ស្វែងរក

អ្នកឃ្លំាមើលនុយក្លេអ៊ែរ៖ គ្រោះមហន្តរាយ Chornobyl មិនមែនជាប្រវត្តិសាស្រ្តនោះទេ តែជាទំនួលខុសត្រូវចំពោះអាយុជីវិតមនុស្ស

04/27/2026 05:04 PM        43
 ប្រធានក្រុមឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិ(UN)និយាយនៅខួបលើកទី ៤០នៃគ្រោះមហន្តរាយវិទ្យុសកម្មដ៏អាក្រក់បំផុតរបស់ពិភពលោកថា គ្រោះមហន្តរាយនុយក្លេអ៊ែរ Chornobyl ពុំត្រូវបានគេមើលឃើញថា ជាប្រវត្តិសាស្រ្តនោះទេ ប៉ុន្តែវាគឺជាទំនួលខុសត្រូចំពោះអាយុជីវិតមនុស្ស ។ លោក Rafael Grossi គឺជាប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA)និយាយនៅក្នុងសារជាវីដេអូដែលបានបញ្ចេញកាលពីថ្ងៃអាទិត្យថា អង្គការរបស់លោក បានធ្វើការក្នុងរយៈពេល ៤០ឆ្នាំកន្លងមកនេះ ជាមួយអ៊ុយក្រែន ដើម្បីយល់ឲ្យច្បាស់ពីអ្វីដែលបានកើតឡើង ដើម្បីលាតត្រដាងការពិត ហើយនិងគាំទ្រដំណើរការយូរអង្វែងនៃការកែលម្អឡើងវិញ និងការសា្តឡើងវិញ ។ លោកថា បច្ចុប្បន្នតំបន់ជាច្រើននៅតំបន់លើកលែងជុំវិញរោងចក្រ បានបិទកម្រិតធម្មតានៃសារធាតុវិទ្យុសកម្ម ប៉ុន្តែតំបន់ខ្លះទៀត ជាពិសេសនៅជុំវិញម៉ាស៊ីនរ៉េអាក់ទ័ររងការបំផ្លិចបំផ្លាញ នៅតែមានកម្រិតបំពុលខ្ពស់ ។ កាលពីឆ្នាំមុន ការវាយប្រហារយានដ្រូនរុស្ស៊ី បានធ្វើឲ្យរហែកឧបករណ៍ការពារគម្របម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ Chornobyl ដែលរងគ្រោះដោយសារគ្រោះមហន្តរាយ ស្ទើតែធ្វើឲ្យកើតមានសោកនាដកម្មមួយទៀតទៅហើយ ។ លោក Grossi និយាយថា ក្រុមការងាររបស់ពួកយើង បន្តនៅរោងចក្រថាមពលនុយក្លេអ៊ែរទាំងអស់របស់អ៊ុយក្រែន ដើម្បីគាំទ្រសុវត្ថិភាពនុយក្លេអ៊ែរ ហើយនិងបន្តជូនដំណឹងដល់ពិភពលោកពីអ្វីដែលកំពុងកើតឡើង ៕

អាជ្ញាធរសន្តិសុខដែនសមុទ្រអង់គ្លេស៖ នាវាដឹកទំនិញមួយគ្រឿង ត្រូវបានប្លន់នៅឆ្នេរសមុទ្រសូម៉ាលី

04/27/2026 05:04 PM        40
មជ្ឈមណ្ឌលប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្រចក្រភពអង់គ្លេស (UKMTO) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាដឹកទំនិញមួយគ្រឿង ត្រូវបានគេប្លន់ នៅចម្ងាយជាង ៩ គីឡូម៉ែត្រ ភាគឦសាននៃទីក្រុង Garacad ប្រទេសសូម៉ាលី។  សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងថា៖«UKMTO បានទទួលរបាយការណ៍អំពីឧប្បត្តិហេតុមួយ នៅជាង ៩ គីឡូម៉ែត្រ ភាគឦសាននៃ Garacad ប្រទេសសូម៉ាលី»។យោងតាម UKMTO មនុស្សដែលគ្មានការអនុញ្ញាត បានគ្រប់គ្រងនាវាដឹកទំនិញមួយគ្រឿង ដែលត្រូវបានបញ្ជូនចូលក្នុងដែនទឹកនេះ»៕

នាយករដ្ឋមន្ត្រីជប៉ុន សម្រេចមិនអនុវត្តវិធានការកញ្ចប់ថវិកាបន្ថែម សម្រាប់ពេលនេះ

04/27/2026 05:04 PM        46
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) នេះ បាននិយាយថា លោកស្រីមិនបានឃើញតម្រូវការបន្ទាន់ណាមួយ ក្នុងការរៀបចំកញ្ចប់ថវិកាបន្ថែមនោះទេ ប៉ុន្តែបានសន្យាថា នឹងឆ្លើយតប «ប្រកបដោយភាពបត់បែន» អាស្រ័យលើកម្រិតនៃការខូចខាតសេដ្ឋកិច្ច ដោយសារជម្លោះ នៅតំបន់មជ្ឈិមបូព៌ា។ការកត់សម្គាល់នេះធ្វើឡើងបន្ទាប់ពីមានការអំពាវនាវកាន់តែខ្លាំងឡើង ពីសមាជិកសភានៃគណបក្សកាន់អំណាច និងប្រឆាំង ឲ្យរដ្ឋាភិបាលរៀបចំកញ្ចប់វិធានការថ្មី ដើម្បីទប់ស្កាត់ផលប៉ះពាល់ ដោយសារការហក់ឡើងនូវតម្លៃប្រេង និងការរំខានដល់ការផ្គត់ផ្គង់ដែលបណ្តាលមកពីសង្គ្រាមអ៊ីរ៉ង់។លោកស្រី Takaichi បានប្រាប់សភាថា៖ «បច្ចុប្បន្ននេះ ខ្ញុំមិនឃើញតម្រូវការ ក្នុងការរៀបចំកញ្ចប់ថវិកាបន្ថែមនោះទេ»។ លោកស្រីបានបន្ថែមថា រដ្ឋាភិបាលនៅតែមានថវិកាគ្រប់គ្រាន់ ដើម្បីចំណាយលើការឧបត្ថម្ភធនប្រេងឥន្ធនៈ។យ៉ាងណាក្ដី លោកស្រីបានសង្កត់ធ្ងន់ថា៖ «ប៉ុន្តែសភាពការណ៍វិវត្ត នៅតំបន់មជ្ឈិមបូព៌ា ពិបាកនឹងមើលឃើញជាមុនណាស់។ យើងនឹងតាមដានដោយប្រុងប្រយ័ត្ន ចំពោះផលប៉ះពាល់លើសេដ្ឋកិច្ចរបស់ជប៉ុន និងចាត់វិធានការចាំបាច់ប្រកបដោយភាពបត់បែន»។ជាមួយគ្នានេះ លោកស្រី Takaichi ក៏បានលើកឡើងផងដែរថា រដ្ឋាភិបាលមិនគួរចាត់វិធានការ ដើម្បីទប់ស្កាត់សកម្មភាពសេដ្ឋកិច្ចទេ ទោះបីជាមានក្ដីបារម្ភ ដែលថា ប្រទេសជប៉ុនអាចនឹងជួបប្រទះការខ្វះខាតប្រេងឆៅ និងផលិតផលទាក់ទងនឹងប្រេង ដោយសារតែការបិទច្រកសមុទ្រ Hormuz ប្រកបដោយប្រសិទ្ធភាពក៏ដោយ៕

ទីក្រុងមូស្គូរបស់រុស្ស៊ី រងការវាយប្រហារពីព្យុះព្រិលកម្រដ៏ខ្លាំងក្លាក្នុងខែមេសា

04/27/2026 05:04 PM        49
 ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងមូស្គូរបស់រុស្ស៊ី ភ្ញាក់ឡើងឃើញទីក្រុងរបស់ពួកគេគ្របដណ្តប់ដោយព្រិលនោព្រឹកថ្ងៃចន្ទនេះ ស្របពេលរងការវាយប្រហារពីព្យុះព្រិល ដែលជាព្យុះព្រិលដ៏កម្រខុសពីធម្មតានៅចុងខែមេសា ។ ដើមឈើជាច្រើនបានបាក់ដោយសារទ្រព្រិលដ៏ធ្ងន់ ហើយនិងខ្យល់បក់ខ្លាំង ក្នុងនោះរថយន្តខូចខាតមួយចំនួន បានចតចោលនៅក្បែរគ្នា ។ លោក Alexander ដែលរថយន្តរបស់លោកស្ថិតនៅក្រោមមែកឈើបាក់ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា វាមិនល្អទាល់តែសោះ នៅពេលជួបស្ថានភាពអាកាសធាតុដ៏ចម្លែកខុសពីធម្មតាបែបនេះ ។ ការធ្វើដំណើរដោយថ្មើរជើង ក៏មិនងាយស្រួលនោះដែរ ពេលដែលស្ថានភាពផ្លូវមានព្រិល និងទឹកកកបែបនេះ បង្កឲ្យរអិលខ្លាំង ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ដោយសាររយៈចម្ងាយមើលឃើញពុំសូវច្បាស់ និងខ្យល់បក់ខ្លាំង ជើងហោះហើរជាង ៥០វ៉ុល ត្រូវបានផ្អាកនៅតាមអាកាសយានដ្ឋានក្នុងទីក្រុងមូស្កូ ។ សេវាកម្មសង្រ្គោះបន្ទាន់ បានប្រកាសការគំរាមកំហែងអាកាសធាតុក្នុងកម្រិតពណ៌លឿងទុំ ហើយការតាំងលំនៅ ៥០កន្លែងនៅតំបន់មូស្កូ ត្រូវបានរាយការណ៍ថា រងផលប៉ះពាល់ដោយសារការកាត់ផ្តាច់ចរន្តអគ្គិសនី ។ យោងតាមការព្យាករអាកាសធាតុ បានឲ្យដឹងថា នៅពុំទានមានទិន្នន័យផ្លូវការពីអ្នករងរបួសនោះទេ ។ ព្រិល និងភ្លៀងធ្លាក់ ត្រូវបានគេរំពឹងថា នឹងកើតមានរយៈពេល ១ថ្ងៃទៀត ហើយក្រោយមក សីតុណ្ហភាពនឹងវិលត្រឡប់ទៅរកសភាពធម្មតាវិញ ៕

លោក Trump៖ ការជជែកជាមួយមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន គឺល្អ ខណៈសង្ឃឹមដោះស្រាយសង្គ្រាម

04/27/2026 04:04 PM        47
ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ (ទី២៦ ខែមេសា ឆ្នាំ២០២៦) បានប្រាប់ឲ្យដឹងថា លោកមាននូវ «ការសន្ទនាដ៏ល្អ» ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelenskyy ខណៈដែលលោកមានគោលបំណងដោះស្រាយសង្គ្រាមអ៊ុយក្រែន។នៅក្នុងបទសម្ភាសន៍មួយ ជាមួយកម្មវិធី «The Sunday Briefing» របស់ប្រព័ន្ធផ្សព្វផ្សាយ Fox News លោក Trump បាននិយាយថា៖ «យើងកំពុងធ្វើការ ជុំវិញស្ថានភាពរុស្ស៊ី ពោលគឺរុស្ស៊ី និងអ៊ុយក្រែន ហើយសង្ឃឹមថា យើងនឹងសម្រេចបានលទ្ធផលល្អ»។ ដោយមិនបានបញ្ជាក់ថា តើពេលណាដែលការសន្ទានាតាមទូរស័ព្ទជាមួយមេដឹកនាំទាំង២ ត្រូវបានធ្វើឡើងនោះ លោក Trump បាននិយាយថា៖ «ខ្ញុំពិតជាមានការសន្ទនាជាមួយគាត់ (លោក Putin) ហើយខ្ញុំមានការសន្ទនាជាមួយលោកប្រធានាធិបតី Zelenskyy ហើយនោះគឺជាការសន្ទនាដ៏ល្អ» ។ជាមួយគ្នានេះ មេដឹកនាំអាមេរិកបានបន្ថែមថា «កម្រិតស្អប់ខ្ពើមគ្នា រវាងលោកប្រធានាធិបតី Putin និងលោកប្រធានាធិបតី Zelenskyy គឺជារឿងធ្ងន់ធ្ងរខ្លាំងណាស់។ វាគឺរឿងមិនល្អសោះឡើយ។ ហើយការស្អប់ខ្ពើម គឺជារឿងអាក្រក់។ ការស្អប់ខ្ពើមបែបនេះ គឺជារឿងមិនល្អសោះ នៅពេលដែលអ្នកកំពុងព្យាយាមដោះស្រាយបញ្ហាអ្វីមួយ ប៉ុន្តែវានឹងទទួលបានលទ្ធផលល្អមិនខាន»។គួរបញ្ជាក់ថា លោក Trump បានសន្យាថា នឹងបញ្ចប់សង្គ្រាមដែលបានចាប់ផ្តើមជាមួយនឹងការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី លើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែរយៈពេលជាង ១ឆ្នាំនៃអាណត្តិទី២ របស់លោក ជម្លោះនៅតែបន្តមានដដែល៕

ចិនប្ដេជ្ញាថា នឹងចាត់វិធានការតបតវិញ ប្រសិនបើ EU អនុវត្តផែនការ «ផលិតនៅអឺរ៉ុប»

04/27/2026 04:04 PM        52
ទីក្រុងប៉េកាំង នៅថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) នេះ បានរិះគន់ផែនការរបស់សហភាពអឺរ៉ុប (EU) ដែលមានគោលបំណងជំរុញឧស្សាហកម្មរបស់ប្លុកប្រឆាំងនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីប្រទេសចិន ដោយប្ដេជ្ញាថា នឹងចាត់វិធានការតបវិញ ប្រសិនបើចំណាត់ការត្រូវបានអនុវត្ត។EU បានបង្ហាញកាលពីខែមីនា នូវច្បាប់ «ផលិតនៅអឺរ៉ុប» ថ្មី សម្រាប់ក្រុមហ៊ុនដែលកំពុងព្យាយាមទទួលបានមូលនិធិសាធារណៈ នៅក្នុងវិស័យយុទ្ធសាស្ត្រ ក្នុងនោះរួមមានទាំងរថយន្ត បច្ចេកវិទ្យាបៃតង និងដែកថែបផងដែរ ដោយតម្រូវឲ្យក្រុមហ៊ុននានាបំពេញតាមកម្រិតអប្បបរមា សម្រាប់គ្រឿងបន្លាស់ដែលផលិត នៅ EU។សំណើនេះ ដែលត្រូវបានពន្យាររយៈពេលជាច្រើនខែមកហើយ ដោយសារការមិនស្របគ្នា ជុំវិញវិធានការនានា គឺជាផ្នែកសំខាន់មួយនៃកម្លាំងជំរុញរបស់ EU ដើម្បីទទួលបានអត្ថប្រយោជន៍ប្រកួតប្រជែងរបស់ខ្លួនឡើងវិញ កាត់បន្ថយការធ្លាក់ចុះឧស្សាហកម្មរបស់ខ្លួន ហើយទប់ស្កាត់ការបាត់បង់ការងាររាប់សែនកន្លែង។ក្រសួងពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំង បានលើកឡើងនៅថ្ងៃចន្ទនេះថា ខ្លួនបានដាក់ស្នើមតិយោបល់ទៅកាន់គណៈកម្មការអឺរ៉ុប កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក ដោយបង្ហាញពី «ក្ដីបារម្ភយ៉ាងធ្ងន់ធ្ងរ» របស់ប្រទេសចិន ទាក់ទងនឹងចំណាត់ការដែលខ្លួនចាត់ទុកថា «ការរើសអើងជាប្រព័ន្ធ»។ក្រសួងពាណិជ្ជកម្មបានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ប្រសិនបើសហភាពអឺរ៉ុប ចាប់ផ្ដើមអនុវត្តឡើងវិញនូវច្បាប់នេះ ហើយធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុនចិន ប្រទេសចិននឹងគ្មានជម្រើសអ្វីក្រៅពីចាត់វិធានការតបតវិញយ៉ាងម៉ឺងម៉ាត់នោះទេ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសរបស់ខ្លួន»។គួរបញ្ជាក់ថា សំណើរបស់ EU ដែលត្រូវបានគេស្គាល់ជាផ្លូវការថា «ច្បាប់ពន្លឿនឧស្សាហកម្ម» ផ្តោតលើក្រុមហ៊ុនផលិតអាគុយ និងយានយន្តអគ្គិសនីរបស់ចិន ដោយចេតនា ដោយទាមទារឲ្យក្រុមហ៊ុនបរទេសសហការជាមួយក្រុមហ៊ុនអឺរ៉ុប និងចែករំលែកចំណេះដឹងបច្ចេកវិទ្យា នៅពេលបើករៀងចក្រនៅក្នុងប្លុក៕

មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញចែកអំណោយរបស់អង្គការសម្ព័ន្ធពិភពឥស្លាមជូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

04/27/2026 04:04 PM        107
នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកឧត្តមក្រុមប្រឹក្សាជាន់ខ្ពស់ នៃអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) បានចូលរួមក្ន្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋភៀសសឹកចំនួន ១,៦០០គ្រួសារ ស្នាក់នៅផ្ទះបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ និងថ្នាក់ដឹកនាំអង្គការសម្ព័ន្ធពិភពឥស្លាម ដែលបានរួមចំណែកក្នុងការសម្រាលការលំបាកជាមួយបងប្អូនប្រជាពលរដ្ឋ តាមរយៈការផ្តល់ជាអំណោយឧបភោគបរិភោគ៕

ធុរកិច្ចជប៉ុនមានសុទិដ្ឋិនិយមខ្ពស់លើរាជរដ្ឋាភិបាល និងបរិយាកាសវិនិយោគនៅកម្ពុជា

04/27/2026 04:04 PM        97
ប្រធានសមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា (JBAC) ថ្លែងថា ធុរកិច្ចជប៉ុនជាសមាជិករបស់សមាគម ដែលបាននិងកំពុងវិនិយោគ នៅកម្ពុជា មានសុទិដ្ឋិនិយមខ្ពស់លើរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតបរិយាកាសអំណោយផលដល់ការវិនិយោគរបស់ពួកគាត់។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Akira Yoshimoto ប្រធាន សមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា (JBAC) នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរ យោបល់ លើបច្ចុប្បន្នភាពប្រតិបត្តិការរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ដោយមានការចូលរួមពីអ្នកតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និង តំណាងក្រុមហ៊ុនជប៉ុន ដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជាជាច្រើនរូប។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីស្តាប់នូវមតិយោបល់ថ្មីៗរបស់ផ្នែកឯកជន និងពិនិត្យលើការគាំទ្រផ្សេងៗ សំដៅបន្តលើក កម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការរបស់ក្រុមហ៊ុន ដែលបានបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមាន ប្រធានសមាគម តំណាងក្រសួង-ស្ថាប័ន និងវិស័យឯកជនជប៉ុន ដែលបានអញ្ជើញចូលរួមយ៉ាងកុះករ និងបានថ្លែងអំណរគុណជូនចំពោះវិនិយោគិនជប៉ុនទាំងអស់ ដែលបាន សម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា និងពង្រីកប្រតិបត្តិការធុរកិច្ច ក៏ដូចជាទំហំវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់។លោកប្រធាន Akira Yoshimoto ក៏បានសម្តែងនូវការថ្លែងអំណរគុណជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែទទួលស្តាប់ នូវការលើកឡើងរបស់ផ្នែកឯកជន និងផ្តល់ការគាំទ្ររហូតមក។ ប្រធានសមាគមរូបនេះ បានបញ្ជាក់ថា ការយកចិត្តទុកដាក់របស់ ប្រមុខរាជរដ្ឋាភិបាល តាមរយៈយន្តការផ្សេងៗ ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធគ្រប់កម្រិត បានធ្វើឱ្យសមាជិករបស់ខ្លួនកាន់តែមាន សុទិដ្ឋិនិយមខ្ពស់ និងទំនុកចិត្តជាមួយនឹងការបណ្តាក់ទុនវិនិយោគរបស់ខ្លួននៅកម្ពុជា។សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេល ៣ ខែ ឆ្នាំ២០២៦, ការធ្វើពាណិជ្ជកម្មប្រទេសទាំងពីរ មានទឹកប្រាក់សរុបជាង ៧៥៣ លានដុល្លារអាមេរិក កើនជិត ១៥% ក្នុងនោះកម្ពុជា នាំចេញមានចំនួន ៤៨៧ លានដុល្លារ កើនជាង ១៣% និងការនាំចូល មានចំនួនជាង ២៦៦ លានដុល្លារ កើន ១៧% បើធៀបរយៈ ពេលដូចគ្នានិងឆ្នាំ២០២៥៕អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ធ្វើដំណើរទៅដល់រុស្ស៊ីសម្រាប់កិច្ចប្រជុំជាមួយលោក Putin

04/27/2026 04:04 PM        34
 នៅថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi បានធ្វើដំណើរទៅដល់ទីក្រុង St. Petersburg ដែលជាជើងចុងក្រោយនៃដំណើរទស្សនកិច្ចក្នុងតំបន់របស់លោកដែលគេមើលឃើញរូបលោកធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាន និងប្រទេសអូម៉ង់ផងដែរ ។ លោក Araqchi ត្រូវបានគេរំពឹងថា នឹងជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។ នៅមុននេះ លោក Araqchi និយាយថា ការពិគ្រោះយោបល់កាលពីពេលថ្មីៗនៅប្រទេសប៉ាគីស្ថាន បានពិនិត្យមើលឡើងវិញលក្ខខណ្ឌដែលអាចឲ្យកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ចាប់ផ្តើមឡើងវិញបាន ដោយរូបលោកធ្វើការសង្កត់ធ្ងន់ថា ទីក្រុងតេអេរ៉ង់នឹងព្យាយាមទទួលបានសិទ្ធិ និងផលប្រយោជន៍ជាតិរបស់ខ្លួន បន្ទាប់ពីជម្លោះអស់រយៈពេលជាច្រើនសប្តាហ៍ ។លោកបាននិយាយផងដែរថា អ៊ីរ៉ង់ និងអូម៉ង់ ក្នុងនាមជារដ្ឋតំបន់ឆ្នេរច្រកសមុទ្រ Hormuz បានយល់ព្រមបន្តការពិគ្រោះយោបល់កម្រិតអ្នកជំនាញ ដើម្បីធានាការឆ្លងកាត់ប្រកបដោយសុវត្ថិភាព ហើយនិងការពារផលប្រយោជន៍រួមនៅក្នុងផ្លូវទឹកមួយនេះ ។សូមបញ្ជាក់ថា ក្តីសង្ឃឹមនៃការស្រោចស្រង់កិច្ចខិតខំសន្តិភាព បែរជាលែងមានកាលពីថ្ងៃសៅរ៍ ពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump លុបចោលដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសរបស់គាត់គឺលោក Steve Witkoff និងលោក Jared Kushner ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ របស់ប្រទេសប៉ាគីស្ថាន ៕

ផែនការបញ្ចប់សង្គ្រាមរបស់អ៊ីរ៉ង់ មាន ៣ដំណាក់កាល ខណៈភាពតានតឹងនៅច្រកសមុទ្រ Hormuz កើនឡើង

04/27/2026 04:04 PM        51
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានបង្ហាញពីលក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម ទៅកាន់សហរដ្ឋអាមេរិកតាមរយៈប្រទេសប៉ាគីស្ថាន ដោយបង្ហាញសំណើ ៣ដំណាក់កាល ដែលមានគោលបំណងកាត់បន្ថយភាពតានតឹង។ នេះបើយោងតាមការឲ្យដឹងពីប្រភពអ៊ីរ៉ង់។លោក Araghchi បានទៅដល់ទីក្រុងអ៊ីស្លាម៉ាបាដ កាលពីថ្ងៃអាទិត្យ (ទី២៦ ខែមេសា ឆ្នាំ២០២៦) បន្ទាប់ពីឈប់សំចតរយៈពេលខ្លី នៅប្រទេសអូម៉ង់ ដែលជាដំណើរទស្សនកិច្ចលើកទី២ របស់លោក ទៅកាន់រដ្ឋធានីរបស់ប៉ាគីស្ថាន ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយនេះគឺជាផ្នែកមួយនៃការជំរុញការទូត ក្នុងតំបន់យ៉ាងទូលំទូលាយ។យោងតាមសំណើនេះ បានបង្ហាញថា ដំណាក់កាលទី១ ផ្តោតលើការបញ្ឈប់អរិភាពទាំងស្រុង និងការធានាជាប់ចំណងផ្លូវច្បាប់ ដើម្បីកុំឲ្យមានការវាយប្រហារឡើងវិញលើអ៊ីរ៉ង់ និងលីបង់។ មានតែបន្ទាប់ពីការប្តេជ្ញាចិត្តបែបនេះត្រូវបានធានាប៉ុណ្ណោះទេ ទើបការចរចាចូលទៅកាន់ដំណាក់កាលទី២ ដែលផ្តោតលើការគ្រប់គ្រង និងសន្តិសុខនៃច្រកសមុទ្រ Hormuz។ ហើយដំណាក់កាលទី៣ នឹងដោះស្រាយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ តែទីក្រុងតេអេរ៉ង់ បានសង្កត់ធ្ងន់ថា ខ្លួននឹងមិនចូលរួមក្នុងការចរចានុយក្លេអ៊ែរនោះទេ រហូតដល់មានវឌ្ឍនភាពនៅដំណាក់កាលដំបូងសិន។ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Fars របស់អ៊ីរ៉ង់ បានរាយការណ៍ថា លោក Araghchi ក៏បានផ្ញើសារជាលាយលក្ខណ៍អក្សរទៅកាន់ទីក្រុងវ៉ាស៊ីនតោនផងដែរ ដោយគូសបញ្ជាក់ពី «បន្ទាត់ក្រហម» របស់ទីក្រុងតេអេរ៉ង់ ជាពិសេសលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងច្រកសមុទ្រ Hormuz។ របាយការណ៍នេះបានឲ្យដឹងថា សារនេះមានបំណងបញ្ជាក់ពីជំហររបស់អ៊ីរ៉ង់ ជាជាងសារបង្ហាញពីការចរចាផ្លូវការ។ទោះបីជាមានកិច្ចប្រឹងប្រែងផ្នែកការទូតទាំងនេះក៏ដោយ ក៏ការខ្វែងគំនិតគ្នាយ៉ាងខ្លាំងនៅតែមានដដែល។ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកបានលុបចោលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអាមេរិកទៅប៉ាគីស្ថាន ដោយចាត់ទុកថា ការចូលរួមបន្ថែមទៀតថា ជាការខ្ជះខ្ជាយពេលវេលា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានជំនួយ UN ធ្វើដំណើរទៅកាន់សូម៉ាលី ខណៈកង្វះខាតស្បៀងអាហារ និងមូលនិធិកាន់តែធ្ងន់ធ្ងរ
04/29/2026 09:04 PM
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តបេសកកម្មតម្រង់ទិសស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ»
04/29/2026 09:04 PM
រូបិយប័ណ្ណរបស់អ៊ីរ៉ង់ធ្លាក់ដល់កម្រិតទាបបំផុត ខណៈបន្តមានបទឈប់បាញ់ផុយស្រួយជាមួយអាមេរិក
04/29/2026 08:04 PM
ហេតុការណ៍ដេញចាក់នៅតំបន់ជនជាតិជ្វីហ្វទីក្រុងឡុងដ្រ៍ បណ្តាលឲ្យមនុស្ស ២នាក់ រងរបួស
04/29/2026 08:04 PM
ចិននឹងហាមឃាត់ការលក់យានដ្រូន នៅទីក្រុងប៉េកាំង ដោយសារក្ដីបារម្ភផ្នែកសន្តិសុខ
04/29/2026 08:04 PM
ផ្កាថ្មប៉ប្រះទឹក Abrolhos របស់ប្រេស៊ីល ធ្លាក់ចុះ ១៥ភាគរយ ក្នុងរយៈពេលជាង ១៨ឆ្នាំ
04/29/2026 08:04 PM
រុស្ស៊ី៖ ការចាកចេញពី OPECរបស់អារ៉ាប់រួម នឹងបង្កើនផលិតកម្មសកល ធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះនៅពេលអនាគត
04/29/2026 08:04 PM
សង្រ្គាមនៅអ៊ុយក្រែនបង្កើនការប្រើប្រាស់រថពាសដែកផលិតនៅប្រទេសស៊ុយអែត
04/29/2026 08:04 PM
រុស្ស៊ី៖ ការផ្គត់ផ្គង់យានដ្រូនអឺរ៉ុបដល់អ៊ុយក្រែន អាចមានផលវិបាកមិនអាចព្យាករបាន
04/29/2026 08:04 PM
សីតុណ្ហភាពកើនឡើងនៅប្រទេសឥណ្ឌា ជំរុញតម្រូវការកង្ហា និងម៉ាស៊ីនត្រជាក់
04/29/2026 08:04 PM