សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់
គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
ព្រីតថេន​ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីការបរទេស​ចិន នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ពី​ថ្ងៃ​១១ដល់​ថ្ងៃទី១២ ខែ​តុលា​ខាងមុខនេះ

2021/04/27 09:59:58 am        39
​ភ្នំពេញ៖ លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១១–១២ ខែតុលា ​ឆ្នាំ​២០២០​។ នេះ​បើ​យោង​តាម​សេចក្តីប្រកាស​ព័​ត៌មាន​ របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ព្រលប់​ថ្ងៃ​ទី០​៩ ខែតុលា ឆ្នាំ​២០២០ នេះ​។​​ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ លោក វ៉ាង យី នឹង​អញ្ជើញ​ចូល​ជួប​សម្តែង​ការគួរសម ​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង​។​​លោក វ៉ាង យី នឹង​មាន​ជំនួប​ប្រជុំ​ផ្លូវការ​ជាមួយ​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​នានា ព្រមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែល​ជា​ប្រយោជន៍ និង​កង្វល់​រួម​។​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​ឯកសារ​សំខាន់​០២ ទៀត រួមមាន លិខិត​ប្ដូរ​សារ​ស្ដីពី​ការសិក្សា​​សមិទ្ធិ​លទ្ធភាព​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​មន្ទីរ​ពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ និង​លិខិត​ប្ដូរ​សារ​ស្ដីពី​ការសិក្សា​សមិទ្ធិ​លទ្ធភាព​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ និង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​។​​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ ឯកឧត្តម វ៉ាង យី មកកាន់​កម្ពុជា​លើក​នេះ នឹង​បន្ត​ពង្រឹង​បន្ថែម​នូវ​ចំណងមិត្តភាព​ជា​ប្រពៃណី​ដ៏​យូរលង់ សាមគ្គីភាព ភាតរភាព និង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​រវាង​កម្ពុជា និង​ចិន ក្នុង​បរិបទ​នៃ​បញ្ហា​ប្រឈម​ជាស​កល​នៃ​ជំងឺ​កូ​វីដ​–១៩ ដែល​ពុំ​ធ្លាប់​មាន​ពីមុន​៕​

អាជ្ញាធរ​ បាន​ប្រមូល​សំរាម​ចេញពី​ក្រុងភ្នំពេញ​ប្រមាណ​ពីរ​ពាន់​តោន ​ក្នុង​មួយថ្ងៃ ខណៈ​កម្មករ​ស៊ិនទ្រី​បន្ត​ធ្វើ​កូដកម្ម​

2021/04/27 09:59:58 am        40
ភ្នំពេញ៖ អភិបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា អាជ្ញាធរ​បាន​ប្រមូល​សំរាម​ចេញពី​ក្រុងភ្នំពេញ​ប្រមាណ​ពីរពាន់​តោន​ក្នុង​មួយថ្ងៃ ខណៈ​កម្មករ​ស៊ិន​ទ្រី​បន្ត​ធ្វើ​កូដកម្ម ប៉ុន្តែ ​ឯកឧត្ដម​ បាន​បញ្ជាក់​ថា អាជ្ញាធរ​មិន​រំពឹង​កម្មករ​ប្រមូល​សំរាម​ទេ ប្រសិន​មិន​ចូល​ធ្វើការ ព្រោះ​ក្រុមហ៊ុន​ថ្មី​នឹង​ចេញ​ធ្វើការ​ឆាប់ៗ​ខាងមុខ​។​​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មកដល់ពេលនេះ ទាំង​១៤​ខណ្ឌ និង​សង្កាត់​ទាំង​១០៥ បាន​នឹង​កំពុង​ខិតខំ​ទាំង​យប់ ទាំង​ថ្ងៃ ដើម្បី​ធ្វើ​សកម្មភាព​ប្រមូល​សំរាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​មកដល់ពេលនេះ​ក្នុង​មួយថ្ងៃ​អាជ្ញាធរ​ប្រមូល​សំរាម​បាន ប្រមាណ ​២០០០​តោន ខណៈ​ដែល​នៅ​រាជធានី​ភ្នំពេញ ក្នុង​មួយថ្ងៃ​មា​នសំរាម​ចំនួន ២៨៦៥​តោន​។មានន័យថា រដ្ឋបាល​រាជធានី​ភ្នំពេញ​អាច​គ្រប់គ្រង​ការប្រមូល​សំរាម​បាន​មួយកម្រិត​ធំ​ហើយ​។ ឯកឧត្ដម ឃួ​ង ស្រេង ជឿជាក់​ថា មិន​យូ​រទេ ការ​ប្រមូល​សំរាម​នឹង​លែង​ជា​បញ្ហា បើទោះបី​កម្មករ​ស៊ិន​ទ្រី ធ្វើ​កូដកម្ម​មិន​ប្រមូល​សំរាម​ក៏ដោយ​។​​​​ឯកឧត្ដម ឃួ​ង ស្រេង បានបញ្ជាក់​ផងដែរ​ថា កិច្ចការងារ​ប្រមូល​សំរាម​គឺ​បាន​គិតគូរ​តាំងពី​ឆ្នាំ​២០១៩​មក ដោយ​យើង បាន​ចែក​ម៉ូតូ​កង់​បី​សំរាប់​ដឹក​សំរាម​នៅតាម​បណ្ដា​ខណ្ឌ​ទាំង​១៤ និង​សង្កាត់​ទាំង​១០៥ ជាមួយនឹង​ការទិញ​រថយន្ត​ដឹក​សំរាម​ចំនួន ​៧០​គ្រឿង ដើម្បី​ដឹកជញ្ជូន​សំរាម​ទៅ​ចាក់​ទីលាន​ផងដែរ ហើយ​មកដល់ពេលនេះ ទាំង​អគ្គស្នងការ​នគរបាល​ជាតិ ទាំង​បញ្ជាការ​កងរាជអាវុធហត្ថ​ ក៏បាន​សន្យាបញ្ជូន​កងកម្លាំងប្រដាប់អាវុធ​ទាំងពីរ​ភេទ​នេះ មួយ​ពាន់​នាក់ មកជួយ​លើ​ការងារ​ដឹកជញ្ជូន និង​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ​ផងដែរ​។​​ឯកឧត្ដម ឃួ​ង ស្រេង ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ទុកដាក់ វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ល្អ កុំ​យក​ទៅ​បោះចោល​នៅ​តាម​ទីសាធារណៈ អាច​យកទៅដាក់​នៅ​ដេប៉ូ ចាក់សំរាម​ដែល​រៀបចំឡើង​ដោយ​អាជ្ញាធរ​ខណ្ឌ នៅ​ក្នុង​រាជធានី​ភ្នំពេញ ការ​ធ្វើ​បែបនេះ​និង​ជួយ​សម្រួល​ការងារ​ច្រើន​សម្រាប់​ក្រុមការងារ​ដឹក​សំរាម ជញ្ជូន​សំរាម​៕ ​អត្ថបទ​៖ ប្រាក់ វ៉ាន់ដា

លោក​ត្រាំ ចង់​រៀបចំ​ពិធី​ជួបជុំ​ជាមួយ​ក្រុម​អ្នកគាំទ្រ​នៅ​រដ្ឋ​ផ្ល័​រ​រី​ដា នា​ថ្ងៃ​សៅរ៍​នេះ​

2021/04/27 09:59:58 am        52
​អាមេរិក៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ដូ​ណា​ល់ ត្រាំ បាន​និយាយថា លោក​ចង់​ជួបជុំ​ជាមួយ​ក្រុម​អ្នកគាំទ្រ​នៅ​រដ្ឋ​ផ្ល័​រ​រី​ដា នា​ថ្ងៃ​សៅរ៍​ស្អែក​នេះ បើសិនជា​ពួកយើង​មាន​ពេល​គ្រប់គ្រាន់ ដើម្បី​ជួបជុំគ្នា​។​​ថ្លែង​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ នៅ​លើ​កញ្ចក់​ទូរទស្សន៍ Fox News លោក​ត្រាំ បាន​និយាយ​ថា លោក​អាច​នឹង​ដង្ហែ​ក្បួន​ផង​ដែរ នៅ​យប់​បន្ទាប់​នៅ​រដ្ឋ​ផេ​ន​ស៊ី​ល​វ៉ា​នៀ​។​​លោក​បាន​បញ្ជាក់​ពី​បំណង​របស់​លោក ដើម្បី​ចាប់​ផ្តើម​យុទ្ធនាការ​ស្វែងរក​សំឡេងឆ្នោត​របស់លោក​ជាថ្មី​ម្តង​ទៀត រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​គ្រូពេទ្យ​របស់លោក​អះអាង​ថា គាត់​ជឿជាក់ថា លោក​ត្រាំ សុវត្ថិភាព​ក្នុង​ការ​វិល​ត្រឡប់មក​ជួបជុំ​ជា​សាធារណៈ​វិញ​នៅ​ថ្ងៃ​សៅរ៍​នេះ បន្ទាប់ពី​ការចេញ​រោគសញ្ញា​ជំងឺ COVID-19។​​លោក​ត្រាំ ចង់​វិលត្រឡប់​មកកាន់​យុទ្ធនាការ​ស្វែងរក​សំឡេងឆ្នោត​របស់​លោក​វិញ ក្រោយ​ការស្ទង់មតិ​បង្ហាញថា លោក​នៅតែ​តាម​ពីក្រោយ​គូប្រជែង​របស់ខ្លួន គឺ​លោក​ចូ បៃ​ដិ​ន​។​​លោក​ត្រាំ និយាយថា លោក​នឹងធ្វើ​តេស្ត​រក​ជំងឺ COVID-19​ម្តងទៀត​នៅ​ថ្ងៃ​សុក្រ​នេះ រយៈពេល​៧​ថ្ងៃក្រោយ​លោក​ធ្វើដំណើរ​ទៅកាន់​មន្ទីរពេទ្យ​យោធា Walter Reed ដើម្បី​ព្យាបាល​ជំងឺ COVID-19៕ អត្ថបទ៖ សារ៉ាត់

អង្គការក្រៅរដ្ឋាភិបាល ​ផ្តល់​ការ​ធ្វើ​តេស្ត​រក​ជំងឺ COVID-19​ដោយ​ឥតគិតថ្លៃ ​នៅ​ក្នុង​តំបន់​និគម​ន៍​ដ្ឋា​ន​ប្រេ​ស៊ី​ល​

2021/04/27 09:59:58 am        39
​ប្រេ​ស៊ី​ល៖ នៅក្នុង​តំបន់​និគម​ន៍​ដ្ឋា​ន រ៉ូ​ស៊ីន​ហា ដែល​ស្ថិតនៅ​ក្នុងចំណោម​តំបន់​និគម​ន៍​ដ្ឋា​ន​ធំ​បំផុត​នៅ​ក្នុង​ទីក្រុង​រី​យ៉ូ ដឺ ចា​ណី​រ៉ូ ប្រទេស​ប្រេ​ស៊ី​ល អ្នកស្រុក​មួយ​ចំនួន ទទួលបាន​ការធ្វើ​តេស្ត​រក​ជំងឺ COVID-19​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ស្រប​ពេល​ដែល​ក្រុមការងារ​សុខភាព​មក​ពី​អង្គការក្រៅរដ្ឋាភិបាល បានផ្តល់​ការធ្វើ​តេស្ត​ដោយ​ឥតគិតថ្លៃ ក្រោយពី​មិនសូវមាន​ការយកចិត្ត​ទុកដាក់​ពីក្រោម​អាជ្ញាធរ ខណៈដែល​មាន​ករណី​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ កើនឡើង​យ៉ាង​ឆាប់រហ័ស​។​​ដោយសារ​ករណី​ឆ្លង​ជំងឺ COVID-19​ នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល កើនឡើង​ដល់​ជាង ៥​លាន​នាក់ គិត​ត្រឹម​ថ្ងៃ​ពុធ​នោះ ក្រុម​អ្នក​ជំនាញ​ជាច្រើន មានការ​ជឿជាក់​ថា ការធ្វើ​តេស្ត​មិន​គ្រប់គ្រាន់ គឺជា​ដើមហេតុ​នាំ​ឲ្យ​មាន​ករណី​ឆ្លង​កើន​ឡើង​នៅ​ក្នុង​ប្រទេស​ដែលមាន​ពលរដ្ឋ ២០០​លាន​នាក់​មួយ​នេះ ។​​លោកតា​ម៉ា​រ៉ា ហ្គោ​ម៉េ​ស វ័យ​៥៨​ឆ្នាំ គឺជា​ម្ចាស់​ធុរកិច្ច​ដែល​ទទួលបាន​ការធ្វើ​តេស្ត​ដោយ​ឥតគិតថ្លៃ​ពី​អង្គការក្រៅរដ្ឋាភិបាល បាន​និយាយថា គ្មានអ្វី​ធ្វើ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ឆ្លង​ជំងឺ COVID-19​នោះទេ​។​​គួរ​ឲ្យ​ដឹងថា ប្រទេស​ប្រេ​ស៊ី​ល ធ្លាប់​រកឃើញ​ករណី​ឆ្លង​ខ្ពស់បំផុត​ជាង ៤៥.០០០​នាក់ និង​ករណី​ស្លាប់ ១​ពាន់​នាក់ ក្នុង​រយៈពេល​១​ថ្ងៃ​។​​ទោះបីជា​យ៉ាងណាក៏ដោយ បច្ចុប្បន្ន​ករណី​ឆ្លង​ជំងឺ COVID-19​នៅ​ប្រទេស​ប្រេ​ស៊ី​ល បាន​ធ្លាក់ចុះ​វិញ​ហើយ​មក​នៅត្រឹម ២៧.០០០​នាក់ និង​ករណី​ស្លាប់ ៧០០​នាក់ ក្នុង​រយៈពេល​១​ថ្ងៃ៕ អត្ថបទ៖ សារ៉ាត់

គ​.​ជ​.​ប នឹង​ដក​បេក្ខភាព​ភ្នាក់ងារ​បក្សនយោបាយ​អ​ង្កេ​ត​ការណ៍ ប្រសិន​បន្ត​សួរ​ព័ត៌មាន​លម្អិត​ពី​ពលរដ្ឋ ហួស​តួនាទី​

2021/04/27 09:59:58 am        37
​ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ចុះឈ្មោះ​បោះឆ្នោត ហៅ​កាត់​ថា គជប បានធ្វើការ​ព្រមាន​នឹង​ដក​បេក្ខភាព​ភ្នាក់ងារ​បក្ស​នយោបាយ​សង្កេតការណ៍​ណា ដែល​បន្ត​សួរ​ព័ត៌មាន​លម្អិត​អត្តសញ្ញាណ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត ហួស​តួនាទី​។​ការ​ថ្លែង​ព្រមាន​របស់​មន្ត្រីជាន់ខ្ពស់ ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ស្តីពី​ការពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​បញ្ហា​ប្រឈម​ក្នុង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ នៅ​តាម​ឃុំ​-​សង្កាត់ ក្នុង​កិច្ចប្រជុំ​ នៅ​ថ្ងៃទី​០៩ ខែតុលា​នេះ បាន​ឲ្យ​ដឹង​ថា ក្នុង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​រយៈពេល​មួយ​សប្តាហ៍​កន្លងទៅនេះ មាន​ពាក្យបណ្តឹង​ដែល​ប្តឹង​ដោយ​គណបក្សនយោបាយ​ចំនួន ៨​បណ្តឹង ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ភារកិច្ច​របស់​មន្ត្រី​ចុះឈ្មោះ​បោះឆ្នោត ដោយ គជប នឹងធ្វើ​ការពិនិត្យ ណែនាំ ក៏ដូចជា​ដោះស្រាយ​ទៅតាម​នីតិវិធី ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ជាដើម​។​​​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​នេះ ឯកឧត្តម ​ហង្ស ​ពុទ្ធា ​បាន​មានប្រសាសន៍ថា ក្នុងនាម​ជា​ភ្នាក់ងារ​គណបក្សនយោបាយ​ចូលរួម​អង្កេត​ការណ៍​ចុះឈ្មោះ​បោះឆ្នោត មិនមាន​សិទ្ធិ​ប្រមូល​ទិន្នន័យ​លម្អិត​ពី​អត្តសញ្ញាណ​របស់​ប្រជាពលរដ្ឋ​ឡើយ ដោយសារតែ​ទិន្នន័យ​ទាំងអស់នេះ​មាន​សិទ្ធិ​គ្រប់គ្រង​បាន​ដោយ គជប តែប៉ុណ្ណោះ​។​​​តាម​មាត្រា​១៤២ នៃ​ច្បាប់​ចុះឈ្មោះ​បោះឆ្នោត​របស់ គជប ប្រសិន​ភ្នាក់ងារ​អង្កេត​ការណ៍​គណបក្សនយោបាយ​បន្តសកម្មភាព​មិន​រាងចាល និង​បន្ត​ការរំខាន​ដល់​ដ​ណើ​រ​ការចុះឈ្មោះ​បោះឆ្នោត ឯកឧត្តម ហង្ស ពុទ្ធា បាន​ព្រមាន​នឹង​ដក​ភា្ន​ក់​ងារ​តំណាង​គណបក្សនយោបាយ​ទាំង​ឡាយណា នោះ​ចេញពី​ការចូលរួម​អង្កេត​ការណ៍​ចុះឈ្មោះ​បោះឆ្នោត​នេះ​។​​បើ​តាម​របាយការណ៍រ​បស់​គជប ក្នុង​ដំណើរ​ការអង្កេត​ការណ៍​ចុះឈ្មោះ​បោះឆ្នោត​នេះ​មាន​គណបក្សនយោបាយ​ចំនួន​៦ រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ហ្វ៉ិ​ន​ស៉ិ​ន​ប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង​គណបក្ស​យុវជន​កម្ពុជា​។​ដោយឡែក គិត​ត្រឹម​រយៈពេល​មួយ​សប្តាហ៍​ នៃ​ការចុះឈ្មោះ​បោះឆ្នោត នៅ​ទូទាំងប្រទេស​មាន​ប្រជាពលរដ្ឋ ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ចំនួន ១០៤,៦៩១ នាក់ ខណៈ​តាម​ការប៉ាន់ស្មាន​សម្រាប់​ការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០ របស់ គ​.​ជ​.​ប ចំនួន​ប្រជាពលរដ្ឋ​គ្រប់​អាយុ​ដែល​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​សរុប​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ប្រមាណ ៣០​ម៉ឺន​នាក់ ដោយ​ការចុះ​បោះឆ្នោត​នេះ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​០១ រហូតដល់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០​នេះ​៕ ​អត្ថបទ​៖ សេក ឧ​ត្ត​ម​

ព្យុះ​ទី​ហ្វុ​ង Chan-hom កំពុងធ្វើដំណើរ​ឆ្ពោះ​មកកាន់​តំបន់​ឆ្នេរ​សមុទ្រ​ភាគខាងត្បូង​ប្រទេស​ជប៉ុន​

2021/04/27 09:59:58 am        41
​ជប៉ុន៖ ក្រុម​មន្ត្រី បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ព្យុះ​ទី​ហ្វូង Chan-hom កំពុងធ្វើដំណើរ​យឺត​ៗ​ឆ្ពោះ​មកកាន់​តំបន់​ឆ្នេរ​សមុទ្រ​ភាគ​ខាងត្បូង​ប្រទេស​ជប៉ុន ​ធ្វើ​ឲ្យ​មាន​សន្ទុះ​ខ្យល់​បក់​ខ្លាំង និង​ភ្លៀង​ធ្លាក់​នៅ​ទូទាំង​តំបន់ ហើយ​និង​អាច​នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ទីក្រុង​តូ​ក្យូ នៅ​ដើម​សប្តាហ៍​ក្រោយ​ផង​ដែរ បើ​ទោះបីជា​គេ​មិន​រំពឹងថា វា​នឹង​បោកបក់​មកដល់​ដីគោក​ក៏ដោយ​។​​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​មន្ត្រី​គ្រោះមហន្តរាយ បាន​ជំរុញ​ឲ្យ​អ្នកស្រុក គួរ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​មុន​។​ ​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន បាន​រាយការណ៍​ថា ព្យុះ​ទី​ហ្វុ​ង Chan-hom ស្ថិតនៅ​ភាគខាងត្បូង​កោះ​ស៊ី​កូ​គូ កាលពី​រសៀល​ថ្ងៃ​សុក្រ ជាមួយនឹង​ល្បឿន​ខ្យល់​បក់​អតិ​ត​បរមា ១២៦​គ​.​ម​ក្នុង​១​ម៉ោង​។​​ពួកគេ​បាន​បញ្ជាក់ថា ព្យុះ​មួយ​នេះ ធ្វើដំណើរ​តាមផ្លូវ​នៅ​ឆ្ងាយ​ពី​តំបន់​ឆ្នេរសមុទ្រ​ជប៉ុន ហេតុ​ដូច្នេះហើយ គេ​មិន​រំពឹងថា​វា​នឹង​បោកបក់​មកដល់​ដីគោក​នោះទេ​។​​លោក​ហា​ឈី​រ៉ូ អូ​កូ​ណូ​ហ្គី រដ្ឋមន្ត្រីក្រសួង​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ជំរុញ​ឲ្យ​អ្នកស្រុក ត្រៀមខ្លួន​ឲ្យ​បាន​មុន សម្រាប់​រលក​សមុទ្រ​ខ្ពស់ និង​ទឹកជំនន់​បង្កឡើង​ដោយសារ​ព្យុះ ៕ អត្ថបទ៖ សារ៉ាត់

រុស្ស៊ី ត្រៀមខ្លួន​សម្រុះសម្រួល​ជម្លោះ​រវាង​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់ នៅ​តំបន់​ណា​ហ្ក័​រ​ណូ​-​កា​រ៉ា​បាក់

2021/04/27 09:59:58 am        39
​​រុស្ស៊ី៖ ក្រសួងការបរទេស​រុស្ស៊ី បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទីក្រុង​មូ​ស្កូ ត្រៀមខ្លួន​រួចរាល់​ក្នុងការ​សម្រុះសម្រួល​ជម្លោះ​រវាង​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់​នៅ​តំបន់​ណា​ហ្ក័​រ​ណូ​-​កា​រ៉ា​បាក់​។​​លោកស្រី ម៉ា​រៀ ហ្សា​ខា​រ៉ូ​វ៉ា គឺជា​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី បាន​និយាយថា រដ្ឋាភិបាល​របស់លោក​ស្រី ចង់​ប្រើប្រាស់​ទីក្រុង​មូ​ស្កូ ជា​វេទិការៀបចំ​ជំនួប​រវាង​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់ ដើម្បី​ស្វែងរក​ច្រកចេញ​ក្នុងការ​បញ្ឈប់​សកម្មភាព​យោធា​នៅក្នុង​តំបន់​ជម្លោះ។​​កិច្ចប្រជុំ​នេះ នឹង​រួមបញ្ចូល​ផងដែរ​ក្រុម​បំបែក​ខ្លួន​មីន​ស្ក៍ និង​អង្គការ​ដើម្បី​សន្តិសុខ និង​សហប្រតិបត្តិការ​នៅ​អឺរ៉ុប​(OSCE)​។​​លោកស្រី​ម៉ា​រៀ បាន​និយាយថា ក្រសួងការបរទេស​រុស្ស៊ី នឹង​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​ស្តីពី​ពេលវេលា​ចាប់ផ្តើម​ចរចា។​​ការប៉ះទង្គិច​គ្នា​ចុងក្រោយ​រវាង​កងកម្លាំង​ប្រដាប់អាវុធ​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់ បានចាប់ផ្តើម​កាលពី​ថ្ងៃ​ទី ២៧ ខែកញ្ញា​កន្លងទៅ ធ្វើ​ឲ្យ​ភាព​តានតឹង​ឡើងក​ម្តៅ​ខ្លាំង​បំផុត​នៅក្នុង​ជម្លោះ​អូសបន្លាយ​ពេល​ច្រើន​ទសវត្សរ៍​កន្លងមកនេះ នៅ​តំបន់ ណា​ហ្គ័​រ​ណូ​-​កា​រ៉ា​បាក់។​​តំបន់​មួយ​នេះ ស្ថិតនៅក្នុង​ទឹកដី​អា​ស៊ែ​បៃ​ហ្ស​ង់ ប៉ុន្តែ​ ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​កងកម្លាំង​ជនជាតិដើម​ភាគតិច​អា​មេ​នី គាំទ្រ​ដោយ​ប្រទេស​អា​មេ​នី ចាប់តាំងពី​ដំណាច់​សង្គ្រាម​ផ្តាច់ខ្លួន​កាលពី​ពី​ឆ្នាំ១៩៩៤៕ អត្ថបទ៖ សារ៉ាត់

អភិបាលខេត្ត​មណ្ឌលគិរី​ ជំរុញ​អាជ្ញាធរ​មូលដ្ឋាន​ និង​ជំនាញ​ពាក់ព័ន្ធ​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​

2021/04/27 09:59:58 am        42
មណ្ឌលគិរី ៖ ​ អភិបាលខេត្ត​មណ្ឌលគិរី បាន​ដាក់​បទបញ្ជា​ទៅ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ អាជ្ញាធរ​មូលដ្ឋាន​ ត្រូវ​សហការ​គ្នា​ទប់ស្កាត់​ឱ្យ​បាន​ នូវ​បទល្មើស​ព្រៃឈើ ​បទល្មើស​ធនធានធម្មជាតិ​គ្រប់​រូបភាព​។នៅក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​ថ្មី ​របស់​អភិបាលក្រុង​សែន​មនោ​រម្យ ​និង​នាយក​រដ្ឋបាល​សាលា ​ខេត្តមណ្ឌលគិរី ​កាលពីថ្ងៃទី​០៩ ខែតុលា ​ម្សិលមិញ ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាលខេត្ត ​បាន​បញ្ជា​ទៅ​មន្ត្រី​ជំនាញ​ទាំងអស់ ​ត្រូវ​រួមគ្នា ​លុប​បំបាត់​ចោល​កុងត្រូលជជុះ ដែល​មាន​ដាក់​ពង្រាយ​នៅតាម​ដងផ្លូវ​ក្នុង​ខេត្ត និង​ត្រូវ​សហការ​គ្នា​ថែរក្សា​សន្តិភាព ​សន្តិ សុខ​សណ្ដាប់ធ្នាប់ ​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ ​ការពារ​ប្រជាជន​ដោយ​យុត្តិធម៌ និង​ទប់ស្កាត់​បទល្មើស​គ្រឿង​ឱ្យ ខាង​តែ​បាន​ផងដែរ​។លោក ហៀក សុផាន អភិបាលក្រុង​សែន​មនោ​រម្យ ដែល​ទើប​តែងតាំង​បាន​ធ្វើការ​ប្ដេជ្ញា​ចិត្ត​យ៉ាង ម៉ឺងម៉ាត់​ក្នុងការ​បំពេញ​តួនាទី​ភារកិច្ច​ប្រកបដោយ​តម្លាភាព​ ប្រសិទ្ធភាព​ ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ ពេលវេលា ពង្រឹង សាមគ្គីភាព​ផ្ទៃក្នុង សហការ​ជិតស្និទ្ធ​ជាមួយ​ នឹង​កងកម្លាំងប្រដាប់អាវុធ មន្ត្រី​ជំនាញ ក្នុង​ការ​ការពារ​ទប់​ស្កាត់​បង្ក្រាប​បទ​ ល្មើស​ផ្សេងៗ ដែល​កើតមាន​នៅ​ក្នុង​សមត្ថកិច្ច​របស់ខ្លួន ​និង​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ​និង​អភិវឌ្ឍ​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ទីក្រុង ​ឱ្យមាន​របៀបរៀបរយ និង​ស្រស់បំព្រង ​ព្រមទាំង​ទទួលយក​វិវាទ​ដីធ្លី ​ចំនួន​៤១​ករណី ដែល អភិបាល ក្រុង​ចាស់ ដោះស្រាយ​មិនទាន់​ចប់ មក​ដោះស្រាយ​បន្ត​ផងដែរ ។ពិធី​នេះ ត្រូវបាន​ប្រកាស​ផ្ទេរ​ភារកិច្ច លោក ហៀក​ សុផាន អតីត​នាយក​រដ្ឋបាល​សាលាខេត្ត​ឱ្យ ចូលកាន់​តំណែង ​ជា​អភិបាលក្រុង​សែន​មនោ​រម្យ ជំនួស​លោក ​ ឡុង វិបុល ​ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​បម្រើ​ការងារ​ក្នុង​សាលាខេត្ត​មណ្ឌលគិរី ​និង​ប្រកាស​តែងតាំង​លោក ស៊ន​ សារុន ​ឱ្យចូល​កាន់​តំណែង​ជា​នាយក​រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី ជំនួស​លោក ហៀក សុផាន វិញ ៕​អត្ថបទ​៖ អ៊ិត ភីរុណ

ក្រសួងកសិកម្ម​ ដាក់​ចេញ​វិធាន​៩​ចំណុច ​ដើម្បី​ធានា​សន្តិសុខ​ស្បៀង និង​ការនាំចេញ​ស្រូវ​អង្ករ​ទៅ​បរទេស

2021/04/27 09:59:58 am        37
ភ្នំពេញ ៖ ​ក្នុង​បំណង​ធានាបាន​សន្តិសុខ​ស្បៀង និង​ឈាន​ទៅ​សម្រេច​បាន​គោ​លន​យាយ​ជំរុញ ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​ទៅ​បរទេស​នោះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ ​ និង​នេសាទ បាន​ដាក់​ចេញ​វិធានការ​៩​ចំណុច ​ដើម្បី​ឲ្យ​មន្ត្រី​ក្រោមឱវាទ​និង​អ្នក​ពាក់​ព័ន្ធ​អនុវត្តតាម​។ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ ​​និង​នេសាទ ​នៅពេល​ថ្មីៗ​នេះ បានចេញ​សារាច​ណែនាំ​មួយ ស្តីពី​ការ​ថែទាំ​ស្រូវ​រដូវវស្សា​ឆ្នាំ​២០២០ ​និង​ត្រៀមលក្ខណៈ​សម្រាប់​ផលិតកម្ម​ស្រូវប្រាំង​ ឆ្នាំ​២០២០–២០២១​។ ក្នុង​សារាចរ​នោះ ​ក្រសួងកសិកម្ម ​បាន​ដាក់​ចេញ​វិធានការ​០៩​ចំណុច​ ក្នុង​បំណង​ធានា ​សន្តិសុខ​ស្បៀង និង​ឈាន​ទៅ​សម្រេច​បាន​គោលនយោបាយ​ជំរុញ​ផលិតកម្ម​ស្រូវ ​និង​ការនាំចេញ​អង្ករ​ទៅ​បរទេស ដែល​តម្រូវ​ឲ្យ​មន្ត្រី​ក្រោមឱវាទ​និង​អ្នក​ពាក់ព័ន្ធ​ចូលរួម​អនុវត្តតាម​។​ វិធានការ​៩​ចំណុច​​រួមមាន​ ៖​ទី​១.​ត្រូវ​ចុះ​ណែនាំ​កសិករ​ឲ្យ​យកចិត្តទុកដាក់​ពិនិត្យ​ស្រែ​ជាប្រចាំ ​ជាពិសេស​ត្រូវ​បិទ​ភ្លឺ រក្សា​ទឹក​ទុក​ក្នុង​ស្រែ​ឲ្យ​ល្អ ​ដើម្បី​ជៀសវាង​ការ​ខ្វះ​ទឹក​នៅ​ចុង​រដូវ ​ដែល​អាច​បណ្តាល​ឲ្យ​ត្រូវ​ស្កក ​និង​ប៉ះពាល់​ទិន្នផល​។​​ទី​២.​ត្រូវ​ចុះ​ណែនាំ​បច្ចេកទេស​ថែទាំ បំប៉ន​ជី ​និង​ត្រួតពិនិត្យ​សមាសភាព​ចង្រៃ​នៅ​ក្នុង​ស្រែ ដើម្បី​ចាត់វិធានការ ​កម្ចាត់​ទាន់ពេលវេលា ​និង​មាន​ប្រ​សិទ្ធ​ភាព ក្នុងករណី​មានការ​រាតត្បាត​ដោយ​សត្វ​ចង្រៃ និង​ជំងឺ​។​ទី​៣.​ត្រូវ​ចុះ​ពិនិត្យ​តំបន់​ដាំ​ដុះ​ស្រូវ​បង្កើន​រដូវ ដែល​អាច​នឹង​ប្រមូល​ផល​រួច​ ព្រមទាំង​ពិនិត្យមើល​ស្ថានភាព​ទឹក ដើម្បី​ឈាន​ទៅរក​ការ​ចាប់ផ្តើម​ការដាំដុះ​ជា​លើក​ទី​០២​។​​ទី​៤.​ត្រូវ​ចុះ​វាយតម្លៃ​ឲ្យ​បាន​ច្បាស់លាស់​អំពី​ស្ថានភាព​ទឹក រួមមាន​ប្រភពទឹក ​និង​លទ្ធភាព​ដែល​អាច​ផ្គត់ផ្គង់​ដល់​ការ​ដាំដុះ​ស្រូវប្រាំង ហើយ​កំណត់​ទីតាំង​ផលិតកម្ម​ដែល​មាន​សក្ដានុពល​។​​ទី​៥.​ត្រូវ​ជូនដំណឹង​ដល់​កសិករ​អំពី​តំបន់​ដែល​អាច​ដាំ​ដុះ​ស្រូវប្រាំង ​ដោយមាន​ប្រភព​ទឹក​គ្រប់គ្រាន់ និង​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់ ​ដែល​អាច​ប្រឈម​នឹង​ផលិតកម្ម​ស្រូវប្រាំង​ ដើម្បី​មាន​វិធានការ​ជាមុន និង​ណែនាំ​ឲ្យ​កសិករ​ដាំ​ដុះ ​មុខ​ដំណាំ​ដែល​ត្រូវការ​ទឹក​តិច នៅ​តំបន់​ដែល​មាន​លក្ខណៈ​សមស្រប​។​​ទី​៦.​ត្រូវ​ណែនាំ​កសិករ​ឲ្យ​ត្រៀម​ឧបករណ៍ សម្ភារៈ និង​គ្រាប់​ពូជស្រូវ​រយៈពេល​ខ្លី​ដែល​មានគុណ​ភាពល្អ និង​ផ្តល់​ការណែនាំ​បច្ចេកទេស​សមស្រប​សម្រាប់​ផលិតកម្ម​ស្រូវប្រាំង​។​​ទី​៧.​ត្រូវ​ជំរុញ​ការ​ដាំដុះ​ស្រូវប្រដេញទឹក​តាម​មាត់បឹង និង​ទន្លេ​ដែល​មាន​ប្រភព​ទឹក​គ្រប់គ្រាន់ ដោយ​កសិករ​ចាប់​ផ្តើម​ដាំដុះ​ឲ្យ​បាន​លឿន ដើម្បី​បង្ការ​កង្វះ​ទឹក​ចុងរដូវ​។ទី​៨.​ដោយសារ​ឆ្នាំនេះ កម្ពស់​ទឹក​បឹង​មាន​កម្រិត​ទាប ហើយ​ទឹកភ្លៀង​តិច​មិន​អាច​លិច​ដីស្រែ ​ជាហេតុ​នាំ​ឲ្យ​សត្វ​កណ្តុរ ​និង​សត្វល្អិត​កើតឡើង​ច្រើន អាច​បង្ក​បញ្ហា​ដល់​ផលិតកម្ម​ដំណាំ​ស្រូវប្រាំង​។ ​ដូច្នេះ​ត្រូវ​អប់រំ​កសិករ​អំពី​ការគ្រប់គ្រង​កត្កា​ចង្រៃ​ទាំងនោះ ​និង​ត្រៀមលក្ខណៈ​អន្តរាគមន៍​ឲ្យ​ទាន់ពេលវេលា​ និង​មាន​ប្រ​សិទ្ធភាព​។​​និង​ទី​៩. ត្រូវ​ជំរុញ​ដល់​អ្នក​ប្រមូល​ទិញស្រូវ​ រោង​ម៉ាស៊ីន​ក៏​ដូចជា​អ្នក​នាំចេញ​អង្ក ​ក្នុងការ​ត្រៀម​លក្ខណៈ​ដូចជា​ ៖ ថវិកា មធ្យោបាយ​ដឹកជញ្ជូន ឡស​ម្ងួ​ត ​និង​ឃ្លាំ​ស្តុក​ស្រូវ ​សម្រាប់​ប្រមូល​ទិញ​អស់​លទ្ធភាព ដើម្បី​ទប់ស្កាត់​ការហូរ​ស្រូវ​ចេញទៅ​ក្រៅប្រទេស​៕​អត្ថបទ​៖​ទូច សោភ័ណ

សិស្ស​បឋមសិក្សា​ជាង​៩០% បាន​ចូលរៀន​ឡើងវិញ​ក្នុង​ដំណាក់កាល​ទី​២ ​អំឡុង​វិបត្តិ​កូ​វីដ​១៩

2021/04/27 09:59:58 am        43
ភ្នំពេញ ៖ ​គិត​មកទល់ពេលនេះ ​សិស្ស​បឋមសិក្សា​ទូទាំង​ប្រទេស​ប្រមាណ​ជាង ៩០%​ ហើយ បាន​ចូលរៀន​ឡើងវិញ ​ក្នុងដំណាក់កាល​បើក​សាលារៀន​លើក​ទី​២​ ដែល​បាន​ចាប់ផ្ដើម​បាន​រយៈពេល​ជាង​១​ខែ​មកនេះ​។ ​នេះ​ជាការ​លើកឡើង​របស់​ ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​។សម្រាប់​ការបើក​សាលារៀន​ជាថ្មី​ក្នុងដំណាក់កាល​ទី​២ ដែល​បានចាប់ផ្ដើម​តាំងពី​ថ្ងៃទី ​៧ កញ្ញា មកដល់​បច្ចុប្បន្ន ក្រៅពី​សិស្ស​ថ្នាក់​ទី ៩ និង​សិស្ស​ថ្នាក់​ទី ១២ ដែល​បាន​ចូលរៀន​ពេញ​ផ្ទៃ​ប្រទេស​នោះ សិស្ស​ក្នុង​ថ្នាក់​បឋមសិក្សា​ប្រមាណ​ជាង ៩០% បាន​ចូលរៀន​ជាថ្មី​វិញ​ផងដែរ​។ ​នេះ​ជាការ​បញ្ជាក់​របស់ ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​។ឯកឧត្តម​ បញ្ជាក់​បន្ថែមថា ​សិស្ស​ថ្នាក់​បឋមសិក្សា​នាពេល​បច្ចុប្បន្ននេះ គឺ​ពុំ​សិក្សា​នៅ​ថ្នាក់រៀន​ពេញ​មួយ​សប្ដាហ៍​នោះទេ​។ ​ការសិក្សា​អនុវត្ត​តាមបែប​ចម្រុះ ​ដោយ​សិក្សា​នៅ​ក្នុង​ថ្នាក់រៀន​ខ្លះ និង​សិក្សា​នៅ​តាម​ប្រព័ន្ធ​អន​ឡាញ​ខ្លះ​។ រីឯ​សិស្ស​ថ្នាក់​ទី ៩ ​និង​សិស្ស​ថ្នាក់​ទី​១២​វិញ ​អាចមក​សិក្សា​នៅ​ថ្នាក់រៀន​ បាន​ពេញ​មួយ​សប្ដាហ៍​ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​។ស្របពេល​កំពុង​អនុវត្ត​ការបើក​សាលារៀន​ឡើងវិញ​ក្នុង​ដំណាក់កាល​ទី​២​នេះ ក្រសួង​អប់រំ​រួមជាមួយ​អន្តរក្រសួង​ក៏​កំពុង​បន្ត​ត្រួតពិនិត្យ ​វាយតម្លៃ​ដំណើរការ​សិក្សា ដើម្បី​ឈាន​ទៅ​ការស្នើសុំ​រាជ​រដ្ឋាភិបាល ដើម្បី​បើក​សាលារៀន​ក្នុង​ដំណាក់កាល​ទី​៣ ​ក្នុង​កំឡុង​ខែវិច្ឆិកា ​ផងដែរ​។យ៉ាងណា​ម៉ិ​ញ ការបើក​សាលារៀន​ឡើងវិញ​ក្នុង​ដំណាក់កាល​ទី​៣ ​ក៏​តម្រូវ​ឱ្យ​សាលារៀន​ត្រូវ​តែមាន​លទ្ធភាព គោរព​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់​ដំណើរការ​សាលារៀន​ឡើងវិញ​ ក្នុង​បរិបទ​កូ​វីដ ១៩ ​ព្រោះនេះ​ ជា​រឿង​ចាំបាច់​ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​ទាំង​សិស្ស ​និង​បុគ្គលិក​អប់រំ​។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​រប​ស់ ឯកឧត្តម​អ្នកនាំពាក្យ​។ការបើក​សាលារៀន​ឡើងវិញ ក្នុងដំណាក់កាល​ទី​២​ដែល​កំពុង​អនុវត្ត​នេះ​ គឺ​អនុញ្ញាត​ឱ្យ​សិស្ស​ថ្នាក់​ទី ៩​និង​សិស្ស​ថ្នាក់​ទី ១២ នៃ​សាលារៀន​រដ្ឋ​ទូទាំងប្រទេស​ចូលរៀន​ឡើងវិញ ដើម្បី​ត្រៀមខ្លួន​ប្រឡង​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​។​ លើសពីនេះ ក៏​អនុញ្ញាត​ឱ្យ​សិស្ស​គ្រប់​កម្រិតសិក្សា នៅ​ទី​រួម​ខេត្ត​ចំនួន ៤ ដែល​មាន​ហានិភ័យ​ទាប ​អាច​ចូលរៀន​បាន​ផងដែរ ​ក្នុងនោះ ​រួមមាន​ ទី​រួម​ខេត្តស្ទឹងត្រែង ​ទី​រួម​ខេត្តរតនគិរី ទី​រួម​ខេត្តមណ្ឌលគិរី ​និង​ទី​រួម​ខេត្តក្រចេះ​។​ រីឯ​កម្រិត​ផ្សេងទៀត​របស់​សាលា​រដ្ឋ គឺ​បើក​ក្នុង​ទ្រង់ទ្រាយ​តូច ​និង​ឆ្លាស់​វេន​គ្នា​៕​អត្ថបទ​៖ គឹម​ហុក

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា​ ដឹកនាំគណៈប្រតិភូទៅអូស្ត្រាលីដែលជាធ្វើទស្សនកិច្ចផ្លូវការ និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ
09/05/2026 08:09 PM
ប្រទេសអឺរ៉ុបចំនួនប្រាំស្វែងរកកិច្ចព្រមព្រៀងដើម្បីបញ្ជូនជនអន្តោប្រវេសន៍ចេញពីសហភាពអឺរ៉ុប
09/05/2026 06:09 PM
ជនជាតិចិនម្នាក់ត្រូវបានជួយសង្គ្រោះទាំងនៅមានជីវិតពីផ្លូវរូងក្រោមដីវារីអគ្គិសនីនេប៉ាល់ខណៈអ្នកស្លាប់ឡើងដល់ ១.៣៤២នាក់
09/05/2026 05:09 PM
ទីក្រុងស៊ីដនី របស់អូស្ត្រាលីញាំញីដោយរលកកម្ដៅខ្លាំងក្នុងនិទាឃរដូវ ខណៈប្រឈមនឹងហានិភ័យភ្លើងឆេះព្រៃធ្ងន់ធ្ងរ
09/05/2026 04:09 PM
វិមានក្រឹមឡាំង ទាត់ចោលការព្រមានរបស់អ៊ុយក្រែនលើសុវត្ថិភាពដែនអាកាសរុស្ស៊ី
09/05/2026 04:09 PM
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី៖បេសកជនលោក Trump គឺលោក Witkoff និងលោក Kushner បានទៅដល់ទីក្រុងមូស្គូហើយ
09/05/2026 04:09 PM
មនុស្សជិត៦០ម៉ឺននាក់ ត្រូវបានជម្លៀសដោយសារភ្លៀងធ្លាក់ខ្លាំងពីព្យុះទីហ្វុង Saudel នៅចិនភាគខាងកើត
09/05/2026 04:09 PM
ប្រទេសម៉ាឡេស៊ីប្រកាសស្ថានភាពគ្រាអាសន្ននៅរដ្ឋសារ៉ាវ៉ាក់ ខណៈផ្សែងអ័ព្ទពីឥណ្ឌូនេស៊ីកាន់តែធ្ងន់ធ្ងរ
09/05/2026 04:09 PM
រយៈពេលជាង ៥ខែ កម្ពុជា​បណ្តេញជនបរទេសចេញ​ជិត ៣ម៉ឺននាក់ និង​ជិត ២ពាន់​នាក់​ទៀត​​ត្រៀម​​បណ្តេញចេញ ពាក់ព័ន្ធករណី Online Scams និង​ការ​ប្រព្រឹត្ត​បទ​ល្មើសផ្សេ​ងៗ
09/05/2026 02:09 PM
ប្រភព៖ប្រធានាធិបតីចិនសម្លឹងរកការនាំក្រុមគណៈប្រតិភូដ៏ច្រើនអមដំណើរលោកទៅទស្សនកិច្ចអាមេរិក
09/05/2026 02:09 PM