BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ
TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

UN៖ បញ្ជាជម្លៀសនៅតំបន់ហ្គាហ្សារបស់អ៊ីស្រាអែល អាចបំពានច្បាប់អន្តរជាតិ

2023/10/18 11:44:53 am        75
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (១៧ តុលា) ថា ការឡោមព័ទ្ធរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និងបញ្ជាជម្លៀសខ្លួនសម្រាប់ភាគខាងជើងនៃតំបន់នេះ អាចជាការផ្ទេរជនស៊ីវិលដោយបង្ខំ និងបំពានច្បាប់អន្តរជាតិ។ដោយថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ លោកស្រី រ៉ាវីណា សាមដាសានី (Ravina Shamdasani) អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថា អ៊ីស្រាអែលហាក់ដូចជាមិនបានខិតខំប្រឹងប្រែងដើម្បីធានាថា ជនស៊ីវិលដែលត្រូវបានជម្លៀសជាបណ្ដោះអាសន្ននៅតំបន់ហ្គាហ្សា ត្រូវបានផ្តល់កន្លែងស្នាក់នៅសមរម្យ ក៏ដូចជាលក្ខខណ្ឌអនាម័យ សុខភាព សុវត្ថិភាព និងអាហារូបត្ថម្ភនោះទេ ហើយការធ្វើបែបនោះ «ស្មើនឹងការផ្ទេរជនស៊ីវិលដោយបង្ខំ»។នៅក្នុងការអត្ថាធិប្បាយដាច់ដោយឡែកមួយ កម្មវិធីស្បៀងអាហារពិភពលោកបាននិយាយថា ការផ្គត់ផ្គង់ស្បៀងអាហាររបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា កំពុងមានកម្រិតទាប ប៉ុន្តែខ្លួនកំពុងស្តុកទុកការផ្គត់ផ្គង់នៅក្នុងទីក្រុង អាល់ អារីស (Al-Arish) របស់ប្រទេសអេហ្ស៊ីប នៅក្បែរនោះ។ រថយន្តដឹកទំនិញជាច្រើនគ្រឿង ដែលផ្ទុកសម្ភារផ្គត់ផ្គង់ បានធ្វើដំណើរឆ្ពោះទៅកាន់ច្រកព្រំដែន Rafah ក្នុងប្រទេសអេហ្ស៊ីប ដែលជាចំណុចចូលតែមួយគត់ទៅកាន់តំបន់ដែលនៅក្រៅការគ្រប់គ្រងរបស់អ៊ីស្រាអែល ទោះបីជាគេមិនប្រាកដថា រថយន្តជំនួយទាំងនោះអាចឆ្លងកាត់បាន ឬយ៉ាងណានោះទេ៕

បេសកជនចិន នឹងទៅកាន់មជ្ឈិមបូព៌ានៅសប្ដាហ៍នេះ ដើម្បីទប់ស្កាត់កុំឲ្យសង្គ្រាមរាលដាល

2023/10/18 11:35:22 am        76
ប្រទេសចិន នឹងថ្លឹងថ្លែងនៅសប្ដាហ៍នេះលើសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយការបញ្ជូនបេសកជនពិសេសរបស់ខ្លួនទៅកាន់តំបន់មជ្ឈិមបូព៌ា បន្ទាប់ពីសហរដ្ឋអាមេរិក បានស្នើឲ្យចិនប្រើឥទ្ធិពលរបស់ខ្លួន ដើម្បីបញ្ឈប់ជម្លោះកុំឲ្យរីករាលដាល។ ទីក្រុងវ៉ាស៊ីនតោន និយាយថា ខ្លួនសង្ឃឹមថាមិត្តភាពរបស់ចិនជាមួយអ៊ីរ៉ង់ដែលគាំទ្រក្រុមហាម៉ាស អាចជួយទប់ស្កាត់ជម្លោះនេះបាន ជាពិសេស បន្ទាប់ពីទីក្រុងប៉េកាំង បានសម្របសម្រួលគូសត្រូវដ៏អង្វែង រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងរីយ៉ាដ កាលពីដើមឆ្នាំនេះ ។អ៊ីរ៉ង់ បានព្រមានពីលទ្ធភាពនៃការធ្វើសកម្មភាពមុន ប្រឆាំងនឹងប្រទេសអ៊ីស្រាអែល ខណៈអ៊ីស្រាអែលត្រៀមវាយលុកនៅលើដីលើតំបន់ហ្គាហ្សា ។ក៏មានភាពភ័យខ្លាចផងដែរ ថាក្រុមហេស្បូឡា មានមូលដ្ឋាននៅក្នុងប្រទេសលីបង់ដែល ត្រូវបានគាំទ្រដោយប្រទេសអ៊ីរ៉ង់ អាចនាំឲ្យផ្ទុះការប្រឈមដាក់គ្នាជាលើកទី២ជាមួយអ៊ីស្រាអែល ។ប្រទេសចិន បានប្រកាសថា បេសកជនពិសេសលោក ចៃ ជុន (Zhai Jun ) នឹងបំពេញទស្សកិច្ចទៅកាន់មជ្ឈិមបូរព៌ានៅសប្ដាហ៍នេះ ដោយលោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា វត្ថុបំណងរបស់បេសកជនពិសេស គឺដើម្បីសម្របសម្រួលការខ្វែងគំនិតជាអន្តរជាតិ ក៏ដូចជាជំរុញដល់ភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់នយោបាយអរិភាពដាក់គ្នា បន្ធូរបន្ថយកម្ដៅស្ថានការណ៍ និងបង្កើតខណ្ឌចាំបាច់សម្រាប់ដំណោះស្រាយនយោបាយ៕

គិតមកទល់ពេលនេះ បុគ្គលស្វ័យនិយោជន៍ជាង៥ម៉ឺននាក់ បានស្នើសុំធ្វើប័ណ្ណ ប.ស.ស.

2023/10/18 11:17:25 am        242
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ឲ្យដឹងថា គិតចាប់ពីដាក់ឲ្យដំណើរ​ការសាកល្បងកាលពីថ្ងៃទី៩ ​ខែសីហា ឆ្នាំ២០២៣ ​រហូតមកដល់បច្ចប្បន្ននេះ ប្រជាពលរដ្ឋដែល​ប្រកបរបរ ​និងមានចំណូលផ្ទាល់ខ្លួន​ ឬហៅថា បុគ្គលស្វ័យនិយោជន៍ មានចំនួន ៥៧ ៨២៩ នាក់ហើយ ដែលបានស្នើសុំធ្វើប័ណ្ណ ប.ស.ស. តាមរយៈរបបភាគទានដោយស្ម័គ្រចិត្ត ។បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេចប្រកាសដាក់ឱ្យអនុវត្តនូវគម្រោង​សាកល្បងរបបថែទាំ​សុខភាព​សម្រាប់បុគ្គលស្វ័យនិយោជន៍ ​តាមរយៈរបបភាគទានដោយស្ម័គ្រចិត្ត ប្រជាពលរដ្ឋដែល​កំពុងប្រកបរបរ និ​ងរកចំណូលផ្ទាល់ខ្លួន ​មានការសប្បាយរីករាយយ៉ាងខ្លាំង ព្រោះពួកគេអាចមាន​សិទ្ធិក្នុងការស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. និងទទួល​បានការគាំពារទៅលើការថែទាំសុខភាព រួមទាំងប្រាក់បំណាច់មាតុភាព​ ដូចទៅនឹងមន្រ្តីរាជការ និងអ្នកដែលកំពុងមានការងារធ្វើជាសមាជិក ប.ស.ស. ដទៃទៀតដែរ។នៅក្នុងបទសម្ភាស៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នាព្រឹកថ្ងៃទី១៨ ខែតុលានេះ អ្នកស្រី ម៉ាន់ រ៉ិម អាជីករលក់បន្លែ ​និងគ្រឿងទេស ​នៅសង្កាត់ចោមចៅ ២​ ខណ្ឌពោធិ៍សែនជ័យ ក៏ដូចជាអាជីវករ​ជាច្រើនទៀត បានលើកឡើងថា ​ពួកគាត់សប្បាយរីករាយខ្លាំងណាស់ ពីព្រោះមិនធ្លាប់នឹកស្មានថា​អាចទទួលបានសិទ្ធិក្នុងការស្នើសុំប័ណ្ណសមាជិក ប.ស.ស. ដូចអ្នកធ្វើការងារនៅតាមរោងចក្រ និងក្រុមហ៊ុនផ្សេងៗដែរ។ ពួកគាត់លើកឡើងស្រដៀងគ្នាថា ប័ណ្ណ ប.ស.ស. នេះ ពិតជាមានសារៈសំខាន់ណាស់​សម្រាប់​ជួយសម្រាលលើបន្ទុកចំណាយជាច្រើនពេលមានជំងឺត្រូវទៅរកការព្យាបាល។ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​បានបញ្ជាក់ថា ​បុគ្គលស្វ័យនិយោជន៍ ​ក្រៅពីការផ្តល់របបថែទាំសុខភាព ​និងប្រាក់បំណាច់មាតុភាព រាជរដ្ឋាភិបាល​នឹងផ្តល់ជូននូវប្រាក់បំណាច់ពេល​ឈប់សម្រាកពេលមានជំងឺ លើកាវតា​លិកអប្បបរមា​បន្ថែមទៀតផងដែរ។ ក្រៅពីនេះពួកគេក៏ទទួលបានរបបសន្តិសុខសង្គម ផ្នែកថែទាំងសុខភាព និងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដូចគ្នាទៅនឹងកម្មករនិយោជិត និងមន្រ្តីរាជការដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី

ក្រុមអ្នកជំនាញសិទ្ធិមនុស្ស UN អំពាវនាវឲ្យប៉ាគីស្ថានបញ្ឈប់ផែនការនិរទេសជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថាន

2023/10/18 10:57:56 am        104
ក្រុមតាមដានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារទី១៧ខែតុលា បានអំពាវនាវដល់ប្រទេសប៉ាគីស្ថានបញ្ឈប់ការនិរទេសជនជាតិអាហ្វហ្គានីស្ថាន បន្ទាប់ពីទីក្រុង អ៊ីស្លាម៉ាបាត (Islamabad) បញ្ជាឲ្យអ្នកធ្វើអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់រួមទាំងពលរដ្ឋអាហ្វហ្គានីស្ថានចំនួន១,៧៣លាននាក់ ចាកចេញពីប្រទេសរបស់ខ្លួន បើពុំនោះត្រូវប្រឈមការបណ្ដេញចេញ។ក្រុមអាជ្ញាធរប៉ាគីស្ថាន ដែលបានទុកពេលវេលាឲ្យក្រុមជនន្តោប្រវេសន៍សុខច្បាប់ចាកចេញរហូតដល់ថ្ងៃទី១វិច្ឆិកា បានជាប់ពាក់ព័ន្ធទៅនឹងវិធានការនានាចំពោះការចោទប្រកាន់របស់ពួកគេ ដែលថា ជនជាតិអាហ្វហ្គានីស្ថាន មានជាប់ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកអត្ថឃាតជាច្រើនលើកនៅឆ្នាំនេះ ។ អ្នកជំនាញដែលជាក្រុមអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងជំរុញឱ្យប៉ាគីស្ថានរក្សាគោលការណ៍ដាច់ខាត និងមិនគួរឱ្យមានភាពស្អប់ខ្ពើមកើនឡើង និងទប់ស្កាត់ការបណ្តេញចេញជាសមូហភាព និង ការវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញដោយបង្ខំ ។ប្រទេសប៉ាគីស្ថានបានទទួលលំហូរចូលជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថានច្រើនបំផុត ចាប់តាំងពីការឈា្លនពានរបស់សូវៀត ចូលទីក្រុងកាប៉ុល ប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំ១០៧៩។ បេសកកម្មការទូតរបស់ប៉ាគីស្ថាន ប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ ពុំបានឆ្លើយតបភ្លាមៗទេ ចំពោះសំណើរសុំការអត្ថាធិប្បាយលើសេចក្ដីថ្លែងការណ៍របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សខាងលើនេះ៕

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបោះឆ្នោតលើបញ្ហាជម្លោះអ៊ីស្រាអែល និងតំបន់ហ្គាហ្សា

2023/10/18 10:53:56 am        100
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបោះឆ្នោតនៅថ្ងៃពុធនេះ លើសេចក្តីសម្រេចពង្រាងដោយប្រទេសប្រេស៊ីល ដែលអំពាវនាវឲ្យផ្អាកការប្រយុទ្ធសម្រាប់សកម្មភាពមនុស្សធម៌នៅក្នុងជម្លោះរវាងប្រទេសអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន ដើម្បីអនុញ្ញាតឱ្យមានដំណើរការជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្គាហ្សា។ ក្រុមអ្នកការទូត បាននិយាយថា ក្រុមប្រឹក្សានេះត្រូវបានគេរំពឹងថានឹងពិភាក្សា តាមសំណើរបស់ប្រទេសអារ៉ាប់រួម និងប្រទេសរុស្ស៊ី ខណៈមានការបំផ្ទុះនៅមន្ទីរពេទ្យហ្គាហ្សា ដែលបានបណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់កាលពីថ្ងៃអង្គារ។ បេសកជនអង្គការសហប្រជាជាតិរបស់ប៉ាឡេស្ទីន លោក Riyad Mansour បានដាក់កំហុសលើកងកម្លាំងអ៊ីស្រាអែលចំពោះការសម្លាប់រង្គាល នៅមន្ទីរពេទ្យ ដោយអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់។ ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់ប្រទេសអ៊ីស្រាអែល លោក Gilad Erdan បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចោទប្រកាន់ក្រុមសកម្មប្រយុទ្ធ អ៊ីស្លាមជីហាតប៉ាឡេស្ទីន សម្រាប់ការទទួលខុសត្រូវ។ក្រុមជីហាតអ៊ីស្លាម បានបដិសេធការចោទប្រកាន់នេះ ហើយសារព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យថានណាជាអ្នកទទួលខុសត្រូវចំពោះការបំផ្ទុះនេះទេ។ ក្រុមប្រឹក្សាដែលមានសមាជិកចំនួន ១៥ រូប ដំបូងបានកំណត់ពេលបោះឆ្នោតកាលពីថ្ងៃច័ន្ទលើសេចក្តីព្រាងរបស់ប្រទេសប្រេស៊ីល ប៉ុន្តែវាត្រូវបានពន្យារពេល ២៤ ម៉ោង ដើម្បីអនុញ្ញាតពេលវេលាបន្ថែមទៀតសម្រាប់ការចរចា។ បន្ទាប់មក សហរដ្ឋអាមេរិក បានជំរុញឱ្យមានការពន្យារពេល ខណៈប្រធានាធិបតីលោក Joe Biden ធ្វើទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែលនៅថ្ងៃពុធនេះ។វាមិនច្បាស់នោះទេថាតើ សហរដ្ឋអាមេរិក ដែលមានអំណាចប្រើប្រាស់សិទ្ធិវេតូ តែងតែការពារអ៊ីស្រាអែល ជាសម្ព័ន្ធមិត្តរបស់ខ្លួនពីសកម្មភាពណាមួយរបស់ក្រុមប្រឹក្សាសន្តិសុខ នឹងអនុញ្ញាតឱ្យដំណោះស្រាយនេះអនុម័តឬយ៉ាងណា។

អាស៊ែរបៃហ្សង់ នឹងធ្វើសមយុទ្ធយោធាជាមួយប្រទេសទួរគី នៅសប្តាហ៍ក្រោយ

2023/10/18 10:49:37 am        113
អាស៊ែរបៃហ្សង់ បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងរៀបចំធ្វើសមយុទ្ធយោធាជាមួយប្រទេសទួរគី ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន នៅសប្តាហ៍ក្រោយ។នៅលើគេហទំព័ររបស់ខ្លួន ក្រសួងការពារជាតិនៃរដ្ឋកូកាស (Caucasus) ខាងត្បូង ដែលសម្បូរដោយជនជាតិភាគតិចទួរគី បាននិយាយថា សមយុទ្ធប្រារព្ធខួបមួយសតវត្សរ៍នៃសាធារណរដ្ឋទួរគី នឹងធ្វើឡើង នៅថ្ងៃទី២៣-២៥ ខែតុលា នៅក្នុងតំបន់ជាច្រើន។តំបន់ទាំងនេះ នឹងរួមបញ្ចូលរដ្ឋធានីបាគូ តំបន់ Nakhchivan និងទឹកដីអាស៊ែរបៃហ្សង់ដែលរឹបអូសបានពីការគ្រប់គ្រងរបស់ជនជាតិអាមេនី ចាប់តាំងពីឆ្នាំ ២០២០ ដែលបានស្វាគមន៍ជាមុនដោយប្រទេសទួរគី។តំបន់ Nakhchivan មានព្រំប្រទល់ជាប់ប្រទេសទួរគី និងអ៊ីរ៉ង់ ប៉ុន្តែតាមលក្ខណៈភូមិសាស្រ្ត ត្រូវបានបំបែកចេញពីអាស៊ែរបៃហ្សង់ដីគោកដោយប្រទេសអាមេនី។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ជួបប្រជុំពិភាក្សាជាមួយរដ្ឋមន្ត្រីស្ដីទីនៃគណៈកម្មាធិការសុខាភិបាលជាតិ ចិន

2023/10/18 10:09:24 am        85
ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបពិភាក្សាការងារជាមួយឯកឧត្តមសាស្ត្រាចារ្យ Xuetao CAO រដ្ឋមន្ត្រីស្ដីទីនៃគណៈកម្មាធិការសុខាភិបាលជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការគណៈកម្មាធិការសុខាភិបាលជាតិ ទីក្រុងប៉េងកាំង, ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងប៉េងកាំង សាធារណរដ្ឋប្រជាមានិតចិន។ជាកិច្ចចាប់ផ្តើមឯកឧត្តមសាស្ត្រាចារ្យ Xuetao CAO បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអបអរសាទរ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ក្នុងឱកាសដែល ឯកឧត្តម ទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាល​អាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា បន្ទាប់ពីមានទំនាក់ទំនងការទូតពីឆ្នាំ១៩៥៨ ចំណងមិត្តភាពរវាងប្រទេសទាំងពីរ មានការរីកចំរើនគួរឱ្យកត់សម្គាល់។ ឯកឧត្តមសាស្ត្រាចារ្យ បានថ្លែងនូវអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយគាំទ្រដល់ប្រជាជនកម្ពុជាយ៉ាងខ្លាំងក្លា ជាពិសេសក្នុងវិស័យសុខាភិបាល តាមរយៈគម្រោងជំនួយរបស់មិត្តចិនជាច្រើន​ត្រូវបានផ្តល់​ជូនកម្ពុជា ដូចជា៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ ការផ្តល់រថយន្តសង្គ្រោះគិលានសង្គ្រោះ ការផ្តល់គ្លីនិកចល័ត និងឧបករណ៍​បរិក្ខារវេជ្ជសាស្ត្រជាច្រើន​ ជាពិសេសបានបញ្ជូនអ្នកជំនាញឯកទេសក្នុងការជួយលើផ្នែកបច្ចេកទេស ក្នុងអំឡុងពេលដែលពិភពលោកទាំងមូលរងនូវការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា។ឯកឧត្តមសាស្ត្រាចារ្យ Xuetao CAO បានជម្រាបជូនថា ភាគីមិត្តចិនសូមកោតសរសើរក្រសួងសុខាភិបាលកម្ពុជា ចំពោះកិច្ចសហការល្អ ជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការសុខាភិបាល អាស៊ាន-ចិន ដែលក្នុងនោះភាគីមិត្តចិន បានស្នើគម្រោងបង្កើតមជ្ឈមណ្ឌលសុខភាពមាតា និងទារក អាស៊ាន-ចិន ដែលកម្ពុជាបានធ្វើការគាំទ្រយ៉ាងពេញទំហឹងចំពោះសំណើរនេះ។ ភាគីមិត្តចិន សង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យសុខាភិបាល នឹងឈានឡើងទៅដល់កម្រិតខ្ពស់។ជាការឆ្លើយតបឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ក៏បានសំដែងនូវការអរគុណចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយគាំទ្រដល់ប្រជាជនកម្ពុជា ជាពិសេសលើវិស័យសុខាភិបាល ដូចជាពេលថ្មីៗកន្លងទៅនេះ ក្រសួងសុខាភិបាលកម្ពុជា និងភាគីមិត្តចិន បានសម្ពាធគ្លីនិកឱសថបុរាណចិន នៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។ ជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រសួងសុខាភិបាលកម្ពុជា និងគណៈកម្មាធិការសុខាភិបាលជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំតាមរយៈគម្រោងជាច្រើនមានដូចជា៖ ១)កិច្ចសហប្រតិបត្តិការទ្វេភាគី, ២)កិច្ចសហប្រតិបត្តិការក្រោមជំនួយហិរញ្ញប្បទានឥតសំណងពិសេស, ៣) កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង។ ក្រសួងសុខាភិបាល បានស្នើភាគីមិត្តចិន ជួយពិនិត្យ និងជម្រុញគម្រោងដែលក្រសួងសុខាភិបាលកម្ពុជា បានលើកសំណើដែលកំពុងពិចារណា ក្នុងនោះរួមមាន៖ ក- កិច្ចសហប្រតិបត្តិការទ្វេភាគី៖១- គម្រោងផ្គត់ផ្គង់សម្ភារបរិក្ខារវេជ្ជសាស្ត្រ ដើម្បីបង្កើតបន្ទប់វះកាត់ជំងឺបេះដូង និងសរសៃរឈាមនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ២- គម្រោងកែប្រែមន្ទីរពេទ្យហ្លួងម៉ែ ទៅជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក ៣- គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ៤- គម្រោងអភិវឌ្ឍន៍មណ្ឌលសុខភាពនៅតាមបណ្តាខេត្ត ខ- ហិរញ្ញប្បទានឥតសំណងពិសេស៖ ១- ការសាងសង់ និងជួសជុលមណ្ឌលសុខភាព ជាគម្រោងអាទិភាពក្នុងគ្រាអាសន្ន ២- គម្រោងសាងសង់អគារពិនិត្យព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ គ-កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៖ ១- បង្កើនសមត្ថភាពសហគមន៍ និងមន្ត្រីសុខាភិបាលប្រយុទ្ធនឹងជំងឺគ្រុនឈាមក្នុងខេត្តមួយចំនួន ២- គម្រោងកាត់បន្ថយការចំលងជំងឺគ្រុនឈាម តាមរយៈការអប់រំសុខភាព និងការចូលរួមរបស់សហគមន៍ក្នុងខេត្តដាច់ស្រយាល។ឯកឧត្តមសាស្ត្រាចារ្យ Xuetao CAO បានបញ្ជាក់ជូនថា ភាគីមិត្តចិន នឹងពិនិត្យលើគម្រោង​ដែលក្រសួងសុខាភិបាលកម្ពុជា បានលើកសំណើឱ្យបានឆាប់រហ័ស ព្រមទាំងសន្យាថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ គណៈកម្មាធិការសុខាភិបាលជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានបញ្ជាក់ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម ដើម្បីរួមចំណែកជាមួយកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខមាលភាពរបស់ប្រជាជនកម្ពុជា ឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ រដ្ឋា

លោក ពូទីន ឆ្លើយតបទៅលោក បៃដិន៖ រុស្ស៊ីមិនអាចត្រូវគេ «គាបសង្កត់»ទេ ហើយអាមេរិក គួរតែរៀនគោរព

2023/10/18 10:03:22 am        207
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារ បានច្រានចោលការអត្ថាធិប្បាយរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដោយបាននិយាយនៅក្នុងបទសម្ភាសន៍មួយ នៅទីក្រុងប៉េកាំងថា ផលប្រយោជន៍របស់ទីក្រុងម៉ូស្គូ មិនអាចត្រូវបានគេបំផ្លិចបំផ្លាញបានទេ ហើយអ្នកនយោបាយអាមេរិក គួរតែរៀនគោរពអ្នកដទៃ។លោកពូទីន កំពុងឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CBS News ជាកន្លែងដែលលោក បាននិយាយថា៖«ជាការពិត ចូរស្រមៃមើលថាតើមានអ្វីកើតឡើង ប្រសិនបើយើងបង្រួបបង្រួមអឺរ៉ុបទាំងអស់ ហើយទីបំផុតពូទីន ត្រូវបានគេគាបសង្កត់នោះ គឺលោកមិនអាចបណ្តោយឲ្យបញ្ហាប្រភេទនេះ កើតឡើងបានទេ។នៅក្នុងបទសម្ភាសន៍ខ្លីមួយ ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋ អំឡុងពេលកិច្ចប្រជុំកំពូលមួយក្នុងរដ្ឋធានីចិន លោក ពូទីន បាននិយាយថា៖«នេះមិនមែនអំពីខ្ញុំផ្ទាល់ទេ នេះគឺអំពីផលប្រយោជន៍របស់ប្រទេស ហើយវាមិនអាចទៅរួចទេក្នុងការបំផ្លិចបំផ្លាញផលប្រយោជន៍របស់រុស្ស៊ីនោះ។ ពួកវាត្រូវតែត្រូវបានគេយកមកពិចារណា»។លោក ពូទីន បានបន្ថែមថា ទាំងលោកបៃដិន ដែលគាត់មានទំនាក់ទំនងបង្កជម្លោះ ចាប់តាំងពីប្រធានាធិបតីអាមេរិករូបនេះ ចូលការន់តំណែង នៅឆ្នាំ ២០២១ ហើយឥស្សរជននយោបាយអាមេរិកជាន់ខ្ពស់រូបនេះ ត្រូវរៀនគោរពប្រទេសរុស្ស៊ី។

លោក វ្ល៉ាឌីមៀ ពូទីន បានជួបជាមួយលោក ស៊ី ជីនពីង នៅក្នុងកិច្ចប្រជុំកំពូលរបស់ចិន

2023/10/18 09:54:06 am        148
ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានស្វាគមន៍កាលពីថ្ងៃអង្គារ (១៧ តុលា) ដោយសមភាគីចិន និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺលោកប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងឱកាសនៃកិច្ចប្រជុំកំពូល «ផ្លូវសូត្រថ្មី» នៅទីក្រុងប៉េកាំង ខណៈចំណាប់អារម្មណ៍របស់ពិភពលោក កំពុងផ្តោតលើ សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស។ស្ថានទូតរុស្ស៊ី បាននិយាយនៅក្នុងសារមួយ ដែលបានបង្ហោះលើបណ្ដាញសង្គម X ថា «លោកប្រធានាធិបតី ស៊ី ជីនពីង បានស្វាគមន៍លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅពេលលោកបានទៅដល់ ហើយមេដឹកនាំទាំងពីរ បានធ្វើការសន្ទនាខ្លីមួយជាមួយគ្នា»។ កិច្ចប្រជុំពេញលេញរវាងប្រមុខរដ្ឋទាំងពីរ គ្រោងធ្វើឡើងនៅថ្ងៃពុធ (១៨ តុលា) នេះ ហើយសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន ព្រមទាំងការចោទប្រកាន់ថា រុស្ស៊ីគាំទ្រក្រុមហាម៉ាស នឹងក្លាយជាប្រធានបទសំខាន់ជុំវិញការបង្ហាញខ្លួនរបស់លោកពូទីន នៅក្នុងព្រឹត្តិការណ៍ «ខ្សែក្រវាត់ និងផ្លូវ» របស់ប្រទេសចិនមួយនេះផងដែរ៕

សម្តេចធិបតី ស្នើវៀតណាមពន្លឿនការចរចានៃការតភ្ជាប់ផ្លូវល្បឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ ដើម្បីជាការសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍

2023/10/18 09:36:02 am        147
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានាធិបតី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង។ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម វ៉ វ៉ាន់ធឿង បានអបអរសាទរចំពោះ សម្តេចធិបតី ក្នុងការ​ចូលកាន់​មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រួមជាមួយ​នឹងការផ្តាំផ្ញើសាកសួរសុខទុក្ខថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រមទាំងជូនដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ឯកឧត្តមប្រធានាធិបតីវៀតណាម បានសម្តែងនូវសុទិដ្ឋិនិយមថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី, ប្រទេសកម្ពុជា​នឹងអាចអនុវត្តដោយជោគជ័យនូវរាល់​គោល​នយោបាយនានា ដែលបានដាក់ចេញគ្រប់កម្រិត ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ។ ឯកឧត្តម វ៉ វ៉ាន់ធឿង ក៏បានបញ្ជាក់បន្ថែមថា ប្រទេសវៀតណាមនៅតែរក្សាចំណងមិត្តភាព និងកិច្ច​សហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីផលប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជនទាំងពីរ។ជាការឆ្លើយតប សម្តេចធិបតី ​បានថ្លែងអំណរគុណចំពោះជំនួបនេះ ​និងបានរំឭកអំពីជំនួបជាមួយ ឯកឧត្តមប្រធានាធិបតីវៀតណាម ​កាលពីបួនឆ្នាំមុន​ ដែលទាំងនេះ គឺសុទ្ធសឹងជាឱកាស​នៃការ​ពិភាក្សាដើម្បីពង្រឹង ​និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ សម្តេចធិបតី បានកត់សម្គាល់ដោយក្តីរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនងលើគ្រប់វិស័យ ដោយ​ក្នុងនេះ ទំហំពាណិជ្ជកម្មទ្វេភាគី និងចំនួនភ្ញៀវទេសចររវាងប្រទេសទាំងពីរ ក៏មានការ​កើនឡើង​ជាលំដាប់ ហើយកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងការបណ្តុះបណ្តាល​ធនធាន​មនុស្ស ក៏មានភាពសកម្មជិតស្និទ្ធផងដែរ។ ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានស្នើ ឯកឧត្តម ប្រធានាធិបតីវៀតណាម ពាក់ព័ន្ធ​នឹងការពន្លឿនការចរចានៃការតភ្ជាប់ផ្លូវល្បឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ ដែលការតភ្ជាប់នេះ នឹងជួយសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍។ជារួម ថ្នាក់ដឹកនាំទាំងពីរបានឯកភាពវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព​រីកចម្រើននៃកិច្ច​សហប្រតិបត្តិការទ្វេភាគី​លើគ្រប់វិស័យ ជាពិសេស វិស័យការពារជាតិ, សន្តិសុខ, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, ទេសចរណ៍ ​និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានាធិបតីវៀតណាម ក៏បានស្នើបង្កើនការផ្លាស់ប្តូរទស្សនកិច្ច​ថ្នាក់​ដឹកនាំជាន់ខ្ពស់ ​ដោយបានបង្ហាញបំណងក្នុងការយាងព្រះមហាក្សត្រ ​ក៏ដូចជាអញ្ជើញ សម្តេចតេជោ ហ៊ុន សែន ​និងសម្តេចធិបតី ​ទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។ សម្តេចធិបតី​ បានឆ្លើយតបទទួលយកការអញ្ជើញនេះ ដោយនឹងកំណត់កាលបរិច្ឆេទសមស្រប នាពេលឆាប់ៗខាងមុខ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជំនួបជាមួយឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ពិភាក្សាលើការងារពាក់ព័ន្ធនឹងវិស័យឌីជីថល
08/08/2025 12:08 PM
សេតវិមាន៖ លោក Trump បើកចំហរឿងជួបលោក Putin ដោយមិនបាច់មានជំនួបជាមួយលោក Zelenskiy
08/08/2025 12:08 PM
ជម្លោះខ្លាំងក្លាជុំវិញដីកោះនៅ Amazon ធ្វើឱ្យទំនាក់ទំនងរវាងកូឡុំប៊ី-ប៉េរូ កាន់តែក្តៅគគុក
08/08/2025 12:08 PM
លោក Trump ស្នើឱ្យតុលាការកំពូលអាមេរិក ដកដែនកំណត់លើការឆ្មក់បង្រ្កាបអន្តោប្រវេសន៍
08/08/2025 12:08 PM
អង្គការសុខភាពពិភពលោក៖ កុមារអាយុក្រោម៥ឆ្នាំ ជិត១២.០០០នាក់នៅហ្កាហ្សា ខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ
08/08/2025 12:08 PM
ឥណ្ឌា ជំរុញឱ្យបង្កើតក្រមប្រតិបត្តិអាកាសចរណ៍សកល ជុំវិញការជួលអាកាសយានិកជំនាញ
08/08/2025 12:08 PM
ចិន ព្រមានហ្វីលីពីន ថាកំពុងតែប្រលែងលេងជាមួយភ្លើងលើបញ្ហាកោះតៃវ៉ាន់
08/08/2025 12:08 PM
លោក Trump អបអរពន្ធថ្មី ខណៈកិច្ចចរចាពាណិជ្ជកម្មនៅតែបន្តជាមួយប្រទេសចិន
08/08/2025 12:08 PM
កម្ពុជាបង្ហាញការព្រួយបារម្ភទាំងផ្នែកច្បាប់ និងសីលធម៌ ចំពោះយោធិនទាំង១៨នាក់ ដែលថៃចាប់ទៅ
08/08/2025 12:08 PM
Finalizing the ASEAN Observer Team’s Terms of Reference is an Urgent Priority, Spokesperson (8 August, 2025)
08/08/2025 12:08 PM