ស្វែងរក

ប្រធានគណៈកម្មការទី៨ រដ្ឋសភាកម្ពុជា អញ្ជើញចូលរួមពិធីបើកសន្និសីទពិភពលោក Women Deliver 2026 នៅប្រទេសអូស្ត្រាលី

04/28/2026 03:04 PM        85
ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា ជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការសមាជិកសភាជាតិកម្ពុជាដើម្បីប្រជាជន និងអភិវឌ្ឍន៍ (CAPPD) និងជាអនុប្រធានវេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងអភិវឌ្ឍន៍ (AFPPD) បានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃសន្និសីទ Women Deliver 2026 កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ពិធីបើកជាផ្លូវការនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំពិភពលោក និងតំបន់ រួមមាន៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃប្រទេសនីហ្សេរីយ៉ា ក្នុងនាមជាអគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានក្រុមការងារអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃ UN, នាយករដ្ឋមន្ត្រីអូស្ត្រាលី, ប្រធានអង្គការ Women Deliver, អភិបាលរដ្ឋវិកតូរីយ៉ា, សមាជិកសភារដ្ឋវិកតូរីយ៉ា, ព្រឹទ្ធាចារ្យនៃសហគមន៍ Wurundjeri Woi-wurrung និងនាយករដ្ឋមន្ត្រីនៃប្រទេសទូវ៉ាលូ ព្រមទាំងមានការចូលរួមពីប្រតិភូប្រមាណជិត ១ម៉ឺននាក់ មកពីបណ្តាប្រទេសនានាជុំវិញសកលលោក ជាពិសេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។សន្និសីទ Women Deliver 2026 រៀបចំឡើងក្រោមមូលបទ «ការផ្លាស់ប្តូរនាំយើងមកជួបជុំគ្នានៅទីនេះ (Change Calls Us Here)» ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញយុត្តិធម៌យេនឌ័រ ទោះបីជាស្ថិតក្នុងកាលៈទេសៈដ៏ប្រឈមនៃសកលលោកយ៉ាងណាក៏ដោយ។នៅក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះក៏នឹងមានការដាក់ចេញនូវសេចក្តីថ្លែងការណ៍ថ្មីមួយសម្រាប់វិស័យអភិវឌ្ឍន៍អន្តរជាតិ ដែលផ្តោតលើការកែទម្រង់ប្រព័ន្ធការងារ ដោយជំរុញឱ្យតួអង្គអន្តរជាតិងាកមកពង្រឹងប្រព័ន្ធសាធារណៈរបស់រដ្ឋាភិបាល ជាជាងការអនុវត្តការងារជំនួសមុខឱ្យរដ្ឋាភិបាល។ គោលបំណងចម្បងនៃកំណែទម្រង់នេះ គឺដើម្បីធានាថា អំណាច ធនធាន និងការទទួលខុសត្រូវ ត្រូវបានរៀបចំឡើងវិញ ដើម្បីឆ្លើយតបប្រកបដោយយុត្តិធម៌ និងប្រសិទ្ធភាពបំផុតទៅនឹងតម្រូវការរបស់ស្ត្រី ក្មេងស្រី និងអ្នកមានអត្តសញ្ញាណយេនឌ័រចម្រុះ។សូមបញ្ជាក់ថា សន្និសីទ Women Deliver 2026 នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដោយមានការសហការរៀបចំពីបណ្តាប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិក និងគាំទ្រដោយស្ថាប័នដៃគូសំខាន់ៗដូចជា Pivotal, Pacific Feminist Fund, Urgent Action Fund, UNFPA ព្រមទាំងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិជាច្រើនរូបទៀត៕

អ.ន.ក. ស្រុកគាស់ក្រឡ ចុះពិនិត្យការសាងសង់សាលារៀនសម្រាប់គ្រួសារអតីតយុទ្ធជន

04/28/2026 03:04 PM        79
លោកស្រី ឈឿន សុភានី អភិបាលរង តំណាងលោក ញឹក សារ៉ែន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធាន អ.ន.ក. ស្រុកគាស់ក្រឡ និងតំណាងអង្គការខ្មែរដើម្បីការអប់រំ (KHEN) ម្ចាស់ជំនួយ និងអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យបញ្ចប់ការសាងសង់សាលារៀនមត្តេយ្យសហគមន៍ បន្ទប់ទឹក និងសួនកុមារ សម្រេចបាន១០០% ព្រមទាំងបន្តការងារដាំដើមឈើ និងធ្វើរបងបន្ថែមទៀត ជូនកូនចៅអតីតយុទ្ធជន សម្រាប់សិក្សារៀនសូត្រ នៅចំណុចទាក់ធ្នឹម ស្ថិតក្នុងភូមិគោករកា ឃុំដូនបា ស្រកគាស់ក្រឡ ខេត្តបាត់ដំបង៕

ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា ចុះសង្កេតការណ៍នៅតំបន់អូរភ្លុកដំរី ខេត្តពោធិ៍សាត់ជាលើកទីពីរ ក្នុងឆ្នាំ២០២៦នេះ

04/28/2026 03:04 PM        168
នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១២:៥៤នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះសង្កេតការណ៍ តំបន់អូរភ្លុកដំរី នៅខេត្តពោធិ៍សាត់។ នេះបើតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា កម្ពុជាស្វាគមន៍ចំពោះបណ្តាប្រទេសជាមិត្ត ដែលមានបំណងចូលរួមចុះពិនិត្យ និងសង្កេតការណ៍ដោយផ្ទាល់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីតាមដានការអនុវត្តបទឈប់បាញ់ សំដៅធានាឱ្យបាននូវតម្លាភាព ភាពជឿទុកចិត្តបាន និងភាពត្រឹមត្រូវ។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា ប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ៕

ប្រធានស្តីទីព្រឹទ្ធសភា អរគុណម៉ាឡេស៊ីកាលជាប្រធានអាស៊ាន បានដើរតួនាទីយ៉ាងសកម្មជួយសម្របសម្រួលកាត់បន្ថយភាពតានតឹង និងជំរុញដំណើរការសន្តិភាពក្នុងតំបន់

04/28/2026 03:04 PM        134
ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះម៉ាឡេស៊ី ជាពិសេសកាលពីឆ្នាំមុនក្នុងនាមជាប្រធានអាស៊ាន ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការជួយសម្របសម្រួលកាត់បន្ថយភាពតានតឹង និងជំរុញដំណើរការសន្តិភាពក្នុងតំបន់។ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានថ្លែងបែបនេះក្នុងឱកាសទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត Datuk Shaharuddin Onn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី ព្រមទាំងពិភាក្សាការត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់ឯកឧត្តម Datuk Nur Jazlan Mohamed អនុប្រធានទី១ ព្រឹទ្ធសភាម៉ាឡេស៊ី មកកាន់កម្ពុជា។ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ឯកឧត្តម អ៊ុច បូររិទ្ធ បានថ្លែងអំណរគុណចំពោះម៉ាឡេស៊ី ជាពិសេសកាលពីឆ្នាំមុនក្នុងនាមជាប្រធានអាស៊ាន ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការជួយសម្របសម្រួលកាត់បន្ថយភាពតានតឹង និងជំរុញដំណើរការសន្តិភាពក្នុងតំបន់។ ភាគីទាំងពីរ ក៏បានពិភាក្សាផងដែរ អំពីការពង្រឹងទំនាក់ទំនងសភា និងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ការងារ សុខាភិបាល និងវិស័យហាឡាល់ ដើម្បីបម្រើផលប្រយោជន៍រួមនៃប្រជាជនប្រទេសទាំងពីរ។ឯកឧត្តម អ៊ុច បូររិទ្ធ ក៏បានស្វាគមន៍ចំពោះគម្រោងដំណើរទស្សនកិច្ចរបស់អនុប្រធានទី១ ព្រឹទ្ធសភាម៉ាឡេស៊ី និងបានបញ្ជាក់ពីការត្រៀមខ្លួនរបស់ព្រឹទ្ធសភាកម្ពុជា ក្នុងការសម្របសម្រួលកម្មវិធីពាក់ព័ន្ធ។ ភាគីទាំងពីរ បានបង្ហាញឆន្ទៈរួមក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នព្រឹទ្ធសភានៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពថែមទៀត៕

ក្រុមហ៊ុនទេសចរណ៍រំពឹងថា Visa Free នឹងទាក់ទាញទេសចរចិនច្រើនមកទស្សនាកម្ពុជា

04/28/2026 03:04 PM        176
ក្រុមហ៊ុនទេសចរណ៍កម្ពុជា និងចិន បាន​សម្តែង​ការ​អបអរ​សាទរ​ពេញ​ចិត្ត​ខ្លាំង​ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា បានសម្រេចផ្តល់ការលើកលែងទិដ្ឋាការ Visa Free ជូនដល់ប្រជាជនចិន​ទាំង​អស់ ​ចាប់ពីខែមិថុនា រហូតដល់ខែតុលា ឆ្នាំ២០២៦ ដែលរំពឹងថា Visa Free នឹងទាក់​ទាញ​ចំណាប់​អារម្មណ៍ទេសចរចិនឱ្យងាកមកទស្សនាកម្ពុជាកាន់តែច្រើន។ក្រុមហ៊ុនទេសចរណ៍មកពីប្រទេសចិន និងកម្ពុជា  បានប្រាប់BTV នៅថ្ងៃទី២៨ ខែមេសា នេះថា ការផ្តល់ទិដ្ឋាការ Visa Free របស់កម្ពុជា ជូនប្រជាជនចិន នៅក្នុងរដូវទេសចរណ៍បៃតង នឹង​អាច​ទាក់​ចិត្ត​ទេសចរចិនកាន់តែច្រើនឱ្យមកទស្សនាកម្ពុជា ខណៈនៅក្នុងរយៈពេលនេះ ជាពេល​វិសមកាល​របស់សិស្សានុសិស្សនៅប្រទេសចិន។ ប្រជាជនចិន ជាប្រជាជនចូលចិត្តនាំកូនចៅ ឪពុក​មា្តយចាស់ៗចូលនិវត្តដើរកម្សាន្តសិក្សាស្វែងយល់អំពីវប្បធម៌ ប្រវត្តិសាស្ត្រ ពិសេស​តំបន់​ទេសចរណ៍​វប្បធម៌​ប្រាសាទអង្គរវត្ត និងទស្សនាទន្លេ ភ្នំ ឆ្នេរសមុទ្រស្អាតៗ និងរឿង​រ៉ាវ​និទាន​នានា​។លោកស្រី ជាវ ហុងយូ អ្នកជំនាញទេសចរណ៍មកពីប្រទេសចិន បានបញ្ជាក់ថា ភ្ញៀវទេសចរចិន ជា​ភ្ញៀវចូលចិត្តគោលដៅទេសចរណ៍មានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងចូល​ចិត្ត​ធ្វើអី្វ​ៗ​បែប​លឿន​ៗ ហើយពីមួយឆ្នាំទៅមួយឆ្នាំ ទេសចរចិន ចេញដើរកម្សាន្ត​ទៅ​ក្រៅប្រ​ទេស​ជុំវិញ​ពិភ​ព​លោក​មាន​ប្រមាណពី១២៥លានទៅ១៧៥លាននាក់ ហើយនៅក្នុង​អំឡុង​ពេល​មាន​វិបត្តិ​សង្គ្រាម​នៅ​តំបន់​មជ្ឈិមបូព៌ា បានធ្វើឲ្យទេសចរចិននានា ងាកមករកការដើរកម្សាន្តនៅតំបន់អាស៊ីអាគ្នេយ៍ ហើយ​រំពឹងថា កម្ពុជានឹងទាក់ទាញទេសចរចិនមកទស្សនាច្រើន នៅក្នុងរដូ​វទេសចរណ៍​បៃត​ង​នេះ។​ឯកឧត្តម ហួត រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ការផ្តល់​ការ​លើក​លែង​ទិដ្ឋាការ ​សម្រាប់ការទាក់ទាញទេសចរចិនមកទស្សនាកម្ពុជា ចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំ​២០២៦​នេះ គឺជាកាអនុវត្តសាកល្បង ហើយបើគោលការណ៍នេះអនុវត្តជោគជ័យ រាជ​រដ្ឋាភិបាល​អាចនឹ​ងប​ន្តពង្រីកផ្តល់ការលើកលែងទិដ្ឋាការបន្ថែមទៀតទៅដល់ប្រទេសចិន និងប្រទេស​ផ្សេង​ៗ​ទៀត​ផង​ដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា សម្រាប់ការអនុវត្តសាក​ល្បង​ផ្តល់​ការ​លើក​លែង​ទិដ្ឋាការដ​ល់ប្រជាជនចិនធ្វើដំណើរមកកាន់ប្រទេសកម្ពុជា គឺទេសចរចិនអាចមកស្នាក់​នៅ​បាន​ចំនួន​១៤​ថ្ងៃ នៅក្នុងអំឡុងពេលនៃរដូវកាលបៃតងនៅកម្ពុជា ដោយប្រជាជនចិន​ទាំង​អស់​គ្រាន់​តែ​កាន់​លិខិត​ឆ្លង​ដែនសញ្ជាតិចិន ធ្វើដំណើរផ្ទាល់ពីប្រទេសចិន ឬ ពីប្រទេសដទៃផ្សេងទៀត មក​កម្ពុជា ដោយពុំមានការស្នើសុំទិដ្ឋាការជាមុន និងពុំមានបង់កម្រៃអ្វីឡើយ គឺគ្រាន់​តែ​តម្រូវ​ឱ្យ​បំពេញ​ត្រឹម​តែ E-arrival card ប៉ុណ្ណោះ៕ អត្ថបទ៖ ស៊ុម សុខជា

សមាជិកសភាវ័យក្មេងអាយប៉ាចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ «យុវជនអាស៊ាន៖ ការពង្រឹងសាមគ្គីភាព និងការផ្ដល់អំណាចជាអ្នកដឹកនាំដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត»

04/28/2026 03:04 PM        115
ឯកឧត្តម សេង ញ៉ក់ សមាជិកគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា និងជាសមាជិកក្រុមសភាវ័យក្មេង បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ នៃសមាជិកសភាវ័យក្មេងអាយប៉ា ក្រោមមូលបទរបស់កិច្ចប្រជុំពិគ្រោះយោបល់លើកទី៣គឺ “យុវជនអាស៊ាន៖ ការពង្រឹងសាមគ្គីភាព និងការផ្ដល់អំណាចជាអ្នកដឹកនាំដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត” ។វេទិកានេះ បានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ តាមប្រព័ន្ធនិម្មិត ដែលផ្សាយចេញពីរដ្ឋសភាហ្វីលីពីន។ កិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ នៃសមាជិកសភាវ័យក្មេងអាយប៉ានាពេលនេះ មានគោល បំណងធ្វើការពិភាក្សាគ្នាលើចំណុច៣ សំខាន់រួមមាន៖ ១. ការពង្រឹងភាពធន់ផ្នែកឌីជីថល ២. ការយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្តរបស់យុវជន ៣. ការត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត។នៅក្នុងកិច្ចប្រជុំ ឯកឧត្តម សេង ញ៉ក់ បានចូលរួមចែករំលែកបទពិសោធន៍ បញ្ហាប្រឈម និងការអនុវត្តល្អៗ តាមរយៈការផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ក្នុងការបន្តលើកកម្ពស់ចំណេះដឹង និងជំរុញការចូលរួមរបស់យុវជន។ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម សេង ញ៉ក់ បានមានប្រសាសន៍ លើកឡើងថា កម្ពុជាមានប្រជាជនវ័យក្មេងប្រមាណ ៣០% នៃប្រជាជនសរុប ដែលជាកម្លាំងសំខាន់សម្រាប់ការអភិវឌ្ឍជាតិ។ ឯកឧត្តមបានបន្តថា៖ សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) ត្រូវបានទទួលស្គាល់ជាម្ចាស់ពានរង្វាន់អាស៊ាន ឆ្នាំ២០២៥ និងដើរតួនាទីជាវេទិកាសំខាន់ក្នុងការភ្ជាប់យុវជនជាមួយនវានុវត្តន៍ និងការអភិវឌ្ឍជំនាញសំខាន់ៗ ដូចជា ជំនាញឌីជីថល បរិស្ថាន និងសុខភាពផ្លូវចិត្ត។ ក្រោមយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងបច្ចេកវិទ្យា ដោយដាក់ឲ្យអនុវត្តកម្មវិធីអប់រំបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដោយឥតគិតថ្លៃ សម្រាប់យុវជនងាយរងគ្រោះប្រមាណ ១.៥ លាននាក់ ព្រមទាំងលើកកម្ពស់វិស័យ STEM ដើម្បីឆ្លើយតបនឹងតម្រូវការនាពេលអនាគត។ជាមួយគ្នានេះ កម្ពុជាក៏បានដឹកនាំគម្រោងតំបន់ដូចជា “ASEAN Data Science Explorers” និងយុទ្ធនាការ “Green TVET” ដើម្បីគាំទ្រការអភិវឌ្ឍចីរភាពសម្រាប់ក្នុងពេលអនាគត កម្ពុជាបានបង្កើតកម្មវិធីបណ្តុះសមត្ថភាពយុវជន និងសម្ព័ន្ធយុវជនសម្រាប់សកម្មភាពអាកាសធាតុ ដែលលើកកម្ពស់ជំនាញ និងការចូលរួមក្នុងគោលនយោបាយ អាកាសធាតុ។ជាចុងបញ្ចប់ ឯកឧត្តម សេង ញ៉ក់ បានគូសបញ្ជាក់ថា យុវជនអាស៊ាន គឺជាកម្លាំងដ៏រស់រវើក និងសម្បូរបែបនៃអ្នកច្នៃប្រឌិត អ្នក មានឥទ្ធិពល និងជាអ្នករួមចំណែកបង្កើតវាសនារួមរបស់ពួកគេ តាមរយៈការបង្រួបបង្រួមកិច្ចខិតខំប្រឹងប្រែងរបស់យើង ដែលអាចកសាងអនាគតប្រកបដោយនិរន្តរភាព ដែលយុវជនគ្រប់រូបក្នុងអាស៊ានមានឱកាសរីកចម្រើន និងចូលរួមចំណែកដល់ថ្ងៃស្អែកដែលប្រសើរជាងមុន៕

ព្រះសង្ឃ និងពលរដ្ឋត្រេកអរ បន្ទាប់​ពីទទួល​ដំណឹង​អំពី​ព្រះរាជ​សុខ​ភាព​ព្រះ​មហា​ក្សត្រ​កាន់​តែ​ល្អ​ប្រសើរ​

04/28/2026 02:04 PM        214
ព្រះសង្ឃ និងប្រជាពលរដ្ឋ បានសម្ដែងអារម្មណ៍ត្រេកអរ និងថ្វាយព្រះពរ ព្រះមហាក្សត្រ ក្រោយ​ពី​ទទួល​ដំណឹង ពីព្រះរាជសុខភាព របស់ព្រះអង្គ ដែលកំពុងគង់ប្រថាប់ព្យាបាលព្រះរោគ នៅ​ប្រទេស​ចិន មានស្ថានភាពល្អប្រសើរ។ ព្រះគ្រូសូត្រស្ដាំ គង់នៅ វត្តពិភទ្ទរង្សី ចិនដំដែក និង ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ មាន​សង្ឃ​ដីកា និងបានប្រាប់ BTV នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះថា ព្រះអង្គ មានព្រះទ័យ​រីក​រាយ ​នៅពេលដែលទទួលដំណឹងថា ព្រះរាជសុខភាពរបស់ ព្រះករុណា ព្រះបាទ សម្ដេច​ព្រះ​បរម​នា​ថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានស្ថានភាពល្អប្រសើរ។ ព្រះ​សង្ឃ និងពលរដ្ឋ ថា បើទោះបីព្រះករុណា មិនទាន់អាចយាងនិវត្តន៍មកមាតុប្រទេសវិញ ក៏​ពិត​មែន ​ប៉ុន្ដែការវិវឌ្ឍន៍ ស្ថានភាពព្រះរាជសុខភាពល្អប្រសើរនេះ គឺជាដំណឹងដ៏រីករាយ របស់​ប្រជា​ពលរដ្ឋខ្មែរនៅទូទាំងប្រទេស។ សូមជម្រាបជូនថា យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង កាល​ពី​ថ្ងៃ​ទី​២៧ ​ខែមេសា ឆ្នាំ២០២៦ បានឲ្យដឹងថា បន្ទាប់ពីគង់ប្រថាប់ ក្នុងមន្ទីរពេទ្យ នៅរដ្ឋធានីប៉េកាំង ប្រទេស​ចិន រយៈពេល ១សប្ដាហ៍កន្លងមកនេះ ស្ថានភាពព្រះរាជសុខភាព របស់ព្រះករុណា ព្រះ​មហាក្សត្រ បានល្អប្រសើរបន្តិចជាងមុន។ ហើយក្រុមគ្រូពេទ្យជំនាញរបស់ប្រទេសចិន កំពុងបន្ត ថ្វាយ​ការ​តាមដានព្រះរាជសុខភាព យ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត។ តាមក្រសួង​ព្រះ​បរម​រាជ​វាំង ​ព្រះករុណា ព្រះមហាក្សត្រ ទ្រង់ត្រូវបន្តគង់ប្រថាប់ តាមដានព្រះរាជសុខភាព ក្នុងមន្ទីរពេទ្យ នៅ​ប្រទេសចិនមួយរយៈទៀត រហូតដល់ព្រះរាជសុខភាព ព្រះអង្គល្អឡើងវិញ៕ អត្ថបទ៖ លៀ ស៊ីណា

ពលរដ្ឋបន្តសាទរកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលបោសសម្អាត Online Scams ដើម្បីស្ដារ​មុខមាត់​កម្ពុជា

04/28/2026 02:04 PM        116
ប្រជាពលរដ្ឋខ្មែរ បាន​បន្ត​បង្ហាញ​ការ​គាំទ្រ​លើ​កិច្ចខិ​តខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​បន្ត​បោស​សម្អាត Online Scams ចេញពីកម្ពុជា ដើម្បីស្ដារមុខមាត់ប្រទេសឡើងវិញ និងជា​ការ​បញ្ជាក់​ថា​ កម្ពុជាពុំមែនជាទីសុវត្ថិភាពសម្រាប់ក្រុមឧក្រិដ្ឋជននោះឡើយ។ ក្នុងមួយរយៈពេលក្រោយមកនេះ កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅទូទាំងប្រទេស បាន​បន្ថែម​ល្បឿន​កាន់​តែខ្លាំង ក្នុងការបោសសម្អាត ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ​ស្រប​តាមបទបញ្ជាម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏​ដូច​ជា​អនុវត្ត​អនុ​ក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា លើការត្រួត​ពិនិត្យ​ការ​ស្នាក់​នៅ​ប្រមូល​ផ្តុំ​របស់​ជន​បរទេស​ទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា ។ បន្ទាប់ពីច្បាប់ប្រឆាំងនឹង Online Scams បានចូលជាធរមានរួចមក កម្លាំងអាជ្ញាធរ ក៏បាន​ចាប់​អនុវត្ត​យ៉ាង​ពេញលេញ ដោយក្នុងនោះមានជនបរទេស និងម្ចាស់ទីតាំង​ផ្តល់​ការ​ស្នាក់​នៅ​ដោយ​ខុស​ច្បាប់​ឲ្យជនបរទេសមួយចំនួន ក៏ត្រូវទទួលរងនូវការអនុវត្តទោសទណ្ឌច្បាប់ និងអនុវត្ត​ទណ្ឌ​កម្ម​ពិន័យ​ជាទឹកប្រាក់ជាច្រើនបន្តបន្ទាប់ហើយផងដែរ។ ពលរដ្ឋសម្តែងការគាំទ្រលើយុទ្ធនាការបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ នឹង​សង្ឃឹម​មុត​មាំថា ច្បាប់ប្រឆាំង Online scams នៅកម្ពុជា នឹងអាចធ្វើឲ្យក្រុម​ឧក្រិដ្ឋជន​ជា​ជន​បរទេស​ទាំង​ឡាយ ក្លោកខ្លាច និងឈប់ជ្រើសរើសកម្ពុជា ជាទីសម្រាប់ចូលមកជ្រកកោន ដើម្បី​ប្រព្រឹត្តិ​បទ​ល្មើសឧក្រិដ្ឋនានាបន្តទៅមុខទៀត។ លោកទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់កាលពីពេលថ្មីៗថា ក្នុង​យុទ្ធនាការ​រឹត​បន្តឹង​ការ​អនុវត្តខ្លឹមសារនៃអនុក្រឹត្យលេខ០៣ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាព តាមទី​តាំង​រស់​នៅ​ប្រមូល​ផ្ដុំ សមត្ថកិច្ចបានចាត់វិធានការផាកពិន័យយ៉ាងតឹងរឹងលើម្ចាស់ទីតាំង និងបុគ្គល​ល្មើស​ច្បាប់​មួយ​ចំនួន ដោយទទួលបានទឹកប្រាក់សរុបចំនួន១.៧៤៤.០០០.០០០រៀល៕ អត្ថបទ៖ លីហេង

រដ្ឋមន្រ្ដីក្រសួងវប្បធម៌កម្ពុជា និងទូតនីការ៉ាហ្កាប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង-ពង្រីកទំនាក់ទំនងវិស័យវប្បធម៌ ប្រទេសទាំងពីរ

04/28/2026 02:04 PM        70
រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋនីការ៉ាហ្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនុវការប្ដេជ្ញាចិត្តលើការពង្រឹង និងពង្រីកវិស័យវប្បធម៌រវាងប្រទេសទាំងពីរ។ ភាគីទទាំងពីរបានបង្ហាញនូវការប្ដេជ្ញាចិត្តបែបនេះ ក្នុងឱកាសលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតជូនឯកឧត្តម Mario Jose Armengo Campos ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋនីការ៉ាហ្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ ចូលរួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈប្រទេសទាំងពីរ នៅទីសី្តការក្រសួងវប្បធម៌ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ ។ក្នុងជំនួបពិភាក្សាទ្វេភាគី ភាគីទាំងពីរបានប្ដេជ្ញា ជំរុញលើការពង្រឹង-ពង្រីកកិច្ចសហប្រតិបតិ្តការវប្បធម៌ រួមមានការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងការរៀបចំសកម្មភាពរួមគ្នានានា ដែលចូលរួមក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជាបង្ហាញពីសេចកី្តសោមនស្សរីករាយទៅវិញទៅមក ចំពោះអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិទាំងពីរផងដែរ។លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានស្វាគមន៍ និងថ្លែងអំណរគុណឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋនីការ៉ាហ្កា ដែលកន្លងមកតែងតែជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យវប្បធម៌។ លោកជំទាវបានបន្តថា ពិតប្រាកដណាស់វិស័យវប្បធម៌ គឺគ្របដណ្តប់លើផ្នែកជាច្រើន ដូចជាភាពយន្ត (កម្ពុជា បានប្រើប្រាស់យន្តការ ទ្វេភាគី យ៉ាងសកម្មដើម្បីជំរុញឧស្សាហកម្មនេះឱ្យដើរទាន់កម្រិតអន្តរជាតិ) អក្សរសិល្បិ៍ (មានតម្លៃបំផុតនៃអត្តសញ្ញាណជាតិ) ការសម្តែងសិល្បៈ (កម្ពុជា ចាត់ទុកវិស័យនេះជា "សសរស្តម្ភ" នៃការទូតវប្បធម៌ ដើម្បីរឹតចំណងមិត្តភាពជាមួយប្រទេសនានា) និងផ្នែកផ្សេងៗទៀត។ ដូច្នេះតាមរយៈជំនួបនាពេលនេះ ភាគីទាំងពីរ មានបំណងភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃប្រទេសទាំងពីរ៕អត្ថបទ រដ្ឋា

Xavi Simons នឹងអវត្តមានដល់ចប់រដូវកាលរួមទាំង World Cup ដោយសាររបួស

04/28/2026 02:04 PM        120
ខ្សែបម្រើប្រយុទ្ធហូឡង់ Xavi Simons នឹងមិនមានវត្តមាននៅលើទីលានឡើយសម្រាប់ Tottenham Hotspur សម្រាប់ការប្រកួតដែលនៅសល់រដូវកាលនេះ បូករួមទាំងអវត្តមានពី World Cup ឆ្នាំនេះផងដែរក្រោយរងរបួសដាច់សរសៃពួរ ACL។កីឡាករវ័យ ២៣ ឆ្នាំរូបនេះ ត្រូវបានសែងចេញនៅវគ្គទីពីរអំឡុងជ័យជំនះរបស់ Spurs នៅទឹកដី Wolves ចុងសប្តាហ៍កន្លងទៅ នៅពេលប៉ះទង្គិចជាមួយខ្សែការពារ Hugo Bueno។ Simons បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនសម្តែងអារម្មណ៍សោកស្តាយ ដែលមិនអាចជួយក្លិបរបស់ខ្លួនបានស្របពេលដែលកំពុងតស៊ូគេចចេញពីការកាត់ចេញនៅ Premier League និងជាពិសេសគឺអវត្តមានពីក្រុមជម្រើសជាតិហូឡង់នៅ World Cup ឆ្នាំនេះ។ Simons បានចូលរួមជាមួយ Spurs កាលពីរដូវក្តៅឆ្នាំមុនផ្ទេរពី RB Leipzig ក្នុងតម្លៃ ៥២ លានផោន បង្ហាញខ្លួនក្នុងលីគបាន ២៨ លើករកបានពីរគ្រាប់ និងបញ្ជូនប្រាំ។ បន្ទាប់ពីឈ្នះ Wolves កាលពីចុងសប្តាហ៍ Spurs នៅតែស្ថិតនៅតំបន់គ្រោះថ្នាក់នៅឡើយខណៈបួនប្រកួតដែលនៅសល់ត្រូវជួបជាមួយ Aston Villa Leeds United Chelsea និង Everton។ World Cup 2026 នៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដាឆ្នាំនេះ ហូឡង់ស្ថិតក្នុងពូល F នឹងត្រូវជួបជាមួយ ជប៉ុននៅថ្ងៃទី ១៤ ខែមិថុនា៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ ឃាត់រថយន្តដឹកជ្រូក ១៧០ក្បាល​មក​ពី​ប្រទេស​ឡាវ
05/02/2026 07:05 PM
ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត
05/02/2026 06:05 PM
គិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ​ផ្ដល់​ការងារ​រាប់​ម៉ឺន​កន្លែង
05/02/2026 05:05 PM
លីបង់និយាយថា មនុស្ស ១៣នាក់ បានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង
05/02/2026 05:05 PM
មន្ត្រីយោធាអ៊ីរ៉ង់និយាយថា សង្គ្រាមជាថ្មីជាមួយសហរដ្ឋអាមេរិក ទំនងជាកើតឡើង
05/02/2026 05:05 PM
នាយករដ្ឋមន្ត្រីអង់គ្លេសនិយាយថា ការដង្ហែក្បួនគាំទ្រប៉ាឡេស្ទីនមួយចំនួន អាចត្រូវបានហាមឃាត់
05/02/2026 05:05 PM
ការតវ៉ាផ្ទុះឡើងនៅទីក្រុង Pune ប្រទេសឥណ្ឌា ជុំវិញការចោទប្រកាន់ពីបទរំលោភ និងឃាតកម្មលើកុមារីអាយុ ៤ឆ្នាំ
05/02/2026 05:05 PM
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអ៊ីរ៉ង់ ពិភាក្សាអំពីសេរីភាពនៃការធ្វើនាវាចរណ៍ និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
05/02/2026 05:05 PM
របាយការណ៍៖ ការផ្ទុះគ្រាប់បែកដែលនៅសល់ពីការវាយប្រហារ បានសម្លាប់សមាជិកឆ្មាំបដិវត្តន៍អ៊ីរ៉ង់ចំនួន ១៤នាក់
05/02/2026 05:05 PM
អង្គការ WHO អំពាវនាវឲ្យមានការបញ្ចូលថ្នាំពេទ្យជាបន្ទាន់ទៅកាន់តំបន់ហ្កាហ្សា ដើម្បីកសាងសេវាសុខភាពឡើងវិញ
05/02/2026 04:05 PM