ស្វែងរក

អធិការបតីអាល្លឺម៉ង់ និយាយថា អ៊ុយក្រែនអាចនឹងត្រូវទទួលយកការបាត់បង់ទឹកដី ដើម្បីសន្តិភាពជាមួយរុស្ស៊ី

04/28/2026 12:04 PM        81
លោក Friedrich Merz អធិការបតីអាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃទី២៧ មេសាសប្ដាហ៍នេះ ថា អ៊ុយក្រែនអាចនឹងបាត់បង់ទឹកដី ដើម្បីធានាបាននូវកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ប៉ុន្តែបានបង្ហើបថា ការធ្វើដូច្នេះអាចជួយបើកទ្វារទៅកាន់សមាជិកភាពសហភាពអឺរ៉ុប។លោក Merz បាននិយាយក្នុងអំឡុងពេលពិភាក្សាជាមួយនិស្សិតនៅក្នុងទីក្រុង Marsberg របស់ប្រទេសអាល្លឺម៉ង់ថា សង្ឃឹមថា នៅទីបំផុតនឹងមានសន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៊ី។ បន្ទាប់មក ប្រហែលជាផ្នែកមួយនៃទឹកដីអ៊ុយក្រែន នឹងលែងជារបស់អ៊ុយក្រែនទៀតហើយ។លោកអធិការបតីរូបនេះបាននិយាយថា លោកប្រធានាធិបតី Volodymyr Zelenskyy នឹងត្រូវការសំឡេងភាគច្រើននៃប្រជាមតិសម្រាប់ជំហានបែបនេះ ហើយដើម្បីធានាបានសំឡេងភាគច្រើននោះ លោក Zelenskyy នឹងត្រូវប្រាប់ប្រជាជនអ៊ុយក្រែនថា ប៉ុន្តែរូបលោកបានបើកផ្លូវទៅកាន់អឺរ៉ុបសម្រាប់អ្នក ហើយ។ បច្ចុប្បន្ន រុស្ស៊ីកាន់កាប់ប្រហែល២០ % នៃទឹកដីអ៊ុយក្រែន ហើយទាមទារឱ្យទីក្រុងគីវប្រគល់ដីបន្ថែមនៅក្នុងតំបន់ Donetsk ដើម្បីបញ្ចប់កិច្ចព្រមព្រៀងឈប់បាញ់។អ៊ុយក្រែនបានបដិសេធការប្រគល់ទឹកដីដែលនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងគីវ ហើយបានជំរុញឱ្យមានបទឈប់បាញ់នៅតាមសមរភូមិ។ លោក Zelenskyy កន្លងមកធ្លាប់បានលើកឡើងថា សម្បទានទឹកដីគួរតែត្រូវបានសម្រេចតាមរយៈប្រជាមតិ។នៅថ្ងៃ២៧មេសាដដែលលោកបាននិយាយថា ដៃគូបរទេសរបស់ទីក្រុងគីវមិនគួរភ្លេចទេថា អ៊ុយក្រែនមិនមែនកំពុងប្រយុទ្ធតែដើម្បីខ្លួនឯងប៉ុណ្ណោះទេ តែក៏ដើម្បីអឺរ៉ុបទាំងមូលដែរ ប្រសិនបើរុស្ស៊ីទទួលបានជោគជ័យជាមួយរដ្ឋមួយ ជាមួយប្រទេសជិតខាងមួយ នោះនឹងធ្វើដូចគ្នាលើប្រទេសដទៃទៀតដែរ៕

សហរដ្ឋអាមេរិក ជំរុញសភាកោះតៃវ៉ាន់ ឱ្យអនុម័តថវិកាការពារជាតិទូលំទូលាយ

04/28/2026 12:04 PM        88
អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិកប្រចាំនៅកោះតៃវ៉ាន់កាលពីថ្ងៃចន្ទ ២៧មេសា សប្ដាហ៍នេះ បានជំរុញសភាដែលមានសំឡេងភាគច្រើនជាគណបក្សប្រឆាំងរបស់កោះនេះ ឱ្យអនុម័តកញ្ចប់ថវិកាការពារជាតិ «ទូលំទូលាយ» ដោយនិយាយថាប្រព័ន្ធការពារដែនអាកាស និងមីស៊ីលរួមបញ្ចូលគ្នា និងយានដ្រូនមានសារៈសំខាន់ខ្លាំងណាស់ និងមានតម្រូវការខ្ពស់នៅទូទាំងពិភពលោក។មេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឈីង-ទ (Lai Ching-te) កាលពីឆ្នាំមុនបានស្នើកញ្ចប់ថវិកាការពារជាតិបន្ថែមចំនួន ៤០ ពាន់លានដុល្លារ ដែលមិនត្រឹមតែគ្របដណ្តប់លើអាវុធថ្មីរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាវុធផលិតនៅក្នុងស្រុកដូចជាយានដ្រូនផងដែរ ដោយនិយាយថា ទីក្រុង តៃប៉ិ ត្រូវការទប់ស្កាត់ការគំរាមកំហែងពីប្រទេសចិន ប្រកបដោយប្រសិទ្ធភាពជាងមុន ដែលចាត់ទុកកោះនេះជាទឹកដីរបស់ខ្លួន។ លោក ឡៃ និយាយថា មានតែប្រជាជនតៃវ៉ាន់ទេ ដែលអាចសម្រេចចិត្តលើអនាគតរបស់កោះនេះ។ប៉ុន្តែការចរចានៅក្នុងសភាដើម្បីជំរុញសំណើនេះបានជាប់គាំង ដោយគណបក្សប្រឆាំងដ៏សំខាន់របស់កោះនេះ គឺ គណបក្ស គូមីនតាង (Kuomintang) (KMT) បាននិយាយថា ខណៈពួកគេគាំទ្រការចំណាយលើការការពារជាតិ ពួកគេនឹងមិនចុះហត្ថលេខាលើ «សែកទទេ» ឡើយ ហើយចង់បានព័ត៌មានលម្អិតបន្ថែមពីរដ្ឋាភិបាល។នៅក្នុងបទសម្ភាសន៍ជាមួយកាសែតតៃវ៉ាន់ China Times លោក Raymond Greene ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងតៃប៉ិ បាននិយាយថា វាមានសារៈសំខាន់ណាស់សម្រាប់កោះតៃវ៉ាន់ក្នុងការអនុម័ត «កញ្ចប់ថវិកាដ៏ទូលំទូលាយ»។លោក Greene បានបន្ថែមថា  ខណៈសហរដ្ឋអាមេរិកបានប្រកាសរួចហើយអំពីការលក់អាវុធ រួមទាំងប្រព័ន្ធបាញ់គ្រាប់រ៉ូកែតពហុគ្រាប់ HIMARS ដែលផលិតដោយក្រុមហ៊ុន Lockheed Martin (LMT.N) ថវិកាការពារជាតិពិសេសរបស់តៃវ៉ាន់ក៏ស្វែងរកប្រព័ន្ធការពារដែនអាកាស និងមីស៊ីលរួមបញ្ចូលគ្នា និងយានដ្រូន ផងដែរ ក្នុងចំណោមអាវុធផ្សេងទៀត៕

ទួកគីនឹងទទួលរៀបចំការប្រណាំង Formula One វិញនៅឆ្នាំ២០២៧ ក្រោយអវត្តមាន ៦ឆ្នាំ

04/28/2026 12:04 PM        97
ព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula One នឹងវិលត្រលប់មកកាន់កាលវិភាគ F1 ពិភពលោកវិញនៅឆ្នាំ ២០២៧ ខាងមុខ ក្រោយអវត្តមាន ៦ ឆ្នាំ។ការប្រណាំងនឹងនៅតែបន្តរៀបចំនៅទីលាន Istanbul Park ក្នុងកិច្ចសន្យាដែលមានសុពលភាពដល់ឆ្នាំ ២០៣១។ Istanbul Park ជាទីលានដែលកីឡាករអង់គ្លេស Lewis Hamilton ឈ្នះជើងឯកពិភពលោកលើកទី ៧ ក្នុងអាជីពតាមស្មើកំណត់ត្រារបស់កីឡាករអាល្លឺម៉ង់ Michael Schumacher។ រំលឹកដែរថា ប្រទេសទួកគីបានទទួលរៀបចំការប្រណាំង F1 ដំបូងនៅឆ្នាំ ២០០៥ ដល់ ២០១១ ហើយក៏បានផ្អាករៀបចំដល់ឆ្នាំ ២០២០ និង ២០២១ ដែលទទួលពីរប្រកួតបំពេញកាលវិភាគ F1 នៅពេលពិភពលោករងគ្រោះដោយសារជម្ងឺរាតត្បាតកូវីដ-១៩។ ការវិលត្រលប់មកវិញរបស់ទួកគីមិនមែនបានន័យថា F1 នឹងមានការប្រណាំងលើសពី ២៤ ទីលានក្នុងមួយរដូវកាលនោះទេ ខណៈដែល F1 នឹងបញ្ចប់កិច្ចសន្យាជាមួយទីលានមួយចំនួនវិញ៕ អត្ថបទ៖នាង សុភាវុធ 

ទីក្រុងញូវដែលី ក្តៅខ្លាំងក្រោមរលកកម្ដៅ ខណៈភ្ញៀវទេសចរស្វែងរកទីជ្រកតំបន់ភ្នំត្រជាក់នៃតំបន់កាស្មៀរ

04/28/2026 12:04 PM        72
ទីក្រុងញូវដែលី ក្តៅខ្លាំងដែលស្ថិតនៅក្រោមរលកកម្ដៅ ខណៈសីតុណ្ហភាពនៅទូទាំងភាគពាយ័ព្យ និងភាគកណ្តាលប្រទេសឥណ្ឌា បានកើនឡើងចន្លោះពី៤០ ទៅ៤៤ អង្សាសេ ទោះបីជានៅកន្លែងផ្សេងទៀតក្នុងប្រទេស អ្នកទេសចរបានស្វែងរកទីជ្រកនៅតំបន់ភ្នំត្រជាក់នៃតំបន់កាស្មៀររបស់ប្រទេសឥណ្ឌាក៏ដោយ។ក្រសួងឧតុនិយមរបស់ប្រទេសឥណ្ឌា (IMD) បានចេញការព្រមានអំពីរលកកម្ដៅនៅទូទាំងប្រទេស ដោយសីតុណ្ហភាពកើនឡើងចន្លោះពី៥ អង្សាសេ លើសពីសីតុណ្ហភាពធម្មតានៅក្នុងតំបន់ជាច្រើន ជាសញ្ញានៃស្ថានភាពកម្ដៅកាន់តែខ្លាំងឡើង។លោក Naresh Kumar អ្នកវិទ្យាសាស្ត្រនៅក្រសួងឧតុនិយមរបស់ប្រទេសឥណ្ឌា (IMD) បាននិយាយថា «បច្ចុប្បន្ន ស្ថានភាពរលកកម្ដៅ កំពុងគ្របដណ្ដប់នៅទូទាំងភាគពាយ័ព្យ និងភាគកណ្តាលរបស់ប្រទេសឥណ្ឌា»។ ប៉ុន្តែនៅថ្ងៃបន្ទាប់ សីតុណ្ហភាពនឹងចាប់ផ្តើមប្រសើរឡើងវិញបន្តិចម្តងៗ»។ប្រទេសឥណ្ឌា បានប្រកាសជាផ្លូវការអំពីរលកកម្ដៅ នៅពេលដែលសីតុណ្ហភាពអតិបរមាកើនឡើងពី ៤,៥ ទៅ ៦,៤ អង្សាសេ លើសពីសីតុណ្ហភាពធម្មតា និងរលកកម្ដៅខ្លាំងមានសីតុណ្ហភាពលើសពី៦,៥ អង្សាសេ លើសពីតុណ្ហភាពធម្មតា។

ស៊ូដង់ខាងត្បូង និយាយថាមនុស្ស១៤នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនៅជិតទីក្រុង Juba

04/28/2026 12:04 PM        78
អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសបាននិយាយថា យន្តហោះដឹកអ្នកដំណើរខ្នាតតូចមួយគ្រឿងបានធ្លាក់នៅភាគនិរតីនៃរដ្ឋធានី Juba របស់ប្រទេសស៊ូដង់ខាងត្បូង កាលពីថ្ងៃចន្ទ ទី ២៧ ខែមេសា ដោយបានសម្លាប់មនុស្សទាំងអស់ ១៤ នាក់នៅលើយន្តហោះ។ អាជ្ញាធរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះនេះជាយន្តហោះ Cessna 208 Caravan ធ្វើប្រតិបត្តិការដោយក្រុមហ៊ុន CityLink Aviation កំពុងហោះហើរពីទីក្រុង Yei ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Juba នៅពេលនោះ យន្តហោះបានបាត់បង់ទំនាក់ទំនងជាមួយអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស។យន្តហោះនេះ បានហោះឡើងនៅម៉ោង ៩:១៥ ព្រឹក ម៉ោងក្នុងស្រុក ហើយបានបាត់បង់ទំនាក់ទំនងនៅម៉ោង ៩:៤៣នាទីព្រឹក ដោយមានអ្នកដំណើរ ១៣ នាក់ និងអាកាសយានិកម្នាក់។អ្នកស្លាប់ រួមមានជនជាតិកេនយ៉ាពីរនាក់ និងជនជាតិស៊ូដង់ខាងត្បូង ១២ នាក់។ របាយការណ៍បឋមបានបង្ហាញថា យន្តហោះបានធ្លាក់ដោយសារតែអាកាសធាតុមិនអំណោយផល ជាពិសេសការមើលឃើញទាប។យោងតាមកាកបាទក្រហមស៊ូដង់ខាងត្បូងបានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងសង្គ្រោះមានភាពយឺតយ៉ាវ និងលំបាក។ លោក Joseph Lukak Charles ប្រធានសាខាកាកបាទក្រហមស៊ូដង់ខាងត្បូងនៅទីក្រុង Juba និយាយថា ប្រតិបត្តិការបានចំណាយពេលជាច្រើនម៉ោងដើម្បីបានទៅដល់កន្លែងធ្លាក់យន្តហោះ។

អ្នកនយោបាយ និងសង្គមស៊ីវិលមានសុទិដ្ឋនិយមថាសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា គឺ​មាន​សារសំខាន់សម្រាប់ប្រទេសជាតិ និងសម្រាប់យុវជន

04/28/2026 11:04 AM        368
អ្នកនយោបាយ និងសង្គមស៊ីវិល បានបង្ហាញសុទិដ្ឋនិយមថា សេចក្តីព្រាងច្បាប់ស្តីពី​កាតព្វកិច្ច​យោធា គឺមានសារសំខាន់សម្រាប់ប្រទេសជាតិ សម្រាប់សង្គមជាតិ និងមាន​សារសំខាន់​សម្រាប់​យុវជន ពីព្រោះយុវជនជាកម្លាំងស្នូល នៃការអភិវឌ្ឍន៍ប្រទេសជាតិ។ ការចូលរួមកាតព្វកិច្ចយោធា គឺ​ជាការចូលរួមដើម្បីអភិវឌ្ឍន៍ខ្លួនឯង ពង្រឹងវិន័យខ្លួនឯង ជួយដល់សង្គមជាតិ និងក្រុមគ្រួសារ​ផងដែរ។បណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានថ្លែងថា ច្បាប់កាតព្វកិច្ច​យោធា គឺពិតជាមានសារសំខាន់ ហើយក្នុងនាមជាប្រជាពលរដ្ឋ យុវជន យុវនារី ក្នុងនាមជា​ទំពាំង​ស្នងឫស្សី​មានកាតព្វកិច្ចចូលរួមការពារជាតិ និងកសាងអភិវឌ្ឍន៍ជាតិ។ ហើយកាតព្វកិច្ចយោធា គឺជាការចូលរួមចំណែកសម្រាប់ជាតិដ៏មហាធំធេង ហើយក្នុងនាមជារដ្ឋមួយជាជាតិសាសន៍មួយ គឺត្រូវបំពេញកាតព្វកិច្ចយោធាក្នុងការប្តេជ្ញាចិត្តនៅក្នុងការចូលរួមកសាងជាតិ មាតុភូមិកម្ពុជា។លោកស្រី ច័ន្ទ វឌ្ឍនា ប្រធានសមាគមយុវជនដើម្បីវឌ្ឍនភាពកម្ពុជាបានថ្លែងថា សេចក្តី​ព្រាង​ច្បាប់​ស្តីពី​កាតព្វកិច្ចយោធា គឺមានសារសំខាន់សម្រាប់ប្រទេសជាតិ សម្រាប់សង្គមជាតិ និង​មាន​សារ​សំខាន់សម្រាប់យុវជន ហើយនៅពេលដែលយុវជនបានចូលរួមនៅក្នុងការហ្វឹកហ្វឺនយោធា គឺ​ពង្រឹង​ទៅលើវិន័យនៃការរស់នៅរបស់ពួកគាត់ និងពង្រឹងទៅលើសមត្ថភាពរបស់ពួកគាត់ ដែល​ធ្វើ​ឲ្យ​ពួកគាត់ជាធនធានដ៏ល្អសម្រាប់សង្គមជាតិ។ជាមួយគ្នានេះ អ្នកនយោបាយ និងសមាគមយុវជន ដើម្បីវឌ្ឍនភាពកម្ពុជា បានអំពាវនាវ​ទៅ​ដល់​យុវជន និងយុវតីទាំងអស់ចូលរួមបំពេញកាតព្វកិច្ចយោធា ពីព្រោះ​យុវជន​ជា​កម្លាំង​ស្នូល​នៃ​ការ​អភិវឌ្ឍន៍​ប្រទេសជាតិ។ ហើយការចូលរួមកាតព្វកិច្ចយោធាមិនមែនជាបន្ទុក មិនមែន​ជាការ​បង្ខិត​បង្ខំ​នោះទេ ប៉ុន្តែជាការចូលរួមដើម្បីអភិវឌ្ឍន៍ខ្លួនឯង ពង្រឹងវិន័យខ្លួនឯង ជួយដល់សង្គមជាតិ និងក្រុមគ្រួសារផងដែរ។សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ កិច្ចប្រ​ជុំពេញ​អង្គ​គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងត្រូវបានប្រកាសជា​ការ​ប្រញាប់។ សេចក្តីព្រាងច្បាប់នេះ មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរៀបចំឡើងក្នុងគោល​បំណង​ដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់នេះ ត្រូវ​បានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា៕ អត្ថបទ៖ វង្ស សុភាព

រុស្ស៊ី ដាក់បន្ថែមសមាជិកសហភាពអឺរ៉ុបចូលក្នុងបញ្ជីខ្មៅ ក្នុងការឆ្លើយតបទៅនឹងទណ្ឌកម្មថ្មី

04/28/2026 11:04 AM        149
ក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា រុស្ស៊ីបានដាក់បន្ថែមមន្ត្រីសហភាពអឺរ៉ុប (EU)ចូលទៅក្នុងបញ្ជីខ្មៅ ដែលត្រូវបានហាមឃាត់មិនឱ្យចូលប្រទេស ក្នុងការឆ្លើយតបទៅនឹងកញ្ចប់ទណ្ឌកម្មទី២០ ធ្វើឡើងដោយទីក្រុង Brussels ទៅលើទីក្រុងមូស្គូ។ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សហភាពអឺរ៉ុប បន្តការប៉ុនប៉ងរបស់ខ្លួនដើម្បីដាក់សម្ពាធលើរុស្ស៊ីដោយពង្រីកវិធានការរឹតត្បិតជាឯកតោភាគី ហើយចំណាត់ការដ៏បំផ្លិចបំផ្លាញរបស់ទីក្រុង Brussels បានរំលោភលើបទដ្ឋាននៃច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។សេចក្តីថ្លែងការណ៍ បាននិយាយថា «យើងក៏បានដាក់វិធានការរឹតត្បិតប្រឆាំងនឹងសកម្មជនសង្គមស៊ីវិល និងអ្នកសិក្សាស្រាវជ្រាវនៅក្នុងបណ្តាប្រទេសអឺរ៉ុបដែលប្រកាន់ជំហរអរិភាពចំពោះរុស្ស៊ី ព្រមទាំងសមាជិកសភាជាតិនៃរដ្ឋសមាជិកសហភាពអឺរ៉ុប និងសភាអឺរ៉ុប ដែលបានបោះឆ្នោតគាំទ្រសេចក្តីសម្រេច និងសេចក្តីស្នើច្បាប់ប្រឆាំងរុស្ស៊ី»។រុស្ស៊ី ក៏បានហាមឃាត់អ្នកតំណាងនៃស្ថាប័នអឺរ៉ុប និងរដ្ឋសមាជិកសហភាពអឺរ៉ុប ដែលពាក់ព័ន្ធនឹងសេចក្តីសម្រេចលើការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន មិនឱ្យចូលប្រទេសនេះផងដែរ។ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បាននិយាយថា សហភាពអឺរ៉ុបបានអនុម័តកញ្ចប់ប្រាក់កម្ចីចំនួន៩០ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន រួមជាមួយនឹងទណ្ឌកម្មជុំទី២០ ប្រឆាំងនឹងរុស្ស៊ី។

បទឈប់បាញ់ស្ថិតក្នុងហានិភ័យ ខណៈប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន រាយការណ៍ពីការវាយប្រហារឆ្លងព្រំដែន

04/28/2026 11:04 AM        76
ប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានចោទប្រកាន់គ្នាទៅវិញទៅមក ថា បានបើកការវាយប្រហារឆ្លងព្រំដែនជាថ្មី។ អាជ្ញាធរក្រុមតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សបួននាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅខេត្ត Kunar ភាគខាងកើត។ មន្ត្រីប៉ាគីស្ថានបានរាយការណ៍ថា ជនស៊ីវិលយ៉ាងហោចណាស់បីនាក់ បានរងរបួសដោយការបាញ់កាំភ្លើងនៅស្រុកតំបន់ភ្នំ South Waziristan។ ការបន្តអំពើហិង្សា បានគំរាមកំហែងដល់ការចរចាសន្តិភាពដ៏ផុយស្រួយរវាងប្រទេសជិតខាងគ្នានេះ។ ប្រទេសទាំងពីរ បានព្រមព្រៀងគ្នាលើបទឈប់បាញ់ដ៏ផុយស្រួយកាលពីខែមីនា ដែលបានបញ្ឈប់អំពើហិង្សាដ៏បង្ហូរឈាមរយៈពេលជាច្រើនសប្តាហ៍។អ្នកនាំពាក្យរងរបស់ក្រុមតាលីបង់ លោក Hamdullah Fitrat បាននិយាយថា យោធាប៉ាគីស្ថាន បានបើកការវាយប្រហារដោយកាំភ្លើងត្បាល់ និងគ្រាប់រ៉ូកែត ដែលបានធ្វើឱ្យមនុស្ស ៤៥ នាក់រងរបួស។ លោកបាននិយាយថា និស្សិត ស្ត្រី និងកុមារ ស្ថិតក្នុងចំណោមអ្នករងរបួស ខណៈលំនៅឋាន និងសាកលវិទ្យាល័យ Sayed Jamaluddin Afghani ក្នុងក្រុង Asadabad នៃខេត្ត Kunar បានស្ថិតក្រោមការបាញ់ផ្លោង។អ្នកនាំពាក្យបានសរសេរនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា «យើងថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារទាំងនេះ ធ្វើឡើងដោយរបបយោធាប៉ាគីស្ថាន ដែលប្រជាជនសាមញ្ញ គ្រឹះស្ថានសិក្សា និងស្ថាប័នអប់រំត្រូវបានដាក់គោលដៅ ហើយបានប្រកាសថា វាជាឧក្រិដ្ឋកម្មសង្គ្រាមដែលមិនអាចអត់ឱនឲ្យបាន»។ ក្រសួងព័ត៌មានប៉ាគីស្ថាន បានច្រានចោលរបាយការណ៍នេះថាជា «ការនិយាយកុហកយ៉ាងច្បាស់លាស់» ហើយបានទទូចថា ពុំមានការវាយប្រហារលើសាកលវិទ្យាល័យនោះទេ។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យកងកម្លាំងព្រំដែនរបស់ប្រទេស បានពិពណ៌នាអំពីឧប្បត្តិហេតុនៅស្រុក South Waziristan ថាជាការប៉ះទង្គិចគ្នាធ្ងន់ធ្ងរបំផុតចាប់តាំងពីបទឈប់បាញ់ត្រូវបានប្រកាស។

រដ្ឋសម្រេចលុបបំបាត់កម្រៃស្កែនកុងតឺន័រទាំងស្រុងចាប់ពីខែឧសភាតទៅ ដើម្បីសម្រួល​ពាណិជ្ជ​កម្ម​ក្នុង​ស្រុក

04/28/2026 11:04 AM        373
ទោះបីជាប្រឈមទៅនឹងការបាត់បង់ចំណូល ក៏ដូចជាវិបត្តិនានាយ៉ាងណាក្តី រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​សម្រេច នឹងគ្រោងដាក់​ឱ្យ​អនុវត្ត​ការ​លុប​បំបាត់​កម្រៃ​ស្កែន​កុង​តឺន័រ​ទាំង​ស្រុង​ចាប់​ពី​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ២០២៦តទៅ ដើម្បីជួយសម្រួលខាងផ្នែកពាណិជ្ជកម្ម និងចូល​រួម​ចំណែក​ក្នុង​កាត់​បន្ថយប​ន្ទុកថ្លៃដឹកជញ្ជូន (ឡូជីស្ទីក)។ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជា​អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​គយ​ និងរដ្ឋាករកម្ពុជា ក្នុងពិធីបើក​សិក្ខាសាលា​ផ្សព្វ​ផ្សាយ​វិធា​ន​ការ​មុត​ស្រួច​ក្នុង​ការ​បង្ការ និង​បង្រ្កាប​អំពើ​រត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច កាលពីព្រឹកទី២៨ ខែមេសានេះ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹងថា ក្នុងគោលបំណងសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋ​ក្នុង​ស្ថាន​ភាព​នៃ​ការ​កើន​ឡើងខ្ពស់ប្រេងឥន្ធនៈជាសកល ដែលវិធានការទាំងនោះរួមមាន៖ ការបញ្ចុះពន្ធ និង​អាករ​ រថយន្តអគ្គិសនី និងមុខទំនិញចាំបាច់សំខាន់ៗមួយចំនួនទៀត និងការ​ដាក់​ពន្ធ​និង​អាករ​ជា​បន្ទុក​របស់​រដ្ឋលើការនាំចូលប្រេងនិងឧស្ម័នឥន្ធនៈ ដែលតាមរយៈវិធា​នការ​ជា​គោល​នយោបាយ​ទាំង​នេះ ​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាត់បង់ចំណូលប្រមាណជិត ៥០លាន​ដុល្លា​រ​ក្នុង​មួយ​ខែ។​នៅក្នុងអង្គសិក្ខាសាលានេះ ឯកឧត្តបណ្ឌិត បានបញ្ជាក់ថា ការដាក់ចេញវិធានការនេះ មាន​លក្ខណៈ​មុះ​មុត ម៉ឹងម៉ាត់ និងប្រាកដនិយម និងជាផ្នែកមួយ​កែ​ទម្រង់​ស៊ីជម្រៅ​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​កាល​ទី៧ ជាពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ និងអភិបាលកិច្ច សំដៅ​ដោះ​ស្រាយ​នូវ​បញ្ហាប្រឈម និងបាតុភាពអសកម្មភាពរាំរៃនានាដែលកើតមានឡើងកន្លងមក។ ឯកឧត្តម បានបន្តថា កាលៈទេសៈដាក់ចេញនូវវិធានការមុតស្រួចទាំងនេះ គឺចាំបាច់​បំផុត​នា​ពេល​ដែល​កម្ពុជា​បាន និងកំពុងទទួលរងនូវឥទ្ធិពលដ៏ធ្ងន់ធ្ងរពីវិបត្តិស្រួចស្រាល គំរាមកំហែងដល់ជាតិ និង​សេដ្ឋកិច្ច នោះគឺព្យុះសង្ឃរា ៣ផ្ទួនគ្នា១. គឺសង្រ្គាមឈ្លានពានមកលើអធិបតេយ្យភាព និង​បូរណ​ភាពទឹកដីកម្ពុជាដោយប្រទេសថៃ ២.យុទ្ធនាការយ៉ាងក្តៅរបស់គគុកក្នុងការបង្រ្កាប ស្កេម​អន​ឡាញ (Scam Online) និងទី៣. សង្រ្គាមនៅប្រទេសអ៊ីរ៉ង់ និងវិបត្តិប្រេង​ឥន្ធនៈ​ដែល​កើត​ឡើង​ជា​បច្ច័យ​អវិជ្ជមានធ្ងន់ធ្ងរ។សូមបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយវិធានការមុតស្រួចក្នុងការបង្ការនិងបង្រ្កាបអំពើរត់គេចពន្ធ និង​ការ​ពង្រឹងអភិបាលកិច្ច របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នេះធ្វើ​ឡើង​ក្នុង​គោល​បំណង​ពិនិត្យ និងដោះស្រាយនូវ​បញ្ហា​និង​សំណូមពរ​នានា​របស់​វិស័យ​ឯកជ​នពា​ក់​ព័ន្ធ​នឹង​ការ​អនុវត្ត​នីតិ​វិធីគយ, ផ្សព្វផ្សាយអំពីគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​បញ្ចុះ​ពន្ធ​ដើម្បី​ជួយ​ដល់​ជីវភាពរបស់ប្រជាពលរដ្ឋនិងកាត់បន្ថយតម្លៃប្រេងឥន្ធនៈ និងពិនិត្យ​លើ​សេចក្ដី​ព្រាង​កញ្ចប់​វិធាន​ការមុតស្រួចក្នុងការទប់ស្កាត់អំពើរត់គេចពន្ធនិងបន្លំពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្ម និង​ការពង្រឹងអភិបាលកិច្ចក្នុងរដ្ឋបាលគយ៕ អត្ថបទ៖ ឈិត បូរ៉ាវី

កសិករគំរូក្នុងសង្កាត់រុនតាឯកតេជោសែនបង្ហាញបច្ចេកទេសដាំដើមទំពាំងបាយជូរឱ្យទទួលបានទិន្នផលខ្ពស់ តែទាមទារឱ្យមានការអត់ធ្មត់ខ្លាំង

04/28/2026 11:04 AM        96
លោក ហ៊ី ស៊ឹម កសិករគំរូក្នុងសង្កាត់រុនតាឯកតេជោសែន ខេត្តសៀមរាប ប្រែក្លាយពីបុគ្គលម្នាក់ដែលគ្មានបទពិសោធន៍ ក្លាយជាកសិករគំរូទទួលបានជោគជ័យលើការដាំដើមទំពាំងបាយជូរ និងបានពង្រីកអាជីវកម្មរបស់ខ្លួនពីការដាំទំពាំងបាយជូរ១៨ដើម រហូតដល់ជាង២០០ដើម និងទទួលបានការគាំទ្រពីសំណាក់អាជីវករ និងប្រជាពលរដ្ឋ ជាមួយទីផ្សារកក់ទុកមុនយ៉ាងសកម្ម ព្រោះតែគុណភាព និងរសជាតិដ៏ឆ្ងាញ់ពិសា។លោក ហ៊ី ស៊ឹម បានបង្ហាញថា ការដាំដុះដំណាំទំពាំងបាយជូរ ត្រូវការចំណាយពេលវេលា និងការអត់ធ្មត់ខ្លាំង ជាពិសេសសិក្សាពីបច្ចេកទេសឱ្យបានត្រឹមត្រូវទើបអាចទទួលបានជោគជ័យ។ លោកថា ដំបូងគឺត្រូវជ្រើសរើសពូជដែលមានរសជាតិឆ្ងាញ់ និងមានទីផ្សារ ដោយត្រូវយកមកផ្សាំជាមួយពូជក្នុងស្រុក ដើម្បីឱ្យមានភាពធន់នឹងអាកាសធាតុក្នុងប្រទេសកម្ពុជា។ រីឯការថែទាំវិញ ដំណាំនេះត្រូវការយកចិត្តទុកដាក់ខ្ពស់តាំងពីទើបលូតលាស់ដំបូងរហូតដល់ការប្រមូលផល ដោយមិនអាចឱ្យត្រូវទឹកភ្លៀងច្រើនពេកនោះដែរ។ ចំណែកការដាក់ជី លោក ហ៊ី ស៊ឹម បានឱ្យដឹងថា ដំណាក់កាលនេះ ជាដំណាក់កាលសំខាន់ ដែលគប្បីប្រើប្រាស់ជីធម្មជាតិ ជំនួសឱ្យជីគីមី ដែលមានសុវត្ថិភាពទាំងអ្នកដាំដុះ និង បរិភោគ ខណៈដំណាំនេះ ចំណាយពេល៨ខែទើបទទួលផល និង អាចប្រមូលផលបន្តបន្ទាប់ផងដែរ។បើតាមការបញ្ជាក់របស់លោក ហ៊ី ស៊ឹម លោកចាប់ផ្ដើមដាំដុះទំពាំងបាយជូរក្នុងឆ្នាំ២០២៣ ដែលមានចំនួន១៨ដើមប៉ុណ្ណោះនៅជុំវិញផ្ទះ ដោយក្នុងពេលនោះ លោកមិនទាន់មានបច្ចេកទេសត្រឹមត្រូវក្នុងការដាំដុះនៅឡើយ និងកត្តាអាកាសធាតុ ធ្វើឱ្យដំណាំនេះខូចខាតយ៉ាងខ្លាំង។ លោកថា ដោយចិត្តមានះមិនបោះបង់ លោកបានស្វះស្វែង រករៀនបច្ចេកទេសពីអ្នកជំនាញ និងការស្វែងយល់ពីប្រភេទដំណាំនេះ ជាលទ្ធផលលោកអាចពង្រីកអាជីវកម្មរបស់ខ្លួន ពីការដាំទំពាំងបាយជូរ១៨ដើម រហូតដល់ជាង២០០ដើម ដែលទទួលបានការគាំទ្រច្រើនពីអតិថិជន ខណៈលោកអាចលក់បានតម្លៃ ៣ម៉ឺនរៀលក្នុងមួយគីឡូក្រាម៕ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១
05/03/2026 10:05 AM
អ្នកនាំពាក្យ៖ អ្នកសារព័ត៌មាន មានតួនាទីជាអ្នកប្រមូល និងផ្សព្វផ្សាយព័ត៌មាន តែមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ ឬតុលាការនោះទេ
05/03/2026 09:05 AM
អាជ្ញាធរកម្ពុជាបន្តបណ្តេញជនបរទេសជាង២ពាន់៦រយនាក់បន្ថែមទៀតក្រោយចាប់ពួកគេបានជាបន្តបន្ទាប់ដោយជាប់ពាក់ព័ន្ធ Online Scams
05/03/2026 09:05 AM
សម្តេចធិបតី៖ ការធានាសុវត្ថិភាពព័ត៌មាន រក្សាព័ត៌មានសម្ងាត់របស់ជាតិ ក្នុងកាលៈទេសៈនៃវិបត្តិមិនមែនជាការរឹតត្បិតសេរីភាពខាងសារព័ត៌មាននោះទេ
05/03/2026 09:05 AM
សម្តេចធិបតី៖ការស្ទង់មតិឆ្លុះបញ្ចាំងឱ្យឃើញថាកម្ពុជាកំពុងពង្រឹងវិស័យព័ត៌មាន សេរីព័ត៌មាន និងការអភិវឌ្ឍវិជ្ជាជីវៈ
05/03/2026 09:05 AM
សម្តេចបវរធិបតីផ្តល់អនុសាសន៍ ៦ចំណុចដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មាន
05/03/2026 08:05 AM
សម្តេចបវរធិបតី៖ នៅកម្ពុជា សេរីភាពសារព័ត៌មាន មិនមែនត្រឹមតែជាសិទ្ធិមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យទេ តែជាចលករយុទ្ធសាស្ត្រការពារសន្តិភាព និងបូរណភាពទឹកដី
05/03/2026 08:05 AM
អាជ្ញាធរខេត្តប៉ៃលិន បន្តត្រួតពិនិត្យរកសារធាតុញៀន អាវុធជាតិផ្ទុះ និងការលួចចូលមករស់នៅខុសច្បាប់របស់ជនបរទេស
05/03/2026 08:05 AM
ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ ឃាត់រថយន្តដឹកជ្រូក ១៧០ក្បាល​មក​ពី​ប្រទេស​ឡាវ
05/02/2026 07:05 PM
ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត
05/02/2026 06:05 PM