កសិករនៅភាគខាងត្បូងលីបង់ ព្យាយាមសង្រ្គោះដំណាំដែលរងការខូចខាតអំឡុងសង្រ្គាម
ស្របពេលដែលពួកគេវិលត្រឡប់ទៅកាន់ដីកសិកម្មរបស់ពួកគេវិញនៅភូមិ Ras al-Ain ស្ថិតនៅភាគខាងត្បូងប្រទេសលីបង់ កសិករ Abu Hassan និងកសិករ Hamza Issa ព្យាយាមស្រោចស្រង់ដំណាំដែលនៅសេសសល់ពីសង្រ្គាមរបស់ពួកគេ ។ ដោយប្រជាពលរដ្ឋភាគច្រើនបានជម្លៀសខ្លួន ចាប់តាំងពីដើមខែមីនា ឆ្នាំ ២០២៦រហូតមក ក្រុមប្រជាកសិករ និយាយថា ពួកគេនឹកនាខ្លាំងណាស់ដល់ពេលវេលាប្រមូលផលដំណាំរបស់ពួកគេ ។ ពលរដ្ឋដែលរត់ភៀសខ្លួនចេញពីសង្រ្គាមនៅលីបង់ បានចាប់ផ្តើមវិលត្រឡប់មកកាន់ទីក្រុង និងសង្កាត់ខ្ទេចខ្ទីរបស់ពួកគេវិញកាលពីពាក់កណ្តាលខែមេសា ក្នុងនោះពួកគេភាគច្រើន បានមើលឃើញផ្ទះសម្បែងរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញគ្មានសេសសល់ ឬមិនអាចរស់នៅកើត ហើយពួកគេស្ទាក់ស្ទើមិនហ៊ានស្នាក់នៅ ដោយសារក្តីបារម្ភពីបទឈប់បាញ់រវាងក្រុមហេសបូឡា និងអ៊ីស្រាអែលថា អាចនឹងផុយស្រួយ ។ ដើរជុំវិញចម្ការជាមួយកសិករប៉ុន្មាននាក់ទៀត លោក Hamza Issa បាននិយាយរៀបរាប់ពីកសិដ្ឋានរបស់លោក ។ លោកនិយាយថា ពួកយើងពុំបានដំាដុះនោះទេ ពួកយើងមិនអាចដាំដុះបាននោះទេ គឺដោយសារតែសង្រ្គាម ការទម្លាក់គ្រាប់បែក ហើយមនុស្សបានជម្លៀសខ្លួនគ្មានសល់ ។ នេះគឺជាខ្សែជីវិតរបស់កសិករនៅតំបន់ភាគខាងត្បូងលីបង់ ។ សូមបញ្ជាក់ថា លីបង់ បានធ្លាក់ក្នុងសង្រ្គាមកាលពីថ្ងៃទី ២ ខែមីនា ពេលដែលក្រុមហេសបូឡា បើកការវាយប្រហារលើអ៊ីស្រាអែល ដើម្បីគាំទ្រអ៊ីរ៉ង់ បង្កឲ្យមានការឈ្លានពានរបស់អ៊ីស្រាអែលដែលក្រុមអាជ្ញាធរនិយាយថា បានសម្លាប់មនុស្សជាង ២.៥០០នាក់ និងមនុស្ស ១,២លាននាក់ផ្សេងទៀត ជម្លៀសខ្លួន ៕