ស្វែងរក

អាស៊ាន និង EU ត្រូវបានជំរុញឲ្យដើរតួនាទីយ៉ាងខ្លាំងក្លាជាក្រុមការពារស្ថិរភាព អំឡុងជម្លោះសកល

04/28/2026 04:04 PM        55
អាស៊ាន (ASEAN) និងសហភាពអឺរ៉ុប (EU) ត្រូវបានជំរុញឲ្យធ្វើតួនាទីជារបាំងដ៏រឹងមាំការពារស្ថិរភាព និងភាពអាចទស្សន៍ទាយបាន ក្នុងអំឡុងពេលមានជម្លោះសកលដែលកំពុងឡើងកម្ដៅខ្លាំងទៅៗ និងការរំខានយ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផ្គត់ផ្គង់។ការអំពាវនាវនេះ ត្រូវបានធ្វើឡើងដោយសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-សហភាពអឺរ៉ុបលើកទី២៥ (AEMM) គឺអនុរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសប្រ៊ុយណេ លោក Datuk Seri Erywan Yusof និងតំណាងជាន់ខ្ពស់ EU ទទួលបន្ទុកគោលនយោបាយការបរទេស និងសន្តិសុខ លោកស្រី Kaja Kallas។ ថ្នាក់ដឹកនាំទាំង២ នៅក្នុងសុន្ទរកថាបើករៀងៗខ្លួន បានបញ្ជាក់ថា ការរក្សាស្ថានភាពបច្ចុប្បន្ន លែងគ្រប់គ្រាន់ទៀតហើយ ខណៈពិភពលោក កំពុងប្រឈមនឹងការធ្វើតេស្តភាពតានតឹង លើវិស័យជាច្រើន។លោក Erywan បាននិយាយថា សហគមន៍ពិភពលោកកំពុងជួបប្រទះនឹងភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយកាន់តែខ្ពស់ និងការធ្លាក់ចុះយ៉ាងច្បាស់នៃគំរូសកល។ លោកបានបញ្ជាក់ថា ភាពតានតឹង និងជម្លោះដែលកំពុងកើនឡើង កំពុងរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់យ៉ាងសកម្ម ធ្វើឲ្យទីផ្សារថាមពលមិនមានស្ថិរភាព និងជំរុញឲ្យតម្លៃទំនិញសំខាន់ៗហក់ឡើង នៅទូទាំងពិភពលោក។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ លោក Erywan បាននិយាយថា អាស៊ាន និង EU ត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការរបស់ប្លុកទាំង២ ប្រកបដោយការមានគោលបំណង និងមហិច្ឆតាកាន់តែខ្លាំង។សម្រាប់លោកស្រី Kallas ដោយបន្ទរតាមភាពបន្ទាន់នៃស្ថានភាពនេះ លោកស្រីបានលើកឡើងថា ពិភពលោកកំពុងត្រូវប្រឈមជាមួយបញ្ហាមិនធ្លាប់មានពីមុនមក ដោយចង្អុលបង្ហាញថា សង្គ្រាមដែលកំពុងបន្តនៅអាស៊ីខាងលិច បានបង្កឲ្យមានវិបត្តិថាមពលសកល។ លោកស្រីក៏បានកត់សម្គាល់ពីភាពចាំបាច់នៃការមានវិធានការរួមគ្នា ក្នុងការដោះស្រាយភាពងាយរងគ្រោះសម័យទំនើប រាប់ចាប់ពីសន្តិសុខតាមអ៊ីនធឺណិត និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតមិនត្រឹមត្រូវ រហូតដល់ការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្រោមសមុទ្រ និងសន្តិសុខដែនសមុទ្រ។កិច្ចប្រជុំ AEMM លើកទី២៥ រយៈពេល ២ថ្ងៃបានបញ្ចប់នៅថ្ងៃនេះ (ទី២៨ ខែមេសា ឆ្នាំ២០២៦)។ ប្រទេសព្រុយណេ ដែលជាម្ចាស់ផ្ទះ គឺជាអ្នកសម្របសម្រួលប្រទេស សម្រាប់ទំនាក់ទំនងសន្ទនាអាស៊ាន-សហភាពអឺរ៉ុប សម្រាប់អាណត្តិឆ្នាំ ២០២៤-២០២៧៕

អ៊ីរ៉ាក់ជំរុញគម្រោងថាមពលពន្លឺព្រះអាទិត្យ ជាជំហានឆ្ពោះទៅរកថាមពលស្អាត

04/28/2026 04:04 PM        48
 ក្រុមមន្រ្តីនិយាយថា អ៊ីរ៉ាក់ កំពុងពង្រីកការផលិតថាមពលពន្លឺព្រះអាទិត្យនៅខេត្តភាគខាងត្បូង Basra របស់ខ្លួន ស្របពេលដែលពួកគេព្យាយាមធ្វើពិពិធកម្មប្រភពថាមពល កាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈហ្វូស៊ីល និងបន្ធូរបន្ថយសម្ពាធពីវិបត្តិផ្គត់ផ្គង់ឧស្ម័ន ។ លោក Haider Adnan គឺជាអ្នកត្រួតត្រារបស់ក្រុមហ៊ុន TotalEnergies និយាយថា ស្ថានីយថាមពលពន្លឺព្រះអាទិត្យ Basra Sun ដែលជារោងចក្រថាមពលកម្លាំង ២៥០ មេហ្គាវ៉ាត់លើកដំបូង បានចាប់ផ្តើមប្រតិបត្តិការកាលពីខែមីនា ឆ្នាំ ២០២៦ ហើយនិងបានតភ្ជាប់ទៅកាន់បណ្តាញអគ្គិសនីជាតិ ។ លោក Adnan បន្តថា គម្រោងពេញលេញ ត្រូវបានរចនាឡើង ដើម្បីផលិតអគ្គិសនី ១ ជីហ្គាវ៉ាត់នៅតាមរោងចក្រថាមពលកម្លាំង ២៥០ មេហ្គាវ៉ាត់ ៤កន្លែង ហើយនិងរួមបញ្ចូលផ្ទាំងស្រូបពន្លឺព្រះអាទិត្យចំនួនប្រហែល ២លានបន្ទះ ។ ចំណែកឯលោក Haider Issa គឺជាអ្នកគ្រប់គ្រងគម្រោង និយាយថា រោងចក្រប្រើប្រាស់ប្រព័ន្ធតាមដានពន្លឺព្រះអាទិត្យ ដើម្បីរក្សាផ្ទាំងស្រូបពន្លឺព្រះអាទិត្យឲ្យស្របគ្នាជាមួយព្រះអាទិត្យ និងបច្ចេកវិទ្យាសម្អាតស្ងួតដោយប្រើប្រាស់មនុស្សយន្ត ។ លោក Issa បន្តថា គម្រោងនេះ គឺជាផ្នែកមួយនេះការផ្លាស់ប្តូរធំទូលាយឆ្ពោះទៅរកថាមពលស្អាតដែលមានគោលបំណងដោះស្រាយកង្វក់បរិយាកាស និងការកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត ចេញពីរោងចក្រថាមពលប្រេងឥន្ធនៈហ្វូស៊ីលធម្មតា ៕

រសៀលនេះក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍នៅច្រកជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ទីតាំងដែលកងទ័ពថៃកាន់កាប់ដោយខុសច្បាប់ហើយបន្តដាក់ពង្រាយទូកុងតឺន័រ និងបន្លាលួស

04/28/2026 04:04 PM        248
នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៣:៣៥នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដំណើទស្សនកិច្ចលើកទី២ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះសង្កេតការណ៍នៅ ច្រកជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា ដែលកងទ័ពថៃបានកាន់កាប់ដោយខុសច្បាប់ ហើយបន្តដាក់ពង្រាយទូកុងតឺន័រ និងបន្លាលួស។ នេះបើតាម លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលពាក់ព័ន្ធ ព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥។

សង្គ្រាមអ៊ីរ៉ង់ប៉ះពាល់សេដ្ឋកិច្ចឈូងសមុទ្រ ខណៈប្លុក GCC ឆ្ពោះទៅរកវិបត្តិដ៏ធ្ងន់ធ្ងរបំផុត

04/28/2026 04:04 PM        109
សេដ្ឋកិច្ចឈូងសមុទ្រ កំពុងធ្លាក់ចូលទៅក្នុងវិបត្តិដ៏ធ្ងន់ធ្ងរបំផុត គិតចាប់តាំងពីសម័យកាលមានជំងឺរាតត្បាត ដែលជំរុញដោយផលប៉ះពាល់នៃសង្គ្រាមអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ ដែលបានធ្វើឲ្យរង្គោះរង្គើច្រករបៀងថាមពលសំខាន់ៗរបស់តំបន់នេះ។ដូចដែលបានរាយការណ៍ដោយសារព័តមាន Reuters រដ្ឋជាសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ត្រូវបានគេរំពឹងថា នឹងមានកំណើនធ្លាក់ចុះ នៅឆ្នាំ២០២៦ ខណៈដែលផលប៉ះពាល់ពីជម្លោះ បានជះឥទ្ធិពលដល់វិស័យថាមពល ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចក្នុងតំបន់។តម្លៃប្រេងហក់ឡើងដែលបណ្តាលមកពីការរំខានដល់ការផ្គត់ផ្គង់ បានបង្កឲ្យមានផលប៉ះពាល់ភ្លាមៗ ដែលស្រដៀងនឹងវិបត្តិថាមពលនៃទសវត្សរ៍ឆ្នាំ១៩៧០។ នៅក្នុងការស្ទង់មតិ ចំពោះអ្នកជំនាញសេដ្ឋកិច្ចដែលបានធ្វើឡើង រវាងថ្ងៃទី ៨-២៤ ខែមេសា ឆ្នាំ២០២៦ ការព្យាករកំណើន ត្រូវបានកែសម្រួលទៅជាកម្រិតធ្លាក់ចុះយ៉ាងខ្លាំង ដោយប្រទេសជាច្រើនបានផ្លាស់ប្ដូរពីការព្យាករមានកំណើន ទៅជាថយចុះ។ ការបិទច្រកសមុទ្រ Hormuz ស្ទើរតែទាំងស្រុង ដែលគ្រប់គ្រងប្រហែល ២០ភាគរយនៃការផ្គត់ផ្គង់ថាមពលសកល រួមជាមួយនឹងការខូចខាត ចំពោះរោងចក្រចម្រាញ់ប្រេង និងកន្លែងផលិតឧស្ម័ន នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងកាតា បានធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ជួបការលំបាកយ៉ាងខ្លាំង។ទោះបីជាតម្លៃប្រេងនៅតែខ្ពស់ជាងមុនសង្គ្រាមប្រហែល ៤០ភាគរយក៏ដោយ សេដ្ឋកិច្ចរបស់កាតា គូវ៉ែត និងបារ៉ែន ត្រូវបានព្យាករថា នឹងធ្លាក់ចុះ ៦,០ភាគរយ ៤,៤ភាគរយ និង ២.៩ភាគរយ រៀងៗខ្លួននៅឆ្នាំនេះ។សេដ្ឋវិទូរំពឹងថា នឹងមានការងើបឡើងវិញខ្លាំង នៅឆ្នាំ២០២៧ ដោយសន្មតថា ជម្លោះនឹងធូរស្រាល ក្នុងពេលឆាប់ៗនេះ។ កាតា អារ៉ាប់រួម និងគូវ៉ែត ត្រូវបានព្យាករថា នឹងមានកំណើន ៧,៨ភាគរយ ៥,៤ភាគរយ និង ២,៨ភាគរយ រៀងៗខ្លួន នៅឆ្នាំក្រោយ។ ចំណែកអារ៉ាប៊ីសាអ៊ូឌីត បារ៉ែន និងអូម៉ង់ ត្រូវបានព្យាករថា នឹងមានកំណើន ៤,៥ភាគរយ ៤,៣ភាគរយ និង ២,៨ភាគរយរៀងៗខ្លួន៕

កម្ពុជា-ចិន នឹងរៀបចំ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នៅប្រាសាទបាយ័ន នាថ្ងៃទី៣០ ខែមេសានេះ

04/28/2026 03:04 PM        245
ក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតចិន គ្រោងរៀបចំ នឹងរៀបចំ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្នុងក្របខ័ណ្ឌនៃការអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» សម្រាប់ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្ដទៅនៅខាងជើង ប្រាសាទបាយ័ន ក្រុងអង្គរធំ នាថ្ងៃទី៣០ខែមេសាឆ្នាំ២០២៦នេះ។តាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍កម្ពុជា បានជម្រាបជូនគ្រប់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ សារព័ត៌មានជាតិ-អន្តរជាតិ អ្នកផលិតមាតិកា និងសាធារណជនទាំងអស់ ឱ្យបានដឹងថា ក្នុងក្របខ័ណ្ឌនៃការអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» សម្រាប់ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា នឹងរៀបចំ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០ នាទីព្រឹក នៅទីតាំងខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប ដោយមានការសម្ដែងរួមគ្នារវាងក្រុមសិល្បករក្បាច់គុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់ខ្មែរ ជាមួយក្បាច់គុនកុងហ្វូ សៅលីង និងថៃជីរបស់ព្រះសង្ឃដែលនិមន្តមកដោយផ្ទាល់ពីវត្តសៅលីងប្រទេសចិន។ក្រសួងទេសចរណ៍ បន្ថែមថា ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីបន្តអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ក៏ដូចជាផ្សព្វផ្សាយទេសចរណ៍វប្បធម៌ កម្ពុជា-ចិន ព្រមទាំងផ្សព្វផ្សាយអំពីការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ឱ្យកាន់តែទូលំទូលាយដល់សាធារណជន និងប្រជាពលរដ្ឋចិន។ ក្រសួងទេសចរណ៍ អំពាវនាវដល់គ្រប់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ សារព័ត៌មានជាតិ-អន្តរជាតិ អ្នកផលិតមាតិកា និងសាធារណជន មេត្តាចូលរួមទស្សនាដោយសេរី និងផ្សព្វផ្សាយព្រឹត្តិការណ៍ឱ្យបានទូលំទូលាយ។សូមរំលឹកថា កាលពីឆ្នាំ២០២៤ ក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តសៀមរាប បានសហការជាមួយស្ថានទូតចិន បានប្រារព្វរួមគ្នាជាលើកទី១នូវ ព្រឹត្តិការណ៍ «ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោ» នៅក្រុងអង្គរធំ ។ព្រឹត្តិការណ៍នេះ បានជួយផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយនូវវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍របស់ប្រទេសទាំងពីរ កម្ពុជា ចិន ខណៈដែលប្រទេសចិន និងកម្ពុជា គឺជាមិត្តល្អបំផុត ចេះជួយយកអាសារគ្នាទៅវិញទៅមកគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។ ប្រជាជនចិន និងប្រជាជនកម្ពុជាមានភាពស្រដៀងគ្នា និងពាក់ព័ន្ធខាងផ្នែកប្រវត្តិសាស្ត្រជាមួយគ្នាច្រើន ដូចជាប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ ជាមួយនឹងប្រវត្តិនៃទំនាក់ទំនងការទូតដ៏យូរលង់ណាស់មកហើយ។ ប្រវត្តិវិទូជាច្រើនបានស្គាល់ និងដឹងអំពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ តាមរយៈកំណត់ត្រាជីវ តាក្វាន់ បេសកជនពិសេសរបស់ចិនប្រចាំនៅកម្ពុជា នៅចុងសតវត្សទី១៣ ក្នុងសម័យកាលអាណាចក្រខ្មែរ។ ចំណងសាមគ្គីភាពរវាងកម្ពុជា-ចិន ត្រូវបានរឹតបន្តឹងកាន់តែស្អិតរមួត បន្ថែមទៀតពីមួយជំនាន់ទៅមួយជំនាន់រហូតដល់បច្ចុប្បន្ន ដោយព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកប្រធានាធិបតី ស៊ី ជីនពីង ដែលបានបន្តពី ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងលោកប្រធាន ម៉ៅ សេទុង។តាមរយៈការរៀបចំព្រឹត្តិការណ៍នានារួមគ្នារវាងកម្ពុជា-ចិន ក្នុងក្របខណ្ឌនៃយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន កាលពីឆ្នាំ២០២៤» ពិសេស ព្រឹត្តិការណ៍ «ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោ» នេះ បានផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍របស់ប្រទេសយើងទាំងពីរ ដែលនឹងមិនត្រឹមតែចូលរួមដល់ការពង្រឹងចំណងមិត្តភាព ការបង្កើនទំនាក់ទំនងលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក រវាងកម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការយកចិត្តទុកដាក់ជាអាទិភាពចំពោះទីផ្សារចិនសម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ៕

លោក Rubio៖ អ៊ីស្រាអែលមិនគួរមានតំបន់ទ្រនាប់អចិន្ត្រៃយ៍នៅក្នុងប្រទេសលីបង់ទេ

04/28/2026 03:04 PM        109
អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) បាននិយាយថា អ៊ីស្រាអែលមិនគួរមានតំបន់ទ្រនាប់អចិន្ត្រៃយ៍នោះឡើយ នៅក្នុងប្រទេសលីបង់ ប៉ុន្តែបានបន្ថែមថា កងទ័ពលីបង់ ត្រូវរំសាយអាវុធពីក្រុមដែលគាំទ្រដោយអ៊ីរ៉ង់។រដ្ឋមន្ត្រីការបរទេស លោក Marco Rubio បាននិយាយថា៖ «អ៊ីស្រាអែលមិនមានការទាមទារទឹកដីនោះទេ នៅប្រទេសលីបង់។ មិនមានផ្នែកខ្លះនៃប្រទេសលីបង់ដែលអ៊ីស្រាអែលអះអាងថា ជារបស់ពួកគេឡើយ។ បញ្ហាដែលអ៊ីស្រាអែលមាន មិនមែនជាមួយប្រទេសលីបង់ទេ។ វាគឺជាមួយក្រុមហេសបូឡា នៅខាងក្នុងប្រទេសលីបង់»។លោក Rubio បាននិយាយ បន្ទាប់ពីមានការចរចា ២ជុំ រវាងលីបង់ និងអ៊ីស្រាអែល ដែលបានធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន ក្នុងកម្រិតឯកអគ្គរដ្ឋទូត។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានចូលរួមជុំចុងក្រោយបំផុត ដែលបានរៀបចំឡើងកាលពីសប្តាហ៍មុន នៅសេតវិមាន។លោក Rubio បានបញ្ជាក់ថា កិច្ចចរចានេះ «ទទួលបានជោគជ័យយ៉ាងខ្លាំង» ប៉ុន្តែមិនបាននិយាយឲ្យបានច្បាស់លាស់ថា តើទីក្រុងបេរូត នឹងចូលរួមកិច្ចព្រមព្រៀង Abraham Accords នាពេលអនាគតដ៏ខ្លីខាងមុខនេះដែរ ឬយ៉ាងណា។ លោកគ្រាន់តែប្រាប់ថា៖ «ខ្ញុំចង់មានន័យថា ជាក់ស្តែង វានឹងមានជោគជ័យខ្លាំង ប៉ុន្តែយើងមិនទាន់ដល់ចំណុចនោះទេ»។នៅពេលត្រូវបានសួរថា តើអ៊ីស្រាអែលគួរតែមានតំបន់ទ្រានប់មួយ នៅខាងក្នុងប្រទេសលីបង់ ដោយគ្មានកំណត់ដែរ ឬទេ លោក Rubio បានឆ្លើយថា «ទេ»។ លោកបានបន្ថែមថា៖ «ខ្ញុំគិតថា ប្រសិនបើអ្នកសួរជនជាតិអ៊ីស្រាអែល ពួកគេនឹងប្រាប់អ្នកថា លទ្ធផលដ៏ល្អឥតខ្ចោះ គឺរដ្ឋាភិបាលលីបង់ដ៏រឹងមាំមួយដែលមានកងកម្លាំងប្រដាប់អាវុធលីបង់ដ៏រឹងមាំ ដែលអាចរុះរើក្រុមហេសបូឡា ដើម្បីទប់ស្កាត់ពួកគេកុំឲ្យធ្វើការវាយប្រហារទាំងនេះ និងទីបំផុត ដើម្បីធានាថា ពួកគេលែងជាអង្គភាពយោធាទៀតហើយ»៕

លោក Trump ចាប់ផ្ដើមរិះគន់គូប្រជែងជាថ្មី ក្រោយការបាញ់ប្រហារ នៅពិធីលៀងសាយភោជន

04/28/2026 03:04 PM        20
សម្រាប់រយៈពេលខ្លី ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយអំពី «សេចក្តីស្រឡាញ់ និងការរួបរួមគ្នា« បន្ទាប់ពីមានការបាញ់ប្រហារនៅឯពិធីលៀងសាយភោជន។ តែវាមិនចំណាយពេលយូរនោះឡើយ ដែលរដ្ឋបាលរបស់លោក ត្រូវផ្លាស់ប្តូរសំឡេងសុខដុមរមនានោះ។មិនដល់ ៤៨ម៉ោងបន្ទាប់ពីមានឧប្បត្តិហេតុកាលពីថ្ងៃទី២៥ ខែមេសា ដែលអ្នកសារព័ត៌មានរាប់ពាន់នាក់បង្ហាញវត្តមាន អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានដាក់ការទទួលខុសត្រូវ ចំពោះករណីដែលត្រូវបានចោទប្រកាន់ថា ជាការប៉ុនប៉ងធ្វើឃាត ទៅលើ «ក្រុមទុច្ចរិតជាប្រព័ន្ធ» ពោលគឺសំដៅទៅលើគូប្រជែងរបស់លោក Trump។ លោកស្រី Leavitt បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ក្រុមឆ្វេងនិយមដែលមានគំនិតស្អប់ខ្ពើមប្រធានាធិបតី និងអ្នកគាំទ្ររូបលោក និងធ្វើការឲ្យលោក បានធ្វើឲ្យមនុស្សជាច្រើនរងរបួស និងស្លាប់ ហើយវាស្ទើរតែបានកើតឡើងម្តងទៀតកាលពីចុងសប្តាហ៍នេះ»។ ក្នុងពេលជាមួយគ្នា លោក Trump និងភរិយារបស់លោក គឺលោកស្រី Melania បានរិះគន់ខ្លាំងៗ ទៅលើតារាកំប្លែងតាមទូរទស្សន៍ លោក Jimmy Kimmel ដែលជាអ្នកបង្ហាញកំហឹងជាយូរមកហើយ លើក្រុមស្តាំនិយម ដោយអំពាវនាវឲ្យបណ្តេញរូបគេចេញ ដោយសារតែការនិយាយបែបកំប្លែង ពាក់ព័ន្ធនឹងស្ត្រីទី១ ។លោក Trump បានលើកឡើងនៅលើវេទិកាបណ្ដាញសង្គម Truth Social របស់លោកថា៖ "ខ្ញុំជឿថា មនុស្សជាច្រើន មានការខឹងសម្បា ចំពោះពាក្យសម្ដីដ៏គួរឲ្យស្អប់ខ្ពើមរបស់លោក Kimmel ដែលញុះញង់ឲ្យមានអំពើហិង្សា ហើយជាធម្មតាមិនមានការឆ្លើយតបនឹងអ្វីដែលរូបគេបាននិយាយនោះទេ ប៉ុន្តែនេះគឺជាអ្វីមួយដែលហួសពីព្រំដែនមិនអាចទទួលយកបាន»។ ដោយសំដៅទៅលើក្រុមហ៊ុនមេរបស់ប្រព័ន្ធផ្សព្វផ្សាយ ABC គឺ Disney លោកបាននិយាយថា «លោក Jimmy Kimmel គួរតែត្រូវបានបណ្តេញចេញភ្លាមៗដោយ Disney និង ABC»។ យ៉ាងណាក្ដី នេះប្រហែលជាការបញ្ចប់ដែលអាចទស្សន៍ទាយបាន ចំពោះក្តីសង្ឃឹមណាមួយ ដែលថា លោក Trump អាចបញ្ឈប់ភាសាហិង្សា និងជារឿយៗ បង្កឲ្យមានកំហឹងពីគូប្រជែង ជនអន្តោប្រវេសន៍ និងអ្នកសារព័ត៌មាន។លោក Trump បានប្រើសំឡេងស្ងប់ស្ងាត់ប្រកបដោយការគិតគូរខុសពីធម្មតា ពោលគឺភ្លាមៗបន្ទាប់ពីការបាញ់ប្រហារ នៅពិធីលៀងសាយភោជនអ្នកសារព័ត៌មានសេតវិមាន ដែលលោកស្រី Leavitt បាននិយាយថា ជាការប៉ុនប៉ងលើកទី៣ ក្នុងការយកជីវិតរបស់លោក ក្នុងរយៈពេល ២ឆ្នាំ៕

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ-GI នឹងកាន់តែបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់

04/28/2026 03:04 PM        131
ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ការចុះបញ្ជីម៉ាសម្គាល់ភូមិសាស្រ្តទំនិញ (GI)ជាផ្លូវការនូវផលិតផលសក្តានុពលចំនួន ៤ មុខបន្ថែមទៀតនេះ នឹងកាន់តែបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់ ខណៈអ្នកតំណាងឱ្យផលិតផល GI បានបង្ហាញក្តីរីករាយ និងជឿជាក់ថា ផលិតផល GI របស់ពួកគេនឹងកាន់តែមានទីផ្សារទូលំទូលាយទាំងក្នុងស្រុក និងអន្តរជាតិ។លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៨ មេសានេះ បានប្រកាសថា ក្រសួងពាណិជ្ជកម្មបានសម្រេចចុះបញ្ជីជាផ្លូវការនូវផលិតផលសក្តានុពលចំនួន ៤ មុខបន្ថែមទៀតជា «ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI)» ដែល រួមមាន សូត្រមាសភ្នំស្រុក, ក្តាមថ្មកោះកុង,ស្វាយចន្ទីកំពង់ធំ, និងស្វាយឧត្តរមានជ័យ។ លោកជំទាវថ្លែងទៀតថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) នឹងកាន់តែផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងបង្កើនទំនុកចិត្តដល់អ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា។លោក វង្ស តារា ប្រធានសមាគមអ្នកអភិរក្សក្តាមថ្មកោះកុង បានបង្ហាញក្តីរីករាយ ដែលក្តាមថ្មមានប្រភពមកពីតំបន់ព្រៃកោងកាងក្នុងខេត្តកោះកុងត្រូវបានក្លាយជាផលិតផល GI។លោកអះអាងថា លក្ខណៈពិសេសរបស់ក្តាមថ្មកោះកុងគឺ មានសាច់ណែន ស្វិត និងរសជាតិផ្អែមឆ្ងាញ់ពិសេស។ដោយឡែក លោក ហេង ពៅ ប្រធានសមាគមអ្នកដាំស្វាយឧត្តរមានជ័យ ជឿជាក់ថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនូវផលិតផលស្វាយឧត្តរមានជ័យនឹងជួយបង្កើតទីផ្សារកាន់ទូលំទូលាយបន្ថែមទៀតសម្រាប់ប្រជាកសិករដាំស្វាយកក្នុងខេត្តឧត្តរមានជ័យ។ ជាពិសេស នឹងអាចទាក់ទាញវិនិយោគិនពីបរទេសមកបង្កើតរោងចក្រកែច្នៃផលិតផលពីផ្លែស្វាយនៅក្នុងឧត្តរមានជ័យ នាពេលអនាគត។នាពេលនេះ កម្ពុជាមាន ផលិតផលចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញចំនួន ១២ មុខ រួមមាន ម្រេចកំពត, ក្រូចថ្លុងកោះទ្រង់, ស្ករត្នោតកំពង់ស្ពឺ, ទឹកឃ្មុំព្រៃមណ្ឌលគិរី, អំបិល និងផ្កាអំបិលកំពត, បង្កងតាកែវ, ទឹកត្រីកំពតកែប, ប្រហុកសៀមរាប, សូត្រមាសភ្នំស្រុក, ក្តាមថ្មកោះកុង, ស្វាយចន្ទីកំពង់ធំ ,និងស្វាយឧត្តរមានជ័យ៕អត្ថបទ៖ ធូ វិរៈ

ក្រសួងការងារ បានដោះស្រាយបញ្ចប់ និងផ្តល់អត្ថ​ប្រយោជន៍​តាម​គោល​ការ​ច្បាប់​ជូន​បង​ប្អូន​កម្មករ​នៃ​រោងចក្រអិមអិលយ៉ាងលឿនរហ័ស

04/28/2026 03:04 PM        257
(បន្ទាយមានជ័យ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០២៦ បានដោះស្រាយបញ្ចប់យ៉ាងលឿនរហ័សនូវការទាមទាររបស់បងប្អូនកម្មករនិយោជិត នៃ​ក្រុមហ៊ុន អិមអិល ដែលមានអាសយដ្ឋានស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យដោយកម្មករនិងនិយោជិតឯកភាពចំនួន ៨ ចំណុច។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកឱ្យដឹងថា “ក្រោយទទួលបានដំណឹងពីការទាមទារភ្លាម មន្រ្តីជំនាញរបស់ក្រសួង និង​អាជ្ញាធរ​មូល​ដ្ឋាន បានចុះដោះស្រាយ​បញ្ចប់​ភ្លាម​ៗផ្តល់​អាទិភាព​ដល់​អត្ថ​ប្រយោជន៍​របស់​បង​ប្អូន​កម្មករ​ដែល​ស្របច្បាប់ និងការគោរពច្បាប់របស់និយោជក”។ យោងតាមលទ្ធផលនៃការដោះស្រាយដែលឯកភាពគ្នា ការបើកប្រាក់ឈ្នួល និងប្រាក់​បំណាច់​ផ្សេង​ៗ​នឹងត្រូវធ្វើឡើងចំនួន២លើកគឺលើកទី១ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ និងលើកទី២ យ៉ាង​យូរ​ត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ហើយដោយ​ឡែក​ចំពោះ​កម្មការិនី​ដែល​មាន​ផ្ទៃ​ពោះ​ចាប់​ពី​៣​ខែ​ឡើងចំនួន ៩នាក់នឹងនៅតែប​ន្ត​ទទួល​បាន​អត្ថ​ប្រយោជន៍​រហូត​ដល់​ថ្ងៃ​សម្រាល​ដោយ​ក្រុម​ហ៊ុនជាអ្នកបង់ ប.ស.ស. ជំនួស។ សូមបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននៃការទាមទារ​របស់បង​ប្អូន​កម្មករ​និយោជិត​នៃ​រោង​ចក្រ​អិម​អិលភ្លាម ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចាត់ ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួង រួមជាមួយក្រុមអន្តរាគមន៍ និងមន្ទីរ​ការងារ​ខេត្ត​បន្ទាយ​មានជ័យដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះដោះ​ស្រាយ​ភ្លាម​ៗ​ដោយ​មិន​បង្អង់​ឡើយ។ ជាមួយនឹងយន្តការដោះស្រាយបញ្ចប់ដ៏លឿនរហ័ស និងមានប្រសិទ្ធភាពរបស់ក្រសួងការងារនេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានអំពាវ​នាវ​ឱ្យ​បង​ប្អូន​កម្មករ​និយោជិត​ទាំង​អស់​ដែល​មាន​បំណងចង់ស្វែងរកការងារធ្វើ សូមទាក់ទងមន្ទីរការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​បន្ទាយ​មាន​ជ័យ ឬប្រព័ន្ធHotline១២៩៧ ដើម្បីទទួលបានឱកាសការងារដ៏សម្បូរបែបប្រមាណ ៩​ម៉ឺន​កន្លែងដែលកំពុងមានតម្រូវការកម្លាំងពលកម្ម៕

កម្មករនិយោជិត រីករាយចំពោះការយកចិត្តទុកដាក់ផ្ដល់នូវបរិយាកាសការងារល្អសម្រាប់ពួកគេ

04/28/2026 03:04 PM        266
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ គឺជាខួបលើកទី២៣ ទិវាពិភពលោកដើម្បីសុវត្ថិភាព និង​សុខភាពការងារ។ ជាមួយគ្នានេះ កម្មកររោងចក្រ បានអរគុណដល់រាជរដ្ឋាភិបាល និង​ថៅកែ​រោងចក្រ ដែលយកចិត្តទុកដាក់ផ្ដល់នូវបរិយាកាសការងារល្អ មានសុវត្ថិភាព និង​មាន​ផាសុកភាព​ដល់​ពួកគេ។កម្មករនិយោជិតបម្រើការងារនៅតាមបណ្ដារោងចក្រសហគ្រាសក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែ​មេសានេះ បានប្រាប់BTVថា កន្លងទៅ និងបច្ចុប្បន្ន ថៅកែរោងចក្រ បាន​គោរព​តាម​ច្បាប់​ការងារ​នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជា៖ ការបើកប្រាក់បៀវត្សទៀងទាត់ ប្រាក់ថែមម៉ោង ថ្លៃ​អាហារ​ប្រចាំថ្ងៃ និងមានគ្រូពេទ្យប្រចាំការនៅក្នុងរោងចក្រ ជាដើម។ ជារួម បរិយាកាសការ​ងារ​មាន​ស្ថានភាពល្អ។ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ពាក់​ព័ន្ធ​នឹងការលើកកម្ពស់សុវត្ថិភាព និងសុខភាពរបស់កម្មករនិយោជិត រាជរដ្ឋាភិបាលកម្ពុជា តាម​រយៈ​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវការងារសំខាន់ៗចំនួន៧ចំណុច ដែល​ក្នុង​នោះរួមមាន៖ទី១. ព្រះរាជាណាចក្រកម្ពុជាមានច្បាប់ជាតិ អន្តរជាតិ និងបទដ្ឋាន​គតិយុត្ត ​ទី២. ការត្រួតពិនិត្យ និងការអនុវត្តច្បាប់ ទី៣. ការបណ្តុះបណ្តាល និងការ​ផ្សព្វផ្សាយ​ដល់​កម្មករ និយោជិត ពីសុវត្ថិភាព និងសុខភាពការងារ ទី៤. ប្រព័ន្ធគាំពារសង្គម ទី៥. បន្តកែលម្អ​លក្ខខណ្ឌ​ការងារឲ្យកាន់តែល្អប្រសើរ ទី៦. ការសហការជាមួយដៃគូជាតិ និងអន្តរជាតិ និងទី៧. ការឆ្លើយ​តបបន្ទាន់ និងការការពារ។ឯកឧត្តម ស៊ុន មេសា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតាំងពីអាណត្តិមុន រហូតមកអាណិត្តនេះ នៅតែបន្តយកចិត្តទុកដាកខ្ពស់ចំពោះសុខសុវត្ថិភាព និងសុខភាពការងាររបស់កម្មករ និយោជិត។គួរបញ្ជាក់ដែរថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ប្រទេសកម្ពុជា មានចំនួនសហគ្រាស ក្រុម​ហ៊ុន រោងចក្រ បានកើនឡើងដល់ចំនួនជាង៤ម៉ឺនទីតាំង ដែលមានកម្មករ និយោជិត សរុប​កើន​ឡើង​ដល់​ប្រមាណជាង២,៣លាននាក់៕ អត្ថបទ៖ ទូច សោភ័ណ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ ឃាត់រថយន្តដឹកជ្រូក ១៧០ក្បាល​មក​ពី​ប្រទេស​ឡាវ
05/02/2026 07:05 PM
ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត
05/02/2026 06:05 PM
គិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ​ផ្ដល់​ការងារ​រាប់​ម៉ឺន​កន្លែង
05/02/2026 05:05 PM
លីបង់និយាយថា មនុស្ស ១៣នាក់ បានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង
05/02/2026 05:05 PM
មន្ត្រីយោធាអ៊ីរ៉ង់និយាយថា សង្គ្រាមជាថ្មីជាមួយសហរដ្ឋអាមេរិក ទំនងជាកើតឡើង
05/02/2026 05:05 PM
នាយករដ្ឋមន្ត្រីអង់គ្លេសនិយាយថា ការដង្ហែក្បួនគាំទ្រប៉ាឡេស្ទីនមួយចំនួន អាចត្រូវបានហាមឃាត់
05/02/2026 05:05 PM
ការតវ៉ាផ្ទុះឡើងនៅទីក្រុង Pune ប្រទេសឥណ្ឌា ជុំវិញការចោទប្រកាន់ពីបទរំលោភ និងឃាតកម្មលើកុមារីអាយុ ៤ឆ្នាំ
05/02/2026 05:05 PM
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអ៊ីរ៉ង់ ពិភាក្សាអំពីសេរីភាពនៃការធ្វើនាវាចរណ៍ និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
05/02/2026 05:05 PM
របាយការណ៍៖ ការផ្ទុះគ្រាប់បែកដែលនៅសល់ពីការវាយប្រហារ បានសម្លាប់សមាជិកឆ្មាំបដិវត្តន៍អ៊ីរ៉ង់ចំនួន ១៤នាក់
05/02/2026 05:05 PM
អង្គការ WHO អំពាវនាវឲ្យមានការបញ្ចូលថ្នាំពេទ្យជាបន្ទាន់ទៅកាន់តំបន់ហ្កាហ្សា ដើម្បីកសាងសេវាសុខភាពឡើងវិញ
05/02/2026 04:05 PM