សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ នៅថ្ងៃទី០៧កុម្ភៈ

2024/02/05 05:30:17 pm        268
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ​ទៅ​បំពេញ​​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេសថៃ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ តបតាម​ការ​អញ្ជើញ​របស់​ឯកឧត្ដម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។ នេះបើតាម​សេចក្តី​ប្រកាស​​របស់នាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ។ក្រសួងការបរទេសបានឲ្យដឹងថា អញ្ជើញអមដំណើរសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា, ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាល ព្រមទាំង​ថ្នាក់​ដឹកនាំ​វិស័យឯកជន​នៃសភាពាណិជ្ជកម្មកម្ពុជា។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ សម្ដេចធិបតី និងលោកជំទាវ នឹងចូលក្រាប បង្គំគាល់ ព្រះបាទ មហា វ៉ជីរ៉ាឡុងកន ព្រះវឺជីរ៉ាក់ភ្លៅចៅយូហួរ ព្រះមហាក្សត្រ នៃ ព្រះរាជា​ណា​ចក្រ​ថៃ នៅព្រះបរមរាជវាំង។ សម្តេចធិបតីនឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ ដោយ​ឡែក​​ជា​មួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិរួមមាន ឯកឧត្តមសាស្ត្រាចារ្យ ផនភេត វិឈិតឆុល ឆៃ ប្រធានព្រឹទ្ធសភា និង ឯកឧត្ដម វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភា។សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម សេដ្ឋា ថាវីស៊ីន នឹងជួបពិភាក្សាការងារលើកិច្ច សហ​ប្រតិបត្តិការ​ទ្វេភាគីនិងពហុភាគី ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីទាំងពីរក៏នឹង​ធ្វើ​ជាអធិបតីក្នុង​ពិធី​ចុះហត្ថ​លេខា​លើ​ឯក​សារ​ស្តីពី​កិច្ច​សហប្រ​តិបត្តិការទ្វេភាគីមួយចំនួន។ ដោយឡែក សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញ​ថ្លែង​សុន្ទរកថា​បើ​កនៅ​ក្នុ​ងវេទិកាធុរកិច្ចកម្ពុជា-ថៃ។ដំណើរទស្សន​កិច្ចផ្លូវការរបស់ សម្ដេចធិបតី ទៅកាន់ព្រះរាជាណាចក្រថៃ នាពេលខាងមុខ នឹង​ពង្រឹង​បន្ថែមទៀ​តនូវទំនាក់ទំនងដ៏យូរអង្វែង និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព» ដែលផ្ដល់​ផល​ប្រយោជន៍​ ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងសម្រាប់សន្តិភាព ស្ថិរភាព និង​វិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ៕

New York Times ៖ អឺរ៉ុបព្រួយបារម្ភពីអនាគតរបស់ណាតូ បើលោកTrump ជាប់ឆ្នោតជាថ្មី

2024/02/05 04:57:12 pm        143
សារព័ត៌មាន New York Times បានរាយការណ៍ថា មន្ត្រីរដ្ឋាភិបាលអាល្លឺម៉ង់មានការព្រួយបារម្ភអំពីផលវិបាកអវិជ្ជមានចំពោះអង្គការណាតូ បើលោក Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ម្តងទៀត ឬរុស្ស៊ី ឈ្នះសង្រ្គាមនៅអ៊ុយក្រែន។ សារព័ត៌មាន New York Times រាយការណ៍ដោយដកស្រង់ប្រភពដែលដឹងបញ្ហានេះថា សម្ព័ន្ធមិត្តអឺរ៉ុបត្រូវបានគេរាយការណ៍ថាមានក្ដីបារម្ភអំពីកម្លាំងរបស់ណាតូ ប្រសិនបើលោក Donald Trump ជាប់ឆ្នោតជាថ្មី ហើយធ្វើតាមការគំរាមកំហែងកាលពីកន្លងទៅ របស់លោក ដែលថាលោកចង់ដកសហរដ្ឋអាមេរិកចេញពីសម្ព័ន្ធភាពនេះ។ ការបោះពុម្ពផ្សាយបានសរសេរថា ក្រុមមន្ត្រីអាល្លឺម៉ង់ និងក្រុមប្រទេសជាសមាជិកណាតូ ជាច្រើន កំពុងពិភាក្សាក្រៅផ្លូវការថាតើរចនាសម្ព័ន្ធសម្ព័ន្ធភាពជិត ៧៥ឆ្នាំ មកនេះ នឹងអាចរស់បានដោយគ្មានសហរដ្ឋអាមេរិក ជាឆ្អឹងខ្នងរបស់ខ្លួន បានឬ អត់ ។ ប្រភពពីសារព័ត៌មាន New York Times ដដែល នៅក្នុងរដ្ឋាភិបាលអាល្លឺម៉ង់ បាននិយាយថា គេមិនអាចទៅរួចទេក្នុងការត្រលប់ទៅរកទំនាក់ទំនងពីមុនជាមួយរុស្ស៊ីរបស់លោកPutin ដោយថាពួកគេមិនរំពឹងថានឹងមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងសង្រ្គាមនៅអ៊ុយក្រែននៅឆ្នាំនេះទេ ប៉ុន្តែពួកគេបារម្ភពីផលវិបាកទាំងឡាយ នៃការឈ្នះសង្រ្គាមរបស់លោក Putin។ ក្តីបារម្ភភ្លាមៗរបស់ពួកគេគឺការកើនឡើងនូវភាពទុទិដ្ឋិនិយមអំពីសហរដ្ឋអាមេរិកដែលបន្តផ្តល់មូលនិធិដល់ការតស៊ូរបស់អ៊ុយក្រែន។ ក្រុមមន្ត្រីអាល្លឺម៉ង់ ដែលពុំបានបញ្ជាក់ឈ្មោះរបស់ខ្លួន បាននិយាយថា បើជំនួយអាមេរិកអស់ជំនួយ ហើយរុស្ស៊ី ឈ្នះសង្រ្គាម គោលដៅបន្ទាប់ នឹងរឹតតែខិតទៅជិតទីក្រុងប៊ែរឡាំង។ ចំណែក លោក Jens Stoltenberg អគ្គលេខាធិការអង្គារណាតូ បានសង្កត់ធ្ងន់ថា លោកពុំមានក្ដីបារម្ភថា អាមេរិកនឹងចាកចេញពីសម្ព័ន្ធយោធានេះទេ ទោះអតីតប្រធានាធិបតីអាមេរិក លោក Trump ឈ្នះការបោះឆ្នោតនៅខែវិច្ឆិកាឆ្នាំ២០២៤នេះក៏ដោយ៕

អ៊ីរ៉ាក់ ហាមប្រាមធនាគារក្នុងស្រុកចំនួន ៨ ស្ថាប័នមិនឲ្យប្រតិបត្តិការប្រាក់ដុល្លារអាមេរិក

2024/02/05 04:15:32 pm        155
ប្រទេសអ៊ីរ៉ាក់ បានហាមឃាត់ធនាគារពាណិជ្ជក្នុងស្រុកចំនួនប្រាំបីស្ថាប័ន មិនឱ្យចូលរួមក្នុងប្រតិបត្តិការប្រាក់ដុល្លារអាមេរិក ដោយចាត់វិធានការកាត់បន្ថយការក្លែងបន្លំ ការលាងសម្អាតប្រាក់ និងការប្រើប្រាស់រូបិយប័ណ្ណអាមេរិកខុសច្បាប់ផ្សេងទៀត ប៉ុន្មានថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រមុខមន្ត្រីរតនាគាររបស់សហរដ្ឋអាមេរិក។ធនាគារទាំងនោះត្រូវបានហាមឃាត់មិនឱ្យចូលទៅកាន់ការដេញថ្លៃប្រាក់ដុល្លារប្រចាំថ្ងៃរបស់ធនាគារកណ្តាលអ៊ីរ៉ាក់ ដែលជាប្រភពសំខាន់នៃរូបិយប័ណ្ណរឹងនៅក្នុងប្រទេសពឹងផ្អែកលើការនាំចូល ដែលបានក្លាយជាចំណុចស្នូលនៃការបង្រ្កាបរបស់សហរដ្ឋអាមេរិក លើការរត់ពន្ធរូបិយប័ណ្ណទៅកាន់ប្រទេសអ៊ីរ៉ង់ ដែលនៅជិតខាង។ដោយជាសម្ព័ន្ធមិត្តដ៏កម្រមួយទាំងជាមួយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលមានទុនបំរុងជាង ១០០ ពាន់លានដុល្លារដែលកាន់កាប់នៅសហរដ្ឋអាមេរិក ប្រទេសអ៊ីរ៉ាក់ពឹងផ្អែកយ៉ាងខ្លាំងលើការជួយរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីធានាថាលទ្ធភាពទទួលបានប្រេង និងហិរញ្ញវត្ថុមិនត្រូវបានរារាំង។កាលពីខែកក្កដា ឆ្នាំ២០២៣ អ៊ីរ៉ាក់បានហាមប្រាមធនាគារចំនួន ១៤ ស្ថាប័នមិនឱ្យធ្វើប្រតិបត្តិការប្រាក់ដុល្លារ ដែលជាផ្នែកមួយនៃការបង្ក្រាបកាន់តែទូលំទូលាយលើការរត់ពន្ធប្រាក់ដុល្លារទៅកាន់ប្រទេសអ៊ីរ៉ង់តាមរយៈប្រព័ន្ធធនាគារអ៊ីរ៉ាក់៕

អាមេរិក បង្ហាញសេចក្ដីស្នើច្បាប់តម្លៃ ១១៨ពាន់លានដុល្លារ ស្តីពីសន្តិសុខព្រំដែន ជំនួយអ៊ុយក្រែន និងអ៊ីស្រាអែល

2024/02/05 04:10:49 pm        219
ព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ (០៤ កុម្ភៈ) បានបង្ហាញច្បាប់សន្តិសុខព្រំដែនទ្វេបក្សចំនួន ១១៨ ពាន់លានដុល្លារ ដែលនឹងផ្តល់ជំនួយដល់អ៊ុយក្រែន និងអ៊ីស្រាអែលផងដែរ បន្ទាប់ពីការចរចាជាច្រើនខែ ប៉ុន្តែវិធានការនេះប្រឈមមុខនឹងភាពមិនច្បាស់លាស់ ស្របពេលមានការប្រឆាំងដោយលោក ដូណាល់ ត្រាំ (Donald Trump) និងក្រុមប្រកាន់ជំហរតឹងនៃគណបក្សសាធារណរដ្ឋ។មេដឹកនាំភាគច្រើននៃព្រឹទ្ធសភា លោក ឆាក់ ស្ហ៊ូមឺ (Chuck Schumer) បាននិយាយថា លោកនឹងចាត់វិធានការដើម្បីរៀបចំការបោះឆ្នោតដំបូងលើច្បាប់នេះ នៅថ្ងៃពុធ (០៧ កុម្ភៈ) ខាងមុខ។ ប្រសិនបើសេចក្ដីស្នើច្បាប់នេះក្លាយជាច្បាប់ពេញលេញ វានឹងសម្គាល់ការផ្លាស់ប្តូរដ៏សំខាន់បំផុតនៅក្នុងបញ្ហាអន្តោប្រវេសន៍ និងសន្តិសុខព្រំដែនរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលជាច្រើនទសវត្សរ៍។យោងតាមតួលេខពីសមាជិកព្រឹទ្ធសភាអាមេរិក លោកស្រី ផាតធី មឺរី (Patty Murray) បានឱ្យដឹងថា បន្ថែមពីលើប្រាក់ ២០,២៣ ពាន់លានដុល្លារសម្រាប់សន្តិសុខព្រំដែន សេចក្ដីស្នើច្បាប់នេះរួមបញ្ចូលថវិកា ៦០,០៦ ពាន់លានដុល្លារសម្រាប់គាំទ្រអ៊ុយក្រែន ក្នុងសង្រ្គាមរបស់ខ្លួនជាមួយរុស្ស៊ី និងថវិកា ១៤,១ ពាន់លានដុល្លារជំនួយសន្តិសុខសម្រាប់អ៊ីស្រាអែល ហើយនិង ២,៤៤ ពាន់លានដុល្លារដល់ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក និងជម្លោះនៅសមុទ្រក្រហម ព្រមទាំងថវិកា ៤,៨៣ ពាន់លានដុល្លារសម្រាប់គាំទ្របណ្ដាដៃគូរបស់សហរដ្ឋអាមេរិក នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិកប្រឈមមុខនឹងការឈ្លានពានពីប្រទេសចិន។បន្ថែមពីលើនោះ ថវិកា ១០ ពាន់លានដុល្លារ នឹងផ្តល់ជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិលនៅតំបន់ហ្កាហ្សា តំបន់កាន់កាប់ វេសបែង (West Bank) និងនៅក្នុងប្រទេសអ៊ុយក្រែន៕

ការសងសឹករបស់អាមេរិក៖ ការវាយឆ្មក់លើប្រទេសស៊ីរី និងអ៊ីរ៉ាក់ គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ

2024/02/05 03:45:25 pm        192
សេតវិមាន បានព្រមានថា ការវាយប្រហារតាមអាកាសរបស់ខ្លួនលើគោលដៅនានារបស់ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី គ្រាន់តែជការចាប់ផ្តើមប៉ុណ្ណោះ មិនមែនជាការបញ្ចប់ នៃការឆ្លើយតបរបស់ខ្លួនចំពោះអ៊ីរ៉ង់នោះទេ។ ទីប្រឹក្សាសន្តិសុខជាតិលោក ជែក ស៊ូឡេវ៉ាន់ (Jake Sullivan)បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកកាលពីថ្ងៃអាទិត្យថា នឹងមានជំហានបន្ថែមទៀត។សហរដ្ឋអាមេរិក កំពុងឆ្លើយតបទៅនឹងការស្លាប់របស់ទាហានបីនាក់នៅក្នុងការវាយប្រហារដោយយានដ្រូន របស់សត្រូវទៅលើមូលដ្ឋានយោធាមួយក្នុងប្រទេសហ្ស៊កដានីកាលពីសប្តាហ៍មុន។ទោះបីជាអ៊ីរ៉ង់បដិសេធការជាប់ពាក់ព័ន្ធក៏ដោយ សាខារបស់ខ្លួនគឺក្រុមចលនាតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់បានអះអាងទទួលខុសត្រូវ។ សហរដ្ឋអាមេរិក បានចោទប្រកាន់ទីក្រុងតេអេរ៉ង់ ថាមានស្នាកស្នាមលើការវាយប្រហារនេះ ហើយបាននិយាយថាយានដ្រូននោះ ត្រូវបានផលិតដោយអ៊ីរ៉ង់។ នៅក្នុងលិខិតមួយផ្ញើទៅកាន់សភាកាលពីថ្ងៃអាទិត្យ ស្ថិតនៅក្រោមច្បាប់ដែលលោកត្រូវតម្រូវឱ្យផ្ញើក្នុងរយៈពេល ៤៨ ម៉ោងនៃសកម្មភាពយោធា លោកប្រធានាធិបតី Joe Biden បាននិយាយថាការវាយប្រហារសងសឹកកាលពីថ្ងៃសុក្របានដាក់គោលដៅលើទីតាំងនានា ប្រើប្រាស់ដោយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ជាកងឆ្មាំបដិវត្តអ៊ីស្លាម (IRGC) និងក្រុមជីវពលដែលមានទំនាក់ទំនងជាមួយ កងឆ្មាំបដិវត្តអ៊ីស្លាម ។ កងឆ្មាំបដិវត្តអ៊ីស្លាម ត្រូវគេជឿថាជាក្រុមប្រដាប់អាវុធ ដែលត្រូវបានផ្តល់មូលនិធិ និងបណ្តុះបណ្តាលដល់ក្រុមតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់។លោក Biden បាននិយាយថា រួមទាំងកន្លែងប្រើប្រាស់សម្រាប់ បញ្ជា និងគ្រប់គ្រង ឃ្លាំងស្តុកអាវុធ ការហ្វឹកហាត់ ការគាំទ្រផ្នែកដឹកជញ្ជូន និងគោលបំណងផ្សេងទៀត។លោកបានបន្ថែមថា ការវាយប្រហារទាំងនោះ ក្នុងគោលបំណងរារាំងក្រុមទាំងនេះកុំឲ្យវាយប្រហារបន្ថែមទៀត ហើយត្រូវបានធ្វើឡើងក្នុងវិធីមួយ ដើម្បីកាត់បន្ថយហានិភ័យនៃការកើនឡើង និងជៀសវាងការស្លាប់ជនស៊ីវិល៕

អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្ដេចធិបតី បានអនុម័តលើរបៀបវារៈសំខាន់ៗ​ចំនួន៥

2024/02/02 06:46:22 pm        346
អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព បានសម្រេច​អនុម័ត​លើរបៀបវារៈ សំខាន់ៗចំនួន៥។របៀបវារៈនៃកិច្ចប្រជុំទាំង ៥ នោះរួមមាន៖ទី១ អង្គគណៈរដ្ឋមន្រ្ដីបានប្រជុំពិនិត្យលើ របាយការណ៍វឌ្ឍនភាព និង​ទិសដៅ​ទៅ​មុខ​នៃ​ការ​រៀបចំ​ក្រប​ខណ្ឌតាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ នៅក្នុងកិច្ចប្រជុំនេះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី​បាន​ស្នើដល់​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​សហការ​ជាមួយ​ក្រសួងផែនការ រៀបចំផែនការមេផ្ដល់ធាតុចូលឱ្យបានលឿន ធានានូវគុណភាព ប្រសិទ្ធភាព និង​សង្គតិភាព។ទី២ សេចក្តីព្រាងច្បាប់ ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក។ សេចក្ដីព្រាងច្បាប់​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណងកំណត់ពីការគ្រប់គ្រង និងការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែនៃ​ព្រះរាជា​ណាច​ក្រកម្ពុជា ក្នុងគោលបំណងរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខ នៃ​ការ​ដឹក​ជញ្ជូន តាមផ្លូវទឹក ព្រមទាំងការកសាង និងថែរក្សាការពារ ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ នឹងរួម​ចំណែក​​ការពារបរិស្ថាន ព្រមទាំងផ្តល់កាលានុវត្តន៍ភាព វិនិយោគនិងការប្រកួតប្រជែង ប្រកប​ដោយ​យុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បំរើពាណិជ្ជកម្មជាតិ និងអន្តរជាតិ និងទ្រទ្រង់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ។ សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក មាន១៨ ជំពូក និង ២៧៥ មាត្រា។សម្ដេចធិបតី ក៏បានស្នើឱ្យទីស្ដីការគណៈរដ្ឋមន្ដ្រីសហការជាមួយ ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន ដាក់សេចក្តីព្រាងច្បាប់ ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកនេះជូនរដ្ឋសភាពិនិត្យជាការប្រញាប់ និង​បញ្ជូនមន្ត្រីទៅការពារសេចក្តីព្រាងច្បាប់នេះនៅរដ្ឋសភា។ទី៣ សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកែសម្រួលអនុក្រឹត្យ ស្តីពីការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រុម​ប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ ទី៤ សេចក្តីព្រាង​អនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ របៀបវារៈទី៥ កិច្ច​ប្រជុំ​បាន​ប្រជុំ​ពិនិត្យ​លើ​បញ្ហាផ្សេងៗ រួមមានសំណើសុំការយល់ព្រមពីគណរដ្ឋមន្ត្រី ដើម្បីសុំការ​អនុម័ត​ពី​ស្ថាប័ន​​នីតិប្បញ្ញត្តិ លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត​យល់​ព្រម​លើ​ពិធីសារ​សម្រាប់​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀងម៉ារ៉ាកេស ស្ដីពីការបង្កើតអង្គការ ពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ជូន​កិច្ច​ព្រម​ព្រៀងស្តីពីការឧបត្ថម្ភធនជលផល។អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានអនុម័តលើ របៀបវារៈទាំង៥ នៅម៉ោង១១ ព្រឹកថ្ងៃទី២ កុម្ភៈ ២០២៤នេះ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

2024/02/02 04:57:02 pm        282
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ បានដឹកនាំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ ចំនួន៥។ របៀបវារៈនៃកិច្ចប្រជុំទាំង ៥ នោះរួមមាន៖ ១-របាយការណ៍វឌ្ឍនភាព និងទិសដៅទៅមុខនៃការរៀបចំក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ។២-សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ។៣-សេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ។៤-សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ។៥-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើត អង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល៕

អ៊ុយក្រែន សាទរការផ្តល់ជំនួយរបស់សហភាពអឺរ៉ុប ខណៈសង្ឃឹមថា អាមេរិក នឹងផ្តល់ជំនួយឆាប់ៗ

2024/02/02 04:42:50 pm        115
អ៊ុយក្រែន បានសាទរចំពោះការយល់ព្រមរបស់សហភាពអឺរ៉ុប លើកញ្ចប់ជំនួយដ៏សំខាន់មួយកាលពីថ្ងៃព្រហស្បតិ៍ (០១ កុម្ភៈ) ដោយប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយថា ការគាំទ្រនេះគឺជា «សញ្ញាច្បាស់លាស់» ទាំងចំពោះរុស្ស៊ី និងសហរដ្ឋអាមេរិក ដែលកញ្ចប់ជំនួយត្រូវបានជាប់គាំងឡើងនៅក្នុងសភា ហើលោកសង្ឃឹមថាអាមេរិក និងសម្រេចការផ្ដល់ជំនួយឆាប់ៗ។រដ្ឋាភិបាលរបស់លោក ហ៊្សេឡិនស្គី បាននិយាយថា កិច្ចព្រមព្រៀងនេះគឺមាន «សារៈសំខាន់ណាស់» សម្រាប់ស្ថិរភាពរបស់អ៊ុយក្រែន នៅមុនខួបពីរឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ី ក្នុងខែនេះ។ឧបនាយករដ្ឋមន្ត្រីទីមួយ លោកស្រី យូលីយ៉ា ស្វីរីដេនខូ (Yulia Svyrydenko) បានប្រាប់សារព័ត៌មានរ៉យទ័រថា រដ្ឋាភិបាលរំពឹងថានៅឆ្នាំនេះនឹងទទួលបាន ១៨ ពាន់លានអឺរ៉ូនៃទឹកប្រាក់ចំនួន ៥០ ពាន់លានអឺរ៉ូ (៥៤ ពាន់លានដុល្លារ) ដែលជាកញ្ចប់ថវិការយៈពេល ៤ឆ្នាំរបស់សហភាពអឺរ៉ុប ដែលត្រូវបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍។អ៊ុយក្រែន ពឹងផ្អែកលើការគាំទ្រផ្នែកហិរញ្ញវត្ថុពីសម្ព័ន្ធមិត្តលោកខាងលិច ដើម្បីផ្តល់ហិរញ្ញប្បទានដល់ប្រាក់សោធននិវត្តន៍ ប្រាក់ឈ្នួលក្នុងវិស័យសាធារណៈ ព្រមទាំងការចំណាយសង្គម និងមនុស្សធម៌ជាមួយនឹងថវិការរបស់លោកខាងលិច។ ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ី នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មក ទីក្រុងគីវ បានទទួលជំនួយហិរញ្ញវត្ថុអន្តរជាតិប្រហែល ៧៣,៦ ពាន់លានដុល្លារ រួមទាំងថវិកាចំនួន ២៧,៥ ពាន់លានដុល្លារពីសហភាពអឺរ៉ុប៕

ពលរដ្ឋបារាំង ព្យាយាមទិញផលិតផលក្នុងស្រុក ដើម្បីបង្ហាញការគាំទ្រដល់កសិករទោះការចំណាយមានកំណត់ក៏ដោយ

2024/02/02 04:38:51 pm        1218
ក្នុងទីផ្សារកណ្ដាលវាលមួយនៅទីក្រុងណានតេស (Nantes)ភាគខាងលិចប្រទេសបារាំង ក្រុមអាជីវករលក់បន្លែមើមដែលផលិតក្នុងស្រុកដូចជាដំឡូង និងផ្កាខាត់ណា ក៏ដូចជាផ្លែឈើនាំចូលពីបរទេសដូចជាប្រេស៊ីល និងប៉េរូ ជាដើម ។កសិករដែលបានតវ៉ាអស់រយៈពេលមួយសប្តាហ៍នៅទូទាំងប្រទេសបារាំងបានរិះគន់ផលិតផលដែលនាំចូលពីបរទេសមានតម្លៃទាប ហើយបានជំរុញឲ្យអតិថិជនទិញនិងបរិភោគផលិតផលក្នុងស្រុក ខណៈប្រជាពលរដ្ឋរឹតត្បិតលើការចំណាយដោយសារទំនិញនៅតាមទីផ្សារមានតម្លៃខ្ពស់ពេក។ ចំនួនដ៏ច្រើននៃការនាំចូលពីអ៊ុយក្រែន ដែលសហភាពអឺរ៉ុបបានលើកលែងកូតា និងកាតព្វកិច្ចចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី និងការចរចាជាថ្មីដើម្បីបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងប្លុកអាមេរិកខាងត្បូងហៅថាមើកកូស៊រ(Mercosur)បានធ្វើឱ្យមានការមិនសប្បាយចិត្តលើការប្រកួតប្រជែងមិនយុត្តិធម៌នៅក្នុងលើផលិតផលស្ករ គ្រាប់ធញ្ញជាតិ និងសាច់។ ក្រុមប្រជាកសិករមិនសប្បាយចិត្តចំពោះការនាំចូលនេះ ដោយសារពួកគេនិយាយថាការនាំចូលមានតម្លៃថោកបែបនេះ បានដាក់សម្ពាធលើតម្លៃរបស់អឺរ៉ុប ព្រោះមិនត្រូវតាមស្តង់ដារបរិស្ថានដែលដាក់លើកសិករសហភាពអឺរ៉ុប។ការតវ៉ារបស់ពួកគេដែលជាផ្នែកមួយនៃចលនារបស់អឺរ៉ុបដែលចេះតែកើនឡើង បានទាញយកសម្បទានពីរដ្ឋាភិបាលរួចហើយ រួមទាំងនាយករដ្ឋមន្ត្រី លោកហ្គាប្រៀលអាតាល់(Gabriel Attal) ដែលបាននិយាយថា ប្រទេសបារាំងនឹងរារាំងការនាំចូលផលិតផលមានតម្លៃទាប ដែលប្រើថ្នាំសម្លាប់សត្វល្អិត ត្រូវបានហាមប្រាមនៅក្នុងទ្វីបអឺរ៉ុប។លោក Attal ក៏បាននិយាយផងដែរថា រដ្ឋាភិបាលនឹងបញ្ឈប់ការដាក់បទបញ្ជាតឹងរ៉ឹងលើកសិកររបស់ខ្លួនជាងតម្រូវការបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប។ និយាយពីអ្នកប្រើប្រាស់វិញ លើកឡើងថាពួកគេគាំទ្រនិងទិញផលិតផលដែលផលិតពីបារាំង ជាពិសេសផ្លែឈើ បន្លែ និងសាច់ បើទោះបីជាតម្លៃខ្ពស់ជាង បើធៀបនឹងទំនិញនាំចូលក៏ដោយ៕

សម្ដេចតេជោ ហ៊ុន សែន៖«ព័ត៌មានថាភរិយាខ្ញុំកំពុងបញ្ជូនទៅព្យាបាលនៅ​បរទេសគឺជារឿង​មិនពិត, សូមពួកអាក្រក់បញ្ឈប់នូវការបំពុលព័ត៌មាន»

2024/02/02 03:34:28 pm        214
នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារទៅកាន់ពួកអាក្រក់​ ឲ្យបញ្ឈប់នូវការបំពុលព័ត៌មានទាំងឡាយពាក់ព័ន្ធសុខភាពរបស់ភរិយារបស់សម្ដេច(សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត)​​។ សម្ដេច​តេជោ​មានប្រសាសថា «សូមជូនសារទៅពួកអាក្រក់សូមបញ្ឈប់​នូវការបំពុលព័ត៌មាន និង​សូម​យក​ចិត្ត​ទុកដាក់ការពារសុខភាពខ្លួនឯងល្អជាងមកគិតពីក្រុមគ្រួសាររបស់ខ្ញុំ»។  តាមរយៈហ្វេសប៊ុកផ្លូវការសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប៉ុន្មាន ២ថ្ងៃចុង​ក្រោនេះ​មាន​​​ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ដែល​និយាយ​ពី​ភរិយារបស់សម្ដេច(សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត)​មានជំងឺ​។ សម្ដេចបញ្ជាក់ថា នេះ​ ជា​រឿង​ពិត​ ហើយសម្ដេច និងក្រុមគ្រួសារ ក៏​គ្មាន​ការ​លាក់បាំង និង​ក៏គ្មានការ​ចាំបាច់​ផ្សព្វផ្សាយជា​ដំណឹង​អ្វី​ដែរ។  សម្ដេចតេជោ​បញ្ជាក់បន្តថា កាលពី៤ថ្ងៃមុន ភរិយារបស់សម្ដេច(សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត)​ដួល​ក្នុង​បន្ទប់​សម្រាក​ធ្វើ​ឱ្យប៉ះដល់ក្បាល​ដែល​ចាំបាច់​ត្រូវ​យក​ទៅ​ពិនិត្យ និង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាលម៉ែត្រ។ បន្ទាប់ពីការ​ពិនិត្យព្យាបាល​ដោយ​យក​ចិត្ត​ទុកដាក់​ពី​គ្រូពេទ្យ​សុខភាព​គាត់​ល្អ​ប្រសើរ​តែ​មិន​ទាន់ចាក​ចេញ​ពីមន្ទីរ​ពេទ្យ​នៅ​ឡើយ​ព្រោះ​ត្រូវ​រង់​ចាំកា​រ​ថត​ក្បាល​ជាលើកទី៣ ដើម្បី​មើល​សរសៃ​ដែល​រង​នូវ​ការ​ប៉ះទង្គិចនោះ។  សម្ដេចតេជោបញ្ជាក់បន្ថែមថា « ការបង្កើតនូវព័ត៌មានថាភរិយាខ្ញុំកំពុងបញ្ជូនទៅព្យាបាលនៅ​បរទេសគឺជារឿង​មិនពិត។» ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានក្រាបបង្គំ​ អរព្រះគុណ​ថ្វាយ​ហ្លួងម៉ែ​ដែល​បាន​យាង​ទៅ​សួរសុខទុក្ខភរិយារបស់សម្ដេចដែល​ជាបុត្រីធម៌របស់ព្រះអង្គ​ដល់មន្ទីរពេទ្យ និង​សូម​អរគុណ​ថ្នាក់​ដឹកនាំគ្រប់​ជាន់​ថ្នាក់​បងប្អូនជនរួមជាតិ​ដែល​ចូល​រួម​កង្វល់​ពី​សុខភាព​ភរិយាសម្ដេច៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីក្រសួងទេសចរណ៍​៖ «ការអនុវត្តសាកល្បងលើកលែងទិដ្ឋាការជូនពលរដ្ឋចិន ជាចលករ​នៃការ​អនុវត្ត​ឆ្នាំទេសចរណ៍ កម្ពុជា-ចិន»
08/15/2026 01:08 PM
ការតម្រង់ជួរវិលត្រឡប់មកវិញនៅតាមស្ថានីយប្រេងក្រុងមូស្គូ ស្របពេលការវាយប្រហារយានដ្រូនរបស់អ៊ុយក្រែន
08/15/2026 01:08 PM
[UPDATE] ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ី កើនឡើងដល់ ២០នាក់
08/15/2026 12:08 PM
អាមេរិក ព្រមានអ៊ីរ៉ង់ថា ខ្លួននឹងបង្កើនសម្ពាធសេដ្ឋកិច្ច ខណៈនាវាពីរគ្រឿងទៀតត្រូវបានវាយប្រហារនៅច្រកសមុទ្រ Hormuz
08/15/2026 12:08 PM
ISI ប្រែក្លាយជាពីក្រុមបាតតារាង មកជាគូប្រជែងដ៏គ្រោះថ្នាក់នារដូវកាលថ្មី ក្រោយនាំកីឡាករបរទេសចំណូលថ្មី ៤រូបន្ថែម
08/15/2026 12:08 PM
រដ្ឋាភិបាលយេម៉ែននិយាយថា មីស៊ីលក្រុមឧទ្ទាមហ៊ូធីសម្លាប់ជនស៊ីវិល ៤នាក់នៅទីក្រុងកំពង់ផែ Mocha
08/15/2026 12:08 PM
លោកPutin៖ រុស្ស៊ី និងកូរ៉េខាងជើង កំពុងសម្របសម្រួលលើសន្តិសុខក្នុងតំបន់
08/15/2026 11:08 AM
ក្រសួងប្រៃសណីយ៍ បើក​សិក្ខាសាលាស្តីពី «កម្មវិធីប្រកួត​ប្រជែង​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅ​លើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ លើកទី៧» ដើម្បីបញ្រ្ជាបការយល់ដឹងសិស្ស-និស្សិត និង​ទាញ​អត្ថ​ប្រយោជន៍ពីបច្ចេកវិទ្យានេះ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ
08/15/2026 11:08 AM
វប្បធម៌ចែករំលែក៖ សភាពាណិជ្ជកម្មកម្ពុជា នាំថវិកាជាង១លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា
08/15/2026 10:08 AM
អ៊ីរ៉ង់នៅប្រកាន់តឹងចំពោះច្រកសមុទ្រ ខណៈលោក Trump ប្រាប់​ពលរដ្ឋ​អាមេរិក​ទទួល​យក​តម្លៃប្រេងខ្ពស់
08/15/2026 10:08 AM