ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងឱកាសប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់

2023/03/16 03:38:03 pm        577
ភ្នំពេញ៖ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រ​ជូននិស្សិត សាកលវិទ្យាល័យបៀលប្រាយសរុបប្រមាណ ៤,៥៦៦នាក់ នារី ២,០៣២នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មួយរយៈចុងក្រោយនេះមានសាកលវិទ្យាល័យ និងគ្រឹះស្ថានឧត្ដមសិក្សាជាច្រើនបានចែកសញ្ញាបត្រដល់និស្សិតជយលាភីរបស់ខ្លួនជាបន្តបន្ទាប់រាប់ម៉ឺននាក់ ដែលកត្តានេះបង្ហាញពីការរីកចម្រើន និងការអភិវឌ្ឍកម្ពុជា។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មានគណបក្សខ្លះអះអាងថាខ្លួនជានិមិត្ដរូប នៃការផ្លាស់ប្តូរ តែគណបក្សប្រជាជនកម្ពុជាកំពុងដឹកនាំរាជរដ្ឋាភិបាលឯណេះទេ ដែលជានិមិត្ដរូប នៃផ្លាស់ប្តូរ គឺផ្លាស់ប្តូររបបវាលពិឃាត មកសន្តិភាព, ពីក្រីក្រ មកជាប្រទេសមានជីវភាពល្អប្រសើរ និងរីកចម្រើនជាបន្តបន្ទាប់..[]។សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីអតីតកាលរាជធានីភ្នំពេញ ដែលជារាជធានីគ្មានអគារខ្ពស់ៗ និងរីកចម្រើនដូចពេលបច្ចុប្បន្ននោះទេ ដែលជាក់ស្តែងកោះពេជ្រជាតំបន់ដាំបន្លែតិចតួច និងកន្លែងដងត្រី ក្លាយជាតំបន់ពាណិជ្ជកម្ម និងមានអគារខ្ពស់ៗកប់ពពក។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ចាប់ពីពេលនេះតទៅ យើងត្រូវការពារភាពត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ហើយអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា រួមទាំងប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវចងចាំក្នុងចិត្តថា «គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូប នៃការផ្លាស់ប្តូរពិតប្រាកដ»។សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីពីភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយកម្ពុជាគ្រប់គ្រងករណីឆ្លងប្រចាំថ្ងៃស្ថិតក្នុងកម្រិតតិចតួច ឬថ្ងៃខ្លះគ្មានករណីឆ្លងតែម្តង។ ទោះជាបែបនេះក្តីសម្តេចក៏នៅអំពាវនាវ ឱ្យប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នជាប់ជានិច្ច។សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យគ្រឹះស្ថានឧត្ដមសិក្សានានា ពង្រឹងប្រសិទ្ធភាពនៃការអប់រំរបស់ខ្លួនត្រូវ មានគុណភាពនៃការអប់រំដូចគ្នា រវាងគ្រឹះស្ថានឧត្ដមសិក្សានៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ដើម្បីផ្ដល់គុណអប់រំពិតប្រាកដដល់និស្សិត។សម្តេចតេជោ បានប្រកាសឱ្យមានស្មារតីរៀនជាប់ជានិច្ច ទោះជាសិក្សាដល់កម្រិតថ្នាក់ណា ឬមានតួនាទីក្នុងស្ថាប័នកំពូលរបស់ជាតិកម្រិតណាក៏ដោយ។សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់ស្ថាប័នរបស់រដ្ឋចេះពីរបៀបរបបធ្វើការ ជាពិសេសលិខិតបទដ្ឋាននានា ដែលត្រូវចេញផ្សាយជាសាធារណៈ ឬផ្ញើមកនាយករដ្ឋមន្ត្រី ត្រូវពិនិត្យឱ្យបានដិតដល់ និងប្រុងប្រយ័ត្នជាប់ជានិច្ច។សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់និស្សិតដែលទទួលបានជយលាភី ត្រូវខិតខំបន្តទៀត កុំទទួលបានសញ្ញាបត្រហើយឈប់រៀនសូត្រឱ្យសោះ។ សម្ដេចក៏បានណែនាំដូចគ្នានេះដល់មន្រ្ដីរាជការផងដែរ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តាំផ្ញើដល់រដ្ឋមន្ត្រី សូមកុំខ្ជិលក្នុងការបំពេញការងារប្រចាំថ្ងៃរបស់ខ្លួន ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ កាន់ជិតមកដល់ហើយ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់មន្ត្រី ដែលដឹងថាខ្លួនឯងមានចំណេះដឹងខ្វះខាត ដើម្បីឆ្លងតបនឹងការបំពេញការងារប្រចាំថ្ងៃ សូមទៅរៀនឡើងវិញនៅសាលាភូមិន្ទរដ្ឋបាល ដោយចាប់ផ្តើមពីកម្រិតដែលខ្លួនឯងខ្វះខាតតែម្តង។សម្តេចតេជោ ហ៊ុន សែន បានប្រកាសសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍ នៃការឆាបឆេះព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប ដែលសម្តេចជាមួយអភិបាលខេត្តសៀមរាប ក៏បានឆ្លើយឆ្លងគ្នាជាបន្តបន្ទាប់ពាក់ព័ន្ធការអន្តរាគមន៍ករណីឆាបឆេះនេះផងដែរ។សម្តេចតេជោ ហ៊ុន សែន បានបួងសួង និងបន់ស្រន់ដល់ព្រះអង្គចេក ព្រះអង្គចម សូមបរាមុខ តាមកាច់ អ្នកផ្សព្វផ្សាយបំពុលចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា ជាអ្នកដុតព្រះរាជដំណាក់ខេត្តសៀមរាប ដើម្បីចង់បានដីនៅកន្លែងនោះ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ពីគ្រោះអគ្គិភ័យ ដែលបានកើតឡើងជាបន្តបន្ទាប់ នារយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ។សម្តេចតេជោ ហ៊ុន សែន បង្ហាញមោទនភាពចំពោះសហគ្រិនវ័យក្មេងនៅកម្ពុជានាពេលបច្ចុប្បន្ននេះ ដែលបានចូលរួមបង្កើតឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋខ្មែរ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសជួសជុលឡើងវិញនូវព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប ដែលបានឆាបឆេះកាលពីប៉ុន្មានថ្ងៃមុននេះ ទោះជាត្រូវចំណាយថវិកាប៉ុណ្ណាក៏ដោយ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ សម្ដេចនឹងអញ្ជើញទៅខេត្តសៀមរាប យាងព្រះរាជដំណើរព្រះករុណា ព្រះមហាក្សត្រ ប្រទានភ្លើងស៊ីហ្គេម នៅមុខប្រាសាទអង្គរវត្ត។សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពចំណីអាហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ជាពិសេសអាហារតាមដងផ្លូវ ដោយត្រូវរក្សាអនាម័យខ្ពស់។សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រឹងប្រែង និងក្រសួងពាណិជ្ជកម្ម សម្របសម្រួលជាមួយអ្នកលក់ដូរតូចតាចឱ្យដាក់តម្លៃផលិតផល ឬម្ហូបអាហារដែលបានតាំងលក់ ដើម្បីងាយស្រួលក្នុងការលក់ដូរផង ហើយអ្នកទិញក៏ងាយស្រួលផងដែរ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប សូមកុំមានការស្លន់ស្លោរ ពាក់ព័ន្ធនឹងព័ត៌មាន នៃការដួលរលំធនាគាររបស់អាមេរិក។សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ប្រជាពលរដ្ឋ សូមទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលលើវិស័យធនាគារ និងហិរញ្ញវត្ថុ ព្រោះធនាគារនីមួយៗនៅកម្ពុជា សុទ្ធតែមានទុនបម្រុងរបស់ខ្លួនគ្រប់គ្រាន់ ទប់ទល់នឹងហានិភ័យនានាជាយថាហេតុ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បញ្ហានៅអាមេរិកនោះមិនបង្កផលប៉ះពាល់ដល់កម្ពុជានោះទេ ហើយ សម្រាប់អាមេរិកផ្ទាល់ ក៏មានការប៉ះពាល់តិចតួចប៉ុណ្ណោះ។សម្ដេច បានបញ្ជាក់ថា ការដួលរលំធនាគារអាមេរិក គឺជាវិបត្តិជ្រាំដែល គឺគ្មានអ្វីត្រូវភិតភ័យឡើយ។ សម្ដេចណែនាំឱ្យពលរដ្ឋជឿទុកចិត្តចំពោះធនាគារនៅក្នុងប្រទេសកម្ពុជា គឺមានទុនវិនិយោគគ្រប់គ្រាន់។សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់បរទេសទាំងឡាយ សូមកុំធ្វើសកម្មភាពបំផ្លាញមុខមាត់ និងកិត្តិយសរបស់កម្ពុជា តាមរយៈការបំភ្លៃ បំភ្លើសព័ត៌មានអកុសលពាក់ព័ន្ធការ​ស្ថាបនា​កំពង់ផែ នៅតំបន់សមុទ្ររាម។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាគ្មានវត្តមានមូលដ្ឋានកងទ័ពចិននៅកម្ពុជានោះទេ។ សម្តេចបញ្ជាក់ថា ពេលកំពង់ផែសមុទ្ររាមស្ថាបនារួចរាល់ កម្ពុជាស្វាគមន៍នាវាកងទ័ពគ្រប់បណ្តាប្រទេសទាំងអស់មិនថា ចិន អាមេរិក ជប៉ុន អូស្ត្រាលីបារាំង....[] ដែលមានបំណងចូលចត និងធ្វើកិច្ចសហប្រតិបត្តិការកងទ័ពជាមួយកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានចង្អុលបង្ហាញថា សូមកុំមើលកម្ពុជាត្រឹមកម្ពុជា សូមមើលកម្ពុជាឱ្យបានវែងឆ្ងាយ និងពិនិត្យមើលលើទំនាក់ទំនងរបស់កម្ពុជា ជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក។សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋនាំគ្នាសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ដែលជាការសប្បាយដោយគ្មានកូវីដ-១៩៕

សម្តេច ហេង សំរិន ស្នើអូស្រ្តាលីជួយជំរុញពាណិជ្ជកម្មទ្វេភាគី និងបង្កើនអាហារូបករណ៍ ដល់និស្សិតកម្ពុជាបន្ថែម

2023/03/15 10:46:06 pm        391
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បាន​ស្នើសុំដល់ឯកអគ្គរាជទូតថ្មីរបស់ប្រទេសអូស្រ្តាលីប្រចាំនៅកម្ពុជា ជួយជំរុញពាណិជ្ជកម្មទ្វេភាគី​កម្ពុជា និងអូស្ត្រាលី និងជួយបង្កើនការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ឲ្យទៅសិក្សា​នៅ​ប្រទេសអូស្ត្រាលី​បន្ថែមទៀត ដើម្បីធ្វើ​យ៉ាងណាលើកស្ទួយសេដ្ឋកិច្ច និងធនធានមនុស្សនៅ​កម្ពុជា​ឲ្យកាន់តែខ្លាំងក្លាថែមទៀត។នៅក្នុងកិច្ចជំនួបពិភាក្សាជាមួយ លោក ចាស្ទីន ខេវិន វីយ៉ាត (Justin Kevin Whyatt) ឯកអគ្គរាជទូត​វិសាមញ្ញ ​និងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលី នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ នៅវិមាន​រដ្ឋសភា សម្តេច ហេង សំរិន បានលើកឡើងថា «សូមស្នើទៅអូស្រ្តាលី បន្តជួយគាំទ្រកម្ពុជា តាម​រយៈការ​ជំរុញពាណិជ្ជកម្ម ​ទ្វេភាគី វិនិយោគ​ទេសចរណ៍ ​និង​ជួយអភិវឌ្ឍន៍​សមត្ថភាព​ ធនធាន​មនុស្ស ​ដោយបង្កើនការផ្តល់​អាហារូបករណ៍​បន្ថែមទៀត ​ដល់​និស្សិតកម្ពុជា បន្តការសិក្សានៅ​ប្រទេសអូស្ត្រាលីជាដើម»។សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលតែង​តែជួយ​ឧបត្ថម្ភគាំទ្រដល់ដំណើរ​ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសក្នុងអំឡុងពេលនៃការ​រីករាល​ដាលជំងឺកូវីដ-១៩ អូស្រ្តាលីបានជួយឧបត្ថម្ភវ៉ាក់សាំង​ និងបរិក្ខាពេទ្យជាច្រើន ដើម្បីរួមចំណែក​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ យ៉ាងមានប្រសិទ្ធភាព។ ជាមួយគ្នានេះ រដ្ឋសភាកម្ពុជា និងសភាអូស្រ្តាលី ​ក៏មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នា ការផ្លាស់ប្តូរទស្សនកិច្ច ចែករំលែកបទពិសោធន៍ ​និងតែងតែគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកា​អន្តរសភានានា ​ក្នុងតំបន់​ និងសកលោកផងដែរ។ សម្តេចប្រធានរដ្ឋសភា ​ក៏ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបាន​រួមចំណែក ក្នុងការស្វែងរក សន្តិភាព ​និងបន្តជួយក្នុងដំណើរការអភិវឌ្ឍ ប្រទេសកម្ពុជា លើវិស័យ​ជាច្រើន រួមមាន៖ កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការដោះមីនជាដើម។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោក ចាស្ទីន ខេវិន វីយ៉ាត ​បានអបអរសាទរ​ចំពោះការរីក​ចម្រើន​របស់កម្ពុជា ​និងការគ្រប់គ្រងជំងឺកូវីដ-១៩ ​ប្រកបដោយជោគជ័យ។លោកក៏បានអបអរសាទររដ្ឋសភាកម្ពុជា នៅក្នុងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) នាពេលកន្លងមក​។ ជាពិសេសដំណើរទស្សនកិច្ចរបស់សម្តេច ទៅកាន់ប្រទេសអូស្រា្តលីកាល​ពី​ឆ្នាំ២០២០ ក្នុងការចូលរួមវេទិកាសភា APPF។ លោកទូតក៏បានជម្រាបសម្តេចប្រធានផងដែរថា អូស្រ្តាលី នឹងបន្តការគាំទ្រ ​ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅលើវិស័យជាច្រើនទៀត មាន​វិស័យសុខាភិបាល សេដ្ឋកិច្ច សន្តិសុខ ការប្រយុទ្ធប្រឆំាងអំពើភេរវកម្ម សិទ្ធិមនុស្ស និង​ដំណើរការលទ្ធិប្រជាធិបតេយ្យជាដើម។សូមបញ្ជាក់ថាកម្ពុជា-អូស្រ្តាលី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា ជាយូរយារណាស់មកហើយ គឺតាំងពីឆ្នាំ១៩៥២។ ​ទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែត្រូវបាន​លើក​កម្ពស់យ៉ាងជិតស្និទ្ធ និងរីកចម្រើនស្ទើរគ្រប់វិស័យ៕អត្ថបទបាន ចក់

ឯកឧត្តម ជិន ម៉ាលីន បញ្ជាក់ ៣ចំណុចផ្នែកច្បាប់ ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់មេធាវី លោក កឹម សុខា

2023/03/15 08:02:12 pm        501
ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានបញ្ជាក់ ៣ ចំណុច ជាយោបល់ផ្នែកច្បាប់ខ្លះ ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់មេធាវី លោក កឹម សុខា ដែលបានចេញផ្សាយកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ។តាមរយៈ Facebook នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្ដម ជិន ម៉ាលីន បានសរសេរថា "សូមផ្ដល់ជាយោបល់ផ្នែកច្បាប់ខ្លះឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់មេធាវី លោក កឹម សុខា"។ឯកឧត្តម ជិន ម៉ាលីន បានបញ្ជាក់ចំណុចទី១ថា បើគ្រាន់តែសុំការអនុញ្ញាតពីព្រះរាជអាជ្ញាបន្តិចទៅ ដូចជាមិនទាស់ខុសអីទេ ព្រោះវាតម្រូវដោយលក្ខខណ្ឌកំណត់ក្នុងសាលក្រមតុលាការ ដែលមានអំណាចតាមផ្លូវច្បាប់។ ប្រសិនបើព្រះរាជអាជ្ញាមិនអនុញ្ញាត នោះទើបជាការរំលោភបំពានសិទ្ធិមេធាវីក្នុងការជួបជាមួយកូនក្តី។ ចំណុចទី២ ឯកឧត្តមបញ្ជាក់ថា សូម្បីតែចូលជួបកូនក្តីខ្លួនក្នុងពន្ធធនាគារ ក៏ត្រូវតែសុំការអនុញ្ញាតពីអ្នកគ្រប់គ្រងពន្ធនាគារដែរ។ ចំណែកចំណុចទី៣ ឯកឧត្តមបន្តថា ដូច្នេះ ប្រសិនបើមានចេតនាជួបជាមួយកូនក្តីពិតប្រាកដមែន គ្រាន់តែស្នើសុំបន្តិចទៅ ដូចជាមិនអីទេ លើកលែងតែមានចេតនាផ្សេងពីនេះ៕

សម្តេចតេជោ ស្វាគមន៍ទេសចរពិសេសជនមានពិការភាព ចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា

2023/03/15 05:12:50 pm        347
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាពិសេសភ្ញៀវទេសចរដែលមានពិការភាព មកចូលរួមក្នុងព្រឹត្តិការណ៍ SEA Games និង ASEAN Para Games នៅកម្ពុជា ដែលគិតត្រឹម ថ្ងៃទី១៥ មីនា ឆ្នាំ២០២៣ នេះ គឺនៅសល់តែ៥១ថ្ងៃទៀត​ប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបែបនេះ ក្នុងឱកាសអញ្ជើញ​ជា​អធិបតីបើកសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣នេះ។តាមរបាយការណ៍ក្រសួងសង្គមកិច្ច អត្រាជនមានពិការភាពមានប្រមាណ ៥,៣% គឺស្មើនឹង ៨៧២ ៥២៧នាក់ នៃចំនួនប្រជាជនសរុប។ ផ្តើមចេញពីបញ្ហានេះរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកវិស័យ ពិការភាពជាការងារអាទិភាព ដោយបានផ្តល់សច្ចាប័នលើអនុសញ្ញាស្ដីពី សិទ្ធិជនពិការ និងលិខិតូបករណ៍អន្តរជាតិផ្សេងៗ ព្រមទាំងបានកសាង និងដាក់ឱ្យអនុវត្តច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាច្រើន សំដៅពង្រឹងការផ្តល់សេវា លើកកម្ពស់សិទ្ធិ និងគុណភាពជីវិតរស់នៅរបស់ជនមានពិការភាពឱ្យកាន់តែប្រសើរឡើង។ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) នៅកម្ពុជានឹងចាប់ផ្តើមពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games នឹងចាប់ផ្តើមពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣។ គួរម្លឹកដែរថា មុននឹងឈានដល់ការប្រកួតកីឡាក្នុងព្រឹត្តិការណ៍ទាំងនេះ ក៏នឹងមានធ្វើរាជពិធី​សុំភ្លើង​ព្រះអគ្គីកីឡា នៅប្រាសាទអង្គរវត្តនាថ្ងៃទី២១ ខែមីនា ខាងមុខ ដើម្បីដង្ហែរភ្លើងគប់ជុំវិញ​បណ្ដាប្រទេសអាស៊ាន និងបឹងទន្លេសាប រហូតដល់ពេលវេលាប្រារព្ធពិធីបើកការប្រកួត​កីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការតែម្ដង៕ អត្ថបទ៖វ៉ន ដារ៉ា

សម្តេចតេជោ អំពាវនាវដល់សហគមន៍ជាតិ និងអន្តរជាតិ បន្តគាំទ្រគោលនយោបាយនានា ដើម្បីផ្ដល់សិទ្ធិពិតប្រាកដដល់ជនមានពិការភាព

2023/03/15 04:04:21 pm        560
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់សហគមន៍ជាតិ និងអន្តរជាតិ បន្តចូលរួមគាំទ្រលើការអនុវត្តគោលនយោបាយនានា ដើម្បីអាចផ្ដល់សិទ្ធិពិតប្រាកដដល់ជនដែលមានពិការភាព។ថ្លែងក្នុងពិធីបើកសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិកលើកទី៥នៅសណ្ឋាគារសុខា រ៉េស៊ីដង់ភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីលើកកម្ពស់សិទ្ធិជនមានពិការភាព រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពដល់ជនមានពិការភាពចំនួន ២ ភាគរយ ក្នុងការជ្រើសរើសឱ្យចូលបម្រើការងារនៅក្នុងក្រសួង ស្ថាប័នរដ្ឋ និងវិស័យ ឯកជន។សម្តេចអំពាវនាវឱ្យមានការចូលរួមជាមួយគ្នាក្នុងស្មារតីជីវភាព ក្នុងប្រព័ន្ធតែមួយស្ដីពីទស្សវត្សន៍ជនមានពិការភាពជាប្រចាំ ដើម្បីជាគុណប្រយោជន៍ដល់ជនមានពិការភាពនៅទូទាំងប្រទេសតំបន់ និងសកល។ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសភ្ញៀវទេសចរដែលមានពិការភាពមកចូលរួមក្នុងព្រឹត្តិការណ៍ SEA Games និង ASEAN Para Games នៅកម្ពុជា ដែលគិតត្រឹម ថ្ងៃទី១៥ មីនា ឆ្នាំ២០២៣ នេះ គឺនៅសល់តែ៥១ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ៕

គ.ជ.ប ជ្រើសរើសមន្រ្តីជិត១៥ម៉ឺននាក់ បម្រើក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តខាងមុខ

2023/03/14 08:01:09 pm        311
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប នឹងជ្រើសរើសមន្រ្តីជិត១៥ម៉ឺននាក់ ដើម្បីបម្រើដល់ដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ខាងមុខ។បើតាមឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះថា ជារៀងរាល់ដំណើរការបោះឆ្នោតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែល​ជាស្ថាប័នទទួលខុសត្រូវក្នុងការចាត់ចែងស្របតាមច្បាប់ធម្មនុញ្ញមានជាធរមាន ជំហានដំបូង ​គជប បានជ្រើសរើសគណៈកម្មការខេត្តរៀបចំការបោះឆ្នោត មន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោត។ ជាក់ស្ដែងនៅថ្ងៃទី២០​ ខែមីនា ខាងមុខនេះ មានការជ្រើសរើសមន្ត្រីបំពេញបន្ថែម​របស់​លេខាធិការដ្ឋាន​រៀបចំការបោះឆ្នោត ដែលចំនួនសរុបមន្ត្រីដែលនឹងត្រូវជ្រើសរើស​ទាំងអស់​ចំនួនជិត ១៥ម៉ឺននាក់។ ឯកឧត្តម បន្តថា ការជ្រើសរើសមន្រ្តីរៀបចំការបោះឆ្នោតជិត ១៥ម៉ឺននាក់ គឺជាតម្រូវការចំពោះមុខ ដើម្បី​ធានាដល់ដំណើរទាំងមូលនៃការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត ​នីតិកាលទី៧ខាងមុខ ដែល​មានការិយាល័យបោះឆ្នោត​នៅទូទាំង​ប្រទេសជាង ២ម៉ឺនការិយាល័យផងដែរ។ឯកឧត្តម លើកឡើងថា មន្រ្តីរៀបចំការបោះឆ្នោតគ្រប់រូបមិនចូលរួមដំណើរ​ការរៀបចំការបោះឆ្នោត ត្រូវបាន​ឆ្លងកាត់ពង្រឹងផ្នែកធនធាន ​និង​សមត្ថភាពច្បាស់លាស់ធ្វើយ៉ាងណា​ឲ្យការអនុវត្តរបស់​មន្រ្តីទាំងអស់​ឈរលើស្មារតីមិនលម្អៀង ​និង​អព្យាក្រឹត​ភាពក្នុងតួនាទីរបស់ខ្លួន។គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ​នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ​ឆ្នាំ២០២៣ ​ខណៈប្រជាពលរដ្ឋនឹងចូលរួមការបោះឆ្នោតចំនួនជាង៩លាន៧សែននាក់៕ 

សម្ដេចតេជោ៖ បច្ចុប្បន្នប្រទេសជិតខាងកំពុងដំឡើងថ្លៃអគ្គិសនី ប៉ុន្ដែកម្ពុជាមិនដំឡើងទេ

2023/03/14 05:55:12 pm        243
ពោធិ៍សាត់៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា ឥឡូវប្រទេសជិតខាងកម្ពុជា អគ្គិសនីបានឡើងថ្លៃគ្រប់គ្នា ប៉ុន្ដែប្រទេសកម្ពុជាមិនបានឡើងថ្លៃទេ ដោយសាររាជរដ្ឋាភិបាលបានគិតគូរពីកត្តាជីវភាពរបស់ប្រជាពលរដ្ឋ។សម្ដេចតេជោ ហ៊ុន សែន មានប្រសសន៍បែបនេះ នាអំឡុងពេលអញ្ជើញសំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និងត្រួតពិនិត្យការដ្ឋានសាងសង់​ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។សម្ដេចតេជោ បានបញ្ជាក់ថាបច្ចុប្បន្នសម្រាប់មូលដ្ឋានរាជធានីភ្នំពេញមួយ មានតម្រូវការប្រើប្រាស់​អគ្គិសនីជាង ១ ពាន់មេកាវ៉ាត់ ដែលកាលពីមុនមានតម្រូវការត្រឹម ៣០ មេកាវ៉ាត់ប៉ុណ្ណោះ។ សម្ដចបន្ថែមថា កត្តាតម្រូវការអគ្គិសនីខ្ពស់នេះ គឺតម្រូវឱ្យរាជរដ្ឋាភិបាលស្វែងរកដំណោះស្រាយ ដើម្បីផ្ដល់អគ្គិសនីដល់ប្រជាពលរដ្ឋប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ ស្របពេលការកើនឡើង​នៃការប្រើប្រាស់​អគ្គិសនីនេះ ក៏បានបង្ហាញពីកំណើននៃការអភិវឌ្ឍលើ​គ្រប់វិស័យនៅកម្ពុជា​ផងដែរ។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទាក់ទងនឹងរឿងបញ្ហាអគ្គិសនីនេះ រាជរដ្ឋាភិបាលបានខិតខំ​ដោះស្រាយ​ខ្លាំងណាស់ដែលបច្ចុប្បន្ននៅទូទាំងប្រទេស ភូមិដែលបានភ្ជាប់ជាមួយ​បណ្ដាញ​អគ្គិសនីរបស់រដ្ឋមានជាង ៩៩ ភាគរយហើយ។ សម្ដេចតេជោបញ្ជាក់ថា សម័យនេះគឺសម័យតេជោ ប្រើប្រាស់អគ្គិសនី មិនមែនសម័យប្រើចង្កៀង​ទៀតទេ ដូច្នេះរដ្ឋាភិបាលត្រូវស្វែងរកដំណោះស្រាយ​ផ្ដល់អគ្គិសនីដល់ប្រជាពលរដ្ឋ ប៉ុន្ដែការ​ដោះស្រាយនេះគឺត្រូវដោះស្រាយផលប៉ះពាល់ផ្សេងៗដែលកើតមានផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា

រឿងភាគ«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី»នឹងផ្សាយលើតេឡេក្រាមសម្ដេចតេជោនិងទូរទស្សន៍បាយ័ន១គត់

2023/03/14 05:48:32 pm        314
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជាមានប្រសាសន៍ថា Channel Telegram របស់សម្ដេច https://t.me/spmhunsen នឹងចាក់ផ្សាយភាពយន្តភាគ «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ជូនដល់បងប្អូនប្រជាពលរដ្ឋបានទស្សនា ព្រមគ្នាជាមួយនឹងការចាក់ផ្សាយនៅលើ ទូរទស្សន៍បាយ័ន១គត់ក្នុងពេលឆាប់ៗនេះ។សម្ដេចតេជោ ហ៊ុន សែន មានប្រសសន៍បែបនេះ នាអំឡុងពេលអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ជាភាពយន្តទាក់ទិនដំណើរជីវិត​ពិតរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យ​សង្គ្រាម លន់ នល់ រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគី​សម័យកាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នកស្នេហាជាតិ មករំដោះប្រទេសចេញពីរបបប៉ុលពត ការជួបជុំភរិយាសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩។សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញសម្ពោធភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី»ជាផ្លូវការនាល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៣ នេះ ខណៈភាពយន្តបែបប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបុព្វហេតុជាតិមាតុភូមិ៕ អត្ថបទ៖វ៉ន ដារ៉ា

ប្រធាន គ.ជ.ប ស្វាគមន៍ការចូលរួមសង្កេតការណ៍បោះឆ្នោតតំណាងរាស្រ្តរបស់ សហភាពអឺរ៉ុបមកកាន់កម្ពុជា

2023/03/14 04:45:11 pm        300
ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាមបង្ហាញ​ការស្វាគមន៍ និងទទួលរាល់ការចូលរួមសង្កេតការណ៍បោះឆ្នោតរបស់​សមាជិកសហភាព​អឺរ៉ុបមកកាន់កម្ពុជា ដើម្បីស្វែងយល់ពីលទ្ធិប្រជាធិបតេយ្យ។ការថ្លែងរបស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ធ្វើឡើងនៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពីការចូលរួមបំពេញទស្សនកិច្ច​សង្កេតការណ៍​បោះឆ្នោតនៅ​ប្រទេសបារាំង ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។ឯកឧត្តម ប្រាជ្ញ ចន្ទ ថ្លែងថា ទស្សនកិច្ចនាពេលនេះ បន្ទាប់ពីមានជំនួបរវាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំង​ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលភាគីបារាំងបានលើកឡើងពី​គោលបំណង​ផ្តល់ការគាំទ្រដល់កិច្ចការពាក់ព័ន្ធនឹងការងារបោះឆ្នោតនៅកម្ពុជា តាមរយៈការរៀបចំដំណើរ​ទស្សនកិច្ច​ផ្លាស់ប្ដូរបទពិសោធន៍ការងារនៅសាធារណរដ្ឋបារាំង។ឆ្លើយតបសំណួរអ្នកសារព័ត៌មាន ឯកឧត្តម ប្រាជ្ញ ចន្ទ បានចាត់ទុកការអញ្ជើញរបស់ភាគីបារាំង​ជាការណ៍ដ៏សំខាន់ ក្នុងនាម គ.ជ.ប ដែលជាស្ថាប័នទទួលខុសត្រូវចំពោះការបោះឆ្នោត តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន។ ឯកឧត្តម បញ្ជាក់ថា ក្នុងចំណោមដំណើរការបោះឆ្នោតទាំងសកល និងអសកលទាំង១៦លើក គ.ជ.ប បានអនុវត្តតាមបែបលទ្ធិប្រជាធិបតេយ្យជានិច្ច។គួរបញ្ជាក់ថា ក្នុងដំណើរការឆ្ពោះទៅរកការបោះឆ្នោតតំណាងរាស្រ្ត នីតិកាលទទី៧ ឆ្នាំ២០២៣ សង្កេតឃើញមានគណបក្សនយោបាយជាច្រើន ចាប់ផ្តើមមានសកម្មភាពជួបជុំ និងរៀបចំជាសារ​នយោបាយរបស់ខ្លួនជាបណ្តើរៗ ក្នុងការត្រៀមខ្លួនប្រកួតប្រជែងការបោះឆ្នោតដែល​នឹងប្រព្រឹត្តទៅ​នៅថ្ងៃទី២៣ ខែកក្កដាខាងមុខ៕

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១

2023/03/14 03:27:57 pm        343
ពោធិ៍សាត់៖ ប្រសាសន៍សំខាន់ៗរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការដោះស្រាយផលប៉ះពាល់ នៃការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ បានធ្ចើឡើងស្តង់ដាតែមួយ ជាមួយប្រជាពលរដ្ឋនៅតំបន់ទំនប់វារីអគ្គិសនីសេសានក្រោម២ ដើម្បីភាពល្អប្រសើរ នៃការរស់របស់ប្រជាពលរដ្ឋ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីវឌ្ឍនភាព នៃដំណើរចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា ដែលធ្វើឱ្យយើងអាចគ្រប់ស្ថានភាពកូវីដ-១៩ បានយ៉ាងល្អប្រសើរ ខណៈដែលរយៈពេលប៉ុន្មានថ្ងៃមកនេះ មិនមានការករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ទេ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មុននឹងនិយាយពីសិទ្ធិអ្វីៗ យើងត្រូវគិតដល់សិទ្ធិ នៃរស់រានមានជីវិតជាមុនសិន។ សម្តេចបញ្ជាក់ថា «បើខ្លួនស្លាប់ហើយ សិទ្ធិអ្វីក៏នឹងត្រូវចប់ដូចគ្នា»។សម្ដេចតេជោ មានប្រសាសន៍ថា អ្នកខ្លះចូលចិត្តណាស់និយាយពីសិទ្ធិមនុស្ស ប៉ុន្ដែមិនបានគិតទេពីសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ។ សម្ដេចបញ្ជាក់ថា « ដូច្នេះរាជរដ្ឋាភិបាលត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជីវិតគង់វង្ស»។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា វារីអគ្គិសនី នៅតែជាជំរើសល្អមួយ ក្នុងចំណោមជម្រើសនានាដើម្បីទាញយកថាមពលអគ្គិសនី ខណៈដែលប្រទេសមួយចំនួននៅកំពុងប្រើប្រាស់ធ្យូងថ្ម ដើម្បីផលិតថាមពលអគ្គិសនីនៅឡើយទេ។សម្ដេចតេជោ បញ្ជាក់ថា ឥឡូវនេះ នៅទូទាំងប្រទេសភូមិដែលបានភ្ជាប់ជាមួយបណ្ដាញអគ្គិសនីជាតិមានចំនួនទៅដល់ ៩៩ ភាគរយហើយ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម័យនេះ គឺសម័យប្រើអគ្គិសនី មិនមែនសម័យប្រើចង្កៀង ឬចម្លុះទៀតនោះទេ ដូច្នេះរដ្ឋាភិបាលត្រូវស្វែងរកដំណោះស្រាយផ្ដល់អគ្គិសនីដល់ប្រជាពលរដ្ឋ ប៉ុន្ដែការដោះស្រាយនេះ គឺត្រូវដោះស្រាយផលប៉ះពាល់ផ្សេងៗ។សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការប្រើប្រាស់ថាមពលអគ្គិសនី គឺត្រូវគួបផ្សំផ្នែកវារីអគ្គិសនី បូករួមជាមួយផ្នែកដ៏ទៃទៀតដែលទទួលបានពីពន្លឺព្រះអាទិត្យ ដែលនេះជាផ្នែកមួយក្នុងការដោះស្រាយបញ្ហាអគ្គិសនី និងការផ្ដល់អគ្គិសនីដល់ប្រជាពលរដ្ឋ ដោយប្រើប្រាស់ថាមពលកកើតឡើងវិញ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អគ្គិសនីមិនមែនត្រឹមតែជាតម្រូវការចាំបាច់ នៃការប្រើប្រាស់ប្រចាំថ្ងៃនោះទេ ក៏ប៉ុន្តែក៏ជាតម្រូវធំផ្នែកឧស្សាហកម្មជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ ក្នុងនោះក៏បូករួមវិស័យទេសចរណ៍ ព្រោះសម័យនេះមិនមែនជាសម័យទេសបក់ផ្លិតទៀតទេ ជាសម័យសម័យដេកសណ្ឋាគារ បើកម៉ាស៊ីនត្រជាក់។សម្ដេចតេជោ បច្ចុប្បន្ននៅមូលដ្ឋានរាជធានីភ្នំពេញមួយ មានតម្រូវការប្រើប្រាស់អគ្គិសនីជាង ១ ពាន់មេកាវ៉ាត់ ដែលកាលពីមុនមានតម្រូវការត្រឹម ៣០ មេកាវ៉ាត់។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កត្តាតម្រូវការអគ្គិសនីនេះ គឺតម្រូវឱ្យរាជរដ្ឋាភិបាលស្វែងរកដំណោះស្រាយ ដើម្បីផ្ដល់អគ្គិសនីដល់ប្រជាពលរដ្ឋប្រើប្រាស់ ស្របពេលការកើនឡើងនៃការប្រើប្រាស់អគ្គិសនីនេះ គឺបានបង្ហាញកំណើន ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ចំពោះអ្នកកែសម្ផស្ស បើសម័យពតកើតឡើងវិញ គឺស្លាប់មុនគេហើយ។ សម្តេចបន្តថា ទោះកែ ឬមិនកែ នាសម័យនេះជាសិទ្ធិរបស់ប្រជាពលរដ្ឋម្នាក់ៗ តែក៏ត្រូវគិតគូរដល់ហានិភ័យ នៃសុខភាពខ្លួនឯងផងដែរ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅតំបន់អឺរ៉ុបកំពុងខ្វះខាតថាមពលប្រើប្រាស់ ដែលបណ្តាលមកពីឥទ្ធិពល នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ សម្តេចបន្តថា ប្រជាជនអឺរ៉ុបបានប្រើប្រាស់អុសដើម្បីចម្អិនម្ហូបអាហារ និងកម្តៅ ខណៈដែលផ្សារទំនើបនានានៅតំបន់អឺរ៉ុបបានដាក់តាំងលក់អុសជាហូរហែរ។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា រឿងបញ្ហាអគ្គិសនីនេះ រាជរដ្ឋាភិបាលបានខិតខំដោះស្រាយខ្លាំងណាស់ ដែលបច្ចុប្បន្នអគ្គិសនីនៅកម្ពុជាជាង ៦២ ភាគរយជាប្រភពអគ្គិសនីកកើតឡើងវិញ។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា អគ្គិសនីនៅអឺរ៉ុបឡើងថ្លៃអស់ហើយ ដោយសារតែប្រទេសអឺរ៉ុបមួយចំនួន ដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី និងអឺរ៉ុបមួយចំនួនមិនទិញឧស្ម័នពីរុស្ស៊ី ហើយបែរមកប្រើធ្យូងថ្ម និងអុស ជំនួសអគ្គិសនីទៅវិញ និងបានចាប់ផ្ដើមប្រើប្រាស់ធ្យូងថ្មឡើងវិញ។សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា នៅកម្ពុជាមានប្រភេទ ដំណាំឆ្លងកាត់ និងដំណាំយុទ្ធសា្រស្រ្ដ ដូច្នេះនៅកម្ពុជាសម្ដេចចង់ធ្វើឱ្យប្រទេសកម្ពុជា ក្លាយទៅជា «ប្រទេសអធិរាជស្វាយចន្ទី» តែម្ដង ខណៈបច្ចុប្បន្ននេះកម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានមួយលានមួយសែនប្រាំបីម៉ឺនតោន ក្នុង១ឆ្នាំ។សម្ដេចតេជោ ហ៊ុន សែន ចង់ឱ្យតំបន់ស្ទឹងពោធិ៍សាត់១ ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញនាពេលខាងមុខ តាមរយៈការសាងសង់រម្មណីយដ្ឋាន និងកន្លែងស្នាក់នៅ រីស្សត ជាដើម ដែលការអភិវឌ្ឍនេះ គឺជាផ្លែផ្កានៃសន្ដិភាពរបស់កម្ពុជា។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ឥឡូវប្រទេសជិតខាងកម្ពុជា អគ្គិសនីបានឡើងថ្លៃគ្រប់គ្នា ប៉ុន្ដែប្រទេសកម្ពុជា មិនបានឡើងថ្លៃទេ ដោយសាររាជរដ្ឋាភិបាលបានគិតគូរពីកត្តាជីវភាពរបស់ប្រជាពលរដ្ឋ។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុង១ខែ រដ្ឋត្រូវបញ្ចេញថវិកពី ៤០-៥០ លានដុល្លារ ដើម្បីដោះស្រាយដល់ប្រជាពលរដ្ឋដែលរងគ្រោះងាយរងគ្រោះ និងស្រ្ដីក្រីក្រដែលមានផ្ទៃពោះជាដើម ខណៈបច្ចុប្បន្នសម្ដេចតេជោ បានឱ្យបន្ថែមថវិកា លើកម្មវិធីឧបត្ថម្ភថវិកាដល់ស្រ្ដីក្រីក្រមានផ្ទៃពោះ ចាប់ពីមានផ្ទៃពោះរហូតដល់កូនមានអាយុ ២ ឆ្នាំបន្ថែមទៀត។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា Channel Telegram របស់សម្ដេច https://t.me/spmhunsen នឹងចាក់ផ្សាយ ភាពយន្តភាគ «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ជូនដល់បងប្អូនប្រជាពលរដ្ឋបានទស្សនា ព្រមគ្នាជាមួយនឹងការចាក់ផ្សាយនៅលើ ទូរទស្សន៍បាយ័ន១គត់ ក្នុងពេលឆាប់ៗនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំ EU បង្ហាញ​ការគាំទ្រ ចំពោះ ICC បន្ទាប់ពីមាន​ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក
08/19/2026 08:08 PM
ណាតូបញ្ជាក់​ថា បាន​ត្រៀមសម្រាប់ការវាយប្រហារអាចកើតមានដោយអ៊ីរ៉ង់ លើគោលដៅយោធាអាមេរិក នៅអឺរ៉ុប
08/19/2026 08:08 PM
មនុស្ស ៧នាក់ រួមទាំងអ្នកទេសចរ ៦នាក់ ស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់​ឧទ្ធម្ភាគចក្រ នៅកេនយ៉ា
08/19/2026 08:08 PM
របាយការណ៍៖ អ៊ីរ៉ង់ពិចារណាវាយប្រហារគោលដៅយោធាអាមេរិក នៅអឺរ៉ុប បើលោក Trump បង្កើនជម្លោះ​
08/19/2026 08:08 PM
អធិការបតី​អាល្លឺម៉ង់ ថ្កោលទោសការអំពាវនាវរបស់​​រដ្ឋមន្ត្រីអ៊ីស្រាអែល ឲ្យសម្លាប់មនុស្សរាល់ថ្ងៃ នៅតំបន់​ហ្កាហ្សា
08/19/2026 08:08 PM
ក្រសួងមហាផ្ទៃផ្សព្វផ្សាយប្រកាសចំនួន៣ ស្តីពីការកំណត់ចំនួនមុខតំណែងរងក្នុងរចនាសម្ព័ន្ធអង្គភាពនគរបាលជាតិ និងពន្ធនាគារ
08/19/2026 07:08 PM
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបសម្តែងការគួរសមជាមួយ ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
08/19/2026 07:08 PM
ក្រសួងបរិស្ថាននៅក្នុងខែកក្កដាឆ្នាំ២០២៦ បន្តសហការជាមួយដៃគូពាក់ព័ន្ធ ចុះពិនិត្យនិងបង្រ្កាបបទល្មើសនៅតាមតំបន់ការពារធម្មជាតិ ដើម្បីបង្កើនភាពបៃតង ធានានិរន្តរភាពបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន
08/19/2026 07:08 PM
ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនា និងការថែទំាផ្លូវ ជារឿងដ៏ចាំបាច់សម្រាប់ការរស់នៅក្នុងសង្គម
08/19/2026 07:08 PM
រដ្ឋមន្ត្រីការបរទេសចិន ទៅដល់​​កូរ៉េខាងត្បូង ស្របពេល​លោក Trump ជំរុញការទូតជាមួយ​កូរ៉េខាងជើងឡើង​វិញ​
08/19/2026 07:08 PM