ស្វែងរក

ក្រុមអ្នកគោរពបូជាជួបជុំគ្នារៀបចំពិធីបុណ្យដំរី នៅតំបន់ភាគខាងត្បូងប្រទេសឥណ្ឌា

04/27/2026 06:04 PM        40
 ក្រុមអ្នកគោរពបូជារាប់ម៉ឺននាក់ បានជួបជុំគ្នាកាលពីថ្ងៃអាទិត្យ ដើម្បីប្រារព្ធពិធីបុណ្យដំរីប្រចាំឆ្នាំ Thrissur Pooram នៅទីក្រុង Thrissur ស្ថិតក្នុងរដ្ឋភាគខាងត្បូង Kerala ប្រទេសឥណ្ឌា ។ ពិធីបុណ្យដែលមានការប្រារព្ធពិធីប្រពៃណីទំនៀមទម្លាប់សម្បូរបែប តន្រ្តី និងការបង្ហាញចម្លាក់ពណ៌មាសនៅលើដំរីនោះ បានទាក់ទាញក្រុមគោរបូជាយ៉ាងច្រើន ក៏ដូចជាភ្ញៀវទេសចរ បើទោះបីជាក្រុមអាជ្ញាធរនិយាយថា ការប្រារព្ធពិធីបុណ្យឆ្នាំនេះ មានការកំហិតក៏ដោយ ដោយសារឧបទ្ទេវហេតុអគ្គិភ័យកាលពីពេលកន្លងទៅនៅក្នុងទីក្រុង Thrissur ។ ពិធីបុណ្យនេះដែរ បានរៀបចំឡើងនៅឯព្រះវិហារ Vadakkunnathan ដែលជាទីសក្ការៈបូជាហិណ្ឌូនដល់ព្រះសិវៈ ហើយនិងរៀបចំឡើងនៅថ្ងៃជិតព្រះចន្ទពេញវង់ ចន្លោះខែមេសា និងខែឧសភា ។ ពិធីបុណ្យនេះ ត្រូវបានគេមានជំនឿថា បានរៀបចំឡើងនៅសតវត្សរ៍ទី ១៨ ដោយស្តេច Sakthan Thampuran នៃអាណាចក្រ Kochi ហើយត្រូវបានគេមើលឃើញថា ជាព្រឹត្តការណ៍វប្បធម៌ដែលលើសពីការបែងចែកខាងសាសនា និងសង្គម ៕

រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី ផ្តល់គ្រឿងឥស្សរិយយសដល់ទាហានកូរ៉េខាងជើងដែលជួយច្បាំងនៅតំបន់ Kursk

04/27/2026 06:04 PM        52
 រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីលោក Andrei Belousov កាលពីថ្ងៃអាទិត្យម្សិលមិញ បានផ្តល់គ្រឿងឥស្សរិយយសដល់ទាហានកូរ៉េខាងជើងដែលបានចូលច្បាំងជាមួយកងកម្លាំងរុស្ស៊ីប្រឆាំងនឹងទាហានអ៊ុយក្រែន នៅតំបន់ Kursk ។ នៅមុននេះ លោក Belousov និងប្រធានសភារុស្ស៊ីលោក Vyacheslav Volodin មាននូវជំនួបមួយជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ។ លោក Kim ជាមួយគណៈប្រតិភូរុស្ស៊ី បានចូលរួមពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់សារមន្ទីររំឭកដល់ទាហានកូរ៉េខាងជើង ដែលបានចូលរួមធ្វើសង្រ្គាមនៅតំបន់ Kursk ។ លោក Belousov និយាយថា ពួកលោកបានព្រមព្រៀងជាមួយក្រសួងការពារជាតិកូរ៉េខាងជើង ដើម្បីដាក់កិច្ចសហប្រតិបត្តិការយោធារបស់ពួកលោកឲ្យស្ថិតនៅលើមូលដ្ឋានស្ថិរភាព និងយូរអង្វែង ។  គួររំឭកថា កូរ៉េខាងជើង បានបញ្ជូនទាហានរបស់ខ្លួនប្រមាណ ១៤.០០០នាក់ ទៅច្បាំងជាមួយកងកម្លាំងរុស្ស៊ីប្រឆាំងនឹងទាហានអ៊ុយក្រែន ។យោងតាមការអះអាងរបស់ក្រុមមន្រ្តីកូរ៉េខាងត្បូង ក្រុមមន្រ្តីអ៊ុយក្រែន និងក្រុមមន្រ្តីលោកខាងលិច បានឲ្យដឹងថា ទាហានកូរ៉េខាងជើងជាង ៦ពាន់នាក់ក្នុងចំណោមពួកគេ ត្រូវបានសម្លាប់ ៕

អ្នកកាន់ទុក្ខបញ្ចុះសពយុទ្ធជនហេសបូឡា និងជនស៊ីវិលដែលគាស់ពីផ្នូរបណ្តោះអាសន្ន

04/27/2026 06:04 PM        36
 ក្រុមអ្នកកាន់ទុក្ខបានគាស់សាកសពយុទ្ធជន ៤នាក់របស់ក្រុមហេសបូឡា និងជនស៊ីវិលម្នាក់ នៅទីក្រុង Tyre ស្ថិតក្នុងប្រទេសលីបង់ មុនពេលនាំសាកសពទាំងនេះទៅធ្វើពិធីបុណ្យសព និងបញ្ចុះពួកគេនៅក្នុងផ្នូរអចិន្រ្តៃយ៍ ស្ថិតក្នុងទីក្រុងភាគខាងត្បូង Maaroub ។ យោធាអ៊ីស្រាអែល បានចេញបញ្ជាឲ្យជម្លៀសខ្លួនថ្មីសម្រាប់តំបន់ភាគខាងត្បូងលីបង់ កាលពីថ្ងៃអាទិត្យ ដោយបញ្ជាឲ្យអ្នកស្រុកចាកចេញពីទីក្រុងចំនួន ៧ ដែលស្ថិតនៅតាមតំបន់ទ្រនាប់ដែលពួកគេកាន់កាប់ មុនពេលបទឈប់បាញ់ ។ អ្នកនាំពាក្យយោធាអ៊ីស្រាអែលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះនៅលើបណ្តាញព័ត៌មានសង្គម Xថា ក្រុមប្រដាប់អាវុធហេសបូឡាលីបង់ បានបំពានបទឈប់បាញ់ ហើយអ៊ីស្រាអែល នឹងចាត់វិធានការផ្នែកយោធាប្រឆាំងនឹងពួកគេ ហើយនិងបញ្ជាឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅទិសខាងជើង និងទិសខាងលិចចេញពីទីក្រុងទាំងនេះ ។ ទីក្រុងស្ថិតនៅភាគខាងជើងទន្លេ Litani និងតំបន់ភាគខាងត្បូងលីបង់ ត្រូវបានកាន់កាប់ដោយទាហានអ៊ីស្រាអែលដែលនៅតែបន្តប្រតិបត្តិការយោធា បើទោះបីជាមានបទឈប់បាញ់ក៏ដោយ ។ ក្រុមហេសបូឡានិយាយថា ពួកគេនឹងមិនបន្ធូរបន្ថយការវាយប្រហាររបស់ពួកគេលើទាហានអ៊ីស្រាអែលនោះឡើយនៅក្នុងទឹកដីលីបង់ ហើយនិងទីក្រុងនៅតំបន់ភាគខាងជើងប្រទេសអ៊ីស្រាអែល ស្របពេលដែលអ៊ីស្រាអែលនៅតែបន្តបំពានបទឈប់បាញ់ឥតឈប់ឈរបែបនេះ ៕

មនុស្សសត្វនៅប្រទេសឥណ្ឌា ពិបាកទ្រាំក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេដោយសាររលកកម្តៅដ៏អាក្រក់

04/27/2026 06:04 PM        46
 សីតុណ្ហភាពកើនឡើង និងស្ថានភាពរលកកម្តៅក្តៅខ្លាំង នៅតំបន់ភាគខាងជើង និងតំបន់ភាគពាយ័ព្យប្រទេសឥណ្ឌា ធ្វើឲ្យមនុស្សសត្វពិបាកទ្រាំ ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។ ការិយាល័យឧតុនិយមឥណ្ឌា បានចេញសេចក្តីជូនដំណឹងពីរលកកម្តៅនៅតាមតំបន់ជាច្រើន ពេលដែលតំបន់ភាគពាយ័ព្យ តំបន់ភាគកណ្តាល និងតាមឧបទ្វីប សីតុណ្ហភាពកើនឡើងដល់ចន្លោះពី ៤០ អង្សាសេដល់ ៤៤អង្សាសេ ។ អាជ្ញាធរសួនសត្វនៅតាមទីក្រុងជាច្រើន បានចាត់វិធានការពិសេស ដើម្បីការពារសត្វពាហណៈ និងសត្វស្លាបពីស្ថានភាពអាកាសធាតុក្តៅខ្លាំងបែបនេះ រួមទាំងប្រើប្រាស់របងមានម្លប់ និងប្រព័ន្ធទឹក ដើម្បីរក្សាស្ថានភាពសុវត្ថិភាពសម្រាប់សត្វទាំងអស់នោះ ។នៅតំបន់ជាច្រើនរបស់ប្រទេសឥណ្ឌា សីតុណ្ហភាពកើនឡើង ៥អង្សាសេពីលើកម្រិតមធ្យម បង្កឲ្យមានស្ថានភាពរលកកម្តៅ ។ គួរឲ្យដឹងថា ឥណ្ឌាប្រកាសអាសន្នរលកកម្តៅ ពេលដែលសីតុណ្ហភាពអតិបរមា មានពី ៤,៥អង្សាសេ ដល់ ៦,៥អង្សាសេពីលើកម្រិតធម្មតា ហើយនិងរលកកម្តៅធ្ងន់ធ្ងរ ពេលដែលសីតុណ្ហភាពមានជាង ៦,៥អង្សាសេពីលើកម្រិតធម្មតា ៕

ការជំនុំជម្រះជាសាធារណៈលើកដំបូងរបស់មន្រ្តីក្នុងរជ្ជកាលលោក Assad ចាប់ផ្តើមនៅទីក្រុងដាម៉ាស

04/27/2026 06:04 PM        44
 ការជំនុំជម្រះជាសាធារណៈលើកដំបូងរបស់លោក Atef Najib ដែលជាអតីតមន្រ្តីសន្តិសុខជាន់ខ្ពស់មួយរូប និងជាបងប្អូនជាដូនមួយរបស់មេដឹកនាំទម្លាក់ចេញពីអំណាចលោក Bashar al-Assad ដែលត្រូវបានគេមើលឃើញថា ជាអ្នកនៅពីក្រោយបដិវត្តន៍ពណ៌ឆ្នាំ ២០១១ ដោយសារការបង្រ្កាបយ៉ាងចាស់ដៃលើបាតុករនៅទីក្រុងភាគខាងត្បូង Daraa នោះ បានចាប់ផ្តើមហើយនៅទីក្រុងដាម៉ាសកាលពីថ្ងៃអាទិត្យ ។ លោក Atef Najib ដែលជាឧត្តមសេនីយ៍ឯកម្នាក់ និងជាអតីតប្រធាននាយករដ្ឋសន្តិសុខនយោបាយនៅទីក្រុង Daraa ត្រូវបានចាប់ខ្លួនដោយកងកម្លាំងអគ្គសេន្តិសុខ នៅខេត្តភាគលិច Latakia កាលពីខែមករា ឆ្នាំ ២០២៥ ។ ការចាប់ខ្លួនកាលពីឆ្នាំ ២០១១ និងការធ្វើទារុណកម្មលើក្រុមក្មេងប្រុសស៊ីរីនៅទីក្រុង Daraa ជាទីដែលលោក Daraa គឺជាប្រធានសន្តិសុខនោះ បង្កឲ្យមានបាតុកម្ម ហើយចុងក្រោយបណ្តាលឲ្យមានបដិវត្តន៍ពណ៌នៅទូទាំងប្រទេស និងវិធានការបោសសម្អាតយ៉ាងឃោឃៅដោយរដ្ឋបាលរបស់លោក Assad ។ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលោក Najib កាលពីឆ្នាំ ២០១១ សម្រាប់ការជាប់ពាកព័ន្ធរងការចោទប្រកាន់ ជុំវិញការបំពានសិទ្ធិមនុស្សនៅស៊ីរី ។ លោក Ramzi Abu Lubbod ស្ថិតក្នុងចំណោមដើមបណ្តឹងម្នាក់ និយាយថា ជាការពិតណាស់ថា ពួកយើងសង្ឃឹមថា នឹងមានការអនុវត្តន៍យុត្តិធម៌អន្តរកាល ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ហើយឧក្រិដ្ឋជនទទួលការការទោសអតិបរមា គឺការប្រហារជីវិតចោលតែម្តង ៕

សីតុណ្ហភាពក្តៅខ្លាំងវាយប្រហារប្រទេសឥណ្ឌា ខណៈស្ថានភាពរលកកម្តៅកាន់តែអាក្រក់ទៅ

04/27/2026 06:04 PM        29
 សីតុណ្ហភាពក្តៅខ្លាំងវាយប្រហារប្រទេសឥណ្ឌា ស្របពេលដែលស្ថានភាពរលកកម្តៅកាន់តេអាក់្រក់ខ្លាំងនៅទូទាំងតំបន់ភាគខាងជើង តំបន់ភាគកណ្តាល និងតំបន់ភាគខាងកើត ក្នុងនោះសីតុណ្ហភាពបានកើនឡើងជាង ៤០អង្សាសេនៅតាមទីក្រុងជាច្រើន និងបង្អាក់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។ ការិយាល័យឧតុនិយមឥណ្ឌា បានចេញសេចក្តីជូនដំណឹងពីរលកកម្តៅនៅតាមតំបន់ជាច្រើន ពេលដែលតំបន់ភាគពាយ័ព្យ តំបន់ភាគកណ្តាល និងតាមឧបទ្វីប សីតុណ្ហភាពកើនឡើងដល់ចន្លោះពី ៤០ អង្សាសេដល់ ៤៤អង្សាសេ ។នៅតំបន់ជាច្រើនរបស់ប្រទេសឥណ្ឌា សីតុណ្ហភាពកើនឡើង ៥អង្សាសេពីលើកម្រិតមធ្យម បង្កឲ្យមានស្ថានភាពរលកកម្តៅ ។ អ្នកស្រុកនិយយាថា ស្ថានភាពអាកាសធាតុក្តៅបែបនេះ ធ្វើឲ្យពួកគេពិបាកចេញក្តៅ ហើយពួកគេភាគច្រើន បានសម្រេចិត្តស្នាក់នៅក្នុងផ្ទះ ។ មន្ទីរពេទ្យនៅរដ្ឋភាគខាងជើង Uttar Pradesh បានរាយការណ៍ពីការកើនឡើងជំងឺសុរិយរោគផងដែរ ជាពិសេសនៅក្នុងចំណោមកុមារ ។  គួរឲ្យដឹងថា ឥណ្ឌាប្រកាសអាសន្នរលកកម្តៅ ពេលដែលសីតុណ្ហភាពអតិបរមា មានពី ៤,៥អង្សាសេ ដល់ ៦,៥អង្សាសេពីលើកម្រិតធម្មតា ហើយនិងរលកកម្តៅធ្ងន់ធ្ងរ ពេលដែលសីតុណ្ហភាពមានជាង ៦,៥អង្សាសេពីលើកម្រិតធម្មតា ៕

នាយករដ្ឋមន្រ្តីអ៊ុយក្រែន៖ វិស័យថាមពលខ្វះខាតថវិកាជិត ១ពាន់លានដុល្លារ និងត្រូវការបន្ទាន់ ១៥៨លានដុល្លារ

04/27/2026 06:04 PM        45
 នាយករដ្ឋមន្រ្តីអ៊ុយក្រែនលោកស្រី Yulia Svyrydenko និយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងគីវកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនថាមពលអ៊ុយក្រែន ត្រូវការថវិកាជិត ១ពាន់លានដុល្លារ ដើម្បីជួសជុល និងរៀបចំប្រព័ន្ធថាមពលសម្រាប់រដូវរងាខាងមុខ ។ លោកស្រីនិយាយថា ទឹកប្រាក់ ១៥៨លានដុល្លារ ត្រូវការបន្ទាន់ សម្រាប់ការងារជួសជុលកំពុងធ្វើឡើង ហើយការសាងសង់ បានចាប់ផ្តើមរួចហើយនៅតាមទីតាំងថាមពលប្រហែល ៨០ភាគរយ ដែលរងការខូចខាតដោយសារការវាយប្រហាររបស់រុស្ស៊ី ។ រដ្ឋមន្រ្តីក្រសួងថាមពលោកអ៊ុយក្រែនលោក Denys Shmyhal និយាយថា ប្រទេសរបស់លោកត្រូវការសមត្ថភាពថាមពល ៦,៥ជីហ្គាវ៉ាត់បន្ថែមទៀត ដើម្បីឆ្លងកាត់រដូវរងាក្រោយ ហើយពួកគេមានគម្រោងស្តាឡើងវិញថាមពល ៤,៥ជីហ្គាវ៉ាត់ តាមរយៈការជួសជុលឡើងវិញ ហើយនិង ២ជីហ្គាវ៉ាត់បន្ថែមទៀត តាមរយៈការផលិតចែកចាយថាមពល និងថាមពលកកើតឡើងវិញ ។ សន្និសីទក្រុមសម្របសម្រួលថាមពលអ៊ុយក្រែននៅទីក្រុងគីវ នាំឲ្យមានការជួបជុំគ្នារបស់ក្រុមមន្រ្តីជាន់ខ្ពស់អ៊ុយក្រែន មន្រ្តីជាន់ខ្ពស់សហភាពអឺរ៉ុប ដៃគូអន្តរជាតិ និងក្រុមនិយ័តករនុយក្លេអ៊ែរ ដើម្បីសម្របសម្រួលការគាំទ្រ និងកំណត់អាទិភាព សម្រាប់ពង្រឹងប្រព័ន្ធថាមពលអ៊ុយក្រែន មុនរដូវរងាឆ្នាំ ២០២៦-២៧ ៕

មន្ត្រី៖ អ៊ីរ៉ង់ «រួមគ្នាប្រឆាំងសត្រូវ» ខណៈកំពុងបន្តតានតឹងជាមួយអាមេរិក និងអ៊ីស្រាអែល

04/27/2026 06:04 PM        37
អ្នកនាំពាក្យនៃគណៈប្រធានសភាអ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ «រួបរួមគ្នាប្រឆាំងនឹងសត្រូវ» ក្នុងអំឡុងកំពុងមានភាពតានតឹង ជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ នាថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) នេះ។ដូចដែលបានដកស្រង់ដោយសារព័ត៌មាន IRNA លោក Abbas Goudarzi បានអះអាងថា៖ «យើងមិនមានការខ្វែងគំនិតគ្នាឡើយ យើងគឺជាប្រជាជាតិតែមួយ ហើយគោលដៅរបស់យើង គឺតែមួយ។ ការរួបរួមគ្នាតែមួយរបស់យើង គឺហួសពីការបែកបាក់ដែលមានស្រាប់» ។លោក Goudarzi បានកត់សម្គាល់ទៀតថា តួនាទីរបស់សាធារណជន គឺមានសារៈសំខាន់ ដោយបញ្ជាក់ថា ប្រជាជន «ធ្វើឲ្យទីលានជួបជុំកាន់តែកក្រើក ហើយគាំទ្រក្រុមចរចា និងការទូត»។ លោកបានបន្ថែមថា វត្តមានរបស់ប្រជាជន ក៏អាចមានឥទ្ធិពលលើលទ្ធផលនៃការចរចា ជាមួយសហរដ្ឋអាមេរិកផងដែរ។ការកត់សម្គាល់របស់លោក Goudarzi បែបនេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីសប្តាហ៍មុន បានពន្យារពេលឈប់បាញ់ដែលដំបូងឡើយមានរយៈពេល ២សប្តាហ៍។ កិច្ចព្រមព្រៀងនេះ ដែលត្រូវបានសម្របសម្រួលដោយប៉ាគីស្ថានជាមួយអ៊ីរ៉ង់ បានចាប់ផ្តើមមាននៅថ្ងៃទី៨ ខែមេសា។ លោក Trump បានបញ្ជាក់ថា លោកនឹងពន្យារពេលលើការមានសកម្មភាពបន្ថែមទៀត រហូតដល់ថ្នាក់ដឹកនាំអ៊ីរ៉ង់ អាចបង្ហាញជំហរ «រួមគ្នាតែមួយ» នៅតុចរចា។បទឈប់បាញ់នេះបានបញ្ឈប់សង្គ្រាមរយៈពេលជាច្រើនសប្តាហ៍ ដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយត្រូវបានបន្តដោយការវាយប្រហារសងសឹករបស់ទីក្រុងតេអេរ៉ង់៕

សាលារៀននៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា រោទិ៍កណ្តឹងទឹក ដើម្បីធ្វើឲ្យសិស្សមានជាតិទឹក ស្របពេលអាកាសធាតុក្តៅខ្លាំង

04/27/2026 06:04 PM        41
 សាលារៀននៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា បានណែនាំឲ្យប្រើប្រាស់កណ្តឹងទឹក ដើម្បីដាស់តឿនកូនសិស្សឲ្យបន្តមានជាតិទឹកក្នុងខ្លួន ស្របពេលដែលអាកាសធាតុក្តៅខ្លាំងបន្តវាយប្រហារទីក្រុងមួយនេះ ក្នុងនោះគ្រូបង្រៀន បានបញ្ជាឲ្យក្មេងៗទៅផឹកទឹករាល់ពេលចេញលេងម្តង ខណៈស្ថានភាពរលកកម្តៅនៅតែបន្តកើតមាន ។ ការិយាល័យឧតុនិយមឥណ្ឌា បានចេញការព្រមានរលកកម្តៅនៅរដ្ឋភាគខាងជើង Haryana, Chandigarh និងទីក្រុងញូវដែលី ស្របពេលដែលសីតុណ្ហភាពក្តៅខ្លាំង វាយប្រហារតំបន់ជាច្រើនរបស់ប្រទេសមួយនេះ ក្នុងនោះសីតុណ្ហភាពបានកើនឡើងដល់ចន្លោះពី ៤០អង្សាសេ ដល់ ៤៤អង្សាសេ ។ នាយកសាលានិយាយថា គ្រូបង្រៀន ត្រូវបានណែនាំឲ្យធានាថា សិស្សបានផឹកទឹកគ្រប់គ្រាន់ ក្រោយពេលចេញលេងម្តង ជាមួយនឹងប្រព័ន្ធកណ្តឹងទឹក រោទិ៍ជាសញ្ញាឲ្យពួកគេទៅដងទឹក ឬផឹកទឹក កំប៉ុងទឹករបស់ពួកគេ ។ នៅតំបន់ជាច្រើនរបស់ប្រទេសឥណ្ឌា សីតុណ្ហភាពកើនឡើង ៥អង្សាសេពីលើកម្រិតមធ្យម បង្កឲ្យមានស្ថានភាពរលកកម្តៅ ។ សូមបញ្ជាក់ថា ឥណ្ឌាប្រកាសអាសន្នរលកកម្តៅ ពេលដែលសីតុណ្ហភាពអតិបរមា មានពី ៤,៥អង្សាសេ ដល់ ៦,៥អង្សាសេពីលើកម្រិតធម្មតា ហើយនិងរលកកម្តៅធ្ងន់ធ្ងរ ពេលដែលសីតុណ្ហភាពមានជាង ៦,៥អង្សាសេពីលើកម្រិតធម្មតា ៕

ក្រុមហេសបូឡា និយាយថា អ៊ីស្រាអែលបានរំលោភលើបទឈប់បាញ់ជាង ៥០០ដង

04/27/2026 06:04 PM        47
ក្រុមហេសបូឡា បានចោទប្រកាន់អ៊ីស្រាអែលថា បានបំផ្លាញបទឈប់បាញ់ដែលបានចូលជាធរមាននៅថ្ងៃទី ១៧ ខែមេសា។ក្រុមនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្តាញ Telegram របស់ខ្លួនថា៖«ក្នុងរយៈពេលនេះ អ៊ីស្រាអែលបានរំលោភលើបទឈប់បាញ់នៅលើដី លើអាកាស និងនៅលើស មុទ្រជាង ៥០០ ដង»។ «យើងរំពឹងថា ការបន្តបទឈប់បាញ់រយៈពេលបីសប្តាហ៍ទៀត នឹងជួយបញ្ឈប់ការទម្លាក់គ្រាប់បែក និងការវាយប្រហារដោយគ្រាប់ផ្លោង ប៉ុន្តែផ្ទុយទៅវិញ អ៊ីស្រាអែលបានបង្កើនការឈ្លានពានព្រហ្មទណ្ឌរបស់ខ្លួន»។អង្គការស៊ីអ៊ីតនេះ បានបដិសេធការចោទប្រកាន់របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ហើយបាននិយាយថា ខ្លួនរក្សាសិទ្ធិ «ក្នុងការការពារទឹកដី និងប្រជាជនរបស់ខ្លួន»។នាពេលថ្មីៗនេះ លោក ណេតាន់យ៉ាហ៊ូ បានដាក់ការទទួលខុសត្រូវចំពោះការរំលោភបំពានបទឈប់បាញ់ទៅលើក្រុមហេសបូឡា ដោយនិយាយថា សកម្មភាពរបស់ក្រុមនេះពិតជាមិនបានគោរពលក្ខខណ្ឌបទឈប់បាញ់ទេ។ លោកក៏បានសន្យាផងដែរថា អ៊ីស្រាអែលនឹងបន្តវាយប្រហារលើទឹកដីលីបង់ »ដើម្បីទប់ស្កាត់ការគំរាមកំហែង»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM