ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបង នាំយកអំណោយឧបត្ថម្ភកងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន

04/27/2026 10:04 AM        128
បាត់ដំបង៖ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បាននាំយកអំណោយជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់នានាឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ពិធីប្រគល់អំណោយនេះបានធ្វើឡើងនៅបរិវេណសាលាខេត្តបាត់ដំបង នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានថ្លែងនូវកោតសរសើរ និងផ្ដាំផ្ញើសាកសួរសុខទុក្ខដល់កងកម្លាំងជួរមុខទាំងអស់ដែលបានលះបង់ពេលវេលា សេចក្ដីសុខផ្ទាល់ខ្លួន និងយកអាយុជីវិតទៅការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន។ឯកឧត្តម សុខ លូ មានប្រសាសន៍បន្ថែមថា អំណោយដែលនាំយកមកផ្ដល់ជូនដល់កងកម្លាំងជួរមុខនាពេលនេះ គឺបានមកពីការបរិច្ចាគរបស់មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋតាមរយៈការរៀបចំព្រាបសន្តិភាពក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង និងកម្មវិធីរត់ដើម្បីក្ដីស្រឡាញ់។ឯកឧត្តម រំលឹកថា ការរៀបចំរូបព្រាបសន្តិភាពក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងដើម្បីឱ្យប្រជាពលរដ្ឋបានសរសេរសារជូនពរ លើកទឹកចិត្ត និងសម្ដែងការដឹងគុណដល់កងកម្លាំងជួរមុខ គឺដើម្បីចង់បង្ហាញឱ្យឃើញថា ប្រទេស និងប្រជាជនកម្ពុជា ស្រឡាញ់ និងត្រូវការសន្តិភាព ខណៈរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញឆន្ទៈយ៉ាងពិតប្រាកដច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធី។ឯកឧត្តម គូសបញ្ជាក់ថា ការឧបត្ថម្ភគាំទ្ររបស់មន្រ្តីរាជការ និងប្រជាពលរដ្ឋជាអ្នកជួរក្រោយជួយដល់កងកម្លាំងជួរមុខ គឺពិតជាបានបង្ហាញពីស្មារតីជាតិនិយមដ៏ខ្លាំងក្លារបស់ខ្មែរយើង។ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រមដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបងក្នុងស្មារតីអ្នកជួរក្រោយផ្សារភ្ជាប់ជាមួយអ្នកជួរមុខ។ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម សុខ លូ បានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដឹកនាំមន្រ្តីរាជការ មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ដើម្បីខិតខំបន្តកៀរគរធនធានជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខបន្ថែមទៀត។ឯកឧត្តម ក្រើនរំលឹកដល់កងកម្លាំងទាំងអស់ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយគោរពតាមបទបញ្ជារបស់កងកម្លាំង និងជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

កំណាត់ផ្លូវជាតិលេខ២៣ ប្រវែង ១៩,៨៣ គីឡូម៉ែត្រ ពីគល់ស្ពានកោះធំ ដល់ស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ

04/27/2026 10:04 AM        158
កណ្តាល៖ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ២៣ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះក៏មានការចូលរួមពី លោកស្រី យ៉សមីន ស៊ីដឌីហ្គី (Ms. YASMIN SIDDIQI) នាយិកាធនាគារ អភិវឌ្ឍន៍អាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល អភិបាលខេត្ត ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង មន្ទីរខេត្ត និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។កំណាត់ផ្លូវជាតិលេខ២៣ មានប្រវែង ១៩,៨៣ គីឡូម៉ែត្រ ចាប់ផ្តើមពីគីឡូម៉ែត្រលេខ ៣៤+៤០០ (ពីគល់ស្ពានកោះធំ) ស្ថិតក្នុងឃុំ ជ្រោយតាកែវ ឆ្លងកាត់ ឃុំលើកដែក ស្រុកកោះធំ រហូត ដល់ឃុំពាមរាំង ស្រុកលើកដែក (តភ្ជាប់ជាមួយផ្លូវជាតិលេខ១៤) ត្រង់គីឡូម៉ែត្រ លេខ៥៤+២៣៣ នៃភូមិសាស្រ្តខេត្តកណ្តាល។ គម្រោងនេះ មានទទឹងតួផ្លូវ ប្រវែង ១១ម៉ែត្រ ជាប្រភេទផ្លូវ ក្រាលកៅស៊ូ AC កម្រាស់ ៨សង់ទី ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តនិងទោចក្រយានធ្វើចរាចរណ៍ (២គន្លង ទៅ-មក)។ គម្រោងនេះ រួមបញ្ចូលនូវការស្ថាបនាស្ពានចំនួន ៣កន្លែង ប្រវែងសរុប ១១៦,៤០ម៉ែត្រ ការដាក់លូគ្រប់ប្រភេទ កាត់ទទឹងផ្លូវ ចំនួន ៤៨កន្លែង និងលូតាមប្រឡាយផ្លូវ ចំនួន ៨កន្លែងប្រវែងសរុប ២ ៣៤២ម៉ែត្រ បំពាក់អំពូលសូឡា LED ចំនួន ៨០កន្លែង ព្រមទាំងការបំពាក់ផ្លាកសញ្ញា គូសគំនូសសញ្ញា ដាំបង្គោល គីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។ លើសពីនេះ គម្រោងនេះ ក៏មានការស្ថាបនារង្វង់ មូល១កន្លែង នៅត្រង់ចំណុចផ្លូវ ប្រសព្វទិស ចុះពីស្ពានកោះធំ ដើម្បី សម្រួល និងបញ្ចៀសទិសដៅ ចរាចរណ៍ទៅមក ប្រកបដោយសុវត្ថិភាព៕គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ២៣ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

ទោះ MPL រដូវកាលនេះ មិនសូវមានតុល្យភាពរវាងក្រុមខ្លាំង និងខ្សោយ តែ CFU តែងគោរពគូប្រកួតជានិច្ច

04/27/2026 10:04 AM        119
ឆ្លងកាត់ការប្រកួត ៣សប្ដាហ៍ សម្រាប់វគ្គ Regular ក្នុងព្រឹត្តិការណ៍ MPL Cambodia រដូវកាលទី១០ ឆ្នាំ២០២៦ កីឡាករ ញ៉ែម ចន្ទ័ដាវណ្ណ នៃក្រុមការពារជើងឯក CFU Gaming បានមើលឃើញកម្រិតលេងរវាងក្រុមខ្លាំង និងក្រុមខ្សោយ ហាក់មិនសូវមានតុល្យភាព តែបែបនេះក្ដី ក៏គេនៅតែគោរពគូប្រកួតជានិច្ច មិនថាជួបក្រុមកម្រិតណាឡើយ។បន្ទាប់ពីជួយក្រុមបន្ដយកឈ្នះក្រុម See You Soon កាលពីថ្ងៃអាទិត្យកន្លងទៅ កីឡាករមានបទពិសោធន៍ជោគជ័យ ទាំងការប្រកួតក្នុង និងក្រៅស្រុករូបនេះ ថា ក្រុមខ្លាំងពិតជាខ្លាំង ហើយក្រុមខ្សោយ ហាក់នៅមានកម្រិត លេងមិនសូវស្មាដៃគ្នា ។ យ៉ាងណារាល់ការប្រកួត ក្រុមខ្លួនតែងលេងដោយការគោរព ជាមួយការប្រុងប្រយ័ត្នជានិច្ច ដើម្បីទទួលបានជ័យជម្នះ និងឈានទៅវគ្គបន្ដ។គួរដឹងថា គិតត្រឹមសប្ដាហ៍ទី៣ នៃវគ្គ Regular Season ក្នុងព្រឹត្តិការណ៍ MPL Cambodia រដូវកាលនេះ គេឃើញក្រុមមួយចំនួន បានកក់កៅអីវគ្គបន្ដជាបណ្ដើរ ជាក់ស្ដែងក្រុមខ្លាំង Pro Esports ដែលឈ្នះ ៦ប្រកួតជាប់គ្នា បានកក់កៅអី Play-Off មុនគេ គ្រាដែលក្រុមជើងឯកឆ្នាំចាស់ CFU Gaming កំពុងឈរលេខ៣ ជាមួយកំណត់ត្រាប្រកួត ៦លើកឈ្នះ ៤ និងចាញ់ ២ ក្រោមក្រុម Valhalla ដែលប្រកួត ៥លើកឈ្នះ ៤ និងចាញ់ ១។ យ៉ាងណាក្រុមនីមួយៗ ក្រុមខ្លះសល់ ៣ប្រកួត ហើយក្រុមខ្លះសល់ ៤ប្រកួតក្នុងដៃ ដែលកំពុងប្រកួតប្រជែងជុំបន្ដផងដែរ៕ អត្ថបទ លី ឈុនឡា 

ទីក្រុងប៉េកាំងព្រមានសហភាពអឺរ៉ុប ក្រោយក្រុមហ៊ុនចិន ត្រូវបានដាក់បញ្ចូលក្នុងទណ្ឌកម្មចុងក្រោយបំផុតរបស់រុស្ស៊ី

04/27/2026 10:04 AM        75
ទីក្រុងប៉េកាំងបានព្រមានទីក្រុងព្រុចសែលថា សហភាពអឺរ៉ុបនឹងទទួលផលវិបាកទាំងអស់ បន្ទាប់ពីប្លុកនេះបានដាក់បញ្ចូលក្រុមហ៊ុនចិននៅក្នុងកញ្ចប់ទណ្ឌកម្មចុងក្រោយបំផុតរបស់ខ្លួនប្រឆាំងនឹងប្រទេសរុស្ស៊ី ដោយធ្វើឲ្យភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មចិន-អឺរ៉ុបដែលមានភាពតានតឹងរួចទៅហើយ។នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីយប់ថ្ងៃសៅរ៍ ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ខ្លួន មិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់លើការដាក់បញ្ចូលធុរកិច្ចចិននៅក្នុងទណ្ឌកម្មរបស់រុស្ស៊ី ដោយចោទប្រកាន់សហភាពអឺរ៉ុបថាបានធ្វើសកម្មភាពដោយឥតប្រយោជន៍ ទោះបីជាមានការជំទាស់ម្តងហើយម្តងទៀតក៏ដោយ។ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រទេសចិនជំរុញឱ្យសហភាពអឺរ៉ុបដកក្រុមហ៊ុន និងបុគ្គលចិនចេញពីបញ្ជីទណ្ឌកម្មជាបន្ទាន់ ដោយព្រមានថា ទីក្រុងប៉េកាំង នឹងចាត់វិធានការចាំបាច់ដើម្បីការពារផលប្រយោជន៍របស់ខ្លួនយ៉ាងម៉ឺងម៉ាត់។ កញ្ចប់ទណ្ឌកម្មទី២០ របស់សហភាពអឺរ៉ុប ដែលត្រូវបានអនុម័តកាលពីសប្តាហ៍មុន បន្ទាប់ពីប្រទេសហុងគ្រី និងស្លូវ៉ាគី បានទម្លាក់ចោលការវេតូរបស់ពួកគេ ផ្តោតលើធនាគាររុស្ស៊ីចំនួន២០ ផ្សេងទៀត ដោយកាត់ផ្តាច់ធនាគារពីប្រតិបត្តិការ និងធុរកិច្ចប្រាក់អឺរ៉ូនៅក្នុងប្លុកនេះ។ ការទម្លាយភាពជាប់គាំងឈានដល់ការដាក់ទណ្ឌកម្មនេះបានកើតឡើងបន្ទាប់ពីជម្លោះលើបំពង់បង្ហូរប្រេង Druzhba ដែលបញ្ជូនប្រេងឆៅរបស់រុស្ស៊ីឆ្លងកាត់អ៊ុយក្រែនទៅកាន់អឺរ៉ុបកណ្តាល ត្រូវបានដោះស្រាយ។កញ្ចប់នេះក៏ផ្តោតលើធនាគារ និងក្រុមហ៊ុននៅក្នុងប្រទេសទីបី រួមទាំងប្រទេសចិនផងដែរ ដែលជាផ្នែកមួយនៃការជំរុញឱ្យកាន់តែទូលំទូលាយ ដើម្បីបិទបណ្តាញដែលប្រើក្នុងការគាំទ្រសេដ្ឋកិច្ចសង្គ្រាមរបស់រុស្ស៊ី ដោយផ្តោតយ៉ាងខ្លាំងទៅលើវិធានការប្រឆាំងនឹងការគេចវេះនៅទូទាំងបណ្តាញពាណិជ្ជកម្ម ថាមពល និងហិរញ្ញវត្ថុ៕

រទេះសាឡីមិនត្រឹមជារបស់ប្រើប្រាស់បុរាណទេ តែក៏ជាផ្នែកមួយនៃសិល្បៈតាំងលម្អរក្សាទុកអត្តសញ្ញាណវប្បធម៌ខ្មែរឲ្យបន្តរស់នៅក្នុងសង្គមសម័យថ្មី

04/27/2026 10:04 AM        125
កំពង់ឆ្នាំង៖ រទេះសាឡីមិនមែនត្រឹមតែជាឧបករណ៍ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញានៃអត្តសញ្ញាណ និងប្រវត្តិសាស្ត្ររបស់ជនជាតិខ្មែរផងដែរ។ នាពេលបច្ចុប្បន្ន ប្រជាជនក្នុងខេត្តកំពង់ឆ្នាំង មិនបានយករទេះសាឡីទាំងនោះមកប្រើប្រាស់ដូចមុនទាំងអស់នោះទេ ពួកគេបានយកវាមកតាំងលម្អនៅតាមភូមិដ្ឋាន ភោជនីយដ្ឋាន និងរមណីដ្ឋាននានា។នៅសម័យបច្ចុប្បន្ន ទោះបីជាមានការអភិវឌ្ឍន៍បច្ចេកវិទ្យាជឿនលឿន និងយានយន្តទំនើបៗកើនឡើងក៏ដោយ រទេះសាឡីនៅតែត្រូវប្រជាជនខ្មែរបានរក្សាទុក និងបំលែងទៅជាស្នាដៃសិល្បៈតាំងលម្អ ដូចជា តាំងនៅសណ្ឋាគារ ភោជនីយដ្ឋាន ឬកន្លែងទេសចរណ៍នានា។ ការតុបតែងបែបនេះ មិនត្រឹមតែបន្ថែមសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការគោរព និងអោយយុវជនជំនាន់ក្រោយបានស្គាល់ និងសិក្សស្វែងយល់ អំពីបេតិកភណ្ឌវប្បធម៌ខ្មែរដ៏ល្អវិចិត្រនេះផងដែរ។លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ រទេះសាឡីនាពេលបច្ចុប្បន្ន នៅមានប្រជាជនក្នុងសហគមន៍អ្នកតាហាង ស្ថិតក្នុងឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច បានយកទៅប្រើប្រាស់ជាយាន្តដឹកភ្ញៀវទេសចរជាតិអន្តរជាតិជារៀងរាល់ថ្ងៃ។ ការយកធ្វើជាយាន្តសំរាប់ដឹកភ្ញៀវទេសចរនេះ ជាចំណែកមួយជួយដល់វិស័យទេសចរណ៍ និងជួយបង្កើនចំណូលដល់ប្រជាជនក្នុងសហគមន៍។ ម្យ៉ាងទៀត បានជួយថែរក្សា និងបានផ្សព្វផ្សាយអោយភ្ញៀវទេសចរបរទេសបានស្គាល់ពីតម្លៃនៃវប្បធម៌ប្រពៃណីជាតិខ្មែរផងដែរ។ លើសពីនេះ ក៏មានប្រជាជនជាច្រើនផងដែរ បានយករទេះសាឡី ទៅតាំងលម្អនៅតាមផ្ទះ ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងរមណីយដ្ឋានផងដែរ។លើសពីនេះ ការចេះរក្សាទុកនូវរទេះសាឡីពីសំណាក់បងប្អូនប្រជាជននេះ វាក៏ជាវិធីមួយក្នុងការផ្សព្វផ្សាយបន្តបញ្ជូនតម្លៃវប្បធម៌ទៅកាន់ជំនាន់ក្រោយ ឲ្យពួកគេយល់ដឹង និងមានមោទនភាពចំពោះអត្តសញ្ញាណជាតិរបស់ខ្លួន។ ដូច្នេះ រទេះសាឡីគឺជាឧទាហរណ៍ដ៏ល្អនៃការរួមបញ្ចូលរវាងអតីតកាល និងបច្ចុប្បន្ន៕ កាំង ហុងវាស្នា

កម្លាំងសមត្ថកិច្ចចុះបង្រ្កាបអគារពាក់ព័ន្ធលបលួចប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ ក្នុងក្រុងប៉ោយប៉ែត រកឃើញជនបរទេស និងភស្ដុតាងមួយចំនួន

04/27/2026 10:04 AM        169
បន្ទាយមានជ័យ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៧ និង០០នាទី កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត, ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវិរៈ អគ្គស្នងការរងនគរបាលជាតិ បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្ត និងមានការចូលរួមពីរដ្ឋបាលក្រុងប៉ោយប៉ែត កងរាជអាវុធហត្ថក្រុងប៉ៅយប៉ែត ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពី លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង លោក មុត សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យឆែកឆេរទីតាំងពាក់ព័ន្ធការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ នៅចំណុចអគារផ្ទះ៣ល្វែង កំពស់៣ជាន់ មាន ២២បន្ទប់ ដោយជាន់លើមានសម្ភារៈវត្ថុតាងប្រព្រឹត្តបទល្មើសតាមអនឡាញមួយចំនួនដូចជា ទូរស័ព្ទដៃ កុំព្យូទ័រមួយចំនួន (មិនទាន់រាប់) ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។តាមព័ត៌មានបឋមរបស់សមត្ថកិច្ចបានឱ្យដឹងថា ក្នុងប្រតិបត្តិការកម្លាំងសមត្ថកិច្ចជំនាញបានរកឃើញជនបរទេសមួយចំនួន ក្នុងនោះក៏មានស្រ្តីផងដែរ។ បច្ចុប្បន្នជនបរទេសទាំងអស់នោះ កម្លាំងជំនាញកំពុងធ្វើការសាកសួរ និងបន្តនីតិវីធី។ ដោយឡែកវត្ថុតាងកំពុងដំណើរការរាប់ចំនួន៕

កីឡា ២ប្រភេទមកដល់មាតុភូមិវិញ អមមមេដាយប្រាក់ ១ ក្រោយ​ចប់ភារកិច្ច​ក្នុង​កីឡាលើ​ឆ្នេរ​ខ្សាច់​អាស៊ី នៅចិន

04/27/2026 10:04 AM        96
ប្រតិភូ និងអត្តពលិកកីឡាទ្រីយ៉ាត្លុង និងកីឡាជឺជីតស៊ូ បានត្រឡប់មកដល់មាតុភូមិវិញហើយ ក្រោយ​បញ្ចប់ភារកិច្ចរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាលើឆ្នេរខ្សាច់អាស៊ី លើកទី៦ នៅ​ទីក្រុង Sanya ប្រទេសចិន កាលពីថ្មីៗ ដោយនាំមកនូវមេដាយប្រាក់ ១គ្រឿងជូនជាតិមាតុភូមិ ដោយ​កីឡាការិនីទ្រីយ៉ាត្លុង ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌៀន។ដំណើរវិលត្រឡប់របស់ប្រតិភូកីឡាកម្ពុជាទាំង ២ប្រភេទ ដឹកនាំដោយឯកឧត្តម ប៉ុន សុខ អគ្គ​នាយក​ នៃអគ្គនាយកដ្ឋានកីឡា ដែលជាអនុប្រធានប្រតិភូ និងមានការ​ទទួល​ស្វាគមន៍​ពី​មន្ដ្រី​នៃ​ក្រសួង​អប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំសហព័ន្ធជាតិពាក់ព័ន្ធផងដែរ កាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្ដរជាតិតេជោ។ឆ្លៀតឱកាសនោះ លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានបង្ហាញមោទនភាព ក្នុងនាមសហព័ន្ធ សម្រាប់ការដណ្ដើមបានមេដាយប្រាក់ ១គ្រឿងជូនជាតិ ដោយកីឡាការិនីខ្មែរ-បារាំង ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌៀន ។ នេះជាលើកដំបូង ដែលកីឡាទ្រីយ៉ាត្លុងបានចូលរួមព្រឹត្តិការណ៍កម្រិតទ្វីបនេះ ហើយក៏ជាផលល្អសម្រាប់ការត្រៀមលក្ខណៈចូលរួមប្រកួតកីឡាអាស៊ី នៅប្រទេសជប៉ុន នាខែតុលាខាងមុខផងដែរ។ដោយឡែកឯកឧត្តម ថោង បញ្ញាធន ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានសម្ដែងការសោកស្ដាយ សម្រាប់បេសកកម្មលើកដំបូង នៃការចូលរួមប្រកួតកីឡាលើឆ្នេរខ្សាច់អាស៊ីនេះ ពុំទទួលបានមេដាយជូនជាតិ តែយ៉ាងណាកម្រិតបច្ចេកទេសកីឡាករ-កីឡាការិនីកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់ ដ្បិតមានឈ្នះ មានចាញ់ ហើយក៏បានជួបម្ចាស់មេដាយកម្រិតពិភពលោក។ ឯកឧត្តមរំពឹងអត្តពលិករបស់ខ្លួន នឹងយកបទពិសោធន៍ទាំងអស់នេះ មកដុសខាត និងពង្រឹងសមត្ថភាពបន្ថែមទៀត សម្រាប់ត្រៀមការប្រកួតអន្ដរជាតិជាបន្ដបន្ទាប់ ពិសេសការចូលរួមប្រកួតលើកក្រោយៗ ដើម្បីប្រជែងមេដាយជូនជាតិ។សូមរំឮកថា កម្ពុជាបានបញ្ជូនអត្តពលិក ៤ប្រភេទកីឡាប៉ុណ្ណោះ ចូលរួមព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់អាស៊ី លើកទី៦ នៅទីក្រុង Sanya ប្រទេសចិន ដែលប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្នុងនោះកីឡា ៣ប្រភេទបានបញ្ចប់ការប្រកួតរបស់ខ្លួន ហើយមាន ២ប្រភេទបានត្រឡប់មកដល់មាតុភូមិវិញហើយ រួមមានកីឡាជឺជីតស៊ូ និងកីឡាទ្រីយ៉ាងត្លុង ។ រីឯកីឡាបាល់ទាត់លើតុ បានបញ្ចប់ការប្រកួត តែនៅរង់ចាំទទួលមេដាយសំរឹទ្ធ ដែលខ្លួនទទួលបានលើវិញ្ញាសានារី ២នាក់ ទល់ ២នាក់។ ចំណែកកីឡាចំបាប់ គ្រោងនឹងធ្វើការប្រកួតនៅថ្ងៃទី២៨-២៩ ខែមេសានេះ៕ អត្ថបទ លី ឈុនឡា 

អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល២រូប រួមគ្នាដើម្បីប្រជែងជាមួយលោក Netanyahu ក្នុងការបោះឆ្នោត

04/27/2026 10:04 AM        60
គូប្រជែងផ្នែកនយោបាយធំបំផុតពីររូបរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ពួកគេកំពុងរួមកម្លាំងគ្នាក្នុងបំណងផ្តួលរំលំរដ្ឋាភិបាលចម្រុះរបស់លោកនៅក្នុងការបោះឆ្នោតនាពេលខាងមុខ ដែលត្រូវបានគេរំពឹងថាធ្វើឡើងនៅចុងឆ្នាំនេះ។ អតីតនាយករដ្ឋមន្ត្រីស្តាំនិយម លោក Naftali Bennett និងនិយមកណ្តាល លោក Yair Lapid បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ដោយប្រកាសពីការរួមបញ្ចូលគ្នានៃគណបក្សរបស់ពួកគេទាំងពីរ។សម្ព័ន្ធភាពរបស់គណបក្សទាំងពីរ មានគោលបំណងបង្រួបបង្រួមគណបក្សប្រឆាំងដែលបែកបាក់ ដែលទំនងជាមានចំណុចរួមតិចតួចប៉ុណ្ណោះ ក្រៅពីអរិភាពរួមគ្នារបស់ខ្លួនចំពោះលោក Netanyahu។ ការិយាល័យរបស់លោក Bennett បាននិយាយថា គណបក្សថ្មីនឹងត្រូវបានគេហៅថា Together ហើយលោកនឹងក្លាយជាមេដឹកនាំរបស់គណបក្សនេះ។លោក Bennett បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាតាមទូរទស្សន៍ជាមួយលោក Lapid ថា «ខ្ញុំមានសេចក្តីរីករាយក្នុងការប្រកាសថា យប់នេះរួមជាមួយមិត្តរបស់ខ្ញុំ លោក Yair Lapid ខ្ញុំកំពុងមានវិធានការគិតនិងស្ថាបនា និងជំហានស្នេហាជាតិដែលយើងមិនធ្លាប់បានធ្វើសម្រាប់ប្រទេសរបស់យើង»។ក្នុងអំឡុងពេលសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ លោក Lapid បាននិយាយថា «លោក Bennett គឺជាអ្នកនយោបាយស្តាំនិយម ប៉ុន្តែជាអ្នកស្មោះត្រង់ ហើយមានការជឿទុកចិត្តគ្នារវាងពួកយើង»។លោក Lapid ក៏បាននិយាយផងដែរថា «ចំណាត់ការនេះ មានបំណងបង្រួបបង្រួមប្លុក បញ្ចប់ការបែកបាក់ផ្ទៃក្នុង និងផ្តោតការខិតខំប្រឹងប្រែងទាំងអស់លើការទទួលជ័យជម្នះក្នុងការបោះឆ្នោតដ៏សំខាន់នាពេលខាងមុខ និងដឹកនាំប្រទេសអ៊ីស្រាអែល ឈានឆ្ពោះទៅមុខ នាពេលអនាគត»។

ការវាយប្រហារដោយគ្រាប់បែកនៅប្រទេសកូឡុំប៊ី សម្លាប់មនុស្សច្រើននាក់នៅមុនការបោះឆ្នោត

04/27/2026 10:04 AM        74
ការវាយប្រហារដោយគ្រាប់បែកនៅលើផ្លូវហាយវ៉េនៅភាគនិរតីប្រទេសកូឡុំប៊ី បានសម្លាប់មនុស្ស ១៩ នាក់ និងរបួសយ៉ាងហោចណាស់ ៣៨ នាក់ ជារលកនៃអំពើហិង្សាចុងក្រោយនៅមុនការបោះឆ្នោតប្រធានាធិបតី នៅខែក្រោយ។ រថយន្តក្រុង និងរថយន្តទេសចរណ៍ ត្រូវបានបំផ្លាញនៅក្នុងការបំផ្ទុះកាលពីថ្ងៃសៅរ៍នៅលើផ្លូវហាយវ៉េ Pan-American។រថយន្តជាច្រើនគ្រឿង ត្រូវបានក្រឡាប់ដោយកម្លាំងផ្ទុះ។ អភិបាលតំបន់ បានផ្តល់ចំនួនអ្នកស្លាប់ថាមាន ១៤ នាក់ និងអ្នករងរបួសមាន៣៨ នាក់ ប៉ុន្តែវិទ្យាស្ថានជាតិវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រកោសល្យវិច្ច័យ បាននិយាយកាលពីថ្ងៃអាទិត្យថា វិទ្យាស្ថានបានចាប់ផ្តើមពិនិត្យសាកសពចំនួន ១៩ នាក់។មេបញ្ជាការយោធា លោក Hugo Lopez បាននិយាយក្នុងសន្និសីទសារព័ត៌មានថា គ្រាប់បែកបានផ្ទុះបន្ទាប់ពីអ្នកវាយប្រហារ បានបញ្ឈប់ចរាចរណ៍ដោយបិទផ្លូវជាមួយរថយន្តក្រុង និងរថយន្តមួយគ្រឿងផ្សេងទៀត។ ការវាយប្រហារ កើតឡើងនៅមុនការបោះឆ្នោតជាតិដែលនឹងធ្វើឡើងនៅជាង១ខែខាងមុខ ដោយអ្នកបោះឆ្នោតនឹងធ្វើការជ្រើសរើសអ្នកបន្តតំណែងពីប្រធានាធិបតី លោក Gustavo Petro។លោក Petro បានស្តីបន្ទោសការបំផ្ទុះគ្រាប់បែកទៅលើលោក Ivan Mordisco ជាឧក្រិដ្ឋជនដែលគេតាមចាប់ខ្លួនរបស់ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ។ អំពើហិង្សា បានកើតឡើងបន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកកាលពីថ្ងៃសុក្រលើមូលដ្ឋានយោធាមួយកន្លែងក្នុងទីក្រុង Cali ជាទីក្រុងធំទីបីរបស់ប្រទេសកូឡុំប៊ី បណ្តាលឱ្យមនុស្សពីរនាក់រងរបួស និងបង្កឱ្យមានការវាយប្រហារជាបន្តបន្ទាប់នៅក្នុងតំបន់ Valle del Cauca និងតំបន់ Cauca។

ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សច្រើននាក់នៅលីបង់ ខណៈព្រមានប្រជាជនឱ្យចេញពីទីក្រុងនានាហួសពី «តំបន់ទ្រនាប់»

04/27/2026 10:04 AM        62
ក្រសួងសុខាភិបាលរបស់ប្រទេសលីបង់បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ១៤ នាក់ និងរបួស ៣៧ នាក់កាលពីថ្ងៃអាទិត្យ ទី ២៦ ខែមេសា ខណៈយោធាអ៊ីស្រាអែលបានព្រមានប្រជាជនឱ្យចាកចេញពីក្រុងចំនួនប្រាំពីរហួសពី «តំបន់ទ្រនាប់» ដែលខ្លួនកាន់កាប់មុនពេលមានបទឈប់បាញ់ដែលបរាជ័យក្នុងការបញ្ឈប់អរិភាពទាំងស្រុង។ ក្រសួងសុខាភិបាល បាននិយាយបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ថា ចំនួនអ្នកស្លាប់កាលពីថ្ងៃអាទិត្យរួមមានកុមារពីរនាក់ និងស្ត្រីពីរនាក់។ អ៊ីស្រាអែល បាននិយាយថា ទាហានម្នាក់របស់ខ្លួនក៏ត្រូវបានសម្លាប់ ខណៈបទឈប់បាញ់ដ៏ផុយស្រួយបានស្ថិតនៅក្រោមភាពតានតឹងបន្ថែមទៀត។ អ្នកនាំពាក្យរបស់យោធាអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញ X ថា ក្រុមប្រដាប់អាវុធហេសបូឡាលីបង់ កំពុងរំលោភលើបទឈប់បាញ់ ហើយអ៊ីស្រាអែល នឹងធ្វើសកម្មភាពប្រឆាំងការបំពាននេះ ដោយប្រាប់ប្រជាជនឱ្យធ្វើដំណើរទៅភាគខាងជើង និងទៅភាគខាងលិច ឆ្ងាយពីទីក្រុង។ ទីក្រុងទាំងនេះ ស្ថិតនៅភាគខាងជើងនៃទន្លេ Litani និងតំបន់នៅភាគខាងត្បូងប្រទេសលីបង់កាន់កាប់ដោយកងទ័ពអ៊ីស្រាអែល ដែលបានបន្តប្រតិបត្តិការយោធា ទោះបីជាមានបទឈប់បាញ់ក៏ដោយ។ យោធាបាននិយាយថា ខ្លួនបានវាយប្រហារយន្តហោះចម្បាំងរបស់ក្រុមហេសបូឡា ជើងទម្របាញ់រ៉ូកែត និងឃ្លាំងអាវុធមួយកន្លែង។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅទីក្រុងយេរុយសាឡឹមថា «តាមទស្សនៈរបស់យើង អ្វីដែលជាកាតព្វកិច្ចរបស់យើង គឺសន្តិសុខរបស់អ៊ីស្រាអែល សន្តិសុខរបស់ទាហានយើង និងសន្តិសុខរបស់សហគមន៍យើង» ។ ក្រុមហេសបូឡា បាននិយាយថា ខ្លួននឹងមិនបញ្ឈប់ការវាយប្រហារទៅលើកងទ័ពអ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ និងទៅលើក្រុងនានានៅភាគខាងជើងប្រទេសអ៊ីស្រាអែលទេ ដរាបណាអ៊ីស្រាអែល នៅតែបន្ត «ការរំលោភលើបទឈប់បាញ់»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM