ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រជាពលរដ្ឋជាង៥ពាន់គ្រួសារ ក្នុងខេត្តកំពង់ធំ កំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់

2023/09/26 05:17:06 pm        494
កំពង់ធំ៖ ប្រជាពលរដ្ឋប្រមាណជាង៥.២០០គ្រួសារ កំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សាលារៀន វត្តអារ៉ាមនិងដំណាំផ្សេងៗទៀត កំពុងត្រូវបានទឹកជំនន់ធ្វើឲ្យលិចលង់ផងដែរ។នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះអន្តរាយ អញ្ជើញទៅត្រួតពិនិត្យ ស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង នៅឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ក្នុងដំណើរនៃការពិនិត្យនេះ ឯកឧត្តមសង្កេតឃើញស្ថានភាពទឹកនៅតែបន្តកើនឡើង ដែល​នឹងធ្វើប្រជាពលរដ្ឋ នៅតែបន្តរងផលប៉ះពាល់ទាំងការធ្វើដំណើរ ​និងជីវភាពរស់នៅប្រចាំថ្ងៃ។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ណែនាំដល់អាជ្ញាធរដែនដី ភូមិ ឃុំ ស្រុក ត្រូវយកចិត្តទុកដាក់ណែនាំដល់ប្រជាជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវត្រៀមកងកម្លាំង និងមធ្យោបាយគ្រប់ប្រភេទ​ ដើម្បីដឹកជញ្ជូនពួកគាត់ទៅកាន់ទីទួលសុវត្ថិភាព ​ក្នុងកាលៈទេសៈ ដែលទឹកជំនន់នៅតែបន្តកើនឡើង ធ្វើប្រជាពលរដ្ឋគ្រោះថ្នាក់។ ក្នុងនោះ មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវវាយ​តម្លៃឲ្យបានច្បាស់លាស់អំពីផលប៉ះពាល់ ​ដែលបណ្ដាលមកពីគ្រោះទឹកជំនន់នេះ មានជាអាទិ៍ ​បញ្ហាប្រព័ន្ធផ្លូវគមនាគមន៍ បញ្ហាប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់​មានជីវភាព​លំបាកខ្វះខាត និងការខូចខាតផលដំណាំផ្សេងៗ​ដែលកើតមានឡើង ​ដើម្បីត្រៀមស្តារការខូចខាត និងដោះស្រាយជូន ប្រជាពលរដ្ឋយើងឲ្យបានសម្យ ​និងទាន់ពេលវេលា។តាមរបាយការណ៍របស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ​ បញ្ជាក់ថា ស្ថានភាពទឹកក្នុង​ខេត្តកំពង់ធំ គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា នៅតែបន្តកើនឡើង ​ដែលនៅស្ថានីយកំពង់ធំ មានកំពស់ ១៣.៧២ ម៉ែត្រ លើសកំពស់​ប្រកាសឲ្យមាន​ការប្រុងប្រយ័ត្ន០.២២ម៉ែត្រ។ បច្ចុប្បន្នស្ថានភាពទឹក ​ធ្វើឲ្យប៉ះពាល់មានចំនួន ២៩ឃុំ ស្មើ ១៥៣ភូមិមាន៥.២៨៣គ្រួសារ ដែលមានប្រជាពលរដ្ឋ​សរុបចំនួន ២១.៣២៣ នាក់។ ប្រជាពលរដ្ឋ ចេញពីលំនៅឋាន២០៩គ្រួសារ មានមនុស្សចំនួន ៣១៨នាក់ កំពុងស្នាក់នៅលើទីទួលសុវត្ថិភាព១៩ គ្រួសារ ។ ប៉ះពាល់ផ្ទះសម្បែង ២.២២៥ខ្នង សាលារៀនចំនួន ៤៣សាលា ផ្អាកដំណើរការសាលារៀនចំនួន ១៨សាលា ប៉ះពាល់វត្តអារាមចំនួន ០៦កន្លែង ប៉ះពាល់ដំណាំរួមផ្សំចំនួន ១៨៧ ហិកតា ប៉ះពាល់ដំណាំស្រូវចំនួន ២.៧៥០ហិកតា ប៉ះពាល់ផ្លូវកៅស៊ូចំនួន ៣.៥៥៥ ម៉ែត្រ ប៉ះពាល់ផ្លូវបេតុងចំនួន ៣៣៤ ម៉ែត្រ ប៉ះពាល់ផ្លូវគ្រួស​ក្រហមចំនួន ៥១.៤០៥ ម៉ែត្រ ប៉ះពាល់ផ្លូវដីស ៣.៤៦៥ ម៉ែត្រ ប៉ះពាល់ស្ពានបេតុង ០១កន្លែង ស្ពានឈើ ០៦កន្លែង ខូច ០១ និងប៉ះពាល់លូកាត់ផ្លូវ ៨៧កន្លែង។ ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តម ​អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ​សូមបង្កើនការប្រុងប្រយ័ត្ន​ក្នុងការរស់នៅប្រចាំថ្ងៃ ​ជាពិសេសកុមារតូចៗ​ ដែលត្រូវការជាចាំបាច់នូវអនាម័យ​ដើម្បីគេចផុត​ពីជំងឺឆ្លង ទន្ទឹមនេះប្រជាពលរដ្ឋគ្រប់ផ្ទះក៏ត្រូវត្រៀម ម្ហូបអាហារ ថ្នាំសង្កូវខ្លះៗ ដើម្បីសង្គ្រោះបឋម ដើម្បីជៀសវាងគ្រោះថ្នាក់ធ្ងន់ធ្ងរផងដែរ។

សិស្សានុសិស្សនៅអនុវិទ្យាល័យព្រៃព្រាល ចុះទស្សនកិច្ចសិក្សា ទៅកាន់ប្រាសាទសំបូរព្រៃគុក

2023/09/26 05:05:35 pm        438
កំពង់ធំ ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣, អនុវិទ្យាល័យព្រៃព្រាល រៀបចំដំណើរទស្សនៈកិច្ចសិក្សា របស់សិស្សទៅកាន់តំបន់ប្រសាទបេតិកភណ្ឌពិភពលោក ប្រាសាទសំបូរព្រៃគុក ដើម្បីលក្ខណៈសំខាន់ៗរបស់ប្រាសាទ។លោក ម៉ាក់ សាន់នី នាយកសាលាអនុវិទ្យាល័យព្រៃព្រាល លើកឡើងថា គោលបំណង​នៃ​ទស្សនកិច្ច​សិក្សា នៅថ្ងៃនេះ ដើម្បីពង្រឹងការសិក្សាបន្ថែមរបស់សិស្ស​ដោយផ្សារភ្ជាប់​ការសិក្សា​ទ្រឹស្ដីទៅនិងការអនុវត្តជាក់ស្ដែង ស្វែងយល់ពីប្រវត្តិ​ ប្រពន្ធ័សិក្សាជំនាញ ​និងផលិតផល សេវា​កម្មរបស់វិទ្យា​ស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ការសិក្សាស្វែងយល់ពីតំបន់ប្រវត្តិសាស្រ្ត​ប្រាសាទ​សំបូរព្រៃគុកលើកទឹកចិត្តដល់សិស្សដែលខិតខំសិក្សាពេញមួយឆ្នាំសិក្សា និងលើកទឹកចិត្តលោក​គ្រូអ្នកគ្រូ ដែលបានបង្ហាត់បង្រៀនដល់សិស្សានុសិស្ស។លោកស្រី ជា សោភារី ប្រធាននាយកដ្ឋានអភិវឌ្ឍទេសចរណ៍ ​នៃអាជ្ញាធរជាតិសំបូរព្រៃគុក ​ថ្លែងថា សិស្សានុសិស្សយល់ដឹងពីការបញ្ចូលប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក ​នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ដោយមានលក្ខខណ្ឌយ៉ាងតិចចំនួន៦ចំណុច ទើបទទួលបាន​ជាបេតិកភណ្ឌពិភពលោក ដើម្បីប្រជាជនកម្ពុជាទទួលស្គាល់ជាសម្បត្តិវប្បធម៌យ៉ាងពិតប្រាកដ។ លោកស្រីបានបន្តទៀតថា សម្រាប់ទស្សនកិច្ចសិក្សាថ្ងៃនេះគឺចង់បង្ហាញពីប្រវត្តិនៃប្រាសាទ​សំបូរព្រៃគុក ជាតំបន់ឥសានបុរៈ ដើម្បីទាក់ទាញភ្ញៀវជាតិ ​អន្តរជាតិមកទស្សនាជារៀងរាល់ថ្ងៃ ព្រមទាំងចូលរួមថែរក្សាប្រវត្តិសាស្ត្រឲ្យបានគង់វង្សយូរអង្វែង៕ 

បាតុកម្មនៅតំបន់ភាគខាងកើតប្រទេសឥណ្ឌា ជុំវិញកំណើនករណីជំងឺគ្រុនឈាម

2023/09/26 04:56:26 pm        459
ឥណ្ឌា៖ ក្រុមកម្មករ និងអ្នកគាំទ្រគណបក្សប្រឆាំងរបស់ប្រទេសឥណ្ឌា គណបក្សសភា បានធ្វើការតវ៉ានៅទីក្រុងភាគខាងកើត កូកាតា (Kolkata) ស្របពេលមានការកើនឡើងនៃករណីជំងឺគ្រុនឈាម នៅក្នុងទីក្រុងនេះកាលពីថ្ងៃចន្ទ (២៥ កញ្ញា)។ ការតវ៉ានេះត្រូវបានធ្វើឡើងនៅក្នុងតំបន់ បាវ៉ាននីពួរ (Bhawanipur) របស់ទីក្រុងនេះ ដែលជាមណ្ឌលបោះឆ្នោតរបស់ប្រធានរដ្ឋ គឺលោកស្រី Mamata Banerjee។នៅក្នុងវិធីពិសេសមួយ ដើម្បីបង្ហាញពីភាពចលាចលរបស់ពួកគេប្រឆាំងនឹងរដ្ឋាភិបាល ក្រុមអ្នកតវ៉ាត្រូវបានគេឃើញឈរនៅខាងក្នុងមុង និងលើកពាក្យស្លោកជុំវិញការកើនឡើងនៃករណីឆ្លងមេរោគនេះ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា រដ្ឋបានរាយការណ៍យ៉ាងហោចណាស់ចំនួន៣៨.០០០ករណីនៃជំងឺគ្រុនឈាម ក្នុងរដូវកាលនេះ រហូតមកដល់ពេលនេះ។ជំងឺគ្រុនឈាម អាចបណ្តាលឱ្យមានការឈឺចាប់ខ្លាំងនៅក្នុងសាច់ដុំ និងសន្លាក់ ហើយត្រូវបានរីករាលដាលដោយការខាំរបស់មូសប្រភេទ Aedes Aegypti ដែលជាទូទៅប៉ះពាល់ដល់ភាពស៊ាំរបស់អ្នកជំងឺ ដោយការធ្វើឱ្យចំនួនប្លាកែតធ្លាក់ចុះ ខណៈប៉ះពាល់ដល់អង់ស៊ីមថ្លើមរបស់អ្នកជំងឺផងដែរ៕

ហ្វីលីពីនដករបាំងការពាររបស់ចិននៅតំបន់ជម្លោះចេញ ក្នុងប្រតិបត្តិការពិសេស

2023/09/26 04:53:37 pm        298
ហ្វីលីពីន៖ ហ្វីលីពីនបាននិយាយកាលពីថ្ងៃចន្ទ (២៥ កញ្ញា) ថា ខ្លួនបានអនុវត្ត «ប្រតិបត្តិការពិសេស» ដើម្បីដករបាំងបណ្តែត ដែលដំឡើងដោយប្រទេសចិន នៅតំបន់នេសាទដ៏សំខាន់មួយនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាវិធានការមួយអាចបង្កឱ្យមានភាពតានតឹងបន្ថែមទៀត បន្ទាប់ពីភាពតានតឹងរយៈពេលជាច្រើនឆ្នាំនៅក្នុងតំបន់ដែនទឹកដែលមានជម្លោះ របស់អាស៊ីមួយនេះ។ប្រទេសហ្វីលីពីន បានសម្តែងការខឹងសម្បារកាលពីថ្ងៃអាទិត្យ (២៤ កញ្ញា) និងបានចែករំលែករូបភាពនៃនគរបាលឆ្មាំល្បាតឆ្នេររបស់ចិន ដែលដាក់របាំងពោងបណ្ដែតទឹកដ៏វែងមួយនៅជិតតំបន់សមុទ្រ Scarborough ដែលជាផ្ទាំងថ្មប៉ប្រះទឹកមានចម្ងាយ ២០០គីឡូម៉ែត្រ ពីប្រទេសហ្វីលីពីន និងជាកន្លែងដែលមានជម្លោះអស់រយៈពេលជាច្រើនឆ្នាំជុំវិញអធិបតេយ្យភាព និងសិទ្ធិនេសាទ។ប៉ុន្មានម៉ោងបន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិបានប្តេជ្ញាថានឹងចាត់វិធានការ ឆ្មាំល្បាតឆ្នេរហ្វីលីពីនបាននិយាយថា ខ្លួនបានដកខ្សែពួរអណ្តែតទឹកនោះចេញ តាមការបញ្ជារបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr និងក្រុមការងារពិសេសរបស់លោក នៅសមុទ្រចិនខាងត្បូង។ វីដេអូមិនមានកាលបរិច្ឆេទ ដែលបានផ្សព្វផ្សាយដោយឆ្មាំឆ្នេរសមុទ្រហ្វីលីពីន បានបង្ហាញពីបុគ្គលិករបស់ខ្លួនម្នាក់បានកាត់ខ្សែពួរ ដែលចងភ្ជាប់របាំងអណ្តែតទឹក ហើយដកយុថ្ការបស់ពោងបណ្ដែតទាំងនោះចេញផងដែរ។តំបន់សមុទ្រយុទ្ធសាស្ត្រ Scarborough ដែលដាក់ឈ្មោះតាមនាវាដឹកទំនិញរបស់អង់គ្លេស ដែលបានជាប់នៅទីនោះកាលពីសតវត្សទី១៨ ត្រូវបានរឹបអូសក្នុងឆ្នាំ២០១២ ដោយប្រទេសចិន ដែលបានរក្សាវត្តមានជាប្រចាំនៃឆ្មាំល្បាតឆ្នេរ និងទូកនេសាទរបស់ខ្លួន នៅតំបន់នោះចាប់តាំងពីពេលនោះមក៕

ឧត្តមសេនីយ៍សេង ធារិន៖ យោធភូមិភាគទី៥ ប្តេជ្ញាមិនឲ្យគ្រឿងញៀនមានជាប់ នឹងខ្លួនកងទ័ពជាដាច់ខាត

2023/09/26 04:51:42 pm        392
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បានអះអាងថា ចាប់ពីពេលនេះតទៅ យោធភូមិភាគទី៥ប្តេជ្ញា​ មិនឲ្យ​គ្រឿងញៀន​ជាប់នឹងខ្លួនដល់​កងទ័ព​នៅអង្គភាពរបស់ខ្លួនជាដាច់ខេត្ត ​ហើយប្រសិនបើរកឃើញថា ​មានជាប់ពាក់ព័ន្ធ នឹងត្រូវដក​ចេញពីក្របខណ្ឌកងទ័ព និងយកទៅផ្តន្ទាទោសទៅតាមច្បាប់ផងដែរ។តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ដើម្បីអនុវត្តទៅតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់​របស់រាជរដ្ឋាភិបាល ​ក៏ដូចជាក្រសួងការពារជាតិកម្ពុជា «សូន្យគ្រឿងញៀនក្នុងវិស័យកងទ័ព» យោធភូមិភាគទី៥ ​មានកងពលតូចថ្មើរជើងចំនួន៣ កងពលតូចថ្មើរជើង​លេខ៥១ លេខ ៥២ លេខ៥៣ ​តំបន់ប្រតិបត្តិការសឹករងចំនួន៤, តំបន់ប្រតិបត្តិការ​សឹករងពោធិ៍សាត់,តំបន់ប្រតិបត្តិការសឹករងបាត់ដំបង, តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ, តំបន់ប្រតិបត្តិការសឹករងប៉ៃលិន,វរសេនាតូចស៊ើបការ វរសេនាតូចការពារអាកាស ,វរសេនាតូចរថក្រោះ ​និងវរសេនាតូចកំភ្លើងធំ​នោះនឹង ចូលរួមជាមួយ​ភាគីពាក់ព័ន្ធទប់ស្កាត និងប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យខាងតែបាន ជាពិសេសគឺនៅក្នុងអង្គភាព​នីមួយៗ​ដែលចំណុះឲ្យយោធភូមិភាគទី៥នេះតែម្តង។សូមបញ្ជាក់ថា​ នៅក្នុងដំណើរចុះសួរសុខទុក្ខដល់នាយទាហាន ​នាយទាហានរងនៅក្នុងយោធភូមិ ភាគទី៤ និងទី៥កាលពីចុងសប្តាហ៍កន្លងទៅនេះ​ នាយឧត្តមសេនីយ៍ ទៀ សីហា​ ឧបនាយករដ្ឋមន្រ្តី រដ្ឋ មន្រ្តីក្រសួងការពារជាតិកម្ពុជា ​បានដាក់បទបញ្ជា ​និងដាស់តឿន ដល់កងទ័ពទាំងអស់​មិនត្រូវ​សេព និងជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀននោះឡើយ​ហើយប្រសិនបើរកឃើញថា​ទាហានរូបណាដែលសេព ​និងជួយដូរគ្រឿងញៀននឹងត្រូវដកចេញពីក្របខណ្ឌកងទ័ពភ្លាមៗ រួមទាំង​ដាក់ទោសទៅតាមច្បាប់ជាធរមានផងដែរ។ជាមួយគ្នានោះដែរនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី ក៏បានដាក់បទបញ្ជាដល់មេបញ្ជាការកង​ពលទាំងអស់មុន​នឹង​ជ្រើសរើសទាហាន​បន្តវេន​នៅក្នុងអង្គភាព​របស់ខ្លួន ​ត្រូវពិនិត្យ និងធ្វើតេស្ត​គ្រឿងញៀនឲ្យបាន​ម៉ត់ចត់ ដោយមុនធ្វើការប្រឡងត្រូវធ្វើតេស្តគ្រឿងញៀនជាមុន ហើយមុននឹង​ជាប់ក្របខណ្ឌត្រូវធ្វើតេស្តយ៉ាងតិចចំនួន៤ ដងផងដែរ៕អត្ថបទ៖ បាន ចក់

ការស៊ើបអង្កេតរបស់UN៖ រុស្ស៊ីធ្វើទារុណកម្មជនរងគ្រោះអ៊ុយក្រែនមួយចំនួនរហូតដល់ស្លាប់

2023/09/26 04:29:40 pm        262
អ៊ុយក្រែន៖ សមាជិកនៃស្ថាប័នស៊ើបអង្កេត ដែលទទួលបន្ទុកដោយអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទ (២៥ កញ្ញា) នៅក្នុងការរកឃើញចុងក្រោយរបស់ពួកគេថា ក្រុមទាហានរុស្ស៊ី បានធ្វើទារុណកម្មជនជាតិអ៊ុយក្រែនយ៉ាងព្រៃផ្សៃ រហូតដល់ជនរងគ្រោះមួយចំនួនបានស្លាប់ ហើយបានបង្ខំក្រុមគ្រួសារឱ្យនៅស្តាប់ ខណៈពួកគេបានរំលោភស្ត្រីនៅក្បែរនោះទៀតផង។លោក Erik Møse ប្រធានគណៈកម្មការស៊ើបអង្កេតលើអ៊ុយក្រែន បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ថា ក្រុមរបស់លោកបាន «ប្រមូលភស្តុតាងបន្ថែមទៀត ដែលបង្ហាញថា ការប្រើប្រាស់ការធ្វើទារុណកម្មដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី នៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ បានរីករាលដាល និងជាប្រព័ន្ធ»។រុស្ស៊ីបដិសេធការប្រព្រឹត្តអំពើឃោរឃៅ ឬកំណត់គោលដៅជនស៊ីវិលនៅអ៊ុយក្រែន។ លោក Møse បាននិយាយថា គណៈកម្មការព្យាយាមទាក់ទងជាមួយរុស្ស៊ី ប៉ុន្តែមិនមានចម្លើយអំពីបញ្ហានេះនោះទេ។ គណៈកម្មាការបាននិយាយពីមុនថា ការរំលោភដែលប្រព្រឹត្តដោយកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន រួមទាំងការប្រើទារុណកម្ម អាចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ៕

អ្នកបាត់ខ្លួនត្រូវគេបារម្ភថាបានស្លាប់ បន្ទាប់ពីព្យុះដ៏កំណាចបានវាយប្រហារនៅអាហ្វ្រិកខាងត្បូង

2023/09/26 04:27:30 pm        424
អាហ្វ្រិកខាងត្បូង៖ ក្រុមមន្ត្រីខេត្ត Western Cape បាននិយាយថា អ្នកបាត់ខ្លួនយ៉ាងហោចណាស់៣នាក់ ត្រូវបានគេបារម្ភថាបានស្លាប់ បន្ទាប់ពីព្យុះដ៏កាចសាហាវមួយបានបោកបក់ពាសពេញខេត្តអាហ្រ្វិកខាងត្បូងមួយនេះ កាលពីថ្ងៃច័ន្ទ (២៥ កញ្ញា) ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងទូលំទូលាយ និងទឹកជំនន់ផងដែរ។ មន្ត្រីទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយខេត្ត Western Cape លោក Regan Thaw បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា ឥទ្ធិពលព្យុះបក់ទៅលើលំនៅដ្ឋានក្រៅផ្លូវការរបស់ខេត្តនេះ មានទំហំធំធេងណាស់។រដ្ឋាភិបាលក្នុងតំបន់បានហៅព្យុះនេះថាជា «គ្រោះមហន្តរាយ» ដោយផ្តល់យោបល់ថា ទំហំនៃការខូចខាតទាំងស្រុង នឹងលេចចេញជារូបរាងនៅពេលដែលព្យុះបានថយចុះ។ សេវាកម្មអាកាសធាតុអាហ្រ្វិកខាងត្បូងបានចេញការព្រមាន «កម្រិតពណ៌លឿងទុំ ៩» ដែលបង្ហាញពីលទ្ធភាពនៃទឹកជំនន់បន្ថែមទៀតខណៈប្រព័ន្ធអាកាសធាតុបង្ហាញថា ព្យុះកំពុងផ្លាស់ទីទៅភាគខាងកើតពាសពេញអាហ្វ្រិកខាងត្បូងផងដែរ៕

ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញទស្សនកិច្ចផ្លូវការនៅកម្ពុជានាថ្ងៃទី២៨ ខែកញ្ញា

2023/09/26 04:26:05 pm        441
ភ្នំពេញ៖ ឯកឧត្តម សេដ្ឋា ថាវីស៊ីន(SRETTHA THAVISIN) នាយករដ្ឋមន្ត្រីនៃ ព្រះរាជា ណាចក្រថៃ នឹងអញ្ជើញមកធ្វើទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។ នេះបើតាមការឲ្យដឹងរបស់ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។តាមកម្មវិធីដែលបានគ្រោងទុក ឯកឧត្ដម សេដ្ឋា ថាវីស៊ីន នឹងដឹកនាំគណៈប្រតិភូអ​ញ្ជើញ​មក​ដល់​កម្ពុជា​នា​ព្រឹកថ្ងៃ​ទី​២៨​ ខែ​កញ្ញា ឆ្នាំ២០២៣ ។ ឯកឧត្ដម​នឹងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ និង​ដាក់​កម្រង​ផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហនុ។ បន្ទាប់មកឯកឧត្ដម សេដ្ឋា ថាវីស៊ីន អញ្ជើញ​ជួប​សម្តែង​ការគួរ​សម​ជា​មួយ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចករកម្ពុជា នៅវិមានសន្តិភាព។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដម សេដ្ឋា ថាវីស៊ីន អញ្ជើញជាអធិបតីក្នុង​ពិធី​សម្ភោធ​មណ្ឌល​សំចត និង​ទទួលជន​រង​គ្រោះ​ដោយ​សារ​ការជួញដូរ និងក្រុមងាយរងគ្រោះដទៃទៀត។ នៅ​ពេលរសៀលថ្ងៃដដែលឯកឧត្ដម សេដ្ឋា ថាវីស៊ីន អញ្ជើញចូលជួបសម្តែង​ការ​គួរសម​ជា​មួយ​សម្តេច​មហា​រដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅ​វិមាន​រដ្ឋសភា, សម្តេច​វិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមានព្រឹទ្ធសភា, ​សម្តេច​អគ្គ​ម​ហា​សេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា។

លើទឹកដីអាមេរិក៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា កម្ពុជាមិនឲ្យមានមូលដ្ឋានកងទ័ពបរទេសលើទឹកដីខ្លួនឡើយ

2023/09/26 04:25:16 pm        646
ភ្នំពេញ៖ ក្នុងឱកាសចូលរួមនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្តិបាតអង្គការសហប្រជាជាតិ(UNGA) ដែលបានធ្វើឡើងនៅទីក្រុងញូវយ៉ក់ សហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍កន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃកម្ពុជា បានអះអាងយ៉ាង​ម៉ឺងម៉ាត់​ថា កម្ពុជាមិនអនុញ្ញាត​ឲ្យមានមូលដ្ឋានកងទ័ពបរទេស​ស្ថិតនៅលើទឹកដីរបស់ខ្លួននោះឡើយ​ ហើយមួយវិញទៀតក៏មិនព្រមឲ្យប្រទេសណា ឬក្រុមណាប្រើប្រាស់ទឹកដីកម្ពុជាប្រឆាំង នឹងប្រទេសណានោះដែរ។ការបញ្ជាក់បែបនេះ របស់នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងកិច្ចប្រជុំដ៏ធំដែលមានប្រទេសជាង ១៨០ចូលរួមនេះ គឺដើម្បីឆ្លើយតបចំពោះប្រទេសខ្លះ ដែលបានធ្វើការចោទប្រកាន់ មកលើកម្ពុជា​ម្តងហើយម្តងទៀតថា កម្ពុជាបានអនុញ្ញាតឲ្យកងទ័ពចិនដាក់មូលដ្ឋានខ្លួនលើទឹកដីកម្ពុជា ជាពិសេសគឺលើសមុទ្ររាម ​នាខេត្តព្រះសីហនុនេះតែម្តង។តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពី​លទ្ធផលវត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងមហាសន្តិបាតអង្គការសហប្រជាជាតិ(UNGA) នោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា​ប្រកាន់ខ្ជាប់នូវគោល​នយោបាយ ​ការបរទេសឯករាជ្យ ​និង​អព្យាក្រឹត្យ​ដែល​ផ្អែកលើច្បាប់ និងគោលការណ៍របស់​ធម្មនុញ្ញអង្គការ​សហប្រជាជាតិ។សម្តេចធិបតី បានបញ្ជាក់ថា«កម្ពុជានឹងមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេស នៅលើទឹកដីរបស់ខ្លួនដូចដែលបានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ទន្ទឹមនេះ កម្ពុជាក៏ មិនអនុញ្ញាតឲ្យប្រទេសណាមួយ ឬក្រុមណាមួយ ​ប្រើប្រាស់ទឹកដីកម្ពុជា ប្រឆាំង​នឹងប្រទេសណាមួយនោះឡើយ»។តាមរយៈសេចក្តីប្រកាសព័ត៌មាននេះដែរ ​សម្តេចធិបតី ហ៊ុន ម៉ាណែត ​ក៏បានប្រាប់ដល់អង្គប្រជុំ​ផងដែរថា ​កម្ពុជាមានវឌ្ឍនភាព​ឥតឈប់ឈរ ​ក្នុង​ការ​កសាង​ប្រជាធិបតេយ្យ ​ដូចដែលត្រូវ​បាន​បង្ហាញ តាមរយៈការបោះឆ្នោតសកលក្នុងខែកក្កដា កន្លងទៅ ដែលមានលក្ខណៈសេរី ​យុត្តិធម៌ គួរ​ឲ្យទុកចិត្តត្រឹមត្រូវ និងប្រកបដោយបរិយាបន្ន ​ដោយមានគណបក្សនយោបាយចំនួន១៨ ចូលរួម​ក្នុងការប្រកួតប្រជែង នេះ និងមានអ្នកចូលរួមបោះឆ្នោតចំនួន ៨៤.៥៩ភាគរយ ដែលនេះ​គឺជាអត្រាខ្ពស់បំផុតមិនធ្លាប់មានពី ​មុនមកចំពោះកម្ពុជា។ សម្តេចធិបតី ​បានបន្ថែមទៀតថា ការណ៍នេះបានបង្ហាញពីភាពចាស់ទុំផ្នែកនយោបាយ និង​សេចក្តីរីករាយពេញចិត្តខ្លាំងជាងមុន ក្នុងការអនុវត្តសិទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនកម្ពុជា៕អត្ថបទ៖ បាន ចក់

ជនអន្តោប្រវេសន៍ មួយចំនួនជាកុមារ ព្យាយាមឆ្លងកាត់ទន្លេ Rio Grande សម្រាប់ក្តីស្រម៉ៃ ទៅអាមេរិក

2023/09/26 04:24:49 pm        271
អាមេរិក៖ កាលពីថ្ងៃចន្ទ ជនអន្តោប្រវេសន៍ច្រើននាក់បានឆ្លងកាត់ទន្លេ Rio Grande យ៉ាងក្លាហាន ធ្វើដំណើរដោយថ្មើជើងក្នុងការស្វែងរករបស់ពួកគេដើម្បីបានទៅដល់សហរដ្ឋអាមេរិក។ ឃ្លីបវីដេអូ មកពីទីក្រុង Eagle Pass រដ្ឋតិចសាស់ ជនអន្តោប្រវេសន៍មួយចំនួន ធ្វើដំណើរជាមួយកុមារ ដោយដើរឆ្លងកាត់ចរន្តទឹកទន្លេហូខ្លាំង និងកំពុងនាំយកអីវ៉ាន់របស់ពួកគេមកជាមួយ។ ទូកល្បាតព្រំដែនសហរដ្ឋអាមេរិកមួយចំនួន បានស្ថិតនៅទីតាំងកើតហេតុនោះ។ ជនអន្តោប្រវសេន៍រាប់ពាន់នាក់បានឆ្លងកាត់ចូលទៅក្នុងសហរដ្ឋអាមេរិក ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ពីរដ្ឋកាលីហ្វ័នីញ៉ា ទៅកាន់រដ្ឋតិចសាស់ ដោយជនអន្តោប្រវេសន៍ជាច្រើននាក់ទៀតនៅតែមកដល់តាមរថយន្តក្រុង និងរថភ្លើងដឹកទំនិញ ទៅកាន់ទីក្រុងព្រំដែនប្រទេសម៉ិកស៊ិក ក្នុងកំណត់ត្រាខ្ពស់នៃលំហូរការធ្វើអន្តោប្រវេសន៍ទៅកាន់ភាគខាងត្បូងបន្ថែមទៀត។ ការកើនឡើងច្រើននៅតាមបណ្តោយព្រំដែន ដែលគួឲ្យកត់សំគាល់ នៅក្នុងទីក្រុង San Diego រដ្ឋកាលីហ្វ័នីញ៉ា និងទីក្រុង El Paso និងទីក្រុង Eagle Pass របស់រដ្ឋតិចសាស់ ដែលកំណត់ជាចំណុចរបត់មួយ បន្ទាប់ពីចំនួនបានថយចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ និងអាចបង្កើតបញ្ហាប្រឈមផ្នែកនយោបាយថ្មីៗ សម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដែលកំពុងឈានទៅរករដូវកាលបោះឆ្នោត។ កាលពីថ្ងៃសៅរ៍អភិបាលក្រុង El Paso លោក Oscar Lesser បាននិយាយថាការកើនឡើងនេះបានជំរុញឲ្យទីក្រុងចូលទៅកាន់ចំណុចបំបែកមួយ ដោយមនុស្សជាង២.០០០នាក់ ក្នុងមួយថ្ងៃកំពុងស្វែងរកសិទ្ធជ្រកកោន ដែលហួសពីសមត្ថភាពការផ្តល់ទីជម្រក និងធនធាននៃការដាក់ពង្រាយ។ ជនអន្តោប្រវេសន៍រាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នាកាលពីថ្ងៃចន្ទនៅខាងក្រៅការិយាល័យគណៈកម្មាធិការផ្តល់ជំនួយជនភៀសខ្លួនម៉ិកស៊ិក នៅទីក្រុង Tapachula ភាគខាងត្បូង ដើម្បីទទួលបានទិដ្ឋាការ ដែលអនុញ្ញាតឲ្យពួកគេ ឆ្លងកាត់ដោយសុវត្ថិភាពតាមប្រទេសម៉ិកស៊ិក ដើម្បីបន្តដំណើរទៅកាន់សហរដ្ឋអាមេរិក។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថាជនអន្តោប្រវេសន៍ប្រមាណ៣ពាន់នាក់មកពីប្រទេសអាមេរិកកណ្តាល និងខាងត្បូងកំពុងរង់ចាំយ៉ាងអន្ទះសារទិដ្ឋាការមនុស្សធម៌ ដើម្បីឆ្ពោះទៅកាន់ព្រំដែនភាគខាងជើងប្រទេសម៉ិកស៊ិក ស្វែងរកសិទ្ធជ្រកកោន នៅក្នុងសហរដ្ឋអាមេរិក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណីលិចទូកនៅកោះប្រាក់៖ មនុស្ស ៣នាក់បាត់ខ្លួន រកមិនទាន់ឃើញ
08/16/2026 05:08 PM
ប្រធានក្រុមការងារចុះមូលសង្កាត់ដង្កោ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ផ្ដល់​សេវា​ឱ្យ​បាន​ល្អ​ដល់​ប្រជាពលរដ្ឋ
08/16/2026 04:08 PM
ប្រជានេសាទអេក្វាឌ័រ ប្រឈមគ្រោះថ្នាក់២ គឺក្រុមជួយដូរគ្រឿងញៀន និងការវាយប្រហាររបស់អាមេរិក
08/16/2026 04:08 PM
បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS
08/16/2026 04:08 PM
ចំនួនមនុស្សស្លាប់សរុបដោយសារគ្រោះមហន្តរាយលិចនាវាចម្លងនៅហ្ស៊ីមបាវ៉េ កើនឡើងដល់ ៧២នាក់
08/16/2026 04:08 PM
យន្តហោះចម្បាំងរបស់អង្គការណាតូបាញ់ទម្លាក់យានដ្រូនដែលរំលោភលើដែនអាកាសរបស់ប្រទេសរ៉ូម៉ានី
08/16/2026 04:08 PM
កាតាច្រានចោលការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា ពួកគេបានឃាត់ខ្លួនអ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់
08/16/2026 04:08 PM
មេដឹកនាំក្រុមហាម៉ាស ធ្វើដំណើរទៅកាន់ទីក្រុងគែ ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំស្តីពីតំបន់ហ្កាហ្សា
08/16/2026 03:08 PM
សម្ដេចតេជោ ហ៊ុន សែន សរសើរ​លោកស្រី កឹម មនោវិទ្យា ថាពិតជាធនធានដ៏ល្អសម្រាប់ជាតិ
08/16/2026 03:08 PM
នាយករដ្ឋមន្រ្តីជប៉ុន សន្យាមិនឲ្យកើតមានម្តងទៀតជាដាច់ខាតសោកនាដកម្មសង្រ្គាម
08/16/2026 02:08 PM