នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន
តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Blinken ការពារលោក Biden ដោយនិយាយថា លោកបានស្ដារទំនុកចិត្តជាសកលក្នុងការដឹកនាំរបស់អាមេរិក

2024/07/02 06:37:32 pm        251
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken កាលពីថ្ងៃចន្ទ បានឆ្លើយតបទៅនឹងការរិះគន់លើការអនុវត្តរបស់ប្រធានាធិបតី លោក Joe Biden ក្នុងកម្មវិធីជជែកដេញដោល កាលពីសប្តាហ៍មុន ដោយនិយាយថា គោលនយោបាយរបស់លោក ក្នុងរយៈពេល៣ឆ្នាំកន្លះមកនេះ បានបង្កើនទំនុកចិត្តលើការដឹកនាំរបស់សហរដ្ឋអាមេរិក នៅលើពិភពលោក។ ដោយមានប្រព័ន្ធផ្សព្វផ្សាយនៅទូទាំងពិភពលោក បង្ហាញព័ត៌មានចំពោះការអនុវត្តន៍ជជែកដេញដោលរបស់លោក Biden ជាមួយលោកDonald Trump លោកBlinken ត្រូវបានគេសួរនៅក្នុងព្រឹត្តិការណ៍មួយរបស់វិទ្យាស្ថាន Brookings នូវអ្វីដែល «មិត្ត និងសត្រូវ» នៅជុំវិញពិភពលោកគួរតែដឹងអំពីការដឹកនាំរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ លោក Biden ។លោក Blinken និយាយថា មនុស្សនៅជុំវិញពិភពលោក កំពុងសម្លឹងមើលនូវអ្វីដែលលោក Biden បានធ្វើ ចាប់តាំងពីលោកចូលកាន់តំណែង ពុំមែនត្រឹមតែមួយយប់នោះទេ ហើយពួកគេពេញចិត្តចំពោះគោលនយោបាយរបស់លោក។ លោក Blinken និយាយថា ពួកគេបានឃើញលោកប្រធានាធិបតី បានវិនិយោគអាមេរិកឡើងវិញ វិនិយោគអាមេរិកឡើងវិញនៅក្នុងពិភពលោក វិនិយោគឡើងវិញនៅក្នុងសម្ព័ន្ធមិត្ត នៅក្នុងភាពជាដៃគូតាមរបៀបដែលពួកគេស្វែងរក និងចង់បាន។ប្រជាជនអាមេរិកជាច្រើន បានបង្ហាញការខកចិត្តចំពោះបេក្ខជនទាំងពីរ បន្ទាប់ពីការជជែកដេញដោលរយៈពេល៩០នាទី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅលើកញ្ចក់ទូរទស្សន៍ CNN ។ លោក Biden ជាអ្នកកំពុងកាន់តំណែងគណបក្សប្រជាធិបតេយ្យ អាយុ ៨១ ឆ្នាំ សំឡេងរបស់លោកស្អកៗពីជំងឺផ្តាសាយ បាននិយាយជាន់ឃ្លាមួយចំនួន និងបាននិយាយដាច់ៗយឺតៗនៅពេលខ្លះ។ វាជាលើកដំបូង ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលលោក Blinken អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងជាជំនួយការយូរឆ្នាំរបស់ លោក Biden ត្រូវបានគេសួរអំពីការជជែកដេញដោលនោះ។ លោកបាន បញ្ជាក់លើការអនុវត្តរបស់លោក Biden នៅក្នុងការកាន់តំណែងរបស់លោក។ អ្នកគាំទ្ររបស់លោក Biden សង្ឃឹមថា ការជជែកដេញដោលនេះ នឹងបំបាត់ក្តីបារម្ភដែលថាលោកចាស់ពេកសម្រាប់ការកាន់តំណែងមួយអាណត្តិទៀត ប៉ុន្តែផ្ទុយទៅវិញវាពិតជាបានធ្វើឲ្យមានការព្រួយបារម្ភ។ សមាជិកគណបក្សប្រជាធិបតេយ្យមួចំនួន បានអំពាវនាវឲ្យលោក Biden បោះបង់ការប្រជែង ក្នុងការបោះឆ្នោត។

អ្នកវិភាគ៖ សេចក្តីសម្រេចអភ័យឯកសិទ្ធិ អាចប៉ះពាល់នយោបាយអាមេរិក នឹងជាជ័យជម្នះសម្រាប់លោក Trump

2024/07/02 06:21:17 pm        156
សេចក្តីសម្រេចរបស់តុលាការកំពូលអាមេរិក ដែលថា លោក ដូណាល់ ត្រាំ (Donald Trump) មានអភ័យឯកសិទ្ធិសម្រាប់សកម្មភាពផ្លូវការ អាចមានផលប៉ះពាល់យ៉ាងទូលំទូលាយសម្រាប់ប្រព័ន្ធនយោបាយអាមេរិក ការពង្រីកអំណាច និងនិទណ្ឌភាពរបស់ប្រធានាធិបតីនាពេលអនាគត ព្រមទាំងជាការប្រគល់ជ័យជម្នះឱ្យលោក ដូណាល់ ត្រាំ (Donald Trump) នេះបើតាមអ្នកជំនាញផ្នែកច្បាប់បានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃចន្ទ (០១ កក្កដា)។តុលាការកំពូល បានរកឃើញកាលពីថ្ងៃចន្ទថា លោក ត្រាំ មិនអាចត្រូវបានកាត់ទោសចំពោះសកម្មភាពណាមួយដែលស្ថិតនៅក្នុងអំណាចរដ្ឋធម្មនុញ្ញរបស់លោកក្នុងនាមជាប្រធានាធិបតីនោះទេ ប៉ុន្តែអាចកាត់ទោសបានសម្រាប់សកម្មភាពឯកជនផ្ទាល់ខ្លួន នៅក្នុងសេចក្តីសម្រេចដ៏សំខាន់មួយដែលទទួលស្គាល់ជាលើកដំបូងនូវទម្រង់អភ័យឯកសិទ្ធិរារាំងប្រធានាធិបតីពីការកាត់ទោស។លោកស្រីសាស្ត្រាចារ្យ ឃ្លែរ វូហ្វហ្វដ (Claire Wofford) នៃមហាវិទ្យាល័យ ឆាលស្តុន (Charleston) បាននិយាយថា សេចក្តីសម្រេចនេះនឹងធ្វើឱ្យមានការប្រឈមជាច្រើនសម្រាប់រដ្ឋអាជ្ញាពិសេស លោក ជេក ស្មីត (Jack Smith) ដើម្បីបន្តសំណុំរឿងប្រឆាំងនឹងលោក ត្រាំ។ លោកស្រី វូហ្វហ្វដ បន្ថែមថា សេចក្តីសម្រេចអភ័យឯកសិទ្ធិមានសក្ដានុពល «មិនត្រឹមតែកំណត់ឡើងវិញនូវតំណែងប្រធានាធិបតីប៉ុណ្ណោះទេ» ប៉ុន្តែ «អាចផ្លាស់ប្តូរមុខងារទាំងមូលនៃប្រព័ន្ធអាមេរិក» និងអនុញ្ញាតឱ្យប្រទេសនេះឆ្ពោះទៅរកលទ្ធិផ្តាច់ការ។សាស្ត្រាចារ្យសាលាច្បាប់ ហូហ្វស្រ្តា (Hofstra) លោក ជេមស៍ សេមផល (James Sample) បានប្រាប់សារព័ត៌មានរ៉យទ័រថា តាមរយៈការបង្កើនឧបសគ្គសម្រាប់ការកាត់ទោសដោយជោគជ័យលើលោក ត្រាំ តុលាការបានប្រគល់ «ជ័យជម្នះដល់លោក ត្រាំ ខណៈជិតដល់ទីបញ្ចប់នៃយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤»៕

អ៊ីរ៉ង់ ថ្កោលទោសលោកខាងលិច ដែលអនុញ្ញាតឱ្យមានការយាយីលើអ្នកបោះឆ្នោតអ៊ីរ៉ង់ នៅក្រៅប្រទេស

2024/07/02 06:18:18 pm        71
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក ណាសសឺ ខាណានី (Nasser Kanaani) កាលពីថ្ងៃចន្ទ (០១ កក្កដា) បានថ្កោលទោសយ៉ាងខ្លាំងដល់បណ្ដារដ្ឋាភិបាលលោកខាងលិចមួយចំនួន ចំពោះការអនុញ្ញាតឱ្យ «អ្នករំខាន» មួយចំនួនបំភិតបំភ័យ យាយី និងប្រមាថអ្នកបោះឆ្នោតអ៊ីរ៉ង់នៅក្រៅប្រទេស ក្នុងអំឡុងពេលបោះឆ្នោតប្រធានាធិបតីទី១៤ របស់ប្រទេស។លោកបានធ្វើការលើកឡើងបែបនេះនៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីបុគ្គលប្រឆាំងអ៊ីរ៉ង់ជាច្រើននាក់បានយាយីអ្នកបោះឆ្នោតអ៊ីរ៉ង់នៅការិយាល័យបោះឆ្នោតក្នុងរដ្ឋមួយចំនួនដូចជានៅចក្រភពអង់គ្លេស និងអូស្ត្រាលី ដើម្បីរារាំងពួកគេមិនឱ្យបោះឆ្នោតកាលពីថ្ងៃសុក្រ (ម៉ោងនៅទីក្រុងតេអេរ៉ង់) កាលពីសប្ដាហ៍មុន។លោក ខាណានី បានថ្កោលទោសរដ្ឋាភិបាលលោកខាងលិចមួយចំនួនដែលអះអាងថាខ្លួនជា «ជើងឯកលទ្ធិប្រជាធិបតេយ្យ» ប៉ុន្តែមិនបានចាត់វិធានការផ្លូវច្បាប់ និងការការពារប្រឆាំងនឹងអ្នកដែល «រំលោភបំពានលើសិទ្ធិស្របច្បាប់របស់ពលរដ្ឋអ៊ីរ៉ង់»។ លោកបានជំរុញអាជ្ញាធរលោកខាងលិចទាំងនោះឱ្យផ្តល់ការពន្យល់ និងចាត់វិធានការសមស្របដើម្បីឆ្លើយតបទៅនឹងអាកប្បកិរិយា «ព្រៃផ្សៃ គ្មានភាពស៊ីវិល និងខុសច្បាប់» បែបនេះ។ការបោះឆ្នោតប្រធានាធិបតីទី១៤ របស់អ៊ីរ៉ង់ ដែលដំបូងឡើយត្រូវធ្វើនៅឆ្នាំ២០២៥ ត្រូវបានកំណត់ពេលឡើងវិញបន្ទាប់ពីការស្លាប់ដែលមិននឹកស្មានដល់របស់លោកអតីតប្រធានាធិបតី អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) ក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃទី១៩ ខែឧសភា។ បន្ទាប់ពីការបោះឆ្នោតជុំទី១ ដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃសុក្រ និងបានបញ្ចប់នៅពាក់កណ្តាលអធ្រាត្រ ពុំមានបេក្ខជនណាទទួលបានការគាំទ្រលើសពី ៥០ ភាគរយនៃសន្លឹកឆ្នោតសរុបដែលត្រូវការដើម្បីឈ្នះនោះទេ។ ដូច្នេះ ប្រទេសនេះត្រូវបោះឆ្នោតជុំទី២ ដែលគ្រោងធ្វើនៅថ្ងៃទី០៥ ខែកក្កដា រវាងគូប្រជែងនាំមុខប្រកៀកប្រកិតគ្នាពីររូប៕

មេដឹកនាំដែនដីដាគីស្ថាន របស់រុស្ស៊ី បន្ទោសភេរវជនអន្តរជាតិ ថានៅពីក្រោយការវាយប្រហារ

2024/07/02 06:14:23 pm        283
មេដឹកនាំនៃសារធារណរដ្ឋ ដាគីស្ថាន (Dagestan) ដែលមានជនជាតិមូស្លីមរស់នៅភាគច្រើនរបស់រុស្ស៊ី ជាទីដែលខ្មាន់កាំភ្លើងកាលពីខែមុន បានធ្វើការវាយប្រហារយ៉ាងបង្ហូរឈាមនៅក្នុងទីក្រុងចំនួនពីរ បាននិយាយកាលពីថ្ងៃចន្ទ (០១ កក្កដា) ថា ការគំរាមកំហែងផ្នែកសន្តិសុខនោះគឺមកពី «អង្គការភេរវករអន្តរជាតិ»។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីលោក សើហ្កេ មេលីខូវ (Sergei Melikov) ដែលនិយាយថាការវាយប្រហារដែលបណ្ដាលឱ្យមនុស្ស ២២នាក់បានស្លាប់កាលពីថ្ងៃទី២៣ ខែមិថុនា បានដាក់គោលដៅលើព្រះវិហារ និងសាលាប្រជុំសាសនាជ្វីហ្វ។បណ្ដាអ្នកជំនាញផ្នែកសន្តិសុខលោកខាងលិចបាននិយាយថា ការវាយប្រហារនេះគឺជាភស្តុតាងបន្ថែមទៀតដែលថារុស្ស៊ី ដែលជាប់រវល់ជាមួយនឹងសង្គ្រាមនៅអ៊ុយក្រែន កំពុងប្រឈមមុខនឹងបញ្ហាកាន់តែខ្លាំងឡើងជាមួយនឹងអំពើហិង្សារបស់ពួកសកម្មប្រយុទ្ធអ៊ីស្លាមនៅក្នុងស្រុក។ ប៉ុន្តែលោក មេលីខូវ បានទទូចថាការគំរាមកំហែងនេះគឺជារឿងខាងក្រៅប៉ុណ្ណោះ។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានដកស្រង់សម្តីលោកថា «កត្តាគម្រាមកំហែងសំខាន់ដែលជះឥទ្ធិពលដល់ស្ថានភាពនៅក្នុងសាធារណរដ្ឋ នៅតែជាសកម្មភាពកើនឡើងនៃអង្គការភេរវករអន្តរជាតិ»។ លោកបន្ថែមថា មានភ័ស្តុតាងដោយផ្ទាល់ និងដោយប្រយោលដែលចង្អុលទៅតួនាទីនៃ «សត្រូវផ្ទាល់របស់រុស្ស៊ី» នៅក្នុងការវាយប្រហារនេះ ប៉ុន្តែមិនបានបញ្ជាក់ថាពួកគេជានរណា ឬជាភស្តុតាងអ្វីនោះទេ។ការវាយប្រហារនៅដែនដី ដាគីស្ថាន នេះបានកើតឡើងរយៈពេលបីខែ បន្ទាប់ពីខ្មាន់កាំភ្លើងបានវាយលុកសាលប្រគុំតន្ត្រីមួយនៅជិតទីក្រុងមូស្គូ ដោយសម្លាប់មនុស្ស ១៤៥ នាក់ នៅក្នុងការសម្លាប់រង្គាលមួយដែលត្រូវបានអះអាងដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៕

រុស្ស៊ី តបទៅលោក Trump ថាសង្គ្រាមអ៊ុយក្រែន មិនអាចបញ្ចប់ក្នុងពេលមួយថ្ងៃបានឡើយ

2024/07/02 06:11:29 pm        213
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក វ៉ាស៊ីលី ណេបិនហ៊្សា (Vassily Nebenzia) បាននិយាយកាលពីថ្ងៃចន្ទ (០១ កក្កដា) ថា «វិបត្តិអ៊ុយក្រែន មិនអាចដោះស្រាយបានក្នុងពេលត្រឹមតែមួយថ្ងៃទេ» នៅពេលដែលត្រូវសាកសួរអំពីបេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលបានលើកឡើងជាញឹកញាប់ថាលោកអាចបញ្ចប់សង្រ្គាមក្នុងរយៈពេល ២៤ ម៉ោងប្រសិនបើជាប់ឆ្នោតម្ដងទៀត។បេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក ត្រាំ មិនបានផ្តល់ព័ត៌មានលម្អិតណាមួយឡើយ ហើយបាននិយាយថា ប្រសិនបើមាន «ប្រធានាធិបតីពិតប្រាកដ» នៅសហរដ្ឋអាមេរិក ដែលត្រូវបានគោរពដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នោះទីក្រុងមូស្គូ ប្រហែលជាមិនវាយលុកអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ឡើយ។លោក ណេបិនហ៊្សា បានប្រាប់សន្និសីទសារព័ត៌មានក្នុងការចាប់ផ្តើមអាណត្តិជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរបស់រុស្ស៊ី សម្រាប់ខែកក្កដាថា៖ «វិបត្តិអ៊ុយក្រែន មិនអាចដោះស្រាយបានក្នុងមួយថ្ងៃទេ»។ ជាការឆ្លើយតប អ្នកនាំពាក្យយុទ្ធនាការលោក ត្រាំ គឺលោក ស្ទេវិន ជឹង (Steven Cheung) បានប្រាប់សារព័ត៌មានរ៉យទ័រថា «លោក ត្រាំ គឺជារដ្ឋបុរស និងអ្នកចរចាដ៏មានប្រសិទ្ធភាពបំផុតក្នុងប្រវត្តិសាស្ត្រ ហើយលោកនឹងដោះស្រាយជម្លោះនេះបាននៅពេលលោកជាប់ឆ្នោត»។ពលរដ្ឋអាមេរិកនឹងទៅបោះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា ដើម្បីជ្រើសរើសប្រធានាធិបតីបន្ទាប់សម្រាប់អាណត្តិ ៤ ឆ្នាំ។ លទ្ធផលនៃការបោះឆ្នោតគឺជាបញ្ហាចំពោះរុស្ស៊ី ទោះបីជាខ្លួនព្យាយាមធ្វើដូចមិនខ្វល់ក៏ដោយ ព្រោះវានឹងកំណត់ពីទំហំនៃការប្តេជ្ញាចិត្តរបស់ក្រុងវ៉ាស៊ីនតោន ក្នុងការបន្តគាំទ្រអ៊ុយក្រែន ប្រឆាំងនឹងក្រុងម៉ូស្គូ និងផ្គត់ផ្គង់អាវុធទំនើបៗរបស់អាមេរិក៕

អ៊ីរ៉ង់ ព្រមានខ្លាំងៗលើអ៊ីស្រាអែល ស្របពេលមានភាពតានតឹងកើនឡើងជាមួយលីបង់

2024/07/02 05:33:04 pm        169
រដ្ឋមន្ត្រីការបរទេសស្តីទីរបស់អ៊ីរ៉ង់លោក អាលី បាហ្គើរី កានី (Ali Bagheri Kani) បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះអ៊ីស្រាអែល ដោយបញ្ជាក់ថា កងកម្លាំងតស៊ូនៅក្នុងប្រទេសលីបង់បានត្រៀមខ្លួនយ៉ាងពេញលេញដើម្បីទប់ទល់នឹងការគំរាមកំហែងណាមួយរបស់អ៊ីស្រាអែល ខណៈលោកបានពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីទួរគីលោក ហាកានហ្ស៊ីដាន (Hakan Fidan)។ លោក កានី បាននិយាយថា ការគំរាមកំហែងរបស់របបអ្នកជ្វីហ្វនិយមអ៊ីស្រាអែល ឆ្លុះបញ្ចាំងពីធម្មជាតិដ៏ព្រៃផ្សៃរបស់របបនេះ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ការតស៊ូនៅក្នុងប្រទេសលីបង់ ត្រូវបានត្រៀមខ្លួនយ៉ាងពេញលេញ ដើម្បីទប់ទល់ការគំរាមកំហែងទាំងនេះ។ លោកបានសង្កត់ធ្ងន់ថារាល់ការឈ្លានពានលីបង់នឹងត្រូវខាតបងយ៉ាង់ធ្ងន់ធ្ងរសម្រាប់អ៊ីស្រាអែល។រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ក៏បានកត់សម្គាល់ផងដែរអំពីបញ្ហាប្រឈមនាពេលថ្មីៗនេះរបស់អ៊ីស្រាអែល។លោកថា ខណៈសង្គ្រាមឈានចូលដល់ខែទី៩ ពួកជ្វីហ្វនិយម បានបរាជ័យក្នុងការកែប្រែអ្វីៗគ្រប់យ៉ាងឱ្យដូចមុនថ្ងៃទី ៧ ខែតុលា ហើយឥឡូវនេះពួកគេត្រូវតែដឹងថាកំហុសណាមួយនៅក្នុងប្រទេសលីបង់នឹងបង្កើតលក្ខខណ្ឌថ្មីចំពោះការបំផ្លិចបំផ្លាញរបស់ពួកគេ។ស្ថានការណ៍វិវឌ្ឍន៍នេះ បានកើតឡើងបន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានយល់ព្រមលើផែនការប្រតិបត្តិការមួយសម្រាប់ការវាយលុកនៅក្នុងប្រទេសលីបង់ក្នុងគោលបំណងដាក់គោលដៅលើចលនា ហេសបូឡានិកាយស៊ីអ៊ីត ដែលដូចជាក្រុមហាម៉ាស តែងវាយលុកទឹកដីអ៊ីស្រាអែលពីភាគខាងជើងជាទៀងទាត់៕

បណ្ដាគណបក្សគូប្រជែងនៅបារាំង ស្វះស្វែងរកការរួបរួមប្រឆាំងនឹងក្រុមស្តាំនិយមជ្រុល

2024/07/02 04:33:33 pm        175
បណ្ដាបក្សប្រឆាំងនៃក្រុមស្តាំនិយមជ្រុលរបស់ប្រទេសបារាំង បានស្វះស្វែងរកការកសាងរណសិរ្សរួបរួមមួយដើម្បីបិទផ្លូវទៅការកាន់កាប់រដ្ឋាភិបាលរបស់គណបក្ស រួបរួមកម្លាំងជាតិ (RN) របស់លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) កាលពីថ្ងៃចន្ទ (០១ កក្កដា) បន្ទាប់ពីគណបក្សនេះទទួលបានការគាំទ្រខ្ពស់ជាប្រវត្តិសាស្ត្រដើម្បីឈ្នះការបោះឆ្នោតសភាជុំទីមួយ។បក្ស RN និងសម្ព័ន្ធមិត្តរបស់ខ្លួនបានឈ្នះជុំទីមួយកាលពីថ្ងៃអាទិត្យ ជាមួយនឹងសំឡេងឆ្នោត ៣៣ ភាគរយ ត្រូវបានតាមពីក្រោយដោយក្រុមឆ្វេងនិយម ដែលមានសំឡេងគាំទ្រ ២៨ ភាគរយ និងនាំមុខដាច់លើសម្ព័ន្ធភាពរបស់លោកប្រធានាធិបតី អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលទទួលបានសំឡេងគាំទ្រត្រឹមតែ ២២ ភាគរយប៉ុណ្ណោះ នេះបើយោងតាមលទ្ធផលផ្លូវការបានបង្ហាញ។ខណៈពេលដែលការគាំទ្រពីទីផ្សារហិរញ្ញវត្ថុលើបក្ស RN មិនច្រើនខ្លាំង តែវានៅតែជាជំហានថយក្រោយដ៏ធំសម្រាប់លោក ម៉ាក្រុង ដែលបានអំពាវនាវឱ្យមានការបោះឆ្នោតមុនកំណត់ បន្ទាប់ពីបក្សលោកចាញ់ប្រៀបបក្ស RN នៅក្នុងការបោះឆ្នោតសភាអឺរ៉ុបកាលពីខែមុន។ ពលរដ្ឋបារាំងជាច្រើននិយាយថាពួកគេត្រូវការការផ្លាស់ប្តូរ ប៉ុន្តែអ្នកផ្សេងទៀតបារម្ភថាកំណើនគាំទ្រនៃបក្សស្ដាំនិយមជ្រុលមួយនេះ និងវេទិកាជាតិនិយមរបស់ខ្លួន នឹងបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងសង្គមបារាំង។ថាតើបក្សប្រឆាំងជនអន្តោប្រវេសន៍ និងអ្នករិះគន់សហភាពអឺរ៉ុប RN មួយនេះអាចបង្កើតរដ្ឋាភិបាលបាន ឬយ៉ាងណា គឺវានឹងអាស្រ័យលើថាតើគណបក្សផ្សេងទៀតអាចទទួលជោគជ័យ ឬទេ ក្នុងការរារាំងលោកស្រី ឡែប៉ែន ដោយការប្រមូលផ្តុំបេក្ខជនគូប្រជែងនាំមុខល្អបំផុតនៅក្នុងមណ្ឌលបោះឆ្នោតរាប់រយពាន់កន្លែងនៅទូទាំងប្រទេសបារាំង៕

សារព័ត៌មានKCNA៖ កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកតាកទិកប្រភេទថ្មីដោយជោគជ័យ

2024/07/02 04:16:27 pm        164
ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃអង្គារសប្ដាហ៍នេះថា រដ្ឋបាលមីស៊ីលនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) កាលពីថ្ងៃចន្ទបានសាកល្បងដោយជោគជ័យនូវមីស៊ីលផ្លោងឬបាលីស្ទីកតាកទិកប្រភេទថ្មី មានសមត្ថភាពផ្ទុកក្បាលគ្រាប់ទំនើបទម្ងន់ ៤,៥ តោន ។ ទីភ្នាក់ងារសារព័ត៌មាននេះ បានរាយការណ៍ពីការបាញ់សាកល្បងមីស៊ីលផ្លោងតាកទិកប្រភេទថ្មី ដែលខ្លួននិយាយថាមានឈ្មោះ វ៉ាសុងផូ ១១ ដា ៤.៥ (Hwasongpho-11 Da-4.5) ត្រូវបានបាញ់ដោយបំពាក់ក្បាលគ្រាប់ធុនធ្ងន់ប្រដូចទៅនឹងភាពជាក់ស្ដែង ដើម្បីផ្ទៀងផ្ទាត់ស្ថេរភាព និងភាពត្រឹមត្រូវនៃការហោះហើរ។ យោងតាមសារព័ត៌មាន KCNA បានឱ្យដឹងថា រដ្ឋបាលមីស៊ីលរបស់ប្រទេសនេះ នឹងបាញ់បង្ហោះមីស៊ីលប្រភេទដូចគ្នានេះមួយផ្សេងទៀត នៅក្នុងខែកក្កដានេះ។មួយថ្ងៃមុននេះ កូរ៉េខាងត្បូងបានរាយការណ៍ពីការបាញ់មីស៊ីលផ្លោងពីរគ្រាប់ដោយកូរ៉េខាងជើង ហើយបាននិយាយថា គ្រាប់ទីពីរទំនងជាបរាជ័យបន្ទាប់ពីការបាញ់បង្ហោះភ្លាមៗ ដោយបានផ្ទុះពេលកំពុងហោះហើរ។យ៉ាងណា ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើងមួយនេះ ពុំបាននិយាយអំពីមីស៊ីលទីពីរនោះទេ៕

តុលាការកំពូលសម្រេចថាលោក Trump ត្រូវបានការពារពីការប្តឹងផ្តល់ឡើងតុលាការចំពោះទង្វើផ្លូវការរបស់លោក

2024/07/02 04:09:52 pm        150
តុលាការកំពូលកាលពីថ្ងៃចន្ទបានផ្តល់ឲ្យលោក Trump ដែលជាអតីតប្រធានាធិបតី ឬ អាចជាប្រធានាធិបតីនាពេលអនាគតដ៏ខ្លី នូវខែលអភ័យឯកសិទ្ធិទូលំទូលាយរួចផុតពីការចោទប្រកាន់ព្រហ្មទណ្ឌ។ នៅក្នុងការបោះឆ្នោតគាំទ្រ ៦ទល់នឹង៣សំឡេង ចៅក្រមនៃតុលាការកំពូលបានគាំទ្រការអះអាងរបស់លោក Trump ដែលថារូបលោកមិនអាចត្រូវបានកាត់ទោសចំពោះសកម្មភាពផ្លូវការដែលលោកបានធ្វើអំឡុងកាន់តំណែងនៅក្នុងសេតវិមាននោះទេ។ក្រោយការចេញសេចក្ដីសម្រេច ពីតុលាការកំពូល លោក Trump បានអបអរសាទរដោយហៅថាជាជ័យជម្នះដ៏ធំសម្រាប់លទ្ធិប្រជាធិបតេយ្យ ។ ក្រុមអ្នកអភិរក្សទាំង៦ បានសម្រេចថាប្រធានាធិបតី និងអតីតប្រធានាធិបតីគ្រប់រូប មានអភ័យឯកសិទ្ធិទាំងស្រុងសម្រាប់ការអនុវត្តអំណាចស្នូលនៃរដ្ឋធម្មនុញ្ញរបស់ខ្លួន រួមទាំងការដើរតួជាអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និងបានសន្មតអភ័យឯកសិទ្ធិសម្រាប់សកម្មភាពផ្លូវការរបស់ពួកគេ។ចៅក្រមតុលាការកំពូលសេរីទាំងបីបានជំទាស់ ដោយចាត់ទុកការសម្រេចចិត្តនេះថាជាការពង្រីកអំណាចប្រធានាធិបតីយ៉ាងធ្ងន់ធ្ងរ និងគ្រោះថ្នាក់ ដែលដាក់ឱ្យប្រធានប្រតិបត្តិរបស់ប្រទេសនេះនៅពីលើច្បាប់។ចៅក្រមទាំង៣ខាងលើ បានជំទាស់ចំពោះទស្សនៈរបស់តុលាការកំពូលអាមេរិក ដែលបានផ្ដល់អភ័យឯកសិទ្ធិដោយផ្នែកលើលោក Donald Trump រួចពីការកាត់ទោស ដោយព្រមានថា ទង្វើនេះនឹងបើកដៃឲ្យអំណាចប្រធានាធិបតីត្រូវបានប្រើប្រាស់សម្រាប់ប្រព្រឹត្តិសកម្មភាពគួរឲ្យស្អប់ខ្ពើម៕

លោក Netanyahu៖ អ៊ីស្រាអែល ស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការកម្ចាត់ក្រុមហាម៉ាស នៅហ្កាហ្សា

2024/07/02 03:05:38 pm        185
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃចន្ទ (០១ កក្កដា) ថា ប្រទេសរបស់លោកស្ថិតក្នុង «ដំណាក់កាលចុងក្រោយ» នៃការលុបបំបាត់កងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។យោងតាមសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្រ្តីបានឱ្យដឹងថា លោក ណេតាន់យ៉ាហ៊ូ បាននិយាយក្នុងអំឡុងពេលជួបជាមួយកម្មាភិបាលមកពីមហាវិទ្យាល័យសន្តិសុខជាតិរបស់អ៊ីស្រាអែលថា៖ «យើងកំពុងឆ្ពោះទៅរកប្រតិបត្តិការបញ្ចប់នៃការលុបបំបាត់ក្រុមហាម៉ាស»។យោងតាមការិយាល័យនោះ ការប៉ាន់ប្រមាណរបស់លោក ណេតាន់យ៉ាហ៊ូ បានកើតឡើងមួយថ្ងៃបន្ទាប់ពីលោកបានទៅពិនិត្យអង្គភាពតំបន់ហ្កាហ្សា និងបានបើកកិច្ចប្រជុំវាយតម្លៃសន្តិសុខជាមួយនឹងរដ្ឋមន្ត្រីការពារជាតិ លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) និងមេបញ្ជាការជាន់ខ្ពស់របស់កងទ័ព ស្តីពីការវាយលុករយៈពេលប្រាំបួនខែរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា «ដោយសង្កត់ធ្ងន់ទៅលើការប្រយុទ្ធគ្នានៅក្រុងរ៉ាហ្វា (Rafah) ដូចជា ក៏ដូចជាការបន្តដាក់សម្ពាធយោធាលើក្រុមហាម៉ាស»។នៅថ្ងៃចន្ទនោះផងដែរ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាឱ្យមានការជម្លៀសជនស៊ីវិលយ៉ាងច្រើនចេញពីក្រុង ខាន់យូនីស (Khan Younis) ភាគខាងកើត ដែលជាសញ្ញាថាកងកម្លាំងជើងគោកអាចនឹងបន្តការវាយលុករបស់ពួកគេឡើងវិញនៅក្នុងទីក្រុងហ្កាហ្សា ភាគខាងត្បូង ដោយសន្មតថាអាចនឹងប្រយុទ្ធជាមួយកងកម្លាំងហាម៉ាស ដែលបានប្រមូលផ្តុំឡើងវិញនៅក្នុងតំបន់នោះ។ អ៊ីស្រាអែល បានបញ្ចប់ការវាយប្រហារទ្រង់ទ្រាយធំនៅក្រុង ខាន់យូនីស នៅដើមខែមេសា ហើយបន្ទាប់មកបានដកទ័ពភាគច្រើនចេញពីទីនោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ចំនួន ៥រូប ដែលស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល…!!
11/10/2026 11:11 PM
កាតាបញ្ជាក់​ថា អាមេរិក និង​អ៊ីរ៉ង់ ផ្ដល់​ការ​ឆ្លើយ​តប​វិជ្ជមាន​ ចំពោះកិច្ចប្រឹងប្រែង​សម្រប​សម្រួល​
11/10/2026 07:11 PM
ប៉ាគីស្ថានបង្កើនវិធានការបង្ក្រាបការបំភាយឧស្ម័នពុលរបស់រថយន្ត ខណៈផ្សែងអ័ព្ទកាន់តែធ្ងន់ធ្ងរនៅទីក្រុង Lahore
11/10/2026 07:11 PM
ប៉ាគីស្ថាន៖ ការដុត​កាំជ្រួចភ្ញី ក្នុងពិធីបុណ្យ Diwali របស់ឥណ្ឌា បង្ក​ឱ្យមាន​​ខ្យល់ពុល នៅ​ទី​ក្រុង Lahore
11/10/2026 07:11 PM
សិស្សានុសិស្ស នៅបារាំង បិទសាលារៀនរាប់សិបកន្លែង ដើម្បី​បន្ត​ដាក់សម្ពាធ​រដ្ឋាភិបាល​​
11/10/2026 07:11 PM
ផ្លូវជនបទកំពុងផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ តាមរយៈការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច
11/10/2026 07:11 PM
ការវាយប្រហាររុស្ស៊ីលើទីក្រុង Odesa របស់អ៊ុយក្រែន សម្លាប់មនុស្ស ៣នាក់ និងមនុស្សម្នាក់រងរបួស
11/10/2026 06:11 PM
ម៉ិកស៊ិកចាប់ខ្លួនមេខ្លោងគ្រឿងញៀន ក្នុងប្រតិបត្តិការដោយមានជំនួយពីចារកម្មអាមេរិក
11/10/2026 06:11 PM
រដ្ឋមន្រ្តីការបរទេសបារាំងជួបសមភាគីមកពីអ៊ីតាលី កូរ៉េខាងត្បូង ប្រេស៊ីល និងអារ៉ាប៊ីសាអ៊ូឌីត
11/10/2026 06:11 PM
នាយករដ្ឋមន្ត្រី៖ ហុងគ្រីឃាត់ខ្លួនប្អូនប្រុសរបស់លោក Viktor Orban ពាក់ព័ន្ធ​សំណុំរឿងជួញដូរមនុស្ស
11/10/2026 06:11 PM