BREAKING NEWS | កម្ពុជា និងថៃឯកភាពឈប់បាញ់គ្នា និងត្រលប់ទៅអនុវត្តបទឈប់បាញ់តាមរយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិក
តម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
វេទិកានយោបាយអាស៊ី-អឺរ៉ុប ស្នើឱ្យភាគីជម្លោះគោរពចំពោះកិច្ចព្រមព្រៀងសន្តិភាពនានា និង​ធម្មនុញ្ញ UN
ក្រសួងរៀងចំដែនដី នឹងបង្កើតសួនបន្ថែមក្នុងទីក្រុង ឆ្លើយតបនឹងកំណើនពលរដ្ឋក្នុងទីក្រុង

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រសួងបរិស្ថានសហការជាមួយអាជ្ញាធរខេត្តព្រះវិហារ ប្រារព្ធទិវាជីវៈចម្រុះអន្តរជាតិឆ្នាំ២០២៤

2024/05/27 04:11:00 pm        339
ព្រះវិហារ៖ ក្រសួងបរិស្ថាន សហការជាមួយជាមួយអាជ្ញាធរខេត្តព្រះវិហារ បានរៀបចំ «ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ប្រចាំឆ្នាំ២០២៤» ក្រោមប្រធានបទ «រួមគ្នាអនុវត្តផែនការជីវៈចម្រុះ-BE PART OF THE PLAN» នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមវត្តមានឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព, ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ រួមជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គការដៃគូ ភ្ញៀវជាតិ-អន្តរជាតិ ប្រជាសហគមន៍ លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្សជាច្រើនកុះករ នៅវិទ្យាល័យស្រយ៉ង់ ខេត្តព្រះវិហារ។ព្រឹត្តិការណ៍ «ទិវាជីវៈចម្រុះអន្តរជាតិ២២ ឧសភា» ធ្វើឡើងក្នុងគោលបំណង​បញ្រ្ជាប និងបង្កើនការ​យល់ដឹង​ជាសាធារណៈនៃតម្លៃធនធានជីវៈចម្រុះ និងសារៈប្រយោជន៍របស់ជីវៈចម្រុះ រួមទាំងប្រព័ន្ធ​អេកូឡូស៊ី សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ សង្គម និងសុខមាលភាពមនុស្ស ក៏ដូចជាការលើក​ទឹកចិត្ត និងជំរុញឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ​ទាំងអស់ក្នុង​សកម្មភាពអភិរក្ស និង​សកម្មភាពគ្រប់គ្រងធនធានជីវៈចម្រុះឱ្យមាននិរន្តរភាពដែលកំពុង​គាំទ្រ​ដល់ការ​អនុវត្តផែនការជីវៈចម្រុះ ដើម្បីបញ្ឈប់ ​និងបញ្ចៀសការបាត់បង់ជីវៈចម្រុះ និងស្របនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨។ឯកឧត្តម ជួប ប៉ារីស៍ បានឱ្យដឹងថា ការប្រារព្ធទិវានេះគឺជាលើកទី១០ ហើយ ដែលក្រសួងបរិស្ថាន បានរៀបចំទិវាជីវៈចម្រុះអន្តរជាតិនេះ​ ឡើងក្នុងគោលបំណង ​ដើម្បីលើកកម្ពស់ការចូលរួម និងផ្សព្វផ្សាយ​ដល់សាធារណជនអំពីតម្លៃនៃជីវៈចម្រុះ និងកិច្ចខិតខំប្រឹងប្រែងថែរក្សាការពារ និងប្រើប្រាស់ជីវៈចម្រុះប្រកប​ដោយនិរន្តរភាព ដើម្បីឈានឆ្ពោះទៅសម្រេចបានការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ហើយឆ្នាំនេះក៏មានការចែកកូនឈើដល់សហគមន៍ ​និងដាំកូនឈើដើម្បី​ចូលរួម​ចំណែក​ក្នុងការសម្រេចបាននូវគម្របព្រៃឈើចំនួន ៦០% នៃផ្ទៃប្រទេស និងប្រែក្លាយកម្ពុជា​ជាប្រទេស​អព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០ផងដែរ។ ឯកឧត្តម បានបន្ថែមថាបានបញ្ជាក់ថា ការប្រារព្ធ «ទិវាជីវៈចម្រុះអន្តរជាតិប្រចាំឆ្នាំ២០២៤» នាពេលនេះ ​ក៏ជាការបង្ហាញអំពីសុឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងគោល​នយោបាយរបស់ក្រសួងបរិស្ថាន ក្នុងការចូលរួមចំណែកយ៉ាងសកម្មលើការគ្រប់គ្រង​ធនធាន​ជីវៈចម្រុះ​នៅឆាកអន្តរជាតិ ដែលតែងតែខិតខំ​ប្រឹងប្រែងក្នុងការអនុវត្តអនុសញ្ញា​សហប្រជាជាតិ​ស្តីពីជីវៈចម្រុះ ក្នុងនាមជាស្ថាប័នបង្គោលផងដែរ។ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា នៅថ្ងៃទី១០ ដល់១៦ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ ក្រសួងបរិស្ថាននឹងរៀបចំពិព័រណ៍កូនឈើ ក្រោមប្រធានបទ «ពន្លកបៃតង» ដែលនឹងមានការចែក​កូនឈើដោយឥតគិតថ្លៃជូនដល់សាធារណជននៅមុខទីស្តីការក្រសួងបរិស្ថានផងដែរ។ បើតាមឯកឧត្តម គឹម រិទ្ធី បានថ្លែងថា ការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់​ក្រសួងបរិស្ថាន អាជ្ញាធរថ្នាក់ក្រោមជាតិ ខេត្តព្រះវិហារ ដែលមានមន្ទីរបរិស្ថានជាសេនាធិការ​ផ្នែកបរិស្ថាន ធនធានធម្មជាតិ និងជីវៈចម្រុះ​ បាននិងកំពុងអនុវត្តការងារបរិស្ថានយ៉ាងសកម្ម មានដូចជាការពង្រឹងការអនុវត្តច្បាប់ ១០០% ចំពោះបទល្មើសធនធានធម្មជាតិការសហការ​គ្រប់គ្រងឱ្យ​មានប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិ ការកំណត់តំបន់គ្រប់គ្រង ការទប់ស្កាត់​បទល្មើសការល្បាត ការសម្របសម្រួលលើការអនុវត្តការងារ។ល។ នៅក្នុង​ពិធីអបអរ​សាទរ «ទិវាជីវៈចម្រុះអន្តរជាតិ២២ឧសភា» អ្នកចូលរួមទាំងអស់បានប្តេជ្ញាចិត្ត​ក្នុងយុទ្ធនាការ «ថ្ងៃនេះ​ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ​និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ បន្ថែមពីនេះ ចូលរួមបាននាំគ្នាដាំដើមឈើជានិមិត្តរូបផងដែរ៕

លោក Macron ធ្វើទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងនៅអាល្លឺម៉ង់ ក្នុងនាមប្រធានាធិបតីបារាំង ក្នុងរយៈពេល ២៤ឆ្នាំ

2024/05/27 03:03:38 pm        111
ប្រធានាធិបតីលោក Emmanuel Macron កាលពីថ្ងៃអាទិត្យ (ទី២៦ ខែឧសភា) បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងទៅកាន់ប្រទេសអាល្លឺម៉ង់ ក្នុងឋានៈជាប្រមុខរដ្ឋបារាំង ក្នុងរយៈពេល ២៤ឆ្នាំ ដោយនេះជាដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ដែលចង់គូសបញ្ជាក់ពីទំនាក់ទំនងដ៏រឹងមាំ រវាងប្រទេសមហាអំណាចឈានមុខបែបប្រពៃណីរបស់សហភាពអឺរ៉ុប (EU)។ដំណើរទស្សនកិច្ចនេះដើមឡើយ មានបំណងធ្វើឡើងកាលពីខែកក្កដាឆ្នាំមុន ប៉ុន្តែត្រូវបានពន្យារពេលនៅនាទីចុងក្រោយ ដោយសារមានកុបកម្មនៅប្រទេសបារាំង បន្ទាប់ពីយុវជនអាយុ ១៧ឆ្នាំម្នាក់ ត្រូវបានសម្លាប់ដោយនគរបាល។ទោះបីជាលោក Macron គឺជាអ្នកធ្វើទស្សនកិច្ចទៅកាន់អាល្លឺម៉ង់ជាញឹកញាប់ ខណៈដែលទីក្រុងប៉ារីស និងប៊ែរឡាំង ព្យាយាមសម្របសម្រួលតួនាទីរបស់ពួកគេ ជុំវិញគោលនយោបាយ EU និងការបរទេសក៏ដោយ ក៏នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង ជាមួយនឹងទិដ្ឋភាពពេញលេញ គិតចាប់តាំងពីលោក Jacques Chirac ធ្វើដំណើរទៅនៅឆ្នាំ២០០០។ លោគ Macron និងភរិយារបស់លោក គឺលោកស្រី Brigitte ត្រូវបានធ្វើស្វាគមន៍ដោយប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier។លោក Steinmeier បាននិយាយថា នេះគឺជា «ភស្តុតាងនៃមិត្តភាពដ៏មានជម្រៅ រវាងប្រទេសបារាំង និងអាល្លឺម៉ង់» ដែលលោក Macron កំពុងធ្វើទស្សនកិច្ច ខណៈដែលប្រទេសអាល្លឺម៉ង់ប្រារព្ធខួបលើកទី៧៥ នៃរដ្ឋធម្មនុញ្ញ ក្រោយសង្គ្រាមលោកលើកទី២ និងមុនពេលប្រទេសនេះប្រារព្ធខួបលើកទី៣៥ នៃការដួលរលំជញ្ជាំងប៊ែរឡាំង ក្នុងខែវិច្ឆិកា។អាល្លឺម៉ង់ និងបារាំង ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតរបស់ EU ត្រូវបានគេមើលឃើញថា ជាក្បាលម៉ាស៊ីននៃសមាហរណកម្មអឺរ៉ុប តាំងពីយូរយារណាស់មកហើយ ទោះបីជាជារឿយៗ មានការខ្វែងគំនិតគ្នានៅក្នុងគោលនយោបាយ និងការលើកពីសារៈសំខាន់លើបញ្ហាជាច្រើន រវាងប្រទេសជិតខាងទាំង២ ក៏ដោយ៕

លោក Trump ត្រូវបានហ៊ោចំអក និងប្រមាថដោយហ្វូងមនុស្សដ៏ច្របូកច្របល់ នៅឯសន្និបាតសេរីនិយម

2024/05/27 03:00:17 pm        117
បេក្ខជនប្រជែងតំណែងប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានអ្នកចូលរួមដ៏ច្របូកច្របល់ជាច្រើនស្រែកហ៊ោចំអក និងប្រមាថ នៅឯសន្និបាតជាតិសេរីនិយម (Libertarian National Convention) កាលពីយប់ថ្ងៃសៅរ៍ (ទី២៥ ខែឧសភា) ដែលជាការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ពីការសរសើរដែលលោកទទួលបាននៅក្នុងការប្រមូលផ្តុំពីអ្នកគាំទ្រដ៏ស្មោះត្រង់ឥតងាករេរបស់លោក។អ្នកសេរីនិយម ដែលជឿជាក់លើសេរីភាពរបស់រដ្ឋាភិបាល និងបុគ្គល ដែលមានកម្រិត បានបន្ទោសលោក Trump របស់គណបក្សសាធារណរដ្ឋ ចំពោះការប្រញាប់ប្រញាល់បង្កើតវ៉ាក់សាំងទប់ស្កាត់ជំងឺកូវីដ-១៩ នៅពេលដែលលោកកាន់តំណែងជាប្រធានាធិបតី និងចំពោះការមិនធ្វើបន្ថែមទៀត ដើម្បីបញ្ឈប់ការរឹតបន្តឹងសុខភាពសាធារណៈលើអ្នកមិនបានចាក់វ៉ាក់សាំង អំឡុងពេលមានជំងឺរាតត្បាតនេះ។ ហ្វូងមនុស្សមួយផ្នែកតូច ដែលជាអ្នកគាំទ្ររបស់ Trump បានអបអរសាទរលោក។លោក Trump ដែលអង្គុយកៅអីសេតវិមាន ចន្លោះឆ្នាំ២០១៧ និងឆ្នាំ២០២១ បានបរិហាររដ្ឋបាលរបស់ប្រធានាធិបតីលោក Joe Biden ដែលជាគូប្រជែងរបស់លោកនៅក្នុងការជួបគ្នាជាថ្មីម្ដងទៀតនៃការបោះឆ្នោត នាថ្ងៃទី៥ ខែវិច្ឆិកា និងសមាជិកនៃគណបក្សប្រជាធិបតេយ្យរបស់លោក Biden ថា ជាផ្នែកមួយនៃ «ការកើនឡើងនៃពួកហ្វាស៊ីសឆ្វេងនិយម«។ជាមួយគ្នានេះ លោក Trump កំពុងព្យាយាមបញ្ចុះបញ្ចូលអ្នកសេរីនិយម ដែលមានលក្ខណៈរួមដូចគ្នានឹងគោលជំហរនយោបាយរបស់គណបក្សសាធារណរដ្ឋជាងគណបក្សប្រជាធិបតេយ្យ ជុំវិញបញ្ហានានា ក្នុងនោះរួមទាំងពន្ធ និងទំហំនៃរដ្ឋាភិបាល នៅក្នុងអ្វីដែលគេរំពឹងថា នឹងមានការបោះឆ្នោតដ៏តានតឹងបំផុតមួយ៕

ឆ្មាំសមុទ្រជប៉ុន៖ កូរ៉េខាងជើងគ្រោងបាញ់បង្ហោះរ៉ុក្កែតផ្កាយរណប ចន្លោះថ្ងៃទី២៧ ខែឧសភា និងថ្ងៃទី៤ ខែមិថុនា

2024/05/27 02:53:39 pm        135
ឆ្មាំសមុទ្រជប៉ុន នៅថ្ងៃចន្ទ (ទី២៧ ខែឧសភា) នេះ បានប្រាប់ឲ្យដឹងថា កូរ៉េខាងជើងបានជូនដំណឹងដល់ប្រទេសជប៉ុនអំពីគម្រោងផែនការរបស់ខ្លួន ក្នុងការបាញ់បង្ហោះរ៉ុក្កែតដឹកផ្កាយរណបអវកាសឆ្ពោះទៅសមុទ្រលឿង និងភាគខាងកើតនៃកោះ Luzon ចន្លោះថ្ងៃទី២៧ ខែឧសភា និងថ្ងៃទី៤ ខែមិថុនា។ការជូនដំណឹងនេះធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលត្រីភាគី រវាងជប៉ុន កូរ៉េខាងត្បូង និងចិន ដែលគ្រោងនឹងធ្វើនៅយប់ថ្ងៃទី២៧ ខែឧសភានេះ។គួរបញ្ជាក់ថា ក្រសួងការបរទេសជប៉ុនបានប្រាប់ថា មន្ត្រីមកពីសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានពិភាក្សាគ្នាតាមទូរសព្ទ ជាការឆ្លើយតបទៅនឹងការជូនដំណឹងនេះ ហើយបានចែករំលែកទស្សនៈថា ការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើងដោយប្រើបច្ចេកវិទ្យាមីស៊ីលបាលីស្ទិក នឹងបំពានលើសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ។តាមរយៈសារអេឡិកត្រូនិក (អ៊ីម៉ែល) ក្រសួងបានឲ្យដឹងថា ក្រុមមន្ត្រីបានព្រមព្រៀងគ្នាទាមទារឲ្យកូរ៉េខាងជើងលុបចោលការបាញ់បង្ហោះដែលបានគ្រោងទុកនេះ៕

ឯកឧត្តម Wang Wentian បង្ហាញមោទនភាពបានធ្វើជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា និងបានចូលរួមលើកកម្ពស់ទំនាក់ទំនងចិន-កម្ពុជា

2024/05/27 02:41:44 pm        89
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា។ជាកិច្ចចាប់ផ្តើមសម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវក្ដីរីករាយដែលបានជួបឯកឧត្តម ឯកអគ្គរដ្ឋទូត ប៉ុន្តែក៏មានអារម្មណ៍សោកស្តាយ ដោយឯកឧត្តមចប់បេសកកម្ម និងត្រូវចាកចេញពីកម្ពុជា។សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-ចិន ក្នុងពេលកាន់តំណែងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជាជិត៦ឆ្នាំ ដែលជាអំឡុងពេលរវល់ខ្លាំង និងបានធ្វើកិច្ចការរួមគ្នាជាច្រើនប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ ​ជាពិសេស នៅក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ ដែលសម្តេច បានធ្វើការយ៉ាងស្អិតរមួតជាមួយគ្នាក្នុងការខិតខំ​ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងនេះ ។ឯកឧត្តម Wang Wentian បានលើកឡើងថា ឯកឧត្តមពិតជាសោកស្តាយដែលត្រូវមកជម្រាបលា សម្តេច និងសូមថ្លែងអំណរគុណដែលសម្តេច ឆ្លៀតពេលដ៏មមាញឹកទទួលជួបឯកឧត្តមនៅថ្ងៃនេះ។ ឯកឧត្តមសង្កត់ បញ្ជាក់ថា ចិន និងកម្ពុជា គឺជាមិត្តប្រពៃណី និងមិត្តដែកថែប។ ឯកឧត្តម មានកិត្តិយសបំផុត ក្នុងជីវិតរបស់ឯកឧត្តម ដែលបានធ្វើជា ឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា និងត្រូវ​បានផ្តល់ឱកាសឱ្យចូលរួមលើកកម្ពស់ទំនាក់ទំនង ចិន-កម្ពុជា និងចូលរួមព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា។ ឯកឧត្តមមានការពេញចិត្តបំផុតដែលបានធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​របស់សម្តេចតេជោ ក្នុងនីតិកាលទី៦ និងក្រោមការដឹកនាំរបស់សម្តេចធិបតី ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលបាននាំមកនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង​សុខុមាលភាព​ជូនប្រជាជនកម្ពុជា។ ឯកឧត្តម បានអបអរសារកម្ពុជា ដែលមានការផ្ទេរអំណាចដោយរលូនដល់ថ្នាក់ដឹកនាំជំនាន់ក្រោយ និងអបអរសាទរសម្តេច ​ដែលបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម​ មានមោទកភាពបំផុត ដែលនៅឆ្នាំ២០១៩​ ចិន និងកម្ពុជា​ បានចុះហត្ថលេខា មុនគេបង្អស់ លើអនុស្សរណយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងជាឯកច្ឆន្ទក្នុងការកសាងសហគមន៍ជោគវាសនា​រួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ។ ឯកឧត្តម ចាត់ទុកថាទំនងចិន-កម្ពុជា គឺជាគម្រូនៃទំនាក់ទំនងអន្តរជាតិបែបថ្មី ។ ចិនចាត់ទុកកម្ពុជា ជាប្រទេសអាទិភាព ក៏បានប្តេជ្ញាសហការក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងខិតខំជំរុញច្រករបៀងមច្ឆា និងអង្ករ ឧស្សាហកម្ម និងបច្ចេកវិទ្យា ឱ្យមានការរីកចម្រើនដើម្បីផលប្រយោជន៍ទៅវិញទៅមក។ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ចិន និងកម្ពុជា បានសហការប្រែក្លាយក្រុងព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងកសាងហេដ្ឋរចនាសម្ព័ន្ធជាច្រើន ជាពិសេស តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ពហុកីឡាដ្ឋានមរតតេជោ ... ។ល។ ជាលទ្ធផលនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចិន-កម្ពុជា ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងសន្ធឹកសន្ធាប់។ឯកឧត្តម ក៏បានរំលឹកផងដែរអំពីភាពជោគជ័យរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ជាប្រធានអាស៊ាន និង ការរៀបចំការប្រកួតកីឡា ស៊ីហ្គេម ដែលបានលើកកម្ពស់កម្ពុជា​នៅក្នុង​ឆាកអន្តរជាតិ ព្រមទាំង ភាពជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយមានការចូលរួមចំណែករបស់ប្រទេសនិងប្រជាជនចិន។ នេះគឺសក្ខីភាព​បញ្ជាក់ពីការរួមសុខ​រួមទុក្ខរបស់ចិន ជាមួយកម្ពុជា។ ឯកឧត្តម បានថ្លែងអំណរគុណសម្តេច និងរាជរដ្ឋាភិបាលកម្ពុជាដែលរក្សា​ជំហរយុត្តិធម៌ស្តីពី​សមុទ្រចិន​ខាងត្បូង បញ្ហាកោះតៃវ៉ាន់ និងតំបន់ស៊ីងជាំង សំដៅការពារផលប្រយោជន៍ចិន-កម្ពុជា និងផលប្រយោជន៍អាស៊ាន-ចិន។ ស្ថានការណ៍ពិភពលោកប្រែប្រួល​ ទំនាក់ទំនងចិន-កម្ពុជា មិន​ប្រែប្រួលទេ ។ ឯកឧត្តម បានលើកឡើងថា ប្រជាជនចិននឹងមានក្តីរំភើបទទួលទស្សនកិច្ចរបស់​សម្តេច តេជោ នៅប្រទេសចិននាពេលខាងមុខ ។ ជាការឆ្លើយតប សម្ដេចតេជោ បានអរគុណចំពោះ ឯកឧត្តម Wang Wentian ដែលបានពាំនាំនូវ​ការផ្ដើមផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង និង​ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង។ សម្តេច​ បានមានប្រសាសន៍ថា ការបែកគ្នា គឺជាពេលដែល​ពិបាក ក៏ប៉ុន្តែ គឺជាកាតព្វកិច្ចការទូតដែលចៀសមិនផុត។សម្ដេចតេជោ បានគូសបញ្ជាក់ថា ​ទំនាក់ទំនងកម្ពុជា-ចិន ដែលជាទំនាក់ទំនងប្រវត្តិសាស្ត្រ​យូរអង្វែង បានរីកចម្រើនរហូតដល់កម្រិតដែលមិនអាចបំបែកបាន។ ទំនាក់ទំនងនេះ ស័ក្តិសម​នឹងគុណតម្លៃនៃការជឿទុកចិត្តគ្នា ជាពិសេសទំនុកចិត្តខាងនយោបាយ ។ ​ ជំនួយរបស់ប្រទេសចិន ដល់ប្រទេសកម្ពុជា​ មិនត្រឹមតែជួយអភិវឌុ្ឍន៍​សង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំង ជួយពង្រឹង​ឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាទៀតផង។ សម្ដេចបានបញ្ជាក់សាជាថ្មីថា ទោះមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីនៅកម្ពុជា​ក៏ដោយ ក៏ពុំមានការផ្លាស់ប្ដូរគោលជំហរក្នុងទំនាក់ទំនង​កម្ពុជាជាមួយចិននោះឡើយ និង ជូនពរមិត្តភាព កម្ពុជា-ចិន​ ស្ថិតស្ថេរជាអមតៈ ។ ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ១៩ សម្ដេចតេជោ បានសម្ដែងនូវការអរគុណ​ចំពោះមិត្តចិន ដែលធ្វើឱ្យកម្ពុជាអាចទប់ទល់នឹងជំងឺនេះបានប្រកប​ដោយភាពជោគជ័យ។ សម្ដេចតេជោ ក៏បានកោតសរសើរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានជួយដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ កន្លងទៅនេះ។ ជាចុងក្រោយសម្ដេចតេជោប្រធានព្រឹទ្ធសភា បានសុំឱ្យ​ឯកឧត្តមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ​ពី​សំណាក់សម្ដេច ទៅកាន់ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង​ ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង និងថ្នាក់ដឹកនាំចិនដទៃទៀត ​និងសូមជូនពរ ឯកឧត្តមឱ្យមានសុខភាពល្អ បន្តនូវភាពជោគជ័យ​ជាបន្តបន្ទាប់ទៀត និងសង្ឃឹមថា ឯកឧត្តមនឹងត្រឡប់មកប្រទេសកម្ពុជា និងមានវត្តមាននៅកម្ពុជា នាពេលខាងមុខ ៕

លោក ពូទីន បង្ហាញសញ្ញាថាខ្លួនបើកចំហចំពោះកិច្ចចរចាសន្តិភាព ប៉ុន្តែអ៊ុយក្រែន ហាក់មិនជឿជាក់

2024/05/27 11:26:09 am        242
ការផ្តល់សញ្ញារបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅសប្តាហ៍នេះ ដែលថាលោកបើកចំហចំពោះកិច្ចចរចាសន្តិភាព ត្រូវបានមើលដោយមានការព្រមានដ៏ច្រើនលើសលុប និងការថ្លឹងថ្លែងនៃបទពិសោធន៍អតីតកាលរបស់អ៊ុយក្រែន និងលោកខាងលិចនៃទំនាក់ទំនងការទូតរុស្ស៊ី ខណៈអ៊ុយក្រែន ហាក់ស្ទាក់ស្ទើមិនទុកចិត្តចំពោះសញ្ញាសន្តិភាពមួយនោះ។ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានដកស្រង់ប្រភពចំនួនបួន នៅក្នុងរបាយការណ៍មួយពីអ្នកយកព័ត៌មានរុស្ស៊ីថា ទីក្រុងមូស្គូ មានឆន្ទៈពិចារណាលើការចរចាសន្តិភាព ដែលនឹងបញ្ឈប់សង្រ្គាមត្រឹមទឹកដីកាន់កាប់របស់រុស្ស៊ី បច្ចុប្បន្នប្រហែលមួយភាគប្រាំនៃប្រទេសអ៊ុយក្រែន។លោក ពូទីន បានឆ្លើយតបទៅនឹងរបាយការណ៍នោះដោយលើកឡើងថា រុស្ស៊ីមានឆន្ទៈក្នុងការពិភាក្សាសន្តិភាពដោយផ្អែកលើកិច្ចព្រមព្រៀងពីមុន។ លោកបានសំដៅដល់កិច្ចព្រមព្រៀងមួយនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល បន្ទាប់ពីសង្រ្គាមបានចាប់ផ្តើមនៅឆ្នាំ២០២២ ដែលបានបរាជ័យ ដោយសារតែកងកម្លាំងរបស់ទីក្រុងមូស្គូ នៅតែវាយលុកពាសពេញទឹកដីអ៊ុយក្រែន ហើយការសម្លាប់រង្គាលនៅជុំវិញទីក្រុងគីវ ត្រូវបានលាតត្រដាង។លោក ពូទីន បានចោទសួរពីភាពស្របច្បាប់របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelensky) ដែលទីក្រុងមូស្គូ បានរិះគន់ម្តងហើយម្តងទៀត បន្ទាប់ពីទីក្រុងគីវ ពន្យាពេលការបោះឆ្នោត ដោយសារតែសង្គ្រាម។ គោលដៅដ៏មហិមារបស់វិមានក្រឹមឡាំង នៅអ៊ុយក្រែន គឺចង់ឱ្យទីក្រុងគីវ មានភាពស្មោះត្រង់បញ្ឈប់ដំណើរការរបស់ប្រទេសនេះឆ្ពោះទៅកាន់សមាជិកភាពសហភាពអឺរ៉ុប និងការចូលរួមក្នុងសម្ព័ន្ធយោធាណាតូ៕

អ្នកគាំទ្រគណបក្សប្រឆាំងអាហ្វ្រិកខាងត្បូង បង្ហាញក្តីសង្ឃឹមសម្រាប់ការផ្លាស់ប្តូរ នៅក្នុងការជួបជុំមួយ

2024/05/27 11:12:43 am        150
គណបក្សប្រឆាំងធំរបស់ប្រទេសអាហ្រ្វិកខាងត្បូង គឺគណបក្សសម្ព័ន្ធលទ្ធិប្រជាធិបតេយ្យ (DA) បានធ្វើការប្រមូលផ្តុំគ្នាចុងក្រោយរបស់ខ្លួន នៅទីក្រុង Benoni ភាគខាងកើតទីក្រុង ចូហានណេសប៊ឺក(Johannesburg) កាលពីថ្ងៃអាទិត្យ នៅមុនការបោះឆ្នោតសកល។ អ្នកគាំទ្រគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ (DA) បានប្រាប់សារព័ត៌មាន Reuters ថា ពួកគេកំពុងសង្ឃឹមសម្រាប់ការផ្លាស់ប្តូរ។ប្រជាជនអាហ្រ្វិកខាងត្បូង នឹងទៅបោះឆ្នោតនៅថ្ងៃពុធ ទី២៩ ខែឧសភា ដោយមានកំហឹងរាលដាលជុំវិញការកាត់ផ្តាច់ថាមពល ភាពអត់ការងារធ្វើ និងអំពើពុករលួយ ដែលកំពុងគំរាមកំហែងដល់ការបញ្ចប់ការគ្រប់គ្រងរបស់គណបក្ស African National Congress (ANC)រយៈពេល៣០ ឆ្នាំ បន្ទាប់ពី លោក Nelson Mandela បានដឹកនាំគណបក្សនេះ ឡើងកាន់អំណាច។ក្រុមអ្នកវិភាគនិយាយថា វាពិបាកក្នុងការស្រមៃមើលការរៀបចំស្ថិរភាពនៅក្រោមសេណារីយ៉ូនេះ ហើយប្រទេសអាហ្រ្វិកខាងត្បូង អាចនឹងប្រឈមមុខទៅនឹងអំឡុងពេលនៃភាពប្រែប្រួលរបស់រដ្ឋាភិបាលដែលមិនធ្លាប់មានពីមុនមក។ ថ្លែងទៅកាន់ប្រជាជាតិ កាលពីថ្ងៃអាទិត្យ ទី២៦ ខែឧសភា មុនការបោះឆ្នោតសកល ប្រធានាធិបតីដែលកំពុងកាន់អំណាចរបស់អាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa បានបង្ហាញពីការអនុវត្តរបស់លោក នៅក្នុងតំណែង នៅពេលលោក បានចូលកាន់តំណែងនៅក្នុងឆ្នាំ២០១៩ ។នៅក្នុងសុន្ទរកថា លោក Ramaphosa បាននិយាយថតាមទូរទស្សន៍ថា យើងបានដាក់ប្រទេសអាហ្វ្រិកខាងត្បូងលើគន្លងថ្មីនៃការងើបឡើងវិញ និងបានចាក់គ្រឹះដ៏រឹងមាំសម្រាប់ភាពរីកចម្រើននាពេលអនាគត។ លោកនិយាយថា រដ្ឋបាលរបស់លោក មានវិធានការសំខាន់ៗដើម្បីធ្វើកំណែទម្រង់សេដ្ឋកិច្ច ដោយអនុវត្តកំណែទម្រង់ជាច្រើននៅទូទាំងវិស័យផ្សេងៗ ហើយក៏កំពុងដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម និងអំពើពុករលួយផងដែរ។

ប្រធានាធិបតីអ៊ុយក្រែន ជំរុញឱ្យលោក Biden និងលោក Xi ចូលរួមកិច្ចប្រជុំកំពូលសន្តិភាព

2024/05/27 10:40:41 am        113
លោកប្រធានាធិបតី វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) កាលពីថ្ងៃអាទិត្យ (២៦ ឧសភា) បានអំពាវនាវដល់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងមេដឹកនាំចិន លោក ស៊ី ជីនពីង (Xi Jinping) ឱ្យចូលរួមកិច្ចប្រជុំកំពូលសន្តិភាពរបស់ខ្លួន ខណៈអ៊ុយក្រែន កំពុងតស៊ូដើម្បីទប់ទល់នឹងការវាយប្រហារដោយឥតឈប់ឈរដោយរុស្ស៊ី ក្នុងការវាយលុករយៈពេល ២៧ ខែរបស់ខ្លួន។អ៊ុយក្រែន សង្ឃឹមថានឹងធ្វើជាទទួលបណ្ដាប្រទេសឱ្យបានច្រើនតាមដែលអាចធ្វើទៅបាននៅក្នុងកិច្ចពិភាក្សាដឹកនាំដោយទីក្រុងគីវ នៅក្នុងប្រទេសស្វីស នៅខែក្រោយនេះ ក្នុងគោលបំណងបង្រួបបង្រួមមតិជាសកលស្តីពីវិធីបញ្ឈប់សង្រ្គាម និងការដាក់សម្ពាធលើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ដែលមិនត្រូវបានគេអញ្ជើញ។លោក ហ៊្សេឡិនស្គី ក្នុងវីដេអូជាភាសាអង់គ្លេសដែលថតនៅក្នុងទីក្រុង ខាគីវ (Kharkiv) ភាគឦសាន បាននិយាយថា ប្រទេសជាង ៨០ នឹងចូលរួមកិច្ចប្រជុំនេះ ប៉ុន្តែគេមិនច្បាស់ទេថាតើនឹងមានវត្តមានលោក បៃដិន ឬក៏មានទីក្រុងប៉េកាំង ដែលរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងមូស្គូ នឹងចូលរួមដែរឬយ៉ាងណា។មន្ត្រីអាមេរិកម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ប៉ុន្តែបានបដិសេធមិននិយាយថាជាអ្នកណា ឬឋានៈកម្រិតណានោះទេ។ ទីក្រុងគីវ នៅក្នុងផែនការសន្តិភាពរបស់ខ្លួន អំពាវនាវឱ្យមានការដកកងទ័ពរុស្ស៊ីទាំងស្រុង និងការស្ដារឡើងវិញនូវព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរបស់ខ្លួន ដោយនោះជាអ្វីដែលទីក្រុងមូស្គូ ចាត់ទុកថាមិនអាចទៅរួច៕

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបង់ក្លាដែសប្រចាំកម្ពុជាជួប សម្ដែងការគួរសម និងពិភាក្សាការងារ

2024/05/27 10:31:20 am        168
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម ម៉ូហាមេដ អាប់ឌុល ហៃ (Mohammed Abdul Hye) ឯកអគ្គរដ្ឋទូតបង់ក្លាដែស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់៖ សមយុទ្ធកងទ័ពជើងទឹកកម្ពុជា និងចិនមិនមានការគំរាមកំហែងដល់ប្រទេសណាឡើយ

2024/05/27 09:44:07 am        300
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានអះអាងថា សមយុទ្ធកងទ័ពជើងទឹករវាងកម្ពុជា និងចិននាពេលនេះមិនមែនជាការគំរាមកំហែងដល់ប្រទេសណានោះឡើយ ដែលការធ្វើនេះគឺដើម្បីជាការផ្លាស់ប្តូរបទពិសោធន៍ពីរគ្នាទៅវិញទៅមក ក្នុងគោលបំណងបង្កើនសមត្ថភាពកងទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសគឺការប្រយុទ្ធប្រឆាំងភេរវកម្មតាមលំហរសមុទ្រ។ការលើកឡើងរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់នេះ គឺបានធ្វើឡើង ក្នុងពិធីបិទសមយុទ្ធជើងទឹក «នាគមាស-ឆ្នាំ២០២៤» ក្រោយធ្វើសមយុទ្ធរួមគ្នានៅលើលំហរសមុទ្រកម្ពុជារវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹករបស់ចិន អស់រយៈពេល១២ថ្ងៃ ក្រោមប្រធានបទ«ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករដែលចាប់ជំរឹតនាវាដឹកទំនិញ» នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ។នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា«សមយុទ្ធជើងទឹកនាគមាសឆ្នាំ២០២៤នេះ ធ្វើឡើងក្នុងគោលបំណងពង្រីកការទំនាក់ទំនងគ្នា ការពង្រឹងសមត្ថភាពយោធា និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ហើយសមយុទ្ធជើងទឹកនាគមាសឆ្នាំ២០២៤នេះ ដែរមិនមានការគំរាមកំហែងដល់ប្រទេសណាឡើយ»។ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានផ្តល់ការណែនាំមួយចំនួនដល់នាវឹកកម្ពុជា និងចិន ដែលជាសិក្ខាកាមត្រូវបន្តយកចិត្តទុកដាក់សហការគ្នាលើគ្រប់វិស័យ និងផ្លាស់ប្តូរបទ​ពិសោធន៍​ពីរគ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពជំនាញជាពិសេស​បច្ចេកវិទ្យាយោធា​ដែលមានការវិវត្តយ៉ាង លឿននាពេលបច្ចុប្បន្ននេះ។ ត្រូវប្រជុំផ្លាស់ប្តូរបទពិសោធន៍​ក្នុងការធ្វើ​សមយុទ្ធជើងទឹកនាគមាសឆ្នាំ២០២៤លើកទី១នេះ ដើម្បីដកពិសោធន៍ និងដាក់ចេញទិសដៅបន្តទៀត។ និងមួយវិញទៀតត្រូវបន្តលើកកម្ពស់សាមគ្គីភាពមិត្តភាព និងសហប្រតិបត្តិការតាមយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងកងទ័ពទាំងពីរដែលបានដាក់ចេញ ដើម្បីកសាងសហការតែមួយ និងជោគវាសនាតែមួយ។នៅក្នុងឱកាសបិទសមយុទ្ធជើងទឹកនាគមាសឆ្នាំ២០២៤នោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានលើកឡើងផងដែរថា ក្នុងនាមក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងគណៈកម្មការដឹកនាំសមយុទ្ធ និងលំហាត់របស់កងយោធពលខេមរភូមិន្ទ សូមកោតសរសើរ​ចំពោះកងទ័ពទាំងពីរ ដែលចូលរួមធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៤ និងក្រុមការងារដឹកនាំ​សមយុទ្ធរបស់កងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន ដែលបានខិតខំរៀបចំនិងដឹកនាំសមយុទ្ធកងទ័ព​ជើងទឹកនៃប្រទេសទាំងពីររហូតទទួលបានជោគជ័យតាមផែនការ។ នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណនិងកោតសរសើរចំពោះបញ្ជាការដ្ឋានកងទ័ពជើងទឹក បញ្ជាការដ្ឋានការពារកោះឆ្នេរ មូលដ្ឋានសមុទ្ររាម និងនាយនាវី នាយនាវីរង និងពលនាវិកទាំងអស់ ដែលបានខិតខំអនុវត្តតាមតួនាទីភារៈកិច្ចក្នុងពេលសមយុទ្ធនាគមាសឆ្នាំ២០២៤នេះ ដែលធ្វើឲ្យ​សមយុទ្ធជើងទឹកនាគមាសឆ្នាំ២០២៤លើកទី១ ទទួលបានជោគជ័យ និងធានាសុវត្តិភាព។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តព្រះសីហនុ អាជ្ញាធរ​ផែនដីគ្រប់ លំដាប់ថ្នាក់ និងសមត្ថកិច្ចទាំងអស់ដែលបានសហការ និងបង្កលក្ខណៈគ្រប់​បែបយ៉ាង​ដែលធ្វើឲ្យសមយុទ្ធ នាគមាសឆ្នាំ២០២៤ សម្រេចបានជោគជ័យតាមកម្មវិធីផងដែរ៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកស្រី Kallas៖សហភាពអឺរ៉ុប នឹងដាក់នាវាដឹកប្រេងថ្មីចំនួន ៤០គ្រឿង ចូលក្នុងបញ្ជីខ្មៅ ជុំវិញការដឹកប្រេងរបស់រុស្ស៊ី
12/15/2025 06:12 PM
[UPDATE] មនុស្សយ៉ាងហោច៣៧នាក់ស្លាប់ ក្រោយទឹកជំនន់ដ៏គំហុសវាយប្រហារខេត្ត Safi របស់ប្រទេសម៉ារ៉ុក
12/15/2025 06:12 PM
អ៊ីស្រាអែល និងក្រុមហាម៉ាស ដាក់ការស្តីបន្ទោសគ្នា លើការពន្យាពេលដំណាក់កាលទី ២នៃបទឈប់បាញ់តំបន់ហ្កាហ្សា
12/15/2025 06:12 PM
រដ្ឋមន្រ្តីសុខាភិបាល «ការសង្រ្គោះព្យាបាលវីរកងទ័ព គឺជាអាទិភាពខ្ពស់បំផុត ទោះស្ថិតក្នុងស្ថានការណ៍លំបាកយ៉ាងណាក៏ដោយ»
12/15/2025 06:12 PM
មនុស្ស ២នាក់ រងការដេញចាក់នៅមជ្ឈមណ្ឌលកម្សាន្តនៅភាគខាងត្បូងប្រទេសជប៉ុន
12/15/2025 06:12 PM
អ៊ីរ៉ង់និយាយថា ភាគីខ្លះមិនអើពើនឹងការទូតលើបញ្ហានុយក្លេអ៊ែរទេ
12/15/2025 06:12 PM
កាណាដា ស្នើឱ្យអាជ្ញាធរមីនជាអ្នករៀបចំចាត់អាទិភាពលើកិច្ចការសកម្មភាពមីននៅកម្ពុជា និងសម្របសម្រួលជាមួយប្រតិបត្តិករដោះមីនដែលបានដាក់សំណើសុំឱ្យកាណាដាគាំទ្រដល់គម្រោងបោសសម្អាតមីនរបស់ខ្លួន
12/15/2025 06:12 PM
ថៃពង្រីកការឈ្លានពានចូលដល់ទឹកដីខេត្តសៀមរាប និងបង្កើនការបាញ់ប្រហារនៅតំបន់មួយចំនួន
12/15/2025 06:12 PM
ក្រសួងការបរទេស៖ រុស្ស៊ីបញ្ជាក់ពីការគាំទ្ររបស់ខ្លួនចំពោះប្រជាជនវ៉េណេស៊ុយអេឡា និងលោក ម៉ាឌូរ៉ូ
12/15/2025 06:12 PM
ប្រមុខ UN៖ ការវាយប្រហារលើកងរក្សាសន្តិភាពបង់ក្លាដែស នៅស៊ូដង់ភាគខាងត្បូង អាចជាឧក្រិដ្ឋកម្មសង្គ្រាម
12/15/2025 05:12 PM