ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

គណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ ប្រកាសបញ្ចូលសមាជិកថ្មីជាង ៣០០០នាក់

2023/03/19 06:23:08 pm        438
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង សូមឱ្យសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា រួមគ្នារក្សាសុខសន្តិភាពឱ្យបានគង់វង្ស និងសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកនៅថ្ងៃបោះឆ្នោត ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន។ខណៈអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាជាង៣០០០នាក់ នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម ឃួង ស្រេង សមាជិក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានសូមឱ្យសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា រួមគ្នារក្សាសុខសន្តិភាពឱ្យបានគង់វង្ស និងសមាជិកគណបក្សប្រជាជនកម្ពុជាម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកនៅថ្ងៃបោះឆ្នោត ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ក្នុងការប្រែក្លាយប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ។ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា នេះជាការយល់ឃើញយ៉ាងត្រឹមត្រូវរបស់បងប្អូន ដែលបានសម្រេចចិត្តចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចំរើនជឿនលឿនទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្ដមក៏បានលើកឡើងពីទុក្ខវេទនាយ៉ាងខ្លាំងបំផុតរបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងរបប ប៉ុល ពត ដែលមានការបង្អត់អាហារ ការកាប់សម្លាប់យ៉ាងព្រៃផ្សៃអស់រាប់លាននាក់ និងលើកឡើងពីវីរៈភាពរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការរំដោះប្រទេសជាតិចេញពីរបបដ៏ខ្មៅងងឹតនោះ និងបានកសាងអភិវឌ្ឍន៍ប្រទេសឱ្យរីកចំរើនរហូតមកដល់បច្ចុប្បន្ននេះ។ មិនត្រឹមតែប៉ុណ្ណោះទេ សម្តេចបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរំដោះអាយុជីវិតប្រជាពលរដ្ឋពីការរីករាលដាលពីជម្ងឺកូវីដ-១៩ថែមទៀត។ នេះជាមោទនៈភាពដែលយើងមានមេដឹកនាំបក្ស និងមេដឹកនាំប្រទេសដ៏មានគុណធម៌ល្អបែបនេះ។លោក ធឹម សំអាន សមាជិកគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខណ្ឌព្រែកព្នៅ បានឱ្យដឹងថា សមាជិកគណបក្សថ្មី ដែលត្រូវបានប្រកាសបញ្ចូលនាពេលនេះមានចំនួន ៣,៣៧៦ នាក់ មកពី៥សង្កាត់ ក្នុងខណ្ឌព្រែកព្នៅ៕

សម្ដេចតេជោ ហ៊ុន សែន៖ ពិភពលោកត្រូវប្រុងប្រយ័ត្នអំពីសង្គ្រាមនុយក្លេអ៊ែរ

2023/03/19 04:20:09 pm        476
ភ្នំពេញ៖  តាមរយៈឆាលណែលតេឡេក្រាមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោបានបង្ហាញពីការបារម្ភអំពីបញ្ហាសង្គ្រាមនុយក្លេអ៊ែរ បន្ទាប់ពី ICC បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ា ឌីមៀ ពូទីន។សម្តេចតេជោ បានលើកឡើងថា ពិភពលោកត្រូវប្រុងប្រយ័ត្នអំពីសង្គ្រាមនុយក្លេអ៊ែរ បន្ទាប់ពី ICC បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ា ឌីមៀ ពូទីន ដែលទីក្រុងម៉ូស្គូបានបដិសេធថាជាការចោទប្រកាន់មួយដែលមិនអាចទទួលយកបានជាដាច់ខាត។ ការចោទប្រកាន់របស់ ICC លើលោកប្រធានាធិបតីពូទីននេះ គឺជាការវិវត្តន៍ផ្នែកនយោបាយមួយគួរឱ្យភ្ញាក់ផ្អើល ដោយ មានផលប៉ះពាល់ទៅលើភូមិសាស្ត្រនយោបាយយ៉ាងទូលំទូលាយនៅក្នុងទ្វីបអឺរ៉ុប និងពិភពលោក ហើយរឿងនេះ មិនមែនជារឿងឧក្រិដ្ឋកម្មសង្គ្រាមនោះទេ ដីកានេះក៏នឹងធ្វើឱ្យមានភាពស្មុគស្មាញដល់ដំណើរការស្វែងរកសន្តិ ភាពក្នុងសង្គ្រាមអ៊ុយក្រែន ពិសេសមុនពេលលោកប្រធានាធិបតី Xi Jinping នឹងបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ ដែលត្រូវបានគេរំពឹងថាលោកនឹងធ្វើការសម្រុះសម្រួលដើម្បីសន្តិភាព។ ប្រទេសចិនខ្លួនឯងក៏ត្រូវបានគេចោទ ប្រកាន់ពីបទប្រល័យពូជសាសន៍នៅស៊ីនជាំង។ តើលោក ពូទីន អាចធ្វើការចរចាសន្តិភាពបានដោយរបៀបណានៅ ពេលដែលភាគីម្ខាងទៀតគំរាមចាប់ខ្លួនគាត់?សម្តេចតេជោ មើលឃើញថា បច្ចុប្បន្ននេះ មានប្រទេសចំនួន ១២៣ ជាសមាជិកនៃ ICC ខណៈដែលប្រទេសធំៗដូចជា អាមេរិក រុស្ស៊ី ឥណ្ឌា និង ចិនមិនបានចូលជាសមាជិកទេ។ ឯលោកប្រធានាធិបតី Duterte បានដកសមាជិកភាពរបស់ហ្វីលីពីនចេញពី ICC ក្នុងឆ្នាំ២០១៩។ ICC មិនមានអំណាចក្នុងការចាប់ខ្លួនជនសង្ស័យណាមួយដោយគ្មានកិច្ចសហការពីរដ្ឋាភិបាល របស់សាមីប្រទេសបានទេ។ ក៏ប៉ុន្តែ ដីកាចាប់ខ្លួនរបស់ ICC នេះនឹងធ្វើឲ្យពិភពលោកកាន់តែបែកបាក់ នៅពេលដែល ពិភពលោកត្រូវធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាសកលរួម ដូចជាការប្រែប្រួលអាកាសធាតុ និងជំងឺឆ្លង។ ផ្ទុយទៅ វិញ ដីកាចាប់ខ្លួនរបស់ ICC នេះ វាអាចនឹងធ្វើឲ្យផ្ទុះសង្គ្រាមនុយក្លេអ៊ែរ។សម្តេចតេជោ បញ្ជាក់ថា សម្តេចមិនដែលជឿថាសង្គ្រាមនុយក្លេអ៊ែរនឹងកើតឡើង បើទោះបីជាមានការគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែរក៏ដោយ។សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តភាគីទាំងអស់ឱ្យមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងកាត់បន្ថយការ និយាយអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ប៉ុន្តែឥឡូវនេះមានប្រតិកម្មហួសជុលពីសំណាក់ភាគីម្ខាងទៀត ក្នុង ទម្រង់ជាដីកាចាប់ខ្លួនប្រធានាធិបតី ពូទីន ដែលជាមនុស្សតែម្នាក់គត់មានសិទ្ធិបញ្ញា ក្នុងការបាញ់អាវុធនុយក្លេអ៊ែរ និងជាមេដឹកនាំប្រទេសមហាអំណាចនុយក្លេអ៊ែរ ដែលមានអាវុធនុយក្លេអ៊ែររាប់ពាន់គ្រាប់។ តើលោក ពូទីនសុខចិត្ត ឲ្យគេចាប់ខ្លួនដោយមិនបានតទល់ឬយ៉ាងណា? ប្រសិនបើលោក ពូទីន ត្រូវបានគេចាប់ខ្លួននៅក្រៅប្រទេស តើអ្នក ទទួលខុសត្រូវនៅក្នុងប្រទេសសុខចិត្តឲ្យគេចាប់ប្រធានាធិបតីរបស់ខ្លួនឬទេ? ចំនុចនេះហើយគឺជាចំនុចដែលឥឡូវ នេះសង្គ្រាមនុយក្លេអ៊ែរស្ទើរតែក្លាយទៅជាការពិតទៅហើយ។ ការគំរាមកំហែងណាមួយទៅលើ ពូទីន ច្បាស់ណាស់ ថាសង្គ្រាមនុយក្លេអ៊ែរនឹងផ្ទុះ ហើយនឹងចាប់ផ្តើមនៅក្នុងតំបន់អឺរ៉ុបតែម្ដង ហើយអ្នកដែលគ្រោះថ្នាក់ប្រហែលជារាប់ ទាំងទីស្នាក់ការរបស់ ICC ក៏មិនដឹង ព្រោះប្រតិបត្តិការនុយក្លេអ៊ែរមិនមែនត្រឹម២០-៣០គីឡូម៉ែត្រនោះទេគឺច្រើន រហូតដល់រាប់ពាន់គីឡូម៉ែត្រ៕

កម្ពុជាកំពុងបន្តសហការជាមួយសហគមន៍អន្តរជាតិ ស្វែងរកវត្ថុបុរាណដែលបានបាត់យកមកកម្ពុជាវិញ

2023/03/17 06:35:08 pm        513
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុង​ខ្នះខ្នែង​យ៉ាងសកម្មបន្ថែមទៀត​ ដោយសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីប្រមូលភស្តុតាង​ស្វែងរកវត្ថុបុរាណរបស់កម្ពុជា ដែលបានបាត់បង់អស់ជាច្រើនឆ្នាំមកហើយនោះ យកមកមាតុភូមិកំណើតរបស់ខ្លួនវិញ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីទទួលរតនវត្ថុបុរាណខ្មែរ ដែលបានត្រឡប់មកវិញ នៅព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងនាមសម្តេច​តំណាង​ឲ្យប្រជាជនកម្ពុជាទាំងមូល ពិតជាមានមោទនភាព និងសេចក្តីរំភើបរីករាយឥតឧបមា ជាមួយនឹងការអបអរសាទរអស់ពីដួងចិត្ត ចំពោះការវិលត្រឡប់មកវិញនូវរតនសម្បត្តិ​វប្បធម៌​ដែលជាព្រលឹងដូនតារបស់ខ្លួន និងជាអត្តសញ្ញាណជាតិបានមកដល់ស្រុកកំណើតវិញ​ជាបន្តបន្ទាប់នោះ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានធ្វើការអំពាវនាវយ៉ាងទទួចដល់ សារមន្ទីរ ស្ថាប័ននានា និងអ្នករក្សាទុកវត្ថុបុរាណខ្មែរ សូមមេត្តាបន្តប្រគល់វត្ថុបុរាណ​របស់ខ្មែរ​ដែលនៅ សេសសល់ដោយស្ម័គ្រចិត្តជូនមកឲ្យកម្ពុជាវិញ ខណៈរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ការប្រគល់វត្ថុបុរាណខ្មែរជូនមកកម្ពុជា ដែលជាម្ចាស់ដើមវិញនេះ គឺជាកាយវិការដ៏ថ្លៃថ្លាគួរឲ្យគោរព ហើយក៏ជាការបង្ហាញនូវក្រម សីលធម៌ ក្នុងការចូលរួមលើកកម្ពស់ដល់វប្បធម៌នៃជាតិសាសន៍មួយ ដែលបានរួមចំណែកដ៏​ឧត្ដុង្គឧត្ដម ក្នុងការផ្សះផ្សារ និងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់សង្រ្គាមរំារ៉ៃ និងរងគ្រោះ ពីសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ខ្មែរ​ក្រហមនោះ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា ការបញ្ជូនត្រឡប់មកវិញ​នៃសម្បត្តិវប្បធម៌ខ្មែរទាំងនេះ គឺជាកិច្ចសហការយ៉ាងសកម្មបំផុតពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនានា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងក្របខ័ណ្ឌនៃអង្គការយូណេស្កូ ជាពិសេស កិច្ច​សហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតផងដែរ៕អត្ថបទបាន ចក់

សម្តេចតេជោអំពាវនាវឱ្យសារមន្ទីរ ឬអ្នកដែលកំពុងរក្សាទុកវត្ថុបុរាណខ្មែរ មេត្តាប្រគល់មកជូនកម្ពុជាវិញ

2023/03/17 06:12:05 pm        386
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានធ្វើការអំពាវនាវដល់សារមន្ទីរ​នៃបណ្តាប្រទេសដទៃ ឬអ្នកដែលកំពុងរក្សាទុកវត្ថុបុរាណខ្មែរសូមមេត្តាប្រគល់ជូនមកកម្ពុជាវិញ។សម្តេចតេជោ បានធ្វើការអំពាវនាវបែបនេះ ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីទទួល រតន វត្ថុ របស់ខ្មែរមួយចំនួនដែលទើបនឹងទាមទារវិលត្រឡប់យកមកវិញពីបរទេស ដែលធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧មីនានេះ។សម្តេចបានមានប្រសាសន៍ថា កម្ពុជាកំពុងបន្តស្រាវជ្រាវប្រមូល​ភស្តុតាង​នៃសម្បត្តិវប្បធម៌​ដែលត្រូវបានលួចចេញពីកម្ពុជាដោយខុសច្បាប់ និងដំណើរការ​ទាមទារ​ដោយសហការជាមួយ​សហគមន៍​អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធតាមគ្រប់មធ្យោបាយចរចាដំណើរការកាទូត រដ្ឋបាល ឬតុលាការក្នុងករណីចាំបាច់។ក្នុងន័យនេះសម្តេចក៏បានយកឱកាសនេះអំពាវនាវដល់សារមន្ទីរ ឬអ្នកដែលកំពុងរក្សាទុកវត្ថុបុរាណ​ខ្មែរមេត្តាប្រគល់មកជូនកម្ពុជាវិញ។គួរបញ្ជាក់ថា រតនវត្ថុដែលកម្ពុជាទទួលបានពីបរទេសវិញទាំងធំ និងតូច គឺមានរាប់ រយគ្រឿង ក្នុងនោះមានធ្វើពីថ្ម សំរឹទ្ធ និងមាស។ រតនវត្ថុទាំងនេះ ភាគច្រើនទទួលបានមកពីសហរដ្ឋអាមេរិក និងអង់គ្លេស។បើតាមលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបញ្ជាក់ថា រតនវត្ថុដែល​ដាក់បង្ហាញក្នុងពិធីទទួលក្រោមអធិបតីភាព សម្តេចតេជោ គឺបង្ហាញតែមួយចំនួន​ប៉ុណ្ណោះ ដោយឡែករតនៈវត្ថុមួយចំនួនដែលកំពុងស្ថិត ក្នុង ដំណាក់ កាល ជួសជុលនោះ មិនត្រូវបានបង្ហាញនោះឡើយ៕

ជប៉ុនជួយសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នឹងផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋជិត១ ម៉ឺននាក់ នៅខេត្តតាកែវ

2023/03/17 05:07:43 pm        152
ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសជប៉ុន បានផ្ដល់ជំនួយថវិកាប្រមាណជាង ១៤ម៉ឺនដុល្លារ ដើម្បី សាងសង់នូវមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍មួយ នៅក្នុងស្រុកបាទី ខេត្តតាកែវ ដោយនឹង ផ្ដល់អត្ថប្រយោជន៍ ដល់ប្រជាពលរដ្ឋនៅតំបន់ប្រមាណជិត ១ម៉ឺននាក់ បានសិក្សាបច្ចេកវិទ្យាឌីជីថល ។ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា ផ្ដល់ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គ រដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថា គម្រោងដែលនឹងត្រូវអនុវត្ត​ដោយមន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ខេត្តតាកែវ នឹងសាងសង់មជ្ឈមណ្ឌលបច្ចេក​វិទ្យា​សហគមន៍​នៅក្នុងសាលារៀនរដ្ឋ ក្នុងស្រុកបាទី ខណៈយុវជនជាច្រើននៅក្នុងសហគមន៍ជនបទ មិនទទួលបានឱកាសច្រើន ដើម្បីសិក្សាបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ដោយសារកង្វះហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីសិក្សាបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ។ឯកឧត្តមបានបន្តថា ពាក់ព័ន្ធនឹងបញ្ហានេះហើយ ទើបរដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយ សម្រាប់អនុវត្តគម្រោងនេះ រំពឹងថា នឹងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ៨ ០០០នាក់ និងសិស្សប្រមាណ ១ ០០០នាក់ នៅក្នុងតំបន់នោះ។ តាមរយៈការបង្កើតនូវមជ្ឈមណ្ឌល​បច្ចេកវិទ្យាសហគមន៍ដំបូងគេបង្អស់ នឹងផ្ដល់ឱកាស ដើម្បីសិក្សាបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ។ក្នុងឱកាសនោះ ឯកឧត្តម វា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា គម្រោងនេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការជួយពង្រឹង និងអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ពិសេសបច្ចេកវិទ្យាឌីជីថល ។ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែផ្ដល់នូវជំនួយជាបន្តបន្ទាប់ ដើម្បីជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន ៕អត្ថបទ បាន សុខរិទ្ធិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីទទួលរតនវត្ថុបុរាណខ្មែរដែលបានត្រឡប់មកវិញ

2023/03/17 04:41:29 pm        492
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីទទួលរតនវត្ថុបុរាណខ្មែរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ។ការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរទាំងនេះ គឺជាកិច្ចសហការយ៉ាងសកម្មបំផុតពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនានា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងក្របខ័ណ្ឌនៃអង្គការយូណេស្កូ ជាពិសេស កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយទទួលបានលទ្ធផលដូចជា៖កិច្ចព្រមព្រៀងមួយ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាតំណាងនៃរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោក ឌូគ្លាស ឡាតហ្វដ (Douglas Latchford) បានប្រគល់ជូនមកកម្ពុជាវិញ នូវវត្ថុបុរាណខ្មែរទាំងអស់ដែលកាន់កាប់រក្សាទុកដោយគ្រួសារ លោកឡាត ហ្វដ។បន្ថែមពីលើនេះ សម្បត្តិវប្បធម៌ខ្មែរសំខាន់ៗជាច្រើនដែលកាន់កាប់រក្សាទុកដោយសារមន្ទីរនានា និងអ្នកកាន់កាប់សមុច្ច័យឯកជន (មួយចំនួនរឹបអូសបានដោយសមត្ថកិច្ចអាមេរិក និងមួយចំនួនទៀតតាមរយៈការប្រគល់ដោយស្ម័គ្រចិត្ត) ក៏ត្រូវបានបញ្ជូន ត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ ថ្មីៗនេះទៀតសោត គ្រឿងអលង្ការបុរាណខ្មែរធ្វើពីមាស និងលោហៈមានតម្លៃទាំង ធំ-តូច ចំនួន ៧៧គ្រឿង ត្រូវបាននាំយកពីចក្រភពអង់គ្លេសមកដល់កម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយក្រុមការងារកម្ពុជាដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយរដ្ឋាភិបាលចក្រភពអង់គ្លេស រដ្ឋាភិបាលសហរដ្ឋអាមេរិក និងការជួយសម្របសម្រួលពីស្ថានទូតកម្ពុជា។ទន្ទឹមនឹងនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន និងកំពុងសហការជាមួយរដ្ឋាភិបាល​សហរដ្ឋអាមេរិក និងប្រទេសដ៏ទៃទៀត ក៏ដូចជាបន្តការចរចាជាមួយស្ថាប័ន និងអ្នកកាន់កាប់​សមុច្ច័យឯកជន ដើម្បីរៀបចំនីតិវិធីទាមទារ និងបញ្ជូនវត្ថុបុរាណខ្មែរជាច្រើនទៀត ត្រឡប់មកកម្ពុជាវិញ។ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរដែលទទួលបានមកវិញនេះ មានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញសាសនា និងពុទ្ធសាសនា ព្រមទាំងគ្រឿងអលង្ការបុរាណ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេស បដិមាថ្មធំៗដូចជា៖ ព្រះឥសូរ និងព្រះស្កន្ទ, ព្រះស្កន្ទគង់លើក្ងោក និងព្រះគណេស ដែលមានប្រភពដើមមកពី​រមណីយដ្ឋាន​ប្រាសាទកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរ​នៅសតវត្សរ៍ទី១០នៃគ.ស. ដែលធ្លាប់ជាគោលដៅនៃការលួចទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំនៅក្នុងអំឡុងនៃសម័យសង្គ្រាមស៊ីវិល និងអសន្តិសុខក្នុងស្រុក។ប្រជាជនកម្ពុជាទាំងមូល ពិតជាមានមោទនភាព និងសេចក្តីរំភើបរីករាយឥតឧបមា ជាមួយនឹងការ​អបអរ​សាទរ​អស់ពីដួងចិត្ត ចំពោះការវិលត្រឡប់មកវិញនូវរតនសម្បត្តិវប្បធម៌​ដែលជាព្រលឹង​ដូនតារបស់ខ្លួន និងជាអត្តសញ្ញាណជាតិ ក្រោមដំបូលនៃសុខសន្តិភាព និងការដឹកនាំប្រកប​ដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

ទេសរដ្ឋមន្រ្តី គន់ គីម ដាក់ឱសានវាទឱ្យអភិបាលខេត្តឧត្ដរមានជ័យ ដោះស្រាយបញ្ហាវិវាទដីធ្លី ឱ្យអស់ត្រឹមរយៈពេលខែប្រាំ មុនពេលបោះឆ្នោត

2023/03/16 09:07:26 pm        579
ឧត្តរមានជ័យ៖ ទេសរដ្ឋមន្រ្តី គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន​ខេត្តឧត្តរមានជ័យ ដាក់​ឱសានវាទ​ឱ្យ​អភិបាលខេត្តឧត្ដរមានជ័យ ឯកឧត្តម ប៉ែន កុសល្យ ពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លីជូនពលរដ្ឋឱ្យអស់ត្រឹមរយៈពេលខែប្រាំ មុនពេល​បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នាពេលខាងមុខ ។ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើក​ទិសដៅ​ការងារ​ឆ្នាំ២០២៣ ​របស់រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមនាយឧត្តម​សេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បាន​រម្លឹកតឿន​ដល់អាជ្ញាធរខេត្ត ក្រុង ស្រុក និងមូលដ្ឋានឃុំ សង្កាត់ ទាំងអស់ក្នុងខេត្តឧត្តរមានជ័យ ធ្វើ​យ៉ាងណា​ត្រូវខិតខំ​ពន្លឿនការដោះស្រាយបញ្ហាទំនាស់វិវាទដីធ្លី ​ដែលនៅ​សេសសល់​ក្នុងខេត្តឧត្តរមានជ័យ ឲ្យបានឆាប់ និងចប់ មុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ​នៅពេលខាងមុខនេះ ស្របតាម​យុទ្ធសាស្រ្តកោលនយោបាយរបស់រាជរដ្ឋាភិបាល។ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានឲ្យដឹងទៀតថា ​បញ្ហាទំនាស់វិវាទដីធ្លី​ នៅតែជាបញ្ហារសើបមួយ​ហើយបញ្ហាវិវាទដីធ្លីដែលនៅសេសសល់ខ្លះៗនោះ នៅតែបន្តមានពុំទាន់បានដោះស្រាយ​ឱ្យអស់​ដែលយើងគ្រប់គ្នា ត្រូវរួមគ្នាយកចិត្តទុកដាក់ក្នុងការដោះស្រាយជាបន្ទាន់ ជូនប្រជាពលរដ្ឋឱ្យអស់ ។​ឯកឧត្តមទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៀតថា ចំពោះបញ្ហាដីធ្លីនេះ ​ហាក់បីដូចជាមិនទាន់​បាន​ដោះស្រាយ​ ឱ្យបានចប់មួយរយភាគរយនោះទេ​ ។​បញ្ហានេះ​អាជ្ញាធរខេត្ត​ រួមទាំងអាជ្ញាធរនៅ​តាម​ក្រុងស្រុក ឃុំសង្កាត់ ត្រូវយកចិត្តទុកដាក់គិតគូរ​ឲ្យបានខ្ពស់ក្នុងការពន្លឿន​ការដោះស្រាយ​បញ្ហា​ប្រឈមទាំងអស់នេះ ឱ្យលឿន និងឆាប់រហ័ស​ក្នុងរយៈពេលមុនការបោះឆ្នោត ឈានចូលមកដល់។ទេសរដ្ឋមន្រ្តី គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាល បានបញ្ជាក់ថា ការដោះស្រាយ​បញ្ហាវិវាទ​ក្រៅប្រព័ន្ធតុលាការ​គឺជម្រើសមួយដ៏ល្អដែលថ្នាក់ដឹកនាំ​ត្រូវ​យក​ចិត្តទុកដាក់គិតគូរ​និង​ជា​កត្តា​មួយ​ដ៏​សំខាន់ប្រសិន​បើអាជ្ញាធរខេត្ត អាចធ្វើការដោះស្រាយបាននោះ។សូមរំលឹកថា ​បញ្ហាទំនាស់វិវាទដីធ្លីនេះ​កន្លងមក ​ការដោះស្រាយ​ គឺ​មានការ​ស្មុគស្មាញ​និង​ពន្យា​ពេល​អូសបន្លាយយូរ ធ្វើឱ្យ​ប្រជាពលរដ្ឋមានការមិនពេញចិត្ត​ ពេលខ្លះ​ប្រជាពលរដ្ឋ​ត្រូវ​ចាប់ខ្លួន ក៏​មាន​ចំពោះបញ្ហាវិវាទដីធ្លីនេះ៕ 

សម្ដេចអំពាវនាវឱ្យជំរុញឱ្យយុវជនលេងល្បែងប្រជាប្រិយ ឬរាំលេងកម្សាន្តជាមួយបទប្រពៃណីខ្មែរ

2023/03/16 06:05:03 pm        404
ភ្នំពេញ៖ ខណៈបុណ្យចូលឆ្នាំជិតឈានមកដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវជំរុញឱ្យយុវជនលេងល្បែងប្រជាប្រិយ ឬរាំលេងកម្សាន្តជាមួយបទប្រពៃណីខ្មែរយើង ខណៈដែលយុវជនបច្ចុប្បន្ន សឹងភ្លេចក្បាច់រាំប្រពៃណី ចូលចិត្តតែបទញាក់ៗជាដើមនោះ។ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់ នៅព្រឹកថ្ងៃទី១៦មីនានេះ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលបានឆ្លៀតដាស់តឿន​ដល់យុវវ័យ​ឱ្យលេងល្បែងប្រជាប្រិយ ឬរាំលេងកម្សាន្តជាមួយបទប្រពៃណីខ្មែរយើង ដោយមិនត្រូវភ្លេចដែលនាំឱ្យឈានទៅបាត់បង់នោះទេ។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ឥឡូវនេះជាសម័យឌីស្កូ យុវជន​គេចូលចិត្តតែឌីស្កូ អ៊ីចឹងគួរតែជំរុញបញ្ហានេះនៅតាមសាលារៀន​និងមិនគ្រាន់តែនៅតាមសាលាទេ ព្រោះមិនមានអ្នកទៅចូលឆ្នាំតាមសាលា ប៉ុន្តែក៏គួរតែបង្ហាត់បង្ហាញអំពីក្បួនខ្នាត​នេះនៅ​តាមសាលាផងដែរ។ សម្តេចបន្តថា ទោះជាយ៉ាងណា គប្បីមានការតម្រង់ទិសសម្រាប់អ្នកដែលទៅលេងកន្លែងនេះ កន្លែងនោះ ឬតាមវត្តអារាមជាដើម ហើយនៅតាមវិទ្យុ និងទូរទស្សន៍ ក៏អាចជាចំណែក​មួយ​ក្នុងការជួយផងដែរ ដូចជាការបង្ហាញនៅក្នុងឈុតឆាកដែលបានលេងដូច​ជាការបោះអង្គុញចោលឈូង ឬស្តេចចង់ជាដើម៕

សម្តេចតេជោហ៊ុន សែន អះអាងជាថ្មីម្តងទៀតថា គ្មានវត្តមានកងទ័ពចិនឈរជើងនៅកម្ពុជានោះទេ

2023/03/16 05:22:32 pm        572
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអះអាងជាថ្មីម្តងទៀតថា គ្មានវត្តមានកងទ័ពចិន ឬកងទ័ពប្រទេសនាឈរជើងនៅកម្ពុជានោះទេ ការដែលកម្ពុជាកំពុងសាងសង់មូលដ្ឋានសមុទ្ររាមនាពេល បច្ចុប្បន្ននេះគឺធ្វើឡើងដើម្បីពង្រីកសមត្ថភាពបន្ថែមរបស់កងទ័ពជើងទឹករបស់ខ្លួនប៉ុណ្ណោះ ខណៈការធ្វើនេះក៏គ្មានការគំរាមកំហែងដល់អ្នកណានោះដែរ។ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យបៀលប្រាយ សរុបប្រមាណ ៤,៥៦៦នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សូមផ្តាំទៅបណ្តាប្រទេសមួយ ចំនួនដែលធ្វើយុទ្ធនាការ​បង្ខូច​កេរ្តិ៍ឈ្មោះ​មកលើកម្ពុជា ដោយចោទប្រកាន់កម្ពុជាម្តងហើយម្តងទៀតថា កម្ពុជាអនុញ្ញាតឲ្យកងទ័ពចិនតាំងមូលដ្ឋានលើទឹកដីខ្លួននោះគឺមិនមែនជាការពិតនោះទេ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ប្រាប់ដល់បណ្តាប្រទេស​ទាំង​អស់ដែលជាមិត្តរបស់កម្ពុជាផងដែរថា បន្ទាប់ពីកម្ពុជាធ្វើការសាងសង់ ឬការស្តាកំពង់ផែ​របស់ខ្លួននៅខេត្តព្រះសីហនុរួចហើយនោះ កម្ពុជានឹងស្វាគមន៍គ្រប់នាវាប្រទេសទាំងអស់​ដែលចង់មកចូលសំចតនៅកម្ពុជា ហើយពេលនោះប្រសិនបើចង់ធ្វើសមយុទ្ធរួមគ្នា​ជាមួយកងទ័ព​កម្ពុជាក៏កម្ពុជាមិនបដិសេធនោះដែរ។សម្តេចតេជោ ហ៊ុន សែន ក៏បានឌឺដងដល់ប្រទេសខ្លះបានធ្វើការថតតាមប្រព័ន្ធផ្កាយរណបនៅជុំវិញ ការសាងសង់កំពង់ផែព្រះសីហនុផងដែរថា ការដែលកម្ពុជាសាងសង់នេះពុំមានការ​លួចលាក់​នោះទេ គឺ បានធ្វើឡើងដោយបើកចំហរ ខណៈពេលនេះក៏បានចាក់គ្រឹះរួចដែរ សូមប្រទេស​ដែលបានចោទប្រកាន់ កម្ពុជាលើផ្លូវផ្សេងនោះល្មមបញ្ចប់ការធ្វើយុទ្ធនាការបង្ខូចកេរ្តិ៍​កម្ពុជាបន្តទៀតទៅ។សម្តេចក៏បានពន្យល់បន្ថែមទៀតផងដែរថា សព្វថ្ងៃនេះកំពុងផែរបស់កម្ពុជាតូច ហើយរាក់ ដូច្នេះ ត្រូវតែពង្រីកបន្ថែមសម្រាប់ចូលសំចតនូវនាវាធំៗ មិនថានាវាកម្ពុជា ឬប្រទេសណានោះទេ គឺអាចចូលចត់ បានទាំងអស់បន្ទាប់ពីធ្វើការសាងសង់រួចនោះ៕ អត្ថបទ៖ បាន ចក់

បទវិភាគ៖ កន សាវាង្ស បម្រើមហិច្ឆតាបរទេសបំផ្លាញការបោះឆ្នោត

2023/03/16 04:34:19 pm        1034
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះមានប្រភពមួយបានចេញបញ្ជាក់អំពីគំនិតមិនល្អរបស់ កន សាវាង្ស ដែលជាដៃជើងរបស់ជនបរទេសកំពុងព្យាយាមបំផ្លាញប្រទេសកម្ពុជា។ នៅក្នុងការចុះផ្សាយនោះផងដែរបានលើកឡើងថា បន្ទាប់ពីមានរឿងរ៉ាវផែនការទុច្ចរិករបស់ VOD និង CCIM នាពេលនេះមានបុគ្គលិកទម្លាយដំណឹងថ្មីមួយទៀតថា៖ កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្គេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែលកំពុងបម្រើមហិច្ឆតាបរទេសបំផ្លាញការបោះឆ្នោតនៅកម្ពុជា។តើអង្គការខុមហ្រ្វែលជានរណា?អង្គការខុមហ្វ្រែល ជាអង្គក្រៅរដ្ឋាភិបាលមួយដែលតែងមានបំណងមិនល្អ និងត្រៀមខ្លួនរួចរាល់ក្នុងការជួយដល់ក្រុមមនុស្សដែលមានបំណងមិនល្អក្នុងការបង្កចលាចលនៅក្នុងប្រទេសកម្ពុជា។ អង្គការនេះ មានថវិកាគ្រប់គ្រាន់ ដើម្បីអនុវត្តផែនការទាំងឡាយនិងកំពុងតែ​អនុវត្ត​ជា​បណ្តើរៗនូវផែនការដែលបានរៀបចំ ដើម្បីធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោត​ជាតិខាងមុខនេះ។ អង្គការខុមហ្រ្វែលដែលត្រូវបានដឹកនាំដោយគឹម​ ឈន និងកន សាវាង្ស មិនមែនជាអង្គការឯករាជ្យ ឬជាអង្គការមានវិជ្ជាជីវៈដែលបម្រី ឬត្រួតពិនិត្យការបោះឆ្នោតនោះទេ ពួកគេប្រព្រឹត្តផ្ទុយនឹងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ អង្គការនេះទទួលបានការគាំទ្រមូលនិធិពី​ NPS និង NDI ធ្វើឡើងនៅក្នុងបំណងនាំឱ្យរំខាន ឬនាំឱ្យពហិការបង្ខូចការបោះឆ្នោតជួយគណបក្សប្រឆាំងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ដើម្បីសម្រេចបាននូវគោលដៅនៃការបង្កើតកងកម្លាំងនយោបាយរបស់ពួកគេ បានចាប់ដៃជាមួយ CLP CCHR CCIM CENTRAL ជាដើម ហើយ កន សាវាង្សទទួលខុសត្រូវចំពោះការទំនាក់ទំនង និងការសម្របសម្រួលការងារខាងលើ។លោក កន សាវាង្ស និងបក្សពួកការបញ្ចេញសារបែបនេះមិនមែនជាលើកទីមួយនោះឡើយវាធ្លាប់បានកើតឡើងម្ដងរួចមកហើយពាក់ព័ន្ធនឹងលោក គល់ បញ្ញា រួមជាមួយនឹងអង្គការសង្គមស៊ីវិលមួយចំនួនទៀតដែលមានប្រភព និងទទួលការផ្គត់ផ្គង់ពីក្រុមតែមួយ។ ពួកគេមានគោលបំណងមួយចំនួន ពិសេសដើម្បីជួយក្រុមបក្សប្រឆាំងក្រៅច្បាប់ និងស្រោចស្រង់បក្សប្រឆាំងដែលបានដួលរលំឱ្យងើបរស់ឡើងវិញ ហើយបើមិនជោគជ័យទេ គឺបំផ្លាញចោលនូវការបោះឆ្នោតតែម្តង។ រឿងរ៉ាវថ្មីៗនេះក៏មិនខុសប៉ុន្មាននឹងគម្រោងផ្សេងៗរបស់លោក គល់ បញ្ញា នោះដែរដោយមានភាពដូចគ្នានឹងអ្វីដែលបរទេសមួយចំនួនបានគិត ហើយគម្រោងទាំងនោះ អាចជាការរៀបចំរបស់បរទេសដែលកំពុងព្យាយាមបំផ្លាញកម្ពុជាផងដែរ។ ម្យ៉ាងទៀត បរទេសទាំងនោះ ក៏បានត្រៀមបញ្ចេញសាច់ប្រាក់ដើម្បីគាំទ្រលើគម្រោងការនេះដែរ។ យុទ្ធសាស្ត្ររបស់ពួកគេ គឺប្រើប្រាស់អង្គការសង្គមស៊ីវិលមួយចំនួន ដែលគាំទ្របក្សប្រឆាំង ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា និងទទួលបានការគាំទ្រមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍ USAID-IDI (Inclusive Development International) ធ្វើឡើងនៅក្នុងបំណងនាំឱ្យរំខាន ឬនាំឱ្យមានពហិការបង្ខូចការបោះឆ្នោត និងទម្លាក់តម្លៃលើដំណើរការបោះឆ្នោតសកលខាងមុខនេះ។ទង្វើដែលបក្សពួក លោក កន សាវាង្ស​ បានធ្វើគឺដើម្បីតែផលប្រយោជន៍ខ្លួន និងបក្សពួកប៉ុណ្ណោះដោយមិនខ្វល់អំពីផលប្រយោជន៍ជាតិទាំងមូលនោះឡើយដោយតាមរយៈការបំភ្លៃការពិត និងបង្កើតរឿងឡើងដែលសម្រេចបំណងក្នុងការបង្ខូច និងបង្អាប់ប្រទេសជាតិរបស់ខ្លួន។ លោក កន សាវាង្ស ខាងស្ដាំប្រជាពលរដ្ឋនៃប្រទេសកម្ពុជា គប្បីប្រយ័ត្ននឹងបុគ្គលបែបនេះដែលនឹងធ្វើឱ្យខូចប្រយោជន៍ជាតិ និងរំលោភសេចក្ដីទុកចិត្តពីប្រជាពលរដ្ឋ។ រួមជាមួយគ្នានោះ​អង្គការខុមហ្វ្រែលដែលអះអាងថា​ធ្វើសកម្មភាព ដើម្បីឱ្យកម្ពុជានោះ ការពិតបំណងពិតប្រាកដរបស់ពួកគេ​កំពុងតែអនុវត្តផែនការ​របស់បរទេសក្នុងការបំផ្លាញការបោះឆ្នោតនៅកម្ពុជា និងទាញទម្លាក់កិត្តិយសជាតិ ឱ្យធ្លាក់ចុះទៅតាមការចង់បានរបស់ចៅហ្វាយនាយបរទេសរបស់ពួកគេ។ការណ៍ខាងលើនេះជាទង្វើដែលមិនអាចអត់អោនឱ្យបានទេ ហើយការប៉ុនប៉ងបំផ្លាញការបោះឆ្នោត​នេះត្រូវប្រឈមចំពោះមុខច្បាប់ជាតិដែលមានជាធរមាន​ ក្រសួងមហាផ្ទៃ ឬអាជ្ញាធរមាន​សមត្ថកិច្ចគួរតែពិនិត្យមើលឱ្យបានស៊ីជម្រៅដើម្បីកុំឱ្យក្រុមជនបំផ្លាញជាតិ និងបដិវត្តន៍ពណ៌ជ្រកក្រោមអង្គការនេះទៀត៕ ដោយ៖ SK

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំ EU បង្ហាញ​ការគាំទ្រ ចំពោះ ICC បន្ទាប់ពីមាន​ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក
08/19/2026 08:08 PM
ណាតូបញ្ជាក់​ថា បាន​ត្រៀមសម្រាប់ការវាយប្រហារអាចកើតមានដោយអ៊ីរ៉ង់ លើគោលដៅយោធាអាមេរិក នៅអឺរ៉ុប
08/19/2026 08:08 PM
មនុស្ស ៧នាក់ រួមទាំងអ្នកទេសចរ ៦នាក់ ស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់​ឧទ្ធម្ភាគចក្រ នៅកេនយ៉ា
08/19/2026 08:08 PM
របាយការណ៍៖ អ៊ីរ៉ង់ពិចារណាវាយប្រហារគោលដៅយោធាអាមេរិក នៅអឺរ៉ុប បើលោក Trump បង្កើនជម្លោះ​
08/19/2026 08:08 PM
អធិការបតី​អាល្លឺម៉ង់ ថ្កោលទោសការអំពាវនាវរបស់​​រដ្ឋមន្ត្រីអ៊ីស្រាអែល ឲ្យសម្លាប់មនុស្សរាល់ថ្ងៃ នៅតំបន់​ហ្កាហ្សា
08/19/2026 08:08 PM
ក្រសួងមហាផ្ទៃផ្សព្វផ្សាយប្រកាសចំនួន៣ ស្តីពីការកំណត់ចំនួនមុខតំណែងរងក្នុងរចនាសម្ព័ន្ធអង្គភាពនគរបាលជាតិ និងពន្ធនាគារ
08/19/2026 07:08 PM
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបសម្តែងការគួរសមជាមួយ ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
08/19/2026 07:08 PM
ក្រសួងបរិស្ថាននៅក្នុងខែកក្កដាឆ្នាំ២០២៦ បន្តសហការជាមួយដៃគូពាក់ព័ន្ធ ចុះពិនិត្យនិងបង្រ្កាបបទល្មើសនៅតាមតំបន់ការពារធម្មជាតិ ដើម្បីបង្កើនភាពបៃតង ធានានិរន្តរភាពបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន
08/19/2026 07:08 PM
ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនា និងការថែទំាផ្លូវ ជារឿងដ៏ចាំបាច់សម្រាប់ការរស់នៅក្នុងសង្គម
08/19/2026 07:08 PM
រដ្ឋមន្ត្រីការបរទេសចិន ទៅដល់​​កូរ៉េខាងត្បូង ស្របពេល​លោក Trump ជំរុញការទូតជាមួយ​កូរ៉េខាងជើងឡើង​វិញ​
08/19/2026 07:08 PM