NGO៖ មនុស្សរាប់ពាន់នាក់ត្រូវបានឃុំខ្លួនដោយកងកម្លាំងប្រដាប់អាវុធ RSF នៅស៊ូដង់
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយបាននិយាយថា មនុស្សរាប់ពាន់នាក់នៅតែត្រូវបានឃុំខ្លួនក្នុងស្ថានភាពមិនល្អដោយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) នៅទីក្រុង el-Fasher ភាគខាងលិចប្រទេសស៊ូដង់ ។ បណ្តាញគ្រូពេទ្យស៊ូដង់ បាននិយាយកាលពីថ្ងៃចន្ទថា វេជ្ជបណ្ឌិតចំនួន២០នាក់ ជនស៊ីវិលជាង១.៤៧០នាក់ និងបុគ្គលិកយោធា៩០៧នាក់ កំពុងត្រូវបានឃុំខ្លួនក្នុងស្ថានភាព «ធ្ងន់ធ្ងរ» នៅក្នុងមណ្ឌលឃុំឃាំងជាច្រើនកន្លែងក្នុងទីក្រុង។ ក្រុមយោធាប៉ារ៉ា RSF ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជាច្រើនករណីក្នុងអំឡុងពេលជម្លោះនៅក្នុងប្រទេសអាហ្វ្រិកខាងលិច ដែលបច្ចុប្បន្នបានឈានចូលដល់រយៈពេលបីឆ្នាំ។ រហូតដល់ធ្លាក់ចូលទៅក្នុងដៃរបស់កងកម្លាំងគាំទ្ររហ័ស(RSF) កាលពីចុងខែតុលា ទីក្រុងel-Fasher គឺជាទីតាំងលាក់ខ្លួនចុងក្រោយរបស់កងទ័ពស៊ូដង់នៅក្នុងតំបន់Darfurភាគខាងលិចដ៏ធំទូលាយ។ អង្គការសហប្រជាជាតិបាននិយាយថា កងកម្លាំងគាំទ្ររហ័ស(RSF) និងកងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF) បានប្រយុទ្ធគ្នាក្នុងសង្គ្រាមស៊ីវិលដ៏បង្ហូរឈាមចាប់តាំងពីខែមេសា ឆ្នាំ២០២៣ ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងធ្វើឱ្យមនុស្សរាប់លាននាក់ជម្លៀសខ្លួន ដែលបានបង្កើតជា «វិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក»។ អង្គការមិនមែនរដ្ឋាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កងកម្លាំងគាំទ្ររហ័ស(RSF) ត្រូវបានគេរាយការណ៍ថា កំពុងប្រព្រឹត្ត «ការរំលោភបំពានធ្ងន់ធ្ងរ» នៅក្នុងមណ្ឌលឃុំឃាំង ក្នុងទីក្រុង el-Fasher «រួមមានទាំងការសម្លាប់ក្នុងអំឡុងពេលធ្វើទារុណកម្ម និងការសួរចម្លើយ ព្រមទាំងការសម្លាប់ដែលជំរុញដោយក្រុមកុលសម្ព័ន្ធ»។