ស្វែងរក

លីបង់៖ ក្រុមហេសបូឡាត្រៀមខ្លួនរួចជាស្រេចសម្រាប់បទឈប់បាញ់ និងជំរុញឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារ

06/01/2026 03:06 PM        48
ប្រធានសភាលីបង់ លោក Nabih Berri បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមហេសបូឡាប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ដ៏ទូលំទូលាយ និងភ្លាមៗ ដោយអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្ខំអ៊ីស្រាអែលឲ្យបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់។ លោក Berri បានលើកឡើងថា ជម្លោះនេះ មិនមែនស្ថិតនៅក្នុងជំហររបស់ក្រុមប្រឆាំងលើបទឈប់បាញ់នោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺជាការបន្តប្រតិបត្តិការយោធាអ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ ដែលលោកបាននិយាយថា បានធ្វើឲ្យជនស៊ីវិលលីបង់រាប់ពាន់នាក់ផ្លាស់ទីលំនៅ និងបន្តបំផ្លាញភូមិជាច្រើន និងផ្ទះសម្បែង នៅក្នុងតំបន់ផ្សេងៗ។ លោកបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងណាមួយ ដើម្បីបន្ធូរបន្ថយជម្លោះតម្រូវឲ្យមានការធានាពិតប្រាកដ ដែលនឹងបង្ខំឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហាររបស់ខ្លួនទាំងស្រុង។ការអត្ថាធិប្បាយរបស់លោក បានធ្វើឡើង ខណៈដែលភាគខាងត្បូងប្រទេសលីបង់ កំពុងឃើញការពង្រីកប្រតិបត្តិការយោធាអ៊ីស្រាអែលដែលមិនធ្លាប់មានពីមុនមក ដែលត្រូវបានបង្កើតឡើងដោយអ៊ីស្រាអែលថាចាំបាច់ដើម្បីកម្ទេចក្រុមហេសបូឡាឲ្យអស់៕

ក្រសួងការងារបន្តពង្រីកយុទ្ធនាការទប់ស្កាត់ពលកម្មកុមារ និងជំរុញការចុះបញ្ជិកា ប.ស.ស. និងការចុះឈ្មោះក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យសហគ្រាស (LACMS) របស់ក្រសួងការងារ ដល់បណ្ដា២៥ រាជធានី-ខេត្ត

06/01/2026 02:06 PM        210
ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារ សម្រាប់កម្មករនិយោជិតវ័យក្មេង នៅទូទាំងប្រទេសឆ្នាំ២០២៦» តាមរយៈកិច្ចសហការរវាងមន្ទីរការងារ និងអាជ្ញាធរមូលដ្ឋាន ដោយបានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយផ្ទាល់ដល់បណ្តាសិប្បកម្មផលិតឥដ្ឋ-ក្បឿង និងសហគ្រាស កសិ-ឧស្សាហកម្ម តាមបណ្ដា២៥រាជធានី-ខេត្ត ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ (ILO) ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធទៅនឹងពលកម្មកុមារ។យុទ្ធនាការនេះ គឺធ្វើឡើងក្នុងគោលបំណងដាស់ស្មារតី និងលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃពលកម្មកុមារឱ្យកាន់តែទូលំទូលាយ ព្រមទាំងបំផុសការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការឃ្លាំមើល និងរាយការណ៍ជាបន្ទាន់នូវរាល់ករណីសង្ស័យ។ ក្នុងនោះដែរ ក្រសួងការងារ ក៏បានជំរុញយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរដែនដី សហគមន៍សិប្បកម្ម និងផ្នែកកសិ-ឧស្សាហកម្ម ត្រូវរួមដៃគ្នាទប់ស្កាត់ និងលុបបំបាត់ឱ្យបានដាច់ខាតនូវរាល់ទម្រង់នៃទាសភាព ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងការងារប្រកបដោយគ្រោះថ្នាក់ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារខ្ពស់ និងការការពារសិទ្ធិកុមារបានយ៉ាងពិតប្រាកដ។ទន្ទឹមនឹងការអនុវត្តយុទ្ធនាការនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានដាក់ចេញនូវវិធានការណែនាំដល់ម្ចាស់សហគ្រាស និងនិយោជកទាំងអស់ ឱ្យបំពេញកាតព្វកិច្ចចុះបញ្ជិកាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជូនដល់បងប្អូនកម្មករនិយោជិតឱ្យបានគ្រប់ៗគ្នា ដើម្បីធានាបាននូវឧត្តមប្រយោជន៍ និងការគាំពារសង្គម។ លើសពីនេះនិយោជកត្រូវតែរួសរាន់ចុះឈ្មោះក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យសហគ្រាស (LACMS) របស់ក្រសួងការងារ ឱ្យបានត្រឹមត្រូវតាមការកំណត់ផងដែរ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវយ៉ាងទទូចដល់សាធារណជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យរួមគ្នាប្តេជ្ញាចិត្តបញ្ចប់រាល់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ។ ក្នុងករណីបានជួបប្រទះ ឬមានការសង្ស័យលើការប្រើប្រាស់ពលកម្មកុមារខុសច្បាប់ សូមរាយការណ៍ឱ្យបានលឿនបំផុតតាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ Hotline ១២៩៧ ឬ ១២៨៦ ឬតាមប្រអប់បណ្តឹងអនាមិក ដើម្បីឱ្យក្រុមការងារបច្ចេកទេសរបស់ក្រសួង អាចចុះចាត់វិធានការយ៉ាងតឹងរ៉ឹងតាមផ្លូវច្បាប់បានទាន់ពេលវេលានិងមានប្រសិទ្ធភាព៕

ជិះកង់ដើម្បីកុមារកម្ពុជា លើកទី៣ ថយអ្នកចុះឈ្មោះ តែកើនអ្នកចូលរួមជាង ៥០០នាក់

06/01/2026 02:06 PM        134
ព្រឹត្តិការណ៍ជិះកង់ដើម្បីកុមារកម្ពុជា លើកទី៣ ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាទោចក្រយានកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅ បានបញ្ចប់​ដោយ​ជោគជ័យ​ ដ្បិតមានអ្នកចុះឈ្មោះថយចុះ តែមានកំណើនអ្នកចូលរួមអមតាមបណ្ដារាជធានី-ខេត្ត​សរុប​ជាង ៥០០នាក់។លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា ព្រឹត្តិការណ៍កីឡា ផ្សារភ្ជាប់សប្បុរសធម៌​នេះ រៀបចំឡើងក្រោមជំនួយឧបត្ថម្ភគាំទ្ររបស់សហព័ន្ធកីឡាទោចក្រយានអន្តរជាតិ (UCI) ។ ជាមួយ​ការធ្វើដំណើរជាង ១២ម៉ោង លើចម្ងាយផ្លូវ ៣១២គីឡូម៉ែត្រនេះដែរ មានអ្នក​ជិះកង់​ចុះ​ឈ្មោះ​ចូលរួម ១៨០នាក់ ដែលចំនួននេះ មានការថយចុះ បើធៀប កាលពីឆ្នាំមុន តែមាន​ការ​កើន​ឡើង​គួរ​ឲ្យកត់សម្គាល់ សម្រាប់អ្នកមិនបានចុះឈ្មោះ ហើយចូលរួមជិះកង់ជូនដំណើរ តាមបណ្ដា​រាជ​ធានី-ខេត្ត ក្បួនកង់ឆ្លងកាត់សរុបប្រមាណជាង ៥០០នាក់។ក្នុងនាមសហព័ន្ធ លោកបានចាត់ទុកនេះ គឺជាជោគជ័យថ្មីមួយ សម្រាប់ការរួមគ្នា ដើម្បី​សប្បុរស​ធម៌ ក្នុងឱកាសអបអរសាទរទិវាកុមារអន្ដរជាតិ ១មិថុនាផង និងអបអរសាទរ​ទិវាជិះកង់​ពិភពលោក ៣មិថុនា ផង ។ អ្វីពិសេស គឺការចូលរួមបរិច្ចាគរបស់សប្បុរសជននានា ដើម្បីរួមចំណែកជួយដល់ការងារសង្គម ពិសេសកុមារកម្ពុជា ជាក់ស្ដែងតាមរយៈព្រឹត្តិការណ៍ជិះកង់ពីភ្នំពេញ ទៅខេត្តសៀមរាប ឆ្នាំនេះ សហព័ន្ធកៀគរបានថវិកាចំនួន ៣,៣៣៣ដុល្លារ ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ទន្ទឹមជាមួយគ្នាលោក នូ ចំរើន ក៏បានថ្លែងអំណរគុណ ដល់កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងតាមបណ្ដារាជធានី-ខេត្តទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ជាមួយក្បួនកង់ ធ្វើឲ្យកីឡាករ-កីឡាការិនី ធ្វើដំណើរដល់គោលដៅប្រកបដោយសុវត្ថិភាពទាំងអស់គ្នាផងដែរ៕ អត្ថបទ លី ឈុនឡា 

ទីក្រុង Mexico City ពន្លឿនការរៀបចំត្រៀមទទួលព្រឹត្តិការណ៍បាល់ទាត់ពិភពលោក

06/01/2026 02:06 PM        169
អាជ្ញាធរទីក្រុង Mexico City ប្រតេសម៉ិកស៊ិកកំពុងបង្កើនការរៀបចំយ៉ាងសកម្ម ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 ដោយការងាររៀបចំជាច្រើនកំពុងដំណើរការនៅតំបន់កណ្តាលទីក្រុង។នៅទីលាន Zócalo ដែលនឹងក្លាយជាទីតាំង Fan Fest សម្រាប់ទទួលអ្នកគាំទ្ររាប់ពាន់នាក់ក្នុងអំឡុងពេលការប្រកួត ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងកន្លែងសម្រាប់ព្រឹត្តិការណ៍កំពុងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។បន្ថែមពីនេះ ផ្លូវធំៗនៅទូទាំងទីក្រុងត្រូវបានតុបតែងដោយរូបថតកីឡាករបាល់ទាត់ គំនូរជញ្ជាំង និងផ្ទាំងផ្សព្វផ្សាយជាច្រើន ដើម្បីបង្កើតបរិយាកាសអបអរសាទរព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតរបស់ពិភពលោក។ការប្រកួត World Cup ឆ្នាំ២០២៦ នឹងក្លាយជាលើកដំបូងដែលមានការចូលរួមពីក្រុមជម្រើសជាតិចំនួន ៤៨ ក្រុម។ ការប្រកួតបើកឆាកនឹងធ្វើឡើងនៅកីឡដ្ឋាន Estadio Azteca ក្នុងទីក្រុង Mexico City ដែលនឹងក្លាយជាកីឡដ្ឋានដំបូងគេក្នុងប្រវត្តិសាស្ត្រទទួលរៀបចំការប្រកួតបើកឆាក World Cup ចំនួន ៣ លើក។ ចំណែកការប្រកួតផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅ MetLife សហរដ្ឋអាមេរិកនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។ទន្ទឹមនឹងនេះ អាជ្ញាធរទីក្រុងក៏កំពុងពន្លឿនការជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមានស្ថានីយរថភ្លើងក្រោមដី និងអាកាសយានដ្ឋានអន្តរជាតិ ដើម្បីធានាការទទួលភ្ញៀវ និងអ្នកគាំទ្រពីជុំវិញពិភពលោកប្រកបដោយប្រសិទ្ធភាព។ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ២០២៦ ត្រូវរៀបចំឡើងនៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។ ក្នុងនោះ ទីក្រុង Mexico City នឹងទទួលរៀបចំការប្រកួតសរុបចំនួន ៥ ប្រកួត ដោយការប្រកួតដំបូងគឺជាការជួបគ្នារវាងក្រុមជម្រើសជាតិម៉ិកស៊ិក និង អាហ្វ្រិកខាងត្បូងក្នុងវគ្គចែកពូល នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦៕ អត្ថបទ៖នាង សុភាវុធ 

មួយសប្តាហ៍បណ្តេញជនបរទេសជាង៩០០នាក់ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams

06/01/2026 02:06 PM        216
ជនបរទេសជាង ៩០០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ជួញដូនូវសារធាតុញៀនខុសច្បាប់ និងប្រព្រឹត្តបទល្មើសផ្សេងៗមួយចំនួនទៀតត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វើការបណ្តេញចេញពីកម្ពុជា។យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ជនបរទេសសរុបចំនួន ៩៤៥នាក់ ត្រូវបាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីបណ្តេគចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ជួញដូរនូវសារធាតុញៀនខុសច្បាប់ និងការប្រព្រឹត្តបទល្មើសផ្សេងៗមួយចំនួនទៀត។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ការបណ្ដេញចេញជនជាតិបរទេសទាំងនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។ គួរបញ្ជាក់ រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ទី២០ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើកាបណ្ដេញចេញជនបរទេសសរុបចំនួន ៣,៥៩៨នាក់ ស្រី២៦១នាក់ មាន ៣៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ វង្ស សុភាព

សម្តេច ម៉ែន សំអន៖«គ្រោះធម្មជាតិមិនអាចហាមឃាត់បាន ប៉ុន្តែយើងអាចកាត់​បន្ថយ​ការ​ខូចខាត និងគ្រោះថ្នាក់ដល់អាយុជីវិត តាមរយៈការបង្កើនការប្រុងប្រយ័ត្ន និងការសហការ​ជួយគ្នា​ទៅវិញ​ទៅមកក្នុងស្មារតីសាមគ្គីភាព»

06/01/2026 02:06 PM        173
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅស្រុករមាសហែក ខេត្តស្វាយរៀង ព្រឹកថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។‎យោងតាមរបាយការណ៍របស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានឱ្យដឹងថា មានផ្ទះប្រជាពលរដ្ឋចំនួន ៥ស្រុក-ក្រុង នៅខេត្តស្វាយរៀង ដែលរងការខូចខាតដោយសារភ្លៀង លាយឡំនិងផ្គររន្ទះខ្យល់កន្ត្រាក់ ចំនួន ២៤២ខ្នង នៅស្រុកកំពង់រោទិ៍ ៥ខ្នង ស្រុកស្វាយទាប ៣៣ខ្នង ស្រុករំដួល ៤ខ្នង ស្រុករមាសហែក ៨៣ខ្នង និងក្រុងស្វាយរៀង ១១៧ខ្នង កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខយ៉ាងក្រៃលែងពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសេចក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសម្តែងនូវការសោកស្តាយជាខ្លាំងចំពោះការខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់បងប្អូននាពេលនេះ។ សម្តេចកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធាន តែងតែឈរនៅលើគោលការណ៍មនុស្សធម៌ ដោយ «មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយអត់បាយ ឬគ្មានទីជម្រក ដោយសារតែអាជ្ញាធរមិនបានដឹង ឬមិនបានដោះស្រាយនោះឡើយ» ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ចំណែកអំណោយមនុស្សធម៌ជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកាត្រូវបាននាំយកមកចែកជូនក្នុងថ្ងៃនេះ បានជួយសម្រាលនូវការលំបាកចំពោះមុខ និងផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រួសាររងគ្រោះទាំងអស់។សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា «ទោះបីជាគ្រោះធម្មជាតិយើងមិនអាចហាមឃាត់បាន ប៉ុន្តែយើងអាចកាត់បន្ថយការខូចខាត និងគ្រោះថ្នាក់ដល់អាយុជីវិតបាន តាមរយៈការបង្កើនការប្រុងប្រយ័ត្ន និងការសហការជួយគ្នាទៅវិញទៅមកក្នុងស្មារតីសាមគ្គីភាព» ។សម្តេចកិត្តិសង្គហបណ្ឌិត ក៏មានមតិផ្តាំផ្ញើរដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដូចតទៅ ៖ ‎១. សូមបងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាសធាតុ ដែលមានការប្រែប្រួលជាយថាហេតុ ជាពិសេសនៅក្នុងអំឡុងពេលត្រៀមចូលនិងនៅក្នុងរដូវវស្សា។ ‎២. សូមការពារសុវត្ថិភាពសមាជិកគ្រួសារ និងកុមារតូចៗ៖ នៅពេលមានភ្លៀងខ្យល់ខ្លាំង ត្រូវណែនាំកូនចៅឱ្យនៅក្នុងផ្ទះ ឬរកជម្រកដែលមានសុវត្ថិភាពខ្ពស់ ជៀសវាងការជ្រកក្រោមដើមឈើធំៗ និងត្រូវបិទទូរស័ព្ទដៃ ឬឧបករណ៍អគ្គិសនី ដែលអាចបង្ករគ្រោះថ្នាក់ដោយសាររន្ទះបាញ់។ ‎៣. សូមថែរក្សាសុខភាព និងអនាម័យ៖ ត្រូវរស់នៅមានអនាម័យ ផឹកទឹកឆ្អិន ឬទឹកស្អាត ដើម្បីការពារជំងឺដង្កាត់ផ្សេងៗ ឬការប្រែប្រួលអាកាសធាតុភ្លាមៗ៕

កម្ពុជា និងលុចសំបួ ពិភាក្សាជំរុញទិសដៅយុទ្ធសាស្ត្រ​វិស័យអាទិភាព​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំងពីរ

06/01/2026 02:06 PM        447
កម្ពុជា-លុចសំបួ បើកកិច្ចពិគ្រោះយោបល់ ពិនិត្យ និងពិភាក្សាលើទិសដៅ​យុទ្ធសាស្ត្រ​វិស័យ​អាទិភាព ​និងយន្តការភាពជាដៃគូ ក្នុងការអនុវត្តកម្មវិធីណែនាំ ដែលបានស្នើឡើង​ក្នុង​សេចក្តី​ព្រាង ICP សម្រាប់រយៈពេល៧ឆ្នាំ២០២៧-២០៣៣ នៃកិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរ។ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Thomas Lammar ភារៈធារីនៃស្ថានទូតលុចសំបួដែលមាននិវេសនដ្ឋាននៅទីក្រុងវៀងចន្ទន៍ នៃប្រទេសឡាវ និងទទួលបន្ទុកកិច្ចសហ- ប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា នៅចុងសប្តាហ៍កន្លងមកនេះ បានដឹកនាំកិច្ចពិគ្រោះយោបល់ ស្ដីពីកម្មវិធីណែនាំសម្រាប់កិច្ច សហប្រតិបត្តិការ (ICP) រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលលុចសំបួ ។ កិច្ចពិគ្រោះយោបល់នេះ មានការចូលរួមពីលោក Robert De Waha តំណាងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍លុចសំបួ (LuxDev), មន្ត្រីជាន់ខ្ពស់តំណាងរាជរដ្ឋាភិបាលលុចសំបួ និងតំណាងជាន់ខ្ពស់ពីក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណ ៦០ នាក់ ។ គោលបំណងសំខាន់នៃកិច្ចពិគ្រោះយោបល់ គឺដើម្បីពិនិត្យ និងពិភាក្សាលើទិសដៅយុទ្ធសាស្ត្រ វិស័យអាទិភាព និងយន្តការភាព ជាដៃគូ ក្នុងការអនុវត្តកម្មវិធីណែនាំ ដែលបានស្នើឡើងក្នុងសេចក្តីព្រាង ICP សម្រាប់រយៈពេល៧ឆ្នាំ២០២៧-២០៣៣ ។ កិច្ចពិភាក្សា បានផ្តោតសំខាន់លើវិស័យអាទិភាពចំនួន៣រួមមាន៖ វិស័យសុខាភិបាល, បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការអភិវឌ្ឍជនបទ ព្រមទាំង អន្តរវិស័យដូចជា យេនឌ័រ, បរិស្ថាន និងការប្រែប្រួលអាកាសធាតុ, អភិបាលកិច្ចល្អ និងឌីជីថលនីយកម្ម៕ អត្ថបទ៖ សុន រ៉ាឌី​ 

រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ កុមារគឺជាគ្រាប់ពូជនៃអនាគតជាតិ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា

06/01/2026 02:06 PM        79
ភ្នំពេញ៖ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ សុង ធីតា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធិកុមារ» ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ចំពោះកុមារ លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកុមារ និងជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការការពារ ថែទាំ និងអភិវឌ្ឍកុមារ។ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ និងពោរពេញដោយភាពកក់ក្តៅ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ឯកឧត្តម លោកជំទាវ ឧកញ៉ា ប្រធាន និងតំណាងសហព័ន្ធ សមាគមក្នុងឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ព្រមទាំងអាណាព្យាបាល និងកុមារស កុមារី សរុបប្រមាណ ៤៥០នាក់។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «កុមារគឺជាគ្រាប់ពូជនៃអនាគតជាតិ» និងជាធនធានមនុស្សដ៏មានតម្លៃដែលនឹងក្លាយជាកម្លាំងស្នូលសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិទៅថ្ងៃអនាគត។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ការធានាសិទ្ធិ សុខុមាលភាព ការអប់រំ ការថែទាំសុខភាព និងសុវត្ថិភាពរបស់កុមារ គឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់ការកសាងធនធានមនុស្សប្រកបដោយគុណភាព និងនិរន្តរភាព។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងថា សន្តិភាព និងស្ថិរភាពសង្គម គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលធានាឱ្យកុមារគ្រប់រូបអាចរស់នៅប្រកបដោយសុវត្ថិភាព ទទួលបានសិទ្ធិពេញលេញ មានឱកាសស្មើគ្នាក្នុងការរៀនសូត្រ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។ក្នុងកម្មវិធីនេះ ក៏មានការរៀបចំសកម្មភាពកម្សាន្ត និងអប់រំជាច្រើន រួមមានការសម្តែងសិល្បៈ ការឆ្លើយសំណួរយករង្វាន់ ការគូររូប និងផាត់ពណ៌ ការគូសរូបលើផ្ទៃមុខ ការពិសារអាហារសម្រន់ជុំគ្នា និងសកម្មភាពកម្សាន្តផ្សេងៗទៀត ដែលបានបង្កើតបរិយាកាសសប្បាយរីករាយ និងបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗសម្រាប់កុមារ។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍បានផ្តល់ឃីតសិក្សាដល់កុមារចំនួន ២៤៧នាក់ និងក្រុមកុមារសម្តែងចំនួន ៣៧នាក់ ដោយម្នាក់ៗទទួលបានឃីតមួយកញ្ចប់ រួមមាន សៀវភៅ ប៊ិច បន្ទាត់ ខ្មៅដៃ និងនំ។បន្ថែមពីនេះ ឯកឧត្តម ហួត ហាក់ និងលោកជំទាវ សុង ធីតា បានឧបត្ថម្ភថវិកាចំនួន ៣លានរៀល ដល់អង្គការ PSE ដើម្បីចូលរួមគាំទ្រសកម្មភាពអប់រំ និងសុខុមាលភាពកុមារ។ កាយវិការនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់ក្រសួងទេសចរណ៍ក្នុងការរួមចំណែកលើកកម្ពស់សុខុមាលភាព និងអនាគតរបស់កុមារកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ក្រសួងបរិស្ថាន បន្តពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់ការបញ្ចេញទឹកកខ្វក់បានជាង ៣០​លាន​ម៉ែត្រ​គូប មិនឱ្យហូរចូលទៅបំពុលប្រភពទឹកសាធារណៈ

06/01/2026 02:06 PM        178
គិតចាប់ពីឆ្នាំ២០២៥ រហូតដល់ដំណាច់ខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានទប់ស្កាត់ទឹកកខ្វក់បានជាង៣០ ៨២៣ ៨៦៨ ម៉ែត្រគូប មិនឱ្យហូរចូលប្រភពទឹកធម្មជាតិ ដើម្បីការពារសុខភាពសាធារណៈ និងនិរន្តរភាពបរិស្ថាន។ ដោយឡែក បើគិតចាប់ពីខែមករា ដល់ដំណាច់ខែឧសភា ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានបានជួយទប់ស្កាត់ទឹកកខ្វក់ ចំនួនជាង ១០ ៧៤៨ ៥៩៦ ម៉ែត្រគូប មិនឱ្យហូរចូលក្នុងប្រភពទឹកធម្មជាតិ។ សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានពង្រឹង ការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តមួយចំនួនជាធរមាននៅកម្ពុជា ដោយតម្រូវឱ្យរោងចក្រ និងសហគ្រាសទាំងអស់ ដែលមានសក្តានុពលប្រភពបំពុល និងបញ្ចេញសំណល់រាវ ដំឡើងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងបំពាក់ឧបករណ៍ស្វ័យប្រវត្តិ តាមដានគុណភាពទឹក ព្រមទាំងចុះត្រួតពិនិត្យ និងវាយតម្លៃគុណភាពទឹកជាប្រចាំនៅទូទាំងប្រទេស។រោងចក្រ ក្រុមហ៊ុន និងសហគ្រាស ដែលមានហានិភ័យខ្ពស់ បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ គុណភាពទឹក និងបញ្ជូនទិន្នន័យផ្ទាល់ មកក្រសួងបរិស្ថាន គិតមកដល់ពេលនេះ មានចំនួន ៥៩ទីតាំង និងមានរោងចក្រ សហគ្រាស ជាង១០ទីតាំងផ្សេងទៀត បានចុះកិច្ចសន្យា បំពាក់ឧបរណ៍ស្វ័យត្រួតពិនិត្យទឹកកខ្វក់ ជាបន្តបន្ទាប់។ តាមរយៈកិច្ចសហការ ជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសម្ចាស់ រោងចក្រ/ក្រុមហ៊ុន បានចូលរួមអនុវត្តច្បាប់ និងបានអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កម្ពុជាអាចទប់ស្កាត់ទឹកកខ្វក់ បានរាប់សិបលានម៉ែត្រគូប មិនឱ្យហូរចូលទៅបំពុលប្រភពទឹកធម្មជាតិ ជាពិសេសជួយទប់ស្កាត់ការបំពុលបរិស្ថាន ថែរក្សាការពារបរិស្ថាន សុខភាពរបស់ប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយភាពរុងរឿង ប្រែក្លាយទៅជាប្រទេសមានបរិស្ថានស្អាត ក្នុងទឹកស្អាត លើដីស្អាត និងផ្ទៃមេឃស្អាត ដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព៕

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

06/01/2026 02:06 PM        62
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីពីធីជួបជុំអបអរសាទរខួបលើកទី៧៧ នៃទិវាកុមារអន្តរជាតិ ១ មិថុនា ក្រោមប្រធានបទ «សន្តិភាពជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធិកុមារ» និង ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «ប្តេជ្ញាលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីកសាងភាពធន់ និងការងារសមរម្យ» និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សា ហ៊ុន សែន កោងកាង នៅឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងសាររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានសង្កត់ធ្ងន់ លើការការពារសិទ្ធិកុមារ ការលុបបំបាត់ពលកម្មកុមារ និងការកសាងមូលធនមនុស្ស ក្រោមម្លប់សន្តិភាព។ ឯកឧត្តម បានមានប្រសាសន៍លើកឡើងលើការការពារ និងការគោរពសិទ្ធិកុមារ ដោយរំលឹកពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់កុមារ ដូចជាការលប់បំបាត់ការរើសអើង ការរំលោភបំពាន និងការកេងប្រវ័ញ្ចពលកម្មកុមារ។ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា សន្តិភាពដែលកម្ពុជាទទួលបានពីគោលនយោបាយឈ្នះឈ្នះ ដឹកនាំនិងដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមូលដ្ឋានគ្រឹះ ក្នុងការលើកកម្ពស់សិទ្ធិ និងកិច្ចគាំពារកុមារគ្រប់រូប និងបានយ៉ាងពេញលេញ។ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក្របខ័ណ្ឌគោលនយោបាយ កម្មវិធីនយោបាយ និងផែនការសកម្មភាពជាតិរបស់រាជរដ្ឋាភិបាល ដើម្បីធានានូវឧត្តមប្រយោជន៍របស់កុមារគ្រប់រូប។ ឯកឧត្តមបានអំពាវនាវបន្តរួមគ្នាការពារសន្តិភាព និងការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ សាមគ្គីភាព និងការរួបរួមគ្នា សាមគ្គីគ្នា នឹងជួយឱ្យប្រទេសជាតិអាចសម្រេចបាននូវគោលដៅធំៗ ជាពិសេសការកសាងមូលធនមនុស្ស និងការការពារអនាគតរបស់កុមារកម្ពុជា។ក្នុងពិធីអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើ ការផ្សារភ្ជាប់សិទ្ធិកុមារទៅនឹងកិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្តមបានលើកទឹកចិត្តដល់សិស្សានុសិស្ស ដោយមានការចែកសម្ភារៈសិក្សា ដូចជាសៀវភៅ ប៊ិច កាតាប កាបូបប៊ិច ដបទឹក បន្ទាត់ ជ័រលុប ប៊ិច ប្រដាប់ខួង និងខ្មៅដៃ ជាច្រើន រួមជាមួយការផ្តល់សម្ភារកីឡា រួមមានសម្រាប់តារាងបាល់ទាត់ ចំនួន ១ ឈុត តារាងប៉េងបុង ចំនួន១ ឈុត បាល់ទាត់ ចំនួន៦ បាល់និង ស្នប់ចំនួន៣គ្រឿង។ឯកឧត្តមរដ្ឋមន្រ្តីបានអញ្ជើញចូលរួមដាំកូនឈើជាច្រើនដើម ជាមួយភ្ញៀវកិត្តិយស លោគ្រូអ្នកគ្រូ សិស្សានុសិស្សសនៅក្នុងសាលារៀនផងដែរ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់នៅហ្កាហ្សា រួមទាំងអ្នកថតរូបរបស់ Al Jazeera ផងដែរ
06/21/2026 03:06 PM
សាកសពជនអន្តោប្រវេសន៍ ១៥ នាក់ ត្រូវបានអណ្តែតទើលើច្រាំង​សមុទ្រនៅភាគខាងកើតប្រទេសលីប៊ី
06/21/2026 03:06 PM
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
06/21/2026 02:06 PM
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
06/21/2026 02:06 PM
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
06/21/2026 02:06 PM
កម្ពុជា មានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលសេវាហិរញ្ញវត្ថុខ្ពស់
06/21/2026 02:06 PM
លោក TRUMP គំរាមយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ HORMUZ បើកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់បរាជ័យក្នុងពេល៦០ថ្ងៃ
06/21/2026 02:06 PM
អឺរ៉ុបកំពុងរងការគំរាមកំហែងពីរលកកម្ដៅខ្ពស់ ខណៈបារាំង រឹតត្បិតការប្រើប្រាស់គ្រឿងស្រវឹង
06/21/2026 01:06 PM
ក្រសួងព័ត៌មានជំរុញការផលិតមាតិកាទំនើប ដើម្បីប្រសិទ្ធភាពផ្សព្វផ្សាយក្នុងសម័យឌីជីថល
06/21/2026 01:06 PM
ក្រុមការងារចុះមូលដ្ឋានស្រុកជលគីរី ជំរុញអាជ្ញាធរឃុំបង្កើនគុណភាពសេវាសាធារណៈ
06/21/2026 01:06 PM