ស្វែងរក

រដ្ឋបាលខេត្តប៉ៃលិនប្រកាសបដិសេធ និងច្រានចោលការផ្សាយព័ត៌មានបំភ្លៃដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន»

04/27/2026 12:04 PM        150
រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ បានប្រកាសបដិសេធ និងច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតដែលត្រូវបានផ្សព្វផ្សាយតាមរយៈគណនីហ្វេសប៊ុកឈ្មោះ កាមទេព លីមហុង និងតាមបណ្តាញសង្គមផ្សេងៗ ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន»។រដ្ឋបាលខេត្តប៉ៃលិន បានបញ្ជាក់ថា ព័ត៌មាននេះគឺជាព័ត៌មានក្លែងក្លាយ បំភ័ន្ត និងគ្មានមូលដ្ឋាន ការពិតឡើយ។ រដ្ឋបាលខេត្តប៉ៃលិន សូមអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម ទាំងអស់ កុំចែករំលែក ឬផ្សព្វផ្សាយបន្តព័ត៌មានមិនពិតនេះ ដើម្បីកុំឱ្យមានការយល់ច្រឡំ និងសូមទទួល យកតែព័ត៌មានពីប្រភពផ្លូវការ។ជាមួយគ្នានេះផងដែរ រដ្ឋបាលខេត្តប៉ៃលិន បានគូសបញ្ជាក់ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកង កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងអនុវត្តភារកិច្ចយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារ និងរក្សាអធិបតេយ្យ ភាព បូរណភាពទឹកដី និងសន្តិសុខតាមបន្ទាត់ព្រំដែនរបស់ព្រះរាជាណាចក្រកម្ពុជា ដោយមិនអនុញ្ញាតឱ្យ មានការរំលោភបំពានណាមួយឡើយ៕

ជប៉ុនផ្តល់រថយន្តដឹកសំរាមបន្ថែម ១០គ្រឿងទៀតដល់កម្ពុជា ដើម្បីពង្រឹងការគ្រប់គ្រងសំរាម

04/27/2026 12:04 PM        153
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្តល់រថយន្តដឹកសំរាមបន្ថែមចំនួន ១០ គ្រឿង​ទៀត​ដល់​ក្រសួង​បរិស្ថាន​កម្ពុជា ដែលជាជំនួយលើកទីបី និងធ្វើឱ្យចំនួនរថយន្ត ដែល​ជា​ជំនួយ​រថយន្ត​របស់​ជប៉ុន​សរុប​កើន​ឡើងចំនួន ៣០ គ្រឿង។ រថយន្តទាំងនេះ ត្រូវបានប្រគល់ជាផ្លូវការដោយ ឯកឧត្តម Ueno Atsushi ទៅក្រសួងបរិស្ថាន ក្នុងពិធីផ្លូវការមួយ ដោយបញ្ជាក់ពីកិច្ចសហប្រតិបត្តិការ ជា​បន្ត​បន្ទាប់​រវាងជប៉ុន និងកម្ពុជា ក្នុងកិច្ចគាំពារបរិស្ថាន។ក្នុងពិធីប្រគល់​និងទទួលជំនួយរថយន្តដឹកសំរាមរបស់ប្រទេសជប៉ុន បានរៀបចំឡើង នៅទីស្តី​ការ​ក្រសួង​បរិស្ថាន នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បានថ្លែអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុនចំពោះការគាំទ្រជាបន្តបន្ទាប់ និង​បាន​ថ្លែង​ចាត់​ទុកថាជំនួយនេះចូលរួមចំណែកដ៏មានអត្ថន័យក្នុងការពង្រឹងសមត្ថភា ព​គ្រប់​គ្រង​កាក​សំណល់​នៅ​ថ្នាក់ក្រោមជាតិ។ រថយន្តដឹកសំរាមត្រូវបានបែងចែកបន្តបន្ទាប់ទៅអាជ្ញាធរខេត្ត ភ្លាមៗ ដែលបានជួយជំរុញឱ្យរដ្ឋបាលមូលដ្ឋានបង្កើនសេវាប្រមូល និងទុកដាក់សំរាមនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានល្អប្រសើរ។ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍សង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះ បានគាំទ្រយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន របស់កម្ពុជា ដែលមានគោលបំណងលើកកម្ពស់ «ស្អាត បៃតង និងចីរភាព»របស់ប្រទេសកម្ពុជា ជាពិសេសប្រព័ន្ធគ្រប់គ្រងសំរាម សំណល់ប្លាស្ទិក ឱ្យមានភាពប្រសើរឡើង និងពិតជាមានសារៈសំខាន់ក្នុងការសម្រេចបាន នូវគោលដៅបរិស្ថានរយៈពេលវែង។ ឯកឧត្តមបានលើកទឹកចិត្តដល់អាជ្ញាធរខេត្តឱ្យថែរក្សាយានយន្តឱ្យបានត្រឹមត្រូវ និងធានាបាននូវការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យបន្តអនុវត្តយុទ្ធនាការដែលបានដាក់ចេញ ដោយក្រសួងបរិស្ថានជាបន្តទៀត និងធ្វើការអំពាវនាវឱ្យកិច្ចខិតខំប្រឹងប្រែង ប្រែក្លាយពីយុទ្ធនាការទាំងនេះដើម្បីវិវត្តទៅជាចលនាសង្គម និងទម្លាប់ប្រចាំថ្ងៃយូរអង្វែងក្នុងចំណោមប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តបានណែនាំដល់មន្ទីរបរិស្ថានរាជធានី ខេត្ត ត្រូវបន្តអនុវត្តវិធីសាស្រ្តប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាការបំពុលខ្យល់ ដី និងទឹក។ ឯកឧត្តមបានថ្លែងព្រមានជាថ្មី ដល់ប្រតិបត្តិករប្រមូលសំរាមដែលដុតសំរាម ឬអនុញ្ញាតឱ្យមានភ្លើងឆេះ នៅកន្លែងចាក់សំរាមនឹងប្រឈមមុខនឹងការផ្តន្ទាទោសយ៉ាងតឹងរ៉ឹង រួមទាំងការដកហូតអាជ្ញាប័ណ្ណរបស់ពួកគេ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍បន្ថែមទៀតលើការទទួលខុសត្រូវ និងស្នើឱ្យអាជ្ញាធរសហការចូលរួម កំណត់អត្តសញ្ញាណ និងធ្វើសកម្មភាពទប់ស្កាត់លើប្រភពនៃការបំពុល ឱ្យបានឆាប់រហ័សកុំបង្អង់យូរ។“ប្រសិនបើមានការបំពុលកើតឡើង មន្ទីរបរិស្ថាន ត្រូវតែស្វែងរកប្រភពបំពុល និងចាត់វិធានការ«។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងព្រមានដល់មន្រ្តីបរិស្ថាន ដែលមិនមានការទទួលខុសត្រូវ និងរកប្រភពបំពុលមិនឃើញ ហើយនិយាយថាប្រភពមិនអាចកំណត់អត្តសញ្ញាណបាន ក្នុងករណីមានការបំពុល មន្រ្តីទាំងនោះគួរតែចុះចេញពីតំណែង។ ឯកឧត្តម បានថ្លែបន្ថែមថា វិធានការទាំងនេះឆ្លុះបញ្ចាំងពី មន្ត្រីដែលមិនបំពេញកាតព្វកិច្ចរបស់ពួកគេ និងការជំរុញដ៏ទូលំទូលាយរបស់កម្ពុជាក្នុងការពង្រឹងអភិបាលកិច្ចបរិស្ថាន កែលម្អប្រព័ន្ធគ្រប់គ្រងសំរាម និងឈានទៅរកអនាគតដ៏ស្អាត និងមាននិរន្តរភាពជាងមុន៕

ក្រសួងការពារជាតិ កែសម្រួលការហ្វឹកហ្វឺនកងទ័ពតាមបែបទំនើបកម្ម និងមានលក្ខណៈយុទ្ធសាស្ត្រយូរអង្វែង

04/27/2026 12:04 PM        837
ក្រសួងការពារជាតិ នៅក្នុងឆ្នាំ២០២៦ តាមរយៈគណៈកម្មការដឹកនាំការងារ បណ្ដុះបណ្ដាល និងហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ បានបន្តកែសម្រួលប្រព័ន្ធហ្វឹកហ្វឺនគ្រឹះស្ថានសិក្សាយោធាឱ្យបានសមស្របតាមបែបទំនើបកម្ម និងមានលក្ខណៈជាយុទ្ធសាស្ត្រយូរអង្វែង ក៏ដូចជាស្របតាមរចនាសម្ព័ន្ធរបស់កងយោធពលខេមរភូមិន្ទ ក្នុងនោះមានគ្រឹះស្ថានហ្វឹកហ្វឺនយោធា វិទ្យាស្ថាន និងសាលាទ័ពជំនាញ ជាដើម។នៅក្នុងរបាយការណ៍ បូកសរុបលទ្ធផលការងារហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការហ្វឹកហ្វឺន ឆ្នាំ២០២៦ នៅថ្ងៃទី២៧ ខែមេសា នេះ បានឲ្យដឹងថា ដើម្បីអនុវត្តផែនការហ្វឹក ហ្វឺនបណ្ដុះបណ្ដាលធនធានមនុស្សឲ្យជោគជ័យ ជាពិសេសធ្វើឲ្យយោធាគ្រប់រូបមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចបានល្អប្រសើរ ក្រៅពីការកែសម្រួលប្រព័ន្ធហ្វឹកហ្វឺន ក្រសួងការពារជាតិ បានជំរុញការងារហ្វឹកហ្វឺនបណ្ដុះបណ្ដាល និងបំប៉នយោធិនគ្រប់ថ្នាក់ គ្រប់ជំនាញ តាមបណ្ដាគ្រឹះស្ថានសិក្សាយោធា អង្គភាព តាមសេចក្តីត្រូវការ របស់កងយោធពលខេមរភូមិន្ទ ដោយយកចិត្តទុកដាក់ពង្រឹងគុណភាពហ្វឹកហ្វឺន ។របាយការណ៍បន្តថា បន្តយកចិត្តទុកដាក់កសាងពង្រឹង និងអភិវឌ្ឍមូលដ្ឋានគ្រឹះស្ថានសិក្សាយោធា ឲ្យមានទីតាំងសមស្រប ដើម្បីឆ្លើយតបតាមការវិវត្តន៍ប្រព័ន្ធបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន, បន្តយកចិត្តទុកដាក់កសាងប្រភពយោធាចារ្យ ឲ្យមានសមត្ថភាពគ្រេប់គ្រាន់ ក្នុងការបំពេញភារកិច្ច តាមវិទ្យាសាស្ត្រទំនើប និងបណ្ដុះបណ្ដាលយោធាចារ្យវ័យក្មេង បំពេញបន្ថែមតាមសេចក្តីតម្រូវការជាក់ស្ដែង ។ ត្រូវប្រមូលផ្ដុំហ្វឹកហ្វឺនដល់ពលទាហានថ្មី ដែលបានជ្រើសរើសបញ្ចូលបំពេញក្របខ័ណ្ឌ ក្នុងអង្គភាពនីមួយៗ នៃក្រសួងការពារជាតិ ខណៈឆ្នាំ២០២៦នេះ កម្ពុជាក៏នឹងអនុវត្តកាតព្វកិច្ចយោធា ចំពោះយុវជនចាប់ពីអាយុ១៨ឆ្នាំ ទៅដល់២៥ឆ្នាំផងដែរ ។នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការដឹកនាំការងារ បណ្ដុះបណ្ដាល និងហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ បានថ្លែងថា អ្នកពាក់ព័ន្ធបានរៀបចំផែនការបន្ថែម អំពីការហ្វឹកហ្វឺនយោធានេះ ឲ្យកាន់តែមានប្រសិទ្ធភាពជាតិមុន ហើយចំគោលដៅ ព្រោះការងារហ្វឹកហ្វឺន គឺមានសារសំខាន់ណាស់ សម្រាប់កងយោធពលខេមរភូមិន្ទ ។នាយឧត្តមសេនីយ៍ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនានា កាលពីឆ្នាំ២០២៥ លើការ ងារហ្វឹកហ្វឺនបណ្ដុះបណ្ដាលយោធិន ក្នុងការងារគាំទ្រដល់សមរភូមិមុខ ជាមួយនឹងការជឿជាក់ថា នៅឆ្នាំ២០២៦នេះ ការងារហ្វឹកហ្វឺន កាន់តែមានភាពល្អប្រសើរ និងសមត្ថភាពខ្ពស់។គួរបញ្ជាក់ថា លទ្ធផលការងារហ្វឹកហ្វឺន ឆ្នាំ២០២៥ ក្នុងនោះបរិមាណការងារហ្វឹកហ្វឺនតាមស្ថាប័ន គ្រឹះស្ថានសិក្សាយោធា និងបណ្ដាអង្គភាពហ្វឹកហ្វឺន សម្រេចបានតាមផែនការឆ្នាំ សរុបរួមចំនួន ៣២៦វគ្គ ស្មើនឹង ២៧ ៤០៤នាក់ និងហ្វឹកហ្វឺនពលទាហានថ្មីបំពេញក្របខ័ណ្ឌចំនួនជាង ៩ពាន់នាក់ បានចាត់តាំងហ្វឹកហ្វឺននៅនឹងកន្លែង ហ្វឹកហ្វឺនអប់រំចិត្តសាស្ត្រ និងហ្វឹកហ្វឺអប់រំច្បាប់ផ្សេងៗ សរុបចំនួន ១០ ២២៩លើក ស្មើនឹង ២៤៤ ៧០៣នាក់ ៕អត្ថបទ បាន សុខរិទ្ធិ

លោក Trump៖ ខ្មាន់វាយប្រហារមានចរឹតប្រឆាំងគ្រិស្តសាសនា និងពោពេញដោយការស្អប់ខ្ពើមនៅក្នុងចិត្តរបស់គេ

04/27/2026 12:04 PM        77
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ជនសង្ស័យក្នុងការប៉ុនប៉ងវាយប្រហារលើមន្ត្រីរដ្ឋបាលនៅឯពិធីទទួលទានអាហារពេលល្ងាចរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមានកាលពីយប់ថ្ងៃសៅរ៍ មានចរឹតប្រឆាំងនឹងគ្រិស្តសាសនា និងពោពេញដោយការស្អប់ខ្ពើមនៅក្នុងចិត្តរបស់គេ ប៉ុន្តែជនល្មើសរូបនេះត្រូវបានបញ្ឈប់នៅមុខសាលសណ្ឋាគារ ជាកន្លែងដែលព្រឹត្តិការណ៍នេះកំពុងត្រូវបានធ្វើឡើង។លោក Trump បានប្រាប់សារព័ត៌មាន Fox News ថា ជនសង្ស័យគឺជា "មនុស្សឈឺ" ហើយក្រុមគ្រួសាររបស់គេធ្លាប់បានលើកឡើងពីការព្រួយបារម្ភពីរូបគេជាមួយអាជ្ញាធរអនុវត្តច្បាប់។ ជនសង្ស័យ ដែលត្រូវបានកំណត់អត្តសញ្ញាណដោយមន្ត្រីម្នាក់ថាគេមានឈ្មោះ Cole Thomas Allen មកពីទីក្រុង Torrance រដ្ឋ California ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុក្នុងទីក្រុង Washington។លោក Trump បាននិយាយនៅក្នុងកម្មវិធី "Sunday Briefing" របស់ Fox News ថា "នៅពេលអ្នកអានសាររបស់គេ អ្នកនឹងដឹងថារូបគេស្អប់សាសនាគ្រិស្ត។  មន្ត្រីអនុវត្តច្បាប់ម្នាក់បានប្រាប់សារព័ត៌មាន Reuters ថា សំណេរមួយត្រូវបានផ្ញើទៅកាន់សមាជិកគ្រួសាររបស់ជនដៃដល់Allen មិនយូរប៉ុន្មានមុនការវាយប្រហារ។ មន្ត្រីរូបនោះបាននិយាយ ជនសង្ស័យបានហៅខ្លួនគេថាជាឃាតករមិត្តភាពសហព័ន្ធ។យោងតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រវត្តិរូបរបស់គេ ខ្មាន់កាំភ្លើង Allen គឺជាគ្រូបង្រៀន វិស្វករ និងជាអ្នកអភិវឌ្ឍន៍កម្មវិធីហ្គេមវីដេអូ ដែលរស់នៅភាគខាងត្បូងរដ្ឋ California។ យោងតាមសារព័ត៌មាន Bloomberg បានឱ្យដឹងថា រូបគេទទួលបានកាំភ្លើងជាច្រើនដើមដោយស្របច្បាប់មុនពេលការវាយប្រហារកើតឡើង។យោងតាមមន្ត្រី សារពោពេញដោយភាពស្អប់ខ្ពើមនេះបាននិយាយថា "ការរើបម្រាសនៅពេលដែលអ្នកផ្សេងត្រូវបានគេគាបសង្កត់ មិនមែនជាអាកប្បកិរិយាគ្រិស្តសាសនិកទេ វាគឺជាការជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មរបស់អ្នកគាបសង្កត់"។មន្ត្រីរូបនេះបាននិយាយថា ក្នុងចំណោមគោលដៅដែលបានរាយឈ្មោះនៅក្នុងសារនោះគឺជាក្រុមមន្ត្រីរដ្ឋបាល លោក Trump ប៉ុន្តែមិនមែននាយក FBI លោក Kash Patel ដែលត្រូវបានចាត់ថ្នាក់តាមលំដាប់អាទិភាពពីខ្ពស់បំផុតទៅទាបបំផុត នោះទេ៕

គិតត្រឹមត្រីមាសទី១ឆ្នាំនេះ សហគ្រាស ក្រុមហ៊ុន រោងចក្រនៅកម្ពុជា កើនដល់ជាង ៤៧ ០០០ សហគ្រាស ខណៈចំនួនកម្មករនិយោជិតកើនឡើងដល់ប្រមាណ ២,៣លាននាក់

04/27/2026 12:04 PM        161
គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រ បាន​កើន​ឡើង​ដល់​ចំនួន​ ៤៧ ០២៩សហគ្រាស ជាមួយនឹងចំនួនកម្មករ និយោជិតសរុបកើនឡើងដល់ប្រមាណ ២,៣​លាន​នាក់។ នេះបើតាមខ្លឹមសារនៅក្នុងសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃ​ទិវា​ពលកម្ម​អន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។តាមរយៈសារលិខិត សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា រាជ​រដ្ឋាភិបាល មិនត្រឹមតែមានឆន្ទៈមោះមុតក្នុងការទាក់ទាញវិនិយោគ ដើម្បីជំ​រុញ​សន្ទុះ​អភិវ​ឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ, បង្កើតសហគ្រាស ក្រុមហ៊ុន រោងចក្រ និងបង្កើនឱកាស​ការងារ​ជូន​ប្រជា​ពលរដ្ឋ​ប៉ុណ្ណោះ​ទេ ថែមទាំងមានមហិច្ឆតា​ខ្ពស់​ក្នុង​ការ​កសាង​ប្រព័ន្ធ​សេដ្ឋកិច្ច​មួយ​ដែល​មាន​ស្ថិរភាព​យូរ​អង្វែង ​និងការបង្កើតការងារសមរម្យប្រកបដោយបរិយាបន្ន ដើម្បីនាំមកនូវ​សេចក្តី​សុខ​ក្សេម​ក្សាន្ត​ និង​វិបុលភាពជូនប្រជាពលរដ្ឋគ្រប់រូប ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព។សម្ដេចធិបតី មានប្រសានស៍បញ្ជាក់ថា បើទោះជាត្រូវប្រឈមនឹងការលំបាកនិងឧបសគ្គ ទាំងកត្តាខាងក្នុងនិងកត្តាខាងក្រៅយ៉ាងណាក្តី តាមរយៈកម្លាំងមហាសាមគ្គីប្រជាជាតិដ៏រឹងមាំ កម្ពុជាបាននិងកំពុងបន្តបោះជំហានទៅមុខយ៉ាងស្វាហាប់ គួរជាទីមោទនៈលើមាគ៌ានៃសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រជាធិបតេយ្យ នីតិរដ្ឋ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលជាមនុញ្ញផលអនុគ្រោះដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងរក្សាលំនឹងនៃជីវភាពរបស់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត។ សម្ដេចធិបតីបានបញ្ជាក់ថា នៅឆ្នាំ២០២៥កន្លងទៅនេះ រាជរដ្ឋាភិបាលបានខិតខំជម្នះបាន នូវបញ្ហាប្រឈម និងសម្របខ្លួនទៅនឹងការប្រែប្រួលនៃសភាពការណ៍តំបន់និងសកលលោកដែលកើតឡើង ជាបន្តបន្ទាប់និងដំណាលៗគ្នា ដោយសម្រេចឱ្យបាននូវគោលដៅសូចនាករគន្លឹះ ដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, កម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ និងវិធានការគន្លឹះចំនួន ៥ ជាមួយនឹងការចាត់វិធានការអន្តរាគមន៍ចំពោះវិបត្តិនានាទាន់ពេល និងចំទិសដៅ។សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា សុខសន្តិភាពពេញលេញដែលយើងបានខិតខំរួមគ្នាថែរក្សាតាមរយៈ នយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ បន្ថែមពីនេះគោលនយោបាយនិងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលអាចគ្រប់គ្រង និងដោះស្រាយបានគ្រប់ស្ថានភាពទោះបីជាត្រូវប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែស្រួចស្រាល់ក្នុងបរិការណ៍សកល ក៏ដូចជាការរំលោភបំពាន លើអធិបតេយ្យនិងបូរណភាពទឹកដីយ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនិងបន្ត ស្ថិតលើមាគ៌ាកំណើនដ៏រឹងមាំក្នុងអត្រាប្រមាណ ៥,២% ក្នុងឆ្នាំ២០២៥។ សម្ដេចធិបតីបានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៦នេះ កំណើនសេដ្ឋកិច្ចកម្ពុជាក៏ត្រូវបានព្យាករថានឹងរក្សាអត្រាកំណើនខ្ពស់ ដែលលទ្ធផលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីភាពធន់នៃសេដ្ឋកិច្ចជាតិក្នុងបរិការណ៍នៃការវិវឌ្ឍយ៉ាងស្មុគស្មាញនៃសេដ្ឋកិច្ច និងនយោបាយទាំងក្នុងតំបន់ និងសកលលោក។សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ដោយបានជំរុញឱ្យមានលំហូរវិនិយោគផ្ទាល់ពីបរទេស បន្តកើនឡើងយ៉ាងខ្លាំងក្លាគួរជាទីមោទនៈ។ ជាក់ស្តែង ក្នុងរយៈពេលពីរខែនាដើមឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិបេ ផ្ទាល់ពីបរទេសសរុបចំនួន ១០៥គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៦៦លានដុល្លារអាម៉េរិក ដែលនឹងបង្កើតឱកាសការងារបន្ថែមទៀតជូនប្រជាពលរដ្ឋ៕

ធនាគារអឺរ៉ុប៖ ថវិកា៣០លានអឺរ៉ូ ត្រូវបានអនុម័តសម្រាប់ផែនការជួសជុលរបងសុវត្ថិភាពរោងចក្រនុយក្លេអ៊ែរ Chornobyl

04/27/2026 12:04 PM        64
ធនាគារអឺរ៉ុបសម្រាប់ការកសាងឡើងវិញនិងអភិវឌ្ឍន៍ បាននិយាយកាលពីថ្ងៃអាទិត្យ ទី ២៦ ខែមេសា ថា ការស្តារឡើងវិញសុវត្ថិភាពនៅទីតាំងនុយក្លេអ៊ែរ Chornobyl បន្ទាប់ពីការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ី អាចចំណាយថវិកាយ៉ាងហោចណាស់ ៥០០ លានអឺរ៉ូ។ខណៈអ៊ុយក្រែនប្រារព្ធខួបលើកទី ៤០ ចាប់តាំងពីមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់បំផុតរបស់ពិភពលោក លោកស្រី Odile Renaud-Basso ប្រធានធនាគារអឺរ៉ុបសម្រាប់ការកសាងឡើងវិញនិងអភិវឌ្ឍន៍ (EBRD) បាននិយាយថា អ្នកផ្តល់ជំនួយរួមមានសហភាពអឺរ៉ុប ប្រទេសបារាំង និងអង់គ្លេស បានអនុម័តថវិកាចំនួន៣០លានអឺរ៉ូ ដើម្បីផ្តល់មូលនិធិដល់ការងារត្រៀមរៀបចំបន្ទាន់ និងការវាយតម្លៃបច្ចេកទេសលើរបងស្តង់ដាសុវត្ថិភាពថ្មីដែលត្រូវបានបំផ្លាញ។លោកស្រីបាននិយាយថា ការរកឃើញបឋមបានបង្ហាញថា ច្រេះស៊ីចំពោះរចនាសម្ព័ន្ធដែក អាចគំរាមដល់សុវត្ថិភាពរយៈពេលវែង។លោកស្រី Renaud-Basso បាននិយាយថា មូលនិធិនេះនឹងធ្វើឱ្យស្ថានភាពមានស្ថេរភាព និងរៀបចំសម្រាប់ការងារជួសជុលពេញលេញ ដែលនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០២៨ និងបញ្ចប់នៅមុនឆ្នាំ ២០៣០។

នគរបាលបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករនៅរដ្ឋ Manipur ប្រទេសឥណ្ឌា

04/27/2026 12:04 PM        93
កងកម្លាំងសន្តិសុខនៅរដ្ឋ Manipur ភាគឦសានប្រទេសឥណ្ឌា បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករដែលធ្វើបាតុកម្មប្រឆាំងការវាយប្រហារនាពេលថ្មីៗនេះនៅក្នុងតំបន់មានភាពវឹកវរ ។ក្រុមបាតុកររាប់រយនាក់ បានចេញធ្វើបាតុកម្មដើរឆ្ពោះទៅកាន់លំនៅឋានរបស់ប្រមុខរដ្ឋនៅក្នុងរដ្ឋនេះ ដើម្បីដាក់ស្នើអនុស្សរណៈជាមួយនឹងលិខិតទាមទារចំនួនប្រាំពីរចំណុចក្នុងចំណោមភាពតានតឹងកើនឡើងបន្ទាប់ពីអំពើហិង្សាថ្មីៗ នៅក្នុងរដ្ឋ។ការប៉ះទង្គិចគ្នាជាច្រើនបានផ្ទុះឡើងជាលើកដំបូងកាលពីក្នុងខែឧសភា ឆ្នាំ២០២៣ រវាងសហគមន៍ Meitei ដ៏លេចធ្លោនៅរដ្ឋ Manipur ភាគច្រើនជាពលរដ្ឋកាន់សាសនាហិណ្ឌូ និងកុលសម្ព័ន្ធ Kuki ភាគច្រើនជាអ្នកកាន់គ្រិស្តសាសនា ជុំវិញផលប្រយោជន៍សេដ្ឋកិច្ចនិងកូតាការងារ ដែលអំឡុងពេលនោះ មនុស្សប្រហែល២៦០នាក់ត្រូវបានសម្លាប់ និងជាង៦០.០០០នាក់ត្រូវបានជម្លៀសចេញ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជា បន្តបង្ហាញអំពីទង្វើឈ្លានពានរបស់ថៃ ទៅកាន់​បណ្ដា​ប្រទេ​ស​ជា​មិត្ត និងអន្តរជាតិ

04/27/2026 12:04 PM        333
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា ថ្លែង​នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ ខែមេសានេះថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើសកម្មភាពការទូតសកម្ម លើការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ តាម​រយៈ​យន្តការច្បាប់ និងសន្ដិវិធី ក្នុងនោះសកម្ម​ភាព​លាត​ត្រដាង​ការ​ពិត​ពី​សកម្ម​ភាព​ឈ្លាន​ពាន​របស់​ថៃម​កលើដែនអធិបតេយ្យភាពកម្ពុជា ត្រូវបានថ្នាក់ដឹកនាំកម្ពុជា ធ្វើជាប្រចាំ​ដោយ​ប្រាប់​ទៅ​​បណ្ដា​ប្រទេសជាមិត្ត និងអន្តរជាតិនានា។ជាក់ស្ដែងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម​បណ្ឌិត​ វីវៀ​ន បាឡាគ្រីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី នៅទីក្រុងបានដាស៊េរីបេហ្កាវ៉ាន់ ប្រទេស​ព្រុយណេដារុយសាឡាម។ ក្នុងជំនួបនេះឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា​-ថៃ ផងដែរ។ ដោយឡែក កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ នាយទាហាន​នៃ​នាយក​ដ្ឋានទាក់ទងអន្តរជាតិ និងក្រុមអ្នកសម្របសម្រួល (CLG)នៃព្រះរាជាណាចក្រកម្ពុជា បាន​ ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឥណ្ឌូនេស៊ី ដែលបា​ន​ចាត់​បញ្ជូន​នាយ​ទាហាន​បន្ត​វេនចំ​នួន​ពី​ររូបមកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា ដែលដឹកនាំ​ដោយ​ប្រទេស​ហ្វីលីពីនក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៦ ដើម្បីចុះសង្កេតការណ៍ ផ្ទៀង​ផ្ទាត់​ និងធានាការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នៃ​វិធាន​ការ​ទាំង​អស់​ក្នុង​សេចក្តី​ប្រកាស​រួម​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ ២០២៥។សូមបញ្ជាក់ថា កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និង​អាណត្តិ​របស់ ​AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានា ដែល​បាន​ឯក​ភាព​គ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅ​លើ​ក​កម្ពស់​តម្លា​ភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងតែង​តែ​ស្វាគមន៍​ដល់​បណ្តា​ប្រទេស​ជា​មិត្តដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។រាជរដ្ឋាភិបាល តែងតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុត​នូវ​សេចក្តី​ប្រកា​សរួ​មនៃ​កិច្ច​ប្រជុំ​ពិសេសលើ​កទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២៥​, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង៕

រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាលី ត្រូវបានសម្លាប់ក្នុងការវាយប្រហារកាលពីថ្ងៃចុងសប្តាហ៍

04/27/2026 12:04 PM        82
រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្សាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋកាលពីថ្ងៃអាទិត្យ ទី២៦ ខែមេសា បានបង្ហាញពីការស្លាប់មន្ត្រីជាន់ខ្ពស់អំឡុងពេលការវាយប្រហារដែលធ្វើឡើងដោយក្រុមបះបោ។ អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រថយន្តមួយគ្រឿងដែលផ្ទុកដោយគ្រឿងផ្ទុះបើកបរដោយអ្នកវាយប្រហារអត្តឃាតម្នាក់ បានបើកបុកចូលលំនៅឋានរបស់លោក Sadio Camara នៅក្នុងទីក្រុង Kati បង្កឱ្យមានការបាញ់ប្រហារដែលលោកបានរងរបួស និងក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ។ រដ្ឋាភិបាលបានប្រកាសកាន់ទុក្ខជាតិ រយៈពេលពីរថ្ងៃ។សម្ព័ន្ធមិត្តក្រុមអាល់កៃដាក្នុងតំបន់ បានសហការជាមួយក្រុមឧទ្ទាម ដើម្បីធ្វើការវាយប្រហារក្នុងពេលដំណាលគ្នានៅទីតាំង៦កន្លែងនៅទូទាំងប្រទេស ។រដ្ឋាភិបាល នៅមិនទាន់បានផ្តល់ចំនួនអ្នកស្លាប់សរុបនៅឡើយទេ។ ការវាយប្រហារបានធ្លាក់លើទីតាំងនានានៅជិតទីក្រុង Bamako រួមទាំងទីក្រុង Kati និងតំបន់អាកាសយានដ្ឋាន ព្រមទាំងទីក្រុងភាគខាងជើងដូចជាទីក្រុង Mopti ទីក្រុងSevare និងទីក្រុង Gao ខណៈស្ថានភាពនៅក្នុងទីក្រុងយុទ្ធសាស្ត្រ Kidal នៅតែមិនច្បាស់។ រណសិរ្សរំដោះ Azawad (FLA) ដឹកនាំដោយក្រុម Tuareg បាននិយាយថា ខ្លួនបានដណ្តើមយកទីក្រុងនេះ ប៉ុន្តែកងទ័ពម៉ាលីបាននិយាយថា ប្រតិបត្តិការនៅទីនោះកំពុងបន្ត។ការវាយប្រហារនេះ បញ្ជាក់ពីការគំរាមកំហែងជាប់លាប់ដែលរដ្ឋាភិបាលដឹកនាំដោយយោធារបស់លោក Assimi Goita កំពុងប្រឈមមុខ ដែលបានទប់ស្កាត់អំពើហិង្សារបស់ក្រុមឧទ្ទាម ទោះបីជាមានប្រតិបត្តិការកាន់តែខ្លាំងក៏ដោយ។ អង្គការសហប្រជាជាតិ បានថ្កោលទោសការវាយប្រហារទាំងនេះ និងបានអំពាវនាវឱ្យមានការឆ្លើយតបពីអន្តរជាតិចំពោះភាពអសន្តិសុខកាន់តែអាក្រក់ នៅទូទាំងតំបន់ Sahel ។

អាកាសយានដ្ឋានធំបំផុតរបស់ទីក្រុងតេអេរ៉ង់ បន្តជើងហោះហើរអន្តរជាតិក្រោយការបិទជាង៥០ថ្ងៃ

04/27/2026 12:04 PM        68
អាកាសយានដ្ឋានអន្តរជាតិអ៊ីម៉ាម ខូម៉េនី (Imam Khomeini) របស់អ៊ីរ៉ង់ បានបន្តជើងហោះហើរដឹកអ្នកដំណើរអន្តរជាតិមានកំណត់ បន្ទាប់ពីការផ្អាករយៈពេលជាង៥០ថ្ងៃ ដោយចរាចរណ៍ដឹកអ្នកដំណើរត្រូវបានគេរំពឹងថានឹងងើបឡើងវិញជាបណ្តើរៗ ខណៈផ្លូវហោះហើរបានបើកឡើងវិញជាដំណាក់កាល។គោលដៅរួមមាន ទីក្រុងមេឌីណាក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ទីក្រុងមូស្កាតក្នុងប្រទេសអូម៉ង់ និងទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគី គឺជាគោលដៅដំបូងដែលបានបើកដំណើរការឡើងវិញ ខណៈអ្នកធ្វើដំណើរបានធ្វើដំណើរជាលើកដំបូងចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារលើប្រទេសនេះ ដែលជំរុញឱ្យអ៊ីរ៉ង់ វាយប្រហារសងសឹកលើគោលដៅអ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅទូទាំងប្រទេសជាច្រើនក្នុងតំបន់។សម្រាប់អ្នកដំណើរជាច្រើន ការបើកដំណើរការឡើងវិញបាននាំមកនូវការជួបជុំគ្នាដែលរង់ចាំជាយូរមកហើយជាមួយមនុស្សជាទីស្រលាញ់នៅបរទេស។ ។អ្នកដំណើរមួយចំនួននៅតែមានការព្រួយបារម្ភ ដោយនិយាយថាបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មានសភាពផុយស្រួយ។ អ្នកដំណើរម្នាក់និយាយថា «យើងមានការព្រួយបារម្ភដោយសារតែសង្គ្រាម ខណៈយើងបានឮសំឡេងផ្ទុះនៅទីក្រុងតេអេរ៉ង់កាលពីប៉ុន្មានយប់មុន»។មន្ត្រីអាកាសយានដ្ឋានបាននិយាយថា មានតែគោលដៅមួយចំនួនតូចប៉ុណ្ណោះដែលអាចដំណើរការបាននាពេលបច្ចុប្បន្ន ប៉ុន្តែការវិលត្រឡប់ទៅវិញបន្តិចម្តងៗនៃជើងហោះហើរអន្តរជាតិបង្ហាញពីជំហានដ៏ប្រុងប្រយ័ត្នឆ្ពោះទៅរកភាពប្រក្រតីឡើងវិញ ដោយផ្លូវអន្តរជាតិសំខាន់ៗនៅតែស្ថិតក្នុងដំណាក់កាលរៀបចំផែនការ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM