សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមយុវជនសង្គមស៊ីវិល អំនាវនាវគណបក្សនយោបាយ អង្គការ សមាគម រួមគ្នាលុបបំបាត់មនោគមវិជ្ជាជ្រុលនិយមចេញពីកម្ពុជា

2024/01/15 08:28:08 pm        403
ភ្នំពេញ៖ ក្រុមយុវជន សង្គមស៊ីវិល នៅថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៤ នេះ បានចេញសេចក្ដីថ្លែងការណ៍ អំពាវនាវ ដល់គណបក្សនយោបាយ អង្គការ សមាគម រួមគ្នាលុបបំបាត់មនោគមវិជ្ជាជ្រុលនិយមចេញពីកម្ពុជា។ក្រុមយុវជនសង្គមស៊ីវិលបានលើកឡើងថា ពួកគេទាំងអស់គ្នាជា បណ្តុំអង្គការសង្គមស៊ីវិល សិស្ស និស្សិត ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនានា បានសម្តែងការសោកស្តាយ និងថោ្កលទោសចំពោះមេដឹកនាំក្រុមប្រឆាំងជ្រុលនិយមដែលតែងតែយក សមាជិក សមាជិកា របស់ខ្លួនមកចូលរួមធ្វើអំពើខុសច្បាប់ជាចរិកនយោយបាយ ដែលមិនបានហុចផលជូនសង្គមជាតិ ជាក់ស្តែងមានមេដឹកនាំក្រុមប្រឆាំងជាទណ្ឌិតរស់នៅក្រៅប្រទេស តែងតែញុះញង់បំបែកបំបាក់ បង្កើតគោលនយោបាយ ភូតភរកុហក ប្រជាភិថុត បោកបញ្ឆោតសកម្មជនរបស់ខ្លួនឲ្យជឿលង់មនោគមវិជ្ជាខ្មៅកខ្វក់ បង្កើតបញ្ហាផ្សេងៗរាប់មិនអស់។ ក្រុមយុវជនបានលើកឡើងថា នយោបាយក្រុមប្រឆាំង គឺរាប់សិបឆ្នាំមកនេះមិនដែលបានផ្តល់ផលចំណេញជូនជាតិនោះទេមានតែរាំងខ្ទប់ ការអភិវឌ្ឍជាតិ បំផ្លាញវប្បធម៌នយោបាយល្អៗហើយបង្កើតនូវវប្បធម៌នយោបាយអាក្រក់ក្នុងរូបភាពដដែលៗ។ កន្លងមកមុនការបោះឆ្នោតនីតិកាលទី៧ និងរហូតមកពេលបច្ចុប្បន្ននេះ ក្រុមប្រឆាំងជ្រុល បានចេញសារគំរាមក្នុងន័យនយោបាយទុច្ចរិកខ្មៅកខ្វក់ ទន្ទឹមប្រទេសកម្ពុជាកំពុងមាន សុខសន្តិភាព និងការអភិវឌ្ឍពេញលេញ ​ពិសេសការបង្កើតមហាព្រឹត្តការណ៍ ដ៏អស្ចារ្យក្នុង​ប្រវត្តសាស្រ្តកម្ពុជាផងនោះ យើងគួរតែនាំគ្នាអបអរសាទរ និងចូលរួមលើវិថីសន្តិភាព។ លោក ហេង សំណាង ប្រធានបណ្តុំអង្គការសមាគមសង្គមស៊ីវិល ថ្លែងថា ក្នុងរយៈពេលនេះជារយៈពេលដ៏មានសារៈសំខាន់បំផុត ក្នុងការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌ ដើម្បីសម្រេចនូវចក្ខុវិស័យរយៈពេលមធ្យមរបស់កម្ពុជានៅឆ្នាំ ២០៣០ និងរយៈពេលវែងនៅឆ្នាំ២០៥០។ លោកបន្តថា ក្នុងន័យនេះកម្ពុជា ត្រូវការប្រមូលកម្លាំងសរុបរបស់ជាតិទាំងមូល ដើម្បីកសាងប្រទេស និងការពារមាតុភូមិស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ សំដៅសម្រេចគោលដៅរក្សាសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការពារ​លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរួមគ្នាកម្ចាត់​នយោបាយជ្រុលនិយមឱ្យចេញផុតពីកម្ពុជា។តាមរយៈសេចក្ដីថ្លែងការណ៍ បណ្តុំ​អង្គការ​​សង្គម​ស៊ីវិល បានអំពាវនាវដល់ក្រុមប្រឆាំងជ្រុលនិយម បញ្ឈប់រាល់សារនយោបាយណាដែលធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ។ កុំយកសកម្មជនរបស់ខ្លួនធ្វើជាខែលដើម្បីប្រព្រឹត្តសកម្មភាពផ្ទុយនឹងនិតិវិធីច្បាប់។ ចូលរួមសាទរនឹងមហាព្រឹតិ្តការណ៍នានាដ៏អស្ចារ្យរបស់កម្ពុជា ដើម្បីលើកមុខមាត់ជាជាងអង្គុយតែបន្ទុះបង្អាប់។ គោរពស្ថាប័នជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ក្រុមយុវជនសង្គមស៊ីវិលក៏បានអំពាវនាវដល់ សកម្មជនប្រឆាំង បែរមកចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីមានឱកាសកសាងសង្គមជាតិរួមគ្នា កុំបណ្តោយខ្លួនឲ្យជាក្លាយជាឈ្នាន់នយោបាយដែរ​អាចបណ្តាលឲ្យក្លាយជាជនរងគ្រោះដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ ពិសេសអំពាវនាវដល់បណ្តាលគណបក្សនៅក្នុងប្រទេសកម្ពុជាទាំងអស់រួបរួមគ្នាលុបបំបាត់នយោបាយបំបែកបំបាក់ ទុច្ចរិត និងខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយមឲ្យអស់ចេញពីកម្ពុជា៕

រដ្ឋមន្ត្រីការបរទេសចិន អំពាវនាវឲ្យមានសន្និសីទសន្តិភាពទ្រង់ទ្រាយធំស្តីពីវិបត្តិហ្កាហ្សា

2024/01/15 07:12:57 pm        137
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយថា សង្រ្គាមនៅតំបន់ហ្កាហ្សា នៅតែបន្តកើនឡើង ហើយចិនកំពុងអំពាវនាវឱ្យមានសន្និសីទសន្តិភាពអន្តរជាតិទ្រង់ទ្រាយធំ ប្រកបដោយសិទ្ធិអំណាច និងមានប្រសិទ្ធភាព ព្រមទាំងកំណត់ពេលវេលាជាក់ស្តែង ដើម្បីអនុវត្តដំណោះស្រាយរដ្ឋពីរ។លោក វ៉ាង បានធ្វើការអត្ថាធិប្បាយបែបនេះទៅកាន់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក សាម៉េស សួគ្រី (Sameh Shoukry) នៅទីក្រុងគែរ ដោយចែករំលែកទស្សនៈរបស់ខ្លួនស្តីពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនកាលពីល្ងាចថ្ងៃអាទិត្យ។ដោយឡែក លោក វ៉ាង ក៏បានជួបពិភាក្សាជាមួយអគ្គលេខាធិការនៃសម្ព័ន្ធរដ្ឋអារ៉ាប់ ដែលភាគីទាំងពីរមានការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើជម្លោះ ដោយឈានដល់ចំណុចជាច្រើនលើការជួយដោះស្រាយវិបត្តិ។លោក វ៉ាង ក៏បានបន្ថែមផងដែរថា សហគមន៍អន្តរជាតិគួរតែស្តាប់ដោយយកចិត្តទុកដាក់ចំពោះកង្វល់ស្របច្បាប់របស់បណ្តាប្រទេសនៅក្នុងតំបន់ «ហើយអភិបាលកិច្ចនាពេលអនាគតរបស់តំបន់ហ្កាហ្សា គួរតែជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ»៕

មេដឹកនាំសភាអាមេរិកបង្ហាញសេចក្ដីព្រាងច្បាប់បណ្ដោះអាសន្ន ដើម្បីការពារការបិទរដ្ឋាភិបាល

2024/01/15 07:07:36 pm        141
មេដឹកនាំគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ នៅក្នុងសភាសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ (ទី១៤ ខែមករា) បានបង្ហាញពីសេចក្ដីព្រាងច្បាប់ការចំណាយរយៈពេលខ្លី ដែលនឹងការពារការបិទរដ្ឋាភិបាលមួយផ្នែក និងបន្តរក្សាភ្នាក់ងារសហព័ន្ធឲ្យមានប្រតិបត្តិការ ក្នុងខែមីនា។កិច្ចព្រមព្រៀងនេះមានគោលបំណងបញ្ចៀសភាពចលាចល ក្នុងរយៈពេលខ្លី និងពន្យារពេលវេលាបន្ថែមទៀត ដើម្បីបង្កើតច្បាប់ចំណាយដ៏ស្មុគស្មាញដែលផ្តល់មូលនិធិដល់សកម្មភាពរបស់រដ្ឋាភិបាល។ទីភ្នាក់ងាររដ្ឋាភិបាលដែលត្រួតពិនិត្យការដឹកជញ្ជូន លំនៅឋាន និងសេវាកម្មផ្សេងទៀត នឹងត្រូវអស់ថវិកានៅត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រនេះ ហើយនឹងត្រូវកាត់បន្ថយសកម្មភាព ប្រសិនបើមូលនិធិថ្មីមិនត្រូវបានចុះហត្ថលេខាឲ្យក្លាយជាច្បាប់ទេនោះ។ព្រឹទ្ធសភាដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ និងសភាតំណាងរាស្រ្ដដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋមានការខ្វែងគំនិយគ្នាលើកម្រិតចំណាយអស់ជាច្រើនខែ៕

អតីតមន្ត្រីអាមេរិកនិយាយថា ការប្តេជ្ញាចិត្ត ចំពោះកោះតៃវ៉ាន់ «ពិតជារឹងមាំណាស់»

2024/01/15 07:04:14 pm        187
អតីតមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានប្រាប់មេដឹកនាំកោះតៃវ៉ាន់ លោក Tsai Ing-wen នៅថ្ងៃចន្ទ (ទី១៥ ខែមករា) នេះថា សហរដ្ឋអាមេរិកទន្ទឹងរង់ចាំការបន្តក្នុងទំនាក់ទំនងកោះតៃវ៉ាន់-អាមេរិក ក្រោមការគ្រប់គ្រងថ្មីរបស់រដ្ឋបាលកោះតៃវ៉ាន់ថ្មី ហើយការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះកោះនេះ គឺ «ពិតជារឹងមាំណាស់»។លោក Lai Ching-te មកពីគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាចរបស់កោះតៃវ៉ាន់ បានឈ្នះការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់កោះតៃវ៉ាន់ កាលពីថ្ងៃសៅរ៍ (ទី១៣ ខែមករា) ដូចការរំពឹងទុក ហើយលោកនឹងចូលកាន់តំណែង នៅថ្ងៃទី២០ ខែឧសភា។ដើម្បីជាការបង្ហាញដល់ការគាំទ្រដល់រដ្ឋបាលថ្មី មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបាននិយាយកាលពីសប្តាហ៍មុនថា ប្រធានាធិបតីអាមេរិកលោក Joe Biden គ្រោងនឹងបញ្ជូនគណៈប្រតិភូមិនផ្លូវការទៅកាន់កោះ ដែលត្រូវបានទាមទារដោយប្រទេសចិន។ រដ្ឋបាលកោះតៃវ៉ាន់ ច្រានចោលការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។ រដ្ឋបាលរបស់លោក Biden បានភ័យខ្លាចថា ការបោះឆ្នោត អន្តរកាល និងរដ្ឋបាលថ្មី នឹងបង្កើនភាពតានតឹងជាមួយទីក្រុងប៉េកាំង ដែលបានដាក់សម្ពាធលើកោះតៃវ៉ាន់ទាំងខាងផ្នែកយោធា និងសេដ្ឋកិច្ច ដើម្បីអះអាងដល់ការទាមទារអធិបតេយ្យភាពរបស់ខ្លួន។ក្នុងជំនួបជាមួយលោកស្រី Tsai នៅការិយាល័យមេដឹកនាំ អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Stephen Hadley បាននិយាយថា លោកនៅទីនោះ ដើម្បីបង្ហាញនូវការអបអរសាទររបស់ប្រជាជនអាមេរិកដល់ការបោះឆ្នោតនេះ។លោក Hadley បាននិយាយនៅក្នុងអត្ថាធិប្បាយដែលចេញផ្សាយដោយការិយាល័យរបស់លោកស្រី Tsai ថា៖ «លទ្ធិប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់ បានធ្វើជាគំរូដ៏អស្ចារ្យដល់ពិភពលោក»។ លោកបានបន្ថែមថា៖ «យើងមានកិត្តិយសដែលមានឱកាសជួបជាមួយអ្នក (មេដឹកនាំកោះតៃវ៉ាន់) នៅថ្ងៃនេះ ដើម្បីបញ្ជាក់ឡើងវិញថា ការប្តេជ្ញាចិត្តរបស់អាមេរិក ចំពោះតៃវ៉ាន់ គឺពិតជារឹងមាំណាស់ មានគោលការណ៍ និងទ្វេភាគី ហើយថា សហរដ្ឋអាមេរិកឈរជាមួយមិត្តរបស់ខ្លួនជានិច្ច»៕

ទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតីនៅបារាំង៦ ថ្ងៃមានកម្មវិធីប្រជុំសំខាន់ៗប្រមាណ៤០

2024/01/15 06:45:47 pm        193
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា វត្តមានរបស់សម្ដេចនៅអឺរ៉ុប៦ ថ្ងៃនេះ សម្តេចមានកម្មវិធីប្រជុំប្រមាណ ៤០ ហើយពេលខ្លះសូម្បីតែម៉ោងបាយក៏ត្រូវទទួលទាននៅលើយន្តហោះដែរ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសសម្ដេចអញ្ជើញសំណេះសំណាល ជា​មួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប​ នៅវេលាម៉ោង ៥ ល្ងាចបៅប្រទេសបារាំង ត្រូវនឹងម៉ោង ១១ យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា។សម្តេចធិបតី បានលើកឡើងថា គោលបំណងរបស់សម្តេចមកអឺរ៉ុបនេះ មិនមែនដើម្បីថតបង្ហោះ​នោះទេ។ សម្តេច បានបញ្ជាក់ថា បើជំនួបរបស់សម្តេចជាមួយ​ដៃគូអន្តរជាតិត្រឹម ១៥ នាទី​អាច​ទាក់ទាញ​ការវិនិយោគរបស់ពួកគេមកកម្ពុជា​ នោះសម្តេចត្រូវតែចំណាយពេលជួប ពី​ព្រោះកិច្ចការ​ទាំងនេះ​គឺជាប្រយោជន៍​ ដើម្បីប្រជារាស្រ្តកម្ពុជា។សូមជម្រាបថា ​សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅ​ប្រទេស​បារាំង ចាប់ពីថ្ងៃ ១៨-១៩ ខែមករា ឆ្នាំ២០២៤ តបតាមការអញ្ជើញផ្លូវការរបស់​លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង។ក្នុងអំឡុងពេលស្នាក់នៅប្រទេសបារាំងសម្ដេចធិបតី នឹងចូលជួបសម្តែងការគួរសម ជាមួយ ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភា នៃសាធារណរដ្ឋបារាំង។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏នឹងអនុញ្ញាតជូន អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វង់កូហ្វូនី និងប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ​និងវិនិយោគរវាងកម្ពុជា ​និងបារាំងឱ្យកាន់ត រឹងមាំ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងចូលរួមវេទិកាធុរកិច្ច មានជំនួបដាច់ដោយឡែកជាមួយ ក្រុមហ៊ុន​បារាំងមួយចំនួន និងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយ ចំនួន រួមទាំងឯកសារស្តីពី ​ការចូលរួមរបស់សភាពាណិជ្ជកម្មកម្ពុជាក្នុងសម្ព័ន្ធភាពដៃគូហ្វ្រង់កូហ្វូនី(APE) ផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

ទស្សនកិច្ចសម្ដេចធិបតីនៅបារាំងបញ្ជាក់ពីទំនាក់ទំនងការទូត នយោបាយ និង​សេដ្ឋកិច្ចប្រទេសទាំងពីរ

2024/01/15 06:05:55 pm        222
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ទស្សន​កិច្ច​ផ្លូវ​ការ​របស់​សម្តេចនៅប្រទេសបារាំងមានលក្ខណៈពិសេស ដោយសារ​ប្រធានាធិបតី​បារាំង​ជា​អ្នក​ចេញ​លិខិត​អញ្ជើញសម្ដេចដោយផ្ទាល់ ដែលរំលេចនូវ​គុណ​តម្លៃ​ខ្ពង់​ខ្ពស់​ចំពោះ​ទំនាក់​ទំនង​ការ​ទូត នយោបាយ សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ការបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជួប​សំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប កាលពីវេលាម៉ោង៥ល្ងាចនៅបារាំង ត្រូវ​នឹង​ម៉ោង១១យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា។សម្ដេចធិបតីបានបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់សម្តេចនៅទ្វីបអឺរ៉ុបមានរយៈពេល៦ថ្ងៃ គឺ​ដើម្បី​ចូល​រួម​កិច្ចប្រជុំនៅដាវ៉ូស និងទស្សនកិច្ចនៅប្រទេសបារាំង ក្នុង​នោះ​សម្តេច​មាន​កម្មវិធី​ប្រជុំ​ប្រមាណ៤០។ នេះជាទស្សនកិច្ចលើកទី១ របស់សម្ដេចក្នុង​នាម​ជា​នាយករដ្ឋ​មន្ត្រី​មក​កាន់​ប្រទេស​បារាំង និងតំបន់អឺរ៉ុប ដែលជាការបញ្ជាក់ពីទំនាក់ទំនងល្អរវាងកម្ពុជា និងបារាំង។សម្ដេច​ធិបតីបានបន្តថា រាល់ទស្សនកិច្ចផ្លូវការ ឬផ្លូវរដ្ឋ តែងមាន​ការ​អញ្ជើញ​ដោយ​សមភាគី​ព្រោះជា​ធម្មតានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ត្រូវមាននាយករដ្ឋ​មន្ត្រី​របស់​ប្រទេស​ជា​មិត្ត​ជា​អ្នក​អញ្ជើញ​។ ប៉ុន្តែទស្សនកិច្ចផ្លូវការរវាងបារាំង និងកម្ពុជា គឺមានលក្ខណៈពិសេសជាងគេ ក៏​ដូច​ជា​ពេល​សម្ដេច​តេជោនៅ​ធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា គឺប្រធានាធិបតីបារាំង​តែម្ដង​ជា​អ្នក​ចេញ​លិខិត​អញ្ជើញ​បានន័យថា កម្រិតខ្ពស់បំផុតនៅក្នុងប្រទេសបារាំង។សម្ដេចធិបតីនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ប៉ុន្មាន​ថ្ងៃ​មក​នេះ​មាន​អ្នក​ចេញ​មក​ពន្យល់​ប្រធានាធិបតី​បារាំងថាកុំឱ្យចាញ់បោកមេដឹកនាំកម្ពុជា។ ត្រង់ចំណុចនេះ សម្ដេច​ធិបតី​បាន​ឆ្លើយ​តបថា មុន​នឹង​មេដឹក​នាំ​ប្រទេស​មហា​អំណាច​ដូច​ជា​បារាំង​នេះ​មាន​ការ​អញ្ជើញ​ប្រមុខ​រាជ​រដ្ឋាភិបាល​ណាមួ​យដូចជា កម្ពុជានេះ គឺប្រាកដជាមានការវាយ​តម្លៃ​គ្រប់​ជ្រុង​ជ្រោយ​ជាមុន​ហើយ​ទីប្រឹក្សា​នៃ​ក្រសួងជំនាញ មានក្រសួងការបរទេស ក្រសួងការពារជាតិ ហើយថែមទាំង​ប្រធានាធិបតី​ខ្លួន​គេផ្ទាល់ ប្រាកដជាប្រមូលផ្ដុំយោបល់ និងសម្រេចចិត្តរួចទៅហើយ មើល​ឃើញ​ច្បាស់​ពី​អត្ថប្រយោជន៍នៃទំនាក់ទំនងរួចទៅហើយ ទើបបានចេញ​លិខិត​អញ្ជើញ​ជា​ផ្លូវ​ការ​បែប​នេះ​នោះ​។សម្ដេចធិបតីបញ្ជាក់ទៀតថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រមុខ​រដ្ឋាភិបាល​សាធារណរដ្ឋ​បារាំង​ គឺមានភារកិច្ចសម្រាប់ជាតិរៀងខ្លួន អ្វីទាំងអស់គ្មានឡើយផលប្រយោជន៍បុគ្គល ទាំង​អស់​គឺ​និយាយ​អំពី​ការទូត កិច្ចសហប្រតិបត្តិការ ការវិនិយោគ ការអប់រំ វប្បធម៌ និងទំនាក់​ទំនង​សម្រាប់​ប្រយោជន៍​ជាតិ​រៀង​ៗខ្លួន ក្នុងនោះក៏មានការស្នើ​សុំ​អាហារូបករណ៍​ពី​រដ្ឋាភិបាល​បារាំង​មក​ឱ្យ​និស្សិត​កម្ពុជាដែរ៕ អត្ថបទ៖វ៉ន ដារ៉ា

ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី ចាំបាច់ត្រូវជួយបញ្ចប់សង្រ្គាមអ៊ុយក្រែន

2024/01/15 06:00:54 pm        255
តំណាងជាន់ខ្ពស់របស់អ៊ុយក្រែនបាននិយាយបន្ទាប់ពីកិច្ចប្រជុំការទូតកម្រិតខ្ពស់នៅមុនវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងប្រទេសស្វីសថា ចិនត្រូវចូលរួមក្នុងការចរចាដើម្បីបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី។ ប្រធានបុគ្គលិកប្រធានាធិបតីអ៊ុយក្រែនលោក អាន់ឌ្រី យើម៉ាក (Andriy Yermak) បាននិយាយកាលពីថ្ងៃអាទិត្យ (១៤ មករា) ថាវាជារឿងសំខាន់ដែលសម្ព័ន្ធមិត្តរុស្ស៊ី គឺប្រទេសចិន ស្ថិតនៅលើតុចរចានៅពេលទីក្រុងគីវ កោះប្រជុំបន្ថែមទៀតលើរូបមន្តសន្តិភាពរបស់ខ្លួន។នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង (Li Qiang) នឹងដឹកនាំគណៈប្រតិភូនៅទីក្រុង ដេវ៉ូស (Davos) ក្នុងសប្តាហ៍នេះ។ នៅពេលត្រូវសាកសួរថាតើលោកប្រធានាធិបតី វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) នឹងជួបលោក លី ដែរឬទេ លោក យើម៉ាក បានប្រាប់សន្និសីទសារព័ត៌មានថា «លោកមិនច្បាស់នោះទេ» ព្រោះលោកមិនបានឃើញពីរបៀបវារៈចុងក្រោយរបស់ប្រធានាធិបតីអ៊ុយក្រែន។សមាជិកក្រុមប្រឹក្សាសហព័ន្ធស្វីស លោក អ៊ីកណាហ្ស៊ីអូ ខាសស៊ីស (Ignazio Cassis) ដែលបានចូលរួមការពិភាក្សាកាលពីថ្ងៃអាទិត្យ បានប្រាប់សន្និសីទសារព័ត៌មានមុននេះថា «យើងត្រូវតែធ្វើអ្វីគ្រប់យ៉ាងដើម្បីបញ្ចប់សង្រ្គាមនេះ។ ប្រទេសចិនដើរតួនាទីយ៉ាងសំខាន់ ហើយយើងត្រូវតែស្វែងរកមធ្យោបាយដើម្បីធ្វើការជាមួយប្រទេសចិនលើបញ្ហានេះ ព្រោះទាំងរុស្ស៊ី និងអ៊ុយក្រែន មិនមានឆន្ទៈក្នុងការធ្វើសម្បទាននោះទេ»៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ចំអកឱ្យអ្នកនយោបាយចាស់វស្សានៅបារាំងថា​លែងហ៊ានរិះគន់​សម្តេច​ជាក្មេងទៀតហើយ

2024/01/15 05:57:47 pm        223
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​ចំអក​ឱ្យ​អ្នក​នយោបាយ​ចាស់​វស្សា​ម្នាក់​នៅប្រទេសបារាំងថា លែងហ៊ានរិះគន់សម្តេច ជាក្មេងទៀតហើយ ព្រោះ​ខ្លាច​ចប់​ដោយ​សារតែ​ដៃគូសន្ទនារបស់សម្តេច គឺប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង មាន​អាយុ​ប្អូន​សម្តេចធិបតី ២ខែឯណោះ។សម្ដេចធិតបី ថ្លែងក្នុងឱកាស ជួបសំណេះ សំណាលជាមួយសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប កាល​ពី​វេលា​ម៉ោង ៥ ល្ងាចនៅបារាំង ត្រូវនឹងម៉ោង ១១ យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោង​នៅ​កម្ពុជាថា លើកនេះអត់ហ៊ានជេរសម្ដេចថាជាក្មេងទៀតទេ រាល់ដងរិះគន់សម្ដេចថា ក្មេង ...។ ជាមួយគ្នានេះ សម្តេចធិបតី​បាន​ចាត់​ទុក​ការ​ចេញ​សារ​របស់​អ្នក​នយោយ​ចាស់​វស្សាដែល​ឱ្យ​ប្រធានាធិបតីបារាំង ប្រយ័ត្នចាញ់បោកសម្តេច គឺនយោបាយបម្រើមហិច្ឆិតារបស់ខ្លួន មិន​គិត​ពី​ប្រយោជន៍​ជាតិ​នោះឡើយ។សូមជម្រាបថាតបតាមការអញ្ជើញរបស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង សម្តេច​ធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងចាប់ពីថ្ងៃ ១៨-១៩ ខែមករា ឆ្នាំ២០២៤។ ជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង នឹងប្តេជ្ញារួមគ្នាធ្វើឱ្យទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងបារាំង ឈាន​ដល់​កម្រិតថ្មី៕ អត្ថបទ៖ វ៉ន ដារ៉ា

លោកហ្សេឡិនស្គី៖ យើងមានសក្តានុពលក្នុងការឈ្នះសង្គ្រាម

2024/01/15 05:56:10 pm        180
លោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskyy) បានប្រកាសថា អ៊ុយក្រែននឹងមានយានដ្រូន និងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកបន្ថែមទៀត។ជាទូទៅ ពីរសប្តាហ៍ដំបូងនៃឆ្នាំនេះ បានបន្ថែមកម្លាំង និងសមត្ថភាពរបស់អ៊ុយក្រែនរួចហើយ។ មានកញ្ចប់ជំនួយថ្មីសម្រាប់អ្នកចម្បាំងរបស់យើង។ មានកិច្ចព្រមព្រៀងដែលត្រូវការច្រើនលើការផលិតអាវុធ និងគ្រាប់ផ្លោងរួមគ្នា [និង] ជាពិសេស បញ្ហាធំបំផុតនោះ គឺយានដ្រូន ហើយនឹងមានយានដ្រូនជាច្រើនគ្រឿងទៀត។យើងកំពុងរៀបចំដំណឹងល្អបន្ថែមទៀតលើវិស័យការពារដែនអាកាស។ យើងផ្តោតទៅលើមីស៊ីល និង សង្គ្រាមអេឡិចត្រូនិក ហើយនឹងមានពួកវាជាច្រើនថែមទៀត និងមានការប្រែប្រួល ពីមួយខែទៅមួយខែ យើងកំពុងបង្កើនការផលិតកាំភ្លើងធំអ៊ុយក្រែនរបស់យើង។អ៊ុយក្រែនមានសក្ដានុពលគ្រប់គ្រាន់ក្នុងការឆ្លងកាត់ផ្លូវដ៏លំបាកនៃសង្រ្គាមនេះ។ យើងមានសក្តានុពលក្នុងការប្រមូលផ្តុំពិភពលោក។ យើងមានសក្តានុពលក្នុងការឈ្នះសង្គ្រាម។ ចំណុចសំខាន់ គឺត្រូវជឿជាក់លើខ្លួនយើង និងជឿលើអ៊ុយក្រែន»។

មេដឹកនាំជាប់ឆ្នោតថ្មីរបស់កោះតៃវ៉ាន់ នឹងប្រឈមមុខនឹងការខឹងសម្បាររបស់ចិន

2024/01/15 05:53:45 pm        135
មេដឹកនាំជាប់ឆ្នោតថ្មីរបស់កោះតៃវ៉ាន់ លោក ឡៃ ឈីងតឺ (Lai Ching-te) ទំនងជាប្រឈមមុខនឹងការងារដ៏លំបាកបំផុតរបស់ខ្លួន នៅពេលដែលលោកចូលកាន់តំណែងក្នុងខែឧសភា ហើយត្រូវដោះស្រាយជាមួយនឹងកំហឹងរបស់ចិន ដែលបានប្រកាសម្តងហើយម្តងទៀតថាលោកឡៃ ជាអ្នកផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់។លោក ឡៃ ដែលបានឈ្នះការបោះឆ្នោតកាលពីថ្ងៃសៅរ៍ បាននិយាយម្តងហើយម្តងទៀតក្នុងអំឡុងពេលយុទ្ធនាការនេះថាលោកចង់រក្សាស្ថានភាពដដែលជាមួយប្រទេសចិន ដែលអះអាងថាកោះតៃវ៉ាន់ជាកម្មសិទ្ធិរបស់ខ្លួន ហើយបានស្នើឱ្យមានការពិភាក្សាជាមួយទីក្រុងប៉េកាំង។ លោក ឡៃ ដែលគេស្គាល់យ៉ាងទូលំទូលាយដោយឈ្មោះជាភាសាអង់គ្លេសរបស់ខ្លួនថា វីលៀម (William) បានប្រាប់ស្ថានីយទូរទស្សន៍តៃវ៉ាន់កាលពីខែកក្កដាថា «យើងមិនចង់ក្លាយជាសត្រូវជាមួយចិនទេ ហើយយើងអាចក្លាយជាមិត្តនឹងគ្នាបាន»។ប៉ុន្តែតាមទស្សនៈរបស់ទីក្រុងប៉េកាំង លោក ឡៃ វ័យ ៦៤ឆ្នាំរូបនេះ គឺជាអ្នកផ្ដាច់ខ្លួន និងជា «អ្នកបង្កបញ្ហាមិនឈប់ឈរ» ដោយសារការអត្ថាធិប្បាយដែលលោកបានធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ២០១៧ ក្នុងនាមជាមេដឹកនាំរងអំពីការធ្វើជា «អ្នកតស៊ូសម្រាប់ឯករាជ្យភាពផ្លូវការរបស់តៃវ៉ាន់» ដែលនោះជាបន្ទាត់ក្រហមសម្រាប់ទីក្រុងប៉េកាំង។អ្វីដែលរដ្ឋាភិបាលក្រុងប៉េកាំង បារម្ភនោះគឺគំនិតដែលលោក ឡៃ អាចព្យាយាមផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយប្រកាសបង្កើតសាធារណរដ្ឋតៃវ៉ាន់ ប៉ុន្តែលោក ឡៃ បាននិយាយថាលោកនឹងមិនធ្វើបែបនោះឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានតុលាការកំពូលកម្ពុជា ប្រាប់ប្រធានតុលាការកំពូលវៀតណាម-ឡាវ ពីការឈ្លា​ន​ពា​ន និង​ការកាន់កាប់ទឹក​ដីដោយខុសច្បាប់​ពីសំណាក់ភាគីថៃមកលើដែនអធិបតេយ្យរបស់កម្ពុ​ជា
08/15/2026 05:08 PM
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់៖ ការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង បានសម្លាប់មនុស្សយ៉ាងតិច ៧នាក់
08/15/2026 05:08 PM
ភ្លៀងធ្លាក់ខ្លាំងជាប់កំណត់ត្រា បានធ្វើឲ្យអ្នកដំណើររាប់ពាក់នាក់ជាប់ខ្លួននៅអាកាសយានដ្ឋានក្រុងតូក្យូ
08/15/2026 05:08 PM
យន្តហោះចម្បាំងអង្គការណាតូ បាញ់ទម្លាក់យានដ្រូននៅលើដែនអាកាសប្រទេសឡាតវី
08/15/2026 05:08 PM
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកថ្មបាំង ជំរុញ​ឲ្យ​សមាជិក​បក្ស​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ​ចំពោះសុខទុក្ខពលរដ្ឋនៅមូលដ្ឋាន
08/15/2026 05:08 PM
ការបណ្ដុះបណ្ដាលដែលផ្ដល់ដោយរដ្ឋាភិបាល ធ្វើឱ្យយុវជនមានជំនាញពិតប្រាកដ មាន ការងារធ្វើ និងប្រកបរបរបាន
08/15/2026 05:08 PM
លោកLavrov ៖រុស្ស៊ីបង្កើនកិច្ចខិតខំប្រឆាំងការគាំទ្រលោកខាងលិចសម្រាប់អ៊ុយក្រែន
08/15/2026 04:08 PM
[UPDATE] ចំនួនអ្នកស្លាប់ពីគ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ីនឡើងដល់ ៣៨នាក់ ខណៈក្រុម​ជួយសង្គ្រោះកំពុងប្រញាប់ប្រញាល់បញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ
08/15/2026 04:08 PM
គ្រោះរាំងស្ងួតក្នុងប្រទេសបូស្នី ធ្វើឲ្យសត្វសេះព្រៃនៅតំបន់ខ្ពស់រាប Kruzi បោលស្វែងរកទឹកផឹក
08/15/2026 04:08 PM
លោក TRUMP និយាយថា លោកនឹងប្រកាសច្រកសមុទ្រហ័រមូសថា ជាផ្នែកមួយនៃទឹកដីអាមេរិក នាពេឆាប់ៗនេះ
08/15/2026 04:08 PM