ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន៖ កម្ពុជាជាប្រទេសដែលប្រកបដោយសុខសុវត្ថិភាព និងសន្តិសុខល្អ

2022/11/13 07:17:53 pm        431
ភ្នំពេញ៖ ខ្ញុំបានមកដល់រាជធានីភ្នំពេញប្រទេសកម្ពុជា ដើម្បីបង្ហាញនូវការប្ដេជ្ញាចិត្តរបស់អាម៉េរិក ក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ​និងប្រកបដោយថាមពលជាមួយអាស៊ាន ព្រមទាំងដើម្បីរួបរួម កម្លាំងជាមួយអាស៊ាន។ នេះបើតាមសាររបស់ឯកឧត្ដម ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក​ បានផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់របស់ឯកឧត្ដម។ប្រភពដដែល បន្តថា ខណៈមកដល់រាជធានីភ្នំពេញ ប្រទេសកម្ពុជា ឯកឧត្ដមប្រធានាធិបតីអាម៉េរិក ទទួលអារម្មណ៍ដោយមើលឃើញថា ​កម្ពុជាមានសុខសុវត្ថិភាព​ សន្តិសុខល្អ។ឯកឧត្ដម ប្រធានាធិបតីក៏បានបង្ហាញនូវភាពរីករាយថត Selfie ដ៏ស្រស់ស្អាត ព្រមទាំង​ប្រកប​ដោយស្នាម​ញញិម​ជាមួយមន្ត្រីក្រុមការងារ ​និងអ្នកចូលរួមនានាជាច្រើន នៅក្នុងព្រឹត្តិការណ៍​កិច្ចប្រជុំកំពូល​អាស៊ាន​នៅកម្ពុជា ​និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផងដែរ៕ ដោយ៖ គង់ ឌិន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងកិច្ចប្រជុំកំពូលប្រារព្ធខួបទំនាក់ទំនងអាស៊ាន-កាណាដា

2022/11/13 06:53:11 pm        257
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន បានធ្វើជាសហប្រធានជាមួយនឹងឯកឧត្តម ចាសស្ទីន ទ្រូដូ នាយករដ្ឋមន្ត្រីកាណាដា ក្នុងកិច្ចប្រជុំកំពូលប្រារព្ធខួបទំនាក់ទំនងអាស៊ាន-កាណាដា ដែលធ្វើឡើងនៅសណ្ឋាគារ សុខាភ្នំពេញ នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២២។ក្នុងកិច្ចប្រជុំនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២ ​បានវាយតម្លៃខ្ពស់ចំនូវសំណើកាណាដា ​ចំពោះការពង្រីកទំនាក់ទំនងរវាងអាស៊ាន និងកាណាដា​ ឱ្យទៅជាដៃគូយុទ្ធសាស្ត្រ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា តាមរយៈការពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងកាណាដា ​ទៅជាដៃគូយុទ្ធសាស្ត្រ ដែលជាទិសដៅដ៏ប្រសើរសម្រាប់ជំរុញទំនាក់ទំនងកិច្ចសន្ទនា អាស៊ាននិងកាណាដា ឲ្យកាន់តែស្អិតរមួត និងកាន់តែស៊ីជម្រៅ។ ជាក់ស្តែង ការបើកការចរចា​លើ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ​នៅពេលថ្មីៗនេះ គឺជាការបោះជំហានជាវិជ្ជ​មាន​ដំបូង ស្របតាមទិសដៅនេះ ដែលនឹងជំរុញស្តារសេដ្ឋកិច្ច នៅក្នុងតំបន់ទាំងពីរឡើងវិញ ប្រកបដោយចីរភាព​ បរិយាប័ន្ន និងភាពធន់ ក្រោយវិបត្តិជំងឺកូវីដ-១៩។សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រយៈពេល៤៥ឆ្នាំមកនេះ អាស៊ានបានការប្តេជ្ញា និងបំណងប្រាថ្នារួម​ ក្នុងការរក្សានូវសន្តិភាព ស្ថិរភាព និងវិបុលភាព​ ក្នុងតំបន់ទាំងពីរ ភាពជាដៃគូ​ដ៏យូរអង្វែងរបស់អាស៊ាន និងកាណាដា បាននាំមកនូវសមិទ្ធផលលេចធ្លោលើគ្រប់វិស័យ និង​បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងក្នុងតំបន់ ​និងសាកលលោក ជាពិសេសលើកកម្ពស់សុខមាលភាព ​និងជីវភាពរស់នៅរបស់ប្រជាជន។សូមបញ្ជាក់ថា ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-កាណាដា ត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ១៩៧៧ ​ក្រោយការកោះប្រជុំផ្លូវការលើកដំបូង ​រវាងរដ្ឋលេខាធិការកាណាដា សម្រាប់កិច្ចការ​បរទេស ​និងគណៈកម្មាធិការអចិន្ត្រៃយ៍អាស៊ាន។ នៅឆ្នាំ១៩៨១ កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​សេដ្ឋកិច្ច អាស៊ាន-កាណាដា ត្រូវបានចុះហត្ថលេខាដោយដាក់មូលដ្ឋាន សម្រាប់កិច្ច​សហប្រតិបត្តិការ​ឧស្សាហកម្ម ពាណិជ្ជកម្ម ​និងបច្ចេកទេសរវាងភាគីទាំងពីរ។នៅឆ្នាំ២០២០ ការដោះដូរទំនិញទៅមក រវាងអាស៊ាន ​និងកាណាដា មានចំនួន ១៦,២ពាន់លាន​ដុល្លារ និងការវិនិយោគផ្ទាល់ពីបរទេស ពីកាណាដាមកអាស៊ានឈានដល់ ៥,១ពាន់លានដុល្លារ៕

ភរិយាថ្នាក់ដឹកនាំអាស៊ានបំពេញទស្សនកិច្ចនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

2022/11/13 05:25:40 pm        784
ភ្នំពេញ៖ ភរិយាថ្នាក់នាំអាស៊ាន ចំនួន ៣ប្រទេស នៅព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកានេះ បានមកបំពេញ​ទស្សនកិច្ច នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ជាសាលាពិសេសមួយក្នុងចំណោមសាលារៀន​ពិសេស​ផ្សេងទៀតរបស់ក្រសួងអប់រំ ​យុវជន និងកីឡា។បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពូលអាស៊ាន មុននឹងចាកចេញពីកម្ពុជា​ ភរិយាថ្នាក់ដឹកនាំអាស៊ានចំនួន ៣ប្រទេស ​បានមកបំពេញទស្សនកិច្ចនៅសាលារៀនអប់រំពិសេសភ្នំពេញថ្មី។ភរិយាថ្នាក់ដឹកនាំអាស៊ាន ​ដែលមានវត្តមាននៅព្រឹកនេះរួមមាន ​ភរិយាថ្នាក់នាំប្រទេសឥណ្ឌា ភរិយាថ្នាក់ដឹកនាំប្រទេសជប៉ុន ​ភរិយាថ្នាក់ដឹកប្រទេស ថៃ អមដំណើរដំណើរដោយ លោកជំទាវ ខេង សំវ៉ាដា ភរិយា ឯកឧត្តម ប្រាក់ សុខុន ​ជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។ វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ត្រូវបានផ្ទេរមកក្រោមការគ្រប់គ្រងទាំងស្រុង​ របស់ក្រសួងអប់រំ យុវជន និងកីឡា។ សម្រាប់ការអប់រំនៅ វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មីនេះ​ រាជរដ្ឋាភិបាលកម្ពុជា ទទួលរ៉ាប់រងរាល់ចំណាយក្នុងដំណើរការរបស់សាលារៀនទាំងស្រុង​ ក្នុងនោះរាប់បញ្ចូល ការផ្ដល់​អាហារដល់សិស្ស ៣ពេលក្នុងមួយថ្ងៃ សេវាកម្មដឹកជញ្ជូនសិស្ស ការថែទាំសុខភាព ​អនាម័យ ការផ្គត់ផ្គង់ទឹក ​ អគ្គិសនី ​សម្ភារសិក្សា រួមទាំងការចំណាយជាច្រើនផ្សេងទៀត។វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ​បច្ចុប្បន្នផ្ដល់ការសិក្សាពិសេសជូនសិស្ស ដែលមានបញ្ហាមួយ​ចំនួន​ដូចជាពិការភាពភ្នែក គថ្លង់ ជាដើម។ ​ការបង្រៀននៅទីតាំងសាលានេះ គឺចាប់ផ្ដើមពីកម្រិត​មតេយ្យ​សិក្សារហូតដល់ថ្នាក់វិទ្យាល័យ។​ ចំពោះកម្មវិធីសិក្សាគឺស្របទៅនឹងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា។ក្រៅពីវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ក្រសួងអប់រំ ​យុវជន និងកីឡា ក៏មានសាលាអប់រំពិសេស​ផ្សេងទៀត នៅទីតាំងផ្សេងៗគ្នា។ ​សាលាអប់រំពិសេសទាំងនោះ ​មានទីតាំងនៅក្រុងតាខ្មៅ ច្បារអំពៅ កំពង់ចាម សៀមរាប​ និងខេត្តបាត់ដំបង៕ អត្ថបទ៖ គឹមហុក

នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ

2022/11/13 04:37:22 pm        418
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ឯកឧត្តម Charles Michel ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប បានពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុប ក្នុងកិច្ចប្រជុំទ្វេភាគី នាថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។សម្តេចតេជោ នាយករដ្ឋមន្ត្រី បានរំលឹកពីជំនួបទ្វេភាគីនៅទីក្រុងតូក្យូ កាលពីខែកញ្ញាកន្លងទៅ និងបានគូសបញ្ជាក់ថា វត្តមានរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប ចូលរួមក្នុងកិច្ច​ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងភ្នំពេញ ​ឆ្លុះបញ្ចាំង​ពីភាពរឹងមាំ នៃ​ទំនាក់ទំនង អាស៊ាន-សហភាពអឺរ៉ុប ខណៈដែលអង្គការទាំងពីរកំពុងប្រារព្ធខួបលើកទី៤៥ នៃ​ទំនាក់ទំនង​ដៃគូសន្ទនាអាស៊ាន–សហភាពអឺរ៉ុប។សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសហភាពអឺរ៉ុប ចំពោះការបន្តកិច្ច​សហប្រតិបត្តិការ ​និងការផ្តល់ជំនួយដល់កម្ពុជា ​ចាប់តាំងពីឆ្នាំ១៩៩២ ដែលបានរួមចំណែក​ដល់ការ​អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ហេដ្ឋារចនាសម្ព័ន្ធ អប់រំ ​និងសុខាភិបាល ជាពិសេសការផ្តល់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ តាមរយៈយន្តការ COVAX។សម្តេចតេជោនាយករដ្ឋមន្ត្រី និង ឯកឧត្តមប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបនឹងធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុបលើកទី៤៥ នៃទំនាក់ទំនងដៃ​គូ​សន្ទនាអាស៊ាន-សហភាពអឺរ៉ុប​ ដែលនឹងប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនឯកឧត្តម Charles Michel ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប ដោយសង្កត់ធ្ងន់អំពីជំហររបស់កម្ពុជាប្រឆាំងនឹងការគំរាមកំហែងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។សម្ដេចតេជោ បានបញ្ជាក់ជូនឯកឧត្តម Charles Michel ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប អំពី​សកម្មភាព​មនុស្សធម៌របស់កម្ពុជា​ តាមរយៈការចែករំលែកបទពិសោធន៍នៃការបោសសម្អាតមីន និង​យុទ្ធភណ្ឌមិនទាន់ផ្ទុះ(UXO) ក្រោមកម្មវិធីរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសមួយចំនួន​ជុំវិញ​ពិភពលោក។ឯកឧត្តម Charles Michel ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ​ប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញការអនុវត្តកិច្ច​ព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ាន​(5PCs) ស្តីពីប ញ្ហាមីយ៉ាន់ម៉ា​ និង​គំនិត​ផ្តួចផ្តើម​របស់កម្ពុជា និងជប៉ុន ​ដើម្បីជួយដោះមីននៅ​អ៊ុយក្រែន។សម្ដេចតេជោ ​បានបញ្ជាក់ជូនឯកឧត្តម Charles Michel ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបថា វត្តមាន​របស់ឯកឧត្តមប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប​ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធនៅរាជធានីភ្នំពេញនាពេលនេះ ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃទំនាក់ទំនង ​អាស៊ាន-សហភាពអឺរ៉ុប។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំកំពូលចំនួន០២ទៀត មុនបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃនេះ

2022/11/13 03:57:57 pm        393
ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងត្រូវបិទបញ្ចប់ នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះហើយ។ នៅថ្ងៃនេះ មុននឹងឈានដល់ការបិទបញ្ចប់កិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំចំនួន០២ទៀត គឺកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧។តាមរយៈផេកហ្វេសបុកផ្ទាល់របស់សម្តេច នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាស៊ាន បានលើកឡើងថា កិច្ចសន្ទនាអាស៊ានជាសាកល មានការយាង និងអញ្ជើញចូលរួមដោយមេដឹកនាំកំពូលរបស់អាស៊ាន និងប្រទេសដៃគូសន្ទនា ព្រមទាំងថ្នាក់ដឹកនាំអង្គការសកល ជាច្រើនទៀត មានដូចអង្គការសហប្រជាជាតិ, សហភាពអឺរ៉ុប, ធនាគារអភិវឌ្ឍអាស៊ី ADB, វេទិកាសេដ្ឋកិច្ចពិភពលោក និងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ជាដើម។ដោយឡែកកិច្ចប្រជុំកំពូលអាស៊ីបូព៌ា សម្តេចបានបញ្ជាក់ថា មានការយាង និងអញ្ជើញចូលរួមពីសំណាក់មេដឹកនាំកំពូលអាស៊ាន ជាមួយមេដឹកនាំប្រទេសចំនួន៨ផ្សេងទៀត រួមមាន ចិន អាមេរិក រុស្ស៉ី អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងនូវែលហ្សេឡង់ជាដើម។តាមផេកផ្លូវការរបស់សម្តេចបានឲ្យដឹងទៀតថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំទាំងពីរខាងលើនេះ សម្តេចតេជោ ហ៊ុន សែន នឹងប្រកាសបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងប្រគល់ញញួរផ្ទេរតួនាទីប្រធានអាស៊ាន ប្តូរវេនសម្រាប់ឆ្នាំ២០២៣ ជូនឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដើម្បីធ្វើជាប្រធានអាស៊ានបន្តពីកម្ពុជា៕

កិច្ចសន្ទនាអាស៊ានជាសកលលើកទី២ ចាប់ផ្តើមដំណើរការហើយ

2022/11/13 03:41:17 pm        346
ភ្នំពេញ៖ កិច្ចសន្ទនាអាស៊ានជាសកលលើកទី២ ចាប់ផ្តើមដំណើរការ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន, បណ្តាមេដឹកនាំនៃប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូ រួមទាំងស្ថាប័នអន្តរជាតិសរុបចំនួន១៦ នៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនាកំពូលទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីកាណាដា

2022/11/13 07:41:28 am        273
នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសន្ទនាកំពូលទ្វេភាគីជាមួយឯកឧត្តមចាស្ទីន ទ្រូដូ(Justin Trudeau) នាយករដ្ឋមន្ត្រី នៃប្រទេសកាណាដា។ ក្នុងជំនួបកំពូលនោះ ឯកឧត្តមចាស្ទីន ទ្រូដូ មានប្រសាសន៍គោរពអំណរគុណជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្រ្តី ចំពោះការទទួល និងអញ្ជើញឯកឧត្តមមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ និងសូមគោរពវាយតម្លៃខ្ពស់ចំពោះវិធានការដែលសម្ដេចតេជោប្រកាន់យកចំពោះការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន និងវិធានការដើម្បីជួយមីយ៉ាន់ម៉ាឲ្យវិលត្រឡប់មកស្ថានភាពដើមវិញ។ ឯកឧត្តម ទ្រូឌូ បានគូបញ្ជាក់ថា អាស៊ាន និងកាណាដា រួមទាំងប្រទេសកម្ពុជា គឺមានសក្ដានុពលខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ចំពោះទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា ស្ថិតនៅចំណុចកណ្ដាលនៃកិច្ចសហប្រតិបត្តិការរយៈពេលវែង ពិសេសទំនាក់ទំនងលើវិស័យពាណិជ្ជកម្មការទូត អប់រំ ការប្រែប្រួលអាកាសធាតុជាដើម។ សម្ដេចតេជោបានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការទាំងក្របខ័ណ្ឌអាស៊ាន ទាំងក្នុងក្របខណ្ឌទ្វេភាគី។ ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចតេជោ បានជម្រាបជូនឯកឧត្តម ទ្រូឌូ អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុនក្នុងការជួយដល់ប្រទេសអ៊ុយក្រែនលើការដោះមីនផងដែរ៕

ឯកឧត្ដម ចូ បៃដិន អរគុណកម្ពុជា ចំពោះសេចក្តីថ្លែងការណ៍យ៉ាងច្បាស់លាស់ ពីការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន

2022/11/13 12:55:20 am        590
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្ដម Joe Biden ប្រធានាធិបតីអាម៉េរិក នៅសណ្ឋាគារសុខាភ្នំពេញ។ក្នុងជំនួបកំពូលទ្វេភាគីនោះ បើតាមប្រសាសន៍របស់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ថ្លែងបានអ្នកសារព័ត៌មានថា ឯកឧត្តម ចូ បៃដិន បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានផ្ញើសារយ៉ាងច្បាស់ចំពោះការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ ឯកឧត្តម ចូ បៃដិន បានជម្រាបជូនសម្ដេចតេជោថា សហគមន៍អាស៊ាន គឺមានសារៈសំខាន់ណាស់ចំពោះសហរដ្ឋអាមេរិក ជាពិសេសចំពោះរដ្ឋបាលរបស់ឯកឧត្តមផ្ទាល់តែម្ដង ហើយសហរដ្ឋអាមេរិកគាំទ្រ មជ្ឍភាពអាស៊ាន។ឯកឧត្តម ចូ បៃដិន ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់កម្ពុជា ជាប្រធានអាស៊ានក្នុងការប្រឹងប្រែងដោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ា ដើម្បីឲ្យវិលត្រឡប់មកស្ថានភាពដើមវិញ។ជាការឆ្លើយតប សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ចូ បៃដិន ដែលបានធ្វើដំណើមកចូលរួមក្នុងកិច្ចប្រជុំកំពូលនៅរាជធានីភ្នំពេញ ដែលនេះសបញ្ជាក់ឲ្យឃើញ នូវការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកចំពោះអាស៊ាន។សម្ដេចតេជោ ឆ្លៀតក្នុងឱកាសនោះដែរ ក៏បានជម្រាប ជូនឯកឧត្តម ចូ បៃដិន អំពីកិច្ចសហប្រតិបត្តិការជាមួយជប៉ុន លើការជួយឲ្យប្រទេសអ៊ុយក្រែនក្នុងការដោះមីន និងប្រឆាំងការប្រើប្រាស់ពាក្យសំដីគំរាមកំហែង និងការប្រើប្រាស់នុយក្លេអ៊ែរ។ក្នុងឱកាសនេះដែរ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានបញ្ជូនវត្ថុបុរាណត្រឡប់មកកម្ពុជាវិញ។ សម្តេចតេជោបានមានប្រសាសន៍ថាសហរដ្ឋអាមេរិក ជាប្រទេសនាំមុខលំដាប់លេខ១ ក្នុងការបញ្ជូនវត្ថុបុរាណត្រឡប់មកកម្ពុជាវិញ៕

កិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក លើកទី១០ ចាប់ផ្តើមដំណើរការហើយ

2022/11/13 12:31:01 am        556
ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក លើកទី១០ ចាប់ផ្តើមដំណើរការ នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ាន, បណ្តាមេដឹកនាំ នៃប្រទេសសមាជិកអាស៊ាន និងឯកឧត្តម ចូ បៃដិន ប្រធានាធិបតីអាម៉េរិក នៅសណ្ឋាគារសុខាភ្នំពេញ។

ឥណ្ឌាថ្លែងអំណរគុណដល់កម្ពុជា ដែលគាំទ្រខ្លួនជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

2022/11/12 10:09:17 pm        499
ភ្នំពេញ៖ អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា ឯកឧត្តម Jagdeep Dhankha បានថ្លែងអំណរ​គុណដល់រាជរដ្ឋា ភិបាលកម្ពុជា ដែលបានគាំទ្រខ្លួនជាសមាជិក​អចិន្ត្រៃយ៍នៃក្រុមប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិ​ ខណៈសម្តេចតេជោ បានសម្តេចតេជោ បានថ្លែងអំណរគុណ​រដ្ឋាភិបាល​ឥណ្ឌាដែលបានផ្តល់ជំនួយលើការអភិវឌ្ឍធនធានមនុស្ស ​ការអភិរក្សប្រាសាទបុរាណ និងការអភិវឌ្ឍធនធានទឹកសម្រាប់វិស័យកសិកម្មនៅកម្ពុជាជាដើម។យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទស ​និងសហប្រតិបត្តិការអន្តរជាតិ ស្តីពី លទ្ធផលនៃកិច្ចជំនួបទ្វេភាគីរវាងសម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ​ជាមួយឯកឧត្តម Jagdeep Dhankha អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា ​នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បាន ឲ្យដឹងថា​ នៅក្នុងកិច្ចជំនួប ភាគីទាំងពីរបានសម្តែងនូវសេចក្ដីពេញចិត្ត ចំពោះទំនាក់ទំនងមិត្តភាព​ជាប្រពៃណីដែលកំពុងមាននាពេលបច្ចុប្បន្ន ​និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងឥណ្ឌា ជាពិសេស នៅលើវិស័យនយោបាយ សេដ្ឋកិច្ច អប់រំ និងវប្បធម៌ជាដើម។ តាមសេចក្តីប្រកាសព័ត៌មាន​បានលើកឡើងថា« សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពី​ការ​គាំទ្ររបស់កម្ពុជា ចំពោះប្រទេសឥណ្ឌាជាសមាជិក​អចិន្ត្រៃយ៍នៃក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ​ហើយ ឯកឧត្តម Jagdeep_Dhankha បានសម្តែងនូវអំណរគុណយ៉ាង​ជ្រាល​ជ្រៅ​របស់រដ្ឋាភិបាលឥណ្ឌ សម្រាប់ការគាំទ្រនេះ»។នៅក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនង ខណៈដែលសម្តេចតេ​ជោនាយករដ្ឋមន្ត្រី បានកត់សម្គាល់​ដោយក្តីសោមនស្សរីករាយចំពោះការ​កើនឡើង​នូវ​ទំហំពាណិជ្ជកម្មទ្វេភាគី និងបានលើកទឹកចិត្តឱ្យភាគីទាំងពីរស្វែងរកលទ្ធភាព​ដើម្បីជំរុញទំហំពាណិជ្ជកម្មបន្ថែមទៀត។ សម្ដេចតេជោ ក៏បានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីនផងដែរ ដើម្បីជួយ​កម្ពុជាឱ្យសម្រេចបាន នូវគោលដៅរបស់ខ្លួន«កម្ពុជាគ្មានមីន ​ ត្រឹមឆ្នាំ២០២៥»។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណរដ្ឋាភិបាលឥណ្ឌាដែលបានផ្តល់ជំនួយ​លើការ​អភិវឌ្ឍធនធានមនុស្សការអភិរក្សប្រាសាទ បុរាណ និងការអភិវឌ្ឍធនធានទឹកសម្រាប់​វិស័យកសិកម្ម ។បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដដែលក៏បានឲ្យដឹងផងដែរថា នៅក្រោយជំនួបទ្វេភាគីនេះ ​សម្តេចតេជោហ៊ុន សែន និង ឯកឧត្តមJagdeep_Dhankh​បានអញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរ ឯកសារដែលចុះហត្ថលេខារួចចំនួនបួនផងដែរដោយក្នុងនោះរួមមាន៖ ១.អនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានបច្ចេកវិទ្យា ឥណ្ឌាជូដពរ (IT Jodhpur) ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឌីជីថលូបនីយកម្មតំបន់ បេតិកភណ្ឌកម្ពុជា ។២. អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សជីវៈចម្រុះ ការ គ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្ត្រស្តារសត្វខ្លាធំ ​និងទីជម្រករបស់វា រវាង ក្រសួងប​រិស្ថានកម្ពុជា និងក្រសួងបរិស្ថាន ព្រៃឈើ និងបម្រែបម្រួលអាកាសធាតុឥណ្ឌា។៣. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខភាព និងឱសថ រវាងក្រសួងសុខាភិបាលកម្ពុជា ​និងក្រសួងសុខាភិបាល និងសង្គមកិច្ចគ្រួសារឥណ្ឌា។ និងទី៤.កិច្ចព្រមព្រៀងហិរញ្ញវត្ថុរវាងរដ្ឋាភិបាលកម្ពុជា និងឥណ្ឌា​ លើការជួសជុល និងអភិរក្សគំនូរវត្តរាជបូណ៌ខេត្តសៀមរាប៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់៖ ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកគឺជាការប្រកាសសង្គ្រាមលើគ្រប់ប្រទេសទាំងអស់
08/22/2026 11:08 AM
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ហៅនាយករដ្ឋមន្ត្រីទួរគី ថាជាមេដឹកនាំផ្តាច់ការប្រឆាំងជ្វីហ្វ
08/22/2026 11:08 AM
សមាជិកណាតូ ពិភាក្សាអំពីជម្រើសនៃច្រកសមុទ្រ Hormuz ដោយគ្មានការចូលរួមពីសម្ព័ន្ធមិត្ត
08/22/2026 10:08 AM
រដ្ឋមន្ត្រីក្រសួងអប់រំ លើកទឹកចិត្តសិស្សានុសិស្សកម្ពុជា ដែលប្រឡងបានមេដាយមាស ប្រាក់ និងសំរឹទ្ធ នៅអង់គ្លេស បន្តខិតខំរៀនសូត្របន្ថែមទៀត និងធ្វើជាគំរូដល់សិស្សដទៃ
08/22/2026 10:08 AM
ទាហានថៃ បន្តឈូសឆាយព្រៃ ធ្វើផ្លូវ លេណដ្ឋានថ្មីនៅតំបន់សង្កាត់អូរស្មាច់ ភាគខាងជើងវត្តកែវសិក្ខាគីរីស្វារៈលើដែនអធិបតេយ្យភាពកម្ពុជា
08/22/2026 10:08 AM
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្តប្រើប្រាស់វោហារសាស្ត្រអរិភាពនៅមុនពេលមានទណ្ឌកម្មថ្មី
08/22/2026 10:08 AM
ប្រធានាធិបតីអ៊ីរ៉ង់និយាយថាដល់ពេលបញ្ចប់សង្គ្រាមហើយ ខណៈកំពុងតែស្ថិតក្នុងជំហរដ៏រឹងមាំ
08/22/2026 09:08 AM
សហគមន៍អឺរ៉ុបផ្តល់វគ្គបណ្តុះបណ្តាលជំនាញពង្រឹងសន្តិសុខផ្លូវទឹកដល់កងទ័ពជើងទឹកកម្ពុជា
08/22/2026 09:08 AM
ជនជាតិថៃ ៤៤នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗទៀតត្រូវបានបណ្ដាញចេញពីកម្ពុជា
08/22/2026 08:08 AM
អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
08/22/2026 07:08 AM