ស្វែងរក

អាជ្ញា​កណ្តាលអ៊ីតាលី Gianluca Rocchi ផ្អាកតួនាទីខ្លួនឯង ខណៈមាន​ការ​ស៊ើប​អង្កេត​អំពី​បទ​ក្លែង​បន្លំ​កីឡា

04/27/2026 12:04 PM        85
លោក Gianluca Rocchi អ្នកទទួលបន្ទុកចាត់តាំងអាជ្ញាកណ្តាលក្នុងលីគកំពូលអ៊ីតាលី បាន​សម្រេច​ផ្អាក​ខ្លួនឯងពីតួនាទី បន្ទាប់ពីមានការរាយការណ៍អំពីការស៊ើបអង្កេតពាក់ព័ន្ធនឹងបទ “ក្លែង​បន្លំ​កីឡា”។យោងតាមទីភ្នាក់ងារព័ត៌មានអ៊ីតាលី AGI លោក Rocchi ដែលជាអតីតអាជ្ញាកណ្តាលអន្តរជាតិ កំពុង​ស្ថិតក្រោមការស៊ើបអង្កេតចំពោះ “ការចូលរួមសហការនៅក្នុងការក្លែងបន្លំកីឡា” ក្នុង​រដូវ​កាល ២០២៤-២៥ ហើយបានកំណត់ពេលសវនាការដំបូងនៅថ្ងៃព្រហស្បតិ៍ខាងមុខ។សមាគម​អាជ្ញា​កណ្តាលអ៊ីតាលី (AIA) ក៏បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា លោក Rocchi បានផ្អាកខ្លួនឯងពីតួនាទី បន្ទាប់ពីមានការចាប់ផ្តើមស៊ើបអង្កេតដោយការិយាល័យអយ្យការក្រុង Milan។អង្គភាពនេះក៏បានបញ្ជាក់ផងដែរថា លោក Andrea Gervasoni ដែលជាអ្នកគ្រប់គ្រង VAR សម្រាប់លីគកំពូលទាំងពីររបស់អ៊ីតាលី ក៏បានផ្អាកខ្លួនឯងដែរ បន្ទាប់ពីត្រូវបានដាក់ឲ្យស៊ើបអង្កេតដូចគ្នា។ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន លោក Rocchi បាននិយាយថា ការសម្រេចផ្អាកខ្លួនឯងពីតួនាទីនៅពេលនេះគឺមានគោលបំណងអនុញ្ញាតឲ្យដំណើរការផ្លូវច្បាប់ប្រព្រឹត្តទៅដោយរលូន ហើយជឿជាក់ថា នឹងអាចបង្ហាញភាពស្អាតស្អំរបស់ខ្លួនបាន និងជាការទទួលខុសត្រូវលើតួនាទី ហើយក៏ចង់ការពារក្រុមអាជ្ញាកណ្តាលទាំងមូល មិនឲ្យរងផលប៉ះពាល់ដោយសារបញ្ហារបស់ខ្លួនតាមការចោទប្រកាន់ មានការសង្ស័យថា លោក Rocchi បានជ្រើសរើសអាជ្ញាកណ្តាលសម្រាប់ការប្រកួតរបស់ Inter Milan ដោយសារតែក្លិបចប់បាន។ លើសពីនេះ លោក Rocchi ត្រូវបានចោទថា បានដាក់សម្ពាធលើមន្រ្តី VAR ម្នាក់ ដើម្បីជំរុញឲ្យអាជ្ញាកណ្តាលពិនិត្យមើលសកម្មភាពប៉ះដៃក្នុងតំបន់ពិន័យ ក្នុងការប្រកួតដែល Udinese ឈ្នះ Parma ១-០ កាលពីខែមីនាឆ្នាំមុន។គួរបញ្ជាក់ថា បទល្មើស “ក្លែងបន្លំកីឡា” គឺជាបទល្មើសព្រហ្មទណ្ឌនៅប្រទេសអ៊ីតាលី ដែលអាចផ្តន្ទាទោសអតិបរមាជាប់ពន្ធនាគារដល់ទៅ ៦ ឆ្នាំ៕ អត្ថបទ៖នាង សុភាវុធ

ភាពមិនប្រាកដប្រជាជុំវិញកិច្ចចរចាសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់ កើនឡើង ខណៈលោក Trump ថា លែងបញ្ជូនគណៈប្រតិភូសម្រាប់កិច្ចចរចាទៀតហើយ

04/27/2026 12:04 PM        56
ភាពមិនប្រាកដប្រជា ជុំវិញកិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាន់តែជ្រៅឡើង ក្នុងពេលមានការមិនចុះសម្រុងគ្នាជាបន្តបន្ទាប់ និងសញ្ញានៃភាពតានតឹងឡើងវិញ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងលែងបញ្ជូនគណៈប្រតិភូដើម្បីចរចាជាមួយអ៊ីរ៉ង់ទៀតហើយ ដោយបញ្ជាក់ថា ទីក្រុងតេអេរ៉ង់ គួរតែទាក់ទងជាមួយទីក្រុងវ៉ាស៊ីនតោនដោយផ្ទាល់ ប្រសិនបើខ្លួនចង់ចរចា។ លោក Trump បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Fox News ថា «ប្រសិនបើពួកគេចង់ធ្វើ យើងអាចចរចាគ្នាបាន។ ប៉ុន្តែយើងមិនបញ្ជូនមនុស្សឱ្យធ្វើដំណើរ រយៈពេល១៨ម៉ោងដើម្បីជួបគ្នានោះទេ»។ លោក Trump ក៏បាននិយាយផងដែរថា លោកមានការគោរពយ៉ាងខ្លាំងចំពោះប្រទេសប៉ាគីស្ថាន ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅទីក្រុងអ៊ីស្លាម៉ាបាដ និងបាននិយាយបន្ថែមថា ប្រទេសប៉ាគីស្ថាន នឹងនៅតែពាក់ព័ន្ធ។ លោកបានបញ្ជាក់ជាថ្មីថា អ៊ីរ៉ង់ «មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ» «បើមិនដូច្នេះទេ គ្មានហេតុផលដើម្បីជួបគ្នាឡើយ»។ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា សម្ពាធ និងសកម្មភាពអរិភាពរបស់សហរដ្ឋអាមេរិក កំពុងធ្វើឱ្យខូចទំនុកចិត្ត និងធ្វើឱ្យវឌ្ឍនភាពឆ្ពោះទៅរកកិច្ចចរចាជាថ្មីកាន់តែពិបាក នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោកកាលពីថ្ងៃអាទិត្យ។ លោកបាននិយាយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន មិនអាចបន្តការចរចាបាន ខណៈកំពុងបង្កើនសម្ពាធលើអ៊ីរ៉ង់ ដោយនិយាយថា សកម្មភាពបែបនេះ «រំខានដល់បរិយាកាសចាំបាច់» សម្រាប់ផ្នែកការទូត។ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានបង្ហាញពីលក្ខខណ្ឌរបស់អ៊ីរ៉ង់សម្រាប់ការបញ្ចប់សង្គ្រាមទៅកាន់ប្រទេសប៉ាគីស្ថាន ជាប្រទេសសម្របសម្រួល។ ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការបានរាយការណ៍កាលពីថ្ងៃអាទិត្យថា លោក Araghchi បានបង្ហាញពី «ខ្សែបន្ទាត់ក្រហម» របស់ទីក្រុងតេអេរ៉ង់ទៅកាន់សហរដ្ឋអាមេរិកតាមរយៈប្រទេសប៉ាគីស្ថានក្នុងអំឡុងពេលដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះ របស់លោក។ របាយការណ៍នេះបាននិយាយថា «ខ្សែបន្ទាត់ក្រហម» ដែលបានបញ្ជូនទៅកាន់ភាគីសហរដ្ឋអាមេរិកក្នុងទម្រង់ជាសារជាលាយលក្ខណ៍អក្សរ ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងច្រកសមុទ្រ Hormuz។

លីគកំពូលកម្ពុជា កាន់តែទាក់ទាញការចាប់អារម្មណ៍ ខណៈសល់ ៣សប្ដាហ៍ទៀត នឹងបញ្ចប់

04/27/2026 11:04 AM        177
ទោះបីក្រុមជើងឯក ត្រូវបានរកឃើញ តែការប្រកួតប្រជែងលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ នៅ​តែមានកម្រិតខ្ពស់ ជាទីទាក់ទាញកាន់តែខ្លាំងសម្រាប់អ្នកគាំទ្រ ពិសេសជំនួបរវាងបេក្ខភាព Top-6 ​ស្រប​ពេលនៅសល់ ៣សប្ដាហ៍ទៀតនឹងត្រូវបញ្ចប់រដូវកាល។អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺលទ្ធផលការសន្សំពិន្ទុ សប្ដាហ៍ទី១៩ នៃដំណាក់កាលទី២ កាល​ពី​ចុង​សប្ដាហ៍កន្លងទៅ ដោយក្រុម អឹមអាយអាយ កំពង់ដេវ៉ា បានយកឈ្នះភ្នំពេញក្រោន ១-០ គ្រា​ដែល​បឹងកេត ចាញ់អង្គរថាយហ្គឺរ ២-០ និងក្រុមជើងឯកព្រះខ័នរាជស្វាយរៀង វាយ​បក​ស្មើ​ណា​ហ្គាវើល​ដ៍ ១-១ នៅចុងម៉ោង។សម្រាប់ជំនួបដ៏ជក់ចិត្ត នៅកីឡដ្ឋានវិសាខា កីឡាករ សាន គឹមហេង បានរកគ្រាប់បាល់នាំមុខឲ្យ អឹមអូអាយ កំពង់ដេវ៉ា តាំងពីនាទីទី២០ ហើយលទ្ធផលនេះ បានរក្សាដល់ចប់ការប្រកួតពេញម៉ោង បន្ទាប់ពីភ្នំពេញក្រោន បានព្យាយាមវាយបកយ៉ាងខ្លាំង តែធ្វើមិនបានសម្រេច ដែលនាំឲ្យពួកគេរបូត ៣ពិន្ទុដ៏សំខាន់ ដើម្បីការពារតំណែងលេខ២ របស់ខ្លួន។ចំណែក្រុមបឹងកេត ដែលជាបេក្ខភាពទទួលបានអាជ្ញាបណ្ណក្លិបពី AFC សម្រាប់រដូវកាលថ្មី បានបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ២-០ ។ ២គ្រាប់ ដែលជួយឲ្យក្រុមខ្លាទឹកក្រូច បង្កើតគម្លាត ៣ពិន្ទុពីបឹងកេត រកបានដោយកីឡាករ ទាំ មករា នៅនាទី៦០ និងកីឡាករ Mijland Guytho នៅនាទី៨៩។ដោយឡែកជំនួបនៅពហុកីឡដ្ឋានជាតិមរតកតេជោ ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង រកបានត្រឹម ១ពិន្ទុ ក្រោយវាយបកស្មើក្រុមណាហ្គាវើលដ៏  ១-១ បន្ទាប់ពីត្រូវក្រុមភ្ញៀវនាំមុខ នៅនាទី១៥ ដែលរកបានដោយកីឡាករ Weyderson រហូតដល់នាទី៨៩ ទើបកីឡាករ Peprah Kwame រកបានគ្រាប់តាមស្មើ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។ផ្នែកលើលទ្ធផលនេះ បានធ្វើឲ្យលីគកំពូលកម្ពុជា នាចុងរដូវកាល កាន់តែរន្ថើន និងទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រដដែល ទោះបីក្រុមព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯកជាផ្លូវការក្ដី ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺការប្រកួតចំណាត់ថ្នាក់លេខ២ ក្នុងលីគ ដើម្បីមានឱកាសលេងពានរង្វាន់អន្ដរជាតិ ពិសេសក្រុមដែលជាប់អាជ្ញាបណ្ឌក្លិបពីសហព័ន្ធកីឡាបាល់ទាត់អាស៊ីតែម្ដង។គិតត្រឹមសប្ដាហ៍ទី១៩ ក្រុមព្រះខ័នរាជស្វាយរៀង នៅតែបន្ដឈរកំពូលតារាង មាន ៦៦ពិន្ទុ គ្រាដែលភ្នំពេញក្រោន បន្ដឈរលេខ២ មាន ៥០ពិន្ទុ នាំមុខគូ ៣ពិន្ទុប៉ុណ្ណោះ លើក្រុមលេខ៣ អង្គរថាយហ្គឺរ ដែលមាន ៤៧ពិន្ទុ។ រីឯបឹងកេត រក្សាកៅអីលេខ៤ មាន ៤៤ពិន្ទុ លើណាហ្គាវើលដ៏ ឈរលេខ៥ មាន ៤៣ពិន្ទុ និងក្រុម អឹមអូអាយ កំពង់ដេវ៉ា ឈរលេខ៦ មាន ៣៧ពិន្ទុ៕ អត្ថបទ លី ឈុនឡា

Alex Marquez ឈ្នះការប្រណាំង MotoGP នៅអេស្ប៉ាញ ខណៈបងប្រុស Marc Marquez មិនអាចបញ្ចប់ទី

04/27/2026 11:04 AM        104
កីឡាករប្រណាំងម៉ូតូអេស្ប៉ាញ Alex Marquez បានអបអរការចូលរួមប្រណាំង Grand Prix ទីលានទី ២៥០ ជាមួយនឹងជ័យជំនះនៅព្រឹត្តិការណ៍ MotoGP នៅប្រទេសអេស្ប៉ាញពីរឆ្នាំជាប់គ្នា។ ជ័យជំនះនេះ ក៏ជាការអបអរខួបកំណើតឈានចូលវ័យ ៣០ ឆ្នាំរបស់ Alex Marquez ផងដែរ ខណៈដែលកីឡាកររបស់ក្រុម Gresini Racing រូបនេះ ចាប់ផ្តើមទីពីលេខ ៥ រហូតទទួលបានជ័យជំនះ។ បងប្រុសរបស់គេ Marc Marquez ដែលឈ្នះការប្រណាំងយកទីចេញដំណើរនោះ បានដួលម៉ូតូនៅផ្លូវបត់ទី ១១ នៃជុំទី ២ នៅពេលប្រជែងជាមួយប្អូនប្រុសរបស់ខ្លួន ដែលធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង។ លេខពីរសម្រាប់ការប្រកួតនេះបានទៅកីឡាករអ៊ីតាលី Marco Bezzecchi ជិះឱ្យក្រុម Aprilia ខណៈកីឡាករអ៊ីតាលីមួយរូបទៀត Fabio di Giannantonio បានលេខ ៣។ នេះជាជ័យជំនះដំបូងសម្រាប់ Alex Marquez រដូវកាលនេះ និងធ្វើឱ្យគេឡើងមកឈរលេខ ៧ ក្នុងតារាងជើងឯក ស្របពេលដែល Marco Bezzecchi បន្តនាំមុខគេមាន ១០១ ពិន្ទុ តាមពីក្រោយដោយកីឡាករអេស្ប៉ាញ Jorge Martin មាន ៩០ ពិន្ទុ និងលេខបី Fabio di Giannantonio មាន ៧១​ ពិន្ទុ។ ទីលានទីប្រាំ MotoGP រដូវកាលនេះ នឹងបន្តទៅប្រទេសបារាំងនៅថ្ងៃទី ១០ ខែឧសភា៕អត្ថបទ៖នាង សុភាវុធ

ត្រីមាសទី១ឆ្នាំនេះ កម្ពុជានាំចេញកង់ មានទឹកប្រាក់ជាង ២០១ លានដុល្លារ កើនឡើងជិត ៤៤%

04/27/2026 11:04 AM        145
កម្ពុជានាំចេញកង់ នៅក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៦, មានទំហំទឹកប្រាក់សរុបជាង ២០១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ជិត ៤៤% បើធៀបរយៈពេលដូចគ្នានឹងឆ្នាំមុន ក្នុងនោះការនាំចេញទៅសហរដ្ឋអាមេរិកមានកំណើនខ្ពស់ជាងគេ បើធៀបទៅនឹងទីផ្សារដ៏ទៃទៀត។ក្រសួងពាណិជ្ជកម្ម បង្ហាញពីរបាយការណ៍នាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល ៣ ខែ ឆ្នាំ ២០២៦ មានទំហំទឹកប្រាក់សរុបប្រមាណជាង ២០១ លានដុល្លារអាមេរិក កើនឡើងជិត ៤៤% ដែលជាកំណើនមួយហក់ឡើងខ្ពស់ ខណៈក្នុងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៥ ការនាំចេញកង់របស់កម្ពុជា មានទឹកសរុបជាង ១៣៩ លានដុល្លារអាមេរិកប៉ុណ្ណោះ។  ចំពោះទីផ្សារសំខាន់ៗ ដែលគាំទ្រដល់ការនាំចេញកង់រួមមាន៖ ការនាំចេញទៅសហរដ្ឋអាមេរិក មានទឹកប្រាក់ជិត ៩៧ លាន ដុល្លារ កើនជិត ២៥%, អាឡឺម៉ង់ ជាង ៣៨ លានដុល្លារ កើនជាង ៧៧%, ប៊ែលហ្សិក ជិត ៣៤ លានដុល្លារ កើន ១៥៥%, ហូឡង់ ជាង ១២ លានដុល្លារ កើនជាង ៤៥%, អូស្រ្តាលី ជិត ២ លានដុល្លារ កើនជាង ៨៨%, កូឡំប៊ី ជិត ២ លានដុល្លារ កើន ៧២% ធៀប រយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៥ ក្រៅពីនេះនៅមានទីផ្សារផ្សេងៗទៀត គាំទ្រដល់ការនាំចេញកង់របស់កម្ពុជា។ជុំវិញរោងចក្រដំឡើងកង់វិញ កម្ពុជាមានរោងចក្រផ្គុំ និងដំឡើងកង់មានចំនួន៥ទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុង ក្រុងបាវិត ខេត្តស្វាយរៀង បច្ចុប្បន្នរោងចក្រទាំងនោះបានកំពុងផ្គុំ និងដំឡើងកង់ជាច្រើនប្រភេទ សម្រាប់បម្រើដល់ទីផ្សារនាំចេញ របស់កម្ពុជា។សូមបញ្ជាក់ថា នៅក្នុងបំណាច់ឆ្នាំ២០២៥, កម្ពុជាបាននាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិ ដែលជាដៃគូពាណិជ្ជកម្ម មានទំហំទឹកប្រាក់ សរុបជិត ៦១០ លានដុល្លាអាមេរិក បានកើនឡើងជិត ៤៣% ខណៈក្នុងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៤ ការនាំចេញកង់ មានទឹក សរុបជិត ៤២៦ លានដុល្លារអាមេរិកប៉ុណ្ណោះ៕អត្ថបទ៖ សុន រ៉ាឌី

សមាជិកសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃវេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជាននិងអភិវឌ្ឍន៍ នៅប្រទេសអូស្ត្រាលី

04/27/2026 11:04 AM        101
អូស្ត្រាលី៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានប្រចាំការសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជារាស្ត្រនិងការអភិវឌ្ឍ CAPPD និងជាអនុប្រធានវេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជននិងអភិវឌ្ឍន៍ (AFPPD) និងគណៈប្រតិភូ ៩រូប នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃ AFPPD លើកទី១០១ នៅទីក្រុងម៉ែលប៊ើន ប្រទេសអូស្ត្រាលី។សូមជម្រាបថា៖ គោលបំណងនៃកិច្ចប្រជុំគឺផ្ដោតលើការគ្រប់គ្រងផ្ទៃក្នុង និងការរៀបចំយុទ្ធសាស្ត្ររបស់ AFPPD រួមមាន៖១-ការពិនិត្យ និងអនុម័តលើកំណត់ហេតុប្រជុំ ExCom លើកទី១០០២-ការតាមដាន និងវាយតម្លៃសកម្មភាពការងារចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ខែមេសា ឆ្នាំ២០២៦។៣-ការរៀបចំផែនការសកម្មភាព ចាប់ពីខែឧសភា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៦៤-ស្ថានភាពការិយាល័យ AFPPD នៅប្រទេសម៉ាឡេស៊ី៥ការអនុម័តលក្ខន្តិកៈគ្រប់គ្រងធនធានមនុស្ស (HR Manual)។ជំនួបប្រជុំនេះ គឺជាឱកាសសម្រាប់សមាជិកគណៈកម្មាធិការប្រតិបត្តិទាំងអស់ ចូលរួមផ្តល់មតិយោបល់ និងការយល់ឃើញផ្សេងៗ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ AFPPD ទាំងមូល។សូមបញ្ជាក់ជូនផងដែរថា វេទិកានេះគឺជាកិច្ចប្រជុំផ្ទៃក្នុង ដែលធ្វើឡើងមុនពេលចាប់ផ្តើមវេទិកាកម្រិតខ្ពស់រវាងរដ្ឋមន្ត្រីនិងសមាជិកសភា នៅឯសន្និសីទ Women Deliver 2026 នៅទីក្រុងមែលប៊ើន នៅប្រទេសអូស្ត្រាលី។គួររំលឹកថាកិច្ចប្រជុំAFPPD ប្រចាំឆ្នាំ និងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ AFPPD លើកទី១០០នាឆ្នាំ២០២៥ បានត្រូវធ្វើឡើងនៅប្រទេសហ្វីលីពីន៕

តម្លៃប្រេងកើនឡើងជិត២% ខណៈការចរចាសន្តិភាព អាមេរិក -អ៊ីរ៉ង់ ជាប់គាំង

04/27/2026 11:04 AM        64
តម្លៃប្រេងបានកើនឡើងបន្ថែមទៀតនៅថ្ងៃចន្ទ ២៧មេសាសប្ដាហ៍នេះ ដោយកើនឡើងជិត ២% ខណៈការចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ជាប់គាំង ស្របពេលដែលការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz នៅតែមានកម្រិត ដែលរក្សាការផ្គត់ផ្គង់ប្រេងសកលឱ្យតឹងតែង។តម្លៃប្រេងឆៅ Brent បានកើនឡើង ២,១៦ ដុល្លារ ឬ២,០៥ % ដល់១០៧,៤៩ ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ២៣និង៤៦នាទីម៉ោងសកល ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ៧ ខែមេសា ហើយតម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកដែរនោះ មានតម្លៃ៩៦,១៧ ដុល្លារក្នុងមួយបារ៉ែល កើនឡើង១,៧៧ដុល្លារ ឬ១,៨៨%។កាលពីសប្តាហ៍មុន តម្លៃប្រេងឆៅBrent និង WTI បានកើនឡើងជិត ១៧% និង១៣%ជាបន្តបន្ទាប់ ដែលជាការកើនឡើងប្រចាំសប្តាហ៍ដ៏ធំបំផុតចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម។ ក្តីសង្ឃឹមនៃការរស់ឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងសន្តិភាពបានថយចុះក្នុងអំឡុងពេលចុងសប្តាហ៍ នេះនៅពេលប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានលុបចោលដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដដោយបេសកជនរបស់លោក គឺលោក Steve Witkoff និង លោកJared Kushner ទោះបីជារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានទៅដល់ប្រទេសប៉ាគីស្ថានក៏ដោយ។លោក Tony Sycamore អ្នកវិភាគទីផ្សារនៅក្រុមហ៊ុន IG របស់អូស្ត្រាលី បាននិយាយនៅក្នុងកំណត់ចំណាំមួយថា សកម្មភាពនេះធ្វើឱ្យបាល់វិលត្រឡប់មកនៅក្នុងដៃអ៊ីរ៉ង់វិញ ហើយពេលវេលាកំពុងដើរយ៉ាងលឿន ដោយបន្ថែមថា ទីក្រុងតេអេរ៉ង់អាចនឹងត្រូវបង្ខំឱ្យបិទផលិតកម្មនៅតំបន់ប្រេងចាស់របស់ខ្លួន នៅពេលអស់សមត្ថភាពផ្ទុក។ទិន្នន័យផ្នែកការដឹកជញ្ជូនតាមនាវាពីក្រុមហ៊ុនវិភាគទីផ្សារសកល Kpler បានបង្ហាញថា ទីក្រុងតេអេរ៉ង់ បានបិទច្រកសមុទ្រ ខណៈទីក្រុងវ៉ាស៊ីនតោនបានបិទកំពង់ផែរបស់អ៊ីរ៉ង់។ ការធ្វើចរាចរណ៍នៅច្រកសមុទ្រ Hormuz នៅតែត្រូវបានកំណត់ ដោយមាននាវាដឹកប្រេងតែមួយគ្រឿងប៉ុណ្ណោះបានចូលទៅក្នុងឈូងសមុទ្រកាលពីថ្ងៃអាទិត្យ៕

ទោះឈ្នះកីឡាការិនីអ៊ីរ៉ង់ តែ ស្រីខួច មិនសូវពេញ​ចិត្តគុណ​ផល​ខ្លួន​លើ​សង្វៀន​ប្រដាល់​សកល​អាជីព

04/27/2026 11:04 AM        122
ម្ចាស់មេដាយប្រាក់ស៊ីហ្គេម ឆ្នាំ២០២៣ វី ស្រីខួច បានបង្ហាញខ្លួនជាថ្មី លើ​សង្វៀន​ប្រដាល់​សកល​អាជីព​ប្រចាំ​ខែ ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ដោយ​បាន​យក​ឈ្នះ​កីឡា​ការិនី​អ៊ីរ៉ង់ Sahel ដោយពិន្ទុ តែជ័យជម្នះនេះ ហាក់មិនសូវធ្វើ​ឲ្យ​កញ្ញា​​ពេញ​ចិត្ត​នឹង​គុណ​ផល​ខ្លួន​សម្រេចបានឡើយ ក្រោយខកខានប្រកួតយូរពេក។ស្រីខួច បានលើកឡើងថា បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ខ្លួនបាន​ខក​ខាន​ប្រកួត​ប្រដាល់​សកល ហើយការត្រឡប់មកវិញនេះ កញ្ញាសង្កេតឃើញកម្លាំងហាក់ថយចុះ ស្រប​ពេល​គូ​ប្រកួត​មាន​កាយសម្បទាល្អ សមត្ថភាព និងបច្ចេកទេសល្អផង បានធ្វើឲ្យកញ្ញារាងពិបាក។ តែ​យ៉ាង​ណា​បើមានឱកាស ស្រីខួច ប្ដេជ្ញាខំប្រឹងហ្វឹកហាត់ និងធ្វើឲ្យបានកាន់តែល្អជាងនេះ។គួរដឹងថា សហព័ន្ធបានរៀបចំកម្មវិធី Dragon the Golden Ring ​ដែល​ជា​ការ​ប្រកួត​កីឡា​ប្រដាល់​សកលកម្រិតអាជីពខែទី៣ នៅសាលកីឡាប្រដាល់សកលនាពហុកីឡដ្ឋានជាតិអូឡាំពិក កាល​ចុងសប្ដាហ៍កន្លងទៅ ដោយមានគូអន្ដរជាតិ ៣ប្រកួត និងគូមិត្តភាពជាតិថ្នាល ២ប្រកួត។ ការប្រកួតនេះ បានទាក់ទាញការគាំទ្រយ៉ាងច្រើនពីមហាជន ទាំងជាតិ និងអន្ដរជាតិ ពិសេស​ការ​ប្រកួត​គូអន្ដរជាតិតែម្ដង។សម្រាប់លទ្ធផលការប្រកួតប្រចាំខែទី៣ ត្រូវនឹងខែមេសានេះ ក្រៅពីកីឡាការិនី វី ស្រីខួច យ​ក​ឈ្នះ​ពិន្ទុ​លើកីឡាការិនីអ៊ីរ៉ង់ គឺកីឡាករ សៅ រង្សី បានស្មើកីឡាករមីយ៉ាន់ម៉ា Mya Lone Chaw ​ដោយ​ពិន្ទុ ក្នុងនាមគូឯកប្រចាំខែ គ្រាដែលកីឡាករ នា សុវណ្ណ ចាញ់ពិន្ទុកីឡាករមីយ៉ាន់ម៉ា Ritt Kyaw Zin។ ចំណែកគូប្រកួតថ្នាលយុវជន គឺកីឡាករ នូ ផាត ឈ្នះកីឡាករ ភឿន សម្ភព និង​កីឡាករ​ ឈុន ភារុន ឈ្នះកីឡាករ ខេង សួគីម ដោយពិន្ទុដូចគ្នា៕ អត្ថបទ លី ឈុនឡា

អត្តពលិកកេនយ៉ា Sebastian Sawe ក្លាយជាមនុស្សដំបូងរត់ម៉ារ៉ាតុងប្រើពេលក្រោមពីរម៉ោង

04/27/2026 10:04 AM        101
អត្តពលិកសញ្ជាតិកេនយ៉ា Sebastian Sawe បានក្លាយជាបុរសដំបូងបំផុតដែលរត់ម៉ារ៉ាតុងប្រើពេលក្រោម ២ ម៉ោង នៅពេលយកឈ្នះនៅព្រឹត្តិការណ៍ម៉ារ៉ាតុងអន្តរជាតិទីក្រុងឡុងដ៍ចក្រភពអង់គ្លេស។បុរសវ័យ ៣១ ឆ្នាំរូបនេះ បានរត់បញ្ចប់ម៉ារ៉ាតុងដោយប្រើពេលថេរវេលា ១ ម៉ោង ៥៩ នាទី ៣០ វិនាទី បំបែកកំណត់ត្រាចាស់ Kelvin Kiptum ដែលធ្វើបានក្នុងថេរវេលា ២ ម៉ោង ៣៥ វិនាទី នៅពេលឈ្នះព្រឹត្តិការណ៍ម៉ារ៉ាតុងទីក្រុង Chicago សហរដ្ឋអាមេរិកកាលពីឆ្នាំ ២០២៣។ ជាអកុសល Kelvin Kiptum បានទទួលមរណភាពកាលពីឆ្នាំ ២០២៤ ក្នុងវ័យ ២៤ ឆ្នាំនៅប្រទេសកេនយ៉ាដោយសារគ្រោះថ្នាក់ចរាចរ។អតីតពលិកអេចូពី Yomif Kejelcha បានរក្សាការនាំមុខស្ទើរពេញមួយប្រកួតនៃចម្ងាយ ៤២.១៩៥ គីឡូម៉ែត្រ មុនពេលធ្លាក់ចុះល្បឿននៅចំនុចចុងក្រោយ ខណៈទៅដល់ទីព្រ័ត្រត្រឹមចំណាត់ថ្នាក់លេខពីរ ខណៈលេខបីបានទៅអត្តពលិកអ៊ូហ្កង់ដា Jacob Kiplimo។ផ្នែកនារីវិញ កីឡាការិនីអេចូពី Tigst Assefa ជាអ្នកឈ្នះជាមួយនឹងថេរវេលាបំបែកកំណត់ត្រាខ្លួនឯងជាមួយនឹងថេរវេលា ២ ម៉ោង ១៥ នាទី ៤១ វិនាទី ខណៈកំណត់ត្រាចាស់ ២ ម៉ោង ៥១ នាទី ៥០ វិនាទី។ លេខពីរបានទៅកីឡាការិនីកេនយ៉ា Hellen Obiri និងលេខបីកីឡាការិនីកេនយ៉ាមួយរូបទៀត Joyciline Jepkosgei៕ អត្ថបទ៖នាង សុភាវុធ 

រុស្ស៊ី និងកូរ៉េខាងជើង យល់ព្រមលើកិច្ចសហប្រតិបត្តិការយោធារយៈពេលវែង

04/27/2026 10:04 AM        80
រដ្ឋមន្ត្រីការពារជាតិ និងប្រធានសភារុស្ស៊ី កំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង។ មួយរូបបានជួយសម្ពោធបើកការដ្ឋានសាងសង់វិមានរំលឹកដល់ទាហានកូរ៉េខាងជើងដែលបានស្លាប់ក្នុងការប្រយុទ្ធនៅអ៊ុយក្រែន មួយរូបទៀតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិថ្មីមួយដែលគ្រោងនឹងដំណើរការរហូតដល់ឆ្នាំ ២០៣១។ កិច្ចសហប្រតិបត្តិការយោធា នយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរបានកើនឡើងយ៉ាងខ្លាំង ស្របពេលមានការវាយលុកពេញបន្ទុករបស់រុស្ស៊ីលើអ៊ុយក្រែន ដោយទីក្រុងព្យុងយ៉ាងផ្តល់ការគាំទ្រផ្នែកយោធាដល់ទីក្រុងមូស្គូ ជាពិសេសដើម្បីរុញច្រានកងកម្លាំងអ៊ុយក្រែនចេញពីតំបន់ព្រំដែន Kursk របស់រុស្ស៊ី។ទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិទៅវិញទៅមករួចហើយនៅឆ្នាំ ២០២៤ ស្របពេលមានកិច្ចប្រជុំរវាងលោក Kim Jong Un និងប្រធានាធិបតី Vladimir Putin នៅទីក្រុងព្យុងយ៉ាងក្នុងខែមិថុនានោះ។ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសទាំងពីរបានរាយការណ៍កាលពីថ្ងៃអាទិត្យ ២៦មេសា ចុងសប្ដាហ៍នេះថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrei Belousov បានទៅដល់កូរ៉េខាងជើង និងបានជួបពិភាក្សាជាមួយលោក Kim និងមន្ត្រីដទៃទៀត។លោក Belousov បាននិយាយ ដោយប្រើអក្សរកាត់នៃឈ្មោះផ្លូវការរបស់កូរ៉េខាងជើង ថា ពួកលោកបានព្រមព្រៀងជាមួយក្រសួងការពារជាតិកូរ៉េខាងជើង ដើម្បីដាក់កិច្ចសហប្រតិបត្តិការយោធារបស់ពួកលោកឱ្យស្ថិតនៅលើមូលដ្ឋានស្ថិរភាព និងយូរអង្វែង។  រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីរូបនេះ ក៏បានប្រគល់រង្វាន់យោធាដល់ទាហានកូរ៉េខាងជើងផងដែរ ដែលបានប្រយុទ្ធប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ព្រំដែន Kursk របស់រុស្ស៊ី។ ចំណែកលោក Kim បាននិយាយថា ប្រទេសរបស់លោកនឹងបន្តគាំទ្រដល់ប្រទេសរុស្ស៊ី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM