ស្វែងរក

សិង្ហបុរីបង្ហាញការគាំទ្រយ៉ាងសកម្មដល់គម្រោងការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា

04/28/2026 08:04 AM        86
នៅក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតសិង្ហបុរីដែលទើបតែងតាំងថ្មីប្រចាំកម្ពុជា បានលើកឡើងពីគម្រោងពង្រឹង កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ លើការងារគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន រវាងប្រទេសទាំងពីរ កម្ពុជានិងសិង្ហបុរី។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន ដែលបានអនុវត្ត "យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន" របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញសកម្មភាពលើភាពស្អាត ភាពបៃតង និងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍អំពីគម្រោងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ដែលរួមមាន ការគ្រប់គ្រងសំណល់ ការទប់ស្កាត់ការបំពុលទឹក និងខ្យល់សាធារណៈ ក្នុងការជំរុញសកម្មភាពឆ្ពោះទៅភាពស្អាត ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការប្រមូលទុកដាក់ និងគ្រងសំរាមនិងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញកិច្ចសហប្រតិបត្តិការលើការងារទីផ្សារកាបូន រួមទាំងសកម្មភាពកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងការពង្រឹងសមត្ថភាពលើការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីការពារនិងអភិរក្សាបរិស្ថាននិងធនធានធម្មជាតិរបស់កម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការបង្ហាញការគាំទ្ររបស់ប្រទេស សិង្ហបុរី ដើម្បីពិនិត្យ និងដោះស្រាយលើបញ្ហាបរិស្ថាន រួមទាំងការគ្រប់គ្រងគុណភាពទឹកទន្លេមេគង្គ៕

ឯកអគ្គរដ្ឋទូតសិង្ហបុរី គាំទ្រច្បាប់ស្តីពីការប្រយុទ្ធប្រឆាំង Scam Online ដែលបង្ហាញពីការតាំងចិត្ត និងយុទ្ធសាស្ត្រច្បាស់លាស់លើការប្រឆាំងបទល្មើសនេះរបស់កម្ពុជា

04/28/2026 07:04 AM        136
នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម Steven Pang Chee Wee  ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនពីយន្តការ និងលិខិតបទដ្ឋានគតិយុត្តរបស់កម្ពុជា សម្រាប់អនុវត្តកិច្ចការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសយន្តការ គ.ប.ឆ.ប និងច្បាប់ថ្មី ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាយន្តការ និងលិខិតូបករណ៍សំខាន់ និងមានប្រសិទ្ធភាព សម្រាប់បម្រើដល់គោលដៅ ក៏ដូចជាការតាំងចិត្តយ៉ាងមុះមុតរបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបក្រុមឧក្រិដ្ឋជន ទាំងមេខ្លោង អ្នកសមគំនិត និងអ្នកពាក់ព័ន្ធនានា សំដៅធ្វើយ៉ាងណាសម្អាតឱ្យដល់ឬសគល់ និងបង្ការមិនឱ្យឧក្រិដ្ឋកម្មនេះកកើតឡើងវិញនៅកម្ពុជា។ ទន្ទឹមនោះ ឯកឧត្តមបានលើកឡើងពីទស្សនវិស័យ និងជំហានបន្ទាប់ក្នុងការងារបោសសម្អាត និងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាប និងចាត់វិធានការចំពោះបណ្តាញក្រុមឧក្រិដ្ឋជនឆបោក លាងសម្អាតប្រាក់ ជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធដទៃទៀត ឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងចីរភាព។ ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូតបានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាល និងសមត្ថកិច្ចកម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានទទួលស្គាល់ថា បញ្ហានេះជាបញ្ហាសកល មានភាពស្មុគ្រស្មាញ ដែលទាមទារឱ្យកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងភាគីពាក់ព័ន្ធទាំងអស់។ ឯកឧត្តម ក៏បានលើកឡើងថា ការបង្កើត គ.ប.ឆ.ប. ក្រោមការដឹកនាំផ្ទាល់របស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានលទ្ធផលល្អគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ ឯកឧត្តមក៏បានសម្តែងនូវការអបអរសាទរ និងគាំទ្រពេញទំហឹង ចំពោះការដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា ដែលមានភាពឈានមុខ និងជាសក្ខីភាព បង្ហាញពីការតាំងចិត្ត និងយុទ្ធសាស្ត្រច្បាស់លាស់លើការប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា របស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមបានលើកឡើងថា សិង្ហបុរី ត្រៀមខ្លួនក្នុងការអនុវត្តកិច្ចសហការ និងផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការកសាងសមត្ថភាពមន្ត្រី ចែករំលែកព័ត៌មាន និងបទពិសោធន៍ ក៏ដូចជាការអនុវត្តកិច្ចការរួមមួយចំនួន។  មុននឹងបញ្ចប់ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ បទពិសោធន៍ និងគំនិតផ្តួចផ្តើមនានា ពាក់ព័ន្ធទិសដៅកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី៕

ពលរដ្ឋអាមេរិកនាំគ្នាដង្ហែរក្បួននៅទីក្រុង Miami អំពាវនាវឲ្យមានការផ្លាស់ប្តូរនយោបាយនៅគុយបា

04/27/2026 08:04 PM        26
 ប្រជាពលរដ្ឋដែលអំពាវនាវឲ្យមានការផ្លាស់ប្តូរនយោបាយនៅប្រទេសគុយបា បានជួបជុំគ្នានៅទីក្រុង Miami សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ។ អ្នកចូលរួមការជួបជុំគ្នានេះ នាំគ្នាកាន់ទង់ជាតិគុយបា ស្លៀកពាក់សម្លៀកបំពាក់មានពណ៌របស់ប្រទេសកោះមួយនេះ និងកាន់បដាសរសេរថា “ដោះលែងគុយបា” ខណៈអ្នកចូលរួមខ្លះទៀតកាន់ឆ័ត្រមើលការសម្តែងនៅរោងមហោស្រព ។ អ្នកចូលរួមខ្លះទៀតរកកន្លែងជ្រកពីមេឃភ្លៀង ខណៈមេដឹកនាំបាតុកម្មថ្លែងតាមឧបករណ៍បំពងសំឡេងទៅកាន់ហ្វូងមនុស្ស ។ លោក Roberto Ferreiro គឺជាអ្នកស្រុកមួយរូបរស់នៅក្នុងទីក្រុង Miami និយាយថា ការធ្វើដំណើរមកទីនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពលរដ្ឋគុយបាទាំងអស់ ដែលបានចូលរួមឥតឈប់ឈរ ដើម្បីទាមទារសេរីភាពសម្រាប់គុយបា ។ ចំណែកឯលោក Caridad Valdes គឺជាអ្នកចូលរួមមួយរូបទៀត និយាយដែរថា អ្នកចូលរួមជាច្រើន បានលើកឡើងពីទំនាក់ទំនងផ្ទាល់ខ្លួនជាមួយគុយបា និងបទពិសោធន៍របស់ពួកគេចាកចេញពីប្រទេសមួយនេះ ។ លោកថា ពួកយើងមកទីនេះ តាមជើងហោះហើរសេរីភាព លោកមកជាមួយកូនស្រីរបស់លោក ប៉ុន្តែលោកមិនបានវិលត្រឡប់ទៅកាន់គុយបាវិញនោះទេ ។ អ្នកចូលរួមខ្លះទៀត បានបង្ហាញក្តីសង្ឃឹមរថា នឹងមានការផ្លាស់ប្តូរនយោបាយសម្រាប់គុយបា ហើយនិងបង្ហាញក្តីបារម្ភចំពោះអ្នកដែលកំពុងរស់នៅទីនោះ ។ លោក Jorge Cabrera ដែលជាចូលរួមមួយរូបទៀតនិយាយដែរថា លោកមានជំនឿលើព្រះ លោកសុំទៅចុះសម្រាប់បងប្អូនរបស់ពួកយើងដែលរស់នៅគុយបា ហើយនិងសុំសម្រាប់អ្នកទោសនយោបាយទាំងអស់ ៕

UN៖ ស៊ុយអែតបានរំលោភលើសិទ្ធិកុមារមានពិការភាពអាល់បានី តាមរយៈការនិរទេស

04/27/2026 08:04 PM        65
គណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) បានលើកឡើងនៅថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) នេះថា ប្រទេសស៊ុយអែតបានរំលោភលើសិទ្ធិរបស់កុមារអាល់បានីម្នាក់ ដែលមានពិការភាពធ្ងន់ធ្ងរ ដោយនិរទេសរូបគេ ២ដង ទៅកាន់អាល់បានី ដោយមិនបានធានាឡើយថា ក្មេងនោះនឹងអាចទទួលបានការព្យាបាលវេជ្ជសាស្រ្តចាំបាច់។នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណៈកម្មាធិការបានរកឃើញថា ស៊ុយអែតបានរំលោភលើសិទ្ធិរស់រានមានជីវិតរបស់កុមារ ក៏ដូចជាការហាមឃាត់ការធ្វើទារុណកម្ម និងការប្រព្រឹត្តដ៏ឃោរឃៅ អមនុស្សធម៌ ឬសកម្មភាពបន្ទាបបន្ថោក។ករណីនេះ ទាក់ទងនឹងកុមារ E.B. ជាកុមារជនជាតិអាល់បានីដែលមានស្ថានភាពជំងឺជាច្រើនមុខ ក្នុងនោះរួមមានទាំងអូទីសឹម ប៉ះទង្គិចខួរក្បាល ទឹកក្នុងខួរក្បាល និងស្កន់ ឬឆ្កួតជ្រូក ដែលត្រូវបាននិរទេសជាមួយក្រុមគ្រួសាររបស់គេ ពីស៊ុយអែតក្នុងឆ្នាំ២០១៦ និងម្តងទៀត ក្នុងឆ្នាំ២០១៩ បន្ទាប់ពីការទាមទារសិទ្ធិជ្រកកោនមិនទទួលបានជោគជ័យ។លោកស្រី Wafaa Bassim អនុប្រធានគណៈកម្មាធិការ បានលើកឡើងថា៖ «មុនពេលនិរទេសកុមារដែលមានពិការភាពធ្ងន់ធ្ងរ និងស្មុគស្មាញ ហើយនិងមានស្ថានភាពសុខភាពដែលគំរាមកំហែងដល់អាយុជីវិត រដ្ឋនានាត្រូវតែអនុវត្តការវាយតម្លៃយ៉ាងម៉ត់ចត់ និងជាលក្ខណៈបុគ្គល និងធានាថា ការព្យាបាល និងថ្នាំចាំបាច់ នឹងអាចមានលទ្ធភាពទទួលបាន និងរកបាន នៅក្នុងប្រទេសទទួលការនិរទេសនោះ»។គណៈកម្មាធិការបានសង្កត់ធ្ងន់ថា អាជ្ញាធរស៊ុយអែតបានបរាជ័យក្នុងការផ្ទៀងផ្ទាត់ភស្តុតាងវេជ្ជសាស្រ្តឲ្យបានគ្រប់គ្រាន់ ដែលបង្ហាញថា កុមារពឹងផ្អែកលើការព្យាបាលសំខាន់ៗ ដែលមិនមាននៅក្នុងប្រទេសអាល់បានី។ ហើយលោកស្រី Bassim បានបន្ថែមថា «ក្នុងករណីធ្ងន់ធ្ងរដូចករណីរបស់កុមារ E.B. រដ្ឋនានាត្រូវធ្វើឲ្យច្រើនជាងការពិនិត្យឡើងវិញតាមស្តង់ដារ»៕

សេតវិមាន នឹងពិភាក្សាអំពីសន្តិសុខប្រធានាធិបតី និងគាំទ្រសេវាសម្ងាត់

04/27/2026 08:04 PM        54
មន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់ នៅថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) នេះ បានប្រាប់សារព័ត៌មាន Reuters ថា នាយសេនាធិការសេតវិមាន លោកស្រី Susie Wiles នឹងធ្វើកិច្ចប្រជុំមួយនៅសប្តាហ៍នេះ ស្តីពីសន្តិសុខប្រធានាធិបតី បន្ទាប់ពីមានការបាញ់ប្រហារនៅក្បែរពិធីជួបជុំរបស់អ្នកសារព័ត៌មាន និងមន្ត្រីរដ្ឋបាល នៅទីក្រុងវ៉ាស៊ីនតោន។មន្ត្រីរូបនេះ បានឲ្យដឹងថា ប្រធានាធិបតី លោក Donald Trump និងសេតវិមាន គាំទ្រថ្នាក់ដឹកនាំនៃសេវាសម្ងាត់សហរដ្ឋអាមេរិក បន្ទាប់ពីមានការបាញ់ប្រហារនៅខាងក្រៅបន្ទប់ជួបជុំរបស់សណ្ឋាគារ ជាកន្លែងដែលពិធីជប់លៀងរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន កំពុងត្រូវបានធ្វើឡើង។មន្ត្រីជាន់ខ្ពស់រូបនេះបានឲ្យដឹងទៀតថា លោកស្រី Wiles ត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នានៅដើមសប្តាហ៍នេះជាមួយថ្នាក់ដឹកនាំនៃសេវាសម្ងាត់ និងក្រសួងសន្តិសុខមាតុភូមិ ដើម្បីពិភាក្សាអំពី «ពិធីសារ និងការអនុវត្ត» សម្រាប់ព្រឹត្តិការណ៍សំខាន់ៗដែលពាក់ព័ន្ធនឹងលោក Trump។មន្ត្រីរូបនេះបានបន្ថែមថា កិច្ចប្រជុំនេះនឹងពិនិត្យមើលការឆ្លើយតបសន្តិសុខ ក្នុងហេតុការណ៍ កាលពីថ្ងៃសៅរ៍ ហើយក៏ពិនិត្យមើលផងដែរនូវ «អ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន» ដើម្បីរក្សាសុវត្ថិភាពព្រឹត្តិការណ៍នាពេលខាងមុខ៕

អធិការបតីអាល្លឺម៉ង់ លើកឡើងថា អ៊ុយក្រែនអាចនឹងព្រមបាត់បង់ទឹកដី ដើម្បីបើកផ្លូវចូល EU

04/27/2026 08:04 PM        49
អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នៅថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) នេះ បានលើកឡើងថា ប្រទេសអ៊ុយក្រែន ប្រហែលត្រូវព្រមទទួលយកថា ផ្នែកខ្លះនៃទឹកដីរបស់ខ្លួន អាចនៅតែមិនស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងគីវដដែលទៀតទេ នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគតជាមួយរុស្ស៊ី ដោយភ្ជាប់ការធ្វើសម្បទានបែបនេះទៅនឹងការរំពឹងទុករបស់ប្រទេសនេះ ក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប (EU)។នៅសាលា Carolus-Magnus-Gymnasium ក្នុងទីក្រុង Marsberg ដែលជាទីក្រុងមួយ នៅតំបន់ North Rhine-Westphalia នាថ្ងៃចន្ទនេះ លោក Merz បានប្រាប់សិស្សានុសិស្សថា៖ «នៅចំណុចណាមួយ ប្រទេសអ៊ុយក្រែន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់។ នៅចំណុចណាមួយ សង្ឃឹមថា មានសន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៊ី។ បន្ទាប់មក វាប្រហែលជាថា ផ្នែកនៃទឹកដីអ៊ុយក្រែន លែងជារបស់អ៊ុយក្រែនទៀតហើយ»។លោក Merz បានបន្ថែមថា៖ «ប្រសិនបើលោកប្រធានាធិបតី (Volodymyr) Zelenskyy ចង់ពន្យល់រឿងនេះទៅកាន់ប្រជាជនរបស់គាត់ និងទទួលបានសំឡេងគាំទ្រភាគច្រើន សម្រាប់វា ហើយគាត់ត្រូវធ្វើប្រជាមតិលើដំណើរការនេះនោះ គាត់ត្រូវតែប្រាប់ប្រជាជនក្នុងពេលតែមួយថា រូបគាត់បានបើកផ្លូវទៅកាន់អឺរ៉ុប សម្រាប់ប្រជាជនរបស់គាត់»។វឌ្ឍនភាពនៃការចូលជាសមាជិក EU របស់ទីក្រុងគីវ ត្រូវបានរារាំងដោយនាយករដ្ឋមន្ត្រីជាតិនិយមហុងគ្រី លោក Viktor Orban ប៉ុន្តែការបរាជ័យរបស់លោក នៅក្នុងការបោះឆ្នោតកាលពីដើមខែនេះ បានបង្កើនក្តីសង្ឃឹមថា ដំណើរការនេះ អាចឈានទៅជំហានបន្ទាប់។ បច្ចុប្បន្នអ៊ុយក្រែនមានឋានៈជាបេក្ខជនផ្លូវការរបស់ EU។កាលពីសប្តាហ៍មុន EU បានអនុម័តប្រាក់កម្ចីចំនួន ៩០ពាន់លានអឺរ៉ូ ដល់អ៊ុយក្រែន ដែលគ្របដណ្តប់លើតម្រូវការភាគច្រើនរបស់ប្រទេសនេះ រហូតដល់ឆ្នាំ២០២៧ ប៉ុន្តែប្លុកនេះនៅតែមានការខ្វែងគំនិតគ្នា លើការពន្លឿននៃការចរចាចូលជាសមាជិករបស់ទីក្រុងគីវ៕

លោកស្រី Von der Leyen រិះគន់លោក Merz ដោយបញ្ជាក់ថា ការលុបទណ្ឌកម្មអ៊ីរ៉ង់ គឺឆាប់ពេក

04/27/2026 08:04 PM        60
លោកស្រី Ursula von der Leyen បានលើកឡើងថា វាគឺជារឿងឆាប់ពេក ដែលមិនអាចលើកលែងទណ្ឌកម្ម លើអ៊ីរ៉ង់ ជាថ្នូរនឹងការបើកច្រកសមុទ្រ Hormuz ឡើងវិញនោះឡើយ ដោយបានបង្ហាញការរិះគន់ លើអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz។អស់រយៈពេលជិត ២ខែមកហើយ អ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវ ១ភាគ៥ របស់ពិភពលោក ហើយស្តុកថាមពលរបស់អឺរ៉ុប កំពុងចាប់ផ្តើមអស់ជាលំដាប់។ប្រធានគណៈកម្មការអឺរ៉ុប បានប្រើប្រាស់ដំណើរទស្សនកិច្ចនៅទីក្រុងប៊ែរឡាំង ដើម្បីបង្ហាញការរិះគន់ ចំពោះអធិការបតី លោក Merz ដែលជាសមាជិករួមគណបក្សប្រជាធិបតេយ្យគ្រិស្តសាសនា (CDU) របស់អាល្លឺម៉ង់ បន្ទាប់ពីលោកបានស្នើឲ្យបន្ធូរបន្ថយទណ្ឌកម្ម ដើម្បីឲ្យមានលំហូរថាមពលឡើងវិញ។លោកស្រី Von der Leyen បានលើកឡើងថា៖ «យើងគិតថា ការទម្លាក់ទណ្ឌកម្ម នឹងជាដំណើរការលឿនរហ័សពេក។ មានហេតុផលមួយដែលទណ្ឌកម្មត្រូវបានដាក់លើអ៊ីរ៉ង់ ដោយសារតែអាកប្បកិរិយារបស់ពួកគេ ចំពោះប្រជាជនរបស់ពួកគេ»។លោកស្រីបានបន្ថែមថា របបអ៊ីរ៉ង់បានសម្លាប់ប្រជាជនវ័យក្មេងយ៉ាងហោចណាស់ ១៧.០០០នាក់ នៅឆ្នាំនេះ។ វាគឺជាការគាបសង្កត់លើសិទ្ធិមនុស្ស និងជាពិសេសសិទ្ធិស្ត្រី នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលនាំឲ្យមានទណ្ឌកម្មទាំងនេះ»។ លោកស្រីបានពន្យល់ថា ការលើកឡើងទណ្ឌកម្មទាំងនោះ នឹងតម្រូវឲ្យមាន «ការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងប្រទេសអ៊ីរ៉ង់»។សហភាពអឺរ៉ុបបានបន្តទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ចុងក្រោយ រហូតដល់ចុងឆ្នាំ២០២៧ នៅក្នុងខែមីនា បន្ទាប់ពីបានបន្ថែមកងឆ្មាំបដិវត្តន៍ឥស្លាមទៅក្នុងបញ្ជីភេរវកររបស់ខ្លួន ក្នុងខែកុម្ភៈ ដែលជាការទាមទារជាយូរមកហើយរបស់ក្រុមប្រឆាំងនឹងរបបនេះ៕

សហភាពអឺរ៉ុប ពង្រីករយៈពេលដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា ១ឆ្នាំទៀត

04/27/2026 07:04 PM        31
សហភាពអឺរ៉ុប (EU) នៅថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) បានពង្រីកវិធានការដាក់ទណ្ឌកម្មរបស់ខ្លួន ប្រឆាំងនឹងមីយ៉ាន់ម៉ា រហូតដល់យ៉ាងហោចណាស់ខែឧសភា ឆ្នាំ២០២៧ ដែលជាកិច្ចប្រឹងប្រែង ដើម្បីបន្តសម្ពាធ លើថ្នាក់ដឹកនាំយោធារបស់ប្រទេសនេះ ជាង ៥ឆ្នាំបន្ទាប់ពីរដ្ឋប្រហាររបស់ពួកគេ បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត។វិធានការទាំងនេះ រួមមានការបង្កកទ្រព្យសម្បត្តិ ការហាមឃាត់ការធ្វើដំណើរ និងទណ្ឌកម្មលើអាវុធ ចំពោះបុគ្គលចំនួន ១០៥នាក់ និងអង្គភាពចំនួន ២២។ វិធានការទាំងនេះត្រូវបានដាក់ចេញជាលើកដំបូង បន្ទាប់ពីមានរដ្ឋប្រហារយោធាខែកុម្ភៈ ឆ្នាំ២០២១ និងការបង្ក្រាបជាបន្តបន្ទាប់លើអ្នកប្រឆាំង។ដោយលើកឡើងពីអ្វីដែលខ្លួនបានពិពណ៌នាថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាបន្តបន្ទាប់ និងការរឹតបន្តឹងយ៉ាងទូលំទូលាយ លើសេរីភាពជាមូលដ្ឋាន ក្រុមប្រឹក្សា EU បានឲ្យដឹងថា៖ «EU សូមបញ្ជាក់ជាថ្មីនូវការថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពដែលបានធ្វើឡើងដោយយោធាមីយ៉ាន់ម៉ា ចាប់តាំងពីមានរដ្ឋប្រហារឆ្នាំ២០២១»។ជាមួយគ្នានេះដែរ ប្លុកនេះ បានអំពាវនាវឲ្យបញ្ចប់អំពើហិង្សាទាំងអស់ និងដោះលែងមនុស្សដែលត្រូវបានឃុំខ្លួនដោយគ្មានដំណើរការផ្លូវច្បាប់។ កាលពីដើមខែមេសា មេដឹកនាំរដ្ឋប្រហារលោក Min Aung Hlaing ត្រូវបានជ្រើសរើសជាប្រធានាធិបតីមីយ៉ាន់ម៉ា បន្ទាប់ពីមានការបោះឆ្នោតដែលត្រូវបានរដ្ឋាភិបាលលោកខាងលិចថ្កោលទោសថា ជារៀបចំក្លែងបន្លំ ដើម្បីបន្តការគ្រប់គ្រងរបស់យោធា៕

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​

04/27/2026 07:04 PM        112
តបតាមការអញ្ជើញរបស់លោកជំទាវ យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ និងដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញ និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូរបស់រដ្ឋបាលរាជធានីភ្នំពេញទៅបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព (3rd G-NETS Leaders Summit) ចាប់ពីថ្ងៃទី២៥ ខែមេសា រហូតដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ បើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានប្រាប់ពីទីក្រុងតូក្យូមកថា នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងគណៈប្រតិភូបានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព (3rd G-NETS Leaders Summit) ក្រោមអធិបតីភាពរបស់លោកជំទាវ យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ ព្រមទាំងទស្សនាស្តង់ពិព័រណ៌ផលិតផលបច្ចេកវិទ្យាទំនើបៗរបស់ក្រុមហ៊ុនធំៗនៃប្រទេសជប៉ុន និងប្រទេសផ្សេងៗទៀតជាច្រើន។លោកស្រី ដោ សម្ផស្ស ក៏បានបញ្ជាក់បន្ថែមថា បណ្តាញទីក្រុងសកលសម្រាប់ចីរភាព ត្រូវបានបង្កើតឡើងដោយរដ្ឋបាលទីក្រុងតូក្យូ ក្នុងឆ្នាំ២០២២ ដើម្បីជំរុញចំណងការទូតរវាងទីក្រុង និងទីក្រុងក្នុងសកលលោក ដោយអនុញ្ញាតឱ្យទីក្រុងនានាប្រើប្រាស់វេទិកានេះ ដើម្បីចែករំលែកចំណេះដឹង ជំនាញបច្ចេកទេស សាកល្បងបច្ចេកវិទ្យាច្នៃប្រឌិត និងសហការលើគោលនយោបាយកម្រិតខ្ពស់ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល និងបង្កើតអនាគតទីក្រុងរួមគ្នាប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាប័ន្ន។ លោកស្រី ដោ សម្ផស្ស បញ្ជាក់ថា ជាមួយគ្នានេះដែរ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ គ្រោងនឹងជួបសម្តែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយលោកជំទាវ យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ ដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូ និងពិនិត្យលទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព ជាមួយគ្នាបន្តទៀតនាពេលអនាគត៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ប្រធានាធិបតីលីបង់ឆ្លើយតបទៅក្រុមហេសបូឡាថា ការនាំប្រទេសចូលទៅក្នុងសង្គ្រាម គឺ «ក្បត់ជាតិ»

04/27/2026 07:04 PM        54
ប្រធានាធិបតីលីបង់ លោក Joseph Aoun បាននិយាយនៅថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) នេះថា ការចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល មានគោលបំណងបញ្ចប់ជម្លោះជាមួយក្រុមហេសបូឡា ខណៈពេលចោទប្រកាន់អ្នកដែលទាញប្រទេសលីបង់ចូលទៅក្នុងសង្គ្រាមថា ជា «អំពើក្បត់ជាតិ» ដែលជាការស្តីបន្ទោសដោយប្រយោល ចំពោះក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់។លោក Aoun បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «គោលដៅរបស់ខ្ញុំ គឺដើម្បីឈានដល់ការបញ្ចប់ស្ថានភាពសង្គ្រាម ជាមួយអ៊ីស្រាអែល ស្រដៀងគ្នាទៅនឹងកិច្ចព្រមព្រៀងឈប់បាញ់ឆ្នាំ១៩៤៩»។ លោកបានបន្ថែមថា៖ «ខ្ញុំសូមធានាចំពោះអ្នកថា ខ្ញុំនឹងមិនទទួលយកការឈានដល់កិច្ចព្រមព្រៀងប្រកបដោយភាពអាម៉ាស់នោះទេ»។លោកបានសង្កត់ធ្ងន់ថា៖ «អ្នកដែលអូសយើងចូលទៅក្នុងសង្គ្រាម នៅប្រទេសលីបង់ ឥឡូវនេះកំពុងធ្វើឲ្យយើងទទួលខុសត្រូវ ពីព្រោះយើងបានសម្រេចចិត្តទៅចរចា។ អ្វីដែលយើងកំពុងធ្វើមិនមែនជាការក្បត់ជាតិទេ។ ផ្ទុយទៅវិញ ការក្បត់ជាតិត្រូវបានប្រព្រឹត្តដោយអ្នកដែលនាំប្រទេសរបស់ពួកគេចូលទៅក្នុងសង្គ្រាម ដើម្បីសម្រេចផលប្រយោជន៍ឲ្យបរទេស»។គួរបញ្ជាក់ថា មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem នៅថ្ងៃចន្ទនេះ បានបដិសេធការចរចាផ្ទាល់ដែលបានគ្រោងទុករបស់លីបង់ ជាមួយអ៊ីស្រាអែល ដោយចាត់ទុកថា ជា «ទង្វើខុសឆ្គងយ៉ាងធ្ងន់ធ្ងរ» ដែលនឹងធ្វើឲ្យលីបង់មិនមានស្ថិរភាពឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញចុះសួរសុខទុក្ខអតីតយុទ្ធជន និងក្រុមគ្រួសារ ក្នុងខេត្តឧត្តរមានជ័យ
04/29/2026 05:04 PM
ប្រធានគណៈកម្មការ eSafety របស់អូស្ត្រាលី រងការគំរាមសម្លាប់ ក្រោយមានបម្រាមបណ្ដាញសង្គម
04/29/2026 05:04 PM
ប្រធានគណៈកម្មការអឺរ៉ុប ជំរុញឲ្យមានឯករាជ្យភាពថាមពល បន្ទាប់ពីវិបត្តិនៅអ៊ីរ៉ង់
04/29/2026 05:04 PM
កសិករម្នាក់ផ្ទុះស្លាប់លេីដីស្រែចម្ការខ្លួនឯងដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម នៅស្រុករតនមណ្ឌល
04/29/2026 05:04 PM
ម៉ិកស៊ិកដាក់ពង្រាយកងទ័ពជាង ១៣០.០០០នាក់ ក្រោយចាប់ខ្លួនមេក្រុមជួញដូរគ្រឿងញៀន
04/29/2026 05:04 PM
អតីតប្រធាន FBI ត្រូវបានចោទប្រកាន់ពីបទគំរាមកំហែងដល់អាយុជីវិតរបស់លោក TRUMP
04/29/2026 05:04 PM
ជប៉ុនប្រកាសបន្តខិតខំប្រឹងប្រែងជំរុញការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹង រវាងកម្ពុជា-ថៃ ដោយសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា
04/29/2026 05:04 PM
វិស័យអប់រំកម្រិតបឋមសិក្សាសម្រេចសមិទ្ធកម្ម ១០០% ក្រោមការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មរបស់រាជរដ្ឋាភិបាល
04/29/2026 05:04 PM
សកម្មភាពក្រុមកីឡាករគុនល្បុក្កតោ និងព្រះសង្ឃសៅលីង ធ្វើការហាត់សម ដើម្បីត្រៀមចូលរួមសម្តែងក្នុង «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នៅថ្ងៃស្អែក
04/29/2026 05:04 PM
បារាំងអំពាវនាវឲ្យអ៊ីស្រាអែលលុបចោលការរារាំង ចំពោះការដឹកជញ្ជូនជំនួយ និងការពារបុគ្គលិក UN នៅហ្កាហ្សា
04/29/2026 05:04 PM