ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

គ.ជ.ប ប្រកាន់ភ្ជាប់ការអនុវត្តនីតិវិធីច្បាប់ ចំពោះបុគ្គលញុះញង់ធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោត

2023/07/18 08:41:43 pm        289
ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្ដម ហង្ស ពុទ្ធា បានបញ្ជាក់ថា គ.ជ.ប ប្រកាន់ភ្ជាប់នូវការអនុវត្តនីតិវិធីច្បាប់ចំពោះបុគ្គលញុះញង់ធ្វើឱ្យប៉ះពាល់​ដល់ការបោះឆ្នោតស្របតាមច្បាប់បោះឆ្នោតដែលបានកំណត់ ខណៈបច្ចុប្បន្ន គ.ជ.ប ទទួលបាន​បណ្ដឹង​សរុបចំនួន ១៨ បណ្ដឹងពីគណបក្សនយោបាយ ពាក់ព័ន្ធនឹងបទញុះញង់ និងផ្សព្វផ្សាយ​ព័ត៌មាន​បន្លំ​សភាពការណ៍បោះឆ្នោត។ឯកឧត្ដម ហង្ស ពុទ្ធា បានថ្លែងការអំពាវនាវរបស់បុគ្គលមួយចំនួនដែលជាក្រុមប្រឆាំង​នៅក្រៅ​ប្រទេស​មិនឱ្យពលរដ្ឋទៅបោះឆ្នោត ឬបំផ្លាញសន្លឹកឆ្នោត គឺមិនមានឥទ្ធិពលដល់ដំណើរការ​បោះឆ្នោត​នៅកម្ពុជានោះទេ ខណៈការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយរយៈពេល ១៧ ថ្ងៃកន្លងមកមានដំណើរការល្អ និងគ្មានអំពើហិង្សាណាមួយកើតឡើងឡើយ។ឯកឧត្ដមបន្តថា ការសម្តែងមតិនៅក្រៅប្រទេសពីសំណាក់ក្រុមប្រឆាំង ដែលដឹកនាំដោយបុគ្គលណា​ម្នាក់ដែលព្យាយាមធ្វើឱ្យប៉ះពាល់ប្រក្រតីភាពនៃដំណើរការបោះឆ្នោតនៅកម្ពុជា គឺមិនមែន​ជាលើកទីមួយ នោះទេ ហើយការសម្តែងមតិនេះក៏មិនបានធ្វើឱ្យប៉ះពាល់ដល់គុណភាព​នៃការបោះឆ្នោតនៅកម្ពុជាដែរ។បើតាមឯកឧត្ដម ហង្ស ពុទ្ធា ការសម្តែងរបស់ក្រុមប្រឆាំងកាលពីការបោះឆ្នោត​អាណត្តិមុន ក៏មិន​អាចហាមឃាត់ប្រជាពលរដ្ឋជាង ៨០​ ភាគរយនៃចំនួនអ្នកមានឈ្មោះក្នុង​បញ្ជីបោះឆ្នោត​ក្នុងការចេញ​ទៅបោះឆ្នោតបានដែរ រីឯការសម្តែងមតិរបស់ក្រុមប្រឆាំងសម្រាប់អាណត្តិនេះទៀត​ក៏មានចំនួនតិចជាងលើកមុនដែរ។ ដូច្នេះករណីនេះមិនធ្វើឱ្យប៉ះពាល់ ឬមាន​ឥទ្ធិពលដល់​ដំណើរការ​បោះឆ្នោតនោះទេ។សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧​ ឆ្នាំ ២០២៣ មានរយៈពេល ​២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ២១ខែកក្កដា ឆ្នាំ ២០២៣ ខណៈការបោះឆ្នោតជ្រើស​តាំងតំណាងរាស្រ្ដនឹងប្រព្រឹត្តិទៅនាថ្ងៃអាទិត្យ ​ទី២៣ ខែកក្កដា​ ឆ្នាំ២០២៣ខាងមុខនេះ៕ អត្ថបទ៖ វ៉ន ដារ៉ា

សន្លឹកឆ្នោតជាង១៣លាន បានដឹកជញ្ជូនដល់មណ្ឌលរាជធានី-ខេត្ត

2023/07/18 08:11:48 pm        259
ភ្នំពេញ៖ នៅថ្ងៃនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកជញ្ជូនសន្លឹកឆ្នោតជាង ១៣លានសន្លឹក ដល់មណ្ឌលបោះឆ្នោតរាជធានី-ខេត្តជាបណ្តើរៗ។ នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងចាប់ផ្តើម​ដំណើរការ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប បានឲ្យដឹងថា អំឡុងពេល​យុទ្ធនាការឃោសនាបោះឆ្នោតកំពុងដំណើរការ គ.ជ.ប ក៏កំពុងស្ថិតក្នុងដំណាក់​កាលសំខាន់ព្រមគ្នា គឺការរៀបចំសន្លឹកឆ្នោត ​ដើម្បីដឹកជញ្ជូនទៅគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត​សម្រាប់ត្រៀមបញ្ជូនបន្តទៅតាមការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស។ ឯកឧត្តម បន្តថា មកដល់ពេលនេះ សន្លឹកឆ្នោត និងសម្ភារៈទាំងអស់បានដឹកជញ្ជូនដល់ឃ្លាំង​តាម​គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោតមួយចំនួន ​ដូចជាកំពង់ឆ្នាំង​ និងព្រៃវែងជាដើម។ ឯកឧត្តម បញ្ជាក់ថា សន្លឹកឆ្នោតដែលបានដឹកជញ្ជូនដល់ឃ្លាំងគណៈកម្មការរាជធានី-ខេត្តរៀបចំ​ការបោះឆ្នោតត្រូវបានយកចិត្តទុកដាក់ និងរក្សាទុកយ៉ាងមាន​សុវត្ថិភាពបំផុតពី​មន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ​មុនបញ្ជូនទៅតាមការិយាល័យបោះឆ្នោតនីមួយៗ។ ជាមួយគ្នា ពាក់ព័ន្ធនឹងចំនួនបោះពុម្ពសន្លឹកឆ្នោតជាង១៣លានសន្លឹកនេះ ឯកឧត្តម ហង្ស ពុទ្ធា បានឲ្យដឹងថា គ.ជ.ប បានត្រៀមបម្រុងសន្លឹកឆ្នោតជាង១លានសន្លឹកក្នុងចំណោមជាង​១៣លាន​សន្លឹកឆ្នោតនោះ ដើម្បីបង្ការក្នុងករណីសន្លឹកឆ្នោតខូច ​ឬមិនអាចប្រើប្រាស់បាន។ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០២៣ ​និងមានការិយាល័យបោះឆ្នោតជាង២ម៉ឺនការិយាល័យនៅទូទាំងប្រទេស ខណៈប្រជាពលរដ្ឋ​នឹងចូលរួមការបោះឆ្នោតចំនួនជាង៩លាន៧សែននាក់៕ អត្ថបទ សេក ឧត្តម

លោក Putinសន្យាឆ្លើយតប ក្រោយឧបទ្ទេវហេតុវាយប្រហារមកលើស្ពាននៅឧបទ្វីបគ្រីម៉េ

2023/07/18 08:06:04 pm        272
 រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសន្យាចាត់វិធានការប្រឆាំងនឹងអ្វីដែលលោកចាត់ទុកថាជាការវាយប្រហារភេរវកម្មកាលពីថ្ងៃចន្ទ ដើម្បីឆ្លើយតបនឹងការវាយប្រហារចុងក្រោយលើស្ពានក្នុងតំបន់គ្រីម៉េ ដែលទីក្រុងគីវ បានប្រកាសទទួលស្គាល់ ។  សន្តិសុខនៅលើស្ពាន Kerch ប្រវែង ១៩គ.ម ត្រូវបានបញ្ជាឲ្យរឹតបន្តឹងផងដែរ ។ នៅក្នុងជំនួបជាមួយក្រុមអាជ្ញាធរ កាលពីថ្ងៃចន្ទ លោក Putinបានបញ្ជាក់ថា ការវាយប្រហារភេរវកម្មមួយទៀតកាលពីយប់មិញ បានកើតឡើងនៅលើស្ពាន ។   លោកបន្តថា ដោយសារតែការវាយប្រហារភេរវកម្ម ផ្លូវនៅតាមគន្លងជាច្រើននៅលើស្ពាន បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ជាលទ្ធផលនៃការវាយប្រហារនេះ ការធ្វើចរាចរណ៍របស់រថយន្ត និងរថភ្លើងត្រូវបានផ្អាកបណ្តោះអាសន្ន ។   ប្រធានាធិបតីរុស្ស៊ីរូបនេះ បានស្នើសុំឲ្យទីភ្នាក់ងារចារកម្ម និងទីភ្នាក់ងារដ្ឋាភិបាលផ្សេងទៀត ពិនិត្យមើលហេតុការណ៍នេះ និងចាត់វិធានការឆ្លើយតបដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនយុទ្ធសាស្រ្តសំខាន់ៗ ។ វាចំាបាច់ត្រូវតែវាយតម្លៃឲ្យបានល្អិតល្អន់លើការខូចខាតបណ្តាលមកពីការវាយប្រហារ និងចាប់ផ្តើមការងារស្តារឡើងវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។  លោក Marat Khusnullin ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា គ្រាប់បែកគ្មានផលប៉ះពាល់ដល់ទម្រស្ពាន Kerch នោះទេ ។ ក្រុមអ្នកមុជទឹក បានបញ្ចប់ការវាយតម្លៃរបស់ពួកគេរួចហើយ ហើយការសម្រេចចិត្តថាតើនឹងអនុញ្ញាតឲ្យការធ្វើចរាចរណ៍រថយន្តឡើងវិញ នឹងត្រូវធ្វើឡើងក្នុងរយៈពេល ២ម៉ោងទៀត ៕

លោកស៊ី ប្រាប់អតីតប្រធានាធិបតីហ្វីលីពីនឲ្យបន្តជំរុញទំនាក់ទំនងជាមួយប្រទេសចិន

2023/07/18 08:02:36 pm        223
ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) បានប្រាប់អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទែរើតេ (Rodrigo Duterte)ឱ្យបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បន្ទាប់ពីទំនាក់ទំនងទ្វេភាគី បានធ្លាក់ចុះជាមួយអ្នកស្នងតំណែងរបស់លោកឌុយតឺតេ ដែលកំពុងស្វែងរកទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីនតោន។លោកហ្វឺឌីណានដ៍ ម៉ាកូស (Ferdinand Marcos Jr) ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីសម្រាប់រយៈពេល៦ឆ្នាំក្នុងឆ្នាំ២០២២ ដោយចូលកាន់តំណែងពីលោកឌុយតឺតេ ដែលបានប្រកាន់ជំហរគាំទ្រចិនច្រើនជាង។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានដកស្រង់សម្តីលោកស៊ី បានថ្លែងក្នុងអំឡុងកិច្ចប្រជុំនៅឯផ្ទះសំណាក់រដ្ឋ Diaoyutai ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ (ទី១៧ កក្កដា)ថា៖«ខ្ញុំសង្ឃឹមថា អ្នកនឹងបន្តដើរតួយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការមិត្តភាព(រវាងប្រទេសចិននិងហ្វីលីពីន)»។ក្រោមការដឹកនាំរបស់លោកម៉ាកូស ទំនាក់ទំនងរវាងចិន និងហ្វីលីពីន កាន់តែតានតឹង ដោយទីក្រុងម៉ានីល បានងាកទៅរកសម្ព័ន្ធមិត្តប្រពៃណីរបស់ខ្លួន គឺសហរដ្ឋអាមេរិក៕

អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជិត៩ម៉ឺននាក់ នឹងចូលរួមឃ្លាំមើលការបោះឆ្នោត

2023/07/18 07:56:23 pm        304
ភ្នំពេញ៖ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជិត ៩ម៉ឺននាក់ នឹងចូលរួមឃ្លាំមើលការ​បោះឆ្នោតជ្រើស​តាំងតំណាងរាស្រ្ត នាថ្ងៃទី២៣ កក្កដាខាងមុខ។ នៅសល់៤ថ្ងៃទៀតតែប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងចាប់ផ្តើម​ដំណើរការ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា ស្របតាមការ​ចែង​ក្នុងនីតិវិធី និងច្បាប់បោះឆ្នោត ដែលអនុញ្ញាត​ឲ្យមានការស្នើសុំចូលរួមសង្កេតការណ៍​បោះឆ្នោតនោះ ​គិតត្រឹមថ្ងៃនេះ គ.ជ.ប បានសម្រេចទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ និង​អន្តរជាតិមកពីជាង១០០ស្ថាប័ន ស្មើនឹងចំនួនជិត៩ម៉ឺននាក់ ​ខណៈចំនួនអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ក្នុងការបោះឆ្នោតអាណត្តិ​នេះ​មានចំនួនច្រើនជាងបើធៀបទៅ​នឹងការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨។ ជាមួយនឹងចំនួនកើនឡើងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ឯកឧត្តម ហង្ស ពុទ្ធា បានអំពាវនាវ​ឲ្យអ្នកសង្កេតការណ៍ទាំងអស់បំពេញតួនាទី និង​កាតព្វកិច្ច​របស់ខ្លួន​ធ្វើយ៉ាងណា​សំដៅ​ឆ្លុះបញ្ចាំង​ការពិតនៃដំណើរការវិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា ​ក៏ដូចជាឈរលើស្មារតីអព្យាក្រិតផងដែរ។ លើសពីនេះ ឯកឧត្តម ហង្ស ពុទ្ធា ​បានស្នើ​ដល់​អ្នក​សង្កេតការណ៍ជាតិ​ និង​អន្តរជាតិ​ត្រូវ​បំពេញ​កាតព្វកិច្ច​ប្រកប​ដោយភាព​ត្រឹមត្រូវ​ទៅតាមច្បាប់ ​ព្រមទាំង​ផ្តល់​កិច្ច​សហការឲ្យបានល្អ​ជាមួយ​មន្រ្តីបោះឆ្នោត។ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត ​នីតិកាលទី៧ ឆ្នាំ២០២៣​ នាថ្ងៃទី២៣ កក្កដា ដែល​ប្រជាពលរដ្ឋ​មានឈ្នោះក្នុងបញ្ជីចូលរួមជាង៩លាន៧សែននាក់ ក្នុងទីតាំងការិយាល័យ​បោះឆ្នោតជាង ២ម៉ឺនការិយាល័យនៅទូទាំង២៥រាជធានី-ខេត្ត៕ អត្ថបទ សេក ឧត្តម

រលកកម្ដៅក្ដៅខ្លាំង កំពុងវាយប្រហារ នៅទូទាំងពិភពលោក

2023/07/18 07:41:42 pm        246
ក្រិក៖ ក្នុងខណៈដែលសីតុណ្ហភាពបានឡើងដល់កម្រិតខ្ពស់ថ្មី កាលពីថ្ងៃចន្ទ (ទី១៧ ខែកក្កដា ) អាជ្ញាធរសុខាភិបាលបានធ្វើការព្រមានតាំងពីតំបន់ នៅអាមេរិកខាងជើងទៅកាន់ទ្វីបអឺរ៉ុប និងអាស៊ី ដោយជំរុញឲ្យប្រជាជនព្យាយាមរក្សាជាតិទឹកក្នុងខ្លួន និងជ្រកក្នុងម្លប់ ដើម្បីចៀសវាងការរលាកពីកម្ដៅព្រះអាទិត្យដែលកំពុងក្ដៅខ្លាំង ដោយនេះជាការក្រៀនរំលឹកយ៉ាងខ្លាំងក្លាអំពីផលប៉ះពាល់នៃការឡើងកម្ដៅផែនដី។នៅជិតទីក្រុងអាទែន (Athens) ប្រទេសក្រិក ភ្លើងពីចំហេះព្រៃ បានរាលដាលយ៉ាងលឿនរហ័សដោយសារខ្យល់បក់ខ្លាំង ដោយទីក្រុងឆ្នេរដ៏ពេញនិយម Loutraki ដែលនៅទីនោះ អភិបាលក្រុងបាននិយាយថា ជំរុំវិស្សមកាលសម្រាប់ក្មេងៗ បានស្ថិតនៅក្រោមការគំរាមកំហែង។ការឡើងកម្ដៅ នាពេលនេះ បានវាយប្រហារស្ទើរគ្រប់តំបន់ទូទាំងពិភពលោក ហើយបើយោងតាមសេវាតាមដានអាកាសធាតុរបស់សហភាពអឺរ៉ុប បានឲ្យដឹងថា ខែមិថុនាគឺជាខែដែលក្តៅបំផុតរបស់ពិភពលោក ខណៈក្នុងខែកក្កដា ការឡើងកម្ដៅ ក៏ទំនងជាខ្ពស់ជាងខែមុនផងដែរ។នៅប្រទេសចិន មានសេចក្ដីរាយការណ៍ពីកម្រិតឡើងខ្ពស់ថ្មី សម្រាប់ពាក់កណ្តាលខែកក្កដា នៅភាគពាយព្យប្រទេសដែលសីតុណ្ហភាពឡើងដល់ ៥២,២អង្សាសេ នៅភូមិសាន់ប៉ាវ (Sanbao) ក្នុងតំបន់ស៊ីនជាង (Xinjiang) ដោយនេះជាការឡើងកម្ដៅលើសពី ៥០,៦អង្សាសេ ដែលកើតមានកាលពី ៥ឆ្នាំមុន។មានការចេញសេចក្ដីជូនដំណឹងឲ្យប្រយ័ត្នប្រយែងពីជំងឺសុរិយរោគឬ អាការៈថប់ដង្ហើមដោយសារកម្តៅ ក្នុងខេត្តចំនួន៣២ ក្នុងចំណោមខេត្តចំនួន៤៧ របស់ប្រទេសជប៉ុន ដែលភាគច្រើននៅតំបន់ភាគកណ្តាល និងភាគនិរតី។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៦០នាក់ ត្រូវបានព្យាបាលពាក់ព័ន្ធនឹងនេះ ក្នុងនោះ ៥១នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងទីក្រុងតូក្យូ។ចំណែកនៅរដ្ឋភាគខាងលិច និងភាគខាងត្បូងរបស់សហរដ្ឋអាមេរិក ដែលធ្លាប់មានសីតុណ្ហភាពខ្ពស់ មនុស្សជាង ៨០លាននាក់ កំពុងស្ថិតនៅក្រោមការផ្ដល់ការប្រឹក្សា ដោយសាររលកកម្តៅដែលកាន់តែរីករាលដាល និងសឹងតែទ្រាំមិនបាន បានវាយប្រហារតំបន់នេះ។ ជាក់ស្ដែង ជ្រលងមរណៈ (Death Valley) របស់រដ្ឋកាលីហ្វ័រញ៉ា ដែលជារឿយៗ តែងស្ថិតក្នុងចំណោមកន្លែងក្តៅបំផុតលើផែនដី បានឡើងដល់កម្រិតខ្ពស់ ៥២អង្សាសេ កាលពីរសៀលថ្ងៃអាទិត្យ (ទី១៦ ខែកក្កដា)។នៅទ្វីបអឺរ៉ុប ជនជាតិអ៊ីតាលី ត្រូវបានព្រមានឲ្យត្រៀមសម្រាប់«រលកកម្ដៅក្ដៅខ្លាំងបំផុតនៃរដូវក្តៅនេះ និងក៏ជារដូវមួយ ក្នុងចំណោមរដូវ ដែលក្ដៅខ្លាំងបំផុតគ្រប់ពេលវេលា ជាមួយនឹងការប្រកាសអាសន្នពណ៌ក្រហមសម្រាប់ទីក្រុងចំនួន ១៦ ក្នុងនោះរួមមានទីក្រុងរ៉ូម បូឡូញ៉ា (Bologna) និងហ្វ្លូរ៉ង់ (Florence)៕

ប្រជាជនប៉ាឡេស្ទីនតវ៉ាប្រឆាំងនឹងការចាប់ខ្លួនសមាជិកជីហាតអ៊ីស្លាម ៥នាក់ នៅក្រុងចេនីន

2023/07/18 07:38:30 pm        70
ប៉ាឡេស្ទីន៖ ប្រជាជនប៉ាឡេស្ទីន នៅទីក្រុងចេនីន (Jenin) បាននាំគ្នាដើរតវ៉ាតាមផ្លូវ កាលពីថ្ងៃចន្ទ (ទី១៧ ខែកក្កដា) បន្ទាប់ពីមានការចាប់ខ្លួនសមាជិកក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជីហាត ៥នាក់ ពីសំណាក់កងកម្លាំងប៉ាឡេស្ទីន។កាលពីព្រឹកថ្ងៃចន្ទ ក្រុមអ៊ីស្លាមជីហាត បាននិយាយថា កងកម្លាំងសន្តិសុខប៉ាឡេស្ទីន បានឃុំខ្លួនសមាជិករបស់ពួកគេចំនួន ៥នាក់ ក្នុងទីក្រុងមួយយប់ ដោយការធ្វើបែបនេះគូសបញ្ជាក់ពីការប្រេះឆា រវាងក្រុម នៅតំបន់វ៉េសប៊ែង (West Bank) ពោលគឺមានរយៈពេលពីរសប្តាហ៍ បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយឆ្មក់ដ៏ធំបំផុតរបស់ខ្លួន នៅទីនោះ ក្នុងរយៈពេលជាច្រើនឆ្នាំ។អ៊ីស្រាអែល ដែលនិយាយថា ការវាយឆ្មក់របស់ខ្លួនសំដៅទៅលើពួកសកម្មប្រយុទ្ធនោះ បានជំរុញឲ្យអាជ្ញាធរប៉ាឡេស្ទីនចាត់វិធានការកាន់តែតឹងរ៉ឹង ប្រឆាំងនឹងក្រុមជីហាត និងក្រុមហាម៉ាសដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប (Gaza Strip) និងដែលមានក្រុមប្រយុទ្ធ នៅតំបន់វ៉េសប៊ែងផងដែរ។នាពេលនេះ នៅមិនទាន់មានការអត្ថាធិប្បាយភ្លាមៗពីអ៊ីស្រាអែលលើការចាប់ខ្លួនដែលត្រូវបានរាយការណ៍នេះ ឬពីកងកម្លាំងសន្តិសុខនៃអាជ្ញាធរប៉ាឡេស្ទីន (PA) ដែលអនុវត្តអភិបាលកិច្ចមានកម្រិត នៅផ្នែកខ្លះនៃតំបន់វ៉េសប៊ែង (West Bank) នោះទេ៕

លោក SRETTHA ត្រៀមខ្លួនដើម្បីក្លាយជានាយករដ្ឋមន្ត្រី សំឡឹងទៅរកការពិនិត្យឡើងវិញផ្នែកសេដ្ឋកិច្ច

2023/07/18 07:32:28 pm        103
ថៃ៖. លោក សេដ្ឋា ថាវីស៊ីន ជាបេក្ខជននាយករដ្ឋមន្ត្រីម្នាក់ក្នុងចំណោម៣នាក់របស់គណបក្សភឿថៃ បានប្រកាសថាខ្លួនលោកផ្ទាល់ បានត្រៀមខ្លួនជាស្រេចដើម្បីក្លាយជានាយករដ្ឋមន្ត្រី ប្រសិនបើលោក ទទួលបានទំនុកចិត្តពីគណបក្សរបស់លោក ដើម្បីទទួលយកការងារកំពូលនេះ។ លោក សេដ្ឋា បានឆ្លើយតបទៅនឹងសំនួរជាច្រើន ដែលបានសួរក្នុងពេលមានពាក្យចរចាអារ៉ាមថា លោកនឹងត្រូវបានតែងតាំងសម្រាប់ការបោះឆ្នោតតំណែងនាយករដ្ឋមន្ត្រី ប្រសិនបើមេដឹកនាំគណបក្ស ឆ្ពោះទៅមុខ (Move Forward) លោក Pita Limjaroenrat ពុំអាចត្រូវបានតែតាំងឡើងវិញជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការចូលរួមនៅក្នុងសភានៅថ្ងៃស្អែកនេះ។លោក និយាយថា យើងនៅក្នុងគណបក្សភឿថៃ បានពិភាក្សាពីបញ្ហានេះរយៈពេល៤ខែមកហើយ ហើយប្រសិនបើខ្ញុំមិនបានត្រៀមខ្លួនជាស្រេចសម្រាប់ការងារនេះ ខ្ញុំនឹងមិនត្រូវបានតែងតាំងជាបេក្ខជនតំណែងនាយករដ្ឋមន្ត្រីម្នាក់ក្នុងចំណោម៣នាក់ដោយគណបក្សនោះទេ។ ទោះជាយ៉ាងណា លោក និយាយថាបញ្ហាសម្ពាធបន្ថែមទៀតគឺត្រូវពន្លឿនការបង្កើតរដ្ឋាភិបាលចម្រុះ និងចាប់ផ្តើមវិធានការជំរុញសេដ្ឋកិច្ច។លោកនិយាយថាកិច្ចពិភាគ្សាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការផ្លាស់ប្តូរគួឲ្យព្រួយបារម្ភនៃការវិនិយោគបរទេសពីប្រទេសថៃ ទៅកាន់បណ្តាប្រទេសជិតខាង ស្ថិតក្នុងចំណោមបញ្ហាអាទិភាព ដែលត្រូវតែដោះស្រាយឲ្យបានសមស្រប។

តើកូរ៉េខាងត្បូង ពិតជាបានត្រៀមខ្លួន ដើម្បីទប់ទល់នឹងអាកាសធាតុធ្ងន់ធ្ងរហើយមែនទេ?

2023/07/18 07:27:54 pm        68
កូរ៉េខាងត្បូង៖ កាលពីមួយឆ្នាំមុន ប្រទេសកូរ៉េខាងត្បូងបានប្ដេជ្ញាបង្កើនការត្រៀមខ្លួន ដើម្បីទប់ទល់ជាមួយស្ថានភាពអាកាសធាតុធ្ងន់ធ្ងរដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ ប៉ុន្តែត្រឹមតែមួយសប្តាហ៍កន្លងទៅ មនុស្សរាប់សិបនាក់បានស្លាប់ដោយសារភ្លៀងធ្លាក់ដ៏ជោគជាំដែលបានវាយប្រហារមកលើប្រទេស ហើយហេតុការណ៍នោះកំពុងធ្វើឲ្យមានការសង្ស័យថា តើការត្រៀមខ្លួនរបស់កូរ៉េខាងត្បូង មានកម្រិតណា ខណៈការគំរាមកំហែងពីភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត កំពុងលេចឡើងកាន់តែខ្លាំង។ពាក់ព័ន្ធនឹងការត្រៀមខ្លួននេះ អ្នកជំនាញនិយាយថា មិនទាន់គ្រប់គ្រាន់ទេ ដោយអ្នកជំនាញខ្លះ លើកឡើងថា ការចំណាយផ្តោតតែលើការស្តារឡើងវិញ តែមិនមែនជាការការពារទុកមុននោះទេ។ សាស្ត្រាចារ្យផ្នែកវិស្វកម្មនៅសាកលវិទ្យាល័យ Induk ក្នុងទីក្រុងសេអ៊ូល លោក Jeong Chang-sam ដែលមានជំនាញផ្នែកធនធានទឹក និយាយថា ការការពារមានសារៈសំខាន់ណាស់ ក្នុងការកាត់បន្ថយការខូចខាត និងការបាត់បង់អាយុជីវិត ប៉ុន្តែជារឿយៗ សកម្មភាពបែបនេះត្រូវបានមើលរំលង ពីព្រោះវាមិនទទួលបានផលជាក់ស្តែងភ្លាមៗ សម្រាប់អ្នកនយោបាយ និងអ្នកនៅក្នុងជួររដ្ឋាភិបាល។លោក Chang-sam បាននិយាយថា៖ «មនុស្សចូលចិត្តប្រើការបញ្ចេញមតិ ដូចជាការឆ្លើយតបរហ័ស ការសង្គ្រោះបន្ទាន់ជាដើម។ ទាំងអស់នោះមិនត្រូវទេ។ គ្រោះមហន្តរាយអាកាសធាតុ កំពុងកើតមានរួចហើយ ដូច្នេះ ឥឡូវនេះ ប្រសិនបើយើងបញ្ចូលប្រាក់ទៅក្នុងគម្រោងការពារ យើងអាចសម្រេចវាបាន ដោយចំណាយពាក់កណ្តាលនៃប្រាក់សម្រាប់គម្រោងស្តារឡើងវិញ»។មិនមែនទឹកជំនន់តែម្យ៉ាងដែលបង្កហានិភ័យនោះទេ តែប្រទេសកូរ៉េខាងត្បូង គឺជាតំបន់ភ្នំ ហើយការអភិវឌ្ឍទីក្រុង បានធ្វើឲ្យតំបន់ជាច្រើនងាយរងគ្រោះដោយសារបំណាក់ដី ដោយទាំងអស់នោះហើយដែលជាបញ្ហាប្រឈម ខណៈដែលការត្រៀមខ្លួន ដើម្បីឆ្លើយតបទៅនឹងអាកាសធាតុធ្ងន់ធ្ងរ មានល្បឿនយឺតនៅឡើយ៕

លោក Kerry ៖ អាមេរិក និងចិន ត្រូវតែទុករឿងនយោបាយមួយឡែកដើម្បីដោះស្រាយបម្រែបម្រួលអាកាសធាតុ

2023/07/18 07:25:03 pm        82
អាមេរិក៖ លោក John Kerry បេសកជនទទួលបន្ទុកបម្រែបម្រួលអាកាសធាតុរបស់ប្រធានាធិបតី Biden បានព្រមានកាលពីថ្ងៃចន្ទនៅក្នុងបន្តកិច្ចពិភាគ្សាជាមួយទីក្រុងប៉េកាំងដែលបានជាប់គាំងរយៈពេលជិត១ឆ្នាំក្នុងពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយថា សហរដ្ឋអាមេរិក និងចិន នឹងអស់ពេលដើម្បីបញ្ចៀសអនាគតដ៏គួឲ្យព្រួយបារម្ភ ដែលនាំមកដោយការឡើងកម្តៅសកល។ ខណៈកិច្ចពិភាក្សាបានធ្វើឡើង ប្រទេសចិនកំពុងទទួលរងកម្តៅខ្លាំង ដែលប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បាននិយាយថា សីតុណ្ហភាពនៅក្នុងផ្នែកជាច្រើន នៅតំបន់ស៊ីនជាំងភាគខាងលិច បានឈានដល់៥២.២អង្សាសេ កាលពីថ្ងៃអាទិត្យ ជាកំណត់ត្រាសម្រាប់ប្រទេសនេះ។រលកកម្តៅបានវាយបក់មកលើទ្វីបអឺរ៉ុប និងនៅទូទាំងសហរដ្ឋអាមេរិក ដោយមានកម្តៅខ្លាំងនៅភាគខាងត្បូង និងនៅភាគនិរតី។ លោក Kerry និយាយថា ពិភពលោកទាំងមូលកំពុងសំឡឹងទៅរកប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ និងប្រទេសបំពុលបរិស្ថានធំៗដើម្បីកាត់បន្ថយជាបន្ទាន់ការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលជាការព្រមានយ៉ាងគ្រោះថ្នាក់ចំពោះភពផែនដី។ លោកបានអំពាវឲ្យរដ្ឋាភិបាលចិន ដើម្បីទប់ស្កាត់ការពង្រីកឆាប់រហ័សនៃក្រុមរោងចក្រថាមពលអគ្គិសនីដុតធ្យូង។ កិច្ចប្រជុំ គឺជាកិច្ចពិភាក្សាដ៏មានសារៈសំខាន់ស្តីពីបម្រែបម្រួលអាកាសធាតុ ដែលប្រទេសទាំងពីរ បានធ្វើឡើងចាប់តាំងពីខែសីហា នៅពេលរដ្ឋាភិបាលចិន បានបិទការជាប់ពាក់ព័ន្ធជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីអតីតប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់។ ដំណើរទស្សនកិច្ចរបស់លោក Kerry ទៅកាន់ប្រទេសចិន ធ្វើឡើងបន្ទាប់ពី ដំណើរទស្សនកិច្ចធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេស លោក Antony Blinken និងរដ្ឋមន្ត្រីរតនាគារលោកស្រី Janet Yellen ក្នុងគោលបំណងធ្វើឲ្យមានស្ថិរភាពទំនាក់ទំនង ដែលស្ថិតនៅក្នុងការដួលរលំជំវិញស្ថានភាពកោះតៃវ៉ាន់ និងការកើនឡើងការប្រជែងផ្នែកយោធា ភូមិសាស្ត្រនយោបាយ និងបច្ចេកវិទ្យានៅក្នុងតំបន់ប៉ាស៊ីហ្វិក។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនជាតិអាមេរិកប៉ាឡេស្ទីចំណាយពេលពេញមួយយប់ជាមួយគ្រួសារក្នុងផ្ទះដែលឡោមព័ទ្ធដោយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល
08/18/2026 09:08 PM
កាតានិយាយថា កិច្ចព្រមព្រៀងច្រកសមុទ្រ Hormuz អាចនឹងជួយឲ្យវិលត្រឡប់ទៅរកកិច្ចប្រជុំអាមេរិក-អ៊ីរ៉ង់
08/18/2026 08:08 PM
ប្រធានាធិបតីចិន លោក Xi ជំរុញកុំ​ឱ្យ​ «បំផ្លាញ» ឋានៈជា «តំបន់សន្តិភាព» របស់អាមេរិកឡាទីន
08/18/2026 08:08 PM
បេសកជន៖ អាមេរិក​បារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាសស៊ីរី
08/18/2026 08:08 PM
មនុស្សយ៉ាង​តចិច​ ២៥នាក់ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារនៅរដ្ឋ​ Plateau របស់នីហ្សេរីយ៉ា
08/18/2026 07:08 PM
មនុស្ស ៣នាក់ រងរបួស ហើយអគាររងការខូចខាតក្នុងការរញ្ជួយដីនៅភាគខាងត្បូងអេស្ប៉ាញ
08/18/2026 07:08 PM
ពលរដ្ឋរស់នៅទីក្រុងម៉ានីល ដើរលុកទឹកតាមផ្លូវ ស្របពេលភ្លៀងវស្សាវាយប្រហារដ្ឋធានីហ្វីលីពីនមួយនេះ
08/18/2026 07:08 PM
ទឹកជំនន់បង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសខ្លួននៅរដ្ឋ Odisha និងរដ្ឋ Assam ប្រទេសឥណ្ឌា
08/18/2026 07:08 PM
មនុស្សម្នាក់ស្លាប់ និងច្រើននាក់ទៀតជាប់ខ្លួន ក្រោយផ្ទះចាស់បាក់រលំនៅទីក្រុង Kolkata ប្រទេសឥណ្ឌា
08/18/2026 07:08 PM
សាកសពជនអន្តោប្រវេសន៍ ៩នាក់ ត្រូវបានរកឃើញនៅជិតតំបន់ឆ្នេរភាគខាងកើតទីក្រុង Tripoli ប្រទេសលីប៊ី
08/18/2026 07:08 PM