ស្វែងរក

កម្ពុជាបិទបញ្ចប់ព្រឹត្តិការណ៍ ICIA ឆ្នាំ២០២៦ ជាស្ថាពរ៖ ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធរួមគ្នាជំរុញយុវជនសកលឆ្ពោះទៅរកការអភិវឌ្ឍដោយចីរភាព និងនវានុវត្តន៍

04/27/2026 03:04 PM        175
រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦៖ ព្រះរាជាណាចក្រកម្ពុជាបានបង្ហាញយ៉ាងច្បាស់នូវកិត្យានុភាព និងឧត្តមភាពរបស់ខ្លួននៅលើឆាកអន្តរជាតិ ក្នុងឱកាសបិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់នូវការប្រកួតជុំផ្តាច់ព្រ័ត្រលំដាប់ពិភពលោក នៃពានរង្វាន់គំនិតច្នៃប្រឌិត និងនវានុវត្តន៍អន្តរជាតិ (International Creativity and Innovation Award - ICIA) ប្រចាំឆ្នាំ២០២៦ នាព្រឹកថ្ងៃអាទិត្យនេះ នៅសាលាអន្តរជាតិផារ៉ាហ្គន (Paragon International School)។ពិធីបិទ និងការប្រគល់ពានរង្វាន់ដ៏មហោឡារិកនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា និង លោកជំទាវ អឿន បញ្ចនាថ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងប្រតិភូក្រសួងស្ថាប័នមកពីបណ្តាប្រទេសអាស៊ាន និង ឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ។ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកស្រី Eang Nithijounie Dene នាយិកាប្រតិបត្តិនៃអង្គការអប់រំស្ទែមនៅកម្ពុជា (STEMEOC) បានថ្លែងសុន្ទរកថាបង្ហាញពីចក្ខុវិស័យដ៏មុតស្រួចរបស់អង្គការថា៖ «បេសកកម្មចម្បងរបស់ STEMEOC គឺការកសាងប្រព័ន្ធអេកូឡូស៊ីអប់រំស្ទែមឱ្យកាន់តែរឹងមាំ ដើម្បីក្លាយជាស្ពានចម្លងយុវជនកម្ពុជា ឱ្យអាចឈានទៅចាប់យកកម្រិតស្តង់ដារនវានុវត្តន៍ និងបច្ចេកវិទ្យាលំដាប់សកល។»ចំណុចលេចធ្លោបំផុតដែលឆ្លុះបញ្ចាំងពីទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយវិបត្តិបរិស្ថាន គឺតាមរយៈវិញ្ញាសា «កម្មវិធីប្រកួតប្រជែងនវានុវត្តន៍» (Innovation Challenge) ដែលតម្រូវឱ្យអ្នកចូលរួមដោះស្រាយបញ្ហាជាក់ស្តែង ក្រោមប្រធានបទ «ការរចនាលំហសិក្សាគ្មានសំណល់» (Designing Waste-Free Learning Spaces) ដែលត្រូវបានដាក់ចេញរួមគ្នាដោយក្រសួងបរិស្ថានកម្ពុជា និងអង្គការ SEAMEO។តាមរយៈសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូផ្ញើជូនអង្គពិធី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍វាយតម្លៃខ្ពស់ថា៖ «ការបង្កើតសាលារៀនគ្មានសំណល់ គឺជាថ្នាលបណ្តុះសីលធម៌បរិស្ថាន និងជាការអនុវត្តផ្ទាល់នូវសេដ្ឋកិច្ចចក្រា។ គំនិតផ្តួចផ្តើមនេះ គឺផ្សារភ្ជាប់យ៉ាងស្អិតរមួតទៅនឹង យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន របស់កម្ពុជា ដែលផ្តោតលើភាព ស្អាត បៃតង និងចីរភាព ដើម្បីធានាបាននូវសុខុមាលភាពសាធារណៈ និងរួមចំណែកយ៉ាងសកម្មក្នុងការសម្រេចគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។»ទន្ទឹមនឹងនេះ ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការកសាងមូលធនមនុស្ស ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ការច្នៃប្រឌិត និងនវានុវត្តន៍ គឺជាចលករស្នូលនៃអនាគតកម្ពុជា។ ការបណ្តុះសមត្ថភាពដោះស្រាយបញ្ហាជាក់ស្តែងតាមរយៈការអនុវត្តផ្ទាល់ គឺជាគន្លឹះដ៏សំខាន់ដើម្បីធានាថា យុវជនកម្ពុជាមានមនសិការម្ចាស់ការខ្ពស់ ក្នុងការកសាងសង្គមបៃតង និងសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាបន្ន។»គូរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានប្រមូលផ្តុំនូវវត្តមានអ្នកច្នៃប្រឌិតវ័យក្មេង អ្នកអប់រំឆ្នើម និងថ្នាក់ដឹកនាំរាប់ពាន់នាក់មកពី ២៧ ប្រទេសជុំវិញពិភពលោក។ ប្រតិភូទាំងអស់ត្រូវបានចម្រាញ់ចេញពីការប្រកួតថ្នាក់ជាតិចំនួន ៣៣ លើក ដើម្បីមកប្រកួតប្រជែងលើវិញ្ញាសាធំៗចំនួន៣ រួមមាន៖ អ្នកច្នៃប្រឌិតវ័យក្មេង (Inventor Wannabe), កម្មវិធីប្រកួតប្រជែងនវានុវត្តន៍ (Innovation Challenge) និងពានរង្វាន់នវានុវត្តន៍ (Innovation Award)។ ក្រៅពីការប្រកួតប្រជែង កម្មវិធី ICIA ឆ្នាំ២០២៦ ក៏បានផ្ដល់វេទិកាសហការសំខាន់ៗជាច្រើន រួមមានកម្មវិធី «ចុងសប្តាហ៍នៃនវានុវត្តន៍ធុរកិច្ចថ្មី» (Startup Innovation Weekend) និង «ជំនួបពិភាក្សាអ្នកអប់រំ» (Educators Meetalk) ព្រមទាំងការដាក់បញ្ចូលនូវពានរង្វាន់ «គ្រូបង្រៀនខ្ញុំ» (Teach Me Award) ជាលើកដំបូងបង្អស់។ព្រឹត្តិការណ៍ ICIA ឆ្នាំ២០២៦ ត្រូវបានផ្តួចផ្តើមឡើងដោយស្ថាប័ន Krya Global និង Crebiz Factory និងសហការនាំយកមកកម្ពុជាដោយអង្គការ STEMEOC ក្រោមកិច្ចសហការយ៉ាងយុទ្ធសាស្ត្រជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន។ លោក អាន់តូនីយូស ម៉ាឡឹម បារូស (Antonius Malem Barus) នាយកប្រតិបត្តិនៃ Krya Global បានបញ្ជាក់ថា ICIA គឺជាវេទិកាដ៏រស់រវើកដែលផ្តល់សិទ្ធិអំណាចដល់កិច្ចសហការ និងការជំរុញឱ្យមានផលជះជាវិជ្ជមានពិតប្រាកដ៕ 

រដ្ឋមន្ត្រីសុខាភិបាល៖ «ការត្រួតពិនិត្យផលិតផលថ្នាំជក់ គឺជាការងាររបស់គ្រប់វិស័យ និងទទួលខុសត្រូវរួម»

04/27/2026 03:04 PM        128
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ការត្រួតពិនិត្យផលិតផលថ្នាំជក់ គឺជាការងាររបស់គ្រប់វិស័យ និងជាការទទួលខុសត្រូវរួមរបស់សង្គមទាំងមូល។ យើងត្រូវរួមគ្នាការពារកុមារ យុវជន និងប្រជាពលរដ្ឋពីគ្រោះថ្នាក់នៃការប្រេីផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក ដើម្បីកសាងអនាគតកម្ពុជា គ្មានផ្សែងបារី មានសុខភាពល្អ និងសុវត្ថិភាព។ការថ្លែងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដើម្បីពិនិត្យវឌ្ឍនភាពការងារ ពង្រឹងកិច្ចសហការពហុវិស័យ និងកំណត់អាទិភាពសម្រាប់ជំហានបន្ត ក្នុងការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ ការពារប្រជាជនពីផ្សែងថ្នាំជក់ បង្ក្រាបផលិតផលថ្នាំជក់ខុសច្បាប់ និងក្លែងក្លាយ ព្រមទាំងទប់ស្កាត់បារីអេឡិចត្រូនិក ដែលកំពុងបង្កហានិភ័យដល់យុវជន និងសុខភាពសាធារណៈ, នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បន្តថា កម្ពុជាបានសម្រេចសមិទ្ធផលសំខាន់ៗជាច្រើន តាមក្របខណ្ឌអនុសញ្ញា WHO FCTC និងកញ្ចប់អន្តរាគមន៍ MPOWER រួមមានការបោះពុម្ពសារអប់រំសុខភាពលើកញ្ចប់ថ្នាំជក់ ការហាមជក់នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ និងការហាមផ្សព្វផ្សាយពាណិជ្ជកម្ម។ ទោះយ៉ាងណា កម្ពុជានៅតែមានអ្នកប្រើប្រាស់ថ្នាំជក់ប្រមាណ ១,៦ លាននាក់ ដែលទាមទារឱ្យបន្តមានយន្តការសមស្របជាប់លាប់ និងមានប្រសិទ្ធភាព។ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ភារកិច្ចគន្លឹះដែលគណៈកម្មាធិការបន្តអនុវត្ត៖១. ការត្រួតពិនិត្យថ្នាំជក់ គឺជាការងារការពារជីវិត និងអនាគតប្រជាជន។ យើងមិនត្រឹមតែកាត់បន្ថយការជក់បារីប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងការពារកុមារ យុវជន ស្ត្រី និងប្រជាជនទាំងមូល ពីជំងឺមហារីក ជំងឺបេះដូង ជំងឺផ្លូវដង្ហើម និងជំងឺមិនឆ្លងផ្សេងៗ។២. ការងារនេះត្រូវការកិច្ចសហការពហុវិស័យពិតប្រាកដ។ ក្រសួងសុខាភិបាលមិនអាចធ្វើតែម្នាក់ឯងបានទេ។ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធររាជធានី-ខេត្ត សាលារៀន សហគមន៍ និងសង្គមទាំងមូល ត្រូវចូលរួមជាមួយគ្នា។ ៣. ត្រូវបន្តអប់រំ និងផ្សព្វផ្សាយឱ្យទូលំទូលាយ ជាពិសេសដល់សិស្ស និស្សិត និងយុវជន។យុវជនជាគោលដៅងាយរងគ្រោះពីផលិតផលថ្នាំជក់ទម្រង់ថ្មីៗ និងបារីអេឡិចត្រូនិក។ ការការពារពួកគេ គឺជាការការពារអនាគតសុខភាពជាតិ។៤. ត្រូវអនុវត្តច្បាប់ និងវិធានការហាមឃាត់ឱ្យម៉ឺងម៉ាត់។ត្រូវពង្រឹងការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ការហាមផ្សព្វផ្សាយពាណិជ្ជកម្ម ការបោះពុម្ពសារព្រមានសុខភាព និងការហាមជក់នៅកន្លែងសាធារណៈ។៥. ត្រូវបង្ក្រាបផលិតផលថ្នាំជក់ខុសច្បាប់ ក្លែងក្លាយ និងបារីអេឡិចត្រូនិកឱ្យមានប្រសិទ្ធភាព។៦. ត្រូវរៀបចំយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ២០២៧-២០៣១។យុទ្ធសាស្ត្រថ្មីត្រូវផ្អែកលើទិន្នន័យ ភស្តុតាង វិធានការមានប្រសិទ្ធភាព និងគោលដៅកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ឱ្យបាន ៣០% ឆ្ពោះទៅឆ្នាំ២០៣០៕ អត្ថបទ រដ្ឋា 

រដ្ឋបាលខេត្តប៉ៃលិនកំពុងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់សោភ័ណភាពខេត្ត

04/27/2026 03:04 PM        107
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បាន​អញ្ជើញពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពខេត្ត ពិសេសនៅច្រក​ទ្វារ​ព្រំដែន​អន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដើម្បីបម្រើដល់​ប្រយោជន៍​សាធារណៈ សម្រាប់ជាតិ និងប្រជាជន។លោកជំទាវបណ្ឌិត បានបញ្ជាក់ថា ខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិ​យ៉ាង​ក្តៅ​គគុក កំពុងមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ហើយជីវភាពរបស់ប្រជាពលរដ្ឋ​កាន់តែ​ធូរធារ​ឡើងពីមួយ ថ្ងៃទៅមួយថ្ងៃគួរជាទីមោទន។លោកជំទាវបណ្ឌិត បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ អាជ្ញាធរខេត្តប៉ៃលិន បាននឹងកំពុងខិត​ខំ​រៀប​ចំ​សណ្តាប់ធ្នាប់ និងកែលម្អសោភ័ណភាពនៅក្នុងខេត្តយ៉ាងសស្រាក់សស្រាំ ដូចជា៖ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំភ្លឺ និងភ្លើងលំអនា​ពេល​រាត្រី ការសម្អាត អនាម័យបរិស្ថាន នៅតាមទីសាធារណៈ និងតាមតំបន់រមណីយដ្ឋាន​ទេសចរណ៍​នានា ដើម្បីឱ្យខេត្តប៉ៃលិនប្រែក្លាយជាខេត្តមួយមានការរីកចម្រើន និងមាន​ទេសភាព​ស្រស់​បំព្រង បរិស្ថានល្អ ព្រមទាំងប្រែក្លាយជាខេត្តគោលដៅទេសចរណ៍​សម្រាប់ថ្ងៃអនាគត​ផងដែរ​៕

ក្រុមហេសបូឡា ប្តេជ្ញាថានឹងមិនអត់ធ្មត់ដែលបានដឹងថាកិច្ចព្រមព្រៀងបទឈប់បាញ់មានតែម្ខាង

04/27/2026 03:04 PM        80
អ៊ីស្រាអែល និងក្រុមហេសបូឡា បានចោទដាក់គ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់។ក្រុមហេសបូឡា បានបង្ហាញជំហររបស់ខ្លួនយ៉ាងច្បាស់ទាក់ទងនឹងបទឈប់បាញ់ថា ខ្លួននឹងលែងទទួលយកបទឈប់បាញ់ដែលមានតែភាគីម្ខាង។ យើងត្រូវតែចងចាំថា ក្រុមហេសបូឡា ពុំមែនជាភាគីនៃបទឈប់បាញ់ទេ។ វាត្រូវបានព្រមព្រៀងគ្នារវាងអ៊ីស្រាអែល និងលីបង់។រដ្ឋាភិបាលលីបង់ ពុំមែនជាភាគីនៃជម្លោះនេះទេ។ ក្រោមលក្ខខណ្ឌនៃបទឈប់បាញ់ អ៊ីស្រាអែលរក្សាសិទ្ធិមិនត្រឹមតែឆ្លើយតបទៅនឹងការវាយប្រហារណាមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារការគំរាមកំហែងណាមួយ ឬការគំរាមកំហែងសន្តិសុខណាមួយដែលបានមើលឃើញ។ ក្រុមហេសបូឡា និយាយថា ខ្លួននឹងលែងទទួលយករឿងនេះទៀតហើយ។ក្រុមហេសបូឡា និយាយថា ខ្លួននឹងមិនអនុញ្ញាតឱ្យអ៊ីស្រាអែល បន្តកាន់កាប់ទឹកដីលីបង់ទៀតឡើយ។ ខ្លួននឹងមិនអនុញ្ញាតឱ្យអ៊ីស្រាអែលបន្តការវាយប្រហារនោះទេ។ អ្វីដែលយើងបានឃើញក្នុងរយៈពេល ៤៨ ទៅ ៧២ ម៉ោងចុងក្រោយនេះ គឺក្រុមហេសបូឡា បង្កើនល្បឿនប្រតិបត្តិការរបស់ខ្លួន មិនត្រឹមតែកំណត់គោលដៅលើកងទ័ពអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ក្នុងទឹកដីដែលត្រូវបានចូលកាន់កាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់គោលដៅនៅភាគខាងជើងអ៊ីស្រាអែល ផងដែរ។ក្រុមនេះបានចេញផ្សាយវីដេអូមួយ ដែលនិយាយទៅកាន់ប្រជាជននៅភាគខាងជើងប្រទេសអ៊ីស្រាអែល ថា ពួកគេពុំមានសុវត្ថិភាពទេ។

ការប្រឡងសិស្សពូកែថ្នាក់ជាតិ បានចាប់ផ្ដើម នៅថ្ងៃនេះ ទាំងមុខវិជ្ជាឯកទេស និង ចំណេះដឹងទូទៅ

04/27/2026 02:04 PM        413
ការប្រឡងសិស្សពូកែថ្នាក់ជាតិ សម្រាប់សិស្សកម្រិតថ្នាក់ទី ៩ និងកម្រិតថ្នាក់ទី ១២ បានចាប់ផ្ដើមនាព្រឹកថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២៦នេះ។ ការប្រឡងនេះ គឺតម្រូវឱ្យបេក្ខជនត្រូវប្រឡងទាំងវិញ្ញាសាមុខវិជ្ជាឯកទេស បូករួមទាំងការប្រឡងលើវិញ្ញាសាចំណេះដឹងទូទៅ។ក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦នេះ បានចាប់ផ្ដើមដំណើរការប្រឡងសិស្សពូកែថ្នាក់ជាតិ ដែលរៀបចំឡើងនៅមណ្ឌលប្រឡងវិទ្យាល័យសន្ធរម៉ុក។ ការប្រឡងនេះ ជាការប្រមូលផ្ដុំ សិស្សពូកែ ទាំងពីរកម្រិតថ្នាក់ ថ្នាក់ទី ៩ និងថ្នាក់ទី ១២ មកពីគ្រប់បណ្ដាខេត្តទូទាំងប្រទេស សរុប ២៤០ នាក់ ដោយសិស្សថ្នាក់ទីមាន ១២០ នាក់ និងសិស្សថ្នាក់ទី ១២ មានចំនួន ១២០នាក់ដូចគ្នា។ សិស្សពូកែដែលមានវត្តមានប្រកួតប្រជែងសិស្សពូកែថ្នាក់ជាតិនេះ សុទ្ធតែជាសិស្សដែលពោពេញសមត្ថភាព ដោយឆ្លងកាត់ការប្រកួតប្រជែងជាច្រើនវគ្គ ចាប់រាប់ពីការជម្រុះនៅក្នុងសាលា រហូតដល់ការជម្រុះថ្នាក់ស្រុក ខណ្ឌ និងខេត្ត។ការប្រឡង មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៧ និងថ្ងៃទី ២៨ ខែ មេសា ដោយបេក្ខជន ត្រូវប្រឡងលើវិជ្ជាឯកទេសមួយ ដែលខ្លួនជ្រើសរើស។ មុខវិជ្ជាឯកទេស គឺអក្សរសិល្បិ៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា។ ក្រៅពីប្រឡងមុខវិជ្ជាឯកទេស បេក្ខជនក៏ត្រូវប្រឡងលើវិញ្ញាសា ចំណេះដឹងទូទៅផងដែរ។ថ្ងៃដំបូងនៃការប្រឡងសិស្សពូកែថ្នាក់ជាតិនេះ បេក្ខជននីមួយៗ បានមកដល់មណ្ឌលប្រឡងតាំងពីព្រឹកព្រលឹម។ មកដោយក្ដីជឿជាក់ ភ្ជាប់ជាមួយការត្រៀមខ្លួនបានយ៉ាងល្អ និងមានគោលដៅច្បាស់លាស់ ចង់បានជ័យលាភីត្រឡប់ទៅវិញ ដើម្បីខ្លួនឯង គ្រួសារ សាលា និងខេត្តទាំងមូល ពិសេសប្រឹងប្រែង ដើម្បីសង្គមជាតិកម្ពុជា។ ចំពោះប្រធានវិញ្ញាសាប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ដោយគិតតាមកម្មវិធីសិក្សាពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩ សម្រាប់ការប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ទី៩ និងពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ សម្រាប់ការប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ទី១២។ចំពោះប្រាក់រង្វាន់តាមចំណាត់ថ្នាក់ បានបែងចែក ដោយចំណាត់ថ្នាក់លេខ១ ទទួលបាន ៣ ៥០០ ០០០ រៀល ចំណាត់ថ្នាក់លេខ២ទទួលបាន ៣ ២០០ ០០០ រៀល ចំណាត់ថ្នាក់លេខ៣ ទទួលបាន ២ ៩០០ ០០០ រៀល ចំណាត់ថ្នាក់លេខ ៤ទទួលបាន ២ ៦០០ ០០០ រៀល និងចំណាត់ថ្នាក់លេខ៥ ទទួលបាន ២ ៣០០ ០០០ រៀល ។ លើសពីប្រាក់រង្វាន់ សិស្សជ័យលាភី និងក្លាយជាបេក្ខជនអទិភាពក្នុងការចូលរួមទទួលការបង្រៀនបំប៉នសមត្ថភាព ត្រៀមចូលរួមការប្រកួតអូឡាំព្យាដអន្តរជាតិក្រៅប្រទេសនានា៕ អត្ថបទ៖ គឹម ហុក

ហ្ស៊កដានី និងគូវ៉ែតអំពាវនាវឲ្យមានដំណោះស្រាយប្រកបដោយចីរភាពរវាងអ៊ីរ៉ង់ និងអាមេរិក

04/27/2026 02:04 PM        99
ហ្ស៊កដានី និងគូវ៉ែតកាលពីថ្ងៃអាទិត្យ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការជំរុញកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឆ្ពោះទៅរកដំណោះស្រាយប្រកបដោយចីរភាព ដោយសង្កត់ធ្ងន់លើតម្រូវការ ដើម្បីធានាសេរីភាពនៃការធ្វើនាវាចរណ៍នៅច្រកសមុទ្រហ័រមូស។ការប្រកាសនេះ បានកើតឡើង អំឡុងពេលកិច្ចចរចារវាងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi និងរដ្ឋមន្ត្រីការបរទេសគូវ៉ែត លោក Sheikh Jarrah Jaber Al-Ahmad Al-Sabah នៅទីក្រុងអាម៉ាន់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមមួយ។មន្ត្រីទាំងពីរបានសង្កត់ធ្ងន់ថា វឌ្ឍនភាពណាមួយ បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់ ត្រូវតែនាំទៅរកដំណោះស្រាយប្រកបដោយចីរភាពដែលដោះស្រាយភាពតានតឹងយូរអង្វែង។រដ្ឋមន្ត្រីទាំងពីរបានអំពាវនាវឲ្យមានការប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះច្បាប់អន្តរជាតិ ការគោរពអធិបតេយ្យភាពរបស់រដ្ឋ និងការការពារសេរីភាពនៃការធ្វើនាវាចរណ៍នៅច្រកសមុទ្រហ័រមូស ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២៕

សហភាពអឺរ៉ុបថ្កោលទោស «ការវាយប្រហារភេរវកម្ម» នៅក្នុងប្រទេសម៉ាលី

04/27/2026 02:04 PM        76
សហភាពអឺរ៉ុបកាលពីថ្ងៃអាទិត្យបានថ្កោលទោស«ការវាយប្រហារភេរវកម្ម» នៅក្នុងប្រទេសម៉ាលីដែលគ្រប់គ្រងដោយយោធា និងបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិសុខ និងស្ថិរភាព នៅក្នុងតំបន់ Sahel ។អ្នកនាំពាក្យម្នាក់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្លុកនេះ «ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការវាយប្រហារភេរវកម្មដែលបានធ្វើឡើងនៅក្នុងប្រទេសម៉ាលី កាលពីថ្ងៃទី ២៥ ខែមេសា» ដោយបន្ថែមថា ការចូលរួមរំលែកទុក្ខត្រូវបានផ្ញើទៅកាន់ «ក្រុមគ្រួសារជនរងគ្រោះ និងអាជ្ញាធរម៉ាលី»។វិទ្យុ RFI របស់បារាំង និងសាច់ញាតិពីរនាក់ បាននិយាយកាលពីថ្ងៃអាទិត្យថា ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាលី លោក Sadio Camara ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយសាខាអាល់កៃដា ទៅលើលំនៅឋានរបស់លោក នៅជិតមូលដ្ឋានកងទ័ពដ៏ធំ នៅខាងក្រៅទីក្រុង Bamako។ ប្រតិបត្តិការនៅក្នុងទីក្រុង Kati មានចម្ងាយ ១៥គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Bamako គឺជាផ្នែកមួយនៃការវាយប្រហារកាន់តែទូលំទូលាយដោយសាខារបស់ក្រុមអាល់កៃដា Jama’at Nusrat Al-Islam wal-Muslimin ដែលបានសហការជាមួយក្រុមភេរវករ Tuareg ជាអ្វីដែលអ្នកវិភាគ និងអ្នកការទូត បានពិពណ៌នាថា ជាការវាយប្រហារសម្របសម្រួលដ៏ធំបំផុតមួយ នៅក្នុងប្រទេសនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕

សាធារណជនគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីឱ្យបញ្ជូនក្រុមក្មេងទំនើងទៅជួយការងារសមរភូមិមុខ

04/27/2026 02:04 PM        188
បណ្តាសាធារជន បានបង្ហាញការគាំទ្រខ្ពស់ចំពោះការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី នៃកម្ពុជា ឱ្យមានការសិក្សាផ្លូវច្បាប់ ដើម្បីចាត់បញ្ជូន​ក្រុម​ក្មេង​ទំនើង​ទៅ​ជួយ​ការ​ងារ​នៅ​សមរភូមិមុខ។លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកកម្មករកម្ពុជា តំណាងកម្មករនិយោជិក និង​អ្នក​សេដ្ឋកិច្ចក្រៅប្រព័ន្ធ សមាជិកសមាជិកា ជិត៦ម៉ឺននាក់ បានសម្តែងការគាំទ្រ​គំនិត​ផ្ដួច​ផ្ដើម​ដ៏​វាង​វៃ​របស់សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាល ដែលបាន​គិតគូរ​ដោះ​ស្រាយ​បញ្ហា​ក្រុម​ក្មេង​ទំនើង​នៅ​ក្នុង​សង្គមជាតិ បើស្របពេលដែលកងកម្លាំងសមត្ថកិច្ចបាននឹងកំពុងព្យាយាមទប់ស្កាត់ និង​បង្ក្រាប​ជា​បន្តបន្ទាប់ផងដែរ។គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំ ណាល​ជាមួយថ្នាក់ដឹកនាំសហជីព សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ក្នុង​ឱកាស​អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្ម អន្តរជាតិ ១ឧសភា សម្តេច​ធិបតី ​ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រុមក្មេងទំនើង ដែលដាក់នៅ​ក្នុង​ពន្ធនាគារ​ច្រើន​នាំ​អស់​តែ​បាយ ដូច្នេះគប្បីត្រូវនាំពួកគេយកទៅអប់រំនៅសមរភូមិមុខវិញ វាប្រសើរជាង ដោយ​ឱ្យ​ពួក​គេ​ជួយ​បម្រើ​ផ្នែក​វិស្វកម្មតាមទម្ងន់ទោសរបស់ពួកគេ។សម្តេចធិបតី នាយករដ្ឋមន្រ្តី បានណែនាំដល់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អគ្គស្នងការនគរបាលជាតិ និង​អគ្គមេបញ្ជាការកងទ័ព ត្រូវបញ្ជូនក្មេងទំនើងទៅសមរភូមិបីខែ ឬ៦ខែ តាមទម្ងន់ទោស ដើម្បី​ជួយ​ធ្វើ​លេណដ្ឋាន ដើម្បីឱ្យពួកគេដឹងថា អ្នកនៅជួរមុខលំបាកយ៉ាងណា ខណៈយុវជន​ដូច​គ្នា​អ្នក​នៅ​ជួរ​មុខគេកំពុងតែឈរជើងប្រឈមនឹងការគ្រោះថ្នាក់ស្លាប់ ចំណែក​ក្មេង​ទំនើង​ដែល​កំពុង​មាន​ឱកាស​មាន​សេរីភាព នៅសមរភូមិក្រោយ បែរជាដើរបង្ករឿងកាប់ចាក់គ្នាបំផ្លាញប្រទេសទៅវិញ ដូច្នេះ​ត្រូវនាំពួកគេទៅ ដើម្បីជាប្រយោជន៍ជាតិ៕ អត្ថបទ៖ លីហេង

បារាំងជួយសង្គ្រោះជនអន្តោប្រវេសន៍ចំនួន ១១៩នាក់ ដែលកំពុងព្យាយាមឆ្លងសមុទ្រទៅកាន់អង់គ្លេស

04/27/2026 02:04 PM        90
មន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា សេវាកម្មឆ្នេរសមុទ្របារាំង បានជួយសង្គ្រោះជនអន្តោប្រវេសន៍ជាងមួយរយនាក់ពីសមុទ្រ Channel ខណៈពេលដែលពួកគេព្យាយាមឆ្លងកាត់ទៅកាន់ប្រទេសអង់គ្លេសកាលពីចុងសប្តាហ៍ ដោយមានមនុស្សម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់។Premar ដែលជាសេវាសមុទ្ររបស់បារាំងសម្រាប់តំបន់នេះ បាននិយាយថា នៅក្នុងប្រតិបត្តិការជាបន្តបន្ទាប់កាលពីថ្ងៃសៅរ៍ ក្រុមជួយសង្គ្រោះនៅឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសបារាំង បានជួយសង្គ្រោះមនុស្សចំនួន ១១៩នាក់ ដែលបានព្យាយាមឆ្លងកាត់សមុទ្រនេះ។  នៅក្នុងការជួយសង្គ្រោះមួយ ជនអន្តោប្រវេសន៍ម្នាក់ដែលបានសន្លប់ ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅព្យាបាលនៅមន្ទីរពេទ្យមួយនៅទីក្រុងកំពង់ផែ Boulogne នៅឆ្នេរសមុទ្រភាគខាងជើង។កាលពីថ្ងៃព្រហស្បតិ៍ ចក្រភពអង់គ្លេស និងបារាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីរយៈពេល បីឆ្នាំ ដើម្បីបញ្ឈប់ជនអន្តោប្រវេសន៍ដែលគ្មានឯកសារធ្វើដំណើរដ៏ប្រថុយប្រថានឆ្លងកាត់ច្រកសមុទ្រតាមទូកតូចៗ ដោយទីក្រុងឡុងដ៍បានបង្កើនការទូទាត់របស់ខ្លួន ដើម្បីជួយផ្តល់មូលនិធិដល់ប្រតិបត្តិការរបស់បារាំង៕

UN៖ រថយន្តដឹកជំនួយនៅស៊ូដង់ ត្រូវរងការវាយប្រហារដោយយានដ្រូន

04/27/2026 02:04 PM        60
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារដោយយន្តដ្រូនទៅលើរថយន្តដឹកជំនួយមួយគ្រឿងនៅរដ្ឋ Darfur ខាងជើង នៃប្រទេសស៊ូដង់ បានបំផ្លាញសម្ភារៈផ្គត់ផ្គង់ទាំងអស់នៅលើរថយន្តនោះ  ដោយពុំបានបញ្ជាក់ថា អ្នកណាជាអ្នកទទួលខុសត្រូវនោះទេ។ការវាយប្រហារដោយដ្រូនរបស់ទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) ដែលត្រូវបានជាប់នៅក្នុង  សង្គ្រាមដ៏ឃោរឃៅ ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ បានកើនឡើង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ     ជារឿយៗ បានបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់ ក្នុងពេលតែមួយ។ទីភ្នាក់ងារនេះ បាននិយាយថា រថយន្តដែលដំណើរការដោយ UNHCR បាន «រងការវាយប្រហារដោយ   ដ្រូន» កាលពីថ្ងៃសុក្រ ខណៈពេលកំពុងដឹកជញ្ជូនឧបករណ៍ស្នាក់នៅសង្គ្រោះបន្ទាន់ទៅកាន់ទីក្រុង Tawila ជាជម្រករបស់មនុស្សជាង ៧០០.០០០នាក់ ដែលបានភៀសខ្លួនចេញពីការប្រយុទ្ធ នៅកន្លែងផ្សេងទៀត នៅក្នុងតំបន់ Darfur ភាគខាងលិច។ ទីភ្នាក់ងារនេះ បានបន្ថែមថា អ្នកបើកបរបានរត់គេចខ្លួន ដោយមិនមានរងរបួសទេ ប៉ុន្តែសម្ភារៈផ្គត់ផ្គង់ទាំងអស់ ត្រូវបានបំផ្លាញ ដោយសារអគ្គិភ័យ បានកើតឡើង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានជំនួយ UN ធ្វើដំណើរទៅកាន់សូម៉ាលី ខណៈកង្វះខាតស្បៀងអាហារ និងមូលនិធិកាន់តែធ្ងន់ធ្ងរ
04/29/2026 09:04 PM
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តបេសកកម្មតម្រង់ទិសស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ»
04/29/2026 09:04 PM
រូបិយប័ណ្ណរបស់អ៊ីរ៉ង់ធ្លាក់ដល់កម្រិតទាបបំផុត ខណៈបន្តមានបទឈប់បាញ់ផុយស្រួយជាមួយអាមេរិក
04/29/2026 08:04 PM
ហេតុការណ៍ដេញចាក់នៅតំបន់ជនជាតិជ្វីហ្វទីក្រុងឡុងដ្រ៍ បណ្តាលឲ្យមនុស្ស ២នាក់ រងរបួស
04/29/2026 08:04 PM
ចិននឹងហាមឃាត់ការលក់យានដ្រូន នៅទីក្រុងប៉េកាំង ដោយសារក្ដីបារម្ភផ្នែកសន្តិសុខ
04/29/2026 08:04 PM
ផ្កាថ្មប៉ប្រះទឹក Abrolhos របស់ប្រេស៊ីល ធ្លាក់ចុះ ១៥ភាគរយ ក្នុងរយៈពេលជាង ១៨ឆ្នាំ
04/29/2026 08:04 PM
រុស្ស៊ី៖ ការចាកចេញពី OPECរបស់អារ៉ាប់រួម នឹងបង្កើនផលិតកម្មសកល ធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះនៅពេលអនាគត
04/29/2026 08:04 PM
សង្រ្គាមនៅអ៊ុយក្រែនបង្កើនការប្រើប្រាស់រថពាសដែកផលិតនៅប្រទេសស៊ុយអែត
04/29/2026 08:04 PM
រុស្ស៊ី៖ ការផ្គត់ផ្គង់យានដ្រូនអឺរ៉ុបដល់អ៊ុយក្រែន អាចមានផលវិបាកមិនអាចព្យាករបាន
04/29/2026 08:04 PM
សីតុណ្ហភាពកើនឡើងនៅប្រទេសឥណ្ឌា ជំរុញតម្រូវការកង្ហា និងម៉ាស៊ីនត្រជាក់
04/29/2026 08:04 PM