TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

នាយទាហានជាន់ខ្ពស់ចិន៖ មិត្តភាពកងទ័ពកម្ពជា-ចិន ត្រូវតែអនុវត្តឲ្យបានល្អ និងត្រូវលើកកម្ពស់បន្ថែម

2023/11/01 11:50:32 am        287
នាយឧត្តមសេនីយ៍ ហឺ វេទុង អនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹម នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា មិត្តភាពរវាងកងទ័ពកម្ពុជា និងចិន ត្រូវតែអនុវត្តឲ្យបានល្អ និងត្រូវលើកកម្ពស់ឲ្យមានកម្រិតខ្ពស់បន្ថែមទៀត ខណៈទំនាក់ទំនង​រវាង​ភាគីទាំងពីរនេះ ​គឺបានកើតចេញពីការបង្កើតឡើង​ដោយការពូនជ្រុំរបស់​មេដឹកនាំ​ជំនាន់មុនៗ​នៃប្រទេសទាំងពីរ។នៅក្នុងកិច្ចជំនួបទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ ទៀ សីហា ​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិកម្ពុជា​នៅទីក្រុងប៉េកាំងប្រទេសចិន នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ នាយឧត្តមសេនីយ៍ ហឺ វេទុង បានបញ្ជាក់ថា«ទំនាក់ទំនងមិត្តភាពចិន និងកម្ពុជា បានបង្កើតឡើង​ដោយការពូនជ្រុំ ​ដោយមេដឹកនាំជំនាន់មុន។ មិត្តភាពចិន ​និងកម្ពុជា​បានចាក់ឫសយ៉ាងជ្រៅ​ក្នុងបេះដូង​របស់ប្រជាជននៃប្រទេសទាំងពីរ ហើយទំនាក់ទំនង​ កិច្ចសហប្រតិបត្តិការរាវង កងទ័ព នៃប្រទេសយើងទាំងពីរគឺជាទំនាក់ទំនងសំខាន់​ដែលកងទ័ពប្រទេសទាំងពីរ​ត្រូវខិតខំអនុវត្តអោយ​បានល្អ និងជំរុញ​សហប្រតិបត្តិការ កងទ័ពទាំងពីរអោយកាន់តែមានកម្រិតខ្ពស់»។នៅក្នុងកិច្ចជំនួបនេះ ​នាយឧត្តមសេនីយ៍ ហឺ វេទុង ក៏បានសម្តែងការស្វាគមន៍ចំពោះ​នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី ​ដែលបានបំពេញ​ទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាព​នៅសាធារណរដ្ឋប្រជាមានិតចិន​ និងចូលរួមក្នុងវេទិកាសៀនសានលើកទី១០ នៅទីក្រុងប៉េកាំង​ផងដែរ ខណៈដំណើរទស្សនកិច្ចនេះ ត្រូវបាននាយឧត្តមសេនីយ៍ ហឺ វេទុង សង្ឃឹមថា កងទ័ពទាំងពីរ ​នឹងពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នា​ឲ្យកាន់តែមានការ​អភិវឌ្ឍរីកចម្រើន​ទៅមុខឥតឈប់ឈរ។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល ក៏ដូចជា​ប្រជាជនចិន ជានិច្ចកាលតែងតែគាំទ្រដល់​ប្រទេសកម្ពុជា ជាពិសេសក្នុង​ពេលមានការឆ្លង​ជំងឺរាតត្បាតកូវីដ១៩ ចិនបានផ្ដល់នូវ​ឧបករណ៍​សម្ភារៈ បរិក្ខាពេទ្យ ឱសថ ដើម្បីទប់ស្កាត់ការឆ្លង​រីករាល​ដាល​ជំងឺឆ្លងកូវីដ ១៩ដល់កម្ពុជា។នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានលើកឡើងផងដែរថា ទំនាក់ទំនងមិត្តភាពកម្ពុជា ​និងចិន គឺ​ជាមិត្តភាពដ៏ល្អប្រសើរ និងមានភាពយូរអង្វែង ​ហើយកិច្ចសហប្រតិបត្តិការរវាង​កងទ័ពទាំងពីរ ក្នុងការ​ធ្វើសមយុទ្ធ​នាគមាស និង​សមយុទ្ធទេវតា​សន្តិភាព ក្នុងពេល​កន្លងមក​បាន​នាំ​មក​នូវការ​ពង្រឹង​សមត្ថភាព​ដល់កងយោធពលខេមរៈភូមិន្ទបន្ថែមទៀតផងដែរ៕ អត្ថបទ៖ បាន ចក់

បរិវេណជុំវិញវិមានឯករាជ្យត្រូវបានតុបតែងលម្អ សម្រាប់ការប្រារព្ធបុណ្យឯករាជ្យជាតិខួប៧០ឆ្នាំ

2023/11/01 11:42:46 am        266
ភ្នំពេញ៖ ខណៈដែលនៅសល់តែ៨ថ្ងៃទៀតប៉ុណ្ណោះ ​គឺជាថ្ងៃគម្រប់ខួប៧០ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ នឹងចូលមកដល់ គេសង្កេតឃើញបរិវេណជុំវិញវិមានឯករាជ្យ មានការរៀបចំ និងតុបតែងបានស្អាតល្អ សម្រាប់ត្រៀមរៀបចំប្រារព្ធទិវាជាតិ និងជាប្រវត្តិសាស្ត្រមួយនេះ ។ នៅតាមដងផ្លូវសំខាន់ៗជុំវិញនោះ មានការលើស្លាកអបអរសាទរទិវាបុណ្យឯករាជ្យ០៩វិច្ចិកា អមជាមួយដើមឈើធំៗស្រស់ស្អាត លម្អងបរិស្ថានឱ្យកាន់តែប្រសើរ ។ប្រជាពលរដ្ឋ ​បានលើកឡើងថា ថ្ងៃ០៩វិច្ឆិកា គឺជាថ្ងៃប្រវត្តិសាស្ត្រ​ដែលប្រជាជនខ្មែរទាំង​អស់ចងចាំ​មិនភ្លេច ដែលកម្ពុជាបានទទួលបានឯករាជ្យពេញលេញ ។ ​ដែលរាជ្យភាពនេះ បានពីមក​ស្នា​ព្រះហស្ថដ៏អស្ចារ្យ របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសហនុ​ ព្រះបរមរតនកោដ្ឋ ដែល​ព្រះអង្គបាន​លះបង់ ​និងពុះពារ ​នាំយកឯករាជ្យឱ្យប្រជាជន ​និង​ប្រទេសជាតិ បាន​រហូតមកទល់សព្វថ្ងៃនេះ ។សូមបញ្ជាក់ថា សម្តេចព្រះបរមរតនកោដ្ឋ បានដណ្តើមយកឯករាជ្យឱ្យកម្ពុជាវិញ ​នៅថ្ងៃ០៩ វិច្ឆិកា ឆ្នាំ១៩៥៣ ។ រាជរដ្ឋាភិបាលកម្ពុជា​តែងប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះឡើង​ជារៀងរាល់ឆ្នាំ ដើម្បីជាការរំលឹក​ដល់ការទទួលបានឯករាជ្យពេញលេញ ។ ​ហើយនៅថ្ងៃទី០៩ ​វិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាថ្ងៃប្រារព្ធទិវាបុណ្យឯករាជ្យជាតិ គម្រប់៧០ឆ្នាំ ៕ អត្ថបទ ៖ លីហេង

ចិនចាប់ផ្តើមការស្ទង់មតិចំនួនប្រជាជនទូទាំងប្រទេស ចំពេលអត្រាកំណើត មានការធ្លាក់ចុះ

2023/11/01 11:27:16 am        73
ប្រទេសចិន នឹងចាប់ផ្តើមធ្វើការស្ទង់មតិមនុស្សចំនួន ១.៤ លាននាក់ នៅថ្ងៃពុធ (ទី១ ខែវិច្ឆិកា) នៅក្នុងការស្ទង់មតិមួយស្តីពីការផ្លាស់ប្តូរចំនួនប្រជាជន ខណៈដែលអាជ្ញាធរតស៊ូ ដើម្បីលើកទឹកចិត្តមនុស្សមានកូនកាន់តែច្រើន ចំពេលអត្រាកំណើតមានការថយចុះ និងចំនួនប្រជាជនដំបូង ធ្លាក់ចុះ ក្នុងរយៈពេលជាង ៦ទសវត្សរ៍។ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន បាននិយាយថា ការស្ទង់មតិដែលត្រូវបានប្រកាស នៅថ្ងៃទី១០ ខែតុលា ក្នុងវិធានការមួយ ដែលមិនរំពឹងទុក នឹងផ្តោតលើទីក្រុង និងជនបទទូទាំងប្រទេស។ ការស្ទង់មតិនេះនឹងផ្អែកលើគំរូនៃគ្រួសារចំនួន ៥០០.000 ហើយមានរយៈពេលប្រហែលពីរសប្តាហ៍ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា។ការិយាល័យស្ថិតិ បាននិយាយទៀតថា ការស្ទង់មតិដែរនេះ នឹងជួយផ្តល់មូលដ្ឋានក្នុងការតាមដានការផ្លាស់ប្តូរការអភិវឌ្ឍចំនួនប្រជាជនរបស់ប្រទេសចិន និងសម្រាប់រដ្ឋាភិបាល និងបក្សកុម្មុយនីស្ត ក្នុងការបង្កើតគោលនយោបាយសេដ្ឋកិច្ចជាតិ ការអភិវឌ្ឍសង្គម និងគោលនយោបាយទាក់ទងនឹងប្រជាជន។ប្រទេសចិន បានធ្វើជំរឿនម្តងក្នុងមួយទសវត្សរ៍ ចុងក្រោយនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ដែលបង្ហាញថា វាបានកើនឡើងក្នុងល្បឿនយឺតបំផុត ចាប់តាំងពីការស្ទង់មតិប្រជាជនសម័យទំនើបជាលើកដំបូង នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៥០។ការអភិវឌ្ឍចំនួនប្រជាជនជារឿយៗ ត្រូវបានផ្សារភ្ជាប់ទៅនឹងភាពរឹងមាំ និង «ការស្តារឡើងវិញ» របស់ប្រទេសនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ចំពេលត្រាកំណើតមានការធ្លាក់ចុះ និងការព្រួយបារម្ភដែលរីករាលដាលរបស់ប្រជាពលរដ្ឋអំពីការលំបាក ក្នុងការចិញ្ចឹមបីបាច់កូន។

ការតវ៉ាប្រឆាំងសង្រ្គាមរំខានសវនាការសភាអាមេរិក ខណៈក្រុមមន្ត្រីលោក Bidenស្វះស្វែងរកជំនួយសម្រាប់អ៊ីស្រាអែល និងអ៊ុយក្រែន

2023/11/01 11:15:08 am        132
ទីប្រឹក្សាជាន់ខ្ពស់២រូបរបស់លោកប្រធានាធិបតី Joe Biden បានស្នើឱ្យសមាជិកសភាអាមេរិកផ្តល់ប្រាក់រាប់ពាន់លានដុល្លារបន្ថែមទៀតដល់អ៊ីស្រាអែលកាលពីថ្ងៃអង្គារ ទី៣១តុលា នៅឯសវនាការសភាដែលត្រូវបានរំខានម្តងហើយម្តងទៀតដោយក្រុមអ្នកតវ៉ា ដែលបានរិះគន់ក្រុមមន្រ្តីអាមេរិកចំពោះការគាំទ្រនូវអ្វីដែលពួកគេហៅថា អំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា។ នៅពេលសវនាការចាប់ផ្តើម ក្រុមបាតុករប្រឆាំងសង្រ្គាមបានលើកបាតដៃប្រឡាក់ថ្នាំក្រហម។ ក្រោយមកនគរបាលវិមានកាពីតូលបាននាំពួកគេចេញពីបន្ទប់ បន្ទាប់ពីបានស្រែកពាក្យស្លោករួមមាន"ឈប់បាញ់ឥឡូវនេះ!"ការពារកុមារនៃហ្គាហ្សា!"និង"បញ្ឈប់ការផ្តល់មូលនិធិដល់អំពើប្រល័យពូជសាសន៍។ រដ្ឋមន្ត្រីការបរទេស Antony Blinken និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ឡយ អូស្ទីន(Lloyd Austin) បានផ្តល់សក្ខីកម្មដល់គណៈកម្មាធិការរៀបចំព្រឹទ្ធសភាលើសំណើររបស់លោក Biden នូវកញ្ចប់ថវិកាចំនួន ១០៦ ពាន់លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់ផែនការប្រកបដោយមហិច្ឆតាសម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងសន្តិសុខព្រំដែនអាមេរិក។ដោយលើកហេតុផលថា ការគាំទ្រដៃគូរបស់សហរដ្ឋអាមេរិកមានសារៈសំខាន់ចំពោះសន្តិសុខជាតិ ដែលលោក Biden បានស្នើសុំ កញ្ចប់ថវិកា ចំនួន៦១,៤ ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ដែលប្រហែលពាក់កណ្តាលនឹងត្រូវចំណាយនៅសហរដ្ឋអាមេរិកដើម្បីបំពេញស្តុកអាវុធដែលហូរចេញដោយសារតែការគាំទ្រសម្រាប់ទីក្រុងគីវ (Kyiv)កន្លងមកនេះ ។លោក Biden ក៏បានស្នើសុំប្រាក់ចំនួន ១៤,៣ ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល ចំនួន ៩ពាន់លានដុល្លារសម្រាប់ជំនួយមនុស្សធម៌ រួមទាំងសម្រាប់អ៊ីស្រាអែល និងតំបន់ហ្កាហ្សា ១៣,៦ ពាន់លានដុល្លារសម្រាប់សន្តិសុខព្រំដែនសហរដ្ឋអាមេរិក ជំនួយយោធាចំនួន៤ ពាន់លានដុល្លារ និងហិរញ្ញប្បទានរបស់រដ្ឋាភិបាល ក្នុងការទប់ទល់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់របស់ចិននៅអាស៊ី៕

ប្រធានាធិបតីអ៊ុយក្រែនព្រមានថា កុំរំពឹងថានឹងទទួលបានជោគជ័យលឿនពេក ខណៈប្រមូលផ្តុំកងទ័ព

2023/11/01 11:01:01 am        131
លោកប្រធានាធិបតី Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអង្គារថា ការវាយប្រហាររបស់អ៊ុយក្រែនលើកងទ័ពជើងទឹករុស្ស៊ីនៅសមុទ្រខ្មៅបានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុងមូស្គូ ធ្លាក់ចុះ ដោយកំពុងស្វែងរកការប្រមូលផ្តុំកងទ័ពរបស់លោក ទោះបីជាពិភពលោកខាងក្រៅរំពឹងថានឹងទទួលបានជោគជ័យភ្លាមៗក៏ដោយ។ ទោះបីជាមានការវាយលុកដ៏ខ្លាំងក្លាជាច្រើនខែរបស់ ទីក្រុងគីវ (Kyiv) ក៏ដោយ ក៏ខ្សែបន្ទាត់ជួរមុខដ៏ធំនៅភាគខាងកើត និងខាងត្បូងរបស់អ៊ុយក្រែន បានផ្លាស់ប្តូរតិចតួចកាលពីឆ្នាំមុន ដែលជំរុញឱ្យមានការរិះគន់ និងអស់អត់ធ្មត់ក្នុងចំណោមសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួនរបស់អ៊ុយក្រែន។ លោក Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាវីដេអូពេលយប់ថា យើងរស់នៅក្នុងពិភពលោកដែលស៊ាំនឹងភាពជោគជ័យលឿនពេក។ នៅពេលការឈ្លានពានពេញបន្ទុកបានចាប់ផ្តើម មនុស្សជាច្រើននៅជុំវិញពិភពលោក មិនជឿថាអ៊ុយក្រែននឹងរស់រានមានជីវិតនោះទេ។ សូមលើកតម្កើងអស់អ្នកដែលមិនដកថយ ដែលមិនឆេះ ជឿលើអ៊ុយក្រែន ដូចដែលពួកគេបានធ្វើកាលពីថ្ងៃទី ២៤ ខែកុម្ភៈ និងអ្នកដែលបានប្រយុទ្ធដោយឥតងាករេ ។ សង្គ្រាមដែលរុស្ស៊ីបានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ពេលនេះ បានឈានចូលដល់ខែទី២០ ហើយ មិនទាន់ចប់នៅឡើយទេ។ កងកម្លាំងរុស្ស៊ីបានត្រៀមលក្ខណៈសម្រាប់ការវាយប្រហារថ្មីៗនៅក្នុងតំបន់ផ្សេងៗនៃសមរភូមិជួរមុខ ហើយកំពុងទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ។ សមុទ្រខ្មៅបានក្លាយជាចំណុចដ៏សំខាន់នៅក្នុងសង្គ្រាម។ ការវាយប្រហារតាមអាកាស និង យានដ្រូន លើផ្លូវទឹករបស់អ៊ុយក្រែន កើនឡើងលើគោលដៅយោធារុស្ស៊ីនៅទីនោះ បានធ្វើឱ្យខូចខាតនាវា និងយានដ្ឋានជួសជុលកងនាវាចរនៅក្នុងកំពង់ផែ សេវ៉ាស្តូផូល (Sevastopol) និងបានវាយប្រហារគោលដៅផ្សេងទៀត៕

តុលាការកំពូលអាមេរិក ពិបាកធ្វើការសម្រេច ជុំវិញករណីមន្ត្រីសាធារណៈបិទចោលមតិអ្នករិះគន់តាមបណ្ដាញសង្គម

2023/11/01 10:57:06 am        77
តុលាការកំពូលរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (៣១ តុលា) បានចូលរួមដោះស្រាយទៅក្នុងបញ្ហានៃសិទ្ធិបញ្ចេញមតិដោយសេរី ក្នុងយុគសម័យឌីជីថល អំឡុងពេលមានអំណះអំណាងនៅក្នុងករណីមកពីរដ្ឋកាលីហ្វ័រនីញ៉ា (California) និងរដ្ឋមីឈីហ្គិន (Michigan) ដែលពាក់ព័ន្ធនឹងថា តើមន្ត្រីសាធារណៈអាចបិទចោលអ្នកបញ្ចេញមតិផ្សេងទៀត ដោយស្របច្បាប់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលនោះជាមុខងារមួយត្រូវបានប្រើប្រាស់ជាញឹកញាប់នៅលើវេទិកាទាំងនេះ ដើម្បីរារាំងអ្នករិះគន់ បានឬយ៉ាងណា។ក្រុមយុត្តិធម៌ មានភារកិច្ចក្នុងការសម្រេចចិត្តថា តើមន្ត្រីសាធារណៈបានចូលរួមក្នុង «សកម្មភាពរដ្ឋ» នៅពេលដែលប្លុកអ្នករិះគន់ពីគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ឬគ្រាន់តែធ្វើសកម្មភាពបែបនោះក្នុងសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគេ។ សំណួរដែលចោទឡើងដោយក្រុមយុត្តិធម៌បានស្នើថា ពួកគេកំពុងជួបការលំបាកក្នុងការកំណត់កាលៈទេសៈ ដែលសម្រេចថាគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមមួយ គួរត្រូវបានចាត់ទុកជាបុគ្គល ឬជាផ្លូវការ។ ក្រុមយុត្តិធម៌មួយចំនួនបានលើកឡើងថា តើការតម្រូវឱ្យមន្ត្រីសាធារណៈរួមបញ្ចូល «ការមិនទទួលខុស» ត្រូវលើគេហទំព័រផ្ទាល់ខ្លួនរបស់ពួកគេ ដែលធ្វើឱ្យច្បាស់ថា សកម្មភាពប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ មិនមែនជាសកម្មភាពរបស់រដ្ឋាភិបាលនោះ នឹងជួយបែងចែកសមត្ថភាពឯកជន និងសាធារណៈរបស់ពួកគេ បានឬយ៉ាងណា។ កន្លងមក តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានប្រឈមមុខនឹងបញ្ហាដូចគ្នានេះ កាលពីឆ្នាំ២០២១ នៅក្នុងវិវាទជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់លោកអតីតប្រធានាធិបតី Donald Trump ក្នុងការបិទចោលមតិអ្នករិះគន់នៅលើបណ្ដាញសង្គម Twitter ប៉ុន្តែក្រុមយុត្តិធម៌ បានបរាជ័យក្នុងការសម្រេចលើបញ្ហានេះ ដោយចាត់ទុកថាករណីនេះមានភាពរអាក់រអួល បន្ទាប់ពីលោក Trump បានចាកចេញពីតំណែង៕

ក្រុមប្រឹក្សាគណៈអភិបាលខេត្តកណ្ដាលប្តេជ្ញាដោះស្រាយបញ្ហានានារបស់ពលរដ្ឋឱ្យបានល្អប្រសើរ

2023/11/01 10:38:38 am        103
ភ្នំពេញ៖ ក្រុមប្រឹក្សាខេត្ត រួមគណៈអភិបាលខេត្តកណ្ដាល ​ប្តេជ្ញាខិតខំប្រឹងប្រែងដោះស្រាយ​រាល់បញ្ហារប្រឈមនានា នឹងបញ្ហារសំណើរ សំណូមពររបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ក្នុងគោលបំណងបង្កើនជំនឿជាក់លើការដឹកនាំ​ ជាពិសេសរាជរដ្ឋាភិបាល ដែលមាន​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ​ជានាយករដ្ឋមន្រ្តី។ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ថ្លែងលើកក្នុងវេទិការផ្សព្វផ្សាយ និង​ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៥អាណត្តិទី៣ ឆ្នាំ ២០២៣ នៅ​ស្រុកលើកដែក ខេត្តកណ្តាល នាព្រឹកថ្ងៃទី៣១ ខែតុលាម្សិលមិញថា មកដល់ពេល​បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ​ដែលមានសម្តេចមហាបវរធិបតីជានាយករដ្ឋមន្រ្តី ​សម្តេចបាន​ខិតខំ​អស់ពី​កំលាំងកាយចិត្ត ដើម្បីជម្រុញការអភិវឌ្ឍប្រទេសឲ្យមានការរកចម្រើន ​ជាពិសេសនៅក្នុង​អាណត្តិថ្មីនេះ ​រាជរដ្ឋាភិបាលអនុវត្តន៍គោលនយោបាយ​ និងបានកំណែទម្រង់ជាច្រើនវិស័យ ក្នុងគោលដៅ​ឲ្យកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍឥតឈប់ឈរ ។ឯកឧត្តមបន្តថា ចំពោះកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ​ក្រុមប្រឹក្សាខេត្ត និងខិតខំប្រឹង​ប្រែងដោះស្រាយរាល់បញ្ហាប្រឈម ​និងសំណើរបស់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបភ្លាមៗ​នឹង​ទុក្ខកង្វល់ទាំងនោះ។ ​ចំណែកបញ្ហារដែលមិនបានដោះស្រាយភ្លាមៗចំពោះមុខប្រជាពលរដ្ឋ អាជ្ញាធរ​ខេត្តបានយកបញ្ហារទាំងនោះ ​ដាក់ក្នុងផែនការរបស់ថ្នាក់ខេត្ត​ ក៏ដូចជាថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ​និងជាការឆ្លើយតបទៅដល់​ប្រជាពលរដ្ឋ​ឲ្យមាន​ប្រសិទ្ធភាព​ តម្លារភាព និងឆាប់រហ័ស។ថ្លែងក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះដែរ ​លោក នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្ត ក៏បានស្នើឲ្យអាជ្ញារមូលដ្ឋាន​ ត្រូវធ្វើយ៉ាងណាខិតខំបំរើប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេសការផ្តល់​សេវាសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់ ​ គ្មានចោរលួចចោរប្លន់ ​ល្បែងស៊ីសង ​នៅក្នុងមូលដ្ឋាន ទាំងនេះគឺជាម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ​ដែលជាការផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ក៏ដូចជា​ការគោរពស្រលាញ់ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។សូមបញ្ជាក់ថា ក្នុងវេទិកានេះ ទទួលបានសំណើរសំណូមពរចំនួន ៣៥ ​ក្នុងនោះរួមមានផ្នែករដ្ឋបាល សន្តិសុខ ​សណ្ដាប់ធ្នាប់ សរុបចំនួន ០៣ ផ្នែកសេដ្ឋកិច្ច សរុបចំនួន ៣៦ ​និងផ្នែកគ្រប់គ្រងដីធ្លី ធនធាន​ធម្មជាតិ បរិស្ថាន បម្រែបម្រួលអាកាសធាតុ ​សរុបចំនួន ០៤ ​ដែលបញ្ហាទាំងនេះត្រូវបាន ឯកឧត្តម​ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលរងខេត្តកណ្ដាល ធ្វើការឡើងបកស្រាយបំភ្លឺ និងទទួលយក ​និងបានជំរុញឱ្យអាជ្ញាធរ ​និងមន្ទីរពាក់ព័ន្ធត្រូវពន្លឿនក្នុងការដោះស្រាយ ឱ្យបានទាន់ពេលវេលា ​និងមានប្រសិទ្ធភាពផងដែរ។

ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣នេះ មានប្រទីបចូលរួមបណ្តែតកើនឡើងទ្វេដង

2023/10/31 04:04:42 pm        1481
ភ្នំពេញ៖ នៅសល់ពេលប្រមាណជាង២០ថ្ងៃទៀត ព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នឹងឈានចូលមកដល់។ ​នៅក្នុងរយៈពេលនេះដែរ មានទូកប្រទីបខា្នតធំ​ប្រមាណ៣០គ្រឿង បាននឹងកំពុងរៀបចំដំឡើង​ញាប់ដៃ​ញាប់ជើង ធ្វើយ៉ាងណាឲ្យហើយរួចរាល់​មុនថ្ងៃព្រះរាជពិធីបុណ្យអុំទូកចូលមកដល់។បើតាមវរៈសេនីយ៍ទោ តែ រដ្ឋា តំណាងអ្នករៀបចំដំឡើងប្រទីបរបស់ក្រសួងការពារជាតិ បានថ្លែង​ប្រាប់BTV នៅថ្ងៃទី៣១ ខែតុលានេះថា ​នៅឆ្នាំ២០២៣ គ្រប់ប្រទីបទាំងអស់​គឺត្រូវបាន​បញ្ជាទិញ​សំភារៈ គ្រឿងភ្លើងពណ៌លំអ ​ត្រូវបានរៀបចំដំឡើងថ្មីឡើងវិញទាំងអស់ ហើយការ​ដំឡើង​នោះគឺគ្រោងធ្វើឲ្យហើយរួចរាល់​ នៅក្នុងអំឡុងថ្ងៃទី២០​ ខែវិច្ឆិកា ​ទាំងអស់គ្នា។តាមសេចក្តីជូនដំណឹងរបស់​គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ ​បានឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍​បុណ្យអុំទូក ឆ្នាំ២០២៣នេះ ​មានប្រទីបចូលរួមបណ្តែត ​នៅក្នុងទន្លេចតុមុខ មុខព្រះបរមរាជវំាង ​មាន​ចំនួន៣០ប្រទីប​ ក្នុងនោះ ​មានប្រទីបមកពីបណ្តាក្រសួងស្ថាប័នរដ្ឋ​ចំនួន២៧ ប្រទីប ​សហភាពសហព័ន្ធយុវជនកម្ពុជា ​(ស.ស.យ.ក)ចំនួន១ ​និងប្រទីប មក​ពីវិស័យឯកជន ចំនួន២ រួមមាន៖ ​ប្រទីបក្រុមហ៊ុនវឌ្ឍនៈ​ និងប្រទីបក្រុមហ៊ុនកូកាកូឡា។មន្ត្រីគណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ ​បានឲ្យដឹងដែរថា​ ក្នុងព្រះរាជពិធីបុណ្យអុំទូក អំឡុងឆ្នាំ២០១៩ ​មុនពេលមិនទាន់មានកូវីដ១៩ ​គឺមានប្រទីបចំនួន១៣គ្រឿងចូលរួមបណ្តែត ហើយ​សម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣នេះវិញ ​គឺមានប្រទីប​ចូលរួម​បណ្តែត​ចំនួន៣០ប្រទីប។នៅក្នុងកិច្ចប្រជុំត្រៀម​លក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប ​និងសំពះព្រះខែ អកអំបុក ​របស់រដ្ឋបាលសាលារាជធានីភ្នំពេញ ​កាលពីពេលថ្មីៗនេះ ​បានបញ្ជាក់ថា មាន​ទូកមកពី​តាមបណ្តាខេត្ត រាជធានីបានចុះឈ្មោះចូលរួម​ប្រណាំង​ប្រមាណជាង ​៣០០ទូក ក្នុងនោះរាជធានី​ភ្នំពេញ​មានប្រមាណជាង ៤០ទូក ​និងមានកីឡាករ ​កីឡាការិនីចំណុះទូក​ប្រមាណជិត២ម៉ឺននាក់ ៕អត្ថបទ ស៊ុម សុខជា

លោក Bidenចុះហត្ថលេខាលើក្រឹត្យ AI ស្តីពីការអភិវឌ្ឍ និងការប្រើប្រាស់ប្រកបដោយសុវត្ថិភាព

2023/10/31 03:29:09 pm        182
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចុះហត្ថលេខាលើក្រឹត្យមួយ ជាមួយនឹងគោលដៅនៃកិច្ចប្រឹងប្រែងចម្បង ក្នុងការធានាឲ្យមានការអភិវឌ្ឍប្រកបដោយសុវត្ថិភាព និងស្ថិរភាព និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ខណៈបច្ចេកវិទ្យា AIនេះ រីករាលដាលយ៉ាងឆាប់រហ័ស នៅទូទាំងពិភពលោក។ក្រឹត្យនេះត្រូវបានចុះហត្ថលេខា កាលពីថ្ងៃចន្ទ (ទី៣០ ខែតុលា)។ ក្រឹត្យនេះស្វែងរកការប្តេជ្ញាចិត្តពីភ្នាក់ងាររដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ដើម្បីធ្វើឲ្យប្រាកដថា AI មានសុវត្ថិភាព ស្ថិរភាព និងគួរឲ្យទុកចិត្ត។តាមរយៈក្រឹត្យនេះ ទីភ្នាក់ងាររដ្ឋាភិបាលនឹងបង្កើតលក្ខណៈវិនិច្ឆ័យយ៉ាងតឹងរឹង សម្រាប់ការធ្វើតេស្តដែលធ្វើឡើងដោយក្រុមហ៊ុនឯកជន មុនពេលបច្ចេកវិទ្យា ឬប្រព័ន្ធរបស់ក្រុមហ៊ុនទាំងនោះ អាចត្រូវបានដាក់ឲ្យប្រើប្រាស់។ ការណ៍នេះ គឺដើម្បីធានាសុវត្ថិភាពនៃផលិតផលទាំងនោះ។ ក្រឹត្យនេះក៏អំពាវនាវឲ្យមានការអភិវឌ្ឍប្រកបដោយស្តង់ដារ ដោយការដាក់ស្លាកឲ្យបានច្បាស់លាស់នៃមាតិកា ដែលបង្កើតដោយ AI ។លោក Biden បាននិយាយថា៖ «AI គឺនៅជុំវិញយើងទាំងអស់គ្នា។ ភាគច្រើន ជួយធ្វើឲ្យជីវិតរបស់យើងកាន់តែប្រសើរឡើង»។ ប៉ុន្តែលោកបានបន្ថែមថា៖ «ដើម្បីសម្រេចបាននូវការសន្យារបស់ AI និងចៀសវាងហានិភ័យនានា យើងត្រូវតែគ្រប់គ្រងបច្ចេកវិទ្យានេះឲ្យបាន»៕

ប្រមុខការពារជាតិកម្ពុជា៖ កម្ពុជាគ្មានការរារែកបញ្ជូនកងទ័ពរបស់ខ្លួន ក្នុងប្រតិបត្តិការរក្សាសន្តិភាព​ក្រោម​ឆត្រ​UNនោះឡើយ

2023/10/31 02:18:49 pm        204
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងទៅកាន់ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងទ័ពជាង ៦០ប្រទេស ដែលបានចូលរួម​នៅ​ក្នុងវេទិកាសៀងសាន លើកទី១០ នៅទីក្រុងប៉េកាំងប្រទេសចិន កាលពីថ្ងៃទី៣០ម្សិលមិញថា រាជរដ្ឋាភិបាលកម្ពុជា គ្មានការរារែក ក្នុងការបញ្ជូនកងទ័ពរបស់ខ្លួន ដើម្បីចូលរួម​ប្រតិបត្តិការ​រក្សាសន្តិភាព ក្រោមឆត្រអង្គការ​សហប្រជាជាតិនោះឡើយ ​ខណៈការបញ្ជូននេះ​គឺជាសក្ខីភាព​នៃការ​យកចិត្តទុកដាក់របស់កម្ពុជា ក្នុងការឲ្យតម្លៃចំពោះសន្តិភាព។ឯកឧត្តមនាយឧត្តមសេនីយ៍ ​ទៀ សីហា បានបញ្ជាក់ថា «ក្នុងនាមជាប្រទេសដែលចូលរួមចំណែក​បរិច្ចាគកងទ័ពក្នុងប្រតិបត្តិការរក្សាសន្តិភាព កម្ពុជា​នៅតែប្រកាន់ខ្ជាប់នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះប្រតិបត្តិការរក្សាសន្តិភាព ​ដែលជាសក្ខីភាពនៃការយកចិត្តទុកដាក់របស់យើងចំពោះសន្តិភាព សន្តិសុខ ​និងស្ថិរភាពអន្តរជាតិ ​ដែលជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។ សូមបញ្ជាក់ថា រយៈពេល១៧ឆ្នាំមកនេះកម្ពុជា បានបញ្ជូនកងកម្លាំង​នៃកងយោធពលខេមរភូមិន្ទ សរុបចំនួន ៩២០៥នាក់ ​ក្នុងនោះ​នារីចំនួន៧២៦នាក់។ប្រទេសដែលកម្ពុជា បានបញ្ជូនកងទ័ពរបស់ខ្លួនក្រោមឆត្រអង្គការ​សហប្រជាជាតិនោះ​គឺ​មានប្រទេសសាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, សាយប្រឺស, ស៊ីរី, ម៉ាលី, យេមេន ​និងកុងហ្គោជាដើម។ ជំនាញរបស់កងទ័ពកម្ពុជា​ ដែល​បាន​បញ្ជូនទៅនោះមាន​ដូចជា ​ជំនាញ​បោសសំអាតមីន, ​កម្ទេចគ្រឿងផ្ទុះ, ប្រឆាំង-បន្សាបគ្រឿង​ផ្ទុះកែច្នៃ,កងរាជ​អាវុធ​ហត្ថ,វិស្វកម្មពហុជំនាញ,នាយទាហានសេនាធិការ​ និង​សង្កេតការណ៍​យោធាជាដើម៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមសេនាសន្តិភាពបាននាំយកអំណោយជាគ្រឿងបរិភោគ ឧបភោគចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងភៀសសឹកនៅស្រុកចុងកាល់
07/27/2025 01:07 PM
អ៊ីស្រាអែលនិយាយថា ខ្លួនចាប់ផ្តើមទម្លាក់ជំនួយតាមអាកាសលើតំបន់ហ្កាហ្សាស្រ្ទីប
07/27/2025 12:07 PM
ព្រះជាណាចក្រកម្ពុជា និងថៃ បើកទូលាយចំពោះកិច្ចប្រជុំស្វែងរកការឈប់បាញ់ ក្រោយការអន្តរាគមន៍របស់លោក Trump
07/27/2025 12:07 PM
មនុស្ស ១៨នាក់ស្លាប់ និង ២៤នាក់រងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្តក្រុងនៅប្រទេសប៉េរូ
07/27/2025 12:07 PM
កម្ពុជាប្រាប់ទៅថៃថា គ្មានហេតុផលអ្វីដែលកម្ពុជា បាញ់ទៅលើប្រាសាទតាមាន់ ដែលជាដួងព្រលឹកដូនតាខ្លួន នោះឡើយ
07/27/2025 12:07 PM
អ្នកដំណើរជម្លៀសខ្លួន ក្រោយយន្តហោះក្រុមហ៊ុនអាកាសចរណ៍អាមេរិកកើតហុយផ្សែងនៅអាកាសយានដ្ឋានក្រុង Denver
07/27/2025 12:07 PM
ភ្លើងឆេះព្រៃជិតទីក្រុងអាតែន ប្រទេសក្រិកបង្ខំឲ្យមនុស្សជម្លៀសខ្លួន និងបំផ្លិចបំផ្លាញផ្ទះសម្បែងពលរដ្ឋ
07/27/2025 12:07 PM
កូរ៉េខាងជើងប្រារព្ធខួបសង្រ្គាមកូរ៉េជាមួយនឹងការរាំរែក និងបាញ់កាំជ្រួចផ្កាភ្ញី
07/27/2025 12:07 PM
ភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើងប្រទេសចិន បានសម្លាប់មនុស្ស ២នាក់ និងមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួន
07/27/2025 12:07 PM
ការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់ជនប៉ាឡេស្ទីន ៧០នាក់នៅតំបន់ហ្កាហ្សាកាលពីថ្ងៃសៅរ៍
07/27/2025 12:07 PM