ស្វែងរក

ឥណ្ឌាជំរុញឲ្យមានការសន្ទនានៅជំនួបថ្នាក់រដ្ឋមន្រ្តីការពារជាតិអង្គការ SCO ស្របពេលសង្រ្គាមអ៊ីរ៉ង់

04/28/2026 05:04 PM        57
 អំឡុងជំនួបថ្នាក់រដ្ឋមន្រ្តីការពារជាតិរបស់អង្គការសហប្រតិបត្តិការសៀងហៃ(SCO)ក្នុងទីក្រុង Bishkek នាថ្ងៃអង្គារនេះ រដ្ឋមន្រ្តីការពារជាតិឥណ្ឌាលោក Rajnath Singh បានធ្វើការសង្កត់ធ្ងន់ពីតម្រូវការសម្រាប់ការសន្ទនា និងវិស័យការទូត ស្របពេលភាពពុំច្បាស់លាស់សកល ។ អង្គការ SCO គឺជាក្រុមប្រទេសនយោបាយ និងសន្តិសុខអឺរ៉ាស៊ីមានសមាជិកចំនួន ១០ប្រទេស ដែលសមាជិករបស់ពួកគេ រួមមានទាំងចិន រុស្ស៊ី ឥណ្ឌា ប៉ាគីស្ថាន និងអ៊ីរ៉ង់ ។ លោក Singh និយាយនៅក្នុងជំនួបនេះថា រដ្ឋជាសមាជិក មាននូវទំនួលខុសត្រូវរួម ដើម្បីធានាសន្តិភាព និងស្ថិរភាពសកល ។ លោកនិយាយទៀតថា ពួកយើងគួរតែដើរតាមមាគ៌ានៃការសន្ទនា និងវិស័យការទូត ហើយមិនមែនជាកម្លាំងមិនស្ថិតស្ថេរបែបហ្នឹងនោះទេ ។ ពួកយើងមិនគួរឲ្យវាក្លាយជាយុគសម័យអំពើហិង្សា និងសង្រ្គាមនោះទេ ប៉ុន្តែជាយុគសម័យសន្តិភាព និងវិបុលភាព ។ ទីក្រុងញូវដែលី និយាយថា លោក Singh បានជួបជាមួយរដ្ឋមន្រ្តីការពារជាតិចិនលោក Dong Jun ផងដែរ នៅក្រៅជំនួបមួយនេះ ជាទីដែលពួកគេទាំង ២ បានពិភាក្សាលើសន្តិសុខក្នុងតំបន់ និងការចូលរួមវិស័យការពារជាតិ ៕

អូស្ត្រាលីចង់យកពន្ធលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ប្រសិនបើពួកគេមិនបង់ប្រាក់ឲ្យស្ថាប័នព័ត៌មាន

04/28/2026 04:04 PM        70
ប្រទេសអូស្ត្រាលីបានបង្ហាញសេចក្តីព្រាងច្បាប់ នៅថ្ងៃអង្គារ (ទី២៨ ខែមេសា ឆ្នាំ២០២៦) នេះ ដែលនឹងដាក់បន្ទុកពន្ធ លើក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់យក្ស ដូចជា Meta, Google និង TikTok ជាដើម ប្រសិនបើក្រុមហ៊ុនទាំងនោះមិនធ្វើកិច្ចព្រមព្រៀងដោយស្ម័គ្រចិត្ត ដើម្បីបង់ប្រាក់ឲ្យស្ថាប័នព័ត៌មានក្នុងស្រុក សម្រាប់ព័ត៌មាន។ក្រុមហ៊ុនសារព័ត៌មានប្រពៃណីទូទាំងពិភពលោក កំពុងជួបការលំបាកក្នុងការតស៊ូ ដើម្បីបន្តរស់ ខណៈដែលអ្នកអាន កំពុងប្រើប្រាស់ព័ត៌មានរបស់ពួកគេកាន់តែច្រើនឡើងៗ តាមរយៈបណ្ដាញសង្គម។ ប្រទេសអូស្ត្រាលីចង់ឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ផ្តល់សំណងដល់ក្រុមហ៊ុនសារព័ត៌មានក្នុងស្រុក សម្រាប់ការចែករំលែកអត្ថបទព័ត៌មានដែលចរាចរនៅលើវេទិការបស់ពួកគេ។លោកនាយករដ្ឋមន្ត្រី Anthony Albanese បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់យក្ស Meta, Google និង TikTok នឹងត្រូវបានផ្តល់ឱកាសឲ្យធ្វើកិច្ចព្រមព្រៀងមាតិកាជាមួយស្ថាប័នសារព័ត៌មានក្នុងស្រុក។ លោកបានបញ្ជាក់ថា ប្រសិនបើក្រុមហ៊ុនទាំងនោះបដិសេធ ពួកគេប្រឈមជាមួយបន្ទុកពន្ធជាកាតព្វកិច្ចដែលមានចំនួន ២,២៥ភាគរយនៃប្រាក់ចំណូលអូស្ត្រាលីរបស់ពួកគេ។លោក Albanese បានប្រាប់អ្នកសារព័ត៌មានថា៖ «វេទិកាឌីជីថលធំៗ មិនអាចគេចពីកាតព្វកិច្ចរបស់ពួកគេបានឡើយ ក្រោមច្បាប់ចរចាបង់ប្រាក់ឲ្យស្ថាប័នសារព័ត៌មាន។ នៅពេលនេះ មានក្រុមហ៊ុន ៣ គឺ Meta, Google និង TikTok»។សេចក្តីព្រាងច្បាប់ត្រូវបានរៀបចំឡើង ដើម្បីបញ្ឈប់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗកុំឲ្យដកព័ត៌មានចេញពីវេទិការបស់ពួកគេ ជាអ្វីដែលក្រុមហ៊ុន Meta និង Google ធ្លាប់បានធ្វើនៅបរទេស កាលពីអតីតកាល៕

ការចំណាយលើវិស័យយោធារបស់សហភាពអឺរ៉ុបកើនឡើង១៤% ខណៈរងសម្ពាធពីអាមេរិក

04/28/2026 04:04 PM        50
យោងតាមរបាយការណ៍ថ្មីមួយចេញដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្ដុកខុម(SIPRI) បានឲ្យដឹងកាលពីថ្ងៃចន្ទ២៨មេសាសប្ដាហ៍នេះថា ការចំណាយលើវិស័យយោធាជាសកលបានកើនឡើង ២,៨៩ សែនកោដិដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ ពោលគឺកើនឡើង២,៩% ពី ឆ្នាំ២០២៤។ជាការកត់សម្គាល់ការចំណាយលើវិស័យយោធារបស់សហភាពអឺរ៉ុបបានកើនឡើងយ៉ាងខ្លាំង ដោយហក់ឡើង១៤% ដល់៨៦៤ពាន់លានដុល្លារអាមេរិក។ នេះគឺជាឆ្នាំទី ១១ ជាប់ៗគ្នានៃកំណើនចំណាយយោធាសកល ដែលជំរុញឱ្យការចំណាយយោធាជាចំណែកនៃផលិតផលក្នុងស្រុកសរុបសកល GDP កើនឡើងដល់ ២,៥% ជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០៩។ក្នុងចំណោមសមជិកណាតូរបស់ប្លុកអឺរ៉ុប ២៩ប្រទេស បានរាយការណ៍ពីកញ្ចប់ថវិកាយោធារួមបញ្ចូលគ្នា ចំនួន ៥៥៩ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ ក្នុងចំណោមនោះ មាន២២ប្រទេស កំពុងបង្កើនយ៉ាងហោចណាស់២% នៃផលិតផលក្នុងស្រុកសរុប GDPរបស់ពួកគេលើវិស័យយោធា។ របាយការណ៍នេះ ក៏បានកត់សម្គាល់ផងដែរថា សហរដ្ឋអាមេរិក នៅតែជាអ្នកចំណាយផ្នែកវិស័យយោធាច្រើនជាងគេបំផុតរបស់ពិភពលោក ដោយមានទំហំទឹកប្រាក់ចំនួន ៩៥៤ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៥៕

កម្ពុជានាំចេញកៅស៊ូ និងផលិតផលពីកៅស៊ូ ក្នុងរយៈពេល ៣ខែឆ្នាំនេះ មានទឹកប្រាក់ជាង ៦៤៨ លានដុល្លារ

04/28/2026 04:04 PM        123
កម្ពុជានាំចេញកៅស៊ូមិនទាន់កែច្នៃ និងផលិតផលធ្វើពីកៅស៊ូ នៅក្នុងរយៈពេល ៣ ខែ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់ សរុបជាង ៦៤៨ លានដុល្លារអាមេរិក កើនឡើង ៤២ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិ នៃការនាំចេញកៅស៊ូ ផលិតផលធ្វើពីកៅស៊ូ នៅក្នុងរយៈពេល ៣ ខែ ឆ្នាំ២០២៦នេះ មានទឹកប្រាក់សរុប ៦៤៨ លាន ដុល្លារអាមេរិក ក្នុងនោះការរនាំចេញកៅស៊ូកៅស៊ូធម្មជាតិ ផលិតជាបន្ទះ និងសន្លឹកជាដើម មានទឹកប្រាក់ជាង ១២៧ លានដុល្លារ អាមេរិក កើនឡើងជាង ១៥ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥, កម្ពុជាបាននាំចេញទៅប្រទេសវៀតណាម មានទឹកប្រាក់ជាង ១០៤ លានដុល្លារ កើន ៤ ភាគរយ, ប្រទេសចិន ជាង ១៣ លានដុល្លារ កើន ៤៨៤ ភាគរយ, ម៉ាឡេស៊ី ជាង ៣ លានដុល្លារ កើន ជាង ៦៦ ភាគរយ, សឹង្ហបុរី ជាង ១ លានដុល្លារ កើន ១៣៣ ភាគរយ និងនៅមានទីផ្សារជាច្រើនទៀត ដែលបានជួយជ្រោមជ្រែង ដល់ការនាំចេញកៅស៊ូកម្ពុជា។ចំណែកផលិតផលធ្វើពីកៅស៊ូដែលកែច្នៃរួច ដូចជាសំបកង់ឡានជាដើម នៅក្នុងរយៈពេលនេះដែរ, កម្ពុជាបាននាំចេញ មាន ទឹកប្រាក់សរុបជាង ៤៧២ លានដុល្លារអាមេរិក កើនឡើង ជាង ៤២ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥ ក្នុងនោះទីផ្សារ ដែលជួយគាំទ្រដល់ការនាំចេញរួមមាន៖ សហរដ្ឋអាមេរិក ប្រេស៊ីល, កាណាដា, បារាំង និងការនាំចេញទៅកាន់ប្រទេសផ្សេងៗ ជាច្រើនទៀត។សូមបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា ការធ្វើពាណិជ្ជកម្មនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ មានទំហំទឹកប្រាក់សរុបជិត ១៧ ពាន់លានដុល្លារ កើនឡើងជាង ១៧ ភាគយ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ៨ ពាន់លានដុល្លារ កើន ជិត ១៨ ភាគរយ ខណៈការនាំចូលពី បរទេស មានចំនួនជាង ៨,៨ ពាន់លានដុល្លារ កើនជាង ១៦ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥៕អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុនអង់គ្លេសផ្តល់សេវាកម្មនាវាចម្លងបំភាយឧស្ម័នទាបឆ្លងកាត់ផ្លូវទឹករវាងអង់គ្លេស និងបារាំង

04/28/2026 04:04 PM        47
 ស្របពេលដែលរដ្ឋាភិបាល និងអ្នកដំណើររកវិធីសាស្រ្តកាត់បន្ថយការបំភាយឧស្ម័នពាក់ព័ន្ធនឹងការធ្វើដណើរនោះ ក្រុមហ៊ុនខ្នាតតូចមួយរបស់អង់គ្លេស បានផ្តល់ជម្រើសផ្សេង ដើម្បីឆ្លងកាត់ផ្លូវទឹកអង់គ្លេសតាមនាវាចម្លង ។ ក្រុមហ៊ុន SailLink ផ្តល់សេវាកម្មនាវាចម្លងប្រវែង ១៧ម៉ែត្រ ដឹកអ្នកដំណើរបានរហូតដល់ ១២នាក់ រវាងទីក្រុង Dover និងទីក្រុង Boulogne sur Mer ដោយប្រើប្រាស់កម្លាំងខ្យល់ និងជំនោរ ជាជាងប្រេងឥន្ធនៈហ្វូស៊ីល ។ ការធ្វើដំណើរទៅ-មក ត្រូវចំណាយពេលចន្លោះ ៤-៥ម៉ោង ដោយអាស្រ័យលើស្ថានភាពអាកាសធាតុ ។ សេវាកម្មនេះ បានចូលដល់រដូវកាលពេញទី ២របស់ខ្លួន ក្នុងឆ្នាំនេះ ស្របពេលដែលស្ថាបនិករបស់ពួកគេ សង្ឃឹមថា តម្រូវការកើនឡើង នឹងជួយបញ្ជាក់ថា ការដឹកអ្នកដំណើរដោយប្រើប្រាស់កម្លាំងខ្យល់ អាចជាស្ថិរភាពបរិស្ថាន និងនិរន្តរភាពពាណិជ្ជកម្ម ។ អំឡុងពេលដែលធ្វើដំណើរឆ្លងកាត់ ខ្យល់តិចមានន័យថា នាវាត្រូវប្រើប្រាស់ម៉ាស៊ីនរបស់វាមួយភ្លែត ខណៈពេលចាកចេញពីកំពង់ផែ ហើយនិងបន្តធ្វើដំណើរដោយស្ងៀមស្ងាត់ឆ្លងកាត់ផ្លូវទឹក ។ ក្រុមហ៊ុន SailLink និយាយថា អំឡុងរដូវកាលទី ១ កាលពីឆ្នាំ ២០២៥ ការធ្វើដំណើរជិត ៧០ភាគរយ បានពឹងផ្អែកទាំងស្រុងលើកម្លាំងខ្យល់ ។ សំបុត្រធ្វើដំណើរមួយទៅ មានតម្លៃ ១១០ដុល្លារ សម្រាប់មនុស្សពេញវ័យ ជាមួយនឹងការបញ្ចុះតម្លៃសម្រាប់កូនក្មេង និងក្មេងជំទង់ ហើយបើសិនមានកង់ ត្រូវបន្ថែមប្រាក់ ១៣,៥ដុល្លារទៀត ៕

កម្ពុជារៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ដោយរំលេចពីតួនាទីកម្មសិទ្ធិបញ្ញាក្នុងវិស័យកីឡា

04/28/2026 04:04 PM        140
ភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម បានប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «កម្មសិទ្ធិបញ្ញា និងកីឡា» នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ កម្មសិទ្ធិបញ្ញា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការច្នៃប្រឌិត និងនវានុវត្តន៍ក្នុងវិស័យផ្សេងៗ រួមទាំង វិស័យកីឡា។ការប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំនេះ មានការអញ្ញើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា តំណាងអង្គទូត ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ជាច្រើន។ថ្លែងក្នុងពិធីបើកទិវាកម្មសិទ្ធិបញ្ហាពិភពលោកនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីតួនាទីកាន់តែសំខាន់នៃកម្មសិទ្ធិបញ្ញា ក្នុងការជំរុញការច្នៃប្រឌិត និងនវានុវត្តន៍ក្នុងវិស័យផ្សេងៗ រួមទាំងវិស័យកីឡា។ កម្មសិទ្ធិបញ្ញាមិនមែនត្រឹមតែជាគោលការណ៍ផ្នែកច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគ្រឹះដ៏សំខាន់ ក្នុងការគាំទ្រវិស័យកីឡា ដោយជួយការពារការច្នៃប្រឌិត ជំរុញការវិនិយោគ និងធានាថា កីឡានឹងបន្តផ្តល់អត្ថប្រយោជន៍ដល់សង្គមជាតិ និងពិភពលោក។ឯកឧត្តម ថ្លែងទៀតថា កម្មសិទ្ធិបញ្ញាមានតួនាទីសំខាន់ក្នុងការគាំទ្រប្រព័ន្ធអេកូឡូស៊ីនៃវិស័យកីឡាសម័យទំនើប រាប់ចាប់តាំងពីសិទ្ធិផ្សាយបន្តផ្ទាល់ ការផលិតមាតិកាឌីជីថល រហូតដល់ការការពារពាណិជ្ជសញ្ញា (ម៉ាក) គំនូរឧស្សាហកម្ម និងប្រកាសនីយបត្រតក្កកម្មជាដើម។ ការពង្រឹងប្រព័ន្ធទាំងនេះមានសារសំខាន់ក្នុងការលើកកម្ពស់ឱ្យសហគ្រាស និងនវានុវត្តន៍ករ អាចប្រកួតប្រជែងបាន ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារសកល។ដោយឡែក លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា(គ.ក.ប) បានថ្លែងថា ការរៀបចំ ប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកនេះគឺផ្សារភ្ជាប់ទៅភាពរីកចម្រើនក្នុងវិស័យកីឡារបស់កម្ពុជា ហើយកីឡាបានវិវត្តន៍លើសពីប្រកួតប្រជែងនៅត្រឹមតែកម្លាំងកាយ និងទេពកោសលរបស់តួអង្គនិមួយៗ។ ជាក់ស្តែង នាពេលពបច្ចុប្បន្ន កីឡាបានវិវត្តន៍ទៅជាប្រព័ន្ធអេកូឡូស៊ីសកលមួយដែលជំរុញឱ្យមាននវានុវត្តន៍ និងភាពច្នៃប្រឌិត និងតម្លៃនៃពាណិជ្ជកម្មកាន់តែខ្ពស់ឡើង ដូច្នេះហើយ កម្មសិទ្ធិបញ្ញា បានដើរតួនាទីយ៉ាងសំខាន់ក្នុងទិសដៅនៃការផ្លាស់ប្តូរនេះ។កម្ពុជាបាននិងកំពុងពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់ខ្លួន ដើម្បីគាំទ្រការច្នៃប្រឌិត និងអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការធ្វើឌីជីថលូបនីយកម្មសេវាកម្មសិទ្ធិបញ្ញា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងប្រទេស និងអន្តរជាតិ ដោយប្រើប្រាស់ប្រព័ន្ធកម្មសិទ្ធិបញ្ញាជាជន្ទល់ ដើម្បីទ្រទ្រង់កំណើនជំរុញដោយនវានុវត្តន៍។ ទិវាកម្មសិទ្ធិបញ្ញាពិភពលោកត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី២៦ ខែមេសា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីតួនាទីនៃកម្មសិទ្ធិបញ្ញាក្នុងការជំរុញការច្នៃប្រឌិត និងនវានុវត្តន៍៕អត្ថបទ៖ ធូ វិរៈ

ប្រមុខការទូតកម្ពុជាបន្តបង្ហាញជំហររបស់កម្ពុជាចំពោះការគោរពបទឈប់បាញ់ និងច្បាប់អន្តរជាតិលើការដោះស្រាយបញ្ហាជាមួយថៃក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប

04/28/2026 04:04 PM        126
ភ្នំពេញ៖ក្នុងឱកាសចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីបានដាស៊េរីបេហ្គាវ៉ាន់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្តបង្ហាញអំពីជំហររបស់កម្ពុជាចំពោះការគោរពបទឈប់បាញ់ និងច្បាប់អន្តរជាតិ លើការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេថៃ។ នៅក្នុងកិច្ចប្រជុំនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់កម្ពុជាចំពោះសំណើរបស់ សហភាពអឺរ៉ុប ដែលស្នើដំឡើងកម្រិតទំនាក់ទំនងភាពជាដៃគូអាស៊ាន-សហភាពអឺរ៉ុបទៅជាភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងសំណើរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុបជាទៀងទាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងក្រៅតំបន់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បាន គូសបញ្ជាក់អំពីសារៈសំខាន់នៃលទ្ធភាពបង្កើតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-សហភាពអឺរ៉ុប ដែល ជាកិច្ចព្រមព្រៀងកម្រិតតំបន់និងតំបន់ និងទន្ទឹងរង់ចាំការចូលជាធរមានដ៏ឆាប់នៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពី ការដឹកជញ្ជូនផ្លូវអាកាសអាស៊ាន-សហភាពអឺរ៉ុប ដែលជាជំហានជាក់ស្តែងឆ្ពោះទៅរកការពង្រឹងការតភ្ជាប់អន្តរតំបន់ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឱ្យកាន់តែជិតស្និទ្ធ។ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ក៏បានសម្ដែងនូវការអរគុណយ៉ាងខ្លាំងចំពោះការបន្តគាំទ្ររបស់សហភាពអ៊ឺរ៉ុបសម្រាប់កិច្ចសហប្រតិបត្តិការតំបន់ ជាពិសេសក្នុងការជំរុញបណ្តាញអគ្គិសនីអាស៊ាន ដើម្បីគាំទ្រដល់សមាហរណកម្មថាមពលកកើតឡើងវិញ ការ កាត់បន្ថយថ្លៃដើម ការបង្កើនទំនុកចិត្ត និងការពង្រឹងសមាហរណកម្មតំបន់។ ភាពនាំមុខរបស់សហភាពអ៊ឺរ៉ុបក្នុងវិស័យថាមពលបៃតង បទពិសោធ ក្នុងាករធ្វើសមាហរណកម្មទីផ្សារអគ្គិសនី និងតួនាទីជាប្រភពវិនិយោគចម្បង គឺមានតម្លៃដ៏សំខាន់ចំពោះអាស៊ានជាពិសេសក្នុងការជំរុញបណ្តាញអគ្គិសនីអាស៊ាន ដើម្បីគាំទ្រដល់សមាហរណកម្មថាមពលកកើតឡើងវិញ ការកាត់បន្ថយថ្លៃដើម ការបង្កើនទំនុកចិត្ត និងការពង្រឹងសមាហរណកម្មតំបន់។នៅក្នុងទិដ្ឋភាពពិភពលោកដែលកាន់តែស្មុគស្មាញ ហើយត្រូវបានកត់សម្គាល់ដោយការកើនឡើងនៃការ ប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការកើតឡើងវិញនៃជម្លោះប្រដាប់អាវុធនៅក្នុងផ្នែកជាច្រើននៃពិភពលោក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសការគោរពអធិបតេយ្យ និងបូរណភាពទឹកដី នូវការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ គោលការណ៍ដូចគ្នានេះគឺជាមូលដ្ឋាននៃជំហរ និងការគោរពរបស់កម្ពុជាពាក់ព័ន្ធនឹងស្ថានភាពនៅតាមបណ្តោយព្រំដែន ជាមួយប្រទេសថៃ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអរគុណដល់ប្រទេសសមាជិកអាស៊ាន និងសហភាពអឺរ៉ុប ចំពោះការគាំទ្រដល់បទឈប់បាញ់រវាងកម្ពុជា និងថៃ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងបន្តឆ្ពោះទៅ រកដំណោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ឯកឧត្តម ដាតុ អឺរីវ៉ាន់ ពើហ៊ុន យូសូហ្វ រដ្ឋមន្ត្រីការបរទេសទី២ នៃព្រុយណេដា រូស្សាឡាម ក្នុងនាមជាប្រទេសសម្របសម្រួលនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីបានដាស៊េរីបេហ្គាវ៉ាន់។កិច្ចប្រជុំនេះ ក៏បានអះអាងជាថ្មីនូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុបដ៏រឹងមាំ និងពហុវិស័យដែល ឈរលើមូលដ្ឋាននៃតម្លៃ និងប្រយោជន៍រួម ហើយដែលត្រូវបានកសាង និងពង្រឹងឡើងក្នុងរយៈពេលជាង ៤ទសវត្សរ៍ កន្លងមក។ អាស៊ាន និងសហភាពអឺរ៉ុប បានគូសបញ្ជាក់អំពីវិសាលភាពនៃកិច្ចសហប្រតិបត្តិការក្រោមសត ទាំងបីនៃសហគមន៍អាស៊ាន។ ក្នុងស្មារតីនេះ កិច្ចប្រជុំបានអនុម័តសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ សំដៅពង្រឹងភាពជាដៃគូអាស៊ាន-សហភាពអឺរ៉ុប និងទន្ទឹងរង់ចាំ ការប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប នៅឆ្នាំក្រោយផងដែរ៕

ប៉ាគីស្ថាន ច្រានចោលការវាយប្រហារដោយរ៉ុក្កែត និងគ្រាប់កាំភ្លើងត្បាល់លើអាហ្វហ្គានីស្ថាន

04/28/2026 04:04 PM        51
 ប៉ាគីស្ថាន បានធ្វើការច្រានចោលទាំងស្រុងចំពោះអំណះអំណាងរបស់រដ្ឋាភិបាលតាលីបង់ថា ទីក្រុងអ៊ីស្លាម៉ាបាដ បានបើកការវាយប្រហារដោយរ៉ុក្កែត និងគ្រាប់កាំភ្លើងត្បាល់លើខេត្ត Kunar របស់អាហ្វហ្គានីស្ថាន ដែលបានសម្លាប់មនុស្ស ៧នាក់ ។ នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម រដ្ឋាភិបាលប៉ាគីស្ថាន បានចាត់ទុកសេចក្តីរាយការណ៍នេះថា ជាការឃោសនាឥតឈប់ឈរ ។ រូបភាពវីដេអូឃ្លីបដែលទទួលបានដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅថ្ងៃអង្គារ ឃើញកម្ទេចកម្ទីរាយប៉ាយពាសពេញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ក៏ដូចជាមនុស្សរងរបួសនៅក្នុងមន្ទីរពេទ្យ ។ លោក Hamdullah Fitrat គឺជាអ្នកនាំពាក្យក្រុមតាលីបង់ និយាយថា និស្សិត ស្រ្តី និងកុមារប្រហែល ៣០នាក់ ស្ថិតនៅក្នុងចំណោមអ្នករងរបួស ដោយសារការវាយប្រហារនេះ ដែលមានគោលដៅលើផ្ទះសម្បែងប្រជាពលរដ្ឋ និងសាកលវិទ្យាល័យ Syed Jamaluddin Afghani ស្ថិតក្នុងទីក្រុង Asadabad របស់ខេត្ត Kunar ។ លោក Meer Zaman គឺជាពលរដ្ឋមួយរូបរស់នៅក្នុងខេត្ត Kunar និយាយថា សំណើរបស់លោកទៅកាន់សហគមន៍អន្តរជាតិ និងរដ្ឋាភិបាល គឺសូមមេត្តាដោះស្រាយបញ្ហារបស់ពួកគេជាមួយប៉ាគីស្ថាន ពីព្រោះថាជីវិតរបស់ពួកយើង ពិតជាប្រឈមហានិភ័យខ្លាំងណាស់ ៕

ហ្វីលីពីន និងអាមេរិក ធ្វើសមយុទ្ធប្រឆាំងការឡើងដីគោក ជាមួយសម្ព័ន្ធមិត្ត ក្បែរសមុទ្រចិនខាងត្បូង

04/28/2026 04:04 PM        54
នៅពេលដែលទូកសម្ដែងធ្វើជាសត្រូវ និងទូកដ្រូន បានចូលទៅកៀកឆ្នេរសមុទ្រកោះ Palawan ដែលមានទីតាំងឈមមុខនឹងសមុទ្រចិនខាងត្បូង កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធប្រឆាំងការឡើងដីគោក នៅថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) នេះ ដោយទប់ទល់នឹងការវាយប្រហារក្លែងក្លាយដោយប្រើការបាញ់ប្រហារពិតប្រាកដ ប្រឆាំងនឹងគោលដៅដែលបានកំណត់ និងស្ទាក់ចាប់ការគំរាមកំហែង។ការបង្ហាញសមត្ថភាពអាវុធកម្រិតខ្ពស់ និងការត្រៀមខ្លួនប្រតិបត្តិការ គឺជាផ្នែកមួយនៃសមយុទ្ធប្រចាំឆ្នាំ Balikatan ឬ «ស្មាប្រកៀកស្មា» ដោយនាំកងកម្លាំងមកពីប្រទេសហ្វីលីពីន សហរដ្ឋអាមេរិក អូស្ត្រាលី និងនូវែលសេឡង់មកធ្វើសមយុទ្ធការពារឆ្នេរសមុទ្ររួមគ្នា និងសាកល្បងសមត្ថភាពរបស់ពួកគេ ក្នុងការធ្វើការរួមគ្នា ដើម្បីការពារដែនទឹករបស់ដែនដី។មេបញ្ជាការយោធាហ្វីលីពីន លោក Romeo Brawner បានគូសបញ្ជាក់ពីតម្លៃយុទ្ធសាស្ត្ររបស់ទីតាំងនេះ ដោយកត់សម្គាល់ថា កោះ Palawan នៅឈមមុខនឹងសមុទ្រចិនខាងត្បូង ហើយស្ថិតនៅទល់មុខក្រុមកោះ Kalayaan ជាផ្នែកនៃកោះ Spratly ដែលទីក្រុងម៉ានីលចាត់ទុកថា ជាផ្នែកនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។លោក Brawner បានបញ្ជាក់ថា សមយុទ្ធប្រឆាំងការឡើងដីគោកនៅឆ្នាំ២០២៦ នេះ ដែលមានប្រព័ន្ធដូចជា HIMARS ជាដើម គឺខុសពីសមយុទ្ធមុនៗ ដោយការប្រើប្រាស់ប្រព័ន្ធគ្មានមនុស្សបញ្ជា ក្នុងនោះរួមមានទាំងយានដ្រូនផងដែរ។ទាំងមន្ត្រីយោធាហ្វីលីពីន និងសហរដ្ឋអាមេរិក បានឲ្យដឹងថា សមយុទ្ធ «Balikatan» ឆ្នាំនេះ គឺជាសមយុទ្ធដ៏ធំបំផុត រហូតមកដល់បច្ចុប្បន្ន ទាក់ទងនឹងចំនួនប្រទេសចូលរួម។ប្រទេសចិន ពីមុនបានរិះគន់សមយុទ្ធយោធារួមគ្នា ដែលធ្វើឡើងដោយប្រទេសហ្វីលីពីន និងសម្ព័ន្ធមិត្តរបស់ខ្លួន ដោយលើកឡើងថា សមយុទ្ធទាំងនេះបង្កើនភាពតានតឹងក្នុងតំបន់៕

អាស៊ីអាគ្នេយ៍ ក្តៅហួតហែង ស្របពេលមានការជំរុញឲ្យសន្សំសំចៃថាមពល និងរលកកម្តៅ

04/28/2026 04:04 PM        41
រលកកម្តៅដែលមានពាសពេញតំបន់អាស៊ីអាគ្នេយ៍ កំពុងធ្វើឲ្យការិយាល័យការងារកាន់តែក្តៅខ្លាំងឡើងៗ ខណៈដែលបុគ្គលិកបន្តសម្របខ្លួនទៅនឹងវិធានការសន្សំសំចៃថាមពល ដែលដាក់ចេញដោយរដ្ឋាភិបាលនានា ដោយសារតែសង្គ្រាមនៅអ៊ីរ៉ង់។ប្រទេសជាច្រើនបានដាក់ចេញនូវការគ្រប់គ្រងសីតុណ្ហភាព នៅកន្លែងធ្វើការរបស់រដ្ឋាភិបាល ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម ក្នុងចំណោមវិធានការផ្សេងទៀត ដើម្បីសន្សំសំចៃថាមពល។ខណៈពេលដែលការបិទច្រកសមុទ្រ Hormuz បន្លាយពេលយូរ បានធ្វើឲ្យថាមពលបម្រុងអស់បណ្ដើរៗ ដែលការធូរស្រាលហាក់ដូចជាមិនមានឆាប់ៗនោះទេ ដោយផ្នែកខ្លះនៃតំបន់នេះ នឹងត្រូវជួបប្រទះនឹងស្ថានភាពក្តៅខុសប្រក្រតី នៅក្នុងប៉ុន្មានខែខាងមុខ។ក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត គឺប្រទេសថៃ ដែលសីតុណ្ហភាព បានឡើងដល់លើសពី ៤០អង្សាសេ ក្នុងសប្តាហ៍ថ្មីៗនេះ ហើយរដ្ឋាភិបាលទីក្រុងបាងកក បានចេញការព្រមានអំពីកំដៅ «ដ៏គ្រោះថ្នាក់» ជាច្រើនលើក។ការចាប់ផ្តើមនៃប្រព័ន្ធអាកាសធាតុ El Nino នៅរដូវក្តៅ អាចធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅៗ។ ហើយសាស្ត្រាចារ្យរង លោកស្រី Emi Gui មកពីសាកលវិទ្យាល័យ Monash ក្នុងប្រទេសម៉ាឡេស៊ី បានឲ្យដឹងថា តំបន់អាស៊ីអាគ្នេយ៍ ប្រឈមមុខនឹង «ផលវិបាកទ្វេដង»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ ឃាត់រថយន្តដឹកជ្រូក ១៧០ក្បាល​មក​ពី​ប្រទេស​ឡាវ
05/02/2026 07:05 PM
ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត
05/02/2026 06:05 PM
គិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ​ផ្ដល់​ការងារ​រាប់​ម៉ឺន​កន្លែង
05/02/2026 05:05 PM
លីបង់និយាយថា មនុស្ស ១៣នាក់ បានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង
05/02/2026 05:05 PM
មន្ត្រីយោធាអ៊ីរ៉ង់និយាយថា សង្គ្រាមជាថ្មីជាមួយសហរដ្ឋអាមេរិក ទំនងជាកើតឡើង
05/02/2026 05:05 PM
នាយករដ្ឋមន្ត្រីអង់គ្លេសនិយាយថា ការដង្ហែក្បួនគាំទ្រប៉ាឡេស្ទីនមួយចំនួន អាចត្រូវបានហាមឃាត់
05/02/2026 05:05 PM
ការតវ៉ាផ្ទុះឡើងនៅទីក្រុង Pune ប្រទេសឥណ្ឌា ជុំវិញការចោទប្រកាន់ពីបទរំលោភ និងឃាតកម្មលើកុមារីអាយុ ៤ឆ្នាំ
05/02/2026 05:05 PM
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអ៊ីរ៉ង់ ពិភាក្សាអំពីសេរីភាពនៃការធ្វើនាវាចរណ៍ និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
05/02/2026 05:05 PM
របាយការណ៍៖ ការផ្ទុះគ្រាប់បែកដែលនៅសល់ពីការវាយប្រហារ បានសម្លាប់សមាជិកឆ្មាំបដិវត្តន៍អ៊ីរ៉ង់ចំនួន ១៤នាក់
05/02/2026 05:05 PM
អង្គការ WHO អំពាវនាវឲ្យមានការបញ្ចូលថ្នាំពេទ្យជាបន្ទាន់ទៅកាន់តំបន់ហ្កាហ្សា ដើម្បីកសាងសេវាសុខភាពឡើងវិញ
05/02/2026 04:05 PM