ស្វែងរក

កសិករគំរូក្នុងសង្កាត់រុនតាឯកតេជោសែនបង្ហាញបច្ចេកទេសដាំដើមទំពាំងបាយជូរឱ្យទទួលបានទិន្នផលខ្ពស់ តែទាមទារឱ្យមានការអត់ធ្មត់ខ្លាំង

04/28/2026 11:04 AM        96
លោក ហ៊ី ស៊ឹម កសិករគំរូក្នុងសង្កាត់រុនតាឯកតេជោសែន ខេត្តសៀមរាប ប្រែក្លាយពីបុគ្គលម្នាក់ដែលគ្មានបទពិសោធន៍ ក្លាយជាកសិករគំរូទទួលបានជោគជ័យលើការដាំដើមទំពាំងបាយជូរ និងបានពង្រីកអាជីវកម្មរបស់ខ្លួនពីការដាំទំពាំងបាយជូរ១៨ដើម រហូតដល់ជាង២០០ដើម និងទទួលបានការគាំទ្រពីសំណាក់អាជីវករ និងប្រជាពលរដ្ឋ ជាមួយទីផ្សារកក់ទុកមុនយ៉ាងសកម្ម ព្រោះតែគុណភាព និងរសជាតិដ៏ឆ្ងាញ់ពិសា។លោក ហ៊ី ស៊ឹម បានបង្ហាញថា ការដាំដុះដំណាំទំពាំងបាយជូរ ត្រូវការចំណាយពេលវេលា និងការអត់ធ្មត់ខ្លាំង ជាពិសេសសិក្សាពីបច្ចេកទេសឱ្យបានត្រឹមត្រូវទើបអាចទទួលបានជោគជ័យ។ លោកថា ដំបូងគឺត្រូវជ្រើសរើសពូជដែលមានរសជាតិឆ្ងាញ់ និងមានទីផ្សារ ដោយត្រូវយកមកផ្សាំជាមួយពូជក្នុងស្រុក ដើម្បីឱ្យមានភាពធន់នឹងអាកាសធាតុក្នុងប្រទេសកម្ពុជា។ រីឯការថែទាំវិញ ដំណាំនេះត្រូវការយកចិត្តទុកដាក់ខ្ពស់តាំងពីទើបលូតលាស់ដំបូងរហូតដល់ការប្រមូលផល ដោយមិនអាចឱ្យត្រូវទឹកភ្លៀងច្រើនពេកនោះដែរ។ ចំណែកការដាក់ជី លោក ហ៊ី ស៊ឹម បានឱ្យដឹងថា ដំណាក់កាលនេះ ជាដំណាក់កាលសំខាន់ ដែលគប្បីប្រើប្រាស់ជីធម្មជាតិ ជំនួសឱ្យជីគីមី ដែលមានសុវត្ថិភាពទាំងអ្នកដាំដុះ និង បរិភោគ ខណៈដំណាំនេះ ចំណាយពេល៨ខែទើបទទួលផល និង អាចប្រមូលផលបន្តបន្ទាប់ផងដែរ។បើតាមការបញ្ជាក់របស់លោក ហ៊ី ស៊ឹម លោកចាប់ផ្ដើមដាំដុះទំពាំងបាយជូរក្នុងឆ្នាំ២០២៣ ដែលមានចំនួន១៨ដើមប៉ុណ្ណោះនៅជុំវិញផ្ទះ ដោយក្នុងពេលនោះ លោកមិនទាន់មានបច្ចេកទេសត្រឹមត្រូវក្នុងការដាំដុះនៅឡើយ និងកត្តាអាកាសធាតុ ធ្វើឱ្យដំណាំនេះខូចខាតយ៉ាងខ្លាំង។ លោកថា ដោយចិត្តមានះមិនបោះបង់ លោកបានស្វះស្វែង រករៀនបច្ចេកទេសពីអ្នកជំនាញ និងការស្វែងយល់ពីប្រភេទដំណាំនេះ ជាលទ្ធផលលោកអាចពង្រីកអាជីវកម្មរបស់ខ្លួន ពីការដាំទំពាំងបាយជូរ១៨ដើម រហូតដល់ជាង២០០ដើម ដែលទទួលបានការគាំទ្រច្រើនពីអតិថិជន ខណៈលោកអាចលក់បានតម្លៃ ៣ម៉ឺនរៀលក្នុងមួយគីឡូក្រាម៕ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

កម្ពុជាកំពុងលើកកម្ពស់ការផ្តល់ឥណទានសម្រាប់ការវិនិយោគបៃតង មិនប៉ះពាល់ដល់បរិស្ថាន

04/28/2026 10:04 AM        78
កម្ពុជាបាននិងកំពុងបង្កើនការយល់ពីគោលបំណង វិសាលភាព និងសកម្មភាពសេដ្ឋកិច្ចបៃតង ជាពិសេសការផ្តល់ឥណទាន សម្រាប់គម្រោងវិនិយោគបៃតង និងការធានាដល់ប្រតិបតិបត្តិការដែលមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីជំរុញការវិនិយោគប្រកបដោយ ចីរភាព។លោកស្រី Elvira Morella នាយិកាគ្រប់គ្រងផ្នែកសេដ្ឋកិច្ច និងប្រឹក្សាយោបល់ នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) លើក ឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាព សម្រាប់វិស័យធនាគារនៅកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ម្សិលមិញនេះថា ជុំវិញគម្រោងអភិវឌ្ឍន៍បៃតងនេះ ឃើញថា កម្ពុជាបាននិងកំពុងរឹតបន្តឹងដូចជា ការណែនាំ មានកំណត់លើអ្វីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជា "បៃតង" និង "ប្រកបដោយចីរភាព"។ បញ្ហានេះ ប្រទេសនៅក្នុងពិភពលោក បាននិងកំពុងគិតគូ និងជំរុញគម្រោងវិនិយោគប្រកបដោយចីភាព ក្នុងនោះសម្រាប់កម្ពុជា, ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុនេះពិតជាមាន សារៈសំខាន់ណាស់ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិឌ្ឍសេដ្ឋកិច្ចបៃតងនៅកម្ពុជា ដើម្បីជំរុញធានាដល់ភាពធន់នៅក្នុងសេដ្ឋកិច្ច។ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា លើកឡើងថា ជុំវិញការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ការផ្តល់ឥណទាន បៃតង និងការផ្តល់ឥណទានប្រកបដោយចីរភាព នេះគឺជានិន្នាការពិភពលោក ដែលបាននិងកំពុងគិតគូជុំវិញគម្រោងអភិវឌ្ឍន៍បៃតង នេះ ក្នុងនោះសម្រាប់កម្ពុជាក៏បាននិងកំពុងបន្តគិតគូរអំពីការអភិឌ្ឍបៃតងនេះដែរ ហើយនេះក៏ជាឱកាសដើម្បីឱ្យវិស័យធនាគារ ក៏ដូច ភាគីពាក់ព័ន្ធទាំងអស់ បង្កើននូវប្រតិបត្តិការរបស់ខ្លួន ក៏ដូចជាការផ្តល់ឥណទាននៃសេវានានាប្រកបដោយចីរភាព។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងថា សម្រាប់ការដាក់ចេញប្រព័ន្ធវដ្តករសាស្ត្រ ហិរញ្ញវត្ថុប្រកបដោយចីរភាពនេះ ក្នុងដំណាក់កាលដំបូងនេះ គឺសម្រាប់ប្រើប្រាស់ក្នុងវិស័យធនាគារ ប៉ុន្ដែមិនមែនមានន័យថា វិស័យ ផ្សេងទៀតមិនមានសិទ្ធិប្រើប្រាស់ប្រព័ន្ធវដ្តករសាស្ត្រនេះ ក្នុងការទទួលបានមូលនិធិ ឬការវិនិយោគបៃតងនោះទេ។ ផ្ទុយទៅវិញ ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឈានទៅសម្រេចបាននូវគោលដៅរួមទទួលយកប្រព័ន្ធវដ្តករ សាស្ត្រនេះទៅប្រើប្រាស់ ដើម្បីក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះ ធនាគារជាតិនៃកម្ពុជា នឹងបន្តធ្វើបច្ចុប្បន្នកម្ម និងពង្រីកវិសាលភាពដល់ការបន្សំនឹងការប្រែប្រួលអាកាសធាតុ និងសិក្សាបញ្ចូលវិស័យ ដទៃទៀត ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុនៅដំណាក់កាលទី២ អាចអនុវត្តបាន កាន់តែទូលំទូលាយ៕អត្ថបទ៖ សុន រ៉ាឌី,

កោះតៃវ៉ាន់ប្រកាសអាសន្នក្រោយប្រទះឃើញនាវាចម្បាំងចិនពីរគ្រឿងនៅជិតកោះ Penghu របស់ខ្លួន

04/28/2026 10:04 AM        100
អាជ្ញាធរការពារជាតិនៅទីក្រុងតៃប៉ិ បាននិយាយថា កោះតៃវ៉ាន់បានប្រទះឃើញនាវាចម្បាំងចិនពីរគ្រឿងកំពុងធ្វើប្រតិបត្តិការនៅក្នុងដែនទឹកក្បែរកោះ ផាំង ហ៊ូ (Penghu) ក្នុងច្រកសមុទ្រតៃវ៉ាន់ ហើយបានបញ្ជូនកងទ័ពជើងទឹក និងកងទ័ពអាកាសរបស់ខ្លួនដើម្បីតាមដាន។ចិន ដែលចាត់ទុកកោះតៃវ៉ាន់គ្រប់គ្រងតាមបែបប្រជាធិបតេយ្យថាជាទឹកដីរបស់ខ្លួន បានបញ្ជូននាវាចម្បាំង និងយន្តហោះចម្បាំងរបស់ខ្លួនចូលទៅក្នុងដែនទឹក និងផ្ទៃមេឃជុំវិញកោះនេះស្ទើរតែរាល់ថ្ងៃ ដែលធ្វើឲ្យក្រុមអាជ្ញាធរកោះនេះស្ដីបន្ទោស។ខណៈអាជ្ញាធរការពារជាតិកោះតៃវ៉ាន់ផ្តល់ព័ត៌មានថ្មីៗប្រចាំថ្ងៃអំពីទីតាំងយន្តហោះយោធាចិន កោះនេះកម្រផ្តល់ព័ត៌មានលម្អិតអំពីកន្លែងដែលនាវាចម្បាំងចិនកំពុងធ្វើប្រតិបត្តិការណាស់ ជាទូទៅបាន ប្រទះឃើញតែនាវាផ្ទុកយន្តហោះ តែប៉ុណ្ណោះ ជាក់ស្ដែងដូចដែលបានកើតឡើងកាលពីសប្តាហ៍មុន។កាលពីល្ងាចថ្ងៃចន្ទ២៧មេសាសប្ដាហ៍នេះ អាជ្ញាធរកោះបាននិយាយថា នាវាពិឃាតចិនមួយគ្រឿង និងនាវាចម្បាំងមួយគ្រឿងបានចូលទៅក្នុងដែនទឹកនៅភាគនិរតីនៃកោះ Penghu ដែលជាទីតាំងមូលដ្ឋានកងទ័ពជើងទឹក និងកងទ័ពអាកាសសំខាន់ៗរបស់តៃវ៉ាន់ និងនៅជិតច្រកសមុទ្រខាងផ្នែករបស់កោះតៃវ៉ាន់៕

មនុស្សច្រើននាក់បានស្លាប់ និងរងរបួស ក្នុងឧបទ្ទវហេតុរថភ្លើងនៅប្រទេសឥណ្ឌូនេស៊ី ខណៈការជួយសង្គ្រោះនៅបន្ត

04/28/2026 10:04 AM        89
⁠មនុស្សយ៉ាងហោចណាស់១៤នាក់បានស្លាប់ និងជាង៨០នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នារវាងរថភ្លើងពីរគ្រឿងនៅជិតរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី និងមានរបាយការណ៍ថា អ្នកដំណើរនៅជាប់ខ្លួនក្នុងគំនរបាក់បែក ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅបន្ត។អ្នកនាំពាក្យរបស់ក្រុមហ៊ុនរថភ្លើងដឹកជញ្ជូនអ្នកដំណើរ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា គ្រោះថ្នាក់កាលពីយប់ថ្ងៃច័ន្ទ បានកើតឡើងនៅស្ថានីយ៍រថភ្លើងទីក្រុង Bekasi ដែលនៅជិតគ្នាជាមួយទីក្រុងហ្សាកាតា រវាងខ្សែរថភ្លើងដឹកអ្នកដំណើរ និងរថភ្លើងដឹកជញ្ជូនផ្លូវឆ្ងាយមួយគ្រឿងផ្សេងទៀត។បុគ្គលិកសង្គ្រោះបន្ទាន់ នៅតែធ្វើការយ៉ាងសកម្មនៅកន្លែងកើតហេតុនៅព្រឹកថ្ងៃអង្គារនេះ ដោយមន្ត្រីម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា មនុស្សមួយចំនួននៅតែជាប់ខ្លួនក្នុងគំនរបាក់បែកនៃរថភ្លើង។លោក Mohammad Syafii ប្រធានទីភ្នាក់ងារស្វែងរកនិងជួយសង្គ្រោះជាតិរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយនៅព្រឹកថ្ងៃអង្គារនេះថា បច្ចុប្បន្នមានជនរងគ្រោះស្លាប់១៤នាក់ ហើយដំណើរការជម្លៀសនិងសង្គ្រោះ នៅបន្ត ដូច្នេះចំនួនពិតប្រាកដនៃជនរងគ្រោះនៅមិនទាន់បានកំណត់ច្បាស់នៅឡើយ។លោក Syafii បាននិយាយថា កិច្ចខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះអ្នកដែលនៅជាប់ខ្លួននៅក្នុងគំនរបាក់បែក មានភាពស្មុគស្មាញដោយសារតែទីតាំងហើយក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើការ ខណៈមានការខូចខាតធ្ងន់ធ្ងរដល់ទូរថភ្លើង។ លោក Syafii និយាយថា បុគ្គលិកសង្គ្រោះបានកាត់ចេញកម្ទេចកម្ទីបាក់បែក និងនាំអ្នកដែលជាប់ខ្លួននៅក្នុងទូរថភ្លើងចេញ នេះបើយោងតាមគេហទំព័រ Kompas.com។

លោក Putin សន្យាគាំទ្រអ៊ីរ៉ង់ក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសលោក Araghchiស្របពេលការចរចាបញ្ចប់សង្គ្រាមជាប់គាំង

04/28/2026 10:04 AM        73
លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទ ២៧មេសាសប្ដាហ៍នេះ បានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅទីក្រុង St. Petersburg ដោយប្រធានាធិបតីរុស្ស៊ីបានប្រាប់អ្នកការទូតអ៊ីរ៉ង់រូបនេះ ថា លោកសង្ឃឹមថានឹងមានសន្តិភាពឆាប់ៗនេះ។ទីក្រុងមូស្គូ ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ រហូតមកដល់ពេលនេះ នៅតែច្រានចោលការជាប់ពាក់ព័ន្ធនឹងជម្លោះមជ្ឈិមបូព៌ា ខណៈខ្លួននៅតែបន្តសង្គ្រាមទ្រង់ទ្រាយធំលើអ៊ុយក្រែន។ ប៉ុន្តែលោក Putin កាលពីថ្ងៃចន្ទនោះដែរ បានផ្តល់ការគាំទ្រដល់អ៊ីរ៉ង់ ដោយនិយាយថា លោកសង្ឃឹមថានឹងមានសន្តិភាពឆាប់ៗនេះ ហើយអ៊ីរ៉ង់នឹងឆ្លងកាត់ "ដំណាក់កាលដ៏លំបាក" នៃសង្គ្រាមនេះ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់រុស្ស៊ី។ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA បានដកស្រង់សម្តី លោកប្រធានាធិបតីរុស្ស៊ីក្នុងអំឡុងពេលជួបជាមួយលោក Araghchi ដោយនិយាយថា សម្រាប់ផ្នែករបស់ពួកលោក ពួកលោកនឹងធ្វើគ្រប់យ៉ាងដែលបម្រើផលប្រយោជន៍របស់អ្នក និងផលប្រយោជន៍ប្រជាជនទាំងអស់នៅក្នុងតំបន់ ដើម្បីឱ្យសន្តិភាពអាចសម្រេចបានឆាប់តាមដែលអាចធ្វើទៅបាន។លោក Araghchi បានទៅដល់ប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទ២៧មេសាសប្ដាហ៍នេះ បន្ទាប់ពីការធ្វើដំណើរទៅកាន់ប្រទេសដែលជាអ្នកជួយសម្របសម្រួល គឺ ប៉ាគីស្ថាន និងអូម៉ង់ ដើម្បីពិភាក្សាអំពីជម្លោះមជ្ឈិមបូព៌ា ខណៈកិច្ចខិតខំប្រឹងប្រែងសន្តិភាពរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន នៅតែត្រូវបានផ្អាក។ដំណើរទស្សនកិច្ចរបស់លោកAraghchiកើតឡើងស្របពេលការចរចាជាប់គាំងជាមួយអាមេរិក ខណៈភាគីទាំងពីរបានបដិសេធការទាមទារជាច្រើនរបស់គ្នាទៅវិញទៅមក។កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីអាមេរិក លោក Donald Trump បានលុបចោលដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ដោយបេសកជនរបស់លោក គឺលោក Steve Witkoff និងលោក Jared Kushner ដោយនិយាយថា ការចរចានៅទីនោះនឹងប្រៀបដូចជាការអង្គុយនិយាយគ្នាពីរឿងឥតប្រយោជន៍ ៕

អ៊ីស្រាអែល៖ ត្រូវការចំណាត់ការ ជុំវិញការបាញ់រ៉ូកែត និងយានដ្រូនរបស់ក្រុមហេសបូឡា

04/28/2026 10:04 AM        99
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទ ទី ២៧ ខែមេសា បាននិយាយថា គ្រាប់រ៉ូកែត និងយានដ្រូនរបស់ក្រុមហេសបូឡា នៅតែជាការគំរាមកំហែងដ៏សំខាន់ ដែលទាមទារឱ្យមានចំណាត់ការខាងយោធា ខណៈកងទ័ពអ៊ីស្រាអែលបានពង្រីកការវាយប្រហារលើប្រទេសលីបង់ ទោះបីជាមានបទឈប់បាញ់ក៏ដោយ។ ប្រធានាធិបតីលីបង់ លោក Joseph Aoun បាននិយាយថា ការចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល គឺដើម្បីបញ្ចប់សង្គ្រាមអ៊ីស្រាអែល-ក្រុមហេសបូឡា ហើយអ្នកទាំងឡាយដែលបានអូសទាញប្រទេសលីបង់ឲ្យធ្លាក់ចូលក្នុងសង្គ្រាមនោះគឺជាអ្នកប្រព្រឹត្តអំពើ «ក្បត់ជាតិ» ជាការនិយាយវាយប្រហារទៅលើក្រុមគាំទ្រដោយអ៊ីរ៉ង់ ដែលបានអះអាងពីការវាយប្រហារជាច្រើនលើកទៅលើគោលដៅអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃចន្ទ។ លោក Naim Qassem ប្រមុខក្រុមហេសបូឡា បានហៅការចរចាដោយផ្ទាល់រវាងប្រទេសទាំងពីរថាជា «អំពើបាប» ខណៈ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានព្រមានថា ការបដិសេធការចរចារបស់ក្រុមនេះ នឹងនាំមកនូវផលវិបាកដ៏មហន្តរាយសម្រាប់ប្រទេសលីបង់។ ឯកអគ្គរដ្ឋទូតរបស់ប្រទេសលីបង់ និងអ៊ីស្រាអែល ប្រចាំសហរដ្ឋអាមេរិក បានជួបគ្នាពីរលើកនៅទីក្រុងវ៉ាស៊ីនតោន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាជំនួបលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ សម្រាប់កិច្ចពិភាក្សាដែលក្រុមហេសបូឡា បានច្រានចោលយ៉ាងដាច់ខាត។ បន្ទាប់ពីកិច្ចចរចាលើកដំបូង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសពីបទឈប់បាញ់រយៈពេល ១០ថ្ងៃ ដែលបានចាប់ផ្តើមនៅថ្ងៃទី១៧ ខែមេសា ហើយបានប្រកាសពីការបន្តរយៈពេលបីសប្តាហ៍ទៀតបន្ទាប់ពីជុំទីពីរ។លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «នៅតែមានការគំរាមកំហែងពីក្រុមហេសបូឡា ដោយបានប្រើប្រាស់គ្រាប់រ៉ូកែត១២២មីលីម៉ែត្រ និងយានដ្រូន។ នេះទាមទារឲ្យមានការរួមបញ្ចូលគ្នារវាងសកម្មភាពប្រតិបត្តិការ និងបច្ចេកវិទ្យា»។

អាមេរិក និងអ៊ីរ៉ង់ ប៉ះសម្តីគ្នានៅUN បន្ទាប់ពីទីក្រុងតេអេរ៉ង់ទទួលបានតួនាទី មិនរីកសាយនុយក្លេអ៊ែរ

04/28/2026 10:04 AM        104
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានប៉ះសម្តីគ្នានៅអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ ទី២៧ ខែមេសា ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងការជ្រើសរើសឱ្យធ្វើជាអនុប្រធានម្នាក់ក្នុងចំណោមអនុប្រធានរាប់សិបនាក់នៅក្នុងសន្និសីទរយៈពេលមួយខែ ដើម្បីពិនិត្យឡើងវិញនូវសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ(NPT)។ សន្និសីទលើកទី១១ ដើម្បីពិនិត្យឡើងវិញនូវការអនុវត្តសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT) ដែលបានចូលជាធរមាននៅក្នុងឆ្នាំ១៩៧០ បានចាប់ផ្តើមកាលពីថ្ងៃចន្ទនៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក។ ក្រុមផ្សេងៗគ្នា បានតែងតាំងអនុប្រធានសន្និសីទចំនួន៣៤រូប ហើយប្រធានសន្និសីទ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអង្គការសហប្រជាជាតិ លោក Do Hung Viet បាននិយាយថា អ៊ីរ៉ង់ត្រូវបានជ្រើសរើសដោយ «ក្រុមរដ្ឋមិនមែនបក្សសម្ព័ន្ធ និងរដ្ឋដទៃទៀត»។ លោក Christopher Yeaw ឧបការីរដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យគ្រប់គ្រងអាវុធ និងមិនរីកសាយអាវុធសហរដ្ឋអាមេរិក បាននិយាយក្នុងសន្និសីទថា ការជ្រើសរើសអ៊ីរ៉ង់គឺជា «ការប្រមាថ» ចំពោះសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT)។ វា «មិនអាចប្រកែកបាននោះទេថា អ៊ីរ៉ង់បានបង្ហាញជាយូរមកហើយនូវការប្រមាថរបស់ខ្លួនចំពោះការប្តេជ្ញាចិត្តចំពោះការមិនរីកសាយអាវុធនៃសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ(NPT)» ហើយបានបដិសេធមិនសហការជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហាអំពីកម្មវិធីរបស់ខ្លួន។ លោកបានចាត់ទុកការជ្រើសរើសអ៊ីរ៉ង់ថា «ហួសពីភាពអាម៉ាស់ និងជាការអាម៉ាស់ចំពោះភាពជឿជាក់នៃសន្និសីទ»។ លោក Reza Najafi ដែលជាឯកអគ្គរដ្ឋទូតរបស់ទីក្រុងតេអេរ៉ង់ប្រចាំនៅទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានច្រានចោលសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកថា «គ្មានមូលដ្ឋាន និងមានហេតុផលនយោបាយ»។ បញ្ហានុយក្លេអ៊ែរគឺជាចំណុចកណ្តាលនៃសង្គ្រាមរយៈពេលពីរខែរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ជាមួយប្រទេសអ៊ីរ៉ង់ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានឡើយ។

AFC ជូនដំណឹងកម្ពុជា មាន ២ក្លិបប៉ុណ្ណោះ ត្រូវលេងពានលំដាប់ទី២ ទ្វីបអាស៊ី ឆ្នាំ២០២៦/២៧

04/28/2026 10:04 AM        363
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) បានជូនដំណឹងជាថ្មី ពីការ​កំណត់​កូតា​ក្លិប​តំណាង​កម្ពុជា ​ដែលទទួលបានកៅអីចូលរួមប្រកួតពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ទ្វីបអាស៊ី AFC Champions League Two ឆ្នាំ២០២៦/២៧ មានតែ ២ក្លិបប៉ុណ្ណោះ។ នេះបើ​យោង​តាម​សេចក្ដី​បញ្ជាក់​របស់​សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទទួល​បាន​តាម​រយៈ​សារ​អេឡិច​ត្រូនិក(អ៊ីម៉ែល) ហើយត្រូវបានក្រុមហ៊ុន​ខេមបូឌាន​ព្រីមៀរ​លីគ​(CPL)​ ផ្សព្វ​ផ្សាយ​កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។ដោយទទួលបានការបញ្ជាក់បន្ថែមពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី សហព័ន្ធកីឡា​បាល់​ទាត់​កម្ពុជា ​បានធ្វើបច្ចុប្បន្នភាពនៃចំនួនកំណត់កូតាក្លិបបាល់ទាត់តំណាងជាតិ ដែលក​ម្ពុជា​ទទួល​បាន​ដើម្បី​ចូល​​រួម​ការ​ប្រកួត​ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី ​សម្រាប់​ឆ្នាំ២​០២៦​/២៧ ​មានចំនួន ២ក្លិប រួមមាន៖ ក្រុមត្រូវលេងវគ្គចែកពូលពានរង្វាន់ AFC Champions League​ Two ឬ Group Stage ចំនួន ១ក្លិប និងក្រុមត្រូវលេងវគ្គជម្រុះពានរង្វាន់ AFC Champions League Two ឬវគ្គ Play-off ចំនួន ១ក្លិប។បន្ថែម​សហព័ន្ធ ក៏បានបញ្ជាក់ ចំពោះការកំណត់គោលការណ៍ក្លិបបាល់ទាត់តំណាងជាតិ ចូលរួម​ការ​ប្រកួត​ពានរង្វាន់លំដាប់ទី២ ទ្វីបអាស៊ីនេះ នឹងត្រូវអនុវត្ត​ទៅ​តាម​លំដាប់​លំដោយ​ក្នុង​សេចក្តី​ជូន​ដំណឹង​លេខ ០៣៤/២៦ ស.ប.ក ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ របស់សហព័ន្ធ ពោល​គឺ​ផ្អែក​សំខាន់​លើចំណាត់ថ្នាក់របស់ក្លិបបាល់ទាត់ ចូលរួមការប្រកួតជើងឯកលីគកំពូលកម្ពុជា និង​ពាន​រង្វាន់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦ ដែលបាន​បំពេញ​អាជ្ញា​បណ្ណ​ក្លិប​អន្តរជាតិ AFC Club Licensing ពេញលេញ តាមលំដាប់លំដោយ ដូចជា៖១. ក្លិប​ដែលទទួលបានជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ដែលបានរកឃើញជាផ្លូវការ គឺ​ក្លិប​ព្រះខ័នរាជស្វាយរៀង។២. ក្លិបដែលទទួលបានចំណាត់ថ្នាក់លេខ២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦។៣. ក្លិបដែលទទួលបានជើងឯកពាននរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២៥​/២៦។៤/. ក្លិបដែលទទួលបានចំណាត់លេខ៣ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦។ត្រឡប់​ទៅចាប់អារម្មណ៍ក្លិបបាល់ទាត់កម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណ AFC Club License 2026/27 គឺមាន ៤ក្លិបប៉ុណ្ណោះ រួមមានក្លិបព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន វិសាខា និង​បឹងកេត​។ នេះបើតាមការជូនដំណឹងរបស់ CPL កាលពីសប្ដាហ៍កន្លងទៅ៕ អត្ថបទ លី ឈុនឡា

តម្លៃប្រេងកើនឡើង ខណៈការប្រឈមដាក់គ្នាក្នុងសង្គ្រាមអ៊ីរ៉ង់-អាមេរិក ហាក់ពុំមានពន្លឺនៃការបញ្ចប់នៅឡើយ

04/28/2026 10:04 AM        66
តម្លៃប្រេងបានបន្តកើនឡើងនៅថ្ងៃអង្គារ ២៨មេសាសប្ដាហ៍នេះ ខណៈកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមអាមេរិក-អ៊ីរ៉ង់ហាក់ដូចជាជាប់គាំង ដោយផ្លូវទឹកដ៏សំខាន់នៃច្រកសមុទ្រហ័រមូស (Strait of Hormuz)នៅតែបិទ ដែលធ្វើឱ្យការផ្គត់ផ្គង់ថាមពលពីតំបន់ផលិតប្រេងដ៏សំខាន់នៅមជ្ឈិមបូព៌ា មិនស្ថិតស្ថេរសម្រាប់អតិថិជនសកល។មន្ត្រីអាមេរិកម្នាក់បាននិយាយកាលពីថ្ងៃចន្ទ ២៧មេសាសប្ដាហ៍នេះថា ប្រធានាធិបតីអាមេរិក Donald Trump មិនពេញចិត្តនឹងសំណើចុងក្រោយរបស់អ៊ីរ៉ង់ដែលមានគោលបំណងបញ្ចប់សង្គ្រាមនោះទេ។ ប្រភពព័ត៌មានអ៊ីរ៉ង់បានបង្ហាញកាលពីថ្ងៃចន្ទដែរថា សំណើរបស់ទីក្រុងតេអេរ៉ង់ បានជៀសវាងការដោះស្រាយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន រហូតដល់អរិភាពឈប់ ហើយជម្លោះដឹកជញ្ជូននៅឈូងសមុទ្រនឹងត្រូវបានដោះស្រាយ។  ការមិនពេញចិត្តរបស់លោក Trump ចំពោះការផ្តល់ជូនរបស់អ៊ីរ៉ង់ បានធ្វើឱ្យជម្លោះជាប់គាំង ដោយអ៊ីរ៉ង់បិទលំហូរដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូស ដែលជាធម្មតាដឹកជញ្ជូនស្មើនឹងប្រហែល២០% នៃការប្រើប្រាស់ប្រេង និងឧស្ម័នសកល ហើយសហរដ្ឋអាមេរិកនៅតែបិទច្រកកំពង់ផែអ៊ីរ៉ង់។ តម្លៃប្រេងឆៅ Brent សម្រាប់ខែមិថុនាបានកើនឡើង ៤៥ សេន ឬ ០,៤% ដល់ ១០៨,៦៨ ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ០០:៥១នាទីម៉ោងសកល បន្ទាប់ពីបានកើនឡើង ២,៨% នៅក្នុងវគ្គមុន ដល់កម្រិតខ្ពស់បំផុតក្នុងពេលបិទការជួញដូរចាប់តាំងពីថ្ងៃទី ៧ ខែមេសា។ តម្លៃប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក ដែរ សម្រាប់ខែមិថុនាបានកើនឡើង ៥៨ សេន ឬ ០,៦% ដល់ ៩៦,៩៦ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានកើនឡើង ២,១% នៅក្នុងវគ្គជួញដូរមុន៕

កម្ពុជារៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ នៅព្រឹកនេះ

04/28/2026 10:04 AM        132
ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី ២៨ ខែមេសាឆ្នាំ២០២៦នេះ បាន​រៀប​ចំ​ទិវា​កម្ម​សិទ្ធិ​បញ្ញា​ពិភព​លោក ​ឆ្នាំ២០២៦ ក្រោមមូលបទ៖« កម្មសិទ្ធិបញ្ញា និងកីឡា ការត្រៀមរួចរាល់ ការកំណត់ និ​ង​ច្នៃ​ប្រ​ឌិត» ក្រោមអធិបតីភាព លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ហែម វណ្ណឌី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំង អញ្ជើញ​ចូល​រួម​ពី​ភារធារីស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា, ប្រធាននាយកដ្ឋាន​កម្ម​សិទ្ធិ​បញ្ញា​សម្រាប់​ធុរកិច្ច ផ្នែកប្រព័ន្ធ អេកូឡូស៊ីនវានុវត្តន៍កម្មសិទ្ធិបញ្ញានៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក, និង​តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ ប្រចាំកម្ពុជា និ​ង​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​ទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM
គណបក្សប្រជាជនកម្ពុជា បានទទួលសមាជិកថ្មីជិត១ ០០០នាក់ នៅសង្កាត់រការធំ ខេត្តកំពង់ស្ពឺ
05/03/2026 11:05 AM