មនុស្សសត្វនៅប្រទេសឥណ្ឌា ពិបាកទ្រាំក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេដោយសាររលកកម្តៅដ៏អាក្រក់
សីតុណ្ហភាពកើនឡើង និងស្ថានភាពរលកកម្តៅក្តៅខ្លាំង នៅតំបន់ភាគខាងជើង និងតំបន់ភាគពាយ័ព្យប្រទេសឥណ្ឌា ធ្វើឲ្យមនុស្សសត្វពិបាកទ្រាំ ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។ ការិយាល័យឧតុនិយមឥណ្ឌា បានចេញសេចក្តីជូនដំណឹងពីរលកកម្តៅនៅតាមតំបន់ជាច្រើន ពេលដែលតំបន់ភាគពាយ័ព្យ តំបន់ភាគកណ្តាល និងតាមឧបទ្វីប សីតុណ្ហភាពកើនឡើងដល់ចន្លោះពី ៤០ អង្សាសេដល់ ៤៤អង្សាសេ ។ អាជ្ញាធរសួនសត្វនៅតាមទីក្រុងជាច្រើន បានចាត់វិធានការពិសេស ដើម្បីការពារសត្វពាហណៈ និងសត្វស្លាបពីស្ថានភាពអាកាសធាតុក្តៅខ្លាំងបែបនេះ រួមទាំងប្រើប្រាស់របងមានម្លប់ និងប្រព័ន្ធទឹក ដើម្បីរក្សាស្ថានភាពសុវត្ថិភាពសម្រាប់សត្វទាំងអស់នោះ ។នៅតំបន់ជាច្រើនរបស់ប្រទេសឥណ្ឌា សីតុណ្ហភាពកើនឡើង ៥អង្សាសេពីលើកម្រិតមធ្យម បង្កឲ្យមានស្ថានភាពរលកកម្តៅ ។ គួរឲ្យដឹងថា ឥណ្ឌាប្រកាសអាសន្នរលកកម្តៅ ពេលដែលសីតុណ្ហភាពអតិបរមា មានពី ៤,៥អង្សាសេ ដល់ ៦,៥អង្សាសេពីលើកម្រិតធម្មតា ហើយនិងរលកកម្តៅធ្ងន់ធ្ងរ ពេលដែលសីតុណ្ហភាពមានជាង ៦,៥អង្សាសេពីលើកម្រិតធម្មតា ៕