ស្វែងរក

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​

04/27/2026 07:04 PM        125
តបតាមការអញ្ជើញរបស់លោកជំទាវ យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ និងដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញ និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូរបស់រដ្ឋបាលរាជធានីភ្នំពេញទៅបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព (3rd G-NETS Leaders Summit) ចាប់ពីថ្ងៃទី២៥ ខែមេសា រហូតដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ បើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានប្រាប់ពីទីក្រុងតូក្យូមកថា នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងគណៈប្រតិភូបានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព (3rd G-NETS Leaders Summit) ក្រោមអធិបតីភាពរបស់លោកជំទាវ យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ ព្រមទាំងទស្សនាស្តង់ពិព័រណ៌ផលិតផលបច្ចេកវិទ្យាទំនើបៗរបស់ក្រុមហ៊ុនធំៗនៃប្រទេសជប៉ុន និងប្រទេសផ្សេងៗទៀតជាច្រើន។លោកស្រី ដោ សម្ផស្ស ក៏បានបញ្ជាក់បន្ថែមថា បណ្តាញទីក្រុងសកលសម្រាប់ចីរភាព ត្រូវបានបង្កើតឡើងដោយរដ្ឋបាលទីក្រុងតូក្យូ ក្នុងឆ្នាំ២០២២ ដើម្បីជំរុញចំណងការទូតរវាងទីក្រុង និងទីក្រុងក្នុងសកលលោក ដោយអនុញ្ញាតឱ្យទីក្រុងនានាប្រើប្រាស់វេទិកានេះ ដើម្បីចែករំលែកចំណេះដឹង ជំនាញបច្ចេកទេស សាកល្បងបច្ចេកវិទ្យាច្នៃប្រឌិត និងសហការលើគោលនយោបាយកម្រិតខ្ពស់ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល និងបង្កើតអនាគតទីក្រុងរួមគ្នាប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាប័ន្ន។ លោកស្រី ដោ សម្ផស្ស បញ្ជាក់ថា ជាមួយគ្នានេះដែរ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ គ្រោងនឹងជួបសម្តែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយលោកជំទាវ យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ ដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូ និងពិនិត្យលទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព ជាមួយគ្នាបន្តទៀតនាពេលអនាគត៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ប្រធានាធិបតីលីបង់ឆ្លើយតបទៅក្រុមហេសបូឡាថា ការនាំប្រទេសចូលទៅក្នុងសង្គ្រាម គឺ «ក្បត់ជាតិ»

04/27/2026 07:04 PM        59
ប្រធានាធិបតីលីបង់ លោក Joseph Aoun បាននិយាយនៅថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) នេះថា ការចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល មានគោលបំណងបញ្ចប់ជម្លោះជាមួយក្រុមហេសបូឡា ខណៈពេលចោទប្រកាន់អ្នកដែលទាញប្រទេសលីបង់ចូលទៅក្នុងសង្គ្រាមថា ជា «អំពើក្បត់ជាតិ» ដែលជាការស្តីបន្ទោសដោយប្រយោល ចំពោះក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់។លោក Aoun បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «គោលដៅរបស់ខ្ញុំ គឺដើម្បីឈានដល់ការបញ្ចប់ស្ថានភាពសង្គ្រាម ជាមួយអ៊ីស្រាអែល ស្រដៀងគ្នាទៅនឹងកិច្ចព្រមព្រៀងឈប់បាញ់ឆ្នាំ១៩៤៩»។ លោកបានបន្ថែមថា៖ «ខ្ញុំសូមធានាចំពោះអ្នកថា ខ្ញុំនឹងមិនទទួលយកការឈានដល់កិច្ចព្រមព្រៀងប្រកបដោយភាពអាម៉ាស់នោះទេ»។លោកបានសង្កត់ធ្ងន់ថា៖ «អ្នកដែលអូសយើងចូលទៅក្នុងសង្គ្រាម នៅប្រទេសលីបង់ ឥឡូវនេះកំពុងធ្វើឲ្យយើងទទួលខុសត្រូវ ពីព្រោះយើងបានសម្រេចចិត្តទៅចរចា។ អ្វីដែលយើងកំពុងធ្វើមិនមែនជាការក្បត់ជាតិទេ។ ផ្ទុយទៅវិញ ការក្បត់ជាតិត្រូវបានប្រព្រឹត្តដោយអ្នកដែលនាំប្រទេសរបស់ពួកគេចូលទៅក្នុងសង្គ្រាម ដើម្បីសម្រេចផលប្រយោជន៍ឲ្យបរទេស»។គួរបញ្ជាក់ថា មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem នៅថ្ងៃចន្ទនេះ បានបដិសេធការចរចាផ្ទាល់ដែលបានគ្រោងទុករបស់លីបង់ ជាមួយអ៊ីស្រាអែល ដោយចាត់ទុកថា ជា «ទង្វើខុសឆ្គងយ៉ាងធ្ងន់ធ្ងរ» ដែលនឹងធ្វើឲ្យលីបង់មិនមានស្ថិរភាពឡើយ៕

ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា

04/27/2026 07:04 PM        111
នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Petr Macinka ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឆែក ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅរដ្ឋធានីបានដា ស៊េរីបេហ្កាវ៉ាន់ ប្រទេសប្រ៊ុយណេដារូស្សាឡាម។  រដ្ឋមន្ត្រីការបរទេសទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងក្នុងវិស័យសំខាន់ៗ ដែលជាប្រយោជន៍ទៅវិញទៅមក និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋឆែក លើការបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ ក្នុងឱកាសនៃជំនួបខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនសមភាគីមិត្តអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ៕

កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី

04/27/2026 07:04 PM        125
នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Florian Hahn អនុរដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅរដ្ឋធានីបានដា ស៊េរីបេហ្កាវ៉ាន់ ប្រទេសប្រ៊ុយណេដារូស្សាឡាម។  កិច្ចពិភាក្សាបានគូសបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យ ដែលជាផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ និងបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបជូនអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ។

ហ្វីលីពីន និងអាមេរិក ធ្វើសមយុទ្ធប្រឆាំងការឡើងដីគោក ជាមួយសម្ព័ន្ធមិត្ត ក្បែរសមុទ្រចិនខាងត្បូង

04/27/2026 06:04 PM        50
នៅពេលដែលទូកសម្ដែងធ្វើជាសត្រូវ និងទូកដ្រូន បានចូលទៅកៀកឆ្នេរសមុទ្រកោះ Palawan ដែលមានទីតាំងឈមមុខនឹងសមុទ្រចិនខាងត្បូង កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធប្រឆាំងការឡើងដីគោក នៅថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) នេះ ដោយទប់ទល់នឹងការវាយប្រហារក្លែងក្លាយដោយប្រើការបាញ់ប្រហារពិតប្រាកដ ប្រឆាំងនឹងគោលដៅដែលបានកំណត់ និងស្ទាក់ចាប់ការគំរាមកំហែង។ការបង្ហាញសមត្ថភាពអាវុធកម្រិតខ្ពស់ និងការត្រៀមខ្លួនប្រតិបត្តិការ គឺជាផ្នែកមួយនៃសមយុទ្ធប្រចាំឆ្នាំ Balikatan ឬ «ស្មាប្រកៀកស្មា» ដោយនាំកងកម្លាំងមកពីប្រទេសហ្វីលីពីន សហរដ្ឋអាមេរិក អូស្ត្រាលី និងនូវែលសេឡង់មកធ្វើសមយុទ្ធការពារឆ្នេរសមុទ្ររួមគ្នា និងសាកល្បងសមត្ថភាពរបស់ពួកគេ ក្នុងការធ្វើការរួមគ្នា ដើម្បីការពារដែនទឹករបស់ដែនដី។មេបញ្ជាការយោធាហ្វីលីពីន លោក Romeo Brawner បានគូសបញ្ជាក់ពីតម្លៃយុទ្ធសាស្ត្ររបស់ទីតាំងនេះ ដោយកត់សម្គាល់ថា កោះ Palawan នៅឈមមុខនឹងសមុទ្រចិនខាងត្បូង ហើយស្ថិតនៅទល់មុខក្រុមកោះ Kalayaan ជាផ្នែកនៃកោះ Spratly ដែលទីក្រុងម៉ានីលចាត់ទុកថា ជាផ្នែកនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។លោក Brawner បានបញ្ជាក់ថា សមយុទ្ធប្រឆាំងការឡើងដីគោកនៅឆ្នាំ២០២៦ នេះ ដែលមានប្រព័ន្ធដូចជា HIMARS ជាដើម គឺខុសពីសមយុទ្ធមុនៗ ដោយការប្រើប្រាស់ប្រព័ន្ធគ្មានមនុស្សបញ្ជា ក្នុងនោះរួមមានទាំងយានដ្រូនផងដែរ។ប្រទេសចិន ពីមុនបានរិះគន់សមយុទ្ធយោធារួមគ្នា ដែលធ្វើឡើងដោយប្រទេសហ្វីលីពីន និងសម្ព័ន្ធមិត្តរបស់ខ្លួន ដោយលើកឡើងថា សមយុទ្ធទាំងនេះបង្កើនភាពតានតឹងក្នុងតំបន់៕

ប៉ាគីស្ថាននៅតែប្រឹងប្រែងបិទគម្លាត រវាងអាមេរិក និងអ៊ីរ៉ង់ ទោះគ្មានការចរចាទល់មុខក៏ដោយ

04/27/2026 06:04 PM        59
ប្រភពពីអ្នកសម្របសម្រួលប៉ាគីស្ថាន បានឲ្យដឹងថា ការងារមិនត្រូវបានបញ្ឈប់នោះឡើយ ក្នុងការបិទគម្លាត រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទោះបីជាកិច្ចចរចាទល់មុខមិនទទួលបានជោគជ័យក៏ដោយ បន្ទាប់ពីលោក Donald Trump បានលុបចោលការធ្វើដំណើរនៃបេសកជនរបស់លោក និងបានប្រាប់អ៊ីរ៉ង់ឲ្យទូរស័ព្ទជជែកគ្នា នៅពេលដែលខ្លួនចង់បានកិច្ចព្រមព្រៀង។ក្តីសង្ឃឹមនៃការរស់ឡើងវិញនូវកិច្ចប្រឹងប្រែងសន្តិភាព បានថយចុះ ចាប់តាំងពីប្រធានាធិបតីអាមេរិក កាលពីថ្ងៃសៅរ៍ បានលុបចោលការធ្វើដំណើរដោយបេសកជនរបស់លោក គឺលោក Steve Witkoff និងលោក Jared Kushner ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ដែលជារដ្ឋធានីប៉ាគីស្ថាន ពោលគឺជាកន្លែងដែលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានធ្វើដំណើរចេញចូល ២ដងហើយ កាលពីចុងសប្តាហ៍កន្លងមក។លោក Araqchi ដែលក៏បានទៅទស្សនកិច្ចប្រទេសអូម៉ង់ផងដែរនោះ បានទៅដល់រុស្ស៊ីហើយ នៅថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) នេះ ដើម្បីជួបជាមួយប្រធានាធិបតី លោក Vladimir Putin ដែលជាសម្ព័ន្ធមិត្តយូរអង្វែង។ជាសញ្ញាមួយដែលបង្ហាញថា មិនមានការប្រជុំទល់មុខណាមួយ ត្រូវបានគ្រោងទុក ក្នុងពេលឆាប់ៗនេះទេ ផ្លូវនានាបានបើកចរចារណ៍ឡើងវិញ នៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន ដែលត្រូវបានបិទខ្ទប់អស់រយៈពេល ១សប្តាហ៍ ដើម្បីរង់ចាំការចរចាដែលមិនដែល​កើតឡើងឡើយ។ សណ្ឋាគារប្រណីតដែលត្រូវបានសម្អាត ដើម្បីទុក​សម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នេះ កំពុងទទួលការកក់ពីសាធារណជនម្តងទៀត។មន្ត្រីប៉ាគីស្ថានបាននិយាយថា ការចរចានៅតែកំពុងធ្វើឡើងពីចម្ងាយ ប៉ុន្តែមិនមានផែនការធ្វើកិច្ចប្រជុំទល់មុខនោះទេ រហូតដល់ភាគីទាំង២ មានការយល់ឃើញជិតគ្នាមែនទែន ដែលមានភាពគ្រប់គ្រាន់ ដើម្បីចុះហត្ថលេខាលើអនុស្សរណៈ។ ប្រភពប៉ាគីស្ថានដែលដឹងពីការចរចានេះ បានឲ្យដឹងថា «សេចក្តីព្រាង នឹងត្រូវបានចរចាពីចម្ងាយ រហូតដល់ភាគីទាំង២ ឈានដល់ការឯកភាពគ្នាខ្លះ»៕

អាហ្វ្រិកខាងលិច អំពាវនាវឲ្យមានការឆ្លើយតបរួមគ្នាចំពោះការវាយប្រហារសម្លាប់រដ្ឋមន្រ្តីការពារជាតិម៉ាលី

04/27/2026 06:04 PM        43
 ប្រជាពលរដ្ឋរស់នៅប្រទេសហ្គាណា និងកូឌីវ័រ មានក្តីក្រៀមក្រំជាខ្លាំង និងតក់ស្លុតក្រោយការវាយប្រហារនៅប្រទេសម៉ាលីបានសម្លាប់លោករដ្ឋមន្រ្តីការពារជាតិ Sadio Camara ។ អ្នកនាំពាក្យរដ្ឋាភិបាលម៉ាលីនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រថយន្តមួយគ្រឿងដែលផ្ទុក គ្រឿងផ្ទុះបើកបរដោយជនវាយប្រហារអត្តឃាតម្នាក់ បានបើកបុកចូលលំនៅឋានរបស់លោក Sadio Camara ស្ថិតក្នុងទីក្រុង Kati បង្កឲ្យមានការបាញ់ប្រហារបណ្តាលឲ្យរូបលោករងរបួស និងក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ ។ នៅក្នុងរដ្ឋធានី Accra របស់ហ្គាណា យុវជន Sidi Keita គឺជានិស្សិតម៉ាលីមួយរូបនិយាយថា រូបគេមានភាពក្រៀមក្រំជាពន់ពេក ក្រោយពេលទទួលបានដំណឹងអកុសលបែបនេះ ។ខណៈពេលនោះដែរ រដ្ឋាភិបាលម៉ាលី បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល ២ថ្ងៃ ហើយសម្ព័ន្ធមិត្តក្រុមអាល់កៃដាបានប្រកាសទទួលស្គាល់ការវាយប្រហារមួយនេះ ។ការវាយប្រហារនេះដែរ បញ្ជាក់ពីការគំរាមកំហែងជាប់លាប់ដែលរដ្ឋាភិបាលដឹកនាំដោយយោធារបស់លោក Assimi Goita កំពុងប្រឈមមុខ ដែលបានទប់ស្កាត់អំពើហិង្សារបស់ក្រុមឧទ្ទាម ទោះបីជាមានប្រតិបត្តិការកាន់តែខ្លាំងក៏ដោយ ។ ដោយឡែក អង្គការសហប្រជាជាតិ(UN) ក៏បានថ្កោលទោសការវាយប្រហារនេះដែរ និងបានអំពាវនាវឲ្យមានការឆ្លើយតបពីអន្តរជាតិចំពោះភាពអសន្តិសុខកាន់តែអាក្រក់នៅទូទាំងតំបន់ Sahel ៕

អាជ្ញាធរយេម៉ែនចាប់ខ្លួនជនសង្ស័យជាច្រើននាក់ជុំវិញការរៀបចំផែនការធ្វើឃាត នៅទីក្រុង ADEN

04/27/2026 06:04 PM        47
អាជ្ញាធរសន្តិសុខយេម៉ែន បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានចាប់ខ្លួនជនសង្ស័យភេរវករ ដែលត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការធ្វើឃាតជាបន្តបន្ទាប់ នៅក្នុងទីក្រុងកំពង់ផែភាគខាងត្បូងនៃទីក្រុង Aden ។ដោយដកស្រង់ប្រភពសន្តិសុខ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Saba បានបញ្ជា្កក់ថា ការចាប់ខ្លួនទាំងនេះ ដែលត្រូវបានពិពណ៌នាថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បី «បង្កើនសន្តិសុខ និងស្ថិរភាព» នៅក្នុងទីក្រុង Aden បានធ្វើឡើង បន្ទាប់ពីការត្រួតពិនិត្យ និងការឃ្លាំមើលដោយប្រុងប្រយ័ត្ន»។ ជនសង្ស័យជាច្រើននាក់ ត្រូវបានឃាត់ខ្លួន រួមជាមួយនឹងសម្ភារៈ និងភស្តុតាងដែលភ្ជាប់ទៅនឹងសកម្មភាពរបស់ក្រុមនេះ។ប្រភពនេះ បាននិយាយថា៖«ការស៊ើបអង្កេតដំបូង បានបង្ហាញពីផែនការ ដើម្បីកំណត់គោលដៅឥស្សរជនសង្គម និងសាសនា ក្នុងការប៉ុនប៉ងបង្កភាពវឹកវរ និងធ្វើឲ្យអស្ថិរភាពដល់សន្តិសុខ និងស្ថិរភាព នៅក្នុងទីក្រុង Aden »។យោងតាមប្រភពដដែល អាជ្ញាធរកំពុងបន្តតាមដានសមាជិកដែលនៅសេសសល់។ការរកឃើញបឋមបង្ហាញពីទំនាក់ទំនងទៅនឹងឧប្បត្តិហេតុឧក្រិដ្ឋកម្មថ្មីៗ រួមទាំងការធ្វើឃាតអ្នកជំនួញឥស្លាមដ៏លេចធ្លោលោក Abdulrahman al-Shaer ដែលត្រូវបានបាញ់សម្លាប់ដោយខ្មាន់កាំភ្លើងនៅទីក្រុង Aden កាលពីថ្ងៃសៅរ៍។ អ្នកវាយប្រហារនោះ បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ ហើយគ្មានក្រុមណាមួយអះអាងទទួលខុសត្រូវនោះទេ៕

មេដឹកនាំហេសបូឡាបដិសេធការចរចា រវាងលីបង់ និងអ៊ីស្រាអែល ហើយប្ដជ្ញាប្រឈមជាមួយអ៊ីស្រាអែល

04/27/2026 06:04 PM        55
មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem នៅថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) នេះ បានបដិសេធការចរចាផ្ទាល់ដែលបានគ្រោងទុករបស់លីបង់ ជាមួយអ៊ីស្រាអែល ដោយចាត់ទុកថា ជា «ទង្វើខុសឆ្គងយ៉ាងធ្ងន់ធ្ងរ» ដែលនឹងធ្វើឲ្យលីបង់មិនមានស្ថិរភាព។លោក Qassem បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងបដិសេធយ៉ាងដាច់អហង្ការចំពោះការចរចាផ្ទាល់ជាមួយអ៊ីស្រាអែល ហើយអ្នកដែលមានអំណាច គួរតែដឹងថា សកម្មភាពរបស់ពួកគេ នឹងមិនបានផ្តល់ផលប្រយោជន៍ដល់លីបង់ ឬខ្លួនឯងឡើយ» ដោយអំពាវនាវឲ្យអាជ្ញាធរ «ដកខ្លួនចេញពីទង្វើខុសឆ្គងដ៏ធ្ងន់ធ្ងររបស់ពួកគេ ដែលកំពុងធ្វើឲ្យលីបង់ស្ថិតក្នុងស្ថានភាពអស្ថិរភាព»។លោកបានបន្ថែមថា «ការចរចាផ្ទាល់ទាំងនេះ និងលទ្ធផលរបស់វា គឺដូចជាមិនមានន័យអ្វីសម្រាប់ពួកយើងឡើយ ហើយលទ្ធផលទាំងនេះ មិនធ្វើឲ្យយើងមានក្ដីបារម្ភសូម្បីតែបន្តិច។ យើងនឹងបន្តការតស៊ូការពាររបស់យើង សម្រាប់លីបង់ និងប្រជាជនរបស់ប្រទេសនេះ»។លោកបានបន្ថែមថា៖ «មិនថា សត្រូវគំរាមកំហែងយ៉ាងណាក៏ដោយ ក៏យើងនឹងមិនដកថយនោះដែរ យើងនឹងមិនចុះញ៉មជាដាច់ខាត ហើយយើងនឹងមិនចាញ់ឡើយ»៕

លោក TRUMP និយាយថា សហរដ្ឋអាមេរិកបន្តធ្វើការលើការដោះស្រាយជម្លោះនៅអ៊ុយក្រែន

04/27/2026 06:04 PM        55
លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា សហរដ្ឋអាមេរិកបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែន។  លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News ថា៖«យើងកំពុងព្យាយាមធ្វើអ្វីមួយឲ្យបានសម្រេច ប៉ុន្តែការប្រយុទ្ធ នៅតែបន្ត»។មេដឹកនាំអាមេរិករូបនេះ បានអះអាងថា លោកបានធ្វើការសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin) និង លោក វ្ល៉ូឌីមី ហ្សេឡិនស្គី ។ ទោះជាយ៉ាងណាក៏ដោយ លោកមិនបានចែករំលែកពីចំណុចខ្វះខាតណាមួយនៃ«ការសន្ទនា» ទាំងនេះទេ។ លោកក៏មិនបានបញ្ជាក់ពីពេលវេលាដែលលោកបាននិយាយជាមួយពួកគេកាលពីលើកមុននោះដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM