សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុងជាង១.០០០ របស់អ៊ុយក្រែន ដាច់ថាមពលអគ្គិសនី ដោយសារអាកាសធាតុរដូវរងាខ្លាំង

2024/01/10 10:37:15 pm        91
ប្រតិបត្តិករបណ្តាញអគ្គិសនីរបស់ប្រទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារថា អាកាសធាតុរដូវរងាត្រជាក់ខ្លាំង បានធ្វើឱ្យក្រុងនិងភូមិជាង ១.០០០ គ្មានអគ្គិសនីប្រើប្រាស់ នៅក្នុងតំបន់ចំនួន៩ ហើយបានជំរុញឱ្យពលរដ្ឋសន្សំសំចៃថាមពល ខណៈប្រព័ន្ធថាមពល បានចុះខ្សោយដោយសារការវាយប្រហាររបស់រុស្ស៊ី។ ប្រតិបត្តិករបណ្តាញអគ្គិសនី ក្រុមហ៊ុន យូក្រែន័រហ្គ្រូ(Ukrenergo) បាននិយាយថា ការប្រើប្រាស់អគ្គិសនីមានកម្រិតខ្ពស់បំផុតក្នុងសប្តាហ៍នេះ ខណៈសីតុណ្ហភាពបានធ្លាក់ចុះដល់ ដក១៥អង្សាសេ នៅផ្នែកជាច្រើនរបស់ប្រទេស។ក្រុមហ៊ុនបាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា កម្រិតនៃការប្រើប្រាស់នៅតែបន្តកើនឡើងដោយសារតែសីតុណ្ហភាពធ្លាក់ចុះខ្លាំងនៅទូទាំងប្រទេស ហើយការប្រើប្រាស់អគ្គិសនីនៅពេលព្រឹក ខ្ពស់ជាង ៥,៨ ភាគរយរួចទៅហើយកាលពីថ្ងៃមុន។ ដោយសារអាកាសធាតុមិនអំណោយផល ខ្យល់បក់ខ្លាំង និងថាមពលទឹកកក បានកាត់ផ្តាច់ថាមពលអគ្គិសនីនៅលំនៅឋានចំនួន ១.០២៥ខ្នង។ ក្រុមហ៊ុន Ukrenergo និយាយថា អាកាសធាតុបានបង្កការខូចខាតច្រើនដល់បណ្តាញចែកចាយ ដោយមានខ្យល់បក់ខ្លាំង អាកាសធាតុត្រជាក់ខ្លាំង និងស្រទាប់ទឹកកកក្រាស់នៅលើឧបករណ៍ ដែលបានពន្យារពេលការងារជួសជុលបណ្តាញ។ លោក Vitaliy Kim អភិបាលតំបន់ Mykolaiv ភាគខាងត្បូង ជាកន្លែងដែលក្រុង និងភូមិចំនួន ២១៥កន្លែង ត្រូវបានកាត់ផ្តាច់ចរន្តអគ្គិសនី បាននិយាយថា ទឹកកកនៅលើខ្សែកាបអគ្គិសនី មានកម្រាស់ជាង ៥ សង់ទីម៉ែត្រ។ក្រុមហ៊ុន Ukrenergo និយាយថា ប្រព័ន្ធថាមពល កំពុងដំណើរការក្នុងកម្រិតអតិបរិមា ហើយបានជំរុញឱ្យពលរដ្ឋសន្សំសំចៃអគ្គិសនីឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន និងជៀសវាងការប្រើប្រាស់ឧបករណ៍អគ្គិសនីច្រើនក្នុងពេលដំណាលគ្នា ដើម្បីជួយទប់ទល់ប្រព័ន្ធថាមពល។

នាយករដ្ឋមន្រ្តីប្រសិទ្ធនាម «សារមន្ទីរតេជោសន្តិភាព»ជាផ្លូវការ ខណៈសារមន្ទីរនេះ ក្លាយជាមជ្ឈមណ្ឌលផ្ទុកឯកសារប្រវត្តិសាស្រ្តដ៏ធំនៅកម្ពុជា

2024/01/10 10:26:30 pm        322
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រសិទ្ធនាម«សារមន្ទីរតេជោសន្តិភាព» Techo Peace Museum ជាផ្លូវការ ខណៈសារមន្ទីរនេះស្ថិតនៅក្នុងវិមានឈ្នះ ឈ្នះ ដើម្បីជាការរួមចំណែកផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតដល់ គណៈប្រតិភូជាតិ និងអន្តរជាតិ ក៏ដូចជាសាធារណជន ទាក់ទងនឹងដំណើរជាតិកម្ពុជា ពិសេសពាក់ព័ន្ធនឹងជីវិតដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តាំងពីចំណុចចាប់ផ្ដើមនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងដំណើរអនុវត្តនយោបាយឈ្នះ ឈ្នះ នាំឲ្យមានការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ។ការប្រសិទ្ធនាមជាផ្លូវការនូវ«សារមន្ទីរតេជោសន្តិភាព»នេះ គឺបានធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅក្នុងឱកាសដែលកម្ពុជាប្រារព្ធខួបលើកទី២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និងការអនុវត្តប្រកបដោយភាពជោគជ័យនូវនយោបាយឈ្នះ ឈ្នះ និងការប្រារព្ធខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ក្នុងគោលបំណងបន្តចែករំលែក និងបង្ហាញនូវព័ត៌មានលម្អិត​បន្ថែមទៀត​ទាក់ទងនឹងខ្លឹមសារនៃដំណើរការអនុវត្តនយោបាយឈ្នះ ឈ្នះ ប្រកបដោយភាពស៊ីជម្រៅ ​ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាមគ្គុទ្ទេសក៍ឯក ជូនដល់ប្រតិភូជាតិ និងអន្តរជាតិ បងប្អូនប្រជាពលរដ្ឋខ្មែរ ពិសេសសម្រាប់សិស្សានុសិស្ស និស្សិត អ្នកសិក្សាស្រាវជ្រាវ ស្វែងយល់តាមរយៈ គំនូរ ចម្លាក់ ខ្លឹមសារ រូបថតប្រវត្តិសាស្ត្រ សម្ភារៈផ្ទាល់ខ្លួន​របស់​សម្ដេចតេជោ ហ៊ុន សែន និងវត្ថុតាងសង្រ្គាមនានាជាដើម។«សារមន្ទីរតេជោសន្តិភាព»នេះបានផ្ទុកនូវរាល់ឯកសារទាំងអស់ទាក់ទងនឹងនយោបាយឈ្នះ ឈ្នះ ដែលជានិមិត្តរូបឲ្យការបង្រួបបង្រួមជាតិ និងបិទបញ្ចប់នូវភ្លើងសង្គ្រាមទាំងស្រុងនៅកម្ពុជា ហើយ​បាននាំកម្ពុជាមាននូវសុខសន្តិភាព ​និងការឯកភាពជាតិពេញលេញ ព្រមទាំងមានការអភិវឌ្ឍរហូត​ដល់សព្វថ្ងៃនេះ។«សារមន្ទីរតេជោសន្តិភាព»នេះ ​នឹងផ្តល់ព័ត៌មានកាន់តែពិស្តារបន្ថែមទៀតទាក់ទិននឹង​នយោបាយឈ្នះ ឈ្នះ ​និងប្រវត្តិសាស្ត្រសំខាន់ៗជាច្រើនទៀតដូចជារូបគំនូរ និងរូបថត ស្តីពីប្រវត្តិនៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តូលរលំរបបប្រល័យពូជសាសន៍ប៉ុលពតថ្ងៃទី ២០ ខែមិថុនា ឆ្នាំ១៩៧៧ និងសម្ភារៈផ្សេងៗ របស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដូចជា រថយន្ត វិទ្យុ ទូរដាក់សំភារៈ ដែលបានប្រើប្រាស់កាល​ពីទស្សវត្សទី៧០ រហូតមកដល់ទស្សវត្សទី៨០ និង បង្ហាញពីភូមិសាស្ត្រនៃការអនុវត្ត នយោបាយ​ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុនសែន ក្នុងយោធភូមិភាគទី៣ ទី៤ និងទី៥ ក៏ដូចជាតំបន់​សមិទ្ធផល​បង្ហាញពីសមិទ្ធផលសំខាន់ៗរបស់ជាតិ ​ដំណើរការសាងសង់វិមានឈ្នះ ឈ្នះ និង​សកម្មភាពរបស់កងទ័ពមួកខៀវកម្ពុជានៅក្នុងបេសកកម្ម ថែរក្សាសន្តិភាពរបស់អង្គការ​សហប្រជាជាតិ។គួរជាការរំលឹកផងដែរ តាមរយៈទិសដៅការងារ និងចក្ខុវិស័យដឹកនាំរបស់ក្រុមការងារសិក្សា​ស្រាវជ្រាវ និងសាសង់វិមានឈ្នះ ឈ្នះ ដឹកនាំបញ្ជាផ្ទាល់ដោយ ​នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក្រោម​ការចង្អុលបង្ហាញរបស់ នាយឧត្តមសេនីយ៍ ទៀ សីហា​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ ​សារមន្ទីរនេះ នឹង​បន្តអភិវឌ្ឍន៍​ខ្លឹមសារដោយមានការធ្វើទំនើបកម្មភ្ជាប់ខ្លឹមសារជាប្រព័ន្ធQR code បំពាក់បន្ថែមភាសាអង់គ្លេស និង​បន្ថែមភស្តុតាងប្រវត្តិសាស្ត្រសំខាន់ៗតាមរយៈការងារប្រវត្តិសាស្ត្រយោធា និងសមិទ្ធផល​សំខាន់ៗថ្មីរបស់រាជរដ្ឋាភិបាល ​ដើម្បីបំពេញន័យឲ្យនយោបាយឈ្នះ ឈ្នះ កាន់តែមានសក្តានុពល​បន្ថែមផងដែរ៕អត្ថបទបាន ចក់

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោកជំទាវ ឯកអគ្គរដ្ឋទូតគុយបាវាយតម្លៃខ្ពស់ពីការចូលរួម​របស់ស្រ្តីប្រទេសទំាងពីរក្នុងបុព្វហេតុសន្តិភាព និងការអភិវឌ្ឍ

2024/01/10 10:20:08 pm        98
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងលោកជំទាវ លីយូកា រ៉ូឌ្រីហ្គេស បារីយ៉ូ (Liyrka Rodriguez Barrios) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបាប្រចាំនៅកម្ពុជា ដែលជាស្រ្តីដូចគ្នា បាន​វាយតម្លៃខ្ពស់ចំពោះពលីកម្ម ភាពអង់អាចក្លាហានរបស់ស្រ្តីកម្ពុជា ក៏ដូចជាស្រ្តីគុយបា ដែល​បាន​លះបង់ និងបំពេញការងារក្នុងបុព្វហេតុសន្តិភាព និងការអភិវឌ្ឍ។  ក្នុងឱកាសអនុញ្ញាតឱ្យ លោកជំទាវ លីយូកា រ៉ូឌ្រីហ្គេស បារីយ៉ូ ដែលត្រូវចប់អាណត្តិ​បេសកកម្ម​ការ​​ទូតនៅកម្ពុជា ចូលជួបសម្តែងការគួរសមនិងជម្រាបលា នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅ​វិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បាន​កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះលទ្ធផលបេសកកម្មការទូតរបស់លោកជំទាវ ឯកអគ្គរដ្ឋទូត ក្នុង​ការ​ចូលរួម​ពង្រឹង​ពង្រីក​ចំណង​មិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងគុយបា ដែលមាន​តំាង​ពីយូរ​លុង​មក​ហើយ​នោះ ឱ្យកាន់តែរីកចម្រើនឡើងជាលំដាប់។ សម្តេច​ប្រធានរដ្ឋសភាបានលើកឡើងពីភាពសកម្មរបស់លោកជំទាវ ឯកអគ្គរដ្ឋទូត នៅ​ក្នុង​រយៈពេល​បំពេញបេសកកម្មការទូតនៅកម្ពុជាថា បានចូលរួមគ្រប់កម្មវិធីសង្គម នយោបាយ និង​ការងារ​ស្រ្តី។ សម្តេចបានលើកឡើងថា ដោយសារស្ថិតនៅក្នុងស្ថានភាពប្រហាក់ប្រហែលគ្នា ស្រ្តី​កម្ពុជា និង​គុយបា បានក្រោកឈរយ៉ាងរឹងមាំ រួមសហការជាមួយបុរស នៅក្នុ​ង​ការ​បំពេញ​ការងារ​គ្រប់​វិស័យ ដោយភាពរឹងមាំ ក្លាហាន។ សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា ភាពលំបាក​បាន​ធ្វើស្រ្តី ​រឹងមាំ។សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានថ្លែងកោតសរសើរចំពោះរដ្ឋសភាប្រទេសគុយបា ដែល​មាន​សមាជិកជាស្រ្តីដល់ទៅជាង ៥៣% ឈរនៅក្នុងលំដាប់លេខរៀងទី២ លើសកលលោក ក្នុងចំណោមរដ្ឋសភាមានសមាជិកជាស្រ្តីច្រើនជាងគេ បន្ទាប់ពីរដ្ឋសភារ៉ូវ៉ាន់ដា ដែល​មាន​ចំនួន​សមាជិក​សភា​ស្រ្តីរហូតដល់ ៦១%។ ការដែលមានសមាជិកសភាជាស្រ្តីច្រើននេះ មិនត្រឹមជាការ​លើក​កម្ពស់​សមភាពយេនឌ័ររវាងស្រ្តីនិងបុរសប៉ុណ្ណោះទេ តែជាការផ្តល់​អំណាច​ដល់​ស្រ្តី​នៅ​ក្នុង​ការ​កាន់​តួនាទីជាអ្នកសម្រេចចិត្តផងដែរ។សម្តេច​ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សមាជិកសភា​ស្ត្រី​គឺ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​កសាង​សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងមានភាពធន់របស់ជាតិ។លោកជំទាវ លីយូកា រ៉ូឌ្រីហ្គេស បារីយ៉ូ វិញ​ក៏​បាន​កោត​សរសើរ​ចំពោះ​ការ​ចូល​រួម​យ៉ាង​សកម្ម​របស់​ស្រ្តី​កម្ពុជា នៅក្នុងការងារនយោបាយ សង្គម និងសេដ្ឋកិច្ច។ ជាពិសេសលោកជំទាវ បានលើក​ឡើង​ពី​សមត្ថភាព និងទេពកោសល្យក្នុងការដឹកនាំរបស់ សម្តេចរដ្ឋសភាធិបតី ថាជាគំរូនិង​ជានិមិត្ត​រូប​របស់ស្រ្តី។ លោកជំទាវឯកអគ្គរដ្ឋទូតផ្ទាល់ បានសិក្សានិងរៀនសូត្របានយ៉ាងច្រើនពី សម្តេចប្រធានរដ្ឋសភា ផងដែរ។ ការបញ្ចប់បេសកកម្មនៅកម្ពុជា ប្រៀបដូចជាឃ្លាតឆ្ងាយពីគ្រួសារ។ ប៉ុន្តែលោកជំទាវ ពេញ​ចិត្ត​ចំពោះ​ជោគ​ជ័យ នៃបេសកកម្មការទូតនៅកម្ពុជា ដែលទទួលបានការ​គំាទ្រ និង​លើក​ទឹកចិត្ត​ពី​រាជ​រដ្ឋាភិបាល រដ្ឋសភា និងជាពិសេសពីប្រជាពលរដ្ឋកម្ពុជា។ លោកជំទាវ ឯកអគ្គរាជទូត បាន​លើក​ឡើង​ថា គុយបានៅបន្តគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេស​បន្ត​ផ្តល់​អាហារូបករណ៍​សុខាភិបាល​ដល់​និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសគុយបា។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោកជំទាវ លីយូកា រ៉ូឌ្រីហ្គេស បារីយ៉ូ បានលើកឡើង​ពី​ទំនាក់​ទំនងដ៏ល្អរវាងកម្ពុជាគុយបា ដែលបានពូនជ្រំឡើង ដោយ​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​នៃ​ប្រទេស​ទំាងពីរ តាំងពីសម័យព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តមសីហនុ និងអតីតប្រធានាធិបតី ហ្វីដែល កាស្រ្តូ មក។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា គុយបាជាមិត្តដ៏ល្អរបស់កម្ពុជា ដែល​បានជួយកម្ពុជានៅគ្រាលំបាក ក្រោយពីងើបចេញពីរបបប៉ុលពតប្រល័យពូជសាសន៍ ក្នុង​ឆ្នាំ​១៩៧៩។ ជាមួយ ការស្នើដល់ប្រទេសគុយបាបន្តជំរុញ និងលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគ ពង្រឹង​កិច្ច​សហប្រតិបត្តិការកាន់តែសកម្មនិងស៊ីជម្រៅលើវិស័យសុខាភិបាល អប់រំ កីឡា វប្បធម៌ និង​កសិកម្ម ជាដើម។ ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បាន​គូស​បញ្ជាក់ថា រដ្ឋសភាកម្ពុជាគំាទ្រការក្លាយជាប្រទេសសង្កេតការណ៍របស់គុយបា នៅ​ក្នុង​វេទិកា​អន្តរស​ភាអាស៊ាន (AIPA) លើកទី៤៥ ដែល​រដ្ឋសភា​ប្រទេស​ឡាវ​ធ្វើ​ជាម្ចាស់​ផ្ទះ​នៅ​ក្នុង​ឆ្នាំ​២០២៤​នេះ​៕

អាជ្ញាធរបន្តចុះផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀន ដល់សិស្សានុសិស្សវិទ្យាល័យច្បារអំពៅ

2024/01/10 09:46:24 pm        207
នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ អាជ្ញាធរខណ្ឌច្បារអំពៅ បានបន្តសកម្មភាព​ក្នុងការ​ចុះផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ នៃគ្រឿងញៀន ដល់​សិស្សានុសិស្សវិទ្យាល័យសម្តេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ ដើម្បីបញ្ចៀបការយល់ដឹងឱ្យបានកាន់តែទូលំទូលាយ ។លោក ញាណ ច័ន្ទសោភា អភិបាលរងខណ្ឌច្បារអំពៅ ទទួលផែនការងារសន្តិសុខ បានប្រាប់​ឱ្យដឹងថា បញ្ហាគ្រឿងញៀននេះ ​គឺជាការងារអាទិភាព​ចម្បង ដែលរាជរដ្ឋាភិបាល​អាណត្តិទី៧ កំពុងយកចិត្តទុកដាក់ក្នុងការ​ប្រយុទ្ធប្រឆាំង ​។ ដូច្នោះ​អាជ្ញាធរថ្នាក់ក្រោមជាតិ ក៏កំពុងខិតខំ​បន្តបង្ក្រាប ​និងដាក់ចេញនូវយន្តការ​ចុះផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​ដល់ពលរដ្ឋ​ និងតាមសាលា និង​វិទ្យាល័យទាំងអស់នៅក្នុងមូលដ្ឋាន ​ដើម្បីជាការ ក្រើនរំលឹកដល់​សិស្សានុសិស្ស​ដែល​ជា​ទំពាំងស្នងឬស្សី ឱ្យជៀសឆ្ងាយដាច់ខាត និងត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន ។ លោកវរសេនីយ៍ទោ ឡូ ភារម្យ អធិការរងនគរបាលខណ្ឌច្បារអំពៅ ទទួលផែននគរបាល​ប្រឆាំង​គ្រឿងញៀន បានប្រាប់ឱ្យដឹងថា ថ្ងៃនេះ នគរបាលជំនាញ ​បានធ្វើការពន្យល់ ​និងបង្ហាញដល់ក្មួយៗ សិស្សានុសិស្ស ពីចំណុចជាច្រើន ​នៃផលវិបាកអំពីគ្រឿងញៀន ​ដោយសិស្សានុសិស្ស ក៏បាន​ផ្ដោះផ្ដង​ជាមួយ​សំណួរ និងការ​ងឿងឆ្ងល់​មួយចំនួនរបស់ពួកគាត់​មកកាន់​សមត្ថកិច្ចវិញផងដែរ ដើម្បី​សុំការបកស្រាយបញ្ជាក់ ។សិស្សានុសិស្ស យល់ឃើញថា ពួកគាត់​បាន​យល់​ជ្រាប​កាន់តែច្បាស់ ពីចំណុចដែលពួកគាត់​ពុំសូវបានដឹង​ លើផល​ប៉ះពាល់​ នៃ​គ្រឿងញៀន ​បន្ទាប់ពី​បានចូលរួមក្នុងការស្តាប់ការ​ពន្យល់​ណែនាំរបស់នគរបាលជំនាញនៅថ្ងៃនេះ ។ សិស្សានុសិស្ស បន្ថែមថា គ្រឿងញៀន គឺជា​ដើមចមចម្បងបំផុត នៃការ​បំផ្លាញ​ធនធាន​មនុស្ស គ្រួសារ ​និងសង្គមជាតិទាំងមូល ។គួររំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បាន​មានប្រសាសន៍ថា ​បញ្ហា​គ្រឿងញៀន​នេះ ​គឺជាការងារអាទិភាពចម្បងទី០៤ ​ដែល​រាជ​រដ្ឋាភិបាលអាណត្តិទី៧ ត្រូវយ​កចិត្តទុក​ដាក់គិតគូរ​ ក្នុងការទប់ស្កាត់ និងបង្ក្រាបវាឱ្យ​មានប្រសិទ្ធភាពខ្ពស់បំផុត ខណះដែលបញ្ហាគ្រឿងញៀននេះ មិនមែនជួបប្រទះតែនៅក្នុងប្រទេសកម្ពុជា១នោះទេ នៅបណ្តាប្រទេសមហាអំណាចធំៗលើសកលលោក ក៏ដោះស្រាយវាមិនទាន់មានភាពល្អប្រសើរនៅឡើយនោះដែរ ៕ អត្ថបទ ៖ លីហេង

យុវជនអាស៊ាន ១០ប្រទេស ចូលរួមកម្មវិធី «អ្នកស្ម័គ្រចិត្តអាស៊ាន-កម្ពុជា» ជាងម្ភៃថ្ងៃនៅកម្ពុជា

2024/01/10 09:35:08 pm        1017
យុវជនជាអ្នកស្ម័គ្រចិត្តសកម្មមកពីប្រទេសទាំង ១០នៃសមាជិកអាស៊ាន បានមក​ចូលរួម​ក្នុង​កម្មវិធី «អ្នកស្ម័គ្រចិត្តអាស៊ាន-កម្ពុជា»។ ការមកចូលរួមក្នុងកម្មវិធីនេះ គឺយុវជននឹងស្នាក់នៅ និង​បំពេញ​សកម្មភាពមួយចំនួននៅកម្ពុជា រយៈពេលជាងម្ភៃថ្ងៃ ចាប់រាប់ពីថ្ងៃទី ៩ រហូតថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤ខាងមុខ។ប្រទេសជាសមាជិកអាស៊ានទាំង ១០ បានបញ្ជូនយុវជន ១រូបតំណាងឱ្យប្រទេសរៀងខ្លួន មក​ចូល​រួម​ក្នុងកម្មវិធី «អ្នកស្ម័ក្រចិត្តអាស៊ាន-កម្ពុជា»។ វត្តមានរបស់ពួកគេ បានមកដល់កម្ពុជា កាល​ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ដោយនឹងបន្តស្នាក់នៅ និងបំពេញសកម្មភាពនៅកម្ពុជា រហូត​ដល់​ថ្ងៃទី៣០ ខែមករា។កម្មវិធី ​«អ្នកស្ម័ក្រចិត្តអាស៊ាន-កម្ពុជា»នេះ ក៏ជាលើកដំបូងដែលក្រសួងអប់រំ យុវជន និងកីឡា របស់​កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំផងដែរ។ ក្នុងឱកាសទទួលជួបជាមួយយុវជនទាំង ១០​រូប​នៅ​ថ្ងៃនេះ ឯកឧត្តម ជីវ រដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជន បានលើកឡើងថា ប្រធាន​បទ​សំខាន់​នៃកម្មវិធីនេះ គឺផ្តោតលើ «ការត្រៀមលក្ខណៈ និងការកាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្ត​រាយក្នុងសហគមន៍»។ ឯកឧត្តមបញ្ជាក់ថា យុវជនទាំងនេះ​នឹង​ចំណាយ​ពេល​ទាំង​នៅ​រាជ​ធានី​ភ្នំពេញ និងបណ្ដាខេត្តមួយចំនួន ដើម្បីសិក្សាស្វែងយល់បន្ថែម ពីការងារ​នានា​ពាក់​ព័ន្ធ​នឹង​គ្រោះ​មហន្ត​រាយ។ លើសពីការសិក្សាស្វែងយល់ គឺយុវជនទាំងនេះ មានតួនាទី​ត្រូវ​ធ្វើ​គម្រោង​ម្នាក់​មួយ​ ពាក់ព័ន្ធនឹងគ្រោះមហន្តរាយ ជាការចូលរួមវិជ្ជមានដល់សង្គមជាតិ។ក្នុងនាមជាថ្នាក់ដឹកនាំមួយរូប ក្នុងការរៀបចំកម្មវិធីនេះ ឯកឧត្តម អគ្គនាយករង នៃ​អគ្គ​នាយកដ្ឋាន​​យុវជន លើកឡើងថា យុវជននៃសមាជិកអាស៊ានទាំង ១០ រូប នឹង​ត្រូវ​បំពេញ​ទស្សន​កិច្ច សិក្សាស្វែងយល់នៅ កាកបាទក្រហមកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រងមហន្តរាយ ការ​ទៅ​​ទស្សន​កិច្ច​នៅ​ព្រះបរមរាជវាំង សារៈមន្ទី រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តិភ្នំ វិមានឈ្នះ ឈ្នះ សម្រាប់​ភូមិសាស្ត្ររាជធានីភ្នំពេញ។ ចំពោះ​សកម្មភាពនៅតាមខេត្តវិញ គឺយុវជនទាំងនេះ នឹងទៅទស្សនកិច្ចស្វែងយល់ ពី​ការ​ការពារ​បរិស្ថាន​នៅ​ឧទ្យានជាតិគីរីរម្យ ខេត្តកំពង់ស្ពឺ ការទៅសិក្សាពីការការពារខ្លួន និងការ​ចូលរួម​ដាំ​ដើម​ឈើ​នៅ​តំបន់​ត្រពាំងសង្កែ ជាដើម។ឯកឧត្តមលើកឡើងថា ការធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីនេះ គឺផ្ដល់ផលប្រយោជន៍សម្រាប់កម្ពុជា។ ផល​ប្រយោជន៍ទី១ គឺសម្រាប់យុវជនកម្ពុជាក្នុងការបង្កើតទំនាក់ទំនង ក៏ដូច​ជា​ការ​បង្ហាញ​មក​ពី​សមាជិក​អាស៊ាន ឃើញច្បាស់ពីការរីកចំរើន របស់កម្ពុជា។ ពួកគេទាំងនោះ នឹងអាច​ផ្សព្វផ្សាយ​បន្ត​ពីកម្ពុជា នៅពេលត្រឡប់ទៅប្រទេសកំណើតរៀងខ្លួនវិញ៕ អត្ថបទ៖ គឹម ហុក

មន្រី្តជំនាញ ចុះកំណត់យកអ្នកមានជំនាញពីដូនតា និងមានស្នាដៃ ផ្នែកចម្លាក់ប្រាក់-ស្ពាន់ ឱ្យក្លាយទៅជាមរតកមនុស្សរស់ នៅឃុំកោះចិន

2024/01/10 09:28:14 pm        333
មន្រី្តជំនាញមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកណ្តាល ចុះសិក្សាស្រាវជ្រាវស្រង់ស្ថិតិ ឈានដល់ការចុះកំណត់និយាមកា (ហៅកាត់UTM) ដើម្បីកំណត់យកតំបន់មានសក្តានុពលផ្នែក​ចម្លាក់ប្រាក់-ស្ពាន់ និងអ្នកមានចំណេះជំនាញពីដូនតា និងមានស្នាដៃល្អ ក្លាយទៅជាមរតកមនុស្សរស់ នៅឃុំកោះចិន ក្នុងស្រុកពញាឮ ខេត្តកណ្តាល។លោក អាន សុធា ប្រធានការិយាល័យសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកណ្តាល ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះថា ក្នុងផែនការ នៃការិយាល័យ ដែលដឹកនាំដោយលោកស្រី មួង សារឹម ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល ក្នុងឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំបានចង្អុលបង្ហាញដល់មន្រី្តជំនាញចុះសិក្សាស្រាវជ្រាវស្រង់ស្ថិតិ ឈានដល់ការចុះកំណត់និយាមកា(ហៅកាត់UTM) ដើម្បីកំណត់យកនូវព័ត៌មានអ្នកផលិត ប្រជាពលរដ្ឋ អាជីវករ និងសិល្បករ មានស្នាដៃផលិតចម្លាក់ប្រាក់-ស្ពាន់នៅឃុំកោះចិន ដែលជាតំបន់ប្រវតិ្តសាស្រ្ត ឲ្យមានលទ្ធផលជាក់លាក់ ដើម្បីងាយស្រួល ដល់អ្នកសិក្សាស្រាវជ្រាវ ឬសាធារណជន ដែលមានបំណងចង់ស្វែងរកទីតាំងម្ចាស់អាជីវកម្មផ្នែកចម្លាក់ប្រាក់-ស្ពាន់ គឺគ្រាន់តែទាញយកទូរស័ព្ទដៃ រួចវាយអក្សរ UTM នោះ នឹងរកទីតាំងឃើញ (តើអ្នកនោះឈ្មោះអ្វី និងផលិតចម្លាក់ប្រាក់-ស្ពាន់)។ ពិសេសយើងចងក្រងសៀវភៅមគ្គុទេសក៍នេះ ក៏ដើម្បីផ្សព្វផ្សាយទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ ឲ្យដឹងថា កម្ពុជា មានតំបន់តែមួយគត់​សម្រាប់​ខេត្តកណ្តាល គឺស្រុកពញាឮ មានចម្លាក់ប្រាក់ ស្ពាន់ ចម្លាក់ស្មិត និងឲ្យក្លាយទៅជាតំបន់​ទេសចរមួយ សម្រាប់ពិភពលោក ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ចូលរួមលើកកម្ពស់វិស័យ​សិល្បៈចម្លាក់ប្រាក់ ស្ពាន់ ចម្លាក់ស្មិតនេះ ឲ្យកាន់តែរីកចម្រើន។លោក អាន សុធា បានបញ្ជាក់ទៀតថា កិច្ចខិតខំប្រឹងប្រែងរបស់មន្រី្តជំនាញទាំងអស់នេះ គឺដើម្បីឆ្លើយតបយុទ្ធសាស្រ្តបញ្ចកោណរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណតិ្តទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ផ្តោតលើក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមរតកដូនតា ដើម្បីផ្សព្វផ្សាយ ចែករំលែកចំណេះដឹង ដោយមិនចាំបាច់គ្រូពីសាលានោះទេ។ ដោយសារគាត់ គឺជាគ្រូនៅតាមតំបន់នីមួយៗដែលមានចំណេះជំនាញស្រាប់ នឹងចែករំលែកហ្វឹកហាត់សិស្សបន្តបន្ទាប់បន្ថែមទៀត ឲ្យសិស្សមានចំណេះដឹង និងមានសក្តានុពលផ្នែកចម្លាក់ប្រាក់-ស្ពាន់ ដើម្បីចូលរួមថែរក្សា និងអភិរក្សចំណេះជំនាញដូនតានេះ៕អត្ថបទ រដ្ឋា

រដ្ឋសភាកម្ពុជា និងប៉ាគីស្ថាន ជំរុញការបង្កើតនូវអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ច​សហប្រតិបត្តិការកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ក្នុងពេលឆាប់ៗខាងមុខ

2024/01/10 09:21:28 pm        137
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង​ឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ឥស្លាមប៉ាគីស្ថាន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញារួមគ្នា​នៅ​ក្នុង​ការ​ពង្រឹង​ពង្រីក​ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាប្រទេសទាំងពីរឱ្យរឹងមាំគ្រប់ជ្រុងជ្រោយឡើង ជា​ពិសេស​ជំរុញ​ឱ្យមានការបង្កើតឡើង នូវអនុស្សរណៈយោគយល់គ្នា (MOUs) ស្តីពីកិច្ច​សហប្រតិបត្តិការ​រវាងរដ្ឋសភាប្រទេសទំាងពីរ នាពេលខាងមុខ ឆាប់ៗនេះ ក្នុងការបម្រើ​ផល​ប្រយោជន៍​ប្រជាជន នៃប្រទេសទំាងពីរ។ ការប្តេជ្ញាចិត្តក្នុងការជំរុញឱ្យបង្កើតបាននូវ អនុស្សរណៈយោគយល់គ្នា (MOUs) រវាង​រដ្ឋសភា​ប្រទេស​ទំាង​ពីរនេះ បានធ្វើឡើងក្នុងឱកាស សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួល​ជួប​ពិភាក្សា​ការងារជាមួយ ឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម នាព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ​២០២៤​នេះ នៅវិមានរដ្ឋសភា។នៅក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានអបអរសាទរការបោះឆ្នោតដោយសេរី យុត្តិធម៌ និង​គ្មានអំពើហិង្សានៅកម្ពុជា។ ឯកឧត្តម បានបញ្ជាក់ថា ប៉ាគីស្ថានជាប្រទេសមួយ ដែល​បាន​ធ្វើ​ជា​សាក្សី​នៅក្នុងការបោះឆ្នោតជាសកល កាលពីខែកក្កដា ដោយបាន​បញ្ជូន​ឥស្សរជន​សំខាន់ៗ​របស់​ខ្លួន មកសង្កេតការណ៍ជាច្រើននាក់។ ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានអបអរសាទរជូនសម្តេចរដ្ឋសភាធិបតី ដែល​ត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត ជាប់ជាប្រធានរដ្ឋសភានីតិកាលទី៧ ជាស្រ្តីដំបូងនៅ​កម្ពុជា​ដែល​ទទួល​បាន​តួនាទី​ដ៏​ឧត្តុង្គឧត្តមនេះនៅក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ។ឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា នៅ​ក្នុង​កុម្ភៈ​ខាង​មុខ​នេះ ប៉ាគីស្ថាននឹងរៀបចំការបោះឆ្នោតសភា។ បន្ទាប់ពី​ការ​បោះឆ្នោត​បង្កើត​រដ្ឋសភា​ថ្មី​ហើយ​នោះ ប៉ាគីស្ថាននឹងលើកទឹកចិត្តជំរុញដល់ការបង្កើតនូវអនុស្សរណៈយោគយល់ ស្តីពី​កិច្ច​សហប្រតិបត្តិការ​រវាងរដ្ឋសភាប៉ាគីស្ថាននិងកម្ពុជា ក្នុង​ការ​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រដ្ឋសភា​ប្រទេស​ទំាងពីរឱ្យកាន់តែរឹងមាំ គ្រប់ជ្រុងជ្រោយ ទំាងក្នុងក្របខណ្ឌទ្វេភាគី និង​ពហុភាគី​។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគំាទ្រការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត និង​បាន​គូស​បញ្ជាក់ថា ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យរឹងមាំ សកម្ម និង​គ្រប់​ជ្រុង​ជ្រោយឡើង ក៏ជាបំណងប្រាថ្នារបស់រដ្ឋសភាកម្ពុជាដែរ។ សម្តេចបានលើកឡើងថា កិច្ច​សហប្រតិបត្តិការរដ្ឋសភា ក៏ដូចជារដ្ឋាភិបាលប្រទេសទំាងពីរ មិនត្រឹមបម្រើផលប្រយោជន៍ សុខ​សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា និងប៉ាគីស្ថាននោះទេ តែនឹង​បម្រើ​ដល់​ផល​ប្រយោជន៍​រួម ជាការចូលរួមថែរក្សាសុខសន្តិភាព និងស្ថិរភាព ក្នុងតំបន់និងសកលោកទំាងមូល។សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្ម របស់សភាប៉ាគីស្ថាន នៅ​លើ​វេទិកា​អន្តរសភានានា ក្នុងបុព្វសន្តិភាពនិងមនុស្សធម៌ ជាពិសេស​គណៈប្រតិភូ​រដ្ឋ​សភា​ប៉ាគី​ស្ថាន​តែង​តែមានវត្តមាន ចូលរួមនៅក្នុងកិច្ចប្រជុំ ឬមហាសន្និបាត វេទិកាអន្តរសភា ដែល​រដ្ឋសភា​កម្ពុជា​ធ្វើ​ជាម្ចាស់ផ្ទះនាពេលកន្លងមក។ សម្តេចបានគូសបញ្ជាក់ថា សភាទាំង​ពីរ​ប្រទេស​បាន​បន្ត​ការ​គាំទ្រ​គ្នាទៅវិញទៅមកជាបន្តបន្ទាប់ក្នុងក្របខណ្ឌពហុភាគីនានា រួមទាំង APA, IPU, APPF, ASEP និងAIPA ជាដើម។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណប្រទេសប៉ាគីស្ថាន ដែល​បាន​គំាទ្រ​ដល់​ការ​បោះឆ្នោត​នៅ​កម្ពុជានិងតែងតែជួយលើកទឹកចិត្តដល់ការអភិវឌ្ឍនៅកម្ពុជា។ ជាមួយគ្នានេះ សម្តេច​ប្រធានរដ្ឋសភា ក៏បានស្នើ​ដល់​ប៉ាគីស្ថាន​ពិនិត្យ​លទ្ធភាព​នៅ​ក្នុង​ការ​ពង្រីក​ការ​វិនិយោគ និង​ការ​ធ្វើ​ពាណិជ្ជកម្មនៅកម្ពុជា ដូចជាការកែច្នៃកសិផលផ្នែកអាហារហ៉ាល់ឡា “Halal” ជំរុញ​ការ​បង្កើត​ជើង​ហោះហើរត្រង់រវាងប្រទេសទំាងពីរ និងការភ្ជាប់​ទំនាក់​ទំនង​ប្រជាជន និង​ប្រជាជន​ក្នុង​វិស័យ​ទេសចរណ៍ជាដើម។ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត ប៉ាគីស្ថាន មានសុទិដ្ឋិនិយមថា​នៅ​ពេល​ស្ថាន​ទូត​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំនៅប្រទេសប៉ាគីស្ថានបានបង្កើតជាផ្លូវការនោះ ការពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់វិស័យរវាងប្រទេសទំាងពីរកាន់តែរីកចម្រើន មានការ​លូត​លាស់​បាន​ឆាប់​រហ័ស​។ ទាក់ទងការធ្វើពាណិជ្ជកម្ម ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចថា បច្ចុប្បន្ន​នេះ ស្ថានទូតប៉ាគីស្ថាននៅភ្នំពេញ បានកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ដោយសង្ឃឹមថា កិច្ចព្រមព្រៀងក្នុងវិស័យពាណិជ្ជកម្មមួយ នឹងចេញ​ជា​រូប​រាង​នៅ​ពេលឆាប់ៗ ខាងមុខនេះដែរ។ ជាចុងបញ្ចប់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បាន​ជូនពរឱ្យការបោះឆ្នោតនៅប៉ាគីស្ថាន ទទួលបានជោគជ័យ ផងដែរ៕

ប្រធានមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍដោយចីរភាពនៃសាកលវិទ្យាល័យកូឡុំប៊ី មានឆន្ទៈដ៏មុតមាំ និងត្រៀមខ្លួនជួយប្រទេសកម្ពុជា

2024/01/10 09:15:49 pm        119
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Jeffrey Sachs ប្រធានមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍដោយចីរភាព នៃសាកលវិទ្យាល័យកូឡុំប៊ី (Columbia) និងជាប្រធានផ្នែកដោះស្រាយការអភិវឌ្ឍដោយចីរភាពរបស់អង្គការសហប្រជាជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ ក្នុងឱកាសនៃជំនួបនេះ លោកសាស្ត្រាចារ្យ Jeffrey Sachs បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកសាស្រ្តាចារ្យ និងភរិយា ចូលជួបសម្តែងការគួរសម បន្ទាប់ពីជំនួបកាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ នៅទីក្រុងញូយ៉ក ។ លោកសាស្ត្រាចារ្យ បានគោរពជម្រាបជូន សម្តេចធិបតីថា លោកសាស្រ្តាចារ្យ មានឆន្ទៈដ៏មុតមាំ និង បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែក និងជួយប្រទេសកម្ពុជា នូវទស្សនាទាន និង​បទពិសោធន៍ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រកបដោយចីរភាព, ការអភិវឌ្ឍប្រព័ន្ធថាមពលកកើតទ្បើងវិញ ដោយចីរភាព និងការកសាងសេដ្ឋកិច្ចពណ៌បៃតង ជាដើម ។ឆ្លៀតក្នុងឱកាសនៃដំណើរទស្សនកិច្ចក្រៅផ្លូវការរបស់លោកសាស្រ្តាចារ្យ នៅព្រះរាជាណាចក្រ​កម្ពុជា លោកសាស្រ្តាចារ្យ បានចូលរួមជាវាគ្មិនកិត្តិយស ក្នុងសិក្ខាសាលាស្តីពី «ភាពធន់នឹងអាកាសធាតុ និងអន្តរកាលថាមពល៖ បច្ច័យសម្រាប់កម្ពុជា» ដែលនឹងរៀបចំ​ដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្រ្តី (គ.ស.វ.) នៅ​ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ដោយមានមន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញកម្ពុជា ចូលរួមប្រមាណ ៤០០នាក់។ ជាការឆ្លើយតបសម្តេចធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកសាស្ត្រាចារ្យ Jeffrey Sachs និងភរិយា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចក្រៅផ្លូវការនៅប្រទេសកម្ពុជា និង បានថ្លែង​អំណរគុណ ចំពោះការអញ្ជើញចូលរួមរបស់លោកសាស្រ្តាចារ្យ ជាវាគ្មិនកិត្តិយស ក្នុង​សិក្ខាសាលាខាងលើ ។ ព្រមជាមួយគ្នានេះ សម្តេចធិបតី មានជំនឿយ៉ាងមុតមាំងថា មន្រ្តីជាន់ខ្ពស់ និង មន្រ្តីជំនាញកម្ពុជា នឹងមានឱកាសបានសិក្សារៀនសូត្របន្ថែម និង បានពិភាក្សាដោយផ្ទាល់ជាមួយលោកសាស្រ្តាចារ្យ។ ជាទីបញ្ចប់សម្តេចធិបតី បានជូនពរលោកសាស្ត្រាចារ្យ Jeffrey Sachs និងភរិយា បំពេញ​ទស្សនកិច្ចនៅប្រទេសកម្ពុជា ប្រកបដោយជោគជ័យ និង ផ្លែផ្កា និង ធ្វើដំណើរមាតុភូមិនិវត្តន៍​ដោយសុខសុវត្ថិភាព៕

សម្ដេចធិបតីអរគុណឯកអគ្គរាជទូតថៃ ចំពោះការបេ្តជ្ញាចិត្តជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

2024/01/10 09:08:11 pm        115
នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម ឆឺតកៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួបនេះឯកឧត្ដម ឆឺតកៀត អាត់ថាកន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ ឯកឧត្តមឯកអគ្គរាជទូត បានលើកទ្បើងអំពីភាពរីកចម្រើននៃទំនាក់ទំនងមិត្តភាព និង​កិច្ចសហប្រតិបត្តិការល្អកម្ពុជា-ថៃ នាពេលកន្លងមក និងបានបញ្ជាក់អំពីការបេ្តជ្ញាចិត្តក្នុងការ​ជំរុញទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត។ ទនឹ្ទមនឹងនេះ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និង​រាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូន ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ ​ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ និងបានបញ្ជាក់អំពីការទន្ទឹងរង់ចាំទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់ព្រះរាជាណាចក្រថៃ នាពេលខាងមុខនេះ ។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្ដម ឆឺតកៀត អាត់ថាកន និងសហការី និងបានអរគុណចំពោះការបេ្តជ្ញាចិត្តក្នុងការជួយលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរកម្ពុជា-ថៃ ឱ្យកាន់តែល្អរឹងមាំ ​និងលូតលាស់បន្ថែមទៀត។ សម្តេចធិបតី ​ក៏បានលើកទ្បើងផងដែរ អំពីវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងវិស័យ​សក្តានុពលជាច្រើន​ រួមមាន​ជាអាទិ៍ វិស័យពាណិជ្ជកម្ម, ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនជាដើម ៕

លោកហ្សេឡិនស្គី ពិភាក្សាអំពីការបិទព្រំដែន និងការធានាសន្តិសុខជាមួយប្រធានាធិបតីប៉ូឡូញ

2024/01/10 08:00:05 pm        148
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskyy) បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីប៉ូឡូញ លោក Andrzej Duda កាលពីថ្ងៃអង្គារ ទី៩ ខែមករា។លោកហ្សេឡិនស្គី បានសម្តែងការដឹងគុណចំពោះប្រទេសប៉ូឡូញសម្រាប់ការគាំទ្ររបស់ខ្លួនក្នុងការបើកការចរចាស្តីពីសមាជិកភាពរបស់អ៊ុយក្រែន នៅក្នុងសហភាពអឺរ៉ុប។ លោកប្រធានាធិបតីទាំងពីរ ក៏បានពិភាក្សាអំពីការគាំទ្រផ្នែកហិរញ្ញវត្ថុ និងនយោបាយរបស់សហភាពអឺរ៉ុបសម្រាប់ទីក្រុងគីវ ផងដែរ។មេដឹកនាំទាំងពីរ ក៏បានពិភាក្សាលើបញ្ហាទ្វេភាគីផងដែរ។ ព្រំដែនរួមរបស់យើង គួរតែជាព្រំដែនអឺរ៉ុបពិតប្រាកដ គឺព្រំដែននៃឯកភាព។ លោកហ្សេឡិនស្គី ត្រូវបានដកស្រង់សម្តីដោយការិយាល័យប្រធានាធិបតីថា មិនគួរមានព្រំដែនរវាងប្រជាជនរបស់យើងទេ ទោះបីជាការិយាល័យនេះ មិនបានផ្តល់ព័ត៌មានលម្អិតក៏ដោយ។ប្រធានាធិបតីទាំងពីររូប ក៏បានពិភាក្សាអំពីកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នាពេលខាងមុខ នៅទីក្រុងវ៉ាស៊ីនតោន និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រួមទាំងការចូលជាសមាជិករបស់ប៉ូឡូញចំពោះសេចក្តីប្រកាសរួមរបស់ក្រុមមេដឹកនាំG7ស្តីពីការប្តេជ្ញាចិត្តផ្នែកសន្តិសុខសម្រាប់អ៊ុយក្រែន។លោកហ្សេឡិនស្គី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានាធិបតី Duda សម្រាប់ការគាំទ្ររូបមន្តសន្តិភាព និងការចូលរួមរបស់អ្នកតំណាងប៉ូឡូញ នៅក្នុងកិច្ចប្រជុំនា ពេលខាងមុខ នៅកម្រិតទីប្រឹក្សារបស់មេដឹកនាំរដ្ឋនៅទីក្រុងDavos ប្រទេសស្វ៊ីស។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានអាជ្ញាធរប៉ាឡេស្ទីននិយាយថា កងទ័ពអ៊ីស្រាអែល និងអ្នកតាំង​លំនៅឋាន​កំពុង​បំផ្លាញ​ទស្សន​វិស័យសន្តិភាព
08/15/2026 06:08 PM
វេណេស៊ុយអេឡា ដោះលែងអ្នកទោសនយោបាយចំនួន ១៣១នាក់
08/15/2026 06:08 PM
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់​តុលាការពន្លឿនចាត់ការលើសំណុំ​រឿង​ជេរ​ប្រមាថ​របស់​លោក​ស្រី សំ សុខា ឲ្យបានឆាប់ និងស្របតាមច្បាប់
08/15/2026 06:08 PM
សហរដ្ឋអាមេរិកចង់ឲ្យលោក Netanyahu ថ្កោលទោសការឡោមព័ទ្ធភូមិប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
08/15/2026 05:08 PM
ប្រធានតុលាការកំពូលកម្ពុជា ប្រាប់ប្រធានតុលាការកំពូលវៀតណាម-ឡាវ ពីការឈ្លា​ន​ពា​ន និង​ការកាន់កាប់ទឹក​ដីដោយខុសច្បាប់​ពីសំណាក់ភាគីថៃមកលើដែនអធិបតេយ្យរបស់កម្ពុ​ជា
08/15/2026 05:08 PM
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់៖ ការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង បានសម្លាប់មនុស្សយ៉ាងតិច ៧នាក់
08/15/2026 05:08 PM
ភ្លៀងធ្លាក់ខ្លាំងជាប់កំណត់ត្រា បានធ្វើឲ្យអ្នកដំណើររាប់ពាក់នាក់ជាប់ខ្លួននៅអាកាសយានដ្ឋានក្រុងតូក្យូ
08/15/2026 05:08 PM
យន្តហោះចម្បាំងអង្គការណាតូ បាញ់ទម្លាក់យានដ្រូននៅលើដែនអាកាសប្រទេសឡាតវី
08/15/2026 05:08 PM
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកថ្មបាំង ជំរុញ​ឲ្យ​សមាជិក​បក្ស​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ​ចំពោះសុខទុក្ខពលរដ្ឋនៅមូលដ្ឋាន
08/15/2026 05:08 PM
ការបណ្ដុះបណ្ដាលដែលផ្ដល់ដោយរដ្ឋាភិបាល ធ្វើឱ្យយុវជនមានជំនាញពិតប្រាកដ មាន ការងារធ្វើ និងប្រកបរបរបាន
08/15/2026 05:08 PM