សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Trump បានប្រាប់សហភាពអឺរ៉ុប ថាអាមេរិក នឹងមិនជួយអឺរ៉ុបទេបើប្លុកនេះស្ថិតក្រោមការវាយប្រហារ

2024/01/11 07:06:09 pm        92
លោក ដូណាល់ ត្រាំ (Donald Trump) បានប្រាប់ក្រុមមន្ត្រីជាន់ខ្ពស់របស់អឺរ៉ុប ក្នុងពេលដែលលោកធ្វើជាប្រធានាធិបតីអាមេរិក ថាសហរដ្ឋអាមេរិកនឹងមិនជួយអឺរ៉ុបឡើយ ប្រសិនបើប្លុកនេះរងការវាយប្រហារ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបមួយរូប។លោក ធើរី ប្រេតុន (Thierry Breton) ស្នងការបារាំងដែលទទួលខុសត្រូវលើទីផ្សារផ្ទៃក្នុងរបស់សហភាពអឺរ៉ុបបាននិយាយថា លោក ត្រាំ បានធ្វើការលើកឡើងបែបនេះទៅកាន់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺសុឡា វ៉ុនដឺ ឡេយ៉េន (Ursula von der Leyen) ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង ដេវ៉ូស (Davos) ក្នុងខែមករា ឆ្នាំ២០២០។លោក ប្រេតុន បានរំលឹកឡើងវិញនូវការចងចាំរបស់ខ្លួនអំពីកិច្ចប្រជុំដែលលោកបានចូលរួមផងដែរនៅក្នុងកិច្ចពិភាក្សាជាក្រុមនៅទីក្រុងព្រុចសែល កាលពីថ្ងៃអង្គារ (០៩ មករា)។ ការអត្ថាធិប្បាយរបស់លោកប្រេតុន បានជំរុញឱ្យមានការរិះគន់យ៉ាងខ្លាំងលើលោក ត្រាំ កាលពីថ្ងៃពុធ (១០ មករា) ពីយុទ្ធនាការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) សម្រាប់ការបោះឆ្នោតឡើងវិញ។នៅពេលត្រូវសាកសួរថាតើការរំលឹករបស់លោកស្រី អឺសុឡា វ៉ុនដឺ ឡេយ៉េន ចំពោះការលើកឡើងរបស់លោក ត្រាំ ត្រូវគ្នានឹងលោក ប្រេតុន និយាយដែរឬទេ អ្នកនាំពាក្យរបស់ប្រធានគណៈកម្មការអឺរ៉ុបបានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ៕

ប្រទេសចិន ព្រមានថាបេក្ខជនមេដឹកនាំបក្សកាន់អំណាចកោះតៃវ៉ាន់ ជាមនុស្សគ្រោះថ្នាក់ណាស់

2024/01/11 07:02:57 pm        65
ប្រទេសចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍ (១១ មករា) នេះថា ខ្លួនសង្ឃឹមថាប្រជាជនតៃវ៉ាន់ភាគច្រើន «ជ្រើសយកជម្រើសត្រឹមត្រូវ» នៅមុនការបោះឆ្នោតដ៏សំខាន់ ដោយព្រមានថាបេក្ខជនមេដឹកនាំនៃគណបក្សកាន់អំណាចរបស់កោះតៃវ៉ាន់ លោក ឡៃ ឈីងតឺ (Lai Ching-te) ជាមនុស្សមាន «គ្រោះថ្នាក់ខ្លាំងណាស់» ក្នុងការបង្កឱ្យមានជម្លោះឆ្លងច្រកសមុទ្រ។កោះតៃវ៉ាន់កំពុងរៀបចំការបោះឆ្នោតមេដឹកនាំ និងសភាសំខាន់មួយនៅថ្ងៃសៅរ៍ (១៣ មករា) ខាងមុខនេះដែលត្រូវបានអន្តរជាតិឃ្លាំមើលយ៉ាងជិតស្និទ្ធស្របពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។ ប្រទេសចិនមិនបានដាក់ឈ្មោះបេក្ខជនដែលខ្លួនពេញចិត្តឬបញ្ជាក់ពីអ្វីដែលជាជម្រើសត្រឹមត្រូវជាសាធារណៈនោះទេ។លោក ឈិន ពីនហួរ (Chen Binhua) អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន ក្រោមក្រុមប្រឹក្សារដ្ឋ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ឡៃ ដែលជាបេក្ខជនមេដឹកនាំរបស់គណបក្សជឿនលឿនប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាច គឺជា «អ្នកទាមទារឯករាជ្យរបស់តៃវ៉ាន់» ហើយថា ប្រសិនបើលោកឡើងកាន់អំណាច បេក្ខជនមេដឹកនាំរូបនេះនឹងជំរុញសកម្មភាពផ្ដាច់ខ្លួនបន្ថែមទៀត។ទីក្រុងប៉េកាំង បានអះអាងសិទ្ធលើកោះតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន ហើយបានបញ្ជាក់ថាការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងសភារបស់កោះនេះនៅថ្ងៃសៅរ៍ ខាងមុខគឺជាជម្រើសរវាងសន្តិភាព និងសង្រ្គាមនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ ទីក្រុងប៉េកាំង បានព្រមានម្តងហើយម្តងទៀតថារាល់ការប៉ុនប៉ងដើម្បីជំរុញឱ្យមានឯករាជ្យភាពជាផ្លូវការរបស់កោះតៃវ៉ាន់ គឺមានន័យថាជម្លោះនឹងកើតឡើង ប៉ុន្តែរដ្ឋាភិបាលតៃវ៉ាន់ ច្រានចោលការអះអាងអធិបតេយ្យភាពរបស់ចិន៕

អង្គការណាតូ សន្យាផ្តល់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ចសំខាន់បន្ថែមទៀតដល់អ៊ុយក្រែន

2024/01/11 06:39:35 pm        186
អង្គការណាតូ (NATO) បាននិយាយកាលពីថ្ងៃពុធ (១០ មករា) ថាសម្ព័ន្ធមិត្តរបស់អង្គការណាតូ នៅក្នុងកិច្ចប្រជុំជាមួយអ៊ុយក្រែន បានបញ្ជាក់យ៉ាងច្បាស់ថាពួកគេនឹងបន្តផ្តល់ឱ្យប្រទេសនូវជំនួយផ្នែកយោធា សេដ្ឋកិច្ច និងមនុស្សធម៌ដ៏សំខាន់ក្នុងការប្រឈមមុខនឹងការឈ្លានពានជិតពីរឆ្នាំរបស់រុស្ស៊ី។អគ្គលេខាធិការអង្គការណាតូ លោក ចេនស៍ ស្តុលថេនប៊ឺក (Jens Stoltenberg) បាននិយាយថា «អង្គការណាតូ ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់រុស្ស៊ី ទៅលើជនស៊ីវិលអ៊ុយក្រែន រួមទាំងអាវុធពីកូរ៉េខាងជើង និងអ៊ីរ៉ង់។ នៅពេលដែលទីក្រុងមូស្គូ បង្កើនការវាយប្រហាររបស់ខ្លួនទៅលើទីក្រុងនានា និងជនស៊ីវិលរបស់អ៊ុយក្រែន សម្ព័ន្ធមិត្តណាតូ កំពុងបង្កើនការការពារដែនអាកាសរបស់អ៊ុយក្រែន»។នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីសន្និសីទតាមវីដេអូ អង្គការណាតូបានបន្ថែមថា រដ្ឋជាសមាជិកបានគូសបញ្ជាក់ពីផែនការក្នុងការផ្តល់ «សមត្ថភាពបន្ថែមរាប់ពាន់លានអឺរ៉ូ» នៅឆ្នាំ២០២៤ ដល់អ៊ុយក្រែន។ រុស្ស៊ីបានបង្កើនការវាយប្រហារកាន់តែខ្លាំងក្នុងអំឡុងពេលចូលឆ្នាំថ្មី ហើយបានវាយលុកទីក្រុងធំជាងគេចំនួនពីររបស់អ៊ុយក្រែន គឺទីក្រុងគីវ និងទីក្រុងខាគីវ (Kharkiv) កាលពីដើមខែនេះក្នុងការវាយប្រហារផ្លូវអាកាសយ៉ាងខ្លាំងក្លាជាថ្មី៕

ចិនប្រាប់អាមេរិកថា ខ្លួននឹងមិនមានការសម្របសម្រួលណាមួយជាមួយកោះតៃវ៉ាន់ឡើយ ខណៈកិច្ចចរចាការពារជាតិបន្ត

2024/01/11 06:35:16 pm        147
ប្រទេសចិន បានប្រាប់សហរដ្ឋអាមេរិកថា ខ្លួននឹងមិនធ្វើសម្បទាន ឬការសម្របសម្រួលណាមួយលើកោះស្វ័យគ្រប់គ្រងតៃវ៉ាន់នោះទេ ខណៈក្រុមមន្ត្រីចិន និងអាមេរិក បានជួបពិភាក្សាផ្នែកយោធាក្នុងសប្តាហ៍នេះ ជាលើកដំបូងចាប់តាំងពីបណ្តាញនានាត្រូវបានផ្អាកកាលពីក្នុង ឆ្នាំ ២០២២។ មន្ត្រីជាន់ខ្ពស់របស់មន្ទីរបញ្ចកោណ ទទួលបន្ទុកកិច្ចការប្រទេសចិនលោក ម៉ៃឃើល ឆេស (Michael Chase) បានបញ្ចប់ការពិភាក្សារយៈពេលពីរថ្ងៃកាលពីថ្ងៃអង្គារជាមួយឧត្តមសេនីយចិន លោក សុង យ៉ានឆាវ (Song Yanchao) ខណៈកោះតៃវ៉ាន់ខិតជិតដល់ថ្ងៃបោះឆ្នោត ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍សប្ដាហ៍នេះ ហើយភាពតានតឹងនៅឥណ្ឌូប៉ាស៊ីហ្វិកបានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីការប៉ះទង្គិចគ្នារវាងចិន ជាមួយហ្វីលីពីន។ យោងតាមការអានពីក្រសួងការពារជាតិចិន លោក សុង អនុប្រធានការិយាល័យគណៈកម្មាធិការយោធាមជ្ឈិមសម្រាប់កិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ របស់ប្រទេសចិន បានប្រាប់លោក ឆេស ថាទីក្រុងប៉េកាំងមានឆន្ទៈ អភិវឌ្ឍទំនាក់ទំនងយោធានិងយោធាប្រកបដោយស្ថិរភាព ។ ប៉ុន្តែលោក សុង បាននិយាយថា សហរដ្ឋអាមេរិក ត្រូវតែគិតគូរពីប្រទេសចិនឱ្យបានហ្មត់ចត់ ហើយដាក់ចេញនូវខ្សែបន្ទាត់រ៉ឹងមួយលើកោះតៃវ៉ាន់ ដោយជំរុញឱ្យក្រុងវ៉ាស៊ីនតោនបញ្ឈប់ការផ្ដល់អាវុធដល់ក្រុងតៃប៉ិ និងគាំទ្រឯករាជ្យភាពរបស់កោះនេះ។ នៅក្នុងកិច្ចប្រជុំនោះ លោក សុង បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងមិនធ្វើសម្បទាន ឬការសម្របសម្រួលណាមួយលើបញ្ហាកោះតៃវ៉ាន់ឡើយ៕

ប្រធានសមាគមជប៉ុន-កម្ពុជា ជម្រាបសម្ដេចតេជោថា​នឹងបើកការិយាល័យរបស់ខ្លួន​នៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ

2024/01/11 06:31:23 pm        191
កាលពីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៤ សម្តេចតេជោ បានអនុញ្ញាតឱ្យឯកឧត្តម តាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួប​សំដែង​ការគួរសម​ក្នុង​ពិធី​ពិសារ​អាហារពេលល្ងាចនៅសណ្ឋាគារ New Otani Tokyo ប្រទេសជប៉ុន។ឯកឧត្តម​ឯកអគ្គរាជទូតបានគោរពថ្លែងអំណរគុណសម្តេចតេជោ ដែលបានចំណាយ​ពេល​ទទួល​ជួប​ឯកឧត្តម និងគណៈប្រតិភូបន្ទាប់ពីការធ្វើដំណើរនឿយហត់ពីកម្ពុជា។ ឯកឧត្តម​បាន​សំដែង​នូវ​ការ​កោតសរសើរពីតួនាទីដ៏សំខាន់របស់ សម្ដេចតេជោ ដែលជាស្ថាបនិក​ក្នុង​ការ​ស្វែង​រក​សន្ដិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេស ក្នុងការពង្រឹង​ និង​ពង្រីក​ទំនាក់​ទំនង​ទ្វេភាគី​កម្ពុជា-ជប៉ុន ក្នុងពេលជាងបីទសវត្សកន្លងមកនេះ។ជំនួបនេះ​ផ្តោត​ជាសំខាន់លើការទាក់ទាញវិនិយោគថែមទៀតពីជប៉ុនមកកម្ពុជា ដោយមាន​ការ​ចូលរួម​ខិតខំប្រឹងប្រែងរបស់សមាគមជប៉ុន-កម្ពុជា។ ជាក់ស្តែង ឯកឧត្តម​ឯកអគ្គរាជ​ទូត​បាន​បញ្ជាក់​ថា សមាគមនឹងបើកការិយាល័យរបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា នាពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដែលការិយាល័យនេះ​នឹងដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​កាន់​កម្ពុជា តាមរយៈការជួយផ្សព្វផ្សាយអំពីសក្ដានុ-ពលវិនិយោគនៅកម្ពុជាដល់ក្រុមហ៊ុនជប៉ុន ជា​ពិសេសសហគ្រាសធុនតូចនិងមធ្យម (SMEs) ដែលមានចំនួន ប្រមាណ ៤លាន​ក្រុម​ហ៊ុន​នៅ​ប្រទេស​ជប៉ុន។ឯកឧត្តមមានប្រសាសន៍ថា ហេតុនេះប្រសិនបើយើងអាចទាក់ទាញបានត្រឹមតែ ០.១% នោះ ក៏​មាន​ប្រហែល ៤.០០០ក្រុមហ៊ុន SMEs របស់ជប៉ុនដែរ ដែលអាចនឹងមកវិនិ-យោគនៅកម្ពុជា។ នៅ​ក្នុង​ជំនួបនេះដែរ ក៏មានការចូលរួមពីតំណាងក្រុមហ៊ុនខ្លះ ដែល​កំពុង​មាន​ដំណើរ​ការ​ផលិតកម្ម​នៅ​កម្ពុជារួចហើយ និងមានក្រុមហ៊ុន​ខ្លះ​ទៀត​ក៏​បាន​បង្ហា​ញ​ឆន្ទៈ​ក្នុង​ការ​បើក​សាលា​បណ្ដុះ​បណ្ដាល​ជួសជុលរថយន្ដ និងសាលាបណ្ដុះបណ្ដាលអំពីសហគ្រិនភាពសម្រាប់ធុរជនស្រ្ដី នៅ​ប្រទេសកម្ពុជាផងដែរ។ជាការឆ្លើយតប សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមជប៉ុន-កម្ពុជា និងរីករាយស្វាគមន៍ចំពោះការបើកការិយាល័យរបស់សមាគមនៅកម្ពុជា។ សម្ដេចតេជោ សង្ឃឹមថា SMEs ជប៉ុននឹងដើរតួនាទីសំខាន់ក្នុងការបង្កើតឱកាសការងារជូនដល់ប្រជាជនកម្ពុជា ក៏​ដូចជាលទ្ធភាពនៃការផ្ទេរចំណេះដឹងតាមរយៈការវិនិយោគនៅកម្ពុជា។ ជាងនេះទៀត ក្រុមហ៊ុន​ក៏​អាច​ស្វែងរកសក្ដានុពលវិនិយោគនៅកម្ពុជាដោយមានការជួយសម្របសម្រួលពីសមាគមជប៉ុន-កម្ពុជា ក៏ដូចជាការទទួលបាននូវអត្ថប្រយោជន៍នានាពី គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ អាណត្តិទី៧ ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែវិនិយោគិនជប៉ុន ដែល​សម្ដេច​មហាបវរធិបតីនាយករដ្ឋមន្រ្ដី បានលើកឡើងក្នុងកិច្ចពិភាក្សាជាមួយឯកឧត្តម គីស៊ីដា ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្រ្ដីជប៉ុន ក្នុងឱកាស​នៃ​កិច្ច​ប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍ អាស៊ាន-ជប៉ុន លើកទី៥០ នៅទីក្រុងតូក្យូ កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ៕

សម្ដេចតេជោ ថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន បានយកចិត្តទុកដាក់សុខទុក្ខពលរដ្ឋខ្មែរ នៅជប៉ុន ពិសេសអំឡុងគ្រោះរញ្ជួយដី

2024/01/11 06:23:48 pm        196
កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៤ សម្តេចតេជោបានអនុញ្ញាតឱ្យឯកឧត្តម កូមួរ៉ា ម៉ាសាហ៊ិកូ (Komura Masahiko) អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន ចូលជួបសំដែងការគួរសមនៅសណ្ឋាគារ New Otani Tokyo ប្រទេសជប៉ុន។ សម្តេចតេជោ បានថ្លែងនូវការចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុនចំពោះគ្រោះមហន្តរាយរញ្ជួយដីថ្មីៗនេះនៅប្រទេសជប៉ុន និងឧបទ្ទវហេតុនៃការប៉ះទង្គិចយន្តហោះ ដែលបានបណ្តាលឱ្យមានការបាត់បង់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិយ៉ាងច្រើន។សម្តេចតេជោ ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុនដែលបានជួយយកចិត្តទុកដាក់ដល់សុខទុក្ខ និងសុវត្ថិភាពរបស់និស្សិត កម្មសិក្សាការី និងពលករកម្ពុជាដែលកំពុងសិក្សា និងធ្វើការនៅតំបន់រងគ្រោះដោយសារការរញ្ជួយផែនដីផងដែរ។ឯកឧត្តម កូមួរ៉ា ម៉ាសាហ៊ិកូ បានគោរពថ្លែងអំណរគុណសម្តេចតេជោ ដែលបានឆ្លៀតពេលមមាញឹក ​ទទួលជួប ឯកឧត្តម និងមានក្តីរំភើបរីករាយដោយមានឱកាសរំលឹកដល់​អនុស្សាវរីយ​ល្អៗកាល​ពីអតីតកាលក្នុងនាមមិត្តភក្តិចាស់ ជាពិសេសក្នុងដំណាក់កាលចរចាស្វែងរកសន្តិភាព ការចូលរួម​ចំណែក​របស់ជប៉ុនក្នុងការបង្កើតឧត្តមក្រុមប្រឹក្សាជាតិ (SNC) និងដំណើរការស្តារប្រទេសកម្ពុជា​ឡើងវិញបន្ទាប់ពីសង្រ្គាមស៊ីវិលជាដើម។ក្នុងនោះឯកឧត្តមបានសំដែងនូវការកោតសរសើរចំពោះតួនាទីស្នូលរបស់សម្តេចតេជោ ក្នុងការសម្រេចបាននូវសន្តិភាពពេញលេញក្នុងដំណាក់កាលបន្តបន្ទាប់ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាយ៉ាងឆាប់រហ័ស ព្រមទាំងការការពង្រឹងនិងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុនមកទល់សព្វថ្ងៃនេះ។ទន្ទឹមនេះ ឯកឧត្តមបានបង្ហាញនូវជំនឿទុកចិត្តលើរាជរដ្ឋាភិបាលថ្មី ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំប្រកបដោយភាពជឿជាក់ ក្នុងការបន្តថែរក្សាសមិទ្ធផលដែលមានស្រាប់ និង​មានចក្ខុវិស័យវែងឆ្ងាយក្នុងការបន្តដឹកនាំប្រទេសកាន់តែរីកចម្រើនថែមទៀត ព្រមទាំង​បន្តពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី កម្ពុជា-ជប៉ុនឱ្យកាន់តែស៊ីជម្រៅ ក៏ដូចជាកិច្ច​សហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។នៅចុងបញ្ចប់ សម្តេចតេជោ និងឯកឧត្តមអតីតរដ្ឋមន្ត្រីការបរទេស ក៏បានយកឱកាស​នេះពិភាក្សាផ្លាស់ប្តូរ ទស្សនៈគ្នាជុំវិញបញ្ហាភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ ដែលក្នុងនោះមាន​ទាំងស្ថានការណ៍នៅមីយ៉ាន់ម៉ាផងដែរ៕ 

ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា កោតសរសើរសម្តេចតេជោ ជាស្ថាបនិកសន្តិភាព របស់កម្ពុជា

2024/01/11 06:22:37 pm        157
កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យ ឯកឧត្តម អ៊ីម៉ាមួរ៉ា ម៉ាសាហ៊ីរ៉ូ (Imamura Masahiro) ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ចូល​ជួបសំដែងការគួរសម នៅសណ្ឋាគារ New Otani Tokyo ប្រទសជប៉ុន។សម្តេចតេជោ បានថ្លែងនូវការចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះ​គ្រោះ​មហន្តរាយ​រញ្ជួយដីថ្មីៗនេះនៅខេត្ត Ishizawa ភាគខាងលិចជប៉ុន និង​ឧបទ្ទវហេតុ​យន្តហោះ​ប៉ះ​ទង្គិច​គ្នា​នៅព្រលានយន្តហោះទីក្រុងតូក្យូ ដែលបានបណ្តាលឱ្យមានការបាត់បង់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិយ៉ាងច្រើន។ឯកឧត្តម អ៊ីម៉ាមួរ៉ា ម៉ាសាហ៊ីរ៉ូ បានសម្តែងការគោរពកោតសរសើរចំពោះ សម្តេចតេជោ ដែល​ជា​ស្ថាបនិក​សន្តិភាព និងសមិទ្ធផល​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ជាផ្លែផ្កា​នៃ​សន្តិភាព​នៅកម្ពុជា​ព្រម​ទាំង​តួនាទី​ដ៏សំខាន់របស់សម្តេចតេជោ ក្នុងការពង្រឹង និងពង្រីកនូវទំនាក់ទំនងទ្វេរភាគីកម្ពុជា-ជប៉ុន នា​ពេលកន្លងមក និងតទៅអនាគត។ ឯកឧត្តមបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ក្នុងការ​បន្ត​ទំនាក់​ទំនង​ល្អជាមួយរាជរដ្ឋាភិបាលថ្មីដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និង​បន្ត​សហការ​ជិត​ស្និទ្ធជាមួយស្ថាប័ននីតិបញ្ញត្តិរបស់កម្ពុជា ពោលគឺ ទាំងរដ្ឋសភាជាតិ និងព្រឹទ្ធសភា។ ភាគីមិត្ត​ក៏បានរំលឹកអំពីតួនាទីដ៏សំខាន់របស់ សម្តេចតេជោ ក្នុងកិច្ចការ​បោស​សម្អាត​មីន​នៅ​កម្ពុជា និងបានគាំទ្រដល់ការចូលរួមរបស់សម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា​ក្នុង​បេសកកម្ម​ដ៏ថ្លៃថ្លា​នេះ ដែលជាការបន្តនូវការខិតខំរួមចំណែកដោយផ្ទាល់ពីសំណាក់ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ខេអ៊ីហ្សូ អូប៊ូឈី (Keizo Obuchi) តាំងពីឆ្នាំ ២០០០ ម៉្លេះ។ក្នុង​ឱកាសនេះ សម្តេចតេជោ បានថ្លែងអំណរគុណ និងវាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​ និង​ការ​ចូលរួម​ចំណែក​ដ៏សំខាន់​របស់សម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ក្នុងការជំរុញ​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់​តែ​ស៊ីជម្រៅ ក៏ដូចជាការសហការគ្នាជិតស្និទ្ធរវាងប្រទេសយើងទាំងពីរលើឆាកអន្តរជាតិ។ ជាង​នេះ​ទៀត សម្តេចតេជោ បានលើក​ទឹកចិត្ត និង​ស្នើ​ឱ្យ​ភាគីជប៉ុន​បន្ត​ជួយ​កម្ពុជា​ក្នុង​វិស័យ​ដោះ​មីន​ត​ទៅ​ទៀត ជាពិសេសចូលរួមចំណែកក្នុងការសម្រេចបាននូវគោលដៅ “កម្ពុជា​គ្មានមីន​ឆ្នាំ២០២៥”​ ឱ្យបានជោគជ័យ៕

ពលរដ្ឋ និងនិស្សិតខ្មែរបន្តចេញសារស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​សម្តេចធិបតី​ទៅប្រទេសបារាំង

2024/01/11 06:13:04 pm        209
ចាប់តាំងពីដើមខែមករា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៤នេះ ប្រជាពលរដ្ឋ និង​និស្សិតខ្មែរដែលកំពុងរស់នៅប្រទេសនានានៅក្នុងតំបន់អឺរ៉ុបបានចេញសារជាបន្តបន្ទាប់ ប្រកាស​ស្វាគមន៍ និងគាំទ្រដំណើរទស្សនៈកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលនឹងដឹកនាំប្រតិភូកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង និងចូលរួមក្នុងកិច្ចប្រជុំ ប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៤ នៅ​ប្រទេស​ស្វីសចាប់ពីថ្ងៃទី ១៨-១៩ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។តាមរយៈវីដេអូខ្លីបប្រជាពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងរស់នៅប្រទេសបារាំង, ហូឡង់, ចក្រ​ភព​អង់​គ្លេស, ហុងគ្រី, បែលហ្ស៊ិក ជាដើម ស្ថិតនៅតំបន់អ៊ឺរ៉ុបបានលើកឡើងថា ពួក​គេ​ពិត​ជា​មាន​ភាព​កក់ក្តៅ និង​ក្តី​រំភើប​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ឮ​ដំណឹង​ថា​សម្តេចធិបតី​នាយករដ្ឋមន្រ្តី​នឹង​ដឹកនាំ​គណៈ​ប្រតិភូ​កម្ពុជា ទៅកាន់ប្រទេសបារាំង និងស្វីសនាពេលខាងមុខនេះ ដើម្បីចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៤ នៅប្រទេសស្វីស។ ពលរដ្ឋ និងនិស្សិតខ្មែរ​រំពឹងថា​តាមរយៈ​ដំណើរ​ទស្សនកិច្ច​ជា​លើក​ដំបូង​របស់​សម្តេចធិបតី​ទៅ​កាន់​ប្រទេស​បារាំង និងស្វីសនេះ នឹងទទួលបានផ្លែផ្កា និងផលប្រយោជន៍​ជា​ច្រើន​បន្ថែមទៀត​សម្រាប់​ជាតិ និងប្រជាជនកម្ពុជា។សូមជម្រាបថាតបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នឹងអញ្ជើញដឹ​កនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា​ទៅ​បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងចំនួនពីរថ្ងៃចាប់ពីថ្ងៃទី ១៨-១៩ ខែមករា ឆ្នាំ២០២៤​នេះខាងមុខនេះ។ ក្នុងឱកាសដំណើរទស្សនកិច្ចនេះ សម្តេចធិបតី​នឹង​អញ្ជើញ​បន្ត​ដំណើរ​ទៅ​កាន់ប្រទេសស្វីសដើម្បីចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៤។ តាមរយៈដំណើរទស្សនកិច្ចនេះនឹងជំរុញទៅមុខយ៉ាងជាក់ស្តែងនូវវិស័យសំខាន់ៗជាច្រើន ដែលជាគ្រឹះ​នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដូចជា វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភណ្ឌ និងហ្រ្វង់កូហ្វូនី។ ដំណើរ​ទស្សន​កិច្ច​នេះ​ក៏​នឹង​បើក​លទ្ធភាព​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​រវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកលដែលកំពុងប្រឈមមុខផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

សមាជិកសភាអាមេរិក រាប់សិបនាក់គាំទ្រសេចក្ដីសម្រេចដែលគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់

2024/01/11 06:11:05 pm        105
សមាជិកសភារបស់សហរដ្ឋអាមេរិក រាប់សិបនាក់កាលពីថ្ងៃពុធ (១០ មករា) បានសហការគាំទ្រច្បាប់ដោយសរសើរលទ្ធិប្រជាធិបតេយ្យនៅកោះតៃវ៉ាន់ មុនការបោះឆ្នោតមេដឹកនាំ និងសភា ដោយជំរុញឱ្យចិនអំពាវនាវឱ្យសហរដ្ឋអាមេរិក បញ្ឈប់ទំនាក់ទំនងផ្លូវការជាមួយកោះនេះ។សេចក្តីសម្រេចដែលមានសមាជិកសភាគាំទ្រយ៉ាងហោចណាស់ ២៨រូបមកពីសាធារណរដ្ឋ និងប្រជាធិបតេយ្យនៅក្នុង ព្រឹទ្ធសភាបាននិយាយថា «ព្រឹទ្ធសភាប្តេជ្ញាគាំទ្រសិទ្ធស្វ័យការពាររបស់កោះតៃវ៉ាន់ និងសេរីភាពរបស់ប្រជាជនខ្លួន តាមរយៈការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព ដោយប្រើធាតុទាំងអស់នៃអំណាចរបស់សហរដ្ឋអាមេរិក«។សេចក្ដីសម្រេចនេះសរសើរ «នីតិរដ្ឋ និងសង្គមស៊ីវិលរស់រវើក សេដ្ឋកិច្ចចម្រុះ និងប្រព័ន្ធនយោបាយស្ថិរភាព» របស់កោះតៃវ៉ាន់ ហើយផ្ទុយពីស្ថានភាពនៅក្នុងប្រទេសចិន។អ្នកបោះឆ្នោតរបស់កោះតៃវ៉ាន់ កំពុងធ្វើដំណើរទៅបោះឆ្នោតនៅថ្ងៃសៅរ៍ (១៣ មករា) ខាងមុខនេះសម្រាប់ការបោះឆ្នោតមេដឹកនាំ និងសភា ដែលកំពុងប្រព្រឹត្តទៅប្រឆាំងនឹងសង្គ្រាមពាក្យសម្តីរវាងកោះតៃវ៉ាន់ និងប្រទេសចិន ដែលចាត់ទុកកោះនេះជាទឹកដីរបស់ខ្លួន ទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីរដ្ឋាភិបាលតៃវ៉ាន់ក៏ដោយ៕

សហរដ្ឋអាមេរិក ជំរុញប្រទេសចិន កុំឲ្យជ្រៀតជ្រែកក្នុងការបោះឆ្នោតតៃវ៉ាន់

2024/01/11 06:06:26 pm        91
មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោកប្រធានាធិបតី Biden បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក ក្នុងសញ្ញាច្បាស់លាស់មួយចំពោះប្រទេសចិន ប្រឆាំងនឹងការជ្រៀតជ្រែកពីកម្លាំងខាងក្រៅ ឬឥទ្ធិពលណាមួយនៅក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងសភា នាពេលខាងមុខរបស់កោះតៃវ៉ាន់។ការបោះឆ្នោតនៅកោះតៃវ៉ាន់ថ្ងៃទី ១៣ ខែមករា កើតឡើងក្នុងពេលវេលាដ៏តានតឹងខ្លាំងមួយក្នុងទំនាក់ទំនងរវាងអាមេរិក និងចិន ខណៈដែលលោកប្រធានាធិបតី Joe Biden និងលោកប្រធានាធិបតីចិន Xi Jinping ទើបតែបង្កើតទំនាក់ទំនងយោធា និងយោធា ឡើងវិញ នៅពេលមេដឹកនាំទាំង២ បានជួបគ្នានៅរដ្ឋកាលីហ្វ័រនីញ៉ា កាលពីខែវិច្ឆិកាឆ្នាំមុន។ មន្ត្រីរូបនេះ បានប្រាប់ក្រុមអ្នកសារព័ត៌មាន មិនបញ្ចេញឈ្មោះ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មិនចូលពាក់ព័ន្ធនៅក្នុងការបោះឆ្នោតនោះទេ ហើយមិនមានបេក្ខជនដែលពេញចិត្ត ឬចូលចិត្តនោះទេ។ មន្ត្រីរូបនេះបាននិយាយថា យើងប្រឆាំងនឹងការជ្រៀតជ្រែកពីកម្លាំងខាងក្រៅ ឬឥទ្ធិពលណាមួយនៅ ក្នុងការបោះឆ្នោតរបស់កោះតៃវ៉ាន់។ មិនថាអ្នកណាជាប់ឆ្នោតក៏ដោយ គោលនយោបាយរបស់យើងចំពោះតៃវ៉ាន់នឹងនៅដដែល ហើយទំនាក់ទំនងក្រៅផ្លូវការដ៏រឹងមាំរបស់យើងក៏នឹងបន្តដែរ។ សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ បើទោះបីជាគ្មានទំនាក់ទំនងការទូតផ្លូវការជាមួយកោះនេះក៏ដោយ។ ការបោះឆ្នោតកំពុងប្រព្រឹត្តទៅប្រឆាំងនឹងការដើរថយក្រោយនៃសង្គ្រាមពាក្យសម្តីកានើតែក្ដៅរវាងកោះតៃវ៉ាន់ និងចិន ដែលចាត់ទុកកោះនេះជាទឹកដីរបស់ខ្លួន បើទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីរដ្ឋាភិបាលក្រុងតៃវ៉ាន់ក៏ដោយ។ ក្រុងវ៉ាស៊ីនតោន ចង់រក្សាស្ថានភាពជាក់ស្ដែងរបស់កោះស្វ័យគ្រប់គ្រងមួយនេះឲ្យនៅដដែលដូចបច្ចុប្បន្ន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានអាជ្ញាធរប៉ាឡេស្ទីននិយាយថា កងទ័ពអ៊ីស្រាអែល និងអ្នកតាំង​លំនៅឋាន​កំពុង​បំផ្លាញ​ទស្សន​វិស័យសន្តិភាព
08/15/2026 06:08 PM
វេណេស៊ុយអេឡា ដោះលែងអ្នកទោសនយោបាយចំនួន ១៣១នាក់
08/15/2026 06:08 PM
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់​តុលាការពន្លឿនចាត់ការលើសំណុំ​រឿង​ជេរ​ប្រមាថ​របស់​លោក​ស្រី សំ សុខា ឲ្យបានឆាប់ និងស្របតាមច្បាប់
08/15/2026 06:08 PM
សហរដ្ឋអាមេរិកចង់ឲ្យលោក Netanyahu ថ្កោលទោសការឡោមព័ទ្ធភូមិប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
08/15/2026 05:08 PM
ប្រធានតុលាការកំពូលកម្ពុជា ប្រាប់ប្រធានតុលាការកំពូលវៀតណាម-ឡាវ ពីការឈ្លា​ន​ពា​ន និង​ការកាន់កាប់ទឹក​ដីដោយខុសច្បាប់​ពីសំណាក់ភាគីថៃមកលើដែនអធិបតេយ្យរបស់កម្ពុ​ជា
08/15/2026 05:08 PM
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់៖ ការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង បានសម្លាប់មនុស្សយ៉ាងតិច ៧នាក់
08/15/2026 05:08 PM
ភ្លៀងធ្លាក់ខ្លាំងជាប់កំណត់ត្រា បានធ្វើឲ្យអ្នកដំណើររាប់ពាក់នាក់ជាប់ខ្លួននៅអាកាសយានដ្ឋានក្រុងតូក្យូ
08/15/2026 05:08 PM
យន្តហោះចម្បាំងអង្គការណាតូ បាញ់ទម្លាក់យានដ្រូននៅលើដែនអាកាសប្រទេសឡាតវី
08/15/2026 05:08 PM
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកថ្មបាំង ជំរុញ​ឲ្យ​សមាជិក​បក្ស​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ​ចំពោះសុខទុក្ខពលរដ្ឋនៅមូលដ្ឋាន
08/15/2026 05:08 PM
ការបណ្ដុះបណ្ដាលដែលផ្ដល់ដោយរដ្ឋាភិបាល ធ្វើឱ្យយុវជនមានជំនាញពិតប្រាកដ មាន ការងារធ្វើ និងប្រកបរបរបាន
08/15/2026 05:08 PM