ស្វែងរក

កូនផ្សោតទន្លេមេគង្គទើបកើតថ្មី ១ក្បាលទៀត នាំមកក្តី​សង្ឃឹ​ម​សម្រាប់​ការ​អភិរក្ស​នៅ​ដើម​ឆ្នាំ​២០២៦

04/28/2026 08:04 AM        169
ក្រចេះ៖ កូនផ្សោតទន្លេមេគង្គទើបកើតថ្មីចំនួន​១ក្បាល ត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី ក្នុង​ភូមិ​កាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។សូម​ជម្រាបថា កូនផ្សោតនេះត្រូវបានរកឃើញដោយក្រុមផលិតព័ត៌មាននៃក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ នៅវេលាម៉ោង១៥:២០នាទីរសៀល ហើយក៏ត្រូវ​បា​ន​ចុះ​ផ្ទៀង​ផ្ទាត់​ដោយ​ក្រុម​ការ​ងារ​ស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF ​ផងដែរ។ កូនផ្សោតនេះមានអាយុប្រមាណ៣ថ្ងៃ មានសុខភាពល្អ និងកំពុង​ហែល​លេង​ជាមួ​យ​ក្រុម​សត្វផ្សោតពេញវ័យប្រមាណ ៦ក្បាល ផ្សេងទៀត។នេះ​គឺ​ជា​កូនផ្សោតទី៦​ ហើយដែលត្រូវបានកត់ត្រានៅដើមឆ្នាំ២០២៦។ តាមរយៈវត្តមាន​ថ្មី​នៃ​កូ​ន​ផ្សោត​នេះ បានធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនឡើងដល់ចំនួនសរុប ១១៨​ក្បាល​។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមសម្តែងនូ​វការ​អរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​បង​ប្អូ​ន​ឆ្មាំ​ទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ដែលតែងតែចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ថែ​រក្សា និង​ការពារធនធានជលផលដ៏មានតម្លៃនេះ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងស្ថាប័នរដ្ឋ អង្គការ​ដៃគូ និងសហគមន៍មូលដ្ឋាន គឺជាគន្លឹះដ៏សំខាន់​ក្នុង​ការ​រក្សា​បាន​នូវ​កំណើន​សត្វ​ផ្សោត​ជា​បន្ត​បន្ទាប់​។ ទន្ទឹមនឹងលទ្ធផលដ៏គាប់ប្រសើរនេះ ក្រសួងសូមអំពាវនាវដល់បងប្អូនប្រជានេសាទ និងប្រជា​ពលរដ្ឋ​ទាំងអស់ សូមបន្តកិច្ចសហការ និងចូលរួមការពារ​សត្វ​ផ្សោត​ដែល​ជា​រតន​សម្បត្តិ​ជា​តិ​មាន​ជីវិ​ត​របស់យើង តាមរយៈការចូលរួមថែរក្សាបរិស្ថានទន្លេ និងគោរពតាមការណែនាំរបស់ឆ្មាំទន្លេ ដើ​ម្បី​ឱ្យកូនផ្សោតតូចៗទាំងនេះអាចធំធាត់ដោយសុវត្ថិភាព។ ការចូលរួមរបស់បងប្អូន គឺជា​ដង្ហើម​រស់​របស់​សត្វផ្សោតទន្លេមេគង្គ។ ប្រសិនបើបងប្អូនបានប្រទះឃើញសត្វផ្សោត ជាពិសេសកូនផ្សោត សូមរួសរាន់ផ្តល់​ព័ត៌មាន​មក​សមត្ថ​កិច្ច​ជលផល តាមរយៈលេខទូរស័ព្ទ៖ ០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២ ដើម្បីរួម​គ្នា​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេ​គង្គឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយរៀងរហូតតទៅ៕

លោក Rubio៖ អាមេរិកនឹងមិនអត់ធ្មត់ចំពោះការគ្រប់គ្រង ឬការឲ្យបង់ប្រាក់របស់អ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz ឡើយ

04/28/2026 08:04 AM        60
លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បាននិយាយថា ជំហររបស់អ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz ជាផ្លូវទឹកសំខាន់មួយដែលប្រេងនិងឧស្ម័នធម្មជាតិរាវមួយភាគប្រាំរបស់ពិភពលោកជាធម្មតាឆ្លងកាត់ មិនបានបំពេញតាមការទាមទាររបស់សហរដ្ឋអាមេរិកទេ។លោក Rubio បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News កាលពីថ្ងៃចន្ទ ទី២៧ ខែមេសា ថា «ប្រសិនបើ អ្វីដែលពួកគេចង់និយាយដោយការបើកច្រកសមុទ្រ «ពិតណាស់ ច្រកសមុទ្របើក ដរាបណាអ្នកសម្របសម្រួលជាមួយអ៊ីរ៉ង់ និងទទួលបានការអនុញ្ញាតពីយើង បើមិនដូច្នេះទេយើងនឹងបំផ្ទុះអ្នក ហើយអ្នកត្រូវបង់ប្រាក់ឱ្យយើង» នោះ ពុំមែនជាការបើកច្រកសមុទ្រទេ»។ លោកបាននិយាយថា «អ៊ីរ៉ង់មិនអាចធ្វើឱ្យមានលក្ខណៈប្រក្រតីបានទេ ហើយយើងក៏មិនអាចអត់ធ្មត់ចំពោះពួកគេដែលកំពុងព្យាយាមធ្វើឱ្យមានលក្ខណៈប្រក្រតីដែរ ជាប្រព័ន្ធមួយដែលអ៊ីរ៉ង់សម្រេចថាអ្នកណាអាចប្រើប្រាស់ផ្លូវទឹកអន្តរជាតិ និងតើចំនួនប៉ុន្មានដែលអ្នកត្រូវបង់ប្រាក់ឱ្យពួកគេដើម្បីប្រើប្រាស់ច្រកសមុទ្រ»។ ទន្ទឹមនឹងនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានជួបជាមួយទីប្រឹក្សាសន្តិសុខជាន់ខ្ពស់របស់លោកកាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីសំណើរបស់អ៊ីរ៉ង់ ដែលតាមសេចក្តីរាយការណ៍ថានឹងបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈការចរចាជុំវិញសង្គ្រាមនៅតែបន្ត នេះបើយោងតាមសេតវិមាន។ នៅពេលត្រូវបានសួរអំពីផែនការដែលត្រូវបានរាយការណ៍ ដែលនឹងមើលឃើញទាំងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដកចេញការបិទផ្លូវរបស់ខ្លួន នៅមុនកិច្ចចរចាបន្ថែមទៀតលើបញ្ហាដ៏ស្មុគស្មាញនៃកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ នោះអ្នកនាំពាក្យលោកស្រី Karoline Leavitt បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានថា «សំណើនេះ កំពុងត្រូវបានពិភាក្សា»។

អភិបាលរាជធានីភ្នំពេញ និងអភិបាលក្រុងតូក្យូ ជួបពិភាក្សាគ្នានៅក្នុងប្រទេសជប៉ុន ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការ និងជំរុញចំណងការទូតរវាងទីក្រុង និងទីក្រុង

04/28/2026 08:04 AM        118
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយលោកជំទាវ យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុង សកលសម្រាប់ចីរភាព (3rd G-NETS Leaders Summit) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងពីទីក្រុងតូក្យូមកថា នៅក្នុងកិច្ចពិភាក្សាការងារជាមួយលោកជំទាវ យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ ជាដំបូងឯកឧត្តមអភិបាលរាជធានីបានថ្លែងអំណរគុណជូនចំពោះលោកជំទាវអភិបាលក្រុងតូក្យូ ដែលបានចំណាយពេលវេលាដ៏មមាញឹកក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G-NETS និងបានផ្តល់កិត្តិយសទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ។ ឯកឧត្តមអភិបាលក៏បានជម្រាប ជូនលោកជំទាវអំពីស្ថានភាពរបស់រាជធានីភ្នំពេញចាប់តាំងពីពេលកកើតរហូតដល់ពេលបច្ចុប្បន្ន ជាពិសេសអំពីការកសាងអភិវឌ្ឍន៍រាជធានី ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជាថ្នាក់ដឹកនាំបន្តវេនវ័យក្មេង ប្រកបដោយសមត្ថភាព បញ្ញាញាណ និងថាមពល បាននឹងកំពុងបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌ ដើម្បីធានាដល់ការអភិវឌ្ឍជាតិមាតុភូមិរហូតមកដល់សព្វថ្ងៃ។ឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បានជម្រាបជូនភាគីជប៉ុនថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតីនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត បណ្តាញប្រឡាយលូ ប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ ការគ្រប់គ្រងសំណល់រឹង ការគ្រប់គ្រងចរាចរណ៍ និងការរក្សាអនាម័យនៅតាមបណ្តោយដងទន្លេផងដែរ សម្តៅធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញមានសោភណភាពស្រស់ស្អាត បរិយាកាសរស់នៅល្អ និងមានភាពធន់ទៅនឹងគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង និងគ្រោះមហន្តរាយផ្សេងៗ ព្រមទាំងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទីក្រុងតាមបែបឆ្លាតវៃ តាមរយៈការបំពាក់នូវកាមេរ៉ាឆ្លាតវៃនៅតាមដងផ្លូវ ដែលមានសមត្ថភាពខ្ពស់ក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ទីក្រុង។ កិច្ចការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខាងលើក៏ត្រូវបានចូលរួមចំណែកយ៉ាងជិតស្និទ្ធពីសំណាក់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារ JICA ដែលបានផ្តល់នូវគម្រោងហិរញ្ញប្បទានឥត សំណងជាច្រើនគម្រោង ដើម្បីរួមចំណែកធ្វើឲ្យរាជធានីភ្នំពេញមានការអភិវឌ្ឍប្រកបដោយចីរភាព។ជាកិច្ចឆ្លើយតប លោកជំទាវអភិបាលក្រុងតូក្យូបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនឯកឧត្តម អភិបាលរាជធានីភ្នំពេញ និងគណៈប្រតិភូ ចំពោះការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៣ របស់ G-NETS ជាពិសេសក្នុងជំនួបពិភាក្សាការងារក្នុងពេលនេះ។ លោកជំទាវអភិបាលក្រុងតូក្យូក៏បានជម្រាបជូនឯកឧត្តមអភិបាលរាជធានីភ្នំពេញអំពីគោលបំណងដែលទីក្រុងតូក្យូបង្កើតឱ្យមានព្រឹត្តិការណ៍ G-NETS ចាប់តាំងពីឆ្នាំ២០២២ មក គឺដើម្បីជំរុញចំណងការទូតរវាងទីក្រុង និងទីក្រុងក្នុងសកលលោក ដោយអនុញ្ញាតឱ្យទីក្រុងនានាប្រើប្រាស់វេទិកានេះ ដើម្បីចែករំលែកចំណេះដឹង ជំនាញបច្ចេកទេស សាកល្បងបច្ចេកវិទ្យាច្នៃប្រឌិត និងសហការលើគោលនយោបាយកម្រិតខ្ពស់ ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល និងបង្កើតអនាគតទីក្រុងរួមគ្នាប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាប័ន្ន ហើយលោកជំទាវសង្ឃឹមថា រដ្ឋបាលរាជធានីភ្នំពេញអាចការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងរបស់ខ្លួនជាមួយបណ្តាទីក្រុងជាសមាជិកផ្សេងទៀត ព្រមទាំងទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀតទាក់ទងនឹងការដោះស្រាយគ្រោះមហន្តរាយ ពីការចូលរួមក្នុងកម្មវិធីនេះ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

សិង្ហបុរីបង្ហាញការគាំទ្រយ៉ាងសកម្មដល់គម្រោងការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា

04/28/2026 08:04 AM        86
នៅក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតសិង្ហបុរីដែលទើបតែងតាំងថ្មីប្រចាំកម្ពុជា បានលើកឡើងពីគម្រោងពង្រឹង កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ លើការងារគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន រវាងប្រទេសទាំងពីរ កម្ពុជានិងសិង្ហបុរី។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន ដែលបានអនុវត្ត "យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន" របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញសកម្មភាពលើភាពស្អាត ភាពបៃតង និងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍អំពីគម្រោងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ដែលរួមមាន ការគ្រប់គ្រងសំណល់ ការទប់ស្កាត់ការបំពុលទឹក និងខ្យល់សាធារណៈ ក្នុងការជំរុញសកម្មភាពឆ្ពោះទៅភាពស្អាត ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការប្រមូលទុកដាក់ និងគ្រងសំរាមនិងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញកិច្ចសហប្រតិបត្តិការលើការងារទីផ្សារកាបូន រួមទាំងសកម្មភាពកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងការពង្រឹងសមត្ថភាពលើការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីការពារនិងអភិរក្សាបរិស្ថាននិងធនធានធម្មជាតិរបស់កម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការបង្ហាញការគាំទ្ររបស់ប្រទេស សិង្ហបុរី ដើម្បីពិនិត្យ និងដោះស្រាយលើបញ្ហាបរិស្ថាន រួមទាំងការគ្រប់គ្រងគុណភាពទឹកទន្លេមេគង្គ៕

ឯកអគ្គរដ្ឋទូតសិង្ហបុរី គាំទ្រច្បាប់ស្តីពីការប្រយុទ្ធប្រឆាំង Scam Online ដែលបង្ហាញពីការតាំងចិត្ត និងយុទ្ធសាស្ត្រច្បាស់លាស់លើការប្រឆាំងបទល្មើសនេះរបស់កម្ពុជា

04/28/2026 07:04 AM        136
នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម Steven Pang Chee Wee  ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនពីយន្តការ និងលិខិតបទដ្ឋានគតិយុត្តរបស់កម្ពុជា សម្រាប់អនុវត្តកិច្ចការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសយន្តការ គ.ប.ឆ.ប និងច្បាប់ថ្មី ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាយន្តការ និងលិខិតូបករណ៍សំខាន់ និងមានប្រសិទ្ធភាព សម្រាប់បម្រើដល់គោលដៅ ក៏ដូចជាការតាំងចិត្តយ៉ាងមុះមុតរបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបក្រុមឧក្រិដ្ឋជន ទាំងមេខ្លោង អ្នកសមគំនិត និងអ្នកពាក់ព័ន្ធនានា សំដៅធ្វើយ៉ាងណាសម្អាតឱ្យដល់ឬសគល់ និងបង្ការមិនឱ្យឧក្រិដ្ឋកម្មនេះកកើតឡើងវិញនៅកម្ពុជា។ ទន្ទឹមនោះ ឯកឧត្តមបានលើកឡើងពីទស្សនវិស័យ និងជំហានបន្ទាប់ក្នុងការងារបោសសម្អាត និងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាប និងចាត់វិធានការចំពោះបណ្តាញក្រុមឧក្រិដ្ឋជនឆបោក លាងសម្អាតប្រាក់ ជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធដទៃទៀត ឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងចីរភាព។ ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូតបានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាល និងសមត្ថកិច្ចកម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានទទួលស្គាល់ថា បញ្ហានេះជាបញ្ហាសកល មានភាពស្មុគ្រស្មាញ ដែលទាមទារឱ្យកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងភាគីពាក់ព័ន្ធទាំងអស់។ ឯកឧត្តម ក៏បានលើកឡើងថា ការបង្កើត គ.ប.ឆ.ប. ក្រោមការដឹកនាំផ្ទាល់របស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានលទ្ធផលល្អគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ ឯកឧត្តមក៏បានសម្តែងនូវការអបអរសាទរ និងគាំទ្រពេញទំហឹង ចំពោះការដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា ដែលមានភាពឈានមុខ និងជាសក្ខីភាព បង្ហាញពីការតាំងចិត្ត និងយុទ្ធសាស្ត្រច្បាស់លាស់លើការប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា របស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមបានលើកឡើងថា សិង្ហបុរី ត្រៀមខ្លួនក្នុងការអនុវត្តកិច្ចសហការ និងផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការកសាងសមត្ថភាពមន្ត្រី ចែករំលែកព័ត៌មាន និងបទពិសោធន៍ ក៏ដូចជាការអនុវត្តកិច្ចការរួមមួយចំនួន។  មុននឹងបញ្ចប់ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ បទពិសោធន៍ និងគំនិតផ្តួចផ្តើមនានា ពាក់ព័ន្ធទិសដៅកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី៕

ពលរដ្ឋអាមេរិកនាំគ្នាដង្ហែរក្បួននៅទីក្រុង Miami អំពាវនាវឲ្យមានការផ្លាស់ប្តូរនយោបាយនៅគុយបា

04/27/2026 08:04 PM        26
 ប្រជាពលរដ្ឋដែលអំពាវនាវឲ្យមានការផ្លាស់ប្តូរនយោបាយនៅប្រទេសគុយបា បានជួបជុំគ្នានៅទីក្រុង Miami សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ។ អ្នកចូលរួមការជួបជុំគ្នានេះ នាំគ្នាកាន់ទង់ជាតិគុយបា ស្លៀកពាក់សម្លៀកបំពាក់មានពណ៌របស់ប្រទេសកោះមួយនេះ និងកាន់បដាសរសេរថា “ដោះលែងគុយបា” ខណៈអ្នកចូលរួមខ្លះទៀតកាន់ឆ័ត្រមើលការសម្តែងនៅរោងមហោស្រព ។ អ្នកចូលរួមខ្លះទៀតរកកន្លែងជ្រកពីមេឃភ្លៀង ខណៈមេដឹកនាំបាតុកម្មថ្លែងតាមឧបករណ៍បំពងសំឡេងទៅកាន់ហ្វូងមនុស្ស ។ លោក Roberto Ferreiro គឺជាអ្នកស្រុកមួយរូបរស់នៅក្នុងទីក្រុង Miami និយាយថា ការធ្វើដំណើរមកទីនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពលរដ្ឋគុយបាទាំងអស់ ដែលបានចូលរួមឥតឈប់ឈរ ដើម្បីទាមទារសេរីភាពសម្រាប់គុយបា ។ ចំណែកឯលោក Caridad Valdes គឺជាអ្នកចូលរួមមួយរូបទៀត និយាយដែរថា អ្នកចូលរួមជាច្រើន បានលើកឡើងពីទំនាក់ទំនងផ្ទាល់ខ្លួនជាមួយគុយបា និងបទពិសោធន៍របស់ពួកគេចាកចេញពីប្រទេសមួយនេះ ។ លោកថា ពួកយើងមកទីនេះ តាមជើងហោះហើរសេរីភាព លោកមកជាមួយកូនស្រីរបស់លោក ប៉ុន្តែលោកមិនបានវិលត្រឡប់ទៅកាន់គុយបាវិញនោះទេ ។ អ្នកចូលរួមខ្លះទៀត បានបង្ហាញក្តីសង្ឃឹមរថា នឹងមានការផ្លាស់ប្តូរនយោបាយសម្រាប់គុយបា ហើយនិងបង្ហាញក្តីបារម្ភចំពោះអ្នកដែលកំពុងរស់នៅទីនោះ ។ លោក Jorge Cabrera ដែលជាចូលរួមមួយរូបទៀតនិយាយដែរថា លោកមានជំនឿលើព្រះ លោកសុំទៅចុះសម្រាប់បងប្អូនរបស់ពួកយើងដែលរស់នៅគុយបា ហើយនិងសុំសម្រាប់អ្នកទោសនយោបាយទាំងអស់ ៕

UN៖ ស៊ុយអែតបានរំលោភលើសិទ្ធិកុមារមានពិការភាពអាល់បានី តាមរយៈការនិរទេស

04/27/2026 08:04 PM        65
គណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) បានលើកឡើងនៅថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) នេះថា ប្រទេសស៊ុយអែតបានរំលោភលើសិទ្ធិរបស់កុមារអាល់បានីម្នាក់ ដែលមានពិការភាពធ្ងន់ធ្ងរ ដោយនិរទេសរូបគេ ២ដង ទៅកាន់អាល់បានី ដោយមិនបានធានាឡើយថា ក្មេងនោះនឹងអាចទទួលបានការព្យាបាលវេជ្ជសាស្រ្តចាំបាច់។នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណៈកម្មាធិការបានរកឃើញថា ស៊ុយអែតបានរំលោភលើសិទ្ធិរស់រានមានជីវិតរបស់កុមារ ក៏ដូចជាការហាមឃាត់ការធ្វើទារុណកម្ម និងការប្រព្រឹត្តដ៏ឃោរឃៅ អមនុស្សធម៌ ឬសកម្មភាពបន្ទាបបន្ថោក។ករណីនេះ ទាក់ទងនឹងកុមារ E.B. ជាកុមារជនជាតិអាល់បានីដែលមានស្ថានភាពជំងឺជាច្រើនមុខ ក្នុងនោះរួមមានទាំងអូទីសឹម ប៉ះទង្គិចខួរក្បាល ទឹកក្នុងខួរក្បាល និងស្កន់ ឬឆ្កួតជ្រូក ដែលត្រូវបាននិរទេសជាមួយក្រុមគ្រួសាររបស់គេ ពីស៊ុយអែតក្នុងឆ្នាំ២០១៦ និងម្តងទៀត ក្នុងឆ្នាំ២០១៩ បន្ទាប់ពីការទាមទារសិទ្ធិជ្រកកោនមិនទទួលបានជោគជ័យ។លោកស្រី Wafaa Bassim អនុប្រធានគណៈកម្មាធិការ បានលើកឡើងថា៖ «មុនពេលនិរទេសកុមារដែលមានពិការភាពធ្ងន់ធ្ងរ និងស្មុគស្មាញ ហើយនិងមានស្ថានភាពសុខភាពដែលគំរាមកំហែងដល់អាយុជីវិត រដ្ឋនានាត្រូវតែអនុវត្តការវាយតម្លៃយ៉ាងម៉ត់ចត់ និងជាលក្ខណៈបុគ្គល និងធានាថា ការព្យាបាល និងថ្នាំចាំបាច់ នឹងអាចមានលទ្ធភាពទទួលបាន និងរកបាន នៅក្នុងប្រទេសទទួលការនិរទេសនោះ»។គណៈកម្មាធិការបានសង្កត់ធ្ងន់ថា អាជ្ញាធរស៊ុយអែតបានបរាជ័យក្នុងការផ្ទៀងផ្ទាត់ភស្តុតាងវេជ្ជសាស្រ្តឲ្យបានគ្រប់គ្រាន់ ដែលបង្ហាញថា កុមារពឹងផ្អែកលើការព្យាបាលសំខាន់ៗ ដែលមិនមាននៅក្នុងប្រទេសអាល់បានី។ ហើយលោកស្រី Bassim បានបន្ថែមថា «ក្នុងករណីធ្ងន់ធ្ងរដូចករណីរបស់កុមារ E.B. រដ្ឋនានាត្រូវធ្វើឲ្យច្រើនជាងការពិនិត្យឡើងវិញតាមស្តង់ដារ»៕

សេតវិមាន នឹងពិភាក្សាអំពីសន្តិសុខប្រធានាធិបតី និងគាំទ្រសេវាសម្ងាត់

04/27/2026 08:04 PM        54
មន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់ នៅថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) នេះ បានប្រាប់សារព័ត៌មាន Reuters ថា នាយសេនាធិការសេតវិមាន លោកស្រី Susie Wiles នឹងធ្វើកិច្ចប្រជុំមួយនៅសប្តាហ៍នេះ ស្តីពីសន្តិសុខប្រធានាធិបតី បន្ទាប់ពីមានការបាញ់ប្រហារនៅក្បែរពិធីជួបជុំរបស់អ្នកសារព័ត៌មាន និងមន្ត្រីរដ្ឋបាល នៅទីក្រុងវ៉ាស៊ីនតោន។មន្ត្រីរូបនេះ បានឲ្យដឹងថា ប្រធានាធិបតី លោក Donald Trump និងសេតវិមាន គាំទ្រថ្នាក់ដឹកនាំនៃសេវាសម្ងាត់សហរដ្ឋអាមេរិក បន្ទាប់ពីមានការបាញ់ប្រហារនៅខាងក្រៅបន្ទប់ជួបជុំរបស់សណ្ឋាគារ ជាកន្លែងដែលពិធីជប់លៀងរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន កំពុងត្រូវបានធ្វើឡើង។មន្ត្រីជាន់ខ្ពស់រូបនេះបានឲ្យដឹងទៀតថា លោកស្រី Wiles ត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នានៅដើមសប្តាហ៍នេះជាមួយថ្នាក់ដឹកនាំនៃសេវាសម្ងាត់ និងក្រសួងសន្តិសុខមាតុភូមិ ដើម្បីពិភាក្សាអំពី «ពិធីសារ និងការអនុវត្ត» សម្រាប់ព្រឹត្តិការណ៍សំខាន់ៗដែលពាក់ព័ន្ធនឹងលោក Trump។មន្ត្រីរូបនេះបានបន្ថែមថា កិច្ចប្រជុំនេះនឹងពិនិត្យមើលការឆ្លើយតបសន្តិសុខ ក្នុងហេតុការណ៍ កាលពីថ្ងៃសៅរ៍ ហើយក៏ពិនិត្យមើលផងដែរនូវ «អ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន» ដើម្បីរក្សាសុវត្ថិភាពព្រឹត្តិការណ៍នាពេលខាងមុខ៕

អធិការបតីអាល្លឺម៉ង់ លើកឡើងថា អ៊ុយក្រែនអាចនឹងព្រមបាត់បង់ទឹកដី ដើម្បីបើកផ្លូវចូល EU

04/27/2026 08:04 PM        49
អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នៅថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) នេះ បានលើកឡើងថា ប្រទេសអ៊ុយក្រែន ប្រហែលត្រូវព្រមទទួលយកថា ផ្នែកខ្លះនៃទឹកដីរបស់ខ្លួន អាចនៅតែមិនស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងគីវដដែលទៀតទេ នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគតជាមួយរុស្ស៊ី ដោយភ្ជាប់ការធ្វើសម្បទានបែបនេះទៅនឹងការរំពឹងទុករបស់ប្រទេសនេះ ក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប (EU)។នៅសាលា Carolus-Magnus-Gymnasium ក្នុងទីក្រុង Marsberg ដែលជាទីក្រុងមួយ នៅតំបន់ North Rhine-Westphalia នាថ្ងៃចន្ទនេះ លោក Merz បានប្រាប់សិស្សានុសិស្សថា៖ «នៅចំណុចណាមួយ ប្រទេសអ៊ុយក្រែន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់។ នៅចំណុចណាមួយ សង្ឃឹមថា មានសន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៊ី។ បន្ទាប់មក វាប្រហែលជាថា ផ្នែកនៃទឹកដីអ៊ុយក្រែន លែងជារបស់អ៊ុយក្រែនទៀតហើយ»។លោក Merz បានបន្ថែមថា៖ «ប្រសិនបើលោកប្រធានាធិបតី (Volodymyr) Zelenskyy ចង់ពន្យល់រឿងនេះទៅកាន់ប្រជាជនរបស់គាត់ និងទទួលបានសំឡេងគាំទ្រភាគច្រើន សម្រាប់វា ហើយគាត់ត្រូវធ្វើប្រជាមតិលើដំណើរការនេះនោះ គាត់ត្រូវតែប្រាប់ប្រជាជនក្នុងពេលតែមួយថា រូបគាត់បានបើកផ្លូវទៅកាន់អឺរ៉ុប សម្រាប់ប្រជាជនរបស់គាត់»។វឌ្ឍនភាពនៃការចូលជាសមាជិក EU របស់ទីក្រុងគីវ ត្រូវបានរារាំងដោយនាយករដ្ឋមន្ត្រីជាតិនិយមហុងគ្រី លោក Viktor Orban ប៉ុន្តែការបរាជ័យរបស់លោក នៅក្នុងការបោះឆ្នោតកាលពីដើមខែនេះ បានបង្កើនក្តីសង្ឃឹមថា ដំណើរការនេះ អាចឈានទៅជំហានបន្ទាប់។ បច្ចុប្បន្នអ៊ុយក្រែនមានឋានៈជាបេក្ខជនផ្លូវការរបស់ EU។កាលពីសប្តាហ៍មុន EU បានអនុម័តប្រាក់កម្ចីចំនួន ៩០ពាន់លានអឺរ៉ូ ដល់អ៊ុយក្រែន ដែលគ្របដណ្តប់លើតម្រូវការភាគច្រើនរបស់ប្រទេសនេះ រហូតដល់ឆ្នាំ២០២៧ ប៉ុន្តែប្លុកនេះនៅតែមានការខ្វែងគំនិតគ្នា លើការពន្លឿននៃការចរចាចូលជាសមាជិករបស់ទីក្រុងគីវ៕

លោកស្រី Von der Leyen រិះគន់លោក Merz ដោយបញ្ជាក់ថា ការលុបទណ្ឌកម្មអ៊ីរ៉ង់ គឺឆាប់ពេក

04/27/2026 08:04 PM        60
លោកស្រី Ursula von der Leyen បានលើកឡើងថា វាគឺជារឿងឆាប់ពេក ដែលមិនអាចលើកលែងទណ្ឌកម្ម លើអ៊ីរ៉ង់ ជាថ្នូរនឹងការបើកច្រកសមុទ្រ Hormuz ឡើងវិញនោះឡើយ ដោយបានបង្ហាញការរិះគន់ លើអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz។អស់រយៈពេលជិត ២ខែមកហើយ អ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវ ១ភាគ៥ របស់ពិភពលោក ហើយស្តុកថាមពលរបស់អឺរ៉ុប កំពុងចាប់ផ្តើមអស់ជាលំដាប់។ប្រធានគណៈកម្មការអឺរ៉ុប បានប្រើប្រាស់ដំណើរទស្សនកិច្ចនៅទីក្រុងប៊ែរឡាំង ដើម្បីបង្ហាញការរិះគន់ ចំពោះអធិការបតី លោក Merz ដែលជាសមាជិករួមគណបក្សប្រជាធិបតេយ្យគ្រិស្តសាសនា (CDU) របស់អាល្លឺម៉ង់ បន្ទាប់ពីលោកបានស្នើឲ្យបន្ធូរបន្ថយទណ្ឌកម្ម ដើម្បីឲ្យមានលំហូរថាមពលឡើងវិញ។លោកស្រី Von der Leyen បានលើកឡើងថា៖ «យើងគិតថា ការទម្លាក់ទណ្ឌកម្ម នឹងជាដំណើរការលឿនរហ័សពេក។ មានហេតុផលមួយដែលទណ្ឌកម្មត្រូវបានដាក់លើអ៊ីរ៉ង់ ដោយសារតែអាកប្បកិរិយារបស់ពួកគេ ចំពោះប្រជាជនរបស់ពួកគេ»។លោកស្រីបានបន្ថែមថា របបអ៊ីរ៉ង់បានសម្លាប់ប្រជាជនវ័យក្មេងយ៉ាងហោចណាស់ ១៧.០០០នាក់ នៅឆ្នាំនេះ។ វាគឺជាការគាបសង្កត់លើសិទ្ធិមនុស្ស និងជាពិសេសសិទ្ធិស្ត្រី នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលនាំឲ្យមានទណ្ឌកម្មទាំងនេះ»។ លោកស្រីបានពន្យល់ថា ការលើកឡើងទណ្ឌកម្មទាំងនោះ នឹងតម្រូវឲ្យមាន «ការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងប្រទេសអ៊ីរ៉ង់»។សហភាពអឺរ៉ុបបានបន្តទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ចុងក្រោយ រហូតដល់ចុងឆ្នាំ២០២៧ នៅក្នុងខែមីនា បន្ទាប់ពីបានបន្ថែមកងឆ្មាំបដិវត្តន៍ឥស្លាមទៅក្នុងបញ្ជីភេរវកររបស់ខ្លួន ក្នុងខែកុម្ភៈ ដែលជាការទាមទារជាយូរមកហើយរបស់ក្រុមប្រឆាំងនឹងរបបនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកស្រី Von der Leyen ព្រមានថា សង្គ្រាមអ៊ីរ៉ង់អាចធ្វើឲ្យអឺរ៉ុបខូចខាតរយៈពេលជាច្រើនឆ្នាំ
04/29/2026 06:04 PM
រុស្ស៊ីបញ្ជាក់ថា នឹងបន្តនៅក្នុង OPEC+ និងសង្ឃឹមថា អវត្តមានរបស់អារ៉ាប់រួម មិនមែនជាទីបញ្ចប់របស់ក្រុមឡើយ
04/29/2026 06:04 PM
លោក STUBB និយាយថា ប្រទេសនានានៅអឺរ៉ុប នឹងបន្តទំនាក់ទំនងជាមួយរុស្ស៊ីជាមិនខាន
04/29/2026 06:04 PM
ចិនបញ្ជាក់ម្ដងទៀតនូវការអំពាវនាវកុំឲ្យមានជម្លោះថ្មី រវាងអាមេរិក និងអ៊ីរ៉ង់ ដើម្បីការពារផលប៉ះពាល់លើសេដ្ឋកិច្ចសកល
04/29/2026 06:04 PM
កូសូវ៉ូមិនអាចជ្រើសរើសប្រធានាធិបតីថ្មី ខណៈប្រទេសឆ្ពោះទៅរកការបោះឆ្នោតមុនអាណត្តិ
04/29/2026 06:04 PM
រដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ជាក់ថាស្ថានភាពសេរីភាពសារព័ត៌មាននៅឆ្នាំ២០២៦ មានភាពល្អប្រសើរ
04/29/2026 06:04 PM
បារាំងជំរុញឲ្យពលរដ្ឋចាកចេញពីម៉ាលី «ឲ្យបានឆាប់តាមដែលអាច» អំឡុងពេលបារម្ភអំពីសន្តិសុខ
04/29/2026 06:04 PM
លោក Trump ប្រាប់អ៊ីរ៉ង់ឲ្យ «សម្រេចដោយភាពវៃឆ្លាតឲ្យបានឆាប់» ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
04/29/2026 06:04 PM
ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបប្រឈមកង្វះប្រេងឥន្ធនៈកើនឡើង ខណៈជម្លោះមជ្ឈិមបូព៌ារំខានដល់ការផ្គត់ផ្គង់ថាមពល
04/29/2026 06:04 PM
ប្រទេសចិនអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារស្ថិរភាព នៅមជ្ឈិមបូព៌ា
04/29/2026 06:04 PM