ស្វែងរក

ប្រធានាធិបតីអេស្តូនី៖ «អឺរ៉ុបត្រូវតែត្រៀមខ្លួន» សម្រាប់គ្រាប់សេណារីយ៉ូ នៅក្នុងសង្គ្រាមអ៊ុយក្រែន

04/28/2026 08:04 PM        47
នៅថ្ងៃអង្គារ (ទី២៨ ខែមេសា ឆ្នាំ២០២៦) នេះ ក្នុងអំឡុងពេលមានទស្សនកិច្ចរដ្ឋ នៅប្រទេសហ្វាំងឡង់ ប្រធានាធិបតីអេស្តូនី បានលើកឡើងថា អឺរ៉ុបត្រូវតែត្រៀមខ្លួន សម្រាប់សេណារីយ៉ូដែលអាចកើតមានទាំងអស់ ទាក់ទងនឹងសង្គ្រាម នៅអ៊ុយក្រែន ។នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb មេដឹកនាំអេស្តូនី លោក Alar Karis បាននិយាយថា៖ «អឺរ៉ុបត្រូវតែត្រៀមខ្លួន សម្រាប់រាល់ការវិវត្ត នៅក្នុងដំណើរការសន្តិភាពអ៊ុយក្រែន»។លោកបានបញ្ជាក់ថា អឺរ៉ុបត្រូវតែមានវត្តមាននៅក្នុងកិច្ចពិភាក្សាទាំងអស់ ពាក់ព័ន្ធនឹងសន្តិសុខរបស់ខ្លួន ហើយគួរតែចូលរួមដោយមានគោលជំហរដ៏រឹងមាំមួយ ដើម្បីរួមចំណែកដល់សន្តិភាព ប្រកបដោយភាពយុត្តិធម៌ និងយូរអង្វែង នៅអ៊ុយក្រែន។លោក Karis បានលើកឡើងទៀតថា មិនមានវឌ្ឍនភាពជាក់ស្តែងណាមួយ នៅក្នុងកិច្ចប្រឹងប្រែងសន្តិភាពដែលមានគោលបំណងបញ្ចប់សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែននោះទេ ដោយបន្ថែមថា ស្ថានភាពនេះតម្រូវឲ្យមានការយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីបណ្តាប្រទេសនៅអឺរ៉ុប។លោកបានសង្កត់ធ្ងន់ថា ជម្លោះនៅតែជាចំណុចសំខាន់នៃសន្តិសុខអឺរ៉ុប ហើយការគាំទ្រ ចំពោះអ៊ុយក្រែនគួរតែនៅតែរឹងមាំ ទោះបីជាមានសភាពការណ៍វិវត្តន៍សកលផ្សេងទៀតក៏ដោយ។លោកប្រធានាធិបតីអេស្តូនីរូបនេះ ក៏បានបញ្ជាក់ផងដែរពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងតំបន់កាន់តែជិតស្និទ្ធ ជុំវិញបញ្ហាសន្តិសុខ និងការពារជាតិ ជាពិសេសក្នុងចំណោមប្រទេសអឺរ៉ុបខាងជើង និងបាល់ទិក៕

យោធាអ៊ីស្រាអែលចេញការព្រមានជម្លៀស សម្រាប់តំបន់ភាគខាងត្បូងលីបង់

04/28/2026 08:04 PM        58
យោធាអ៊ីស្រាអែល នៅថ្ងៃអង្គារ (ទី២៨ ខែមេសា ឆ្នាំ២០២៦) នេះ បានព្រមានឲ្យជម្លៀសចេញជាបន្ទាន់ សម្រាប់ប្រជាជននៅក្នុងភូមិ និងទីប្រជុំជនជាង ១០កន្លែង នៅភាគខាងត្បូងនៃប្រទេសលីបង់ ហើយឲ្យធ្វើដំណើរឆ្ពោះទៅទិសខាងជើង ដោយបញ្ជាក់ថា ខ្លួននឹងឆ្លើយតបទៅនឹង «ការរំលោភលើបទឈប់បាញ់» របស់ក្រុមហេសបូឡា នៅទីនោះ។អ្នកនាំពាក្យភាសាអារ៉ាប់ លោក Avichay Adraee បានបង្ហោះនៅលើបណ្ដាញសង្គម X ថា យោធា «មិនមានបំណងបង្កគ្រោះថ្នាក់ដល់អ្នកទេ ហើយដោយសារការក្ដីបារម្ភ អំពីសុវត្ថិភាពរបស់អ្នក អ្នកត្រូវបានតម្រូវឲ្យជម្លៀសចេញពីផ្ទះរសម្បែងបស់អ្នកជាបន្ទាន់ ហើយផ្លាស់ចេញពីតំបន់ជាក់លាក់មួយ ឆ្ពោះទៅកាន់តំបន់ Sidon»។លោកបានបន្ថែមថា «អ្នកណាដែលមានវត្តមាននៅជិតអង្គភាពរបស់ក្រុមហេសបូឡា ទីតាំង ឬអាវុធរបស់ពួកគេ កំពុងស្ថិតនៅក្នុងគ្រោះថ្នាក់»។តំបន់ទាំងអស់ដែលត្រូវបានលើកឡើង ហាក់ដូចជានៅខាងក្រៅ ឬនៅលើព្រំដែននៃអ្វីដែលហៅថា «ខ្សែព្រំដែនពណ៌លឿង» ជាដែនដីដ៏តូចរបស់លីបង់ដែលមានប្រវែងប្រហែល ១០គីឡូម៉ែត្រ តាមបណ្តោយព្រំដែនដែលកងទ័ពអ៊ីស្រាអែលកំពុងធ្វើប្រតិបត្តិការ។អ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានចោទគ្នាទៅវិញទៅមក ជុំវិញការរំលោភលើបទឈប់បាញ់ដ៏ផុយស្រួយ នៅក្នុងប្រទេសលីបង់ ដែលបានព្រមព្រៀងគ្នាកាលពីដើមខែនេះ ហើយការវាយប្រហារដោយភាគីទាំង២ នៅតែបន្តមាន៕

ស៊ុយអែតព្រមានអំពីលទ្ធភាពដែលអាចខ្វះខាតប្រេងឥន្ធនៈយន្តហោះ ដោយសារសង្គ្រាមមជ្ឈិមបូព៌ា

04/28/2026 08:04 PM        49
រដ្ឋាភិបាលស៊ុយអែត បានព្រមាននៅថ្ងៃអង្គារ (ទី២៨ ខែមេសា ឆ្នាំ២០២៦) នេះថា កង្វះខាតប្រេងឥន្ធនៈយន្តហោះ អាចកើតមាននៅក្នុងប្រទេសនៃអនុតំបន់អឺរ៉ុបខាងជើងមួយនេះ ដោយសារតែការរំខានដល់ការផ្គត់ផ្គង់ ដែលបណ្តាលមកពីសង្គ្រាមមជ្ឈិមបូព៌ា និងការបិទច្រកសមុទ្រ Hormuz។រដ្ឋមន្ត្រីក្រសួងថាមពល លោកស្រី Ebba Busch បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «យើងចង់ផ្តល់ការព្រមានជាមុនថា មានហានិភ័យដែលនាំឲ្យខ្វះខាតប្រេងឥន្ធនៈយន្តហោះ។ នេះគឺផ្អែកលើការវាយតម្លៃរបស់ទីភ្នាក់ងារថាមពលស៊ុយអែត»។ដោយថ្លែងរួមជាមួយនាយករដ្ឋមន្ត្រី លោក Ulf Kristersson និងនាយកទីភ្នាក់ងារថាមពល លោកស្រី Caroline Asserup លោកស្រី Busch បានបញ្ជាក់ថា៖ «ទោះបីជាកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង (រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់) នឹងត្រូវអនុវត្តនៅថ្ងៃស្អែកក៏ដោយ ក៏វាទំនងជានៅតែត្រូវការពេលវេលាមុនពេលការផ្គត់ផ្គង់ប្រេង និងឧស្ម័នត្រូវបានស្តារឡើងវិញ»។គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មិនមានការខ្វះខាតប្រេងឥន្ធនៈយន្តហោះជាប្រព័ន្ធនោះទេ នៅសហភាពអឺរ៉ុប។ ប៉ុន្តែក្ដីបារម្ភកំពុងកើនឡើង ខណៈដែល ២០ភាគរយនៃប្រេងឥន្ធនៈយន្តហោះដែលប្រើប្រាស់ដោយសហភាពអឺរ៉ុប ជាធម្មតាឆ្លងកាត់ច្រកសមុទ្រ Hormuz៕

រសៀលនេះក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍​ និងផ្ទៀងផ្ទាត់អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ខេត្តពោធិ៍សាត់

04/28/2026 08:04 PM        161
នៅថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣០នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ខេត្តពោធិ៍សាត់។គួរបញ្ជាក់ផងដែរថា ស្ពានស្ទឹងមេទឹក បានរងការវាយប្រហារដោយយន្តហោះចម្បាំងទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអាកាសរបស់ថៃ បណ្តាលឱ្យខូចខាតនិងដាច់ទាំងស្រុងមិនអាចចរាចរណ៍ទៅមកបាន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ ស្ពាននេះគឺជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធ ដែលមានទីតាំងស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ។រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលពាក់ព័ន្ធ ព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

អារ៉ាប់រួម ចាកចេញពី OPEC និង OPEC+ ជាផលប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមផលិតប្រេងសកល

04/28/2026 08:04 PM        52
ប្រទេសអេមីរ៉ាតអារ៉ាប់រួម (អារ៉ាប់រួម) បានឲ្យដឹងនៅថ្ងៃអង្គារ (ទី២៨ ខែមេសា ឆ្នាំ២០២៦) នេះថា ខ្លួនបានចាកចេញពី OPEC និង OPEC+ ជាការសម្រេចដែលផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុមនាំចេញប្រេង និងមេដឹកនាំជាក់ស្តែងរបស់ប្លុកទាំង២ គឺអារ៉ាប៊ីសាអ៊ូឌីត នៅពេលដែលសង្គ្រាមអ៊ីរ៉ង់ បានបង្កឲ្យមានការរំខានភ្លាមៗជាប្រវត្តិសាស្ត្រដល់ថាមពល និងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកមិនមានស្ថិរភាព។ការបាត់បង់អារ៉ាប់រួមដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ដែលជាសមាជិកយូរអង្វែងរបស់ OPEC អាចបង្កើតឲ្យមានភាពច្របូកច្របល់ និងធ្វើឲ្យក្រុមនេះចុះខ្សោយ ដែលជាធម្មតាបានប្រឹងប្រែងបង្ហាញការរួបរួមគ្នា ទោះបីជាមានការខ្វែងគំនិតផ្ទៃក្នុង លើបញ្ហាជាច្រើន រាប់ចាប់ពីភូមិសាស្ត្រនយោបាយ រហូតដល់កូតាផលិតកម្មក៏ដោយ។ក្រុមផលិតរដ្ឋឈូងសមុទ្ររបស់ OPEC បាននិងកំពុងជួបការលំបាក ក្នុងការដឹកជញ្ជូនទំនិញនាំចេញឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវដ៏តូចចង្អៀតមួយ នៅចន្លោះអ៊ីរ៉ង់ និងអូម៉ង់ ជាទីដែលប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ ១ភាគ៥ របស់ពិភពលោក ជាធម្មតាឆ្លងកាត់ ដោយសារតែការគំរាមកំហែង និងការវាយប្រហាររបស់អ៊ីរ៉ង់ លើនាវានានា។ប៉ុន្តែការចាកចេញរបសើអារ៉ាប់រួម ពី OPEC តំណាងឲ្យជ័យជម្នះដ៏ធំមួយ សម្រាប់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានចោទប្រកាន់អង្គការនេះថា «យកប្រៀបលើប្រទេសផ្សេងៗ» ដោយការដំឡើងតម្លៃប្រេងហួសពីការពិត។ចំណាត់ការដកខ្លួននេះ បានកើតឡើងបន្ទាប់ពីអារ៉ាប់រួមដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្នុងតំបន់ និងជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតមួយរបស់ទីក្រុងវ៉ាស៊ីនតោន បានរិះគន់រដ្ឋអារ៉ាប់ថា មិនបានធ្វើគ្រប់គ្រាន់ ដើម្បីការពារវាពីការវាយប្រហារជាច្រើនរបស់អ៊ីរ៉ង់ អំឡុងសង្គ្រាម។ ទីប្រឹក្សាការទូតរបស់ប្រធានាធិបតីអារ៉ាប់រួម លោក Anwar Gargash បានរិះគន់ការឆ្លើយតបរបស់រដ្ឋអារ៉ាប់ និងឈូងសមុទ្រ ចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ នៅក្នុងវគ្គមួយ នៅឯវេទិការដ្ឋមានឥទ្ធិពលឈូងសមុទ្រ កាលពីថ្ងៃចន្ទ៕

ក្រុមហ៊ុននីហ្សេរីយ៉ាផលិតយានបើកដោយខ្លួនឯង ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធអាហ្វ្រិក

04/28/2026 07:04 PM        48
 ក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិ Terra Industries របស់នីហ្សេរីយ៉ា បានបញ្ចេញប្រព័ន្ធការពារជាតិគ្រប់គ្រងដោយខ្លួនឯង រួមទាំងយានដ្រូនស្ទាក់ចាប់ យានបោសសម្អាតគ្រាប់មីន និងកម្មវិធីចារកម្មសមរភូមិ នៅក្នុងការបង្ហាញមួយមានការចូលរួមពីក្រុមន្រ្តីយោធាជាន់ខ្ពស់ និងក្រុមតំណាងរដ្ឋាភិបាល ។ លោក Nathan Nwachuku គឺជាសហស្ថាបនិកបង្កើតក្រុមហ៊ុន Terra Industries បាននិយាយថា ថ្ងៃនេះពួកយើងបង្ហាញប្រព័ន្ធការពារជាតិថ្មីៗរបស់ខ្លួន ដូចជា យានដ្រូនស្ទាក់ចាប់ ឧបករណ៍បោសសម្អាតគ្រាប់មីន យានដែលអាចរកឃើញឧបករណ៍បំផ្ទុះកែច្នៃនៅលើដី និងកម្មវិធីស៊ើបការណ៍សម្ងាត់នៅសមរភូមិរបស់ពួកយើង ដែលនឹងអាចដំណើរការដោយស្វ័យប្រវត្តិកម្មវិធីរៀបផែនការ និងសម្របសម្រួលយោធា ។ លោកបន្តថា ពួកយើងបង្ហាញផងដែរ ពីការត្រៀមខ្លួនសម្រាប់ប្រតិបត្តិការនៅសមរភូមិ និងការដាក់ពង្រាយជាក់ស្តែងនៅសមរភូមិ ។ សូមបញ្ជាក់ថា ក្រុមហ៊ុន Terra Industries បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគរួមគ្នាជាមួយសាជីវកម្មឧស្សាហកម្មការពារជាតិ (DICON) គ្រប់គ្រងដោយរដ្ឋនីហ្សេរីយ៉ា កាលពីខែកុម្ភៈ។ លោក Babatunde Ayala គឺជាអគ្គនាយកសាជីវកម្ម DICON បាននិយាយថា កិច្ចសហការគឺចាំបាច់ ។បច្ចុប្បន្នក្រុមហ៊ុន Terra Industries ការពារមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធមានតម្លៃប្រហែល ១១ ពាន់លានដុល្លារនៅទូទាំងទ្វីបអាហ្វ្រិក ។ ក្រុមហ៊ុនអាយុកាល ២ឆ្នាំដែលបង្កកើតរួមគ្នាដោយសហស្ថាបនិក Nathan អាយុ ២២ឆ្នាំ និងសហស្ថាបនិក Maxwell Maduka អាយុ ២៤ឆ្នាំនេះ រកប្រាក់បាន ៣៤លានដុល្លារនៅដើមឆ្នាំនេះ ពីក្រុមហ៊ុនវិនិយោគជាច្រើន រួមទាំងក្រុមហ៊ុន Lux Capital និងក្រុមហ៊ុន 8VC ៕

មន្ត្រីការពារជាតិជាន់ខ្ពស់៖ ហ្វីលីពីនមិនបារម្ភថា សង្គ្រាមអ៊ីរ៉ង់នឹងធ្វើឲ្យអាមេរិកងាកចេញពីតំបន់នោះទេ

04/28/2026 07:04 PM        53
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន នៅថ្ងៃអង្គារ (ទី២៨ ខែមេសា ឆ្នាំ២០២៦) នេះ បានលើកឡើងថា ប្រទេសហ្វីលីពីន មិនមានក្ដីបារម្ភនោះឡើយ អំពីការថយចុះសមត្ថភាពទប់ស្កាត់របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយសារតែសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា ទោះបីជាលោកបានព្រមានថា ប្រទេសចិនអាចព្យាយាមចាប់យកឱកាសជាក់ស្ដែងណាមួយក៏ដោយ។ការអត្ថាធិប្បាយរបស់លោក Gilberto Teodoro បានកើតឡើងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Reuters ក្នុងអំឡុងពេលមានសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ ជាមួយសហរដ្ឋអាមេរិក ដែលបានទាក់ទាញប្រទេសចូលរួមច្រើនបំផុតមិនធ្លាប់មាន ក្នុងនោះរួមទាំងកងទ័ពប្រយុទ្ធរបស់ជប៉ុនជាលើកដំបូងផងដែរ។លោក Teodoro បានបន្ថែមថា សកម្មភាពថ្មីៗរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់គឺ «មិនមែនអ្វីគួរឲ្យភ្ញាក់ផ្អើលឡើយ» ដោយនិយាយថា ទីក្រុងប៉េកាំងហាក់ដូចជាទាញយកអត្ថប្រយោជន៍នៅពេលដែលខ្លួនយល់ថា មហាអំណាចជាគូប្រជែង កំពុងជាប់ដៃនៅកន្លែងផ្សេង។លោក Teodoro បានបញ្ជាក់បន្ថែមថា លោកមានទំនុកចិត្តទាំងស្រុង លើសន្ធិសញ្ញាការពារជាតិទៅវិញទៅមក ដែលជាកតិកាសញ្ញាសន្តិសុខយូរអង្វែង រវាងទីក្រុងម៉ានីល និងទីក្រុងវ៉ាស៊ីនតោន ហើយមិនមានក្ដីបារម្ភឡើយ ជុំវិញអ្វី ដែលថា សង្គ្រាមអ៊ីរ៉ង់អាចធ្វើឲ្យចុះខ្សោយសមត្ថភាពជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នៅតំបន់អាស៊ី។ថ្មីៗនេះ ប្រទេសចិនបានបង្កើនវត្តមានកងទ័ពជើងទឹករបស់ខ្លួន នៅជុំវិញកោះតៃវ៉ាន់ ក្នុងនោះរួមមានទាំងការធ្វើដំណើររបស់នាវាផ្ទុកយន្តហោះឆ្លងកាត់ច្រកសមុទ្រនេះផងដែរ។ ទីក្រុងម៉ានីល និងប៉េកាំង បានជាប់នៅក្នុងការប្រឈមមុខដាក់គ្នាតាមសមុទ្រជាបន្តបន្ទាប់ នៅសមុទ្រចិនខាងត្បូង ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ពាក់ព័ន្ធនឹងការអះអាងសិទ្ធិរៀងខ្លួនៗ៕

មនុស្សជាច្រើននាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យឆាប់ឆេះការដ្ឋានសំណង់អគារកំពុងសាងសង់នៅទីក្រុងមូស្គូ

04/28/2026 07:04 PM        33
ក្រសួងសង្រ្គោះបន្ទាន់រុស្ស៊ី និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន TASS ថា ចំនួនមនុស្សស្លាប់សរុបនៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះការដ្ឋានសំណង់នៅតំបន់ភាគខាងជើងទីក្រុងមូស្គូ បានកើនឡើងដល់ ៥នាក់ ។ពួកគេរាយការណ៍ថា បច្ចុប្បន្ន ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានសង្រ្គោះមនុស្ស ៣១នាក់ ដោយប្រើប្រាស់ឧបករណ៍សង្រ្គោះ ដូចជាដងស្ទួច ។ មនុស្ស ៩នាក់ ទទួលបានការត្រួតពិនិត្យសុខភាពពីមន្រ្តីសុខាភិបាល ។ពួកគេបន្តថា ដងស្ទួចត្រូវបានដាក់ពង្រាយនៅជុំវិញបរិវេណអគារ ខណៈអង្គភាពពន្លត់ហ្គាស និងសេវាកម្មការពារផ្សែង បន្តការងាររបស់ពួកគេនៅក្នុងអគាររងការឆាប់ឆេះ ។ក្រសួងនិយាយទៀតថា ក្រុមមន្រ្តីជួយសង្រ្គោះជាង ១២០នាក់ និងរថយន្តពន្លត់អគ្គិភ័យ ក៏ដូចជាដងស្ទួចជាង ៣០គ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងហេតុ ។ អគ្គិភ័យនេះ ស្ថិតក្នុងគ្រោះថ្នាក់កម្រិតទី ៥ ដែលជាកម្រិតគ្រោះថ្នាក់ខ្ពស់បំផុត ។ពួកគេបានរាយការណ៍ពីដំបូងថា អគ្គិភ័យបានឆាបឆេះឡើងនៅអគារកម្ពស់ច្រើនជាន់ដែលកំពុងស្ថិតក្រោមការសាងសង់ ហើយមនុស្សជាង ២០០នាក់ បាននៅក្នុងអគារ ៕

អ៊ីរ៉ង់៖ អាមេរិកលែងមានឥទ្ធិពល «កំណត់» គោលនយោបាយដល់ប្រទេសដទៃទៀតហើយ

04/28/2026 07:04 PM        44
អ៊ីរ៉ង់ នៅថ្ងៃអង្គារ (ទី២៨ ខែមេសា ឆ្នាំ២០២៦) បានលើកឡើងថា សហរដ្ឋអាមេរិកលែងអាច «កំណត់» អ្វីដែលប្រទេសដទៃត្រូវធ្វើទៀតហើយ ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានថ្លឹងថ្លែងលើសំណើថ្មីពីទីក្រុងតេអេរ៉ង់ ជុំវិញការបិទច្រកសមុទ្រ Hormuz។ចាប់តាំងពីដើមដំបូងនៃសង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល អ៊ីរ៉ង់បានបិទផ្លូវទឹកយុទ្ធសាស្ត្រនេះយ៉ាងមានប្រសិទ្ធភាព ដោយបានបង្កឲ្យមានការរំខានយ៉ាងខ្លាំងដល់ទីផ្សារថាមពលសកល និងធ្វើឲ្យច្រកសមុទ្រនេះកា្លយជាចំណុចកណ្តាលនៃការចរចា ដើម្បីបញ្ចប់ជម្លោះ។បើយោងតាមទូរទស្សន៍រដ្ឋ បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិ លោក Reza Talaei-Nik បាននិយាយថា «សហរដ្ឋអាមេរិកលែងមានឥទ្ធិពលកំណត់គោលនយោបាយរបស់ខ្លួនដល់ប្រទេសឯករាជ្យទៀតហើយ» ដោយលោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោននឹង «ត្រូវទទួលយកថា ខ្លួនត្រូវតែបោះបង់ចោលការទាមទារខុសច្បាប់ និងមិនសមហេតុផលរបស់ខ្លួន»។ទោះបីជាបទឈប់បាញ់បានបញ្ឈប់ការប្រយុទ្ធគ្នា រវាងអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលក៏ដោយ ក៏ការចរចា ស្តីពីការឈានដល់ការបញ្ចប់ជាអចិន្ត្រៃយ៍ ចំពោះជម្លោះនេះ មិនទាន់ចេញជាលទ្ធផលច្បាស់លាស់នៅឡើយទេ។សំណើដែលកំពុងត្រូវបានពិចារណានៅទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរាយការណ៍ថា នឹងមានការបើកឡើងវិញនូវច្រកសមុទ្រ Hormuz ដែលជាផ្លូវដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័នសកល ខណៈដែលការចរចាទូលំទូលាយ ស្ដីអំពីសង្គ្រាម នៅតែបន្តមាន៕

ចិនជំរុញអាមេរិកឲ្យបញ្ឈប់បំពានទណ្ឌកម្ម ក្រោយវាយប្រហារក្រុមហ៊ុនចម្រាញ់ប្រេងរបស់ពួកគេ

04/28/2026 07:04 PM        47
 ក្រសួងការបរទេសចិន អំពាវនាវឲ្យសហរដ្ឋអាមេរិកបញ្ឈប់អនុវត្តខុស ក្នុងការបំពានទណ្ឌកម្មរបស់ខ្លួន ក្រោយពួកគេវាយប្រហារក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យធំបំផុតរបស់ចិន ដោយសារចោទប្រកាន់ពួកគេថា បានទិញប្រេងអ៊ីរ៉ង់ ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian និយាយថា ចិនតែងតែជំទាស់ឥតឈប់ឈរចំពោះទណ្ឌកម្មខុសច្បាប់ឯកតោភាគីដែលខ្វះមូលដ្ឋានច្បាប់អន្តរជាតិ ។ ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ក្រុមហ៊ុនចម្រាញ់ប្រេងនោះ ស្ថិតក្នុងចំណោមអតិថិជនធំបំផុតរបស់អ៊ីរ៉ង់សម្រាប់ប្រេងឆៅ និងផលិតផលប្រេងសាំង ។  ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានច្រានចោលរាល់ទំនាក់ទំនងណាមួយជាមួយអ៊ីរ៉ង់ ហើយនិងជំរុញឲ្យអាមេរិកដកចេញវិញទណ្ឌកម្មរបស់ពួកគេ ។ ក្រុមហ៊ុន Hengli Petrochemical ដែលប្រតិបត្តិការចម្រាញ់ប្រេង ៤០ម៉ឺនបារ៉ែលក្នុង ១ថ្ងៃនៅទីក្រុងតំបន់ឆ្នេរភាគឦសាន Dalian បាននិយាយកាលពីថ្ងៃអាទិត្យថា រោងចក្រចម្រាញ់ប្រេង និងគីមីឥន្ធនៈរបស់ពួកគេ នៅប្រតិបត្តិការធម្មតា ដោយពួកគេទទួលបានប្រេងឆៅដែលអាចដំណើរការបានរយៈពេលជាង ៣ខែទៀត ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ ឃាត់រថយន្តដឹកជ្រូក ១៧០ក្បាល​មក​ពី​ប្រទេស​ឡាវ
05/02/2026 07:05 PM
ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត
05/02/2026 06:05 PM
គិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ​ផ្ដល់​ការងារ​រាប់​ម៉ឺន​កន្លែង
05/02/2026 05:05 PM
លីបង់និយាយថា មនុស្ស ១៣នាក់ បានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង
05/02/2026 05:05 PM
មន្ត្រីយោធាអ៊ីរ៉ង់និយាយថា សង្គ្រាមជាថ្មីជាមួយសហរដ្ឋអាមេរិក ទំនងជាកើតឡើង
05/02/2026 05:05 PM
នាយករដ្ឋមន្ត្រីអង់គ្លេសនិយាយថា ការដង្ហែក្បួនគាំទ្រប៉ាឡេស្ទីនមួយចំនួន អាចត្រូវបានហាមឃាត់
05/02/2026 05:05 PM
ការតវ៉ាផ្ទុះឡើងនៅទីក្រុង Pune ប្រទេសឥណ្ឌា ជុំវិញការចោទប្រកាន់ពីបទរំលោភ និងឃាតកម្មលើកុមារីអាយុ ៤ឆ្នាំ
05/02/2026 05:05 PM
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអ៊ីរ៉ង់ ពិភាក្សាអំពីសេរីភាពនៃការធ្វើនាវាចរណ៍ និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
05/02/2026 05:05 PM
របាយការណ៍៖ ការផ្ទុះគ្រាប់បែកដែលនៅសល់ពីការវាយប្រហារ បានសម្លាប់សមាជិកឆ្មាំបដិវត្តន៍អ៊ីរ៉ង់ចំនួន ១៤នាក់
05/02/2026 05:05 PM
អង្គការ WHO អំពាវនាវឲ្យមានការបញ្ចូលថ្នាំពេទ្យជាបន្ទាន់ទៅកាន់តំបន់ហ្កាហ្សា ដើម្បីកសាងសេវាសុខភាពឡើងវិញ
05/02/2026 04:05 PM