ស្វែងរក

ប្រមុខ WHO អំពាវនាវសុំមូលនិធិបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលឆ្លងជំងឺអេបូឡានៅកុងហ្គោ

05/29/2026 06:05 PM        41
អគ្គលេខាធិការអង្គការសុខភាពពិភពលោក(WHO)លោក Tedros Adhanom Ghebreyesus បានធ្វើដំណើរទៅដល់ទីក្រុង Kinshasa របស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដើម្បីសម្របសម្រួលការឆ្លើយតបនឹងការរីករាលដាលឆ្លងជំងឺអេបូឡានៅប្រទេសមួយនេះ ដោយរូបលោកព្រមានថា ជម្លោះ ការជម្លៀសខ្លួន និងការមិនទុកចិត្តគ្នា នឹងរារាំងដល់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺមួយនេះ ។ ថ្លែងពេលទៅដល់ទីក្រុង Kinshasa លោក Tedros ចាត់ទុកការរីករាលដាលឆ្លងជំងឺអេបូឡាថា ស្មុគស្មាញខ្លាំងណាស់ ហើយលោកជំរុញឲ្យមានបទឈប់បាញ់ ពីព្រោះថា អសន្តិសុខ និងកង្វះខាតស្បៀងអាហារ បានធ្វើឲ្យឆ្លើយតបកាន់តែលំបាកថែមមួយកម្រិតទៀត ។ លោកបានជំរុញផងដែរឲ្យមានការផ្តល់មូលនិធិអន្តរជាតិ ដោយរូបលោកបញ្ជាក់ថា ប្រហែល ១ភាគ ៣ប៉ុណ្ណោះ នៃការគាំទ្រទទួលបាន ។ បើគ្មានបុគ្គលិកសុខភាពទេនោះ វាពិតជាពិបាកជួយអ្នកដទៃខ្លាំងណាស់ ។ លោក Tedros និយាយដែរថា លោកនឹងធ្វើដំណើរទៅកាន់ទីក្រុងភាគខាងកើត Bunia ដើម្បីវាយតម្លៃស្ថានភាព ស្របពេលដែលអង្គការ WHO ត្រូវធ្វើការជាមួយដៃគូ ដើម្បីពន្លឿនការធ្វើតេស្តេវេជ្ជសាស្រ្ត សម្រាប់វ៉ាក់សាំង និងការព្យាបាល ដែលអាចចំណាយពេលច្រើនខែ ក្នុងការសម្រេចបាន ៕

ក្វាតេម៉ាឡា ស្នើសុំជំនួយសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន

05/29/2026 06:05 PM        21
ប្រធានាធិបតីក្វាតេម៉ាឡាលោក Bernardo Arevalo និយាយថា ប្រទេសរបស់លោកបានស្នើសុំកិច្ចសហប្រតិបត្តិការយោធាសហរដ្ឋអាមេរិក រួមទាំងសម្ភារៈ ការហ្វឹកហាត់ និងក្រុមអ្នកជំនាញ ដើម្បីជួយប្រតិបត្តិការរបស់ពួកគេប្រឆាំងនឹងការជួញដូរគ្រឿងញៀនខុសច្បាប់ ។ រដ្ឋាភិបាលកត់សម្គាល់ឃើញថា ផែនការរួមគ្នា បានបញ្ឈប់ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកលើទឹកដីក្វាតេម៉ាឡា ហើយវាបានធ្លាក់ទៅក្នុងកិច្ចព្រមព្រៀងទ្វេភាគីមានស្រាប់ ។ រដ្ឋាភិបាលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពុំមានកិច្ចព្រមព្រៀងណាមួយ អនុញ្ញាតឲ្យមានប្រតិបត្តិការយោធាបរទេសលើទឹកដីជាតិនោះទេ ។ ពួកគេបន្តថា លោក Arevalo និងរដ្ឋមន្រ្តីការពារជាតិក្វាតេម៉ាឡាលោក Henry Saenz បាននិយាយជាមួយរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Pete Hegseth ដើម្បីបញ្ជាក់ពីលក្ខខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិក ក្រោយលោក Saenz ស្នើសុំជំនួយ ។ កិច្ចព្រមព្រៀងនេះ មានបំណងពង្រីកយុទ្ធសាស្រ្តដែលបានអនុវត្តកាលពីឆ្នាំ ២០២៤ ។ លោក Arevalo និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកយើងបានពិភាក្សាលើលទ្ធភាពនៃការបង្កើនកិច្ចសហប្រតិបត្តិការដែលបានធ្វើឡើងនៅក្នុងក្របខណ្ឌកិច្ចព្រមព្រៀងទ្វេភាគីមានស្រាប់ ៕

ធម្មយាត្រាហាជិចូលដល់ថ្ងៃទី ៣នៃពិធីគប់ដុំថ្មអារក្សនៅអារ៉ាប៊ីសាអ៊ូឌីត

05/29/2026 06:05 PM        33
ក្រុមធម្មយាត្រាមូស្លីម បានជួបជុំគ្នានៅថ្ងៃសុក្រនេះ ដើម្បីធ្វើពិធីគប់ដុំថ្មអារក្ស នៅទីក្រុង Mina របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ។ ក្រុមធម្មយាត្រាមកពីទូទាំងពិភពលោក បានគប់ដុំថ្មលើជញ្ជាំងថ្មដ៏ធំមួយដែលតំណាងឲ្យការបដិសេធន៍អំពើអាក្រក់ ។ទង្វើបែបនេះ រំឭកដល់ការបដិសេធរបស់ព្យាការី Ibrahim ចំពោះការល្បួងរបស់សាតាំង ។ សូមបញ្ជាក់ថា ពិធីបុណ្យហាជិ ស្ថិតនៅក្នុងចំណោមសសរស្តមទាំង ៥នៅក្នុងសាសនាអ៊ិស្លាម ហើយនិងតម្រូវឲ្យរៀបចំពិធីម្តងក្នុងមួយជីវិតសម្រាប់ជនមូស្លីមម្នាក់ ដែលមានសមត្ថភាពផ្នែកហិរញ្ញវត្ថុ និងរាងកាយ ក្នុងការធ្វើដំណើរ ។ ពិធីបុណ្យនេះដែរ រំឭកដល់ការតាំងចិត្តរបស់ព្យាការី Ibrahim ដើម្បីពលីកូនប្រុសរបស់លោកតាមការបញ្ជារបស់ព្រះ ៕

តុណ្ហភាពកើនឡើងបង្កឲ្យមានភ្លើងឆេះព្រៃនៅតំបន់ភាគខាងជើងប្រទេសឥណ្ឌា

05/29/2026 06:05 PM        33
ភ្លើងឆេះព្រៃបានឆាបឆេះតំបន់ព្រៃក្រាស់នៅតំបន់ភ្នំភាគខាងជើង Shimlaប្រទេសឥណ្ឌាកាលពីថ្ងៃព្រហស្បតិម្សិលមិញស្របពេលដែលអាកាសធាតុក្តៅខ្លាំង កំពុងវាយប្រហារតំបន់ជាច្រើននៅក្នុងប្រទេសមួយនេះ ។ ចំណែកឯភ្លើងឆេះព្រៃទ្រង់ទ្រាយធំមួយទៀតបានឆាបឆេះតំបន់ភ្នំនៅរដ្ឋភាគខាងជើង HimachalPradesh និងរដ្ឋ Uttarakhand កាលពីដើមសប្តាហ៍នេះនិងបន្តឆាបឆេះរហូតដល់ពាក់កណ្តាលសប្តាហ៍ បណ្តាលឲ្យខូចខាតដៃព្រៃអស់ជាច្រើនហិចតា ។ អណ្តាតភ្លើង ត្រូវបានគេមើលឃើញរីករាលដាលយ៉ាងឆាប់រហ័សនៅលើដីព្រៃបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់ព្រៃបៃតងក្នុងតំបន់នោះ ។ សារព័ត៌មានក្នុងស្រុករាយការណ៍ថា ភ្លើងឆេះព្រៃថ្មីៗត្រូវបានគេរាយការណ៍ផងដែរនៅទីក្រុងតំបន់ភ្នំ Kasauliនិង Shimla ស្ថិតក្នុងរដ្ឋ HimachalPradesh ជាទីដែលកងទ័ពអាកាសឥណ្ឌា បានដាក់ពង្រាយឧទ្ធម្ភាគចក្របំពាក់ដោយធុងទឹកដើម្បីពន្លត់អណ្តាតភ្លើង ។ សូមបញ្ជាក់ថា ប្រទេសឥណ្ឌាតែងតែមើលឃើញករណីភ្លើងឆេះព្រៃកើនឡើងពេលដែលសីតុណ្ហភាពហក់ឡើងខ្ពស់នៅពាក់កណ្តាលខែមីនា រហូតដល់រដូវវស្សាចាប់ផ្តើមនៅខែមិថុនា៕

រដ្ឋមន្ត្រីការបរទេសចិនបំពេញទស្សនកិច្ចនៅកាណាដា ក្រោយ​ខកខានរយៈពេល ១ទសវត្សរ៍

05/29/2026 06:05 PM        47
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានទៅ​ដល់កាណាដាហើយ កាល​ពី​ថ្ងៃព្រហស្បតិ៍ (ទី២៨ ខែឧសភា ឆ្នាំ២០២៦) ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ ដែលជាការ​មាន​នូវ​ទស្សនកិច្ចបែប​នេះ​លើកដំបូងទៅ​កាន់ប្រទេសនេះ ក្នុងរយៈពេល ១ទសវត្សរ៍។នៅលើវេទិកាបណ្ដាញ​សង្គម X រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Anita Anand បានសរសេរថា៖ «ខ្ញុំទន្ទឹងរង់ចាំស្វាគមន៍សមភាគីចិនរបស់ខ្ញុំ គឺលោក​រដ្ឋមន្ត្រី Wang Y សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងមក​កាន់ប្រទេសកាណាដា ដោយរដ្ឋមន្ត្រីការបរទេសចិន ក្នុងរយៈពេល ១ទសវត្សរ៍»។ដំណើរទស្សនកិច្ចរបស់លោក កំពុងធ្វើឡើងបន្ទាប់ពីមាន​ដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃរបស់នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ទៅកាន់ប្រទេសចិន ក្នុងខែមករាឆ្នាំនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីកាណាដា គិត​ចាប់តាំងពីឆ្នាំ២០១៧។មុននេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលកាណាដាបានឲ្យ​ដឹង​ថា លោក Wang និង​លោកស្រី​ Anand នឹងជួបគ្នានៅទីក្រុងអូតាវ៉ា ដើម្បីពិភាក្សាអំពីការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រកាណាដា-ចិន ដែលត្រូវបានធ្វើបច្ចុប្បន្នភាព។គួរ​ដឹង​ថា ពាណិជ្ជកម្មទ្វេភាគី រវាងប្រទេស​ចិន និងកាណាដា មានចំនួន ១២៥,១ពាន់លានដុល្លារ នៅឆ្នាំ២០២៥៕

ព័រទុយហ្គាល់ ព្យាយាមបោសសម្អាតកម្ទេចកម្ទីសល់ពីព្យុះ ខណៈរដូវភ្លើងឆេះព្រៃខិតជិតមកដល់

05/29/2026 06:05 PM        45
ស្របពេលដែលរលកកម្តៅដូចនៅពាក់កណ្តាលរដូវក្តៅ កំពុងកម្លោចតំបន់មួយចំនួនរបស់ព័រទុយហ្គាល់រួចទៅហើយក្នុងខែឧសភានោះ កងទ័ព និងក្រុមអនុរក្សព្រៃឈើ បានព្យាយាមបោសសម្អាតិកម្ទេចកម្ទីឈើសល់ពីព្យុះធ្ងន់ធ្ងរកាលពីដើមឆ្នាំ ២០២៦នេះ មុនពេលរដូវភ្លើងឆេះព្រៃ ចាប់ផ្តើម ។ នៅតំបន់ភាគកណ្តាល Serta ដែលស្ថិតក្នុងចំណោមតំបន់រងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារព្យុះ គ្រឿងចក្រធុនធ្ងន់ និងទាហាន កំពុងធ្វើការក្នុងព្រៃជ្រៅ ដើម្បីឈូសឆាយដើមឈើបាក់ បែកឈើ ដែលដើរតួជាឥន្ធនៈសម្រាប់ភ្លើងឆេះព្រៃ ។ ពួកគេបានបើកផ្លូវចូលសម្រាប់ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យផងដែរ នៅពេលដែលភ្លើងឆេះព្រៃកើតឡើង ។ លោកសាស្រ្តាចារ្យ Jose Miguel Pereira ដែលជាអ្នកជំនាញភ្លើងឆេះព្រៃ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ព្យុះបង្កឲ្យមានឥន្ធនៈភ្លើងឆេះព្រៃនៅលើដី ដែលបណ្តាលឲ្យគ្រោះថ្នាក់ដល់ភ្លើងឆេះព្រៃ ។ ព័រទុយហ្គាល់រកឃើញភាគរយខ្ពស់ជាងគេបំផុតនៃភ្លើងឆេះព្រៃ នៅសហភាពអឺរ៉ុប ។ កាលពីរដូវក្តៅមុន អេស្ប៉ាញ និងព័រទុយហ្គាល់ មើលឃើញរលកកម្តៅរយៈពេល ១៦ថ្ងៃ ដែលជារលកកម្តៅដ៏ខ្លាំងក្លាបំផុតជាប់កំណត់ត្រា ហើយនិងជួយឲ្យកើតមានភ្លើងឆេះព្រៃ ។ ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា ហេតុការណ៍អាកាសធាតុក្តៅបែបនេះ នឹងកើតឡើងកាន់តែញឹកញាប់ជាងមុន ដោយសារបម្រែបម្រួលអាកាសធាតុបង្កឡើងដោយសារមនុស្ស ៕

ចំនួនប្រជាជនជប៉ុន ធ្លាក់ចុះច្រើន​​បំផុត​ ដោយនៅ​ក្រោម ១២៤លាននាក់

05/29/2026 06:05 PM        43
ចំនួនប្រជាជនជប៉ុន បានធ្លាក់ចុះមកត្រឹមជាង ១២៣លាននាក់ ដែលជាការថយ​ចុះច្រើនបំផុតមិនធ្លាប់មានរបស់ប្រទេសនេះ ក្នុងរយៈពេល ៥ឆ្នាំ។ នេះបើយោងតាមទិន្នន័យជំរឿនបឋមឆ្នាំ២០២៥ ដែលត្រូវបាន​រាយការណ៍ដោយទូរទស្សន៍ NHK នៅថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦) នេះ។ក្រសួងកិច្ចការផ្ទៃក្នុងរបស់ជប៉ុន បានឲ្យ​ដឹង​ថា ចំនួនប្រជាជន គឺ ១២៣.០៤៩.៥២៤នាក់ គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយ​ធ្លាក់ចុះជាង ៣លាននាក់ ឬ ២,៥ភាគរយ ពីចំនួន​ជំរឿនកាលពី​មុនដែលបានធ្វើឡើងក្នុងឆ្នាំ២០២០។តួលេខចុងក្រោយបំផុតនេះ គឺជាការធ្លាក់ចុះចំនួនប្រជាជនជា​លើកទី៣ ជាប់គ្នា ចាប់តាំងពីជប៉ុនបានកត់ត្រាការធ្លាក់ចុះជាលើកដំបូងក្នុងឆ្នាំ២០១៥។ ប្រទេសនេះបានធ្វើជំរឿនជាតិរៀងរាល់ប្រាំឆ្នាំម្តង ចាប់តាំងពីឆ្នាំ១៩២០​។ទោះបីជាចំនួនប្រជាជនថយចុះក៏ដោយ ក៏​ចំនួនគ្រួសារបានកើនឡើងដល់កំណត់ត្រា ៥៧​,១លានគ្រួសារ ខណៈដែលចំនួនមនុស្សក្នុង ១គ្រួសារ បានធ្លាក់ចុះពី ២,២៦នាក់ មកត្រឹម ២,១៥នាក់។ មន្ត្រីបាននិយាយថា និន្នាការនេះឆ្លុះបញ្ចាំងពីចំនួនមនុស្សចាស់ដែលកំពុងរស់នៅតែម្នាក់ឯង មាន​កាន់តែច្រើនឡើង។ក្រសួងត្រូវបានគេរំពឹងថា នឹងចេញផ្សាយតួលេខជំរឿនចុងក្រោយនៅខែកញ្ញា៕

ចិនប្រាប់​ពលរដ្ឋកុំ​ឲ្យ​ធ្វើដំណើរទៅកុងហ្គោ បើ​មិនចាំបាច់ ដោយសារការផ្ទុះឡើងនូវ​ជំងឺ Ebola

05/29/2026 06:05 PM        40
ប្រទេសចិន នៅថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦) បានណែនាំពលរដ្ឋរបស់ខ្លួនឲ្យមាន​ការ​​ប្រុងប្រយ័ត្ន នៅពេលធ្វើដំណើរទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយលើកឡើងពីការផ្ទុះឡើងនូវវីរុស​នៃ​​ជំងឺ Ebola។យោងតាមអង្គការសុខភាពពិភពលោក បាន​ឲ្យ​ដឹង​ថា ប្រទេសអាហ្វ្រិកកណ្តាលមួយ​នេះ បានរាយការណ៍ពីករណីសង្ស័យមានជំងឺ Ebola ជិត ១.០០០ករណី និងករណីសង្ស័យមានអ្នកស្លាប់ជាង ២២០នាក់។ក្រសួងការបរទេសចិន​ បានជំរុញឲ្យ​ពលរដ្ឋជៀសវាងការធ្វើដំណើរដែលមិនចាំបាច់ទៅកាន់ប្រទេសនេះ ហើយបានណែនាំអ្នកដែលកំពុងរស់នៅក្នុងប្រទេសកុងហ្គោ និងរដ្ឋជិតខាងរួចហើយនោះ​ កុំទៅកាន់​តំបន់ដែលរងផលប៉ះពាល់ដោយជំងឺ Ebola ក្នុង​នោះ​រួមមាន​ទាំងខេត្ត Ituri និង North Kivu ផង​ដែរ​។ ការណែនាំនេះ ក៏បានដាស់​តឿន​កុំ​ឲ្យមាន​ការប៉ះពាល់ជាមួយសត្វព្រៃ និងអ្នកដែលសង្ស័យមាន​ជំងឺ Ebola ផងដែរ។ក្រសួង​បាន​បន្ថែម​ថា ជនជាតិចិនដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អួត រាគ ឈឺពោះ ឬហូរឈាម ត្រូវស្វែងរកការព្យាបាលជាបន្ទាន់ ឬទាក់ទងក្រុមគ្រូពេទ្យចិន ដើម្បី​សុំ​ជំនួយ។ ការព្រមាននេះកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗជា​អន្តរជាតិ អំពីការរីករាលដាលនៃជំងឺឆ្លងខ្លាំង នៅក្នុងតំបន់ខ្លះនៃទ្វីបអាហ្វ្រិកកណ្តាល។គួរបញ្ជាក់ថា ចំនួនសរុបនៃករណីសង្ស័យមានជំងឺ Ebola គឺ​ ១.០៧៧ករណី ដោយ​ករណីត្រូវ​បញ្ជាក់ គឺ​ ១២១ករណី និងអ្នកស្លាប់ចំនួន ១៧នាក់ ចាប់តាំងពីការផ្ទុះឡើងនូវ​ជំងឺនេះ ត្រូវបានប្រកាសកាលពី​ថ្ងៃទី១៥ ខែឧសភា៕

ក្រុមអ្នកស្វែងរកមាសជាប់ខ្លួនក្នុងរូងភ្នំឡាវ ផ្ញើសារទៅកាន់មនុស្សជាទីស្រលាញ់របស់ពួកគេនៅផ្ទះ

05/29/2026 06:05 PM        41
ក្រុមអ្នកស្វែងរកមាសជាប់ខ្លួននៅក្នុងរូងភ្នំប្រទេសឡាវ ដែលត្រូវបានរកឃើញដោយក្រុមអ្នកជួយសង្រ្គោះ បានថតជាសារវីដេអូខ្លីផ្ញើជូនមនុស្សជាទីស្រលាញ់របស់ពួកគេចាំនៅផ្ទះ ពេលដែលពួកគេរង់ចាំនាំចេញពីរូងភ្នំ ដោយពួកគេនិយាយថា “ពុំចាំបាច់ព្រួយបារម្ភពីពួកគេនោះឡើយ” ។ រូបភាពវីដេអូឃ្លីបពីអ្នកមុជទឹកជនជាតិថៃថតបាន ពេលដែលក្រុមជួយសង្រ្គោះ បានរកឃើញមនុស្ស ៥នាក់ ដែលបានជាប់ខ្លួននៅក្នុងរូងភ្នំឡាវ អស់រយៈពេល ១សប្តាហ៍ ។ គួរឲ្យដឹងថា ជនជាតិឡាវ ៧នាក់ ត្រូវបានគេជឿថា បានចូលរូងភ្នំនៅខេត្តភាគកណ្តាល Xaisomboun ប្រទេសឡាវ កាលពីសប្តាហ៍មុន ដើម្បីស្វែងរកមាស ប៉ុន្តែបំណាក់ដីបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំង បានបិទច្រកចេញរបស់ពួកគេ ។ មនុស្ស ៥នាក់ ត្រូវបានរកឃើញនៅរស់មកទល់នឹងពេលនេះ ដោយក្រុមជួយសង្រ្គោះ ដែលរួមទាំងអ្នកមុជទឺកជនជាតិថៃលោក Norrased Palasing និងអ្នកមុជទឹកជនជាតិហ្វាំងឡើងមានមូលដ្ឋាននៅថៃលោក Mikko Paasi ។ ពួកគេទាំង ២នាក់ ធ្លាប់បានចូលរួមប្រតិបត្តិការសង្រ្គោះក្មេងប្រុស ១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេ កាលពីឆ្នាំ ២០១៨ ផងដែរ ចេញពីរូងភ្នំរងការជន់លិច នៅតំបន់ភាគខាងជើងប្រទេសថៃ ៕

ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យព្យាយាមពន្លត់អណ្តាតភ្លើងនៅទីក្រុង Dallas សហរដ្ឋអាមេរិក ក្រោយផ្ទុះហ្គាសសម្លាប់មនុស្ស ៣នាក់

05/29/2026 06:05 PM        43
សារព័ត៌មានក្នុងស្រុករាយការណ៍ថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យក្រុង Dallas ដើរកាត់តាមកម្ទេចកម្ទីហុយផ្សែង ក្រោយហេតុការណ៍ផ្ទុះហ្គាស និងអគ្គិភ័យបំផ្លិចបំផ្លាញអគារផ្ទះល្វែងមួយខ្នងនៅសង្កាត់ Oak Cliff ស្ថិតក្នុងទីក្រុងរបស់រដ្ឋ Texas មួយនេះ ។ ទីភ្នាក់ងារព័ត៌មាន WFAA រាយការណ៍ថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានឆ្លើយតបចំពោះសេចក្តីរាយការណ៍ថា មានការលេចធ្លាយហ្គាសនៅតំបន់នោះ ពេលដែលការផ្ទុះ បានកើតឡើង ។ រូបភាពវីដេអូឃ្លីបរបស់ WFAA ឃើញសំណុំផ្សែងគ្រប់ដណ្តប់ពីលើកម្ទេចកម្ទីដ៏ធំ ។ ក្រុមអាជ្ញាធរ និយាយថា មនុស្ស ៣នាក់ រួមមានស្រ្តី ២នាក់ និងកុមារម្នាក់ បានស្លាប់ ខណៈមនុស្សជាច្រើនផ្សេងទៀត រងរបួស ក្នុងនោះមនុស្សម្នាក់ រងរបួសធ្ងន់ ប៉ុន្តែមិនគំរាមកំហែងដល់អាយុជីវិតនោះទេ ។ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បន្តរុករក និងចុះប្រតិបត្តិការជួយសង្រ្គោះ ស្របពេលរូបភាពវីដេអូឃ្លីបពីលើអាកាស ឃើញពួកគេព្យាយាមពន្លត់កម្ទេចកម្ទី ហើយនិងឃើញការខូចខាតធ្ងន់ធ្ងរនៅកន្លែងកើតហេតុ ។ ខណៈពេលនោះដែរ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិសហរដ្ឋអាមេរិក និយាយថា ពួកគេបានបញ្ជូនក្រុមការងារ ដើម្បីស៊ើបអង្កេតលើមូលហេតុដែលបណ្តាលឲ្យមានហេតុការណ៍ផ្ទុះហ្គាសនេះ កើតឡើង ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត
06/19/2026 01:06 PM
ពិព័រណ៍ផលិតផលអាស៊ាន កម្ពុជា-ចិន ជំរុញពាណិជ្ជកម្ម សេវាកម្ម និងវិនិយោគរួម
06/19/2026 01:06 PM
ក្រសួងបរិស្ថានគាំទ្រ និងជំរុញការ «រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»
06/19/2026 01:06 PM
រដ្ឋបាលរាជធានីភ្នំពេញ បន្តរកឃើញករណីឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា និងករណីគ្រឿងញៀន
06/19/2026 12:06 PM
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន៖ សម្ព័ន្ធមិត្តបានសន្យាផ្តល់ជំនួយយោធាថ្មីចំនួន ១ ពាន់លានដុល្លារ
06/19/2026 12:06 PM
អ្នការទូតជាន់ខ្ពស់អឺរ៉ុប៖ មេដឹកនាំសហភាពអឺរ៉ុបមានការប្រុងប្រយ័ត្នក្នុងការដកទណ្ឌកម្មលើអ៊ីរ៉ង់
06/19/2026 12:06 PM
បូលីវី ប្រឈមនឹងកង្វះការផ្គត់ផ្គង់និងការខាតបង់សេដ្ឋកិច្ច ខណៈចលនាតវ៉ា ឈានដល់ថ្ងៃទី៥០
06/19/2026 12:06 PM
បណ្តាប្រទេសជាសមាជិកណាតូ បញ្ជាក់ពីផែនការដើម្បីជំរុញសមត្ថភាពការពារជាតិ
06/19/2026 12:06 PM
កម្ពុជា ស្វាគមន៍ចំពោះកិច្ចព្រមព្រៀង រវាងអាម៉េរិក និងអ៊ីរ៉ង់ លើការពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ
06/19/2026 12:06 PM
សហជីព និងកម្មករ ចងចាំចំពោះការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ក្នុង​ការ​រក្សា​សន្តិភាព​ជូន​ប្រជាជន
06/19/2026 12:06 PM