ស្វែងរក

ក្រុមហេសបូឡា និយាយថា អ៊ីស្រាអែលបានរំលោភលើបទឈប់បាញ់ជាង ៥០០ដង

04/27/2026 06:04 PM        43
ក្រុមហេសបូឡា បានចោទប្រកាន់អ៊ីស្រាអែលថា បានបំផ្លាញបទឈប់បាញ់ដែលបានចូលជាធរមាននៅថ្ងៃទី ១៧ ខែមេសា។ក្រុមនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្តាញ Telegram របស់ខ្លួនថា៖«ក្នុងរយៈពេលនេះ អ៊ីស្រាអែលបានរំលោភលើបទឈប់បាញ់នៅលើដី លើអាកាស និងនៅលើស មុទ្រជាង ៥០០ ដង»។ «យើងរំពឹងថា ការបន្តបទឈប់បាញ់រយៈពេលបីសប្តាហ៍ទៀត នឹងជួយបញ្ឈប់ការទម្លាក់គ្រាប់បែក និងការវាយប្រហារដោយគ្រាប់ផ្លោង ប៉ុន្តែផ្ទុយទៅវិញ អ៊ីស្រាអែលបានបង្កើនការឈ្លានពានព្រហ្មទណ្ឌរបស់ខ្លួន»។អង្គការស៊ីអ៊ីតនេះ បានបដិសេធការចោទប្រកាន់របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ហើយបាននិយាយថា ខ្លួនរក្សាសិទ្ធិ «ក្នុងការការពារទឹកដី និងប្រជាជនរបស់ខ្លួន»។នាពេលថ្មីៗនេះ លោក ណេតាន់យ៉ាហ៊ូ បានដាក់ការទទួលខុសត្រូវចំពោះការរំលោភបំពានបទឈប់បាញ់ទៅលើក្រុមហេសបូឡា ដោយនិយាយថា សកម្មភាពរបស់ក្រុមនេះពិតជាមិនបានគោរពលក្ខខណ្ឌបទឈប់បាញ់ទេ។ លោកក៏បានសន្យាផងដែរថា អ៊ីស្រាអែលនឹងបន្តវាយប្រហារលើទឹកដីលីបង់ »ដើម្បីទប់ស្កាត់ការគំរាមកំហែង»៕

ស្ថិរភាព និងសន្តិភាពមីយ៉ាន់ម៉ា ត្រូវបានពិភាក្សា អំឡុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិន

04/27/2026 06:04 PM        58
 រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានជួបជាមួយមេដឹកនាំរបបសឹកប្រែក្លាយជាប្រធានាធិបតីមីយ៉ាន់ម៉ាលោក Min Aung Hlaing នៅទីក្រុងណៃពិដោ ដែលជាការឈប់សំចតចុងក្រោយគេរបស់លោក សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ១សប្តាហ៍ទៅកាន់ប្រទេសចំនួន ៣នៅអាស៊ាន ។លោក Wang និងលោក Aung Hlaing បានពិភាក្សាលើការគាំទ្រដ៏មុតមាំនៅតែបន្តសម្រាប់អធិបតេយ្យភាព សន្តិសុខទឹកដី និងស្ថិរភាពរបស់មីយ៉ាន់ម៉ា ក៏ដូចជាការគាំទ្រជាប់លាប់ ដើម្បីជំរុញការអនុវត្តសន្តិភាព និងស្ថិរភាពក្នុងប្រទេសមួយនេះ ការផ្សះផ្សាជាតិនៅក្នុងចំណោមជនជាតិភាគតិច និងសុខដុមរមនាក្នុងសង្គម ។ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV រាយការណ៍ថា កិច្ចប្រជុំទ្វេភាគីរបស់ពួកគេ បានធ្វើការសង្កត់ធ្ងន់ពីកិច្ចសហប្រតិបត្តិការបន្ថែមទៀត ។ កិច្ចប្រជុំនេះដែរ បានសង្កត់ធ្ងន់ពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងហ្គេមតាមអនឡាញ ក៏ដូចជាជំរុញបន្ថែមទៀត ទំនាក់ទំនងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការនៅក្នុងសហគមន៍អាស៊ាន ។នៅមុនដំណើរទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ា លោក Wangបានបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជា និងថៃដែលជាសមាជិកអាស៊ាន ដើម្បីពិភាក្សាលើបញ្ហាក្នុងតំបន់ រួមទាំងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងគ្រឿងញៀន និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ជាមួយប្រទេសទាំង ២នេះ ៕

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ស្តីបន្ទោសអាមេរិកចំពោះការបរាជ័យនៃការចរចាបន្ទាប់ពីទៅដល់ប្រទេសរុស្ស៊ី

04/27/2026 06:04 PM        55
អ្នកការទូតជាន់ខ្ពស់របស់អ៊ីរ៉ង់នៅថ្ងៃចន្ទ ២៧ ខែមេសានេះ បានស្តីបន្ទោសទីក្រុងវ៉ាស៊ីនតោនចំពោះការបរាជ័យនៃការចរចាបន្ទាប់ពីទៅដល់ប្រទេសរុស្ស៊ី ជាផ្នែកមួយនៃដំណើរទស្សនកិច្ចការទូតចុះឡើងៗ ដោយការចរចាដោយផ្ទាល់រវាងភាគីជម្លោះហាក់ដូចជាស្ថិតក្នុងភាពជាប់គាំង។ រដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi បានធ្វើអត្ថាធិប្បាយបែបនេះនៅទីក្រុង Saint Petersburg ជាកន្លែងដែលលោកត្រូវគេរំពឹងថានឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin បន្ទាប់ពីបានធ្វើដំណើរទៅកាន់ប្រទេសអូម៉ង់ក្នុងចន្លោះពេលដំណើរទៅកាន់ប្រទេសប៉ាគីស្ថាន ដែលជាអន្តរការីសំខាន់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ទីក្រុងអ៊ីស្លាម៉ាបាដបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាជុំទីមួយ និងជុំតែមួយគត់ដែលមិនជោគជ័យរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ហើយដំណើរទស្សនកិច្ចរបស់លោក Araghchi បានជំរុញក្តីសង្ឃឹមសម្រាប់ការចរចាថ្មីកាលពីចុងសប្តាហ៍នេះ រហូតដល់ប្រធានាធិបតីអាមេរិក Donald Trump បានលុបចោលដំណើរទស្សនកិច្ចដែលបានគ្រោងទុកដោយបេសកជនរបស់លោក គឺលោក Steve Witkoff និងលោក Jared Kushner។លោក Araghchi បាននិយាយនៅថ្ងៃចន្ទនេះថា វិធីសាស្រ្តរបស់សហរដ្ឋអាមេរិកបាននាំឱ្យការចរចាជុំមុន ទោះបីជាមានវឌ្ឍនភាពក៏ដោយ ក៏មិនអាចសម្រេចបានគោលដៅរបស់ខ្លួនដោយសារតែការទាមទារហួសហេតុពេក។ បន្ទាប់ពីលុបចោលដំណើរទស្សនកិច្ចរបស់ប្រេសិតលោក លោក Trump បានប្រាប់សារព័ត៌មាន Fox News ថា ប្រសិនបើអ៊ីរ៉ង់ចង់បានការចរចា ពួកគេអាចមករកពួកលោក ឬពួកគេអាចទូរស័ព្ទមកពួកលោកក៏បាន ទោះបីជាលោកបាននិយាយថា ការលុបចោលនេះមិនមែនជាសញ្ញានៃការវិលត្រឡប់ទៅរកអរិភាពវិញក៏ដោយ៕

អ្នកស្រុកជម្លៀសខ្លួនចេញ ខណៈភ្លើងឆេះព្រៃជប៉ុន ឈានចូលដល់ថ្ងៃទី ៤ជាប់ៗគ្នា

04/27/2026 05:04 PM        45
 ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យនៅតំបន់ភាគខាងជើងប្រទេសជប៉ុន បានព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃ ២កន្លែងនៅខេត្ត Iwate សម្រាប់រយៈពេល ៤ថ្ងៃជាប់ៗគ្នា ស្របពេលដែលអណ្តាតភ្លើងរីករាលដាលកាន់តែខិតជិតតំបន់រស់នៅរបស់អ្នកស្រុក និងបង្ខំឲ្យប្រជាពលរដ្ឋជាង ៣ពាន់នាក់ ជម្លៀសខ្លួនចេញ ។ ឧទ្ធម្ភាគចក្រមកពីកងកម្លាំងការពារខ្លួនជប៉ុន និងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យមកពីខេត្ត Gunma ដែលមានចម្ងាយ ៥៥០គ.មពីខេត្ត Iwate ត្រូវបានដាក់ពង្រាយ ពេលដែលអណ្តាតភ្លើងរីករាលដាលជុំវិញទីក្រុង Otsuchi ជាទីដែល ១ភាគ ៣នៃព្រជាពលរដ្ឋក្នុងទីក្រុង ត្រូវបានបញ្ជាឲ្យជម្លៀសខ្លួនចេញ ។ លោកយាយ Taeko Kajiki វ័យ ៧៦ឆ្នាំ ដែលបានជម្លៀសទៅកាន់ជំរំជម្លៀសខ្លួន និយាយថា វាពិតជាគួរឲ្យខ្លាចខ្លាំងណាស់ ។ បើសិនជាជាផ្ទះរបស់ពួកយើងត្រូវបានភ្លើងឆេះ ខណៈដែលពួកយើងរស់នៅទីនេះ ច្បាស់ណាស់ថា ពួកយើងមិនដឹងថាតើគួរទៅទីណានោះទេ ។ ទីភ្នាក់ងារឧតុនិយមជប៉ុន រាយការណ៍ថា គ្មានភ្លៀងធ្លាក់ត្រូវបានព្យាករថានឹងកើតមាននោះទេ នៅសប្តាហ៍ខាងមុខនេះ បង្កឲ្យមានក្តីបារម្ភកើនឡើងថា ស្ថានភាពអាកាសធាតុស្ងួត អាចនឹងពន្យាពេលការសង្រ្គោះបន្ទាន់ ។ ដោយឡែក លោក Masashi Kikuchi គឺជាអ្នកស្ម័គ្រចិត្តពន្លត់អគ្គិភ័យក្នុងស្រុកមួយរូប និយាយថា ស្ថានភាពខ្យល់បក់ល្អប្រសើរបន្តិចហើយ ប៉ុន្តែស្ថានភាពស្ងួតខ្លាំងបែបនេះ នឹងធ្វើឲ្យភ្លើងឆេះព្រៃនៅតែបន្តឆាបឆេះកាន់តែធ្ងន់ធ្ងរ ៕

កោះតៃវ៉ាន់និយាយសម្រាលផលប៉ះពាល់ ដោយសារទណ្ឌកម្មរបស់ចិន លើក្រុមហ៊ុនផលិតអាវុធអឺរ៉ុប

04/27/2026 05:04 PM        57
អាជ្ញាធរការពារដែនកោះតៃវ៉ាន់ នៅថ្ងៃចន្ទ (ទី២៧ ខែមេសា) នេះ បាននិយាយសម្រាលផលប៉ះពាល់ ដោយសារទណ្ឌកម្មរបស់ចិន លើក្រុមហ៊ុនអឺរ៉ុបចំនួន៧ ពាក់ព័ន្ធនឹងការលក់អាវុធទៅកោះនេះ ដោយបញ្ជាក់ថា វាមិនមែនជាលើកទី១ នោះទេ ដែលមានវិធានការបែបនេះ ហើយវានឹងមិនប៉ះពាល់ដល់សមត្ថភាពរបស់ទីក្រុងតៃប៉ិ ក្នុងការស្វែងរកប្រភាពអាវុធនោះឡើយ។ក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃសុក្រ បានហាមឃាត់ការនាំចេញទំនិញប្រើប្រាស់បានទាំងយោធា និងស៊ីវិល ទៅកាន់ក្រុមហ៊ុនចំនួន ៧ ដោយសារការលក់អាវុធទៅឲ្យកោះតៃវ៉ាន់ ដោយដាក់ក្រុមហ៊ុនទាំងនោះនៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញរបស់ខ្លួន ជាករណីដ៏កម្រមួយនៃទណ្ឌកម្មដែលផ្តោតលើអឺរ៉ុប និងទាក់ទងជាមួយកោះតៃវ៉ាន់។កោះតៃវ៉ាន់ ដែលត្រូវបានប្រទេសចិនចាត់ទុកថា ជាទឹកដីរបស់ខ្លួននោះ ទទួលបានអាវុធភាគច្រើនពីសហរដ្ឋអាមេរិក។ អឺរ៉ុបមិនបានលក់គ្រឿងយុទ្ធោបករណ៍ដែលមានកម្រិតខ្ពស់ ដូចជាយន្តហោះចម្បាំង ទៅឲ្យទីក្រុងតៃប៉ិអស់រយៈពេលប្រហែល ៣ទសវត្សរ៍មកហើយ ដោយបារម្ភថា ធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បា។អំឡុងពេលឆ្លើយសំណួរអ្នកតំណាងរាស្ត្រ នៅសភា អាជ្ញាធរការពារកោះតៃវ៉ាន់ លោក Wellington Koo បាននិយាយថា នេះមិនមែនជាលើកទី១ ទេ ដែលប្រទេសចិនបានអនុវត្តវិធានការបញ្ជីខ្មៅបែបនេះ៕

ក្រុមមេដឹកនាំអាមេរិកឡាទីនថ្កោលទោសការបាញ់ប្រហារនៅពិធីលៀងសាយភោជន៍ក្នុងសេតវិមាន

04/27/2026 05:04 PM        53
 ក្រុមមេដឹកនាំអាមេរិកឡាទិន បានបង្ហោះសារនៅលើបណ្តាញព័ត៌មានសង្គម ដើម្បីថ្កោលទោសការបាញ់ប្រហារក្នុងពិធីលៀងសាយភោជន៍នៅសេតវិមាន កាលពីយប់ថ្ងៃសៅរ៍ ។ នៅជុំវិញពិភពលោក ក្រុមមេដឹកនាំបានធ្វើការថ្កោលទោសការវាយប្រហារមួយនេះ និងបង្ហាញពីអារម្មណ៍ធូរស្បើយ ពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងក្រុមអ្នកចូលរួមពិធីទាំងអស់មានសុវត្ថិភាព ដោយពួកគេបញ្ជាក់ពីសាមគ្គីភាពជាមួយសហរដ្ឋអាមេរិក ។ ក្រុមមន្រ្តីនិយាយថា លោក Trump និងក្រុមមន្រ្តីក្នុងដ្ឋបាលរបស់លោក ទំនងជាក្លាយជាគោលដៅរបស់ជនសង្ស័យបានបាញ់ប្រហារលើភ្នាក់ងារសន្តិសុខម្នាក់ដែលយាមកាមនៅក្នុងពិធីលៀងសាយភោជន៍នេះ នៅទីក្រុងវ៉ាស៊ីនតោន ។ អតីតភ្នាក់ងារអង្គភាពសេវាចារកម្ម ២រូប និងមន្ត្រីជាន់ខ្ពស់អាមេរិក ៣រូប បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃអាទិត្យថា ភ្នាក់ងារសហព័ន្ធបានអនុវត្តផែនការរបស់ពួកគេ ដើម្បីការពារប្រធានាធិបតីដោយប្រសិទ្ធភាពកាលពីយប់ថ្ងៃសៅរ៍ ដោយបានបញ្ឈប់ខ្មាន់កាំភ្លើងរងការចោទប្រកាន់ មុនពេលជននេះទៅដល់ជាន់ក្រោមដីនៃសណ្ឋាគារ Washington Hilton ជាកន្លែងដែលលោក Trump ត្រៀមនឹងថ្លែងសុន្ទរកថា ។   គួររំឭកថា លោក Trump បានគេចផុតពីការប៉ុនប៉ងធ្វើឃាតម្តងរួចមកហើយនៅទីក្រុង Butler រដ្ឋ Pennsylvania កាលពីឆ្នាំ ២០២៤ ។ នៅក្នុងការប៉ុនប៉ងលើកនោះ លោក Trump បានរងរបួសត្រង់ផ្នែកខាងលើត្រជាក់របស់លោក ដោយសារខ្មាន់កាំភ្លើងវ័យ ២០ឆ្នាំ ដែលត្រូវបានបាញ់សម្លាប់ដោយមន្រ្តីសន្តិសុខ ៕

ជនប៉ាឡេស្ទីននៅទីក្រុងហ្កាហ្សា កាន់ទុក្ខមនុស្សជាទីស្រលាញ់ដែលត្រូវបានសម្លាប់ក្នុងការបាញ់ប្រហាររបស់អ៊ីស្រាអែល

04/27/2026 05:04 PM        52
 ជនប៉ាឡេស្ទីន បានជួបជុំគ្នាធ្វើពិធីបុណ្យសពនៅទីក្រុងហ្កាហ្សា ដើម្បីកាន់ទុក្ខមនុស្សជាទីស្រលាញ់របស់ពួកគេដែលត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហាររបស់អ៊ីស្រាអែល និងការផ្លោងគ្រាប់កាំភ្លើងរបស់រថក្រោះ ដែលបានសម្លាប់មនុស្ស ២នាក់ នៅជិតទីក្រុងហ្កាហ្សាកាលពីថ្ងៃអាទិត្យ ។ ក្រុមមន្រ្តីសុខភាពនៅដែនដីបិទច្រកមួយនេះ និយាយថា ការវាយប្រហាររបស់យោធាអ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីន ៤នៅតំបន់ហ្កាហ្សាស្រ្ទីប កាលពីថ្ងៃអាទិត្យ ។ ក្រុមគ្រូពេទ្យបឋម និយាយថា ការបាញ់ប្រហារ និងការផ្លោងគ្រាប់កាំភ្លើងធំរបស់រថក្រោះ សម្លាប់មនុស្ស ២នាក់ នៅជិតទីក្រុងហ្កាហ្សា ហើយការវាយប្រហារតាមច្រកអាកាសធ្វើឡើងដោយកងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្សម្នាក់ នៅជិតភូមិ Al-Mughraqa ស្ថិតនៅភាគកណ្តាលហ្កាហ្សា ។ នៅក្នុងឧបទ្ទេវហេតុមួយទៀត កងកម្លាំងអ៊ីស្រាអែល បានបាញ់សម្លាប់ស្រ្តីវ័យ ៤០ឆ្នាំម្នាក់ នៅទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា ។ យោធាអ៊ីស្រាអែលនិយាយថា ពួកគេពុំបានដឹងពីការវាយប្រហារណាមួយដោយទាហានរបស់ខ្លួននោះឡើយនៅតំបន់នោះ នៅពេលដែលឧបទ្ទេវហេតុត្រូវបានគេរាយការណ៍កាលពីថ្ងៃអាទិត្យ ។ សូមបញ្ជាក់ថា ជនប៉ាឡេស្ទីនយ៉ាងហោច ៨០០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីខែតុលា ឆ្នាំមុន រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ខណៈដែលទាហានអ៊ីស្រាអែល ៤នាក់ ត្រូវបានសម្លាប់ផងដែរ ដោយក្រុមជីវពល ចាប់តាំងពីពេលនោះមក ៕

រដ្ឋមន្ត្រីការបរទេសអារ៉ាប់រួម និងអាមេរិក ពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីសន្តិភាពនៅមជ្ឈិមបូព៌ា

04/27/2026 05:04 PM        48
រដ្ឋមន្ត្រីការបរទេសអារ៉ាប់រួម លោក Sheikh Abdullah bin Zayed Al-Nahyan បាននិយាយតាមទូរស័ព្ទទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃអាទិត្យ អំពីការវិវត្តចុងក្រោយបំផុតនៅក្នុងតំបន់។ទីភ្នាក់ងារសារព័ត៌មាន Emirates បានរាយការណ៍ថា ពួកគេបានពិភាក្សាអំពីបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងបានស្វែងយល់ពីវិធី ដើម្បីសម្រេចបានសន្តិភាព និងសន្តិសុខ តាមរយៈការពង្រីងសកម្មភាពរួមគ្នា។លោក Sheikh Abdullah បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) ក្នុងការលើកកម្ពស់សន្តិភាព ជាពិសេសរវាងប្រទេសលីបង់ និងអ៊ីស្រាអែល ហើយបាននិយាយថា ដំណោះស្រាយនយោបាយ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ដើម្បីដោះស្រាយវិបត្តិ និងបង្កើនសន្តិសុខក្នុងតំបន់។រដ្ឋមន្ត្រីទាំងពីរ ក៏បានពិភាក្សាអំពីផលប៉ះពាល់នៃការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ទៅលើអមីរ៉ាតអារ៉ាប់រួម និងប្រទេសដទៃទៀត និងឥទ្ធិពលរបស់វាទៅលើសន្តិភាពអន្តរជាតិ ការផ្គត់ផ្គង់ថាមពល សន្តិសុខដែនសមុទ្រ និងស្ថិរភាពសេដ្ឋកិច្ច៕

ប្រធានអាជ្ញាធរប៉ាឡេស្ទីនទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីចុងសប្តាហ៍មុន

04/27/2026 05:04 PM        54
ក្រុមអ្នកស្មោះត្រង់ជាមួយប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦នេះ ដោយទទួលបានសម្លេងគាំទ្រនៅក្នុងឃុំសង្កាត់ភាគច្រើន រួមទាំងឃុំនៅតំបន់ការហ្កាហ្សាថែមទៀតក្នុងការបោះឆ្នោតនៅឆ្នាំនេះ ។នេះជាលើកដំបូងហើយ ចាប់តាំងពីសង្រ្គាមនៅហ្កាហ្សាបានផ្ទុះឡើង កាលពីឆ្នាំ២០២៣ ហើយប្រជាជនប៉ាឡេស្ទីន នៅតំបន់ស៊ីហ្សកដានី និងនៅតំបន់ហ្កាហ្សា ជាង១លាននាក់ បានចុះឈ្មោះបោះឆ្នោត ដោយដំណើរការបោះឆ្នោតលើកនេះ បានប្រព្រឹត្តទៅយ៉ាងរលូន ដោយគ្មានការប្រឆាំងពីក្រុមប្រដាប់អាវុធហាម៉ាស ដែលជាអ្នកតែងតែជំទាស់នឹងការរៀបចំការបោះឆ្នោត ។ការបោះឆ្នោតនេះ មានប្រជាជនប៉ាឡេស្ទីនចំនួនជាង១លាននាក់ បានចុះឈ្មោះបោះឆ្នោត ហើយក្នុងនោះតំបន់ស៊ីហ្សកដានី មានប្រជាជនចំនួនប្រមាណ១លាន៥សែននាក់ និងមានឃុំសង្កាត់ចំនួន ១៨២ ហើយចំណែកតំបន់ហ្កាហ្សាវិញ មានប្រជាជនតែ៧ម៉ឺននាក់ និងមានសង្កាត់តែមួយប៉ុណ្ណោះ ដែលស្ថិតនៅតំបន់ Deir el-Balah ភាគកណ្តាលតំបន់ហ្កាហ្សា ។ ប្រជាពលរដ្ឋឡេស្ទីនប្រមាណ ២៤,៥៣% តែប៉ុណ្ណោះបានចេញទៅបោះឆ្នោត ហើយក្រុមប្រដាប់អាវុធហាម៉ាស ដែលកំពុងគ្រប់ដែនដីហ្កាហ្សាជាងពាក់កណ្តាល និងជាអ្នកតែងតែជំទាស់នឹងការរៀបចំការបោះឆ្នោត មិនបានឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំនេះទេ ៕

ព្រះមហាក្សត្រ Charles និងម្ចាស់ក្សត្រីរបស់ចក្រភពអង់គ្លេស យាងបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកតាមការគ្រោងទុក បើទោះបីជាមានបញ្ហាសន្តិសុខនៅអាមេរិកកាលពីសប្តាហ៍មុន

04/27/2026 05:04 PM        40
 ប្រភពពីព្រះរាជវាំង Buckingham Palace បានឱ្យដឹងថា ព្រះមហាក្សត្រ Charles និងម្ចាស់ក្សត្រី Camilla បានយាងបំពេញព្រះរាជទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកតាមការគ្រោងទុក នៅថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦នេះ បើទោះបីជាសហរដ្ឋអាមេរិកមានបញ្ហាសន្តិសុខ កាលពីចុងសប្តាហ៍មុនក៏ដោយ ។សូមរំលឹកជូនថា កាលពីថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៦នេះ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក Donald Trump បានរៀបចំពិធីជួបជុំសមាគមអ្នកសារព័ត៌មានមួយនៅទីក្រុងវ៉ាស៊ីនតោន ហើយខណៈដែលពិធីកំពុងប្រព្រឹត្តទៅ ខ្មាន់កាំភ្លើងម្នាក់ដែលមានអាវុធ និងកាំបិតជាប់ខ្លួន និងមានបំណងធ្វើឃាតលោក Donald Trump បានសម្រុកចូលក្នុងពិធីនោះ និងបានបាញ់ប្រហារជាច្រើនគ្រាប់ ប៉ុន្តែលោក Donald Trump មានសុវត្ថិភាព ។ ព្រះរាជវាំង Buckingham Palace បានឱ្យដឹងថា ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រ Charles និងម្ចាស់ក្សត្រី Camilla ទៅកាន់សហរដ្ឋអាមេរិក គឺមានបំណងពង្រឹងទំនាក់ទំនងទ្វេភាគី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ខណៈដែលប្រទេសមហាអំណាចទាំងពីរមានភាពរកាំរកុះផ្នែកការទូត ។ក្រុមភ្នាក់ងារសន្តិសុខសម្រាប់ព្រះរាជវង្សចក្រភពអង់គ្លេស បានឱ្យដឹងថា ពួកគេមានកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារសេវាកម្មសន្តិសុខសម្ងាត់របស់សហរដ្ឋអាមេរិក ដើម្បីធានាសន្តិសុខថ្វាយព្រះមហាក្សត្រ និងម្ចាស់ក្សត្រី ក្នុងអំឡុងពេលព្រះរាជដំណើរទស្សនកិច្ចនេះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានជំនួយ UN ធ្វើដំណើរទៅកាន់សូម៉ាលី ខណៈកង្វះខាតស្បៀងអាហារ និងមូលនិធិកាន់តែធ្ងន់ធ្ងរ
04/29/2026 09:04 PM
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តបេសកកម្មតម្រង់ទិសស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ»
04/29/2026 09:04 PM
រូបិយប័ណ្ណរបស់អ៊ីរ៉ង់ធ្លាក់ដល់កម្រិតទាបបំផុត ខណៈបន្តមានបទឈប់បាញ់ផុយស្រួយជាមួយអាមេរិក
04/29/2026 08:04 PM
ហេតុការណ៍ដេញចាក់នៅតំបន់ជនជាតិជ្វីហ្វទីក្រុងឡុងដ្រ៍ បណ្តាលឲ្យមនុស្ស ២នាក់ រងរបួស
04/29/2026 08:04 PM
ចិននឹងហាមឃាត់ការលក់យានដ្រូន នៅទីក្រុងប៉េកាំង ដោយសារក្ដីបារម្ភផ្នែកសន្តិសុខ
04/29/2026 08:04 PM
ផ្កាថ្មប៉ប្រះទឹក Abrolhos របស់ប្រេស៊ីល ធ្លាក់ចុះ ១៥ភាគរយ ក្នុងរយៈពេលជាង ១៨ឆ្នាំ
04/29/2026 08:04 PM
រុស្ស៊ី៖ ការចាកចេញពី OPECរបស់អារ៉ាប់រួម នឹងបង្កើនផលិតកម្មសកល ធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះនៅពេលអនាគត
04/29/2026 08:04 PM
សង្រ្គាមនៅអ៊ុយក្រែនបង្កើនការប្រើប្រាស់រថពាសដែកផលិតនៅប្រទេសស៊ុយអែត
04/29/2026 08:04 PM
រុស្ស៊ី៖ ការផ្គត់ផ្គង់យានដ្រូនអឺរ៉ុបដល់អ៊ុយក្រែន អាចមានផលវិបាកមិនអាចព្យាករបាន
04/29/2026 08:04 PM
សីតុណ្ហភាពកើនឡើងនៅប្រទេសឥណ្ឌា ជំរុញតម្រូវការកង្ហា និងម៉ាស៊ីនត្រជាក់
04/29/2026 08:04 PM