សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតីឡាវ
កម្ពុជា-សាធារណរដ្ឋម៉ាសេដ្វានខាងជើង ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា

នយោបាយ​ និង ការអភិវឌ្ឍន៍

សមាជិកមូលនិធិត្រីចក្រយានកម្ពុជា ២៩៦នាក់ ទទួលបានអំណោយពី​សមាគម​កាយឫទ្ធិនារីកម្ពុជា

2024/04/06 06:20:40 pm        212
ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ​សមាគម​កាយឫទ្ធិនារី​កម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធាន​ក្រុមប្រឹក្សា​មូល​និធិ​ត្រី​ចក្រ​យាន​កម្ពុជា បានអញ្ជើញសួរសុខទុក្ខ និងប្រគល់អំណោយ​ជូន​សមាជិក​មូលនិធិ​ត្រីចក្រ​យាន​កម្ពុជា​ ចំនួន២៩៦នាក់ នៅក្នុងសាលារាជធានីភ្នំពេញ។ ក្នុងពិធីសំណេះសំណាលជាមួយ សមាជិកមូលនិធិត្រីចក្រយានកម្ពុជា ឯកឧត្តម ឃួង ស្រេង បាន​ថ្លែងថា សមាជិកធាក់ស៊ីក្លូទាំងអស់នៅក្នុងរាជធានីភ្នំពេញ នៅតែបន្ត​យក​ចិត្ត​ទុក​ដាក់​ពី​សមាគម ដោយថ្ងៃនេះបាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគជូនពួកគាត់ ដើម្បីជួយ​សម្រួល​ការ​លំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​នេះ។​ ឯកឧត្តមឱ្យដឹងទៀតថា ការបង្កើតសមាគមនេះ គឺជាផ្នែកមួយដ៏សំខាន់ នៃការ​ចូលរួម​អនុវត្ត​ប្រព័ន្ធគាំពារសង្គម តាមរយៈការជួយសម្រាលទុក្ខលំបាក និងរួម​ចំណែក​គិតគូរ​អំពី​សុខភាព និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូ ឱ្យ​ទទួល​បាន​សេវា​សង្គម​កិច្ច សុខាភិបាល និងការរស់នៅប្រកបដោយភាពថ្លៃថ្នូរ ជាពិសេសរួមគ្នាអភិរក្ស និងអភិវឌ្ឍ មុខរបរធាក់ស៊ីក្លូ ស្របតាមគោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បាន​មាន​ប្រសាសន៍ថា សមាគមកាយឫទ្ធិនារីកម្ពុជា ឈរលើមូលដ្ឋានក្នុងការអភិវឌ្ឍន៍ និងបណ្តុះ​បណ្តាល​យុវតី-យុវនារីកម្ពុជា អោយទទួលបាននូវចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ សម្រា​ប់​ប្រើប្រាស់​ក្នុង​ជីវិតរស់នៅ និងអាច​បំពេញ​ការងារ​ក្នុង​សង្គម​បាន​យ៉ាង​ល្អប្រសើរ​បន្ថែម​ពី​នេះ​សមាគម ក៏មានយន្តការលើកស្ទួយ និងគាំទ្រដល់សកម្មភាព នៃសប្បុរសធម៌​សង្គម​ដទៃ​ផ្សេង​ទៀត​ផង​ដែរ។ ជាក់ស្តែងនៅដើមឆ្នាំ២០២៤នេះ សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀប​ចំ​ឡើង​នូវក​​ម្មវិធីសប្បុរសធម៌នេះ ដើម្បីចែករំលែកក្តីស្រលាញ់ដល់ សមាជិកត្រីចក្រយាននៅកម្ពុជា ក្រោម​ការ​ដឹកនាំនិងចង្អុលបង្ហាញពីថ្នាក់ដឹកនាំ ដោយ​មាន​ការ​សម្រប​សម្រួល​ពី​សាលា​រាជ​ធានី​ភ្នំពេញ​។ អំណោយសម្រាប់ចែកជូនលោកអុំ លោកពូប្រកបរបរធាក់ស៊ីក្លូ ដែលជាសមាជិក សមាគម​មូល​និធិ​ត្រី​ចក្រយានកម្ពុជាចំនួន ២៩៦ នាក់នេះ ដោយក្នុងម្នាក់ៗរួមមាន៖ អង្ករ២៥គីឡូក្រាម, មី២​កេស, ត្រីខ១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកសុទ្ធ១កេស, ភួយ-មុង-ខ្នើយកើយ១ឈុត, ក្រមា១, មួក១, អាវ​យឺត១, អាវក្រណាត់១, ខោ២, ស្បែកជើង១គូ, អាវភ្លៀង១, ដបទឹក១, ច្រាស​និង​ថ្នាំ​ដុស​ធ្មេញ​១​ឈុត, សាប៊ូដុសខ្លួន-កក់សក់១ឈុត, ថ្នាំពេទ្យ TYDA ១ឈុត, អាហារ១ កញ្ចប់ និង​ថវិកា​ចំនួន​៤០​ម៉ឺនរៀលបន្ថែមទៀត។សូមជម្រាបថា លោកតា លោកអ៊ុំ អ្នកធាក់ស៊ីក្លូទាំង២៩៦នាក់នេះ ក៏ទទួលបាន​ប្រាក់​ខែជា​រៀង​រាល់​ខែ ចំនួន២១ម៉ឺនរៀលផងដែរ ដោយក្នុងមួយខែពួកគាត់អាចបើកបានបីដង។ ក្រៅពី​ប្រាក់​ខែ​ក៏​មាន​បាក់​ឧបត្ថម្ភ​បុណ្យចូលឆ្នាំថ្មី៥ម៉ឺនរៀល និងភ្ជុំបិណ្ឌ៥ម៉ឺន រៀលទៀត។ គួរបញ្ជាក់​ថា​មូល​និធិ​នេះ ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រី នៃព្រះ​រាជា​ណា​ចក្រកម្ពុជា សំដៅអភិរក្សស៊ីក្លូ ដែលមានដើម​កំណើតតាំង​ពី​សម័យ​អាណា​និគមនិយមបារាំង៕ អត្ថបទៈ សំ ងីម 

គណបក្សនយោបាយ និងសង្គមស៊ីវិល៖ អង្គការ Human Right Watch ស៊ីឈ្នួលនយោបាយបរទេស មានចរិតលំអៀងទៅរកនិន្នាការប្រឆាំងសុទ្ធសាធ

2024/04/06 04:12:01 pm        354
គណបក្សនយោបាយ សម្ព័ន្ធភាព បណ្តុំសមាគមអង្គការសង្គមស៊ីវិល និងសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ បានប្រតិកម្មតបទៅនឹងអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch ដែលបានប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី៥ របស់កម្ពុជា និងបានហៅអង្គការមួយនេះថា ស៊ីឈ្នួលនយោបាយបរទេសធ្វើសកម្មភាពផ្សព្វផ្សាយ និងវាយតម្លៃពីកម្ពុជា ក្នុងទិដ្ឋភាពតែមួយជ្រុង និងមានចរិតនយោបាយលំអៀងទៅរកនិន្នាការប្រឆាំងសុទ្ធសាធ និងស៊ីឈ្មួលបម្រើនយោបាយបរទេសមាននិន្នាការប្រឆាំង និងបានធ្វើសកម្មភាពជ្រកកោនក្រោមស្លាកសិទ្ធិមនុស្សក្លែងក្លាយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។

អ៊ីរ៉ង់ និងទួរគី បង្ហាញឆន្ទៈពង្រីកកិច្ចសហប្រតិបត្តិការវិស័យថាមពល

2024/04/05 08:25:14 pm        76
ទីភ្នាក់ងារសារព័ត៌មាន Shana ដែលមានទំនាក់ទំនងជាមួយក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ និងទួរគី កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញពីឆន្ទៈក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល ជាពិសេសនៅក្នុងឧស្សាហកម្មឧស្ម័ន។ របាយការណ៍ បាននិយាយថា ក្នុងអំឡុងជំនួបនៅរដ្ឋធានីតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ រដ្ឋមន្ត្រីក្រសួងប្រេងអ៊ីរ៉ង់ លោក ចាវ៉ាដ អូជី(Javad Owji) និងរដ្ឋមន្ត្រីក្រសួងថាមពលនិងធនធានធម្មជាតិប្រទេសទួរគី លោក អាល់ប៉ាស្លាន បាយរ៉ាក់តា(Alparslan Bayraktar) បានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការរវាងទីក្រុង តេអេរ៉ង់ និងទីក្រុងអង់ការ៉ា ក្នុងវិស័យថាមពល និងការជំរុញពាណិជ្ជកម្មទ្វេភាគី។លោក Owji បានបង្ហាញពីការត្រៀមខ្លួនរបស់អ៊ីរ៉ង់ ក្នុងការពង្រីកទំនាក់ទំនងជាមួយប្រទេសទួរគី នៅក្នុងវិស័យឧស្សាហកម្មប្រេង។ កាលពីឆ្នាំ ២០០១ ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចសន្យានាំចេញឧស្ម័នរយៈពេល ២៥ឆ្នាំ ជាមួយប្រទេសជិតខាងភាគពាយ័ព្យរបស់ខ្លួនគឺប្រទេសទួរគី ដែលនឹងផុតកំណត់នៅឆ្នាំ ២០២៦។ នៅខាងក្រៅកិច្ចប្រជុំ លោក Owji បានប្រាប់អ្នកសារព័ត៌មានថា ការចរចាបានចាប់ផ្តើមជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ រវាងក្រុមហ៊ុនឧស្ម័នជាតិប្រទេសអ៊ីរ៉ង់ និងសាជីវកម្មបំពង់បង្ហូរប្រេង BOTAS របស់រដ្ឋប្រទេសទួរគី លើបញ្ហាបច្ចេកទេស ទាក់ទងនឹងការបន្តកិច្ចសន្យាថ្មី។លោក បានលើកឡើងពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនប្រទេសទួរគី ក្នុងការចូលរួមក្នុងគម្រោងបំពង់បង្ហូរប្រេងផ្នែកខាងលើនៃឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់ ជាពិសេសក្នុងការអភិវឌ្ឍន៍វិស័យឧស្ម័ន។ រដ្ឋមន្ត្រីអ៊ីរ៉ង់បាននិយាយថា ប្រទេសរបស់លោកស្វាគមន៍ក្រុមហ៊ុនរបស់ប្រទេសទួរគី។ថ្លែងទៅកាន់អ្នកសារព័ត៌មាន រដ្ឋមន្ត្រីទួរគី បាននិយាយថា ប្រទេសរបស់លោកមានឆន្ទៈក្នុងការបន្តកិច្ចសន្យា។ លោក Bayraktar បាននិយាយថា ការពិភាក្សារបស់ពួកគេបានផ្តោតលើការវិនិយោគរបស់ក្រុមហ៊ុនទួរគី ក្នុងការអភិវឌ្ឍន៍វិស័យឧស្ម័នរបស់ប្រទេសអ៊ីរ៉ង់ និងការជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្ទេរឧស្ម័នរបស់អ៊ីរ៉ង់។

ប្រទេសទុយនីស៊ី ជួយសង្គ្រោះជនអន្តោប្រវេសន៍គ្មានឯកសារ ១.៣៣៥នាក់ ក្នុងរយៈពេល២៤ម៉ោង

2024/04/05 08:21:49 pm        100
ឆ្មាំល្បាតឆ្នេរជាតិប្រទេសទុយនីស៊ី បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ឆ្មាំល្បាតឆ្នេររបស់ប្រទេស បានជួយសង្គ្រោះជនអន្តោប្រវេសន៍គ្មានឯកសារចំនួន ១.៣៣៥នាក់ ក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ពីការលិចទូក បន្ទាប់ពីពួកគេបានរារាំងការប៉ុនប៉ងការធ្វើអន្តោប្រវេសន៍ដោយខុសច្បាប់ចំនួន ៣១ លើក។ ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងដោយអង្គភាពឆ្មាំល្បាតឆ្នេរជាតិនៅខេត្ត ស្វេក(Sfax) ភាគខាងកើត ដែលក្នុងអំឡុងពេលនោះ អង្គភាពសន្តិសុខ បានចាប់ខ្លួនអ្នករៀបចំការធ្វើដំណើរអន្តោប្រវេសន៍ចំនួន ៨ នាក់ និងរឹបអូសបានទូកចំនួន ១៤ គ្រឿង។ វិធានការនានាប្រឆាំងជនអន្តោប្រវេសន៍ ត្រូវបានធ្វើឡើង បន្ទាប់ពីការពិភាក្សាជាមួយការិយាល័យរដ្ឋអាជ្ញាសាធារណៈ។ដោយមានទីតាំងនៅតំបន់សមុទ្រមេឌីទែរ៉ាណេភាគកណ្តាល ប្រទេសទុយនីស៊ី គឺជាចំណុចសំខាន់មួយនៃការចូលទៅកាន់សហភាពអឺរ៉ុប ដែលត្រូវបានប្រើប្រាស់ដោយជនអន្តោប្រវេសន៍គ្មានឯកសារ។ទោះបីជាមានវិធានការតឹងរ៉ឹងដែលត្រូវបានអនុវត្តដោយអាជ្ញាធរប្រទេសទុយនីស៊ីក៏ដោយ ក៏ចំនួនជនអន្តោប្រវេសន៍គ្មានឯកសារ ដែលព្យាយាមទៅដល់ប្រទេសអ៊ីតាលី ពីឆ្នេរសមុទ្រប្រទេសទុយនីស៊ី នៅតែបន្តកើនឡើង។

UN បានបញ្ចេញថវិកា ១២លានដុល្លារ សម្រាប់ជនរងគ្រោះនៃអំពើហិង្សារបស់ក្រុមជនអន្ធពាលនៅហៃទី

2024/04/05 08:18:42 pm        148
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានជំនួយសង្គ្រោះរបស់អង្គការសហប្រជាជាតិ លោក Martin Griffiths បានបញ្ចេញថវិកាចំនួន ១២ លានដុល្លារអាមេរិក ដើម្បីជួយដល់ប្រជាជនហៃទី ដែលរងផលប៉ះពាល់ដោយអំពើហិង្សារបស់ក្រុមជនអន្ធពាល។ មូលនិធិនេះ មកពីមូលនិធិឆ្លើយតបគ្រាអាសន្នកណ្តាលរបស់ស្ថាប័នពិភពលោក នឹងជួយផ្តល់ស្បៀងអាហារ ទឹក ការការពារ ការថែទាំសុខភាព និងការគាំទ្រផ្នែកអនាម័យ ដល់ប្រជាជនភៀសខ្លួននិងសហគមន៍ម្ចាស់ផ្ទះ នៅក្នុងរដ្ឋធានី ព័រ អូប្រាំងរបស់ប្រទេសហៃទី និងរដ្ឋធានី អាទីបូនីត(Artibonite) ដែលនៅជិតខាង ដែលបានរងផលប៉ះពាល់ដោយអំពើហិង្សាផងដែរ។ ការិយាល័យបាននិយាយថា ស្ថានភាពនៅក្នុងប្រទេសហៃទី នៅតែតានតឹង និងប្រែប្រួល ដោយការវាយប្រហារទៅលើអគារថែទាំសុខភាព ធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។ យោងតាមអង្គការមូលនិធិកុមាររបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ស្ត្រី និងកុមារបីនាក់ក្នុងចំណោមបួននាក់ ខ្វះលទ្ធភាពទទួលបានសេវាសុខភាពសាធារណៈ និងអាហារូបត្ថម្ភ នៅក្នុងតំបន់ទីក្រុង។ ទោះជាយ៉ាងណា ការឆ្លើយតបសង្គ្រោះបន្ទាន់នៅតែបន្ត។ អង្គការទេសន្តប្រវេសន៍អន្តរជាតិ បាននិយាយថា អង្គការនេះ បានចែកចាយទឹកជាង ៧០.០០០លីត្រ នៅក្នុងទីតាំងជនភៀសខ្លួនចំនួន ៦កន្លែង នៅទូទាំងតំបន់ទីក្រុងព័រអូប្រាំង។ កម្មវិធីស្បៀងអាហារពិភពលោក បានរាយការណ៍ថាបានផ្តល់អាហារក្តៅចំនួន ១៧.០០០កញ្ចប់ ដល់ជនភៀសខ្លួននៅទីក្រុងព័រអូប្រាំងកាលពីថ្ងៃពុធ។ ជាច្រើនឆ្នាំកន្លងទៅនេះ ប្រជាជនហៃទី បានប្រឈមមុខទៅនឹងបញ្ហានយោបាយ សង្គម និងសេដ្ឋកិច្ច ដែលធ្វើឲ្យកាន់តែយ៉ាប់យ៉ឺនខ្លាំងឡើង និងដោយសារគ្រោះមហន្តរាយធម្មជាតិកើតមានឡើងវិញ។ អង្គការ OCHA បាននិយាយថា បច្ចុប្បន្ននេះ ភាពគ្មានច្បាប់របស់ក្រុមជនអន្ធពាល បានបោះស្រមោលលើគ្រប់ទិដ្ឋភាពនៃជីវិតប្រចាំថ្ងៃ ជាពិសេសនៅក្នុងរដ្ឋធានី Artibonite និងលើសពីនេះ។ អង្គការនេះនិយាយថា រហូតមកដល់ពេលនេះ ប្រជាជនហៃទីប្រមាណ ៥,៥ លាននាក់ ត្រូវការជំនួយមនុស្សធម៌។ អំពើហិង្សាដោយក្រុមជនអន្ធពាល បច្ចុប្បន្នបានពង្រីកដល់តំបន់ជនបទដាច់ស្រយាលខណៈវត្តមានរបស់រដ្ឋាភិបាលចេះតែបន្តថយចុះ។ ក្រុមអង្គការមនុស្សធម៌ បានស្តីបន្ទោសភាពទន់ខ្សោយនៃរចនាសម្ព័ន្ធដែលនៅយូរអង្វែងចំពោះការធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងនូវកង្វះសេវាមូលដ្ឋានសំខាន់ៗ ដោយមន្ទីរពេទ្យ និងវេជ្ជបណ្ឌិត ក្លាយជាគោលដៅ និងការជម្លៀសគ្រូបង្រៀនជាច្រើនរយនាក់ដោយបង្ខំ ដែលភាគច្រើនកំពុងភៀសខ្លួនចេញពីប្រទេស។

អគ្គលេខាធិការ៖ សម្ព័ន្ធមិត្តណាតូ នឹងសម្លឹងមើលការបញ្ជូនប្រព័ន្ធការពារដែនអាកាសបន្ថែមទៀតទៅអ៊ុយក្រែន

2024/04/05 08:10:54 pm        85
សមាជិកសម្ព័ន្ធមិត្តរបស់សម្ព័ន្ធយោធាណាតូ បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ក្នុងការស្វែងរកនៅឃ្លាំងអាវុធរបស់ពួកគេសម្រាប់ប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត ដើម្បីការពារអ៊ុយក្រែន ពីការវាយប្រហារដោយមីស៊ីលបាលីស្ទីករបស់រុស្ស៊ី ខណៈសម្ព័ន្ធមិត្តនេះបានប្រារព្ធខួបលើកទី ៧៥ ដែលគ្របដណ្តប់ដោយសង្រ្គាមនៅតាមព្រំដែនរបស់ខ្លួន។អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ លោក Jens Stoltenberg បាននិយាយបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានជួបសមភាគីណាតូ ហើយបានអំពាវនាវសុំប្រព័ន្ធការពារដែនអាកាសថ្មីបន្ថែមទៀត ជាពិសេសប្រព័ន្ធមីស៊ីលប៉ាទ្រីយ៉ូត(Patriot) ដែលផលិតដោយសហរដ្ឋអាមេរិក។ លោក Stoltenberg ពុំបានបញ្ជាក់ពីការសន្យាជាក់លាក់ ឬគោលដៅជំនួយនោះទេ។មន្ត្រីអ៊ុយក្រែន បាននិយាយថា កាលពីយប់ថ្ងៃព្រហស្បតិ៍ ការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីបានវាយប្រហារលើអគារលំនៅឋាននៅក្នុងទីក្រុង Kharkov របស់អ៊ុយក្រែន និងទីតាំងថាមពល នៅក្នុងតំបន់ ដោយបានសម្លាប់មនុស្សច្រើននាក់ និងកាត់ផ្តាច់ចរន្តអគ្គិសនីសម្រាប់ប្រជាជន ៣៥០.០០០ នាក់។

គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល អនុម័តការបើកច្រកព្រំដែនហ្កាហ្សាឡើងវិញ ជាលើដំបូងចាប់តាំងពីថ្ងៃទី៧តុលា

2024/04/05 08:07:42 pm        120
មន្ត្រីអ៊ីស្រាអែល មួយរូប បានប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃព្រហស្បតិ៍ ទី៤មេសា សប្ដាហ៍នេះថា គណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែល បានអនុម័តការបើកច្រកព្រំដែនអ៊ីរ៉េស (Erez)ឡើងវិញ រវាងអ៊ីស្រាអែលនិងតំបន់ហ្កាហ្សា ភាគខាងជើង ជាលើកដំបូង ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ខែតុលា ឆ្នាំ ២០២៣ ។ក្រុមមន្ត្រីអ៊ីស្រាអែល បាននិយាយថា ច្រកឆ្លងកាត់ព្រំដែននេះ នឹងអនុញ្ញាតឲ្យនាំជំនួយបន្ថែមទៀត ចូលទៅក្នុងដែនដីហ្កាហ្សា ដែលត្រូវបានអ៊ីស្រាអែលឡោមព័ទ្ធជិត ។ គណៈរដ្ឋមន្ត្រីនេះ ក៏បានអនុម័តឲ្យប្រើប្រាស់កំពង់ផែរបស់អ៊ីស្រាអែលផងដែរ ដើម្បីជួយសម្រួលដល់ការផ្ទេរជំនួយចូលទៅហ្កាហ្សា។ ការយល់ព្រមបើកច្រកនេះ កើតឡើង ក្រោយលោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ស្ថានភាពសិទ្ធិមនុស្សជារួមនៅក្នុងតំបន់ហ្កាហ្សា បានធ្លាក់ក្នុងសភាពមិនអាចទទួលយក នៅក្នុងការសុន្ទនាតាមទូរស័ព្ទជាមួយលោក Benjamin Netanyahu និងបានព្រមានថា អ៊ីស្រាអែល ត្រូវតែចាត់វិធានការដោះស្រាយវិបត្តិនេះ ពុំនោះនឹងប្រឈមផលវិបាកមិនខានឡើយ។ ច្រកឆ្លងកាត់ អ៊ីរ៉េស ដែលជាច្រកសម្រាប់អ្នកថ្មើរជើង ជាចំណុចព្រំដែនមួយក្នុងចំណោមច្រកព្រំដែនជាច្រើន ប្រើប្រាស់ឲ្យក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី ៧តុលា នៅពេលដែលក្រុមនេះបានសម្រុកចូលដែនដីអ៊ីស្រាអែលភាគខាងត្បូងសម្លាប់មនុស្ស១.២០០នាក់ និងចាប់មនុស្ស២៥០នាក់ជាចំណាប់ខ្មាំង។ គេនៅតែពុំទាន់ច្បាស់ទេថាតើ ការបើកច្រកនេះនឹងត្រូវអនុវត្តដោយរបៀបណា ហើយកម្រិតនៃការដឹកជញ្ជូនជំនួយប៉ុណ្ណា ត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ព្រំដែនភាគខាងត្បូងរបស់តំបន់ហ្កាហ្សា សម្រាប់ជួយដល់ប្រជាពលរដ្ឋដែលកំពុងរងទុក្ខខ្លាំងនៅក្នុងដែនដីនេះ៕

រដ្ឋមន្ត្រីរតនាគារអាមេរិក ប្រឈមផ្លូវដ៏លំបាក ចំពោះបញ្ហាផលិតកម្មលើសចំណុះរបស់ប្រទេសចិន

2024/04/05 07:55:41 pm        105
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី ជែណេត យ៉េឡិន (Janet Yellen) បានទៅដល់មជ្ឈមណ្ឌលរោងចក្រភាគខាងត្បូងនៃទីក្រុង ខ្វាងជូវ (Guangzhou) របស់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ៤មេសា អមដោយសារដ៏តានតឹងមួយទៅកាន់មន្ត្រីចិន ថា អ្នកកំពុងផលិតអ្វីៗគ្រប់យ៉ាងច្រើនពេក ជាពិសេសទំនិញថាមពលស្អាត ហើយពិភពលោកមិនអាចទទួលយកបានទេ។ ប្រទេសចិនកំពុងបញ្ចេញរថយន្តអគ្គិសនី (EVs) អាគុយ បន្ទះស្រូបពន្លឺព្រះអាទិត្យ ដែលហៅថា ផ្ទាំង solar បន្ទះឈីបអេឡិចត្រូនិក(semiconductors) និងផលិតផលទំនិញផ្សេងទៀត ចូលទៅក្នុងទីផ្សារពិភពលោក ដោយសារតែការឧបត្ថម្ភធនយ៉ាងច្រើនរបស់រដ្ឋាភិបាលជាច្រើនឆ្នាំ និងតម្រូវការទាបនៅក្នុងប្រទេសរបស់ខ្លួន។តម្លៃជាសកលសម្រាប់ទំនិញជាច្រើនកំពុងឡើងថ្លៃ ជាការដាក់សម្ពាធលើក្រុមហ៊ុនផលិតនៅក្នុងប្រទេសផ្សេងៗ។មន្ត្រីរតនាគារជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិក បាននិយាយថា ការផលិតដ៏ច្រើនលើសចំណុះនៅក្នុងវិស័យសំខាន់ៗរបស់ប្រទេសចិន យើងមើលឃើញការគំរាមកំហែងកាន់តែខ្លាំងនៃក្រុមហ៊ុនកំពុងខាតបង់ប្រាក់ ដែលនឹងត្រូវលក់ចេញពីផលិតកម្មរបស់ពួកគេនៅប្រទេសណាមួយ។ នៅក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់ចិនចាប់ពីថ្ងៃសុក្រសប្ដាហ៍នេះ ដល់ថ្ងៃចន្ទសប្ដាហ៍ក្រោយ លោកស្រី Yellen នឹងស្វែងរកការបង្ហាញពីទស្សនៈរបស់ខ្លួនថា ការផលិតលើសចំនួន នេះគឺមិនល្អសម្រាប់ប្រទេសចិន ហើយថាមានការព្រួយបារម្ភកើនឡើងកាន់តែខ្លាំងចំពោះការផលិតនេះ នៅក្នុងសហរដ្ឋអាមេរិក អឺរ៉ុប ជប៉ុន ម៉ិកស៊ិក និងប្រទេសមានសេដ្ឋកិច្ចធំៗផ្សេងទៀត។ មន្ត្រីនិយាយសុំមិនបញ្ចេញឈ្មោះ ក៏បាននិយាយផងដែរថាលោកស្រី Yellen នឹងពន្យល់ថា ប្រសិនបើមានសកម្មភាពពាណិជ្ជកម្មនៅជុំវិញពិភពលោក នោះមិនមែនជារឿងប្រឆាំងនឹងចិនទេ នោះគឺជាការឆ្លើយតបទៅនឹងគោលនយោបាយរបស់ពួកគេ៕

លោកប្រធានាធិបតីម៉ាក្រុង៖ បារាំងនិងសម្ព័ន្ធមិត្ត«អាចបញ្ឈប់» អំពើប្រល័យពូជសាសន៍រ្វ៉ាន់ដា ឆ្នាំ ១៩៩៤

2024/04/05 07:51:14 pm        127
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសបារាំង និងសម្ព័ន្ធមិត្តរបស់ខ្លួន អាចបញ្ឈប់ការប្រល័យពូជសាសន៍រ្វ៉ាន់ដា ឆ្នាំ ១៩៩៤ ប៉ុន្តែខ្វះឆន្ទៈក្នុងការធ្វើដូច្នេះ ដែលជាការប្រកាសយ៉ាដាច់ខាតមួយ នៅមុនខួបលើកទី៣០របស់ប្រទេសអាហ្រ្វិកនៃការកាប់សម្លាប់ ដែលបានបណ្តាលឲ្យមនុស្សជាង ៨០០.000នាក់ ស្លាប់។ការិយាល័យរបស់លោកម៉ាក្រុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីបារាំង នឹងបញ្ចេញវីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នៅថ្ងៃអាទិត្យ ខណៈដែលប្រទេសរ៉្វាន់ដា ប្រារព្ធពិធីរំលឹកជាឧឡារិកនៃអំពើប្រល័យពូជសាសន៍នេះ។នៅក្នុងវីដេអូនោះ លោកម៉ាក្រុងបានលើកឡើងថា៖«ប្រទេសបារាំង ដែលអាចបញ្ឈប់អំពើប្រល័យពូជសាសន៍ជាមួយសម្ព័ន្ធមិត្តលោកខាងលិច និងអាហ្វ្រិក ខ្វះឆន្ទៈក្នុងការធ្វើដូច្នេះ»។នៅឆ្នាំ ២០២១ ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ប្រទេសអាហ្រ្វិកកណ្តាល លោកម៉ាក្រុង បានទទួលស្គាល់ «ការទទួលខុសត្រូវ» របស់ប្រទេសបារាំង ក្នុងអំពើប្រល័យពូជសាសន៍ ដែលបានធ្វើឲ្យមនុស្សជាង ៨០០.000នាក់ ស្លាប់ ភាគច្រើនជាជនជាតិភាគតិចTutsis និង Hutus ដែលព្យាយាមការពារពួកគេ។លោកមិនបានសូមទោសទេ ប៉ុន្តែប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame បានផ្តល់សញ្ញាថា ទំព័រមួយ ត្រូវបានបង្វែរនៅក្នុងទំនាក់ទំនងបារាំង-រ្វ៉ាន់ដា បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់បារាំងជាបន្តបន្ទាប់ដើម្បីជួសជុលទំនាក់ទំនងរវាងប្រទេសទាំងពីរ។រដ្ឋាភិបាលប្រទេសរ៉្វាន់ដា បានចោទបារាំងជាយូរមកហើយថា បានបង្កឲ្យមានអំពើប្រល័យពូជសាសន៍។ចាប់តាំងពីលោកបានជាប់ឆ្នោតជាលើកដំបូងក្នុងឆ្នាំ ២០១៧ លោកម៉ាក្រុង បានធ្វើរបាយការណ៍គួរឲ្យកត់សម្គាល់អំពីតួនាទីរបស់ប្រទេសបារាំងមុន និងក្នុងអំឡុងពេលនៃអំពើប្រល័យពូជសាសន៍ ហើយបានសម្រេចចិត្តបង្ហាញឯកសារសំខាន់ៗរបស់ប្រទេសនេះដល់សាធារណជន ចាប់ពីពេលនេះតទៅ។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានព្រមានសមភាគីបារាំងប្រឆាំងនឹងការបញ្ជូនកងទ័ព ទៅកាន់អ៊ុយក្រែន

2024/04/05 06:01:01 pm        138
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានព្រមានសមភាគីបារាំងប្រឆាំងនឹងការដាក់ពង្រាយកងទ័ព ទៅកាន់អ៊ុយក្រែននៅក្នុងការសន្ទនាតាមទូរស័ព្ទដ៏កម្រមួយកាលពីថ្ងៃពុធ ហើយបានកត់សម្គាល់ថា ទីក្រុងមូស្គូត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមក្នុងកិច្ចចរចា ដើម្បីបញ្ចប់ជម្លោះ។សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា លោក Sergei Shoigu បានប្រាប់រដ្ឋមន្ត្រីការពារជាតិបារាំងលោក Sébastien Lecornu ថា ប្រសិនបើទីក្រុងប៉ារីស ធ្វើតាមសេចក្តីថ្លែងការណ៍របស់ខ្លួនអំពីលទ្ធភាពនៃការបញ្ជូនកងយោធាបារាំង ទៅកាន់អ៊ុយក្រែន វានឹងបង្កើតបញ្ហាសម្រាប់បារាំងខ្លួន ឯង។ សេចក្តីថ្លែងការណ៍នោះ មិនបានបញ្ជាក់លម្អិតទេ។ការសន្ទនានេះ បានធ្វើឡើងបន្ទាប់ពីការអត្ថាធិប្បាយរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាលពីខែកុម្ភៈ ដែលក្នុងនោះ លោកបាននិយាយថា លទ្ធភាពនៃការបញ្ជូនទាហានលោកខាងលិច ទៅកាន់អ៊ុយក្រែន មិនអាចត្រូវបានគេច្រានចោលឡើយ។ការអំពាវនាវនេះ គឺជាទំនាក់ទំនងលើកដំបូងរវាងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និងបារាំង ចាប់តាំងពីខែតុលា ឆ្នាំ ២០២២។លោក Shoigu បានបញ្ជាក់អំពី«ការត្រៀមខ្លួនរបស់ទីក្រុងមូស្គូសម្រាប់ការពិភាក្សាអំពីអ៊ុយក្រែន» ដោយសង្កត់ធ្ងន់ថា កិច្ចចរចាសន្តិភាពដែលបានគ្រោងធ្វើនៅទីក្រុងហ្សឺណែវ នឹង «គ្មានន័យ»ប្រសិនបើគ្មានការចូលរួមពីរុស្ស៊ី។ លោកបានបន្ថែមថា លទ្ធភាពចរចានាពេលអនាគត អាចផ្អែកលើឯកសារព្រាងដែលត្រូវបានពិភាក្សា ក្នុងអំឡុងពេលកិច្ចចរចារុស្ស៊ី-អ៊ុយក្រែន នៅទីក្រុងអ៊ីស្តង់ប៊ុល ក្នុងខែមីនាឆ្នាំ ២០២២។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការសភា និងត្រៀមបន្តសុពលភាព MOU ឆ្នាំ២០២៧
11/14/2026 09:11 PM
អ្នកសារព័ត៌មានបារាំង ចាប់អារម្មណ៍ សកម្មភាពស្និទ្ធស្នាលរបស់ ប្រធានាធិបតីបារាំង ហើយសង្ឃឹម កម្ពុជានឹងទទួលផលវិជ្ជមានច្រើន
11/14/2026 08:11 PM
ពិព័រណ៍ FrancoTech ចាប់ផ្ដើមបើក ជំរុញម្ចាស់អាជីវកម្មថ្មីៗមានឱកាសចាប់ដៃគូជាតិ-អន្តរជាតិ
11/14/2026 08:11 PM
ប្រធានាធិបតីតូហ្គោ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
11/14/2026 07:11 PM
សម្ដេចតេជោ៖ កម្ពុជា និងវៀតណាមមានប្រវត្តិជាអ្នកជិតខាងល្អ តែងតែជួយគ្នាទៅវិញទៅមក ខណៈវត្តមានមកកាន់កម្ពុជាពេលនេះជាការផ្ដល់តម្លៃចំពោះទំនាក់ទំនងជាមួយកម្ពុជាក៏ដូចជាសហគមន៍ហ្វ្រង់កូហ្វូនី
11/14/2026 07:11 PM
សម្តេចតេជោ ជំរុញបញ្ចប់បោះបង្គោលព្រំដែន កម្ពុជា-ឡាវ ខណៈប្រទេសទាំង២ សហការគ្នាយ៉ាងសកម្ម
11/14/2026 07:11 PM
សម្ដេចតេជោចាត់ទុកវត្តមានប្រធានរដ្ឋឡាវមកកាន់កម្ពុជា បានផ្ដល់តម្លៃដល់ទំនាក់ទំនងជាមួយកម្ពុជា និងសហគមន៍ហ្វ្រង់កូហ្វូនី
11/14/2026 07:11 PM
កម្ពុជា និងសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តជំរុញទំនាក់ទំនងភាពជាដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​គ្នាឱ្យ​កាន់តែរីកចម្រើន
11/14/2026 06:11 PM
ធុរជននិយាយភាសាបារាំង​មើលឃើញសក្ដានុពលវិនិយោគនៅកម្ពុជាបន្ទាប់ពីមានជំនួបសហគ្រិនហ្រ្វង់កូហ្វូនី
11/14/2026 06:11 PM
កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង មកកាន់ព្រះរាជាណាចក្រកម្ពុជា
11/14/2026 06:11 PM