សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

ព្រឹទ្ធសភា នឹងពិនិត្យហើយឲ្យយោបល់សេចក្តីព្រាងច្បាប់ ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង់ឆ្នាំ២០២៤ នៅថ្ងៃស្អែក

2023/11/23 06:15:55 pm        256
ភ្នំពេញ៖ ព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីពិនិត្យ ហើយឲ្យយោបល់ទៅលើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង់ ឆ្នាំ២០២៤ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៤ ។យោងតាមសេចក្តីប្រកាសព័ត៌មានព្រឹទ្ធសភាជាតិ បានឲ្យដឹងថា នៅថ្ងៃ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានប្រជុំក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភាជាតិ ដោយមានរបៀបវារៈចំនួន៤ ក្នុងនោះមានការពិនិត្យ និង សម្រេចលើសំណើ របស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម សុំដាក់សេចក្តីព្រាង ច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៤ និងបានពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ។សេចក្តីប្រកាសព័ត៌មានបន្តថា កិច្ចប្រជុំបានពិនិត្យ និងសម្រេចលើសំណើ របស់គណៈកម្មការ​សាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ​ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុំដាក់សេចក្តីព្រាងច្បាស់ស្តីពី ការអនុម័ត​យល់ព្រម លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ​កម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម ទៅក្នុងរបៀបវារៈសម័យប្រជុំលើក​ទី១១ ព្រឹទ្ធសភានីតិកាលទី៤ ។ប្រភពបានបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍​ព្រឹទ្ធសភាបានកំណត់យកថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ដើម្បីបន្តសម័យប្រជុំលើកទី១១ ព្រឹទ្ធសភា​នីតិកាលទី៤ ដើម្បីពិនិត្យ ហើយឱ្យយោបល់លើ​សេចក្តីព្រាងច្បាប់ទាំងបីខាងលើនេះ ៕អត្ថបទ បាន សុខរិទ្ធិ

"វត្ថុបុរាណសិតពីលោហៈមកពីប្រាសាទមេបុណ្យខាងលិច" ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ

2023/11/23 06:10:31 pm        187
សៀមរាប៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានរៀបចំពិព័រណ៍មិន​អចិន្រ្តៃយ៍​នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ រយៈពេលខ្លី ដើម្បីតាំងបង្ហាញវត្ថុបុរាណចំនួន១៨ ដែលសិតពីលោហៈមាន សំរឹទ្ធិ ទង់ដែង និងដែក ព្រមទាំងកុលាលភាជន៍មួយប្រភេទ ជាឆ្នាំងដី ដែលមានរូបព្រះពុទ្ធបដិមាសិតពីក្រមួននៅក្នុងនោះផង មានប្រភពមកពីប្រាសាទ​មេបុណ្យខាងលិច។ពិពរ័ណ៍នេះ ធ្វើឡើងចាប់ពីថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។យោងតាមមន្ត្រីអាជ្ញាធរជាតិអប្សរា ឲ្យដឹងថា វត្ថុសិល្បៈទាំងអស់នេះ គឺជាលទ្ធផលនៃការធ្វើ​កំណាយស្រាវជ្រាវបុរាណវិទ្យានៅទីនោះ ក្នុងចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ​២០១៨។ បន្ទាប់ពីបានជួសជុល ថែទាំឱ្យមានសុវត្ថិភាព ទើបយកមកដាក់តាំង​បង្ហាញឱ្យភ្ញៀវជាតិ អន្តរជាតិ សិស្សនិស្សិតបានស្គាល់ ​ព្រមទាំងផ្តល់ជាឱកាសដល់ការងារសិក្សាស្រាវជ្រាវនានាផង។ ប្រភពដដែលបញ្ជាក់ថា វត្ថុបុរាណ ឬសមុច្ច័យចំនួន១៨នេះ ខ្លះប្រហែល ជាអាចមានអាយុកាល​ដំណាលគ្នា​នឹងប្រាសាទមេបុណ្យខាងលិច ក្នុងចន្លោះរាជព្រះបាទសូរ្យវរ័្មនទី១ និងព្រះបាទឧទ័យាទិត្យវរ័្មនទី២ ពោលគឺក្នុងសម័យអង្គរ។ ចំណែកភាជន៍ដែលមានរូបពុទ្ធបដិមានៅក្នុងវិញ ​អាចប្រហែលជាស្ថិតក្នុងសម័យក្រោយអង្គរ ឬក្រោយនោះទៀតក៏ថាបាន ​នេះបើផ្អែកលើប្រភេទរូបរាងនៃភាជន៍ និងបរិបទរបស់រូបបដិមា៕

ក្រុមគាំទ្រដោយអ៊ីរ៉ង់ ប្តេជ្ញាពង្រីកជម្លោះ ប្រសិនបើការវាយប្រហារតាមអាកាសរបស់អាមេរិក នៅតែបន្ត

2023/11/23 05:49:18 pm        264
ក្រុមសកម្មប្រយុទ្ធដ៏សំខាន់ដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ បានព្រមានកាលពីថ្ងៃពុធថា ខ្លួនអាចនឹងវាយប្រហារគោលដៅបន្ថែមរបស់សហរដ្ឋអាមេរិក បន្ទាប់ពីយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក បានសម្លាប់ក្រុមសកម្មប្រយុទ្ធជាច្រើននាក់ ជាការឆ្លើយតបទៅនឹងការប្រើប្រាស់មីស៊ីលបាលិស្ទិករយៈចម្ងាយខ្លីជាលើកដំបូងប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិក នៅឯមូលដ្ឋានទ័ពអាកាស Al-Asad កាលពីដើម សប្តាហ៍នេះ។មន្ត្រីការពារជាតិពីររូប បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីផ្តល់ព័ត៌មានលម្អិតរសើបបន្ថែមនៃការវាយប្រហារថា យន្តហោះចម្បាំងអាមេរិក បានវាយប្រហារទៅលើមជ្ឈមណ្ឌលប្រតិបត្តិការ Kataib Hezbollah និងទីបញ្ជាការ Kataib Hezbollah នៅជិតខេត្ត Al Anbar និង Jurf al Saqr ភាគខាងត្បូងទីក្រុងបាកដាដ កាលពីថ្ងៃអង្គារ។ មានបុគ្គលិកនៃទីបញ្ជាការ Kataib Hezbollah នៅកន្លែងទាំងពីរ នៅពេលដែលការវាយប្រហារ បានកើតឡើង ប៉ុន្តែក្រុមមន្ត្រី បាននិយាយថា ពួកគេមិនទាន់អាចបញ្ជាក់បានថា តើនរណាម្នាក់នៅទីនោះ ត្រូវបានសម្លាប់ទេ។មន្ត្រីកងជីវពលក្នុងប្រទេសអ៊ីរ៉ាក់ បាននិយាយថា ការវាយប្រហារនោះ បានសម្លាប់សមាជិកចំនួន៨នាក់របស់ទីបញ្ជាការ Kataib Hezbollah។ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក បានធ្វើឡើងបន្ទាប់ពីការវាយប្រហារសងសឹកដំបូងដោយកាំភ្លើង AC-130 ដែលស្ថិតនៅលើអាកាស នៅពេលដែលក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ បានបាញ់មីស៊ីលបាលិស្ទិករយៈចម្ងាយខ្លីចំនួនពីរគ្រាប់ នៅឯមូលដ្ឋានអាកាស Al-Asad ក្នុងប្រទេសអ៊ីរ៉ាក់កាលពីល្ងាចថ្ងៃចន្ទ។ ឧទ្ធម្ភាគចក្រប្រដាប់ដោយអាវុធធុនធ្ងន់ អាចកំណត់ទីតាំងប្រភពនៃមីស៊ីលទាំងនោះ ហើយបានបាញ់ទៅលើក្រុមសកម្មប្រយុទ្ធជាច្រើននាក់ ដែលបានរត់គេចខ្លួននៅក្នុងរថយន្តមួយគ្រឿង ដោយបានសម្លាប់ពួកគេជាច្រើននាក់។-

រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត ពិភាក្សាអំពីបទឈប់បាញ់ហ្កាហ្សា និងជំនួយសង្គ្រោះ ក្នុងការសន្ទនាជាមួយសមភាគីអាមេរិក

2023/11/23 05:46:21 pm        321
ទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអ៊ូឌីត បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ ហ្វៃសាល ប៊ីន ហ្វាហាន អាល់ ស៊ូដ (Faisal bin Farhan Al Saud) បានទទួលការហៅទូរស័ព្ទពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីនខិន (Antony Blinken) កាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នាក្នុងសង្គ្រាមអ៊ីស្រាអែល និងហ្កាហ្សា និងកិច្ចខិតខំប្រឹងប្រែង ដើម្បីទទួលបានជំនួយសង្គ្រោះ ចូលទៅក្នុងតំបន់នោះ។ទីភ្នាក់ងារនេះ បាននិយាយថា៖«រដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាអំពីវិធី ដើម្បីបញ្ឈប់ការភានតឹងផ្នែកយោធាដ៏គ្រោះថ្នាក់ នៅក្នុងតំបន់ហ្កាហ្សា និងតំបន់ជុំវិញរបស់វា និងដើម្បីអនុវត្តនូវបទឈប់បាញ់មនុស្សធម៌ និងកិច្ចព្រមព្រៀងបទឈប់បាញ់ ជាការបន្ថែមពីលើការពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំយកជំនួយមនុស្សធម៌ និងជំនួយផ្នែកវេជ្ជសាស្រ្ត ដើម្បីទប់ស្កាត់ការធ្វើឲ្យវិបត្តិមនុស្សធម៌កាន់តែអាក្រក់ឡើង។ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត«បានសង្កត់ធ្ងន់លើការបដិសេធយ៉ាងដាច់អហង្ការរបស់ព្រះរាជាណាចក្រនេះចំពោះការផ្លាស់ទីលំនៅដោយបង្ខំរបស់អ្នកស្រុក នៅតំបន់ហ្កាហ្សា និងសារៈសំខាន់នៃសហគមន៍អន្តរជាតិដែលកំពុងផ្លាស់ប្តូរយ៉ាងខ្លាំង និងប្រកបដោយប្រសិទ្ធភាព ដើម្បីប្រឈមមុខនឹងការរំលោភ ដែលកំពុងបន្តរបស់កងកម្លាំងកាន់កាប់របស់អ៊ីស្រាអែល និងការបំពានម្តងហើយម្តងទៀតលើច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ»។-

លោកនាយករដ្ឋមន្ត្រីឥណ្ឌា ប្រាប់ក្រុមប្រទេស G20 ថា មិនត្រូវឲ្យជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស រាលដាលឡើយ

2023/11/23 05:36:11 pm        298
លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានជំរុញឱ្យមេដឹកនាំនៃប្រទេសសេដ្ឋកិច្ចលូតលាស់ខ្លាំងទាំង ២០ របស់ពិភពលោកកាលពីថ្ងៃពុធ ២២ វិច្ឆិកាថា ត្រូវធ្វើអ្វីដែលចាំបាច់ដើម្បីធានាថាជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស មិនរីករាលដាលក្លាយទៅជាជម្លោះកាន់តែធំនោះទេ ខណៈកំពុងព្រួយបារម្ភពីអសន្តិសុខ និងអស្ថិរភាពនៅអាស៊ីខាងលិច ។ លោកបានថ្លែងបែបនេះ នៅឯការបើកកិច្ចប្រជុំកំពូលតាមវីដេអូនៃបណ្តាប្រទេស G20 ដែលឥណ្ឌាធ្វើជាប្រធាន មុនប្ដូរវេណឲ្យទៅប្រទេសប្រេស៊ីលនៅខែក្រោយ។ ការអត្ថាធិប្បាយរបស់លោក Modi ស្តីពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានកើតឡើងនៅពេលដែលភាគីទាំងពីរបានព្រមព្រៀងឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សាយ៉ាងហោចណាស់ ៤ ថ្ងៃ ដើម្បីផ្តល់ជំនួយ និងដោះលែងចំណាប់ខ្មាំងយ៉ាងតិច ៥០នាក់ ដែលត្រូវបានចាប់ខ្លួនដោយពួកសកម្មប្រយុទ្ធ ហាម៉ាស ជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៥០ នាក់ដែលជាប់ពន្ធនាគារនៅប្រទេសអ៊ីស្រាអែល។ ប្រទេសឥណ្ឌាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះដើម្បីពិនិត្យមើលវឌ្ឍនភាពលើការផ្តល់យោបល់គោលនយោបាយ និងគោលដៅដែលបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ G20 ដែលរៀបចំនៅទីក្រុងញូវដេលីកាលពីខែកញ្ញាកន្លងទៅ និងដើម្បីកំណត់ពីរបៀបបង្កើនល្បឿនឆ្ពោះទៅរកគោលដៅនានារបស់ខ្លួន៕

ឥណ្ឌាចាប់ផ្តើមផ្ដល់ទិដ្ឋាការអេឡិចត្រូនិចសម្រាប់ទេសចរណ៍ និងអាជីវកម្ម ដល់ជនជាតិកាណាដាឡើងវិញ

2023/11/23 05:12:00 pm        142
ប្រទេសឥណ្ឌា បានបន្តការចេញទិដ្ឋាការអេឡិចត្រូនិចឡើងវិញសម្រាប់អ្នកទេសចរកាណាដា និងអ្នកធ្វើដំណើរអាជីវកម្ម កាលពីថ្ងៃពុធ (២២ វិច្ឆិកា) រយៈពេលពីរខែបន្ទាប់ពីខ្លួនបានផ្អាកសេវាកម្មបែបនេះ បន្ទាប់ពីមានជម្លោះជុំវិញការចោទប្រកាន់របស់ទីក្រុង អូតាវ៉ា អំពីការជាប់ពាក់ព័ន្ធរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការសម្លាប់មេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីក ជនជាតិកាណាដា។ទោះបីជាចំណាត់ការនេះទំនងជាបន្ធូរបន្ថយភាពតានតឹងបន្តិចក៏ដោយ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរមិនត្រូវបានគេរំពឹងថានឹងមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់នាពេលខាងមុខនោះទេ។ មន្ត្រីរដ្ឋាភិបាលឥណ្ឌាម្នាក់ដែលដឹងអំពីការសម្រេចនេះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារលោកមិនត្រូវបានអនុញ្ញាតឱ្យនិយាយលើបញ្ហានេះថា «សេវាទិដ្ឋាការអេឡិចត្រូនិក (E-visa) ដល់ជនជាតិកាណាដា បានដំណើរការឡើងវិញហើយ»។ប្រទេសឥណ្ឌា ចេញទិដ្ឋាការអេឡិចត្រូនិកសម្រាប់តែទេសចរណ៍ និងអាជីវកម្មសម្រាប់ជនជាតិកាណាដាប៉ុណ្ណោះ។ ការប្រកាសនេះកើតឡើងមួយខែបន្ទាប់ពីទីក្រុងញ៉ូវ ដែលី បានបន្តទិដ្ឋាការឡើងវិញនៅក្រោមលក្ខខណ្ឌ ៤ ប្រភេទក្នុងចំណោម ១៣ ប្រភេទ ដែលត្រូវបានផ្អាកនៅក្នុងខែកញ្ញា។ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានធ្លាក់ចុះបន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានប្រាប់សភាកាណាដាថា រដ្ឋាភិបាលរបស់លោកកំពុង «បន្តការចោទប្រកាន់ដែលអាចជឿទុកចិត្តបាន» ដែលភ្ជាប់ភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា»ទៅនឹងករណីឃាតកម្មលើមេដឹកនាំផ្ដាច់ខ្លួនសាសនាស៊ីក លោក ហាឌីប ស៊ីញនីចា (Hardeep Singh Nijjar) វ័យ ៤៥ ឆ្នាំនៅជាយក្រុង វេនខូវើ (Vancouver) របស់ប្រទេសកាណាដា៕

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រឡងជាប់សរុប ៩៨ ៤៦០នាក់

2023/11/23 04:59:42 pm        113
នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២៣នេះក្រសួងអប់រំយុវជន និងកីឡា បានប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០២៣៖ សិស្សទទួលបាននិទ្ទេសAចំនួន១៦៧៣នាក់,និទ្ទេសBចំនួន៦៩៦៤នាក់,និទ្ទេសCចំនួន ១៨ ៣០៨នាក់,និទ្ទេស D៣៤២៤៦នាក់ ខណៈនិទ្ទេស E៣៧២៦៩នាក់។ 

សម្តេចធិបតី៖ កម្មវិធីនយោបាយ៥ត្រូវបានរាជរដ្ឋាភិបាលដាច់ចេញឲ្យអនុវត្តជាអាទិភាព ក្នុងរយៈពេលបីខែមកនេះ

2023/11/23 04:17:11 pm        621
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ក្នុងរយៈពេល​៣ខែមកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីនយោបាយជាអាទិភាពចំនួន៥ ឱ្យ​អនុវត្ត​សម្រាប់​អាណត្តិ​ទី៧នេះ ​ដោយ​កម្មវិធី​នយោបាយ​ទាំង៥នេះ ​គឺដើម្បីលើកសេដ្ឋកិច្ច​ សុខុមាលភាព វិស័យអប់រំ ​នៅកម្ពុជាឲ្យកាន់តែល្អប្រើសើរបន្ថែមទៀត។ថ្លែងនៅក្នុងឱកាសអញ្ជើញ​ជាអធិបតីភាពក្នុង​សន្និសីទ​ចក្ខុវិស័យ​ប្រទេសកម្ពុជា ​ឆ្នាំ២០២៣ ​ស្តីពី «ចក្ខុវិស័យ​ប្រទេស​កម្ពុជា ឆ្នាំ២០៣០​ និង​ឆ្នាំ​បន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ា​សម្រាប់វិបុលភាព​ប្រកប​ដោយ​ភាពធន់ និរន្តរភាព និងបរិយាប័ន្ន» នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។ ​សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានលើកឡើងទៀតថា កម្មវិធីនយោបាយជាអាទិភាពចំនួន៥ ដែលឱ្យអនុវត្ត​សម្រាប់​អាណត្តិទី៧នេះ គឺធ្វើឡើង​តាមរយៈការពង្រឹង​ វិសាលភាពមូលនិធិសមធម៌ សុខាភិបាល ការ​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈដល់ក្រុមគ្រួសារក្រីក្រ​ និងការពង្រីក​វិសាលភាព​មន្រ្តីជំនាញ​ផ្នែក​កសិកម្មនៅតាម​មូលដ្ឋាន​ពោល​គឺនៅតាមឃុំ-សង្កាត់ជាដើម។នៅក្នុងឱកាសនោះ​សម្តេច​ធិបតី ​នាយករដ្ឋមន្រ្តី​ក៏បានលើកឡើង​ផងដែរថា​ រាជរដ្ឋាភិបាលក៏បាន រៀបចំ​គណៈកម្មការជាតិមួយចំនួន​ផងដែរ ​ក្នុងនោះ​គណៈកម្មការជាតិជំរុញការ​កែ​ទម្រង់​សេវា​សាធារណៈ, គណៈកម្មការជាតិជំរុញការអនុវត្តវិធាន​គន្លឹះ​ក្នុង​វិស័យអប់រំ, និង​គណៈកម្មការជាតិ​ជំរុញ​ការអនុវត្តវិស័យ​គន្លឹះ​ក្នុង​វិស័យសុខាភិបាល។បន្ថែមពីនេះរាជរដ្ឋាភិបាល​ក៏បានដាក់ចេញនូវការរៀបចំ​ នៃ​កិច្ច​ដំណើរការ​របស់អាជ្ញាធរជាតិ​ដោះស្រាយ​វិវាទ​នៅ​ក្រៅ​ប្រព័ន្ធតុលាការផងដែរ៕ អត្ថបទ៖ បាន ចក់

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អនុញ្ញាតឱ្យឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2023/11/23 04:08:56 pm        470
ភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (ក.ប.ទ.) បានអនុញ្ញាតឱ្យឯកឧត្តម Takahashi Fumiaki និង​គណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការងារសហប្រតិបត្តិ និង​ការងារអាទិភាពរបស់ក្រសួង។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម Takahashi Fumiaki និងគណៈប្រតិភូ និង​បាន​ជម្រាប​ជូន​អំពី​ការងារ​អាទិភាព​របស់​ក្រសួង​ដែល​រួមមាន៖ (១) ការលើកកម្ពស់ការផ្តល់សេវាទូរសព្ទ និងអ៊ីនធឺណិត តាមរ​យៈកា​រ​សាង​សង់​បង្គោល​អង់​តែនបន្ថែម (២) ការលើកកម្ពស់រដ្ឋាភិបាលឌីជីថលនៅតាមគ្រប់ក្រសួង-ស្ថាប័ន​របស់​រដ្ឋាភិបាល (៣) ការលើកកម្ពស់អក្ខរកម្មឌីជីថលទៅដល់អ្នកប្រើប្រាស់ និងអភិវឌ្ឍ​ធនធាន​មនុស្ស​ជំនាញ​ឌីជីថលនៅកម្ពុជា។ ឯកឧត្តម Takahashi Fumiaki បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែល​បាន​ទទួល​ជួប​ប្រជុំ​ជាមួយគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា។ ឯកឧត្តម Takahashi Fumiaki ក៏បាន​ជម្រាប​ជូ​នពីឯកទេសពិសេសរបស់ក្រុមហ៊ុនជប៉ុនពាក់ព័ន្ធនឹងការផ្តល់សេវាទៅកាន់អ្នកប្រើប្រាស់ ដែល​ក្នុង​នោះមានសមាជិករបស់សមាគមដែលជាក្រុមហ៊ុនបណ្ដុះបណ្ដាលជំនាញ ក្រុមហ៊ុន​អភិវឌ្ឍ​កម្ម​វិធីផ្តល់ព័ត៌មានតំបន់ ដើម្បីជំរុញកំណើនទេសចរណ៍ និងទាក់ទាញការវិនិយោគ ព្រម​ទាំង​ក្រុម​ហ៊ុនដែលមានបច្ចេកវិទ្យាថ្មីសាងសង់ផ្លូវថ្នល់ដោយប្រើដីលាយបេតុង ដោយកាត់​បន្ថយ​ចំណាយ​ប្រហែល ៦០% បើធៀបនឹងផ្លូវបេតុងសុទ្ធ។ គណៈប្រតិភូជប៉ុន ក៏បានបញ្ជាក់បន្ថែមថា សមាគម​ជប៉ុន-កម្ពុជា នឹងបើកការិយាល័យនៅកម្ពុជានៅខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បី​ជួយ​សម្រួលដល់ទំនាក់ទំនងរវាងក្រុមហ៊ុនជប៉ុននៅកម្ពុជា និងសមាជិកនៅប្រទេសជប៉ុន។ ឯកឧត្តម​រដ្ឋមន្ត្រី មានសេចក្តីសោមនស្សរីករាយ និងគាំទ្រ​ចំពោះ​ការ​បើក​ការិយាល័យ​របស់​សមាគម​នៅ​កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវ​ចំណាប់​អារម្មណ៍​លើ​ការ​សាង​សង់​ផ្លូវ​ដោយ​បច្ចេក​វិទ្យាថ្មី និងចុះពិនិត្យការសាងសង់ផ្លូវគំរូនៅខេត្តតាកែវ ដែលបាននិងកំពុងសាងសង់ ដើម្បី​ជា​ប្រយោជន៍​ជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើ​ដល់​ក្រុម​ហ៊ុន​ជប៉ុ​នផ្នែក​បច្ចេកវិទ្យា ឱ្យសិក្សាបង្កើត​កិច្ច​សហការ​ជាមួយ​សាកលវិទ្យាល័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​លើ​ការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ឬក្រុមហ៊ុន​អាច​បើក​សាលា​បណ្តុះ​បណ្តាល​ខ្លួនឯង ហើយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងគាំទ្រ ដើម្បីអាចមាន​លទ្ធភាព​ទទួល​បាន​ជំនាញខ្ពស់ អាចធ្វើការនៅប្រទេសជប៉ុន និងចូលរួម​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ផង​ដែរ​។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវ ដល់សមាគម ជួយជំរុញ និង​ទាក់​ទាញ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យាជប៉ុន​មក​បោះទុនវិនិយោគនៅកម្ពុជា៕

រដ្ឋបាលរាជធានីដាក់ចេញផែនការការងារជាច្រើន ដើម្បីបម្រើដល់ព្រះរាជពិធីបុណ្យអុំទូក

2023/11/22 08:53:31 pm        204
ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះបានប្រជុំត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុក ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរ និងមន្ទីរជំនាញចំណុះរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឃួង ស្រេង បានស្នើឱ្យកម្លាំងពាក់ព័ន្ធ និងអាជ្ញាធរមានសត្ថកិច្ចទាំងអស់​ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយចាប់ពិនិត្យ​អាវុធជាតិផ្ទុះ​ចាប់ពីយប់នេះតទៅ ​ជាមួយនិងការដាក់វេនប្រចាំបញ្ជាឱ្យបានច្បាស់លាស់ ចំពោះ​ទីតាំង​សប្បាយភាពពិសេសបៀរកាឌិនដែលរំខានដល់​ដំណេក​ប្រជាពលរដ្ឋ​ត្រូវពិនិត្យមើល​ឱ្យបានច្បាស់ បើរំខានពលរដ្ឋក៏មិនអាចទទួលយកបានដែរ បើទោះជាបៀរកាឌិន​នោះ​បានផ្ដល់ការងារដល់ពលរដ្ឋក៏ដោយ។ជាមួយនឹងកិច្ចការសន្តិសុខនៅដែរ ឯកឧត្តម ឃួង ស្រេង ក៏បានជម្រុញឱ្យអាជ្ញាធរគ្រប់​ខណ្ឌបង្ក្រាប​គ្រឿងញៀន ​ល្បែងស៊ីសង និងបង្ក្រាបបទល្មើសចោរឆក់ប្លន់ឱ្យបានខ្លាំងក្លាបំផុត ជាមួយ​និងការចុះពិនិត្យនៅតាមបារបារាំង ដើម្បីបង្ការ និងទប់ស្កាត់នូវការជួញដូរមនុស្សគ្រប់ទម្រង់។ ចំពោះទីតាំងណាកកស្ទះខ្លាំង ​ត្រូវតែសម្រួល ​ឬបង្វែរមនុស្សចេញ ជៀសវាង​កុំឱ្យមាន​បញ្ហា​មិនល្អកើតឡើង ​និងត្រូវបែងចែកកម្លាំងចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋាន។ឯកឧត្តម ឃួង ស្រេង បន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំជាគណៈកម្មការមួយរួចរាល់ ហើយគណៈកម្មការនេះ​ក៏បានរៀបចំបន្សីចូលគ្នារួចហើយដែរ ​ជាមួយកម្លាំងកងអង្គរក្ស និងអគ្គស្នងការ​នគរបាលជាតិ សំដៅធ្វើយ៉ាងណាឱ្យព្រះរាជពិធីបុណ្យអុំទូកនេះ ដំណើរការ​ទៅដោយរលូន និងទទួលបានជោគជ័យ។រដ្ឋបាលរាជធានីនឹងចេញសេចក្តីដំណឹងពីទីកន្លែងសប្បាយភាព ​កន្លែងប្រគុំតន្ត្រី ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាលជ្រាបជាដំណឹង​ ដើម្បីសម្រេចចិត្តទៅទស្សនានៅទីតាំងណាមួយ និង​មានវិធានការ​ចាប់កំប្លោកនៅតាមដងទន្លេសាប​ មិនឱ្យរំខានដល់ការប្រណាំងទូក។ ចំពោះការប្រមូល ​ទុកដាក់សំរាមសំណល់រឹង ​នៅក្នុងពិធីនេះក៏ត្រូវបានគិតគូរយ៉ាងម៉ត់ចត់ ដោយ​បានត្រៀមកម្លាំងបោសសម្អាតជាង៣០០នាក់​ ចាប់ពីម៉ោង១១យប់ ដល់ម៉ោង៦ព្រឹក និង​បានរៀបចំបន្ទប់ទឹកសាធារណៈ និងសម្រាប់កីឡាករចំនួន​ ៥៦៧បន្ទប់៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល «ជនបង្គោលលើការងារមហាជនក្រុង-ស្រុក-ឃុំ-សង្កាត់» ខេត្តកំពង់ស្ពឺ
08/15/2026 08:08 PM
តុលាការកំពូលកម្ពុជាបង្ហាញលទ្ធផលនៃសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន
08/15/2026 07:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៧ខ្នង ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេចធិបតី និងលោកជំទាវផ្ទាល់ ជូន​ដល់​ក្រុម​គ្រួសារ​នៃ​វីរកងទ័ពពលី រស់នៅ​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​
08/15/2026 07:08 PM
អ្នកជំនាញ៖ ប្រសិនបើការដឹកជញ្ជូនតាមសមុទ្រខ្មៅ ត្រូវបានផ្អាកយូរ សេដ្ឋកិច្ចអ៊ុយក្រែននឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ
08/15/2026 07:08 PM
លោក TRUMP៖ ប្រសិនបើអ៊ីរ៉ង់វាយប្រហារ ការឆ្លើយតបរបស់សហរដ្ឋអាមេរិក នឹងខ្លាំងជាង១០០ដង
08/15/2026 07:08 PM
ប្រភព៖ មនុស្សយ៉ាងតិច ១៤ នាក់ បានស្លាប់ នៅក្នុងការវាយប្រហារនៅជិតរដ្ឋធានី El Obeid នៅកណ្តាលប្រទេសស៊ូដង់
08/15/2026 07:08 PM
នាយករដ្ឋមន្ត្រីលីបង់ជំរុញឲ្យមានពេលវេលាច្បាស់លាស់សម្រាប់អ៊ីស្រាអែលដកកងទ័ពចេញពីភាគខាងត្បូង
08/15/2026 07:08 PM
គេចវេសពីបាតុភូតអែល នីញ៉ូ បក្សីសមុទ្រអាមេរិកខាងត្បូង ផ្លាស់ទីជម្រកទៅកាន់ប៉ាណាម៉ា
08/15/2026 07:08 PM
អេស្ប៉ាញបង្កើនវិធានការសន្តិសុខនៅតំបន់ Ceuta ខណៈមានការអំពាវនាវឲ្យជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនទ្រង់ទ្រាយធំជាថ្មី
08/15/2026 07:08 PM
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន ជំរុញឲ្យប្រើការសន្ទនា ដើម្បីសន្តិភាពក្នុងតំបន់ ខណៈការចរចារវាងអាមេរិក និងអ៊ីរ៉ង់ នៅបន្តជាប់គាំង
08/15/2026 07:08 PM