សាលារៀននៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា រោទិ៍កណ្តឹងទឹក ដើម្បីធ្វើឲ្យសិស្សមានជាតិទឹក ស្របពេលអាកាសធាតុក្តៅខ្លាំង
សាលារៀននៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា បានណែនាំឲ្យប្រើប្រាស់កណ្តឹងទឹក ដើម្បីដាស់តឿនកូនសិស្សឲ្យបន្តមានជាតិទឹកក្នុងខ្លួន ស្របពេលដែលអាកាសធាតុក្តៅខ្លាំងបន្តវាយប្រហារទីក្រុងមួយនេះ ក្នុងនោះគ្រូបង្រៀន បានបញ្ជាឲ្យក្មេងៗទៅផឹកទឹករាល់ពេលចេញលេងម្តង ខណៈស្ថានភាពរលកកម្តៅនៅតែបន្តកើតមាន ។ ការិយាល័យឧតុនិយមឥណ្ឌា បានចេញការព្រមានរលកកម្តៅនៅរដ្ឋភាគខាងជើង Haryana, Chandigarh និងទីក្រុងញូវដែលី ស្របពេលដែលសីតុណ្ហភាពក្តៅខ្លាំង វាយប្រហារតំបន់ជាច្រើនរបស់ប្រទេសមួយនេះ ក្នុងនោះសីតុណ្ហភាពបានកើនឡើងដល់ចន្លោះពី ៤០អង្សាសេ ដល់ ៤៤អង្សាសេ ។ នាយកសាលានិយាយថា គ្រូបង្រៀន ត្រូវបានណែនាំឲ្យធានាថា សិស្សបានផឹកទឹកគ្រប់គ្រាន់ ក្រោយពេលចេញលេងម្តង ជាមួយនឹងប្រព័ន្ធកណ្តឹងទឹក រោទិ៍ជាសញ្ញាឲ្យពួកគេទៅដងទឹក ឬផឹកទឹក កំប៉ុងទឹករបស់ពួកគេ ។ នៅតំបន់ជាច្រើនរបស់ប្រទេសឥណ្ឌា សីតុណ្ហភាពកើនឡើង ៥អង្សាសេពីលើកម្រិតមធ្យម បង្កឲ្យមានស្ថានភាពរលកកម្តៅ ។ សូមបញ្ជាក់ថា ឥណ្ឌាប្រកាសអាសន្នរលកកម្តៅ ពេលដែលសីតុណ្ហភាពអតិបរមា មានពី ៤,៥អង្សាសេ ដល់ ៦,៥អង្សាសេពីលើកម្រិតធម្មតា ហើយនិងរលកកម្តៅធ្ងន់ធ្ងរ ពេលដែលសីតុណ្ហភាពមានជាង ៦,៥អង្សាសេពីលើកម្រិតធម្មតា ៕