ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

លោកជំទាវ ម៉ែន សំអន៖ ទំនាក់ទំនងកម្ពុជា-វៀតណាម ៥៥ឆ្នាំ បានបំពេញលក្ខខ័ណ្ឌជាមិត្តដ៏ស្និទ្ធស្នាល

2022/06/25 08:50:48 pm        789
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ទំនាក់ទងការទូតរវាងកម្ពុជា-វៀតណាម អស់រយៈពេល ៥៥ឆ្នាំកន្លងទៅ បានបំពេញនូវលក្ខខ័ណ្ឌមិត្តដ៏ស្និទ្ធស្នាល ក្នុងនាមជាប្រទេសជិតខាងនឹងគ្នា ។ក្នុងពិធីមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនង ការទូតកម្ពុជា-វៀតណាម នៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី២៤ មិថុនា ឆ្នាំ២០២២ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា រយៈពេល៥៥ឆ្នាំ ប្រទេសទាំងពីរ បានកសាងចំណង​សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីយ៉ាងជិតស្និទ្ធ និង​បានរួមសុខរួមទុក្ខ​ជា​មួយគ្នា ក្នុងនាមជាបងប្អូន ជាយុទ្ធមិត្ត ​និងជាអ្នកជិតខាង ​ដោយសម្រេចបានជោគជ័យយ៉ាងធំធេង ក្នុង​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ។លោកជំទាវ បានបន្តថា ពិសេសកាលពីសម័យសង្គ្រាម ប្រទេសទាំងពីរបានកៀកស្មាគ្នា ប្រយុទ្ធតស៊ូ និងជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក​ ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ពី​នឹមអាណានិគម​និយម ដោយជោគជ័យ ​និងទទួលបានឯករាជ្យភាព​ អធិបតេយ្យភាព សេរីភាព និង​ការបង្រួបបង្រួម​ជាតិទាំងស្រុង ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្ថែមថា បច្ចុប្បន្នកម្ពុជា និងវៀតណាម បានឈាន​ចូល​ទំព័រថ្មី នៃប្រវត្តិសាស្ត្រ ​ដោយសម្រេចបានសន្តិភាព ​បូរណភាពទឹកដី វឌ្ឍនភាព ការអភិវឌ្ឍ​លើគ្រប់វិស័យ ជាពិសេសលើវិស័យការទូត ​ការពារជាតិ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ។ លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថា ក្នុងឱកាសខួបលើកទី ​៥៥ឆ្នាំ ប្រទេសទាំងពីរ បានរួមគ្នា​ធ្វើ​សកម្មភាពច្រើនណាស់ ក្នុងនោះមានការផ្លាស់ប្តូទស្សនកិច្ចថ្នាក់ដឹកនាំកំពូល ​ការធ្វើមិទ្ទិញ ដូចជា​ថ្ងៃនេះ ការបំពាក់គ្រឿងឥស្សរិយយសជូនគ្នាទៅវិញទៅមក ​ការសម្ដែងសិល្បៈរួម ការចាក់ផ្សាយ​ខ្លឹមសារពីទំនាក់ទំនងមិត្តភាពកម្ពុជា វៀតណាម តាមប្រព័ន្ធផ្សព្វផ្សាយ ​និងបណ្តាញសង្គម ៕អត្ថបទ៖ សុខរិទ្ធ

ឆមាសទី១ ឆ្នាំ២០២២ ទ័ពមួកខៀវកម្ពុជានៅលីបង់ បេសកកម្មទទួលបានការកោតសរសើរពី UN

2022/06/25 08:42:24 pm        1294
ភ្នំពេញ៖ តាមសេចក្តីរាយការណ៍ពីលោកវរសេនីយ៍ឯក ចក់ ស៊ីថុល មេបញ្ជាការ កងអនុសេនាធំវិស្វកម្មពហុជំនាញ ក្នុងបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ នៅថ្ងៃទី២៥ ខែមិថុនានេះ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ កងកម្លាំងមួកខៀវកម្ពុជា បានអនុវត្តការងារក្រោមឆ័ត្រអង្គការគឺបានទទួលបានលទ្ធផលជោគជ័យគ្រប់តាមផែនការរបស់ទីបញ្ជាការកម្លាំងបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅប្រទេសលីបង់ UNIFIL។ លោកវរសេនីយ៍ឯក ចក់ ស៊ីថុល បានឱ្យដឹងថា ២០សប្តាហ៍មកនេះ កម្លាំងមួកខៀវបោសសម្អាត​មីន​កម្ពុជា បានធ្វើការដោះមីនលើផ្ទៃដីនៅក្នុងតំបន់បេសកកម្មបានប្រមាណជិត ៣០០០ ម៉ែត្រការ៉េ បានរកឃើញគ្រាប់មីនប្រឆាំងថ្មើជើងប្រភេទភេទNo4 ចំនួន៣១១គ្រាប់ និងអំបែងចំនួន១១៥ដុំ។ ដោយឡែកក្រុមកម្ទេចគ្រាប់កែច្នៃរ EOD បានធ្វើការកម្ទេចគ្រាប់មីនប្រឆាំងថ្មើជើងចំនួន៤៧លើក ស្មើនឹង៣១១គ្រាប់។ចំពោះការងារវិស្វកម្មវិញ លោក ចក់ ស៊ីថុល ឱ្យដឹងដែរថា ក្នងឆមាសទី១នេះ កងកម្លាំងមួកខៀវ​វិស្វកម្ម ​បានរុះរើប៉ុស្តិ៍យាមចាស់ និងសាងសង់ប៉ុស្តិ៍យាមថ្មី នៅបន្ទាយកងទ័ពមួកខៀវឥណ្ឌូនេស៊ី ចំនួន២កន្លែងធំៗ និងធ្វើជណ្តើរដែក សម្រេចបាន១០០%, និងសាងសង់ជម្រកសុវត្ថិភាព​ចំនួន​២កន្លែង ​នៅបន្ទាយទ័ពមួកខៀវឥណ្ឌា ​១កន្លែងសម្រេចបាន១០០% និងមួយកន្លែងទៀត​សម្រេច​បាន៨៥%។ ជាមួយគ្នាកំពុងសាងសង់របងHESCO​ ការពារឃ្លាំងគ្រាប់ ​នៅបន្ទាយឥណ្ឌា សម្រេចបាន៨៨%ផងដែរ។ចំពោះមន្ទីរពេទ្យកម្រិត១របស់កម្ពុជាវិញ ក៏បានធ្វើការពិនិត្យពិគ្រោះ និងព្យាបាលជំងឺ ជូនដល់ទ័ព​ក្នុងតំបន់បេសកកម្ម និងប្រជាជនលីបង់ ​បានចំនួន៣៥៤នាក់ ​ហើយបណ្តាពលរដ្ឋលីបង់ទាំងនោះ ក៏បានសំដែងអរគុណ នឹងដឹងគុណជាខ្លាំងដល់កម្លាំងមួកខៀវកម្ពុជា ​ដែលបានមើលថែ និងជួយ​ស្វែងរក​សុខសន្តិភាពនៅក្នុងប្រទេសលីបង់។លោក ចក់ ស៊ីថុល ​មេបញ្ជាការកងអនុសេនាធំវិស្វកម្មពហុជំនាញរូបនេះ បានឱ្យដឹងថា អនុវត្ត​តាមការ​ណែនាំពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌល​ជាតិរក្សាសន្តិភាព គឺកម្លាងទាំងអស់បាននិងកំពុងបន្តអនុវត្ត និងគោរពវិន័យបានយ៉ាង​ល្អរបស់​អង្គការសហប្រជាជាតិ ​និងបានសហការល្អជាមួយកងកម្លាំងមួកខៀវ​ នៃបណ្តាប្រទេសដទៃទៀត។សូមបញ្ជាក់ថា ​កងវិស្វកម្មពហុជំនាញលេខ៨២៩ចំនួនសរុប១៨៤នាក់ ក្នុងនោះមាន​ស្រីចំនួន​៣០នាក់​ បានចេញដំណើរ​ទៅបំពេញបេសកកម្មថែរក្សា​សន្តិភាពUN​នៅប្រទេសលីបង់កាលពី​ដើម​ខែកុម្ភៈឆ្នាំ២០២២ ហើយកងកម្លាំងតួនាទីបន្តការបំពេញបេសកកម្មដោះមីន ​និងសង់សំណង់ដេក និង​សំណង់បញ្ឈរនានា​នៅក្នុងតំបន់ភ្នំផង ​រងសម្ពាធវិបត្តិសេដ្ឋកិច្ច និងមានជម្លោះព្រំដែន​ក្នុង​ប្រទេសលីបង់ ​ជាប់ព្រំដែនគ្នាជាមួយប្រទេសអ៊ីស្រាអ៊ែល៕ អត្ថបទ ស៊ុម សុខជា

សម្តេចតេជោ បញ្ជាគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យរោងចក្រសហគ្រាសឱ្យបានហ្មត់ចត់ ពីការផលិតជំនួញស្របច្បាប់ ទៅជាការផលិតគ្រឿងញៀន

2022/06/25 06:46:31 pm        1880
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែពិនិត្យឱ្យបានហ្មត់ចត់ និងច្បាស់លាស់បំផុត នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ដើម្បីទប់ស្កាត់ និងបង្ការ ពីការផលិតជំនួញស្របច្បាប់ទៅជាការកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ ខណៈករណីបែបនេះធ្លាប់មានមកហើយ តែត្រូវបានអាជ្ញាធរធ្វើការបង្ក្រាបបានទាន់ពេលវេលា។តាមរយៈសារលិខិត ដែលបានផ្ញើដល់ជនរួមជាតិក្នុងឱកាស​ប្រារព្ធ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀន ​ដែលនឹងប្រព្រឹត្តិទៅ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ ​ក្រោមវិធានបទ​«ដោះស្រាយ​បញ្ហា​គ្រឿងញៀន​ក្នុងវិបត្តិសុខភាព ​និងមនុស្ស» សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសង្កត់​ធ្ងន់ថា​«អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈកម្មាធិការយុទ្ធនាការ​ប្រយុទ្ធ​​ប្រឆាំង​គ្រឿងញៀន ខុសច្បាប់លើកទី៧ គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​រាជធានី-ខេត្ត និង​អង្គភាពពាក់ព័ន្ធទាំងអស់​ត្រូវបន្តយកចិត្ត ទុកដាក់ម្ចាស់ការ សម្របសម្រួលដឹកនាំអនុវត្តឲ្យកាន់​តែមាន​ប្រសិទ្ធភាពនូវតួនាទី ​និងភារកិច្ចរបស់ខ្លួនក្នុង​ ការបង្ការ ទប់ស្កាត់បង្រ្កាប ​និងដោះស្រាយ​នូវរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន​ និងគ្រប់គ្រង ​ត្រួតពិនិត្យសារធាតុគីមីផ្សំ នៅ​តាមក្រុមហ៊ុន រោងចក្រ សហគ្រាសឲ្យបានហ្មត់ចត់ ​និងមានប្រសិទ្ធភាពខ្ពស់ ​ដើម្បី​ទប់ស្កាត់​បាន​រាល់ការលួចបង្វែរពីជំនួញស្របច្បាប់យកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់នៅប្រទេសកម្ពុជា»។សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់គ្រប់​ក្រសួងស្ថាប័ន អង្គភាព​មន្រ្តីអនុវត្តច្បាប់​គ្រឿង​ញៀន​ពាក់ព័ន្ធទាំងអស់ ត្រូវបន្តលើកកម្ពស់ការប្រើប្រាស់យន្តការនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំង ក្របខ័ណ្ឌទ្វេភាគី ពហុភាគី ទាំងក្នុងតំបន់ និងសកលលោក ​ផ្លាស់ប្តូរព័ត៌មានត្រួតពិនិត្យ តាមដាន​ស៊ើបអង្កេត ស្រាវជ្រាវ​មុខសញ្ញា​ចរាចរណ ជួញដូរ ប្រើប្រាស់គ្រឿងញៀន និងសារធាតុ​គីមី​ផ្សំខុសច្បាប់ ​ឆ្លងកាត់តាមព្រំដែន​ និងសហការរួមគ្នាបង្រ្កាប​ឲ្យបានទាន់ពេលវេលា និង​ចំគោលដៅ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយនូវបញ្ហាគ្រឿងញៀននេះ។តាមរយៈសារលិខិតនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំ ​និងសំណូមពរបន្ថែមនូវ គោលការណ៍​មួយចំនួនទៀតផងដែរ ​ដោយក្នុងនោះសម្តេចសូមអំពាវនាវដល់បងប្អូនកូនក្មួយ ព្រមទាំងចៅៗ​ជាជនរួមជាតិទាំងអស់ ​ពិសេសមាតាបិតា ​និងអាណាព្យាបាលសូមបន្តចូលរួម និងគាំទ្រឲ្យ​បានកាន់តែសកម្មថែមទៀត ​ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងដោះស្រាយនូវរាល់បញ្ហា​ដែលអាចកើតមាននៅក្នុងសហគមន៍។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានឲ្យមាតាបិតានិងអាណាព្យាបាល បន្តយកចិត្តទុកដាក់ថែ ទាំ និងអប់រំកូនចៅឲ្យបានល្អ​ដើម្បីឲ្យ​ពួកគេ​លូតលាស់​ធំធាត់ ​ប្រកប​ដោយសុខភាព​និងសុវត្ថិភាពចៀស ផុត​ពីបញ្ហាគ្រឿងញៀន​ បញ្ហាអវិជ្ជាក្នុងសង្គមផ្សេងៗ​ ដើម្បីអនាគតកូនចៅយើងទាំងអស់គ្នា​។សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យគ្រប់ក្រសួងស្ថាប័ន វិស័យឯកជន និងសាសនា ត្រូវបន្តលើកកម្ពស់ការេអនុវត្តសកម្មភាពផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀនឲ្យបាន ផុសផុល ​និងគ្រប់គោលដៅប្រឈម។ ជាពិសេសបណ្តាញផ្សព្វផ្សាយព័ត៌មាន សិល្បករ សិល្បការិនី បណ្តាញទំនាក់ទំនងសង្គម ​និងហ្វេសបុកផេករបស់ថ្នាក់ដឹកនាំ ដោយ​ត្រូវបន្តអនុវត្ត​ផ្សារ​ភ្ជាប់​ជាមួយខ្លឹមសារ ​ទិសស្លោក​ បីកុំ ​មួយរាយការណ៍គឺ៖ កុំពាក់ព័ន្ធ ​កុំអន្តរាគមន៍ កុំលើកលែង និង​ត្រូវរាយការណ៍ជូនអាជ្ញាធរ ​មានសមត្ថកិច្ចគ្រប់ករណីគ្រឿងញៀនទាំងអស់។យ៉ាងណាក៏ដោយសម្តេចតេជោ ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​ក៏បានបញ្ជាឲ្យអាជ្ញាធរជាតិប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី-ខេត្ត ជាពិសេសក្រសួង​សុខាភិបាល ​និងក្រសួងសង្គមកិច្ចអតីតយុទ្ធជន​ និងយុវនីតិសម្បទា ត្រូវបន្តពង្រឹងគុណភាព​ប្រសិទ្ធភាព និងភាពជឿជាក់នៃការផ្តល់សេវាព្យាបាល ស្តារនីតិ សម្បទាទាំងនៅក្នុងមជ្ឈមណ្ឌល​ជាតិមជ្ឈមណ្ឌលបណ្តោះអាសន្ន របស់រដ្ឋ និងឯកជន ​និងមន្ទីរពេទ្យបង្អែក ​មណ្ឌលសុខភាពនានា ព្រមទាំងសម្របសម្រួលគាំទ្រ ​លើកទឹកចិត្ត និងជំរុញឲ្យអ្នកប្រើគ្រឿងញៀន​ឲ្យទៅទទួល​យក​សេវា​ព្យាបាលស្តារនីតសម្បទា ​ក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ៕អត្ថបទ៖ បាន ចក់

សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ សម្រេចយកដំណឹងមរណភាពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ប្រាប់បងប្រុសទី១

2022/06/25 01:14:03 am        1072
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមFacebook ដោយរៀបរាប់ដ៏រំជួលចិត្ត។ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា ដោយសុខភាពបងប្រុសទីមួយ(ឯកឧត្ដម ហ៊ុន សាន)បានប្រសើរព្រមទាំងពេលវេលាក៏សមស្រប សម្តេចតេជោ ហ៊ុន សែន បានណែនាំប្អូនៗ និងក្មួយៗ យកដំណឹងអំពីមរណភាពបងប្រុសទីពីរ គឺសម្តេចឧត្តម ទេពញាណ ហ៊ុន ណេង ជំរាបគាត់។សម្តេចតេជោ ហ៊ុន សែន បានបន្តថា ប្រតិកម្មដំបូងក្រោយទទួលព័ត៌មានថា ប្អូនស្លាប់ គឺភាពស្រឡាំងកាំង ញ័រដៃ ភ្នែកឡើងក្រហម និងពោលពាក្យដដែលៗថាហេតុអីមិនប្រាប់គាត់។សម្តេចជោ ហ៊ុន សែន បញ្ជាក់ថា “ក្រោយការពន្យល់របស់ប្អូនៗ និងក្មួយៗ គាត់យល់តែអ្វីដែលបារម្ភ គឺក្រោយពេលប្អូនៗ និងក្មួយៗចេញផុតមកគាត់អង្គុយយំ និងពិសារគុយទាវតែ២ម៉ាត់គត់។ គាត់បាននិយាយថា ប្អូនគាត់ មិនមានជំងឺអ្វីសោះ និងបន្តនិយាយថាហេតុអីមិនប្រាប់គាត់។ ខ្ញុំកំពុងឱ្យក្មួយៗតាមដាន និងលួចថតរូបគាត់ផ្ញើមកខ្ញុំ។ គាត់ពិតជាពិបាកទទួលយកនូវរឿងបែបនេះណាស់ព្រោះនេះជាការវាយប្រហារខាងផ្លូវចិត្តខ្លាំងបំផុតសម្រាប់គាត់”៕

គ.ជ.ប បង្ហាញបញ្ជីបេក្ខជននៃគណបក្សនយោបាយចំនួន៩ ទទួលអាសនៈក្រុមប្រឹក្សា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

2022/06/24 08:42:10 pm        893
ភ្នំពេញ ៖ គ.ជ.ប បង្ហាញបញ្ជីបេក្ខជននៃគណបក្សនយោបាយចំនួន ៩ ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន ១៧ ដែលបានចូលរួមប្រកួតប្រជែង បានទទួលអាសនៈក្រុមប្រឹក្សា សម្រាប់ការ​បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ ​សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងនោះមាន៖បញ្ជីបេក្ខជននៃគណបក្សប្រជាជនកម្ពុជា ទទួលបាន ៩.៣៧៦ អាសនៈ ។ បញ្ជីបេក្ខជននៃគណបក្ស ភ្លើងទៀន ទទួលបាន ២.១៩៨ អាសនៈ ។ បញ្ជីបេក្ខជននៃគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ១៩ អាសនៈ ។ បញ្ជីបេក្ខជននៃគណបក្សខ្មែររួបរួមជាតិ ទទួលបាន ១៣ អាសនៈ ។ បញ្ជីបេក្ខជននៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន ៦ អាសនៈ ។ បញ្ជីបេក្ខជននៃគណបក្សខ្មែរស្រឡាញ់ជាតិ ទទួលបាន ៥ អាសនៈ ។ បញ្ជីបេក្ខជននៃគណបក្សយុវជនកម្ពុជា ទទួលបាន ៣ អាសនៈ ។ បញ្ជីបេក្ខជននៃគណបក្សកម្ពុជានិយម ទទួលបាន ១ អាសនៈ ។ បញ្ជីបេក្ខជននៃគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបាន ១អាសនៈ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ។ គ.ជ.ប បានបន្តថា ប្រជាពលរដ្ឋចេញទៅបោះឆ្នោត សរុបចំនួន ៧.៣៩៤.៤២៧ នាក់ ស្មើនឹង ៨០,៣២% ។ សន្លឹកឆ្នោតបានការ សរុបចំនួន ៧.២៣៧.០៣៧ សន្លឹក ។ សន្លឹកឆ្នោតមិនបានការ សរុបចំនួន ១៥៧.៣៩០​សន្លឹក។ជាមួយគ្នានេះ គ.ជ.ប សម្រេចឱ្យអង្គភាពជំនាញផ្សព្វផ្សាយលទ្ធផលផ្លូវការនៃ​ការបោះឆ្នោត​នេះ​ជាសាធារណៈ នៅថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ និងផ្សាយតាមគេហទំព័រ ​និងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គម របស់ គ.ជ.ប៕

សភាបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥​នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន ស្តីពីគ្រឿងញៀនគ្រោះថ្នាក់

2022/06/24 05:08:09 pm        387
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន "ស្តីពីគ្រឿងញៀនគ្រោះថ្នាក់" (AlPACODD5)។មហាសន្និបាតអន្តរសភាអាស៊ាន (AIPA)ស្តីពី "ស្តីពីគ្រឿងញៀនគ្រោះថ្នាក់" (AlPACODD-5) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំតាមប្រព័ន្ធនិម្មិតផ្សាយចេញពីវិមានរដ្ឋសភា ភ្ជាប់ទៅកាន់ សភាប្រទេសសមាជិកអាយប៉ាទាំង១០ ក្រោមប្រធានបទ “ការដោះស្រាយកត្តាប្រឈមទាំងអស់គ្នាដើម្បីអាស៊ានគ្មានគ្រឿងញៀន” ៕ 

ផ្លូវជាតិលេខ១០តភ្ជាប់តំបន់សំឡូត វាលវែង និងកោះកុងសាងសង់បានប្រមាណ៦៤%ហើយ

2022/06/23 09:53:26 pm        1072
ដំណើរការ នៃការសាងសង់ផ្លូវជាតិលេខ១០ ដែលមានប្រវែងសរុបជាង ១៩៨គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោមដល់កោះកុង សម្រេចបានការសាងសង់ប្រមាណ ៦៤ភាគរយហើយ។ នាថ្ងៃទី២៣ មិថុនានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្ត្រីបច្ចេកទេសធ្វើការត្រួតពិនិត្យពីលក្ខណៈបច្ចេកទេសសាងសង់ និងពិនិត្យមើលវឌ្ឍនភាពផងដែរ។មន្ត្រីអនុវត្តគម្រោងបានប្រាប់ឱ្យដឹងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ថា គិតមកដល់ពេលនេះការសាងសង់ផ្លូវជាតិលេខ១០ សម្រេចវឌ្ឍនភាពបានប្រមាណ៦៤ភាគរយហើយ។ ហើយថ្ងៃនេះឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្ត្រីបច្ចេកទេសធ្វើការត្រួតពិនិត្យពីលក្ខណៈបច្ចេកទេសសាងសង់ ដោយបានចុះពិនិត្យមើលទីតាំងដែលត្រូវសាងសង់ស្ពានដែលខ្ពស់ជាងគេនៅកម្ពុជា ដែលតភ្ជាប់ខេត្តពោធិ៍សាត់ និងខេត្តកោះកុង ជាមួយគ្នានេះជំនាញក៏បានពិនិត្យទីតាំងសំខាន់ៗជាច្រើន ពិសេសតំបន់បត់កោង និងឡើងចុះចំណោទជាដើម។ គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន១៩៨,៥១៨គីឡូម៉ែត្រតភ្ជាប់ពីសំឡូត- វាលវែង-អូរសោមដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន ៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់(DBST) សាងសង់ស្ពានចំនួន២៨ កន្លែងប្រវែង១៧២១,៤៦ម៉ែត្រដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយ ដែលមានកម្ពស់៨៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព។គម្រោងផ្លូវនេះមានការជ្រើសរើសគន្លងផ្លូវថ្មីប្រវែងសរុប៦៥,៨៩គីឡូម៉ែត្រ ដើម្បីធ្វើផ្លូវពង្វាងពីភ្នំក្រវាញ ព្រោះតែមិនចង់វះកាត់ភ្នំក្រវាញជាពីរនាំឱ្យប៉ះពាល់ដល់បរិស្ថាន និងជម្រកសត្វព្រៃធ្ងន់ធ្ងរ ដែលនេះជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើការថែរក្សាបរិស្ថាន។គម្រោងផ្លូវជាតិលេខ១០ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ១៨៨,៣៨លានដុល្លារសហអាមេរិក ជាហិរញ្ញប្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន និងគ្រោងចំណាយពេលសាងសង់ចំនួន៤៨ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការបោះឆ្នោតឃុំ-សង្កាត់ នាថ្ងៃទី២៦មិថុនា តាមការគ្រោងទុក

2022/06/23 07:24:23 pm        544
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២៦ មិថុនា ខាងមុខនេះ នឹង​ប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ។ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា នៅថ្ងៃទី២៣នេះថា​ បន្ទាប់ពីដំណាក់កាលនៃការពិនិត្យទៅលើពាក្យបណ្តឹង​ចំនួនជាង ២០០បណ្តឹង​ជុំវិញ​ការដំណើរការបោះឆ្នោតត្រូវបានបញ្ចប់ និងការប្រកាសលទ្ធផលបឋមរួចរាល់ គ.ជ.ប ឈាន​ដល់​ដំណាក់កាលចុងក្រោយ គឺការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។ឯកឧត្តម បន្តថា ការប្រកាសលទ្ធផលផ្លូវការបោះឆ្នោតឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែមិថុនា ​ដោយមធ្យោបាយប្រកាសលទ្ធផលនឹងធ្វើតាមប្រព័ន្ធផ្សព្វផ្សានានា និងប្រព័ន្ធអេប របស់ គ.ជ.ប ។ឯកឧត្តម បញ្ជាក់ថា បន្ទាប់ពីការប្រកាសលទ្ធផលផ្លូវការបោះឆ្នោត គ.ជ.ប ផ្តល់រយៈពេល២សប្តាហ៍​សម្រាប់ការប្រកាសចូលកាន់តំណែងសមាសភាពមេឃុំ-ចៅសង្កាត់ និងក្រុមប្រឹក្សាថ្មីផងដែរ។ ស្របពេលដំណាក់កាលប្រកាសលទ្ធផលបោះឆ្នោតនឹងមកដល់នាពេលខាងមុខ ឯកឧត្តម ហង្ស ពទ្ធា វាយតម្លៃថា ការបោះឆ្នោតពីមួយអាណត្តិទៅមួយអាណត្តិ គឺមានការវិវឌ្ឍរីកចម្រើន ស្របតាម​គោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ មានគណបក្សនយោបាយចូលរួម​ប្រកួត​ប្រជែងការបោះឆ្នោតសរុបចំនួន ១៧គណបក្សនយោបាយ និងក្នុងចំណោម​ប្រជាពលរដ្ឋ​ជាង៩ លាននាក់ មានប្រជាពលរដ្ឋចំនួនជាង ៧លាននាក់​បានចូលរួមបោះឆ្នោតនាពេលកន្លងទៅ៕ អត្ថបទ៖ ឧត្តម

ទូតទួកគីអះអាងនឹងខិតខំធ្វើឱ្យទំនាក់ទំនងប្រទេសទាំង២កាន់តែរីកចម្រើនថែមទៀត

2022/06/23 05:36:51 pm        517
ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៣មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានអនុញ្ញាតឱ្យលោកជំទាវ Ayda unlu ឯកអគ្គរដ្ឋទូតតួកគី​ចូលជួបសំដែងការគួរសម និងជម្រាបលា បន្ទាប់ពីលោកជំទាវបានបញ្ចប់ អាណត្តិបេសកកម្មការទូតប្រចាំប្រទេសកម្ពុជា។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោបានឱ្យដឹងថា ក្នុងជំនួបនេះ លោកជំទាវ អៃដា បាន គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូន​សម្ដេចតេជោ​ចំពោះការផ្តល់មេដាយ​សហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍ ជូនចំពោះលោកជំទាវ ហើយលោកជំទាវក៏បានគោរពជម្រាបជូន សម្ដេចតេជោថា រយៈពេលជាង៤ឆ្នាំ ក្នុងបេសកកម្មរបស់លោកជំទាវនៅកម្ពុជា ទោះបីជំងឺ covid 19 បានរាតត្បាតពិភពលោកជាង២ឆ្នាំកន្លងមកក៏ដោយ ក៏បានធ្វើការមួយចំនួនក្នុងការពង្រីក ពង្រឹងទំនាក់ទំនងទាំងផ្នែកពាណិជ្ជកម្មនឹងនយោបាយរវាងប្រទេសទាំងពីរ បានយ៉ាងល្អប្រសើរ។ ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះលោកជំទាវ អៃដា និងបានកោត​សសើរ​ចំពោះស្នាដៃ​ដ៏ធំធេងរបស់លោកជំទាវក្នុ​ងការបំពេញបេសកកម្មការទូតយ៉ាងរស់រវើក និងផ្លែផ្កាចូលរួមចំណែកយ៉ាងសកម្ម តាមរយៈបេសកកម្មការទូតរបស់លោកជំទាវ ពង្រឹងពង្រីកទំនាក់ទំនង​រវាងប្រទេសកម្ពុជា និងទួកគី រៀបចំឱ្យមានដំណើរទស្សនកិច្ចជា​ប្រវត្តិសាស្ត្រ​របស់សម្ដេចទៅកាន់ប្រទេសទួកគី និងរៀបចំមូលដ្ឋានជាច្រើន សម្រាប់ពង្រីកពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចដែលចាំតែពេលវេលាប៉ុណ្ណោះ ដែលទំហំពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរនឹងកើនឡើងដល់ចំនួនដែលបានកំណត់ទុក។ជាទីបញ្ចប់សម្ដេចក៏បានថ្លែងអំណរគុណសារជាថ្មីចំពោះលោកជំទាវ និងរដ្ឋាភិបាលទួកគី​ដែលបានផ្ដល់ជំនួយដល់កម្ពុជាទាំងការជួយ ដល់ជនក្រីក្រដូចជាសង់ផ្ទះ និងធ្វើផ្លូវនៅតាមជនបទជាដើម ហើយសម្តេចក៏សូមជូនពរលោកជំទាវអៃដា​ ឲ្យទទួលបាន​ជោគជ័យ​ជាបន្តបន្ទាប់ទៀតក្នុងបេសកកម្មរបស់លោកជំទាវទៅថ្ងៃអនាគត៕

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី

2022/06/23 12:21:35 am        325
ភ្នំពេញ ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីអានតូ Prabowo Subianto រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី។ នៅក្នុងជំនួបនេះឯកឧត្តមបានគោរពពនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី ជូនចំពោះសម្ដេចតេជោ ហើយក៏បានសម្ដែងការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះមកកាន់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ឯកឧត្តម ប្រាបូវ៉ូ បានមានប្រសាសន៍ថា ឯកឧត្តម បានមកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពី ៥ឆ្នាំមុនហើយពេលនេះ កម្ពុជា បានប្រែក្លាយទៅជាប្រទេសអភិវឌ្ឍន៍ដ៏ស្រស់បំព្រងមួយ។ លើសពីនោះទៀត ឯកឧត្តម ប្រាបូវ៉ូ បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានជួបជាមួយឯកឧត្តមអគ្គមេបញ្ជាការកងទ័ពពិសេស ៩១១ និងបានពិភាក្សាលើកិច្ចសហប្រតិបត្តិការដែលក្នុងនោះ ឯកឧត្តម បានសម្រេចផ្ដល់អាហារូបករណ៍ដល់សិស្សទាហានកម្ពុជា ទៅសិក្សានៅសាលាការពារជាតិឥណ្ឌូនេស៊ី លើវិស័យពេទ្យ, វិស័យវិស្វកម្ម និងវិស័យគណិតសាស្ត្រ និងវិទ្យាសាស្ត្រ ។ឯកឧត្តម ប្រាបូវ៉ូ ក៏បានជួបពិភាក្សាជាមួយឯកឧត្តម ប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជាផងដែរ ហើយក៏បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងការបង្ហាត់កីឡាបញ្ចសីលាដល់កម្ពុជា និងកម្ពុជា បង្ហាត់កីឡាល្បុក្កតោដល់ឥណ្ឌូណេស៊ី ក្នុងន័យនេះ ឯកឧត្តម ប្រាបូវ៉ូ សូមគោរពសុំការគាំទ្រពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី ។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម ប្រាបូវ៉ូ ដែលបាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតីជូនចំពោះសម្ដេច ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពឥណ្ឌូនេស៊ី និងកម្ពុជា ហើយសម្ដេច បានថ្លែងអំណរគុណចំពោះឯកឧត្តម ប្រាបូវ៉ូ ដែលបានផ្ដល់អាហារូបករណ៍ដល់សិស្សទាហានកម្ពុជា ទៅសិក្សានៅឥណ្ឌូនេស៊ី និងបង្ហាត់ក្បាច់បញ្ចសីលាដល់កីឡាករកម្ពុជា ។ សម្តេចតេជោ ហ៊ុន សែន ក៏បានគាំទ្រចំពោះការបង្ហាត់ក្បាច់ល្បុក្កតោកម្ពុជា ជូនដល់កីឡាករឥណ្ឌូនេស៊ី ផងដែរ ។ សម្ដេចតេជោ បានមានប្រសាសន៍ទៀតថានេះជាវប្បធម៌នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតាទី៣៣៨ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តកំពង់ធំ
08/23/2026 05:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
08/23/2026 04:08 PM
លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត អញ្ជើញប្រគល់អណ្តូងទឹកស្អាត ១០ កន្លែង ជូនប្រជាពលរដ្ឋក្នុងឃុំមានជ័យ ស្រុកឈូក ខេត្តកំពត
08/23/2026 04:08 PM
ក្រសួងការងារ៖ ខេត្តកំពង់ស្ពឺមានឱកាសការងារជិត ២ម៉ឺនកន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 04:08 PM
ចង់ក្លាយជាអ្នកជំនាញអគ្គិសនី? ឱកាសអាហារូបករណ៍ រៀនជំនាញទំនើប អនុវត្តជាក់ស្តែង រៀនចប់ឆាប់មានការងារធ្វើ រៀននៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង
08/23/2026 04:08 PM
ACU នឹងបញ្ជូនមន្ត្រីក្រសួងការបរទេសចំនួន ៣រូប ទៅតុលាការនៅរសៀលនេះ
08/23/2026 03:08 PM
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ២ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 03:08 PM
ក្រសួងការងារ៖ ខេត្តតាកែវមានឱកាសការងារជាង ៦ពាន់កន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 03:08 PM
មនុស្ស ២នាក់ ត្រូវបានសង្រ្គោះ និងមនុស្ស ២២នាក់ បាត់ខ្លួន ក្រោយនាវាដឹកទំនិញលិចនៅជិតតំបន់ឆ្នេរប្រទេសឥណ្ឌា
08/23/2026 03:08 PM
ជនជាតិម៉ិកស៊ិក ៣៦៥នាក់ ត្រូវបាននិរទេសចេញពីអាមេរិកទៅកាន់ហុងឌូរ៉ាស
08/23/2026 03:08 PM