ស្វែងរក

UN ប្ដេជ្ញាបន្តពង្រឹងសន្តិសុខស្បៀងជាមួយកម្ពុជា ខណៈពិភពលោកជួបវិបត្តិជាបន្តបន្ទាប់

04/28/2026 02:04 PM        106
ភ្នំពេញ៖ អង្គការសហប្រជាជាតិ (UN) តាមរយៈទីភ្នាក់ងារថ្មីប្រចាំនៅកម្ពុជា បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តាមរយៈពង្រឹងប្រព័ន្ធស្បៀងឲ្យកាន់តែមានភាពធន់ បរិយាបន្ន ផ្ដល់នូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងរបបអាហារសុខភាព សម្រាប់ទាំងអស់គ្នា ខណៈដែលពិភពលោក បាននិងកំពុងជួបនូវវិបត្តិជាបន្តបន្ទាប់ ។ ក្នុងជំនួបពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោកស្រី វ្ល៉ាដាន់កា អង់ឌ្រេវ៉ា (Vladanka Andreeva) បានថ្លែងថា យូអិន នឹងបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តយុទ្ធសាស្ត្រជាតិស្ដីពី សន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨ ផែនទីបង្ហាញផ្លូវស្ដីពី ប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៅកម្ពុជាលើកទី២ ឆ្នាំ២០២៥-២០៣០ ផែនការជាតិរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ផែនការសកម្មភាពរបស់ចលនាបង្កើនអាហារូបត្ថម្ភ និងសម្ព័ន្ធជើងឯកបរិវត្តកម្មប្រព័ន្ធស្បៀង ព្រមទាំងគំនិតផ្ដួចផ្ដើមនានារបស់យូអិន ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានប្រាប់ទៅភ្នាក់ងារយូអិនប្រចាំកម្ពុជាថ្មី អំពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជាពិសេសបញ្ចកោណទី១ មុំទី៤ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង និងបញ្ចកោណទី៤ មុំទី៣ ការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ ដែលជាភារកិច្ចរបស់ក្រុមប្រឹក្សាស្ដារវិស័យកសិកម្ម និងជនបទ ។ ឯកឧត្តម បានបន្តថា ក្រុមប្រឹក្សាស្ដារវិស័យកសិកម្ម និងជនបទ នឹងបន្តពង្រឹងអភិបាលកិច្ចស្ថាប័ន និងភាពជាដៃគូ ការសម្របសម្រួល និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាក្នុងតំបន់ និងពិភពលោក ព្រមទាំងចូលរួមជាមួយយូអិន ក្នុងគំនិតផ្ដួចផ្ដើមនានា ដើម្បីលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ និងដើម្បីលើកកម្ពស់ប្រព័ន្ធស្បៀង និងដោះស្រាយបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា ។ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានគូសបញ្ជាក់ថា ទោះបីកម្ពុជាបច្ចុប្បន្ន កំពុងមានវិបត្តិនៅតាមព្រំដែនជាមួយប្រទេសថៃ ក៏កម្ពុជានៅតែមានសមត្ថភាព និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិត និងផ្ដគ់ផ្គង់ស្បៀងអាហារសម្រាប់តម្រូវការក្នុងស្រុក និងនាំចេញទៅបរទេស ហើយផលិតកម្មក្នុងស្រុកមានការកើនឡើងគួឲ្យកត់សម្គាល់ ទាំងបរិមាណ និងគុណភាព ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង ។ ចំណែកកំណើនសេដ្ឋកិច្ចកម្ពុជា ស្ថិតក្នុងរង្វង់ ៥ភាគរយ ក្នុងឆ្នាំ២០២៦នេះ បើទោះបីចរន្តសេដ្ឋកិច្ចសកល ស្ថិតក្នុងភាពមិនច្បាស់លាស់ក្តី ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា នាពេលបច្ចុប្បន្ននេះ កម្ពុជាកំពុងធ្វើការ ដើម្បីប្រែក្លាយក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រនានា ឲ្យទៅជាសកម្មភាពអនុវត្តជាក់ស្ដែង ដែលការងារនេះ ទាមទារឲ្យមានការចូលរួមគាំទ្រទាំងថវិកា និងបច្ចេកទេសពីទីភ្នាក់ងារយូអិន ដើម្បីឲ្យកសិករ ស្ត្រី ជនក្រីក្រ យុវជន និងសហគមន៍ជនបទ ទទួលបាននូវអត្ថប្រយោជន៍យូរអង្វែង ពីការធ្វើបរិវត្តកម្មប្រព័ន្ធស្បៀងនៅកម្ពុជា ៕ 

ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ជាការវាស់ស្ទង់កម្រិត​បច្ចេកទេស និងទេពកោសល្យអត្តពលិក

04/28/2026 02:04 PM        117
កណ្តាល៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥-២០២៦គឺជាការវាស់ស្ទង់កម្រិតបច្ចេកទេស និងទេពកោសល្យរបស់កីឡាករ កីឡាការិនី ក្នុងការចូលរួមប្រកួតតំណាងឲ្យខេត្ត។នេះជាការបញ្ជាក់ពី ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល ក្នុងពិធីបិទការប្រកួតមធ្យម​សិក្សាប្រចាំឆ្នាំ កាលពីម្សិលមិញ នាទីលានទាត់ខេត្តកណ្តាល ។ អភិបាលរង​ខេត្តកណ្តាល បានបញ្ជាក់បន្ថែមថា ខេត្តកណ្តាលបានរៀបចំការប្រកួតនានាជាច្រើន ដើម្បី ឲ្យ កុមារ យុវជន និងមហាជន ចូលរួមប្រកួតប្រជែង រួមចំណែកអភិវឌ្ឍន៍វិស័យកីឡាខេត្ត និងប្រទេសជាតិទាំងមូល។ហើយនេះជាសកម្មភាពយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីការអប់រំកាយ និងកីឡា ដែលមានខ្លឹមសារថា “ យុវជនម្នាក់ មានជំនាញកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត “ ព្រមទាំងបានចូលរួមចំណែកក្នុងការអនុវត្ត”ស្តង់ដាសាលារៀនគំរូ” ផងដែរ។ តាមរយៈនៃការប្រកួតនេះ ក្នុងមានខេត្តកណ្តាល ឯកឧត្តម មើលឃើញថា ក្មួយៗកីឡាករ កីឡាការិនីទាំងអស់បានយកស្មារតីសាមគ្គីភាព មិត្តភាព និងគោរពទៅតាមបទបញ្ជាបច្ចេកទេសរបស់គណៈកម្មការរៀបចំការប្រកួតទាំងសាមគ្គីភាពក្នុងក្រុម និងរវាងក្រុមមួយទៅ ក្រុមមួយទៀត ធ្វើឱ្យការប្រកួតនេះទទួលបានលទ្ធផលល្អ និងមានភាពស្រស់ស្អាតនៃការប្រកួតនិមួយៗ។ឯកឧត្តម ប៊ុន ផេង បានបន្ថែមថា គ្រប់គ្រឹះស្ថានមធ្យមសិក្សារដ្ឋ និងឯកជនក្នុងខេត្ត បានយកចិត្តទុកដាក់ក្នុងការអនុវត្តផ្នែកអប់រំកាយ និងកីឡា នៅតាមគ្រឹះស្ថានសិក្សាដើម្បីឲ្យសិស្សានុសិស្សទទួលបាននូវការវិវត្តន៍ផ្នែករូបរាងកាយ បញ្ញាស្មារតី ក៏ដូចជាការអនុវត្តក្នុងម៉ោងសិក្សាតាមការណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ២ ម៉ោងក្នុង មួយសប្តាហ៍ឲ្យបានខ្ជាប់ខ្ជួន និងទទួលខុសត្រូវ។បើតាមរបាយការរបស់ លោក ចេង សំអុល ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា បានឲ្យដឹងថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥-២០២៦ ដំណើរការរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ ២៧ ខែ មេសា គណៈកម្មាធិការបច្ចេទេស ដាក់៤ប្រភេទកីឡារួមមាន បាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្ម៕

កម្ពុជាបញ្ជាក់ពីគំរូអនុវត្តដ៏ល្អនៃការសិក្សាផ្អែកលើការងារ (WBL) និងជំរុញការចល័តកម្លាំងពលកម្មដោយសេរីនៅក្នុងតំបន់អាស៊ានដោយគ្មានការរើសអើង ក្នុងកិច្ចប្រជុំអាស៊ាន-ស្វីស

04/28/2026 02:04 PM        87
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការគ្រប់គ្រងគម្រោងថ្នាក់តំបន់ (RPSC) នៃគម្រោងគំនិតផ្ដួចផ្ដើមអាស៊ាន-ស្វីស (ASTI)។ ក្នុងឱកាសនោះ ឯកឧត្ដមបានគូសបញ្ជាក់ពីគំរូដ៏ល្អនៃការអនុវត្តការសិក្សាផ្អែកលើការងារ (WBL) របស់កម្ពុជា ក្នុងការអភិវឌ្ឍជំនាញកម្លាំងពលកម្មក្នុងបរិបទនៃបច្ចេកទេសទំនើប ដែលជាវឌ្ឍនភាពដ៏សំខាន់មួយនៃគម្រោង ASTI។ កិច្ចប្រជុំចុងក្រោយក្នុងដំណាក់កាលទី១ (២០២២-២០២៦) នេះ ក៏ជាឱកាសសម្រាប់ពិនិត្យមើលសមិទ្ធផល និងកំណត់ទិសដៅអនាគត ដើម្បីពង្រឹងប្រព័ន្ធ TVET របស់កម្ពុជា ឡាវ និងមីយ៉ាន់ម៉ាផងដែរ។ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលគម្រោងសម្រេចបានដោយ GIZ និងដៃគូអនុវត្ត ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការនៅកម្ពុជា (SDC), ដៃគូអនុវត្ត, ស្ថាប័នអាស៊ាន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងសហការរៀបចំកិច្ចប្រជុំប្រជុំនេះឡើងដោយផ្ទាល់នៅសណ្ឋាគារ Sun & Moon និងតាមប្រព័ន្ធអនឡាញ។ ឯកឧត្តមបានគូសបញ្ជាក់ថា ក្រោមភាពជាដៃគូដ៏ល្អយូរអង្វែងផ្នែកបច្ចេកទេសនៃ SDC, គម្រោង ASTI បានក្លាយជាគ្រឹះដ៏សំខាន់នៃកិច្ចខិតខំរួមគ្នាក្នុងការបំពេញចន្លោះគម្លាតរវាងការអប់រំ និងទីផ្សារការងារ។ឯកឧត្តមបានមានប្រសាសន៍ថា ដោយផ្អែកលើមូលដ្ឋានទាំងនេះ ក្រសួងការងារ កំពុងជំរុញទិសដៅយុទ្ធសាស្ត្រតាមរយៈការបន្តកែទម្រង់ និងអភិវឌ្ឍយុទ្ធសាស្ត្រធ្វើទំនើបកម្ម TVET ថ្នាក់ជាតិ។ តាមរយៈការបង្កើតប្រព័ន្ធ TVET មួយដែលរួមបញ្ចូលគ្នា និងផ្អែកលើទិន្នន័យ កម្ពុជាកំពុងធានាថា ប្រព័ន្ធគ្រប់គ្រង និងការធានាគុណភាព នឹងដើរតួនាទីជាអ្នកការពារដ៏រឹងមាំ ក្នុងដំណើរផ្លាស់ប្តូរទៅកាន់សម័យកាលឌីជីថល និងសេដ្ឋកិច្ចបៃតង។ ទន្ទឹមនឹងនេះ កម្ពុជាក៏កំពុងជំរុញការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដានៃការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដែលជាការកែទម្រង់សំខាន់មួយ។ កិច្ចប្រជុំនេះបានបង្ហាញពីកម្លាំងនៃការរួមបញ្ចូលអាស៊ាន ក្នុងគោលបំណងសម្របសម្រួលស្តង់ដា កសាងកម្លាំងពលកម្មតំបន់ និងពង្រឹងប្រព័ន្ធ TVET ដែលជួយបង្កើនភាពធន់ និងសមត្ថភាពប្រកួតប្រជែងរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន។ ក្នុងនោះ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការចល័តកម្លាំងពលកម្មដោយសេរីក្នុងតំបន់ គឺជានិយាមដ៏សំខាន់សម្រាប់ដំណើរការពិតប្រាកដនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន ប៉ុន្តែទាមទារឱ្យមានការសម្របសម្រួលលើផ្នែកជំនាញ វិញ្ញាបនបត្រ និងស្តង់ដារវាងប្រទេសសមាជិកឱ្យបានស៊ីចង្វាក់គ្នា។ ជាមួយគ្នានេះ ក្របខណ្ឌគុណវុឌ្ឍិអាស៊ានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាថា កម្មករមកពីបណ្តាប្រទេសផ្សេងៗគ្នា មានសមត្ថភាព ផលិតភាព និងសិទ្ធិស្មើគ្នា ដើម្បីបង្ការរាល់ទម្រង់នៃការរើសអើង។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ចាំបាច់ត្រូវមានកិច្ចសហការយ៉ាងរឹងមាំ និងសកម្មបំផុតរវាងរដ្ឋាភិបាល ស្ថាប័នបណ្តុះបណ្តាល និងវិស័យឯកជន។ឯកឧត្តម ហេង សួរ សង្ឃឹមយ៉ាងមុតមាំថា ការប្តេជ្ញាចិត្តប្រកបដោយស្មាតីសហការ និងជោគវាសនារួមនាពេលនេះនឹងក្លាយជាផែនទីបង្ហាញផ្លូវសម្រាប់ដំណាក់កាលទី២ ដែលមានផលជះជាវិជ្ជមានដ៏យូរអង្វែង ដោយសង្កត់ធ្ងន់ថា «យើងកំពុងកសាងបេតិកភណ្ឌនៃជំនាញ បេតិកភណ្ឌនៃឱកាស និងបេតិកភណ្ឌនៃសាមគ្គីភាព ដែលបន្តផ្តល់ផលប្រយោជន៍ដល់ប្រជាជនអាស៊ាន និងសហគមន៍ពិភពលោក»។នាឱកាសនោះ លោក Reto Grüninger នាយក SDC បានលើកឡើងពីសារៈសំខាន់ជាសកលនៃប្រព័ន្ធ TVET របស់ប្រទេសស្វីស ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយក្រោមកិច្ចការសហការយ៉ាងរឹងមាំរវាងរដ្ឋាភិបាល ស្ថាប័នអប់រំ និងនិយោជក ដោយលោកបញ្ជាក់ថា គម្រោងនេះ ចូលរួមអភិវឌ្ឍប្រព័ន្ធអប់រំតំបន់ដែលអនុញ្ញាតឱ្យកម្មករទទួលបានវិញ្ញាបនបត្រដែលទទួលស្គាល់ និងអាចផ្លាស់ទីការងារឆ្លងវិស័យឧស្សាហកម្ម និងប្រទេសនៅក្នុងអាស៊ាន។ ទោះបីជាមានការរីកចម្រើនសំខាន់ៗក៏ដោយ ការអនុវត្តឱ្យមានប្រសិទ្ធភាពនៅពេលនេះ គឺជាអាទិភាពសំខាន់ ដើម្បីឱ្យទទួលបានលទ្ធផលពិតប្រាកដ ហើយប្រទេសស្វីសនឹងបន្តគាំទ្រដើម្បីថែរក្សា និងពង្រីកការអភិវឌ្ឍជំនាញវិជ្ជាជីវៈក្នុងតំបន់បន្ថែមទៀត។សូមបញ្ជាក់ថា កិច្ចប្រជុំដែលធ្វើឡើងរយៈពេល២ថ្ងៃ (២៨-២៩ ខែមេសា)នេះ មានអ្នកចូលរួមតំណាងមកពី លេខាធិការដ្ឋានអាស៊ាន, ATC, SOM-ED, SDC, មន្រ្តីអាជ្ញាធរ TVET នៅកម្ពុជា និងឡាវ, តំណាងនិយោជក និងឧស្សាហកម្ម រួមមាន CAMFEBA, សភាពាណិជ្ជកម្មអន្តរជាតិ (IBC) និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិឡាវ (LNCCI) ជាដើម៕

កាកបាទក្រហមឥណ្ឌូនេស៊ី ជួយសាងសង់អណ្តូងទឹកជូនពលរដ្ឋភៀសសឹក នៅបន្ទាយមានជ័យ

04/28/2026 02:04 PM        121
បន្ទាយមានជ័យ៖ កាកបាទក្រហមឥណ្ឌូនេស៊ី បានផ្តល់ថវិកាចំនួន ៥ម៉ឺនដុល្លារសហអាមេរិក ដល់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដើម្បីរួមចំណែកសាងសង់អណ្តូងទឹក ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅផ្ទះបណ្ដោះអាសន្ន របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលជាការគិតគូរអំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋភៀសសឹក ។នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក្នុងឱកាសចុះត្រួតពិនិត្យប្រព័ន្ធបណ្តាញទឹកស្អាត និងស៊ីទែនទឹក បន្ទាប់ពីបានចែកកញ្ចប់អាហារចំនួន១ ៦០០គ្រួសារ ជូនដល់ប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ។ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងបន្តថា ទោះបីនេះ ជាការជួយមានទំហំបន្តិចបន្តួចក្តី ប៉ុន្តែការទទួលបានជំនួយជាសម្ភារៈ ថវិកា និងស្មារតីក្តី ជាសក្ខីភាពបង្ហាញពីការគាំទ្រ និងទំនុកចិត្តរបស់អន្តរជាតិ ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីជំនាន់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រហូតមកដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជានិច្ចកាល តែងតែផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ៕ អត្ថបទ បាន សុខរិទ្ធិ

FIFA គ្រោងកែប្រែច្បាប់ផ្អាកការប្រកួតដោយសារពិន័យកាតលឿងនៅ World Cup ឆ្នាំនេះ

04/28/2026 02:04 PM        144
សហព័ន្ធបាល់ទាត់ពិភពលោក FIFA កំពុងពិចារណាកែប្រែច្បាប់ពាក់ព័ន្ធនឹងការពិន័យផ្អាកកីឡាករ ដោយសារកាតលឿងសរុប សម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំនេះ ខណៈដែលទម្រង់ការប្រកួតថ្មីមានការពង្រីកចំនួនក្រុមចូលរួម។តាមព័ត៌មានដែលបានចេញផ្សាយថ្មីៗនេះបានឲ្យដឹងថា FIFA មានគម្រោងបន្ថែមដំណាក់កាលលុបកាតលឿង មួយទៀត ដោយលុបកាតទាំងអស់ក្រោយបញ្ចប់វគ្គជម្រុះតាមពូល ក៏ដូចជាក្រោយវគ្គ ៨ ក្រុមចុងក្រោយ។ក្រោមច្បាប់បច្ចុប្បន្ន ក្រុមមួយត្រូវលេងប្រមាណ ៥ ប្រកួត ដើម្បីឈានដល់វគ្គ ៨ ក្រុមចុងក្រោយ ហើយកីឡាករណាដែលទទួលបានកាតលឿង ២ ដងក្នុងអំឡុងពេលនោះ នឹងត្រូវផ្អាកការប្រកួតមួយ។ ទោះយ៉ាងណា World Cup ឆ្នាំនេះដែលមានការកែប្រែទម្រង់ថ្មីមាន ៤៨ ក្រុមចូលរួមនោះ ការប្រកួតបានកើនឡើងដោយមានវគ្គ ៣២ ក្រុមចុងក្រោយមួយទៀត។FIFA មានការព្រួយបារម្ភថា ប្រសិនបើគ្មានការកែប្រែច្បាប់ កីឡាករច្រើននឹងត្រូវប្រឈមមុខនឹងហានិភ័យផ្អាកហើយអាចខកខានការប្រកួតសំខាន់ៗ ដូចជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ការដាក់បន្ថែមដំណាក់កាលលុបកាតពីរដងនេះ ត្រូវបានគេចាត់ទុកថា មានភាពយុត្តិធម៌ជាង និងអាចកាត់បន្ថយការបាត់បង់កីឡាករសំខាន់ៗក្នុងវគ្គសំខាន់ៗ។បើតាមសំណើថ្មី កម្រិតកាតលឿង ២ ដងសម្រាប់ការផ្អាកនៅតែរក្សាទុកដដែល ប៉ុន្តែការកំណត់ពេលលុបកាតនឹងធ្វើឲ្យមានតែពីរដំណាក់កាលសំខាន់ៗប៉ុណ្ណោះ ដែលកីឡាករអាចប្រឈមនឹងការផ្អាក។ នោះមានន័យថា កីឡាករត្រូវទទួលកាតលឿងក្នុង ២ ប្រកួតក្នុងចំណោម ៣ ប្រកួតវគ្គពូល ឬក្នុងវគ្គ ៣២ ក្រុមចុងក្រោយ, ១៦ ក្រុមចុងក្រោយ និងវគ្គ ៨ ក្រុមចុងក្រោយ មុនឈានដល់ការផ្អាក៕ អត្ថបទ៖នាង សុភាវុធ

ទូតកម្ពុជានៅកូរ៉េ ប្ដេជ្ញាសហការជាមួយវិស័យពាក់ព័ន្ធកូរ៉េ ពង្រឹងវិស័យថាមពលស្អាត បច្ចេកវិទ្យាបៃតង និងធនធានមនុស្ស

04/28/2026 02:04 PM        105
ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយវិស័យពាក់ព័ន្ធ របស់សាធារណរដ្ឋកូរ៉េ ដោយផ្តោតលើវិស័យអាទិភាព មានថាមពលស្អាត បច្ចេកវិទ្យាបៃតង និងការអភិវឌ្ឍធនធានមនុស្ស ។ក្នុងឱកាសចូលរួមពិធីបើកវគ្គបណ្តុះបណ្តាល សមត្ថភាពសម្រាប់មន្ត្រីរាជការកម្ពុជា ស្តីពីបច្ចេកវិទ្យាថ្មីៗ និងការរៀបចំគោលនយោបាយសម្រាប់វិស័យ e-mobility នៅកម្ពុជា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឯកអគ្គរាជទូត មានប្រសាសន៍ថា ការអភិវឌ្ឍវិស័យ e-mobility មិនត្រឹមតែជាជំហានសំខាន់ សម្រាប់ការកាត់បន្ថយការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែជាចំណុចស្នូលក្នុងការបំលែងសេដ្ឋកិច្ចកម្ពុជា ទៅរកសេដ្ឋកិច្ចបៃតង និងឌីជីថល ។ឯកឧត្តម ឃួន ផុនរតនៈ ក៏បានលើកឡើងពីសារៈសំខាន់ នៃការសហប្រតិបត្តិការអន្តរជាតិ ជាពិសេសជាមួយសាធារណរដ្ឋកូរ៉េ ក្នុងការផ្ទេរបច្ចេកវិទ្យា ការចែករំលែកបទពិសោធន៍ និងការកសាងនូវធនធានមនុស្ស ដែលជាគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងមានភាពប្រកួតប្រជែង ។ជាមួយគ្នានេះ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តោតលើវិស័យអាទិភាពដូចជា ថាមពលស្អាត បច្ចេកវិទ្យាបៃតង និងការអភិវឌ្ឍធនធានមនុស្ស ដោយការខិតខំប្រឹងប្រែងទាំងនេះ គឺស្របតាមទិសដៅនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យអភិវឌ្ឍប្រកបដោយចីរភាព ការកាត់បន្ថយការបំពុល និងការលើកកម្ពស់គុណភាព ក៏ដូចជាសុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងរយៈពេលវែង ។ គួរបញ្ជាក់ថា កម្មវិធីនេះរៀបចំដោយទីភ្នាក់ងារសហប្រតិ បត្តិការអន្តរជាតិកូរ៉េ (KOICA) និងវិទ្យាស្ថានជាតិបច្ចេកវិទ្យាបៃតង (NIGT) ក្នុងទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ហើយកម្មវិធីនេះ ជាផ្នែកមួយនៃគម្រោងដៃគូអភិវឌ្ឍផ្លូវការ (ODA) របស់ KOICA ដែលមានគោលបំណងគាំទ្រកម្ពុជាក្នុងការកសាង និងបង្កើនសមត្ថភាពគោល នយោបាយជាតិ ព្រមទាំងបង្កើតមូលដ្ឋា នស្ថាប័នរឹងមាំ សម្រាប់ការគ្រប់គ្រងថ្មយានយន្តអគ្គិសនី (EV) ចាប់ពីដំណាក់កាលផលិត ការប្រើប្រាស់ ការប្រមូល ការកែច្នៃ និងការប្រើប្រាស់ឡើងវិញ ។វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីមន្ត្រីជំនាញកម្ពុជា ក្នុងនោះមានមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ដែលជាស្ថាប័នស្នូលក្នុងការជំរុញអភិវឌ្ឍវិស័យដឹកជញ្ជូនបៃតងនៅកម្ពុជា ៕ អត្ថបទ បាន សុខរិទ្ធិ

ប្រមុខការទូតកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅទីក្រុងបានដាសេរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេ

04/28/2026 01:04 PM        102
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅទីក្រុងបានដាសេរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេ។ ប្រទេសសមាជិកអាស៊ាន និងប្រទេសជាសមាជិកអឺរ៉ុប បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដើម្បីធានាបានប្រយោជន៍រួម និងជំរុញការបន្តរីកចម្រើននៅក្នុងតំបន់ទាំងពីរ៕

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រជើងឯកក្លឹបកម្រិតទី៣អាស៊ី (AFC Challenge League) លេងនៅប្រទេសគូវ៉ែត

04/28/2026 01:04 PM        132
យោងកម្មវិធីប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ផ្ញើជូនសហព័ន្ធកីឡាបាល់ទាត់​កម្ពុជា (FFC) បានបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ជើងឯកក្លឹបអាស៊ីកម្រិតទី៣ (AFC Challenge League) វគ្គផ្ដាច់ព្រ័ត្រត្រូវលេងនៅប្រទេសគូវ៉ែត ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។ប្រភពបានបញ្ជាក់បន្ថែមថាការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងក្លឹបប្រទេសគូវ៉ែត Al Kuwait SC ជា​មួយ​ក្លឹបជើងឯកកម្ពុជា ព្រះខ័នរាជស្វាយរៀង ធ្វើនៅក្នុងពហុកីឡដ្ឋាន Jaber Al-Mubarak Al-Hamad ​វេលាម៉ោង៧និង១៥នាទីយប់នៅប្រទេសគូវ៉ែត ត្រូវនឹងម៉ោង ១១និង​១៥នាទី​យប់​ម៉ោង​នៅ​ព្រះរាជាណាចក្រកម្ពុជា។ ព្រះខ័នរាជស្វាយរៀងឡើងដល់វគ្គផ្ដាច់ព្រ័ត្រពីរលើកជាប់គ្នា ក្រោយឈ្នះក្លឹបបាល់ទាត់ប្រទេស​ហ្វីលីពីន Manila Diggers ៤ទល់នឹង១ទាំងពីរជើង។ ចំណែក Al Kuwait SC ឈ្នះក្លឹប Muras United របស់កៀហ្ស៊ីស៊ីស្ថាន ២ទល់នឹង១។សូមបញ្ជាក់ថា ពហុកីឡដ្ឋាន Jaber Al-Mubarak Al-Hamad អាចផ្ទុកអ្នកទស្សនាបាន​១៥០០០​នាក់ ហើយត្រូវបានសាងសង់នៅឆ្នាំ២០១៩-២០២៤ និង​ត្រូវ​បើក​ឱ្យ​ប្រើ​ប្រាស់ផ្លូវការថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤៕

ប្រមុខការទូតកម្ពុជា និងមន្រ្ដីជាន់ខ្ពស់ក្រសួងការបរទេសប៉ូឡូញ ប្តេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ អបអរសាទរខួប ៧០ឆ្នាំទំនាក់ទំនងការទូតប្រទេសទាំងពីរ

04/28/2026 01:04 PM        128
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារក្រៅផ្លូវការជាមួយ ឯកឧត្តម Władysław T. Bartoszewski រដ្ឋលេខាធិការនៃក្រសួងការបរទេស នៃសាធារណរដ្ឋប៉ូឡូញ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី២៥ នៅរាជធានីបានដាស៊េរីបេហ្កាវ៉ាន់ ប្រទេសព្រុយណេដារូស្សាឡាម។ ភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងកាធ្វើការរួមគ្នាឱ្យកាន់តែស្និទ្ធស្នាល ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ខណៈដែលកម្ពុជានិងប៉ូឡូញ អបអរសាទរខួប៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ នៅឆ្នាំ២០២៦នេះ។

អ្នកនាំពាក្យ៖ កម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារ នៃសេចក្តីប្រកាសរួម​រវាងប្រទេសទាំងពីរ

04/28/2026 12:04 PM        269
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បាន​បញ្ជាក់​ជា​ថ្មី​តាម​រយៈ​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះថា កម្ពុជា សង្ឃឹមថាភាគី​ថៃ​នឹង​បន្ត​គោរព​តាម​ខ្លឹម​សារ​នៃ​សេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ ដែលចែងថា៖ភាគីទាំងពីរឯកភាពគ្នាថា រាល់​ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និង​ព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និង​ខ័ណ្ឌ​សីមា​ព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ​ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា កំពុង​ដឹក​នាំ​គណៈ​ប្រតិភូ​ចូល​រួម​កិច្ច​ប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប (AEMM)លើកទី២៥នៅទីក្រុងបានដា ស៊េរី​បេហ្គាវ៉ាន់ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ និង​អញ្ជើញ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅប្រទេសប្រ៊ុយណេដារូស្សាឡាម ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ តប​តាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសទី២នៃប្រទេសប្រ៊ុយណេដារូស្សាឡាម។ ឯកឧត្តមបានបន្តថា ក្នុងឱកាសដំណើរទស្សនកិច្ចនេះ ឯកឧត្តមប្រមុខការទូតកម្ពុជា បាន​ជួប​ពិភាក្សា​ការងារជាមួយថ្នាក់ដឹកនាំប្រទេសជាមិត្តជាច្រើនរូប។ ក្នុងឱកាសជំនួបទាំងនោះ ក្រៅពី​ពិភាក្សា​អំពី​ទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការ និងប្តេជ្ញាចិត្តរួមគ្នា​ក្នុង​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​កិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី ប្រមុខការទូតកម្ពុជា ក៏មិនភ្លេចលើក​ឡើង​អំពី​កិច្ច​ការពារបូរណភាពទឹកដី និងប្រជាជន ដែលជាអាទិភាព​ចម្បង​របស់​រាជ​រដ្ឋាភិបាល​នោះ​ឡើយ​។ ជាក់ស្តែង ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសសិង្ហបូរី និងឧបនាយករដ្ឋមន្រ្តី និងជារដ្ឋ​មន្រ្តី​ការ​បរទេស ​នៃសាធារណរដ្ឋឆែក ក៏ដូចជាជំនួបជាមួយ​អនុ​រដ្ឋ​មន្រ្តី​ការ​បរទេស​នៃ​សាធា​រណ​រដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ស្ថានការណ៍វិវត្តន៍ថ្មីៗនៃបញ្ហាព្រំដែនកម្ពុជា-ថៃ សុទ្ធតែត្រូវបាន​លើក​ឡើង​ប្រាប់​ដៃគូ​សន្ទនាមិនដែលខានឡើយ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២៦ បាន​បញ្ចេញ​សារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចដោយរម្លឹកថា ចាប់តាំងពី​បទ​ឈប់​បាញ់​នៅ​ខែ ធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ទាំងភាគីកម្ពុជា និងភាគីថៃតែង​តែ​ប្រកាស​ជំហរ​គោរព​ខ្លឹមសារ​នៃ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ច​ប្រជុំ​ពិសេស​លើក​ទី៣​នៃ​គណៈ​កម្មា​ធិកា​រ​ព្រំដែ​នទូ​ទៅ(​GBC)រវាងកម្ពុជានិងថៃ ថ្ងៃទី ២៧ ធ្នូ ២០២៥។ ក្នុងន័យនេះ កម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេស​ត្រង់​ចំណុចទី៣ ដែលចែងថា÷ "ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀង​ក្រោម​សេច​ក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចំរុះព្រំដែនដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចំរុះនៅលើទីតាំងជាក់ស្តែង ដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចំរុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ ដែលមានជនស៊ីវិលរស់នៅ។" សម្តេចធិបតីសង្កត់ធ្ងន់ថា កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា គណៈកម្មការចំរុះព្រំដែនទាំងពីរអាចចាប់ផ្តើមអនុវត្តការងារវាស់វែងបានឆាប់រហ័សតាមស្មារតីដែលបានឯកភាពគ្នាក្នុងសេចក្តីប្រកាសរួម (ចំណុចទី៣) ប្រកបដោយភាពស្មោះត្រង់ ដើម្បីឈានទៅរកការខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនច្បាស់លាស់រវាងប្រទេសទាំងពីរដោយសន្តិវិធី ដែលជាមូលដ្ឋានសម្រាប់កសាងសន្តិភាពយូរអង្វែង និងអោយប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែននៃទាំងពីរប្រទេសអាចរស់នៅដោយសេចក្តីសុខ។ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចហើយ។ នេះគឺជាការគូសបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី អំពីជំហរដ៏ច្បាស់លាស់របស់កម្ពុជា។សូមបញ្ជាក់ថា ក្នុងនាមជារដ្ឋដែលគោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋានរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដោយប្រឆាំងជាដាច់ខាតការគំរាមឬការប្រើប្រាស់កម្លាំង សំដៅសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ប្រជាជននៃប្រទេសទាំងពីរអាចរួមរស់ជាមួយគ្នាក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ ឃាត់រថយន្តដឹកជ្រូក ១៧០ក្បាល​មក​ពី​ប្រទេស​ឡាវ
05/02/2026 07:05 PM
ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត
05/02/2026 06:05 PM
គិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ​ផ្ដល់​ការងារ​រាប់​ម៉ឺន​កន្លែង
05/02/2026 05:05 PM
លីបង់និយាយថា មនុស្ស ១៣នាក់ បានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង
05/02/2026 05:05 PM
មន្ត្រីយោធាអ៊ីរ៉ង់និយាយថា សង្គ្រាមជាថ្មីជាមួយសហរដ្ឋអាមេរិក ទំនងជាកើតឡើង
05/02/2026 05:05 PM
នាយករដ្ឋមន្ត្រីអង់គ្លេសនិយាយថា ការដង្ហែក្បួនគាំទ្រប៉ាឡេស្ទីនមួយចំនួន អាចត្រូវបានហាមឃាត់
05/02/2026 05:05 PM
ការតវ៉ាផ្ទុះឡើងនៅទីក្រុង Pune ប្រទេសឥណ្ឌា ជុំវិញការចោទប្រកាន់ពីបទរំលោភ និងឃាតកម្មលើកុមារីអាយុ ៤ឆ្នាំ
05/02/2026 05:05 PM
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអ៊ីរ៉ង់ ពិភាក្សាអំពីសេរីភាពនៃការធ្វើនាវាចរណ៍ និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
05/02/2026 05:05 PM
របាយការណ៍៖ ការផ្ទុះគ្រាប់បែកដែលនៅសល់ពីការវាយប្រហារ បានសម្លាប់សមាជិកឆ្មាំបដិវត្តន៍អ៊ីរ៉ង់ចំនួន ១៤នាក់
05/02/2026 05:05 PM
អង្គការ WHO អំពាវនាវឲ្យមានការបញ្ចូលថ្នាំពេទ្យជាបន្ទាន់ទៅកាន់តំបន់ហ្កាហ្សា ដើម្បីកសាងសេវាសុខភាពឡើងវិញ
05/02/2026 04:05 PM