំណាយថវិកា ៣៥ លានដុល្លារ ដល់អគ្គិសនីប្រើធ្យូងថ្មនិងប្រេង ដើម្បីកាត់បន្ថយការប៉ះពាល់សេដ្ឋកិច្ច

04/25/2026 11:04 AM        322
រាជរដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣៥លានដុល្លារអាមេរិក ជួយជ្រោមជ្រែងដល់ក្រុមហ៊ុនវិនិយោគលើវិស័យអគ្គិសនីប្រើធ្យូងថ្ម និងប្រេង ក្នុងកំឡុងពេលប្រេងឥន្ធនៈឡើងថ្លៃ ជួយទប់លំនឹងការប្រើប្រាស់ថាមពល ដើម្បីកាត់បន្ថយការប៉ះពាល់សេដ្ឋកិច្ច និងជីវភាព ប្រជាជនកម្ពុជា។ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងអំពីការជួយជ្រោមជ្រែងលើវិស័យអគ្គិសនីរបស់រាជរដ្ឋាភិបាល នៅក្នុងកំឡុងពេលប្រេងឥន្ធនៈឡើងថ្លៃ នៅក្នុងការអញ្ជើញបើកសម្ពោធដាក់ឱ្យដំណើរការរោងចក្រស្លមួយកន្លែង នៅខេត្តកំពង់ធំ ថា ជុំវិញការប្រើប្រាស់អគ្គិសនីនៅកម្ពុជា មិនថាវិស័យឧស្សាហកម្ម លំនៅឋាន ពាណិជ្ជកម្ម កសិកម្ម និងវិស័យដឹកជញ្ជូនដែលប្រើប្រាស់ រថយន្តអគ្គិសនី គឺគ្មានរងផលប៉ះពាល់នោះទេ ទាំងបរិមាណនៃការផ្គត់ផ្គត់អគ្គិសនី និងថ្លៃអគ្គិសនី ក្នុងកំឡុងពេលប្រេងឥន្ធនៈឡើង ថ្លៃនេះ។ឯកឧត្តម បន្ថែមថា បញ្ហានេះដែលមិនរងការប៉ះពាល់នេះ ដោយសាររាជរដ្ឋាភិបាលមានអគ្គិសនីកម្ពុជាដែលាបង្អែក និងថាម- ពលភាគច្រើនបានយកចេញពីប្រភពនៅក្នុងប្រទេស។ ឯកឧត្តមបន្តថា ចំពោះការមិនឡើងថ្លៃអគ្គិសនីសម្រាប់ឧស្សាហកម្ម កសិកម្ម លំនៅឋាន ពាណិជ្ជកម្ម និងវិស័យដឹកជញ្ជូននេះជាដើម ដោយរាជរដ្ឋាភិបាលបានចេញជួសអំពីការប៉ះពាល់ខ្លះៗ នៅក្នុងកំឡុងពេល ប្រេងឥន្ធនៈឡើងថ្លៃ ដែលការជួយជ្រោមជ្រែងនេះមានទឹកប្រាក់ប្រមាណ ៣៥ លានដុល្លារអាមេរិក។សូមបញ្ជាក់ថា ការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាក្នុងឆ្នាំ២០២៥ បានកើនឡើងជិត ៦ ពាន់មេហ្កាវ៉ាត់ ក្នុងនោះថាមពលស្អាតមានចំនួន ប្រមាណជាង ៦៣% ដោយបានធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសទី២ ដែលមានថាមពលស្អាតខ្ពស់ជាងគេបន្ទាប់ពីប្រទេសឡាវ។ បញ្ហានេះបើតាមផែនការ កម្ពុជានឹងជំរុញថាមពលស្អាតយ៉ាងតិចដល់ ៧០% នៅត្រឹមឆ្នាំ២០៣០។ ចំណែកបណ្តាញបញ្ជូនអគ្គិសនី វិញ, គិតត្រឹមចុងឆ្នាំ២០២៥ បានកើនដល់ជាង ៤ ពាន់គីឡូម៉ែត្រ និងមានអនុស្ថានីយកើនដល់ ៧៥ (កើនចំនួន៥អនុស្ថានីយ) និង បច្ចុប្បន្នមានខ្សែបណ្តាញបញ្ជូន និងអនុស្ថានីយ អាចផ្តល់ប្រភពអគ្គិសនីដល់រាជធានី/ខេត្ត ទាំងចំនួន២៥ដោយផ្ទាល់៕អត្ថបទ៖ សុន រ៉ាឌី

ត្រីមាសទី១ ឆ្នាំនេះ កម្ពុជាមានគម្រោងវិនិយោគថ្មី ចុះបញ្ជីដើមទុនលើស ៤,៨០០លានដុល្លារ

04/25/2026 10:04 AM        200
ភ្នំពេញ ៖ ក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាបានបន្តបង្ហាញសញ្ញាវិជ្ជមានលើវិស័យវិនិយោគ ដោយមានរោងចក្រ និងសហគ្រាសថ្មីៗជាច្រើន ដែលមានដើមទុនចុះបញ្ជីក្នុងទំហំទឹកប្រាក់សរុបជាង ៤,៨០០លានដុល្លារអាម៉េរិក ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ អ្នកជំនាញសេដ្ឋកិច្ច មើលឃើញថា កំណើនគួរឱ្យកត់សម្គាល់នេះ ជាសញ្ញាបញ្ជាក់ពីការកើនឡើងនៃទំនុកចិត្តរបស់វិនិយោគិនក្នុងស្រុក និងអន្តរជាតិលើសក្តានុពលសេដ្ឋកិច្ចកម្ពុជា។ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រាប់ BTV ថា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦នេះ ក្រសួងឧស្សាហកម្ម ទទួលបានគម្រោងវិនិយោគចុះបញ្ជីកើនឡើងគួរឱ្យកត់សម្គាល់ ដែលមានសរុបចំនួន ៦២៦មូលដ្ឋាន ជាមួយនឹងដើមទុនចុះបញ្ជីក្នុងទំហំទឹកប្រាក់សរុប ៤,៨៧០លានដុល្លារអាម៉េរិក។ ក្នុងចំណោមរោងចក្រទាំង ៦២៦នេះ គឺ រោងចក្រ/សហគ្រាសធុនតូច និងមធ្យម បានបង្កើតថ្មីកើនឡើងរហូតទៅដល់ចំនួន ៥០០ មូលដ្ឋាន និងរោងចក្រធុនធំ មានចំនួន ១២៦ រោងចក្រ ដែលនេះគឺជាកំណើនមួយដ៏ធំ មិនធ្លាប់មាន បើធៀបទៅនឹងបណ្តាឆ្នាំកន្លងមក។អ្នកនាំពាក្យរូបនេះ ពន្យល់ថា ការកើនឡើងនេះគឺដោយសារស្ថានភាពនៃព្រះរាជាណាចក្រកម្ពុជាគឺជាប្រទេសមួយដែលស្ថិតនៅចំណុចកណ្តាលនៃបណ្តាប្រទេសអាស៊ាន ដែលជាចំណុចប្រសព្វតភ្ជាប់នៃប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់នៅក្នុងតំបន់។ ជាមួយគ្នាប្រទេសកម្ពុជា មានសក្តានុពលកម្លាំងពលកម្មវ័យក្មេងច្រើនរហូតដល់ជាង ៧០% នៅទូទាំងប្រទេស។ បន្ថែមពីនេះ ច្បាប់វិនិយោគថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា ក៏មានភាពទាក់ទាញ និងមានការអនុគ្រោះច្រើនដល់វិនិយោគិន។ ច្បាប់វិនិយោគថ្មីនេះ ត្រូវបានគេចាត់ថា មានលក្ខណៈល្អជាងគេ បើធៀបទៅនឹងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន។ ទន្ទឹមនឹងនេះ ប្រទេសកម្ពុជាមានស្ថិរភាពនៃថាមពលអគ្គិសនីលើបណ្តាញជាតិ ជាពិសេស ប្រភពថាមពលអគ្គិសនីកកើតឡើងវិញ ដែលមានរហូតដល់ ៦៣% នាពេលបច្ចុប្បន្ននេះ ដែលនេះក៏ជាចំណុចមួយដ៏ទាក់ទាញបំផុត ផងដែរ។ជុំវិញកំណើននេះ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច មើលឃើញថា ការទាក់ទាញគម្រោងវិនិយោគថ្មីៗនាពេលគឺដោយសារប្រទេសកម្ពុជាមានភាពអំណោយផលនៃទីតាំងភូមិសាស្រ្ត ដែលស្ថិតនៅចំណុចកណ្តាលនៃបណ្តាប្រទេសក្នុងតំបន់អាស៊ានដែលបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូន និងឡូជីស្ទិក ស្រពពេល រាជរដ្ឋាភិបាលបានខិតខំការកែទម្រងគោលនយោបាយនានា ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនិងបង្កភាពងាយស្រួលដល់ការចុះបញ្ជីអាជីវកម្មរបស់វិនយោគិនឱ្យកាន់តែងាយស្រួល លឿនរហ័ស និងមិនស្មុកស្មាញ ជាដើម។សូមបញ្ជាក់ថា ចលនាគាំទ្រផលិតផលក្នុងស្រុកពីសំណាក់ប្រជាពលរដ្ឋយ៉ាងផុលផុស បានជំរុញទឹកចិត្តឱ្យវិនិយោគិន ទាំងក្នុងស្រុក និងក្រៅស្រុក បានបោះទុនវិនិយោគបង្កើតរោងចក្រ/សហគ្រាសថ្មីៗ ក៏ដូចជា ធ្វើការពង្រីកនូវខ្សែច្រវ៉ាក់ផលិតកម្មរបស់ខ្លួន មានការកើនឡើងគួរឱ្យកត់សម្គាល់នាពេលនេះ ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំនេះ។កាលពីថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៤.៥% ក្នុងឆ្នាំ២០២៦ ប្រសិនបើការរំខានដល់ទីផ្សារទំនិញសកល បង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា មិនត្រូវបានអូសបន្លាយយូរ ហើយ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងកើនឡើងថែមទៀតដល់ ៥.០% នៅឆ្នាំ២០២៧ ដោយសារស្ថានភាពនៅក្រៅប្រទេសមានភាពប្រសើរឡើង ហើយកំណែទម្រង់ក្នុងស្រុកបន្តលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច៕អត្ថបទ៖ ធូ វិរៈ 

អ៊ីស្រាអែល បន្តវាយប្រហារលើប្រទេសលីបង់ ទោះបីជាមានការបន្ថែមពេលបទឈប់បាញ់ក៏ដោយ

04/25/2026 10:04 AM        38
​អ៊ីស្រាអែល បានបន្តការវាយប្រហាររបស់ខ្លួនទៅលើភាគខាងត្បូងប្រទេសលីបង់ ប៉ុន្មានម៉ោងបន្ទាប់ពីបទឈប់បាញ់រវាងប្រទេសទាំងពីរត្រូវបានបន្ថែមពេលបីសប្តាហ៍ទៀត។យោធាប្រទេសអ៊ីស្រាអែលកាលពីថ្ងៃសុក្របាននិយាយថា ខ្លួនបាន «កម្ចាត់» អ្នកប្រយុទ្ធក្រុមហេសបូឡាចំនួន៦នាក់នៅក្នុងការបាញ់តគ្នានៅក្នុងតំបន់ Bint Jbeil ភាគខាងត្បូងប្រទេសលីបង់។ ក្រសួងសុខាភិបាលលីបង់ ក៏បានរាយការណ៍ផងដែរថា មនុស្សពីរនាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតំបន់ Touline ភាគខាងត្បូង។ការវាយប្រហារទាំងនេះ បង្ហាញពីការបំពានចុងក្រោយនៃបទឈប់បាញ់ដែលបានចាប់ផ្តើមនៅថ្ងៃទី១៦ខែមេសា បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេលជាច្រើនសប្តាហ៍រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ជាក្រុមប្រដាប់អាវុធនៅប្រទេសលីបង់។កងកម្លាំងអ៊ីស្រាអែល ក៏នៅតែឈរជើងនៅភាគខាងត្បូងប្រទេសលីបង់ បន្ទាប់ពីបានបង្កើតអ្វីដែលគេហៅថា «ខ្សែបន្ទាត់លឿង» នៅក្នុងតំបន់ ស្រដៀងគ្នាទៅនឹងវិធានការយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សាដែលត្រូវបានហ៊ុមព័ទ្ធ។ក្រសួងសុខាភិបាលលីបង់ បាននិយាយថា ចំនួនអ្នកស្លាប់ចាប់តាំងពីការប្រយុទ្ធគ្នារវាងយោធាអ៊ីស្រាអែល និងក្រុមហេសបូឡា បានផ្ទុះឡើងនៅថ្ងៃទី២ ខែមីនា បានកើនឡើងដល់ ២.៤៩១ នាក់ និង ៧.៧១៩ នាក់បានរងរបួស។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋអាមេរិកនាំគ្នាដង្ហែរក្បួននៅទីក្រុង Miami អំពាវនាវឲ្យមានការផ្លាស់ប្តូរនយោបាយនៅគុយបា
04/27/2026 08:04 PM
UN៖ ស៊ុយអែតបានរំលោភលើសិទ្ធិកុមារមានពិការភាពអាល់បានី តាមរយៈការនិរទេស
04/27/2026 08:04 PM
សេតវិមាន នឹងពិភាក្សាអំពីសន្តិសុខប្រធានាធិបតី និងគាំទ្រសេវាសម្ងាត់
04/27/2026 08:04 PM
អធិការបតីអាល្លឺម៉ង់ លើកឡើងថា អ៊ុយក្រែនអាចនឹងព្រមបាត់បង់ទឹកដី ដើម្បីបើកផ្លូវចូល EU
04/27/2026 08:04 PM
លោកស្រី Von der Leyen រិះគន់លោក Merz ដោយបញ្ជាក់ថា ការលុបទណ្ឌកម្មអ៊ីរ៉ង់ គឺឆាប់ពេក
04/27/2026 08:04 PM
សហភាពអឺរ៉ុប ពង្រីករយៈពេលដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា ១ឆ្នាំទៀត
04/27/2026 07:04 PM
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
04/27/2026 07:04 PM
ប្រធានាធិបតីលីបង់ឆ្លើយតបទៅក្រុមហេសបូឡាថា ការនាំប្រទេសចូលទៅក្នុងសង្គ្រាម គឺ «ក្បត់ជាតិ»
04/27/2026 07:04 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
04/27/2026 07:04 PM
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
04/27/2026 07:04 PM